Tag: ពៅ លីដា

  • អ្នកណាគេឱ្យរថយន្ដប្រណីតឡិចស៊ីស LX 570 ខ្ទង់ម៉ឺនដុល្លារទៅ ពៅ លីដា?

    អ្នកណាគេឱ្យរថយន្ដប្រណីតឡិចស៊ីស LX 570 ខ្ទង់ម៉ឺនដុល្លារទៅ ពៅ លីដា?

    អ៊ូយ…ពិតជាភ្ញាក់ផ្អើលមែនទែន នៅពេលដែលស្រីស្អាត ពៅ លីដា បង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញថា នាងបានទទួលកាដូរថយន្ដប្រណីតថ្មីសន្លាង គឺឡិចស៊ីស LX 570 ដែលគេដឹងថាមានតម្លៃដល់ទៅជាង 20ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ! ។ តើស្រីស្អាតម្នាក់នេះបានកាដូពីអ្នកណាគេអ៊ីចេះ? តោះ យើងមកតាមដានទាំងអស់គ្នា…។

    តារាឯកស្រីល្បីឈ្មោះរូបនេះ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា «កូនសូមអរគុណណាស់ លោកពុក អ្នកម្តាយ ដែលបានរួមចិត្តគ្នាទិញកាដូដ៏មានតម្លៃជាទីបំផុតឱ្យកូន នៅក្នុងឆ្នាំ2018នេះ កូនសប្បាយចិត្តខ្លះណាស់(ចុំ…ការពិតប៉ាម៉ាក់ឱ្យសោះ បេលខំតែប្រហោងពោះ)។ តាំងពីដើមមក រហូតមកដល់ពេលនេះលោកទាំងពីរតែងតែបំពេញបំណងកូនរហូតមិនដែលនិយាយថា ទេ សូម្បីមួយម៉ាត់! មានតែប្រើពាក្យថា កូនចាំបន្តិចសិនណា៎ ប៉ុណ្ណោះ។ កូនស្រឡាញ់លោកទាំងពីរខ្លាំងណាស់ កូនសូមជូនពរឱ្យលោកអ្នកមានគុណទាំងពីរ មានសុខភាពល្អ មាំមួននឹងមានតែជ័យជម្នះគ្រប់យ៉ាងទាំងអស់ មានអាយុយឺនយូរ ធ្វើជាម្លប់ឱ្យកូនបានជ្រកជារៀងរហូត»។

    គ្រាន់តែអានសាររបស់តារាស្រីរូបនេះចប់ បេលមានអារម្មណ៍ក្ដុកក្ដួលនៅក្នុងបេះដូងយ៉ាងខ្លាំង នេះដោយសារតែភាពកតញ្ញូដឹងគុណមាតាបិតា ទើបតារាស្រីសម្បុរស្រអែមរូបស្រស់ម្នាក់នេះទទួលកាដូជាទីគាប់ចិត្តបែបនេះ។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះតារាសម្ដែងស្រី ពៅ លីដា ទទួលបានការងារសម្ដែងជាច្រើនរឿង ដែលជាហេតុធ្វើឱ្យនាងកាន់តែមមាញឹកជាមួយការងារសិល្បៈ និងសម្ងំកើបលុយមួយក្ឌាំងទៀតហើយ…៕

  • ពៅ លីដា បដិសេធការចេញទៅក្រៅ ព្រោះខ្លាចបាត់ទីផ្សារក្នុងស្រុក

    ពៅ លីដា បដិសេធការចេញទៅក្រៅ ព្រោះខ្លាចបាត់ទីផ្សារក្នុងស្រុក

    កាលពីឆ្នាំ2016 កន្លងទៅ កញ្ញាពៅ លីដា បានខិតខំពង្រីកទីផ្សារនៅក្រៅប្រទេសជាខ្លាំងដើម្បីទទួលបានការគាំទ្រពីប្រជាជនខ្មែរដែលរស់នៅបរទេស តែថ្មីៗនេះស្រាប់តែនាងបានបង្ហាញពីការផ្លាស់ប្ដូរចិត្ដថា ទោះជាមានការអញ្ជើញពីអ្នកឧបត្ថម្ភកម្មវិធីពីក្រៅប្រទេសក្តី ក៏នាងអត់ទៅដែរ។

    ការបញ្ជាក់របស់កញ្ញា ពៅ លីដា នេះបានធ្វើឱ្យប្រិយមិត្ដទាំងឡាយមានចម្ងល់ជាខ្លាំងថា តើនាងធ្លាប់មានបញ្ហាអ្វីនៅទីនោះទេដឹង? បានជាបដិសេធនូវការអញ្ជើញទៅក្រៅប្រទេសបែបនេះ ព្រោះកន្លងមកមានអ្នកសិល្បៈជាច្រើនតែងប្រាថ្នាចង់ទៅក្រៅប្រទេសម្ដងហើយម្ដងទៀត ព្រោះគេគិតថាជាឱកាសក្នុងការរកប្រាក់បានច្រើន។

    កញ្ញា ពៅ លីដា បញ្ជាក់ប្រាប់ថា នាងគ្មានបញ្ហាអ្វីឡើយ ដំណើរការចេញទៅក្រៅប្រទេសកាលពីឆ្នាំ2016 កន្លងទៅមានភាពល្អប្រសើរ ទទួលបានការគាំទ្រ និងអាណិតស្រឡាញ់ពីសំណាក់បងប្អូនប្រជាជនខ្មែររស់នៅទីនោះច្រើនណាស់ រហូតធ្វើឱ្យនាងចងចាំអនុស្សាវរីយ៍ល្អៗជាច្រើនទៀតផង។ នាងបន្ដថា៖ «មូលហេតុដែលខ្ញុំផ្អាកការចេញទៅសម្ដែងក្រៅប្រទេស ព្រោះខ្ញុំគិតថាខ្ញុំបានចេញទៅក្រៅប្រទេសច្រើនសមល្មមឱ្យពុកម៉ែ បងប្អូនគាត់ស្គាល់យើងហើយ។ ផ្ទុយទៅវិញខ្ញុំក៏បារម្ភចំពោះទីផ្សារក្នុងស្រុកដូចគ្នា ខណៈដែលកាលពីចុងឆ្នាំ2016 ខ្ញុំត្រូវចេញទៅអាមេរិកផង និងទៅជប៉ុនផងហូតដល់ធ្វើឱ្យបាត់ឱកាសការងារនៅក្នុងស្រុកអស់មួយចំនួនធំ»។

    តារាសម្ដែងមានបទពិសោធក្រាស់ក្រែលរូបនេះបានបន្ដថា តាមពិតឱកាសនៃការរកប្រាក់ចំណូលនៅទីណាក៏ល្អដូចគ្នាដែរឱ្យតែទទួលបានការងារច្រើន មួយរយៈមុននាងសម្រុកទៅក្រៅប្រទេសព្រោះចង់ពង្រីកប្រជាប្រិយភាពនៅក្រៅប្រទេសបន្ថែម តែបច្ចុប្បន្នទីផ្សារសិល្បៈនៅក្នុងស្រុកក៏កំពុងតែមានភាពមមាញឹកខ្លាំងណាស់ដែរ ទើបធ្វើឱ្យនាងមិនចង់លែងឱកាសទាំងនេះចោលទៀតទេ។

    ចូលមកដល់ពាក់កណ្ដាលឆ្នាំ2017 នេះ កញ្ញាពៅ លីដាទទួលបានឱកាសថតជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍បានចំនួន 4រឿង ប៉ុន្ដែដោយសារតែអ្នកដឹកនាំតម្រូវឱ្យនាងចេញថតចំពេលវេលាតែមួយធ្វើឱ្យនាងត្រូវបោះបង់ចោលទៅវិញចំនួន 2 រឿង។

    កញ្ញា ពៅ លីដា បញ្ជាក់ថា៖ «ខ្ញុំពិតជាមានអារម្មណ៍ស្ដាយណាស់ ប៉ុន្ដែវាពិតជាមានការលំបាកមែន ព្រោះបច្ចុប្បន្នរវល់ការងាររកស៊ីផង រវល់សិល្បៈផង ប្រសិនបើជ្រើសរើសយកការងារច្រើនក្នុងពេលតែមួយប្រហែលអាចនឹងធ្វើឱ្យគេមិនបានល្អ ដូច្នេះទើបសម្រេចយកតែពីររឿងសិន»៕