Tag: ពោត

  • អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

    អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

    តាមរយៈ​ការ​បង្កាត់​ពូជ​បែប​ធម្មជាតិ អនុបណ្ឌិត ង្វៀន វ៉ាន់ ហា រួម​នឹង​សហការី បង្កើតបាន​ពូជ​ពោត SSW18 ដែល​អាច​ហូប​បានភ្លាមៗបន្ទាប់ពី​បេះ ដោយ​មិនចាំបាច់​ចម្អិន។

    ចំណុច​ពិសេស​របស់​ពូជ​ពោត​នេះ​គឺមាន​ជាតិ​ទឹក​ច្រើន មាន​ម្សៅ​តិច ហើយ​នៅពេល​ហូប​ឆៅ​នឹងមាន​រសជាតិ​ដូច​ទៅនឹង​ផ្លែឈើ​ទុំ។ បើ​ធៀប​ទៅនឹង​ពោត​ធម្មតា​ដែលមាន​កម្រិត​ជាតិ​ផ្អែម​ប្រហែល​ពី 12-15 Brix ពូច​ពោត​ថ្មី​របស់លោក លោក ង្វៀន វ៉ាន់ ហា មាន​ជាតិ​ផ្អែម​ឡើងដល់ 18 Brix ហើយ​ក្នុងករណី​​ការ​ដាំដុះ​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ វា​អាច​ឡើងដល់ 20 Brix។

    តាម​ការអះអាងពី​ក្រុម​អ្នក​ស្រាវជ្រាវ ពោត​ SSW18 ត្រូវបាន​បង្កាត់​ពូជ​រវាង​ពូជ​ពោត​ក្នុងស្រុក និង​មិនមាន​ការកែប្រែ​ហ្សែ​ន។ គម្រោង​​បង្កើត​ពូជ​ពោត​ថ្មី​នេះ​ត្រូវបានលោក ង្វៀន វ៉ាន់ ហា អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ដំណាំ​លើក​គោក នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដំណាំ របស់​បណ្ឌិត្យសភា​កសិក​ម្ម​វៀតណាម រួម​នឹង​សហការី​​ស្រាវជ្រាវ​តាំងតែ​ពី​ប្រហែល 8 ឆ្នាំមុន​មកម្ល៉េះ។

    បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​កំពុង​ពិសោធ​ដាំ​នៅ​តំបន់ផ្សេងៗគ្នា​ដើម្បី​ជ្រើសរើស​ប្រភេទ​ដី​ដែល​ផ្ដល់​ទិន្នផល គុណភាព និងមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​ទប់​ទល់នឹង​សត្វល្អិត និង​ជម្ងឺ​ផ្សេង​ៗ​ ហើយ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​នាំយក​ពូជ​ពោត​ថ្មី​នេះ​ទៅក្នុង​ទីផ្សារ៕

  • អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

    ក្មេងដែលមានទម្ងន់ខ្លួនទាបជាងប្រក្រតី ច្រើនតែមានមូលហេតុមកពីការចិញ្ចឹមថែទាំ កូនញ៉ាំតិច និងមិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវតាមក្បួនភោជនាហារ ទាំងក្នុងរឿងបរិមាណ និងជីវជាតិ បណ្ដោយតាមចិត្តកូនជ្រុលពេក ជាហេតុធ្វើឱ្យឪពុកម្ដាយកង្វល់ចិត្ត ខ្លាចកូនស្គមមានទម្ងន់ខ្លួនខុសប្រក្រតី ដូច្នេះទើបអាហារបន្ថែមទម្ងន់កូនក្លាយជារឿងសំខាន់ដែលឪពុកម្ដាយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនឡើង។

    កូនមានទម្ងន់ខ្លួនតិចជាងប្រក្រតី(ស្គម)ច្រើនតែមានមូលហេតុមកពី ៈ

    – ការចិញ្ចឹមថែទាំ ៈ ក្មេងញ៉ាំតិច មិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវទាំងបរិមាណ និងជីវជាតិអាហារដោយសារតែការមិនដឹង ឬបណ្ដោយតាមចិត្តក្មេង។

    – សភាវឈឺថ្កាត់របស់រាងកាយ ៈ អាចមានជំងឺរ៉ាំរ៉ៃ ឬបញ្ហារបស់ភាពពិការតាំងពីកំណើត ធ្វើឱ្យមានការចម្រើនធំធាត់យឺត ដូចជាជំងឺបេះដូង ជាដើម។ល។

    – ការគេងសម្រាក ៈ គេងលក់សម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាប្រចាំ។

    វិធីជួយបង្កើនទម្ងន់ខ្លួនកូន

    កូនមានទម្ងន់ខ្លួនតិច(ស្គម)ជារឿងលំបាកចិត្តរបស់អ្នកម្ដាយ ដូច្នេះយើងនាំគ្នាមកមើលពីតិចនិក 4យ៉ាងដែលនឹងជួយអ្នកម្ដាយក្នុងការបង្កើនទម្ងន់ខ្លួនកូនថា តើមានអ្វីខ្លះ?

    1. សង្កេតរឿងអាហារ ៈ ក្រុមអាហារដែលកូនញ៉ាំនោះ មានប្រយោជន៍ដល់រាងកាយច្រើនប៉ុនណា ដូចជា សាច់ ទឹកដោះ ស៊ុត មិនគ្រប់គ្រាន់ ក៏ធ្វើឱ្យកូនស្គមបានដែរ រួមទាំងបរិមាណអាហារក៏ត្រូវតែសមល្មមនឹងការប្រើកម្លាំងថាមពលដែរ។
    2. កែសម្រួលវិធីចម្អិន ៈ សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច អ្នកម្ដាយអាចប្ដូរពីអាហារស្ងោរ មកជាអាហារឆា ឬចៀនឱ្យបានញឹកញាប់ឡើង តែអ្នកម្ដាយត្រូវប្រយ័ត្នរឿងប្រព័ន្ធរំលាយអាហាររបស់កូនផង។
    3. បន្ថែមគ្រឿងផ្សំ ៈ ការបន្ថែមចំណែកផ្សំរបស់អាហារដែលនឹងធ្វើឱ្យកូនញ៉ាំបាន ដូចជា ទឹកដោះ ប៊័រ ម្សៅ ឬស្ករខ្លះៗ ក៏នឹងជួយបង្កើនទម្ងន់ខ្លួនកូនបានដែរ។
    4. រៀបចំអាហារញ៉ាំបន្ថែមពេលទំនេរ ៈ ការរៀបចំអាហារញ៉ាំពេលទំនេរ ដូចជា នំសាំងវិច ជាមួយទឹកដោះគោ ឬទឹកផ្លែឈើក្រឡុកដែលផ្សំដោយទឹកដោះគោ ឬទឹកស្ករ ក៏ជាការបំពេញកម្លាំងថាមពលដែលបាត់បង់ទៅក្នុងចន្លោះពេលបាយចម្បងៗដល់កូនបានដែរ។

    វត្ថុធាតុដើម 6យ៉ាងក្នុងការផ្សំម្ហូបអាហារបង្កើនទម្ងន់កូន

    ក្រៅពីវិធីការចម្អិនអាហារហើយ ការជ្រើសរើសវត្ថុធាតុដើមមកធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារ ក៏មានភាពសំខាន់ចំពោះទម្ងន់ខ្លួនរបស់កូនដូចគ្នាដើម្បីឱ្យអ្នកម្ដាយបានបង្កើនទម្ងន់ខ្លួនកូនពីសារធាតុអាហារប្រភេទម្សៅ និងខ្លាញ់ដែលល្អចំពោះសុខភាព។

    1. ទឹកដោះគោឆៅ ឬទឹកដោះគោដែលកូនញ៉ាំជាប្រចាំ ព្រោះជាទឹកដោះដែលមានជាតិខ្លាញ់អាចយកមកផ្សំធ្វើជាម្ហូបអាហារបាន។
    2. ត្រីដែលមានជាតិខ្លាញ់ច្រើន ដូចជាត្រីសណ្ដាយ ត្រីអណ្ដែង ដែលនឹងជួយក្នុងការសាងជាតិខ្លាញ់បានល្អ។
    3. សណ្ដែកផ្សេងៗ ជាពិសេស សណ្ដែកដី មានប្រយោជន៍ជួយបង្កើនកម្លាំងថាមពល តែមិនគួរញ៉ាំច្រើនជ្រុលពេកដែរ ព្រោះវានឹងធ្វើឱ្យហើមពោះ។
    4. ស៊ុត ជាអាហារពហុប្រយោជន៍ដែលបន្ថែមកម្លាំងថាមពលដល់កូន។
    5. បន្លែដែលមានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់ ដូចជាពោត ល្ពៅ មានជាតិម្សៅច្រើន និងផ្ដល់ថាមពលខ្ពស់។
    6. ផ្លែឈើស្រស់ផ្សេងៗ ក្រៅពីមុខម្ហូបអាហារចម្បងៗហើយនោះ ផ្លែឈើក៏អាចធ្វើជាអាហារញ៉ាំពេលទំនេរដើម្បីបង្កើនថាមពលក្នុងចន្លោះពេលថ្ងៃបានដែរ ថែមទាំងមានប្រយោជន៍ច្រើនទៀតផង។

    អាហារបន្ថែមទម្ងន់កូនវ័យ 6 – 12ឆ្នាំ

    ឱ្យកូនបានញ៉ាំអាហារឱ្យគ្រប់ 5ប្រភេទក្រុមក្នុងមួយពេលៗដែលប្រកបដោយ ៈ

    • បាយ 2 – 3វែក។
    • សាច់សត្វ 2ស្លាបព្រាបាយ ឬស៊ុត(ស៊ុតជាប្រូតេអ៊ីនគុណភាព ក្មេងមានទម្ងន់ខ្លួនតិចគួរឱ្យញ៉ាំមួយថ្ងៃ 1គ្រាប់)។
    • ឆាបន្លែ 1វែក។
    • ផ្លែឈើ ដូចជាក្រូច 1ផ្លែ ឬចេក 1ផ្លែ ឬល្ហុងទុំ 4 – 5ចំណិត ឬផ្លែឈើផ្សេងៗទៀត។
    • ទឹកដោះគោ 1កែវ។

    បើកូនញ៉ាំអាហារបានតិច ចូរបែងចែកពេលញ៉ាំអាហារចម្បងៗទៅជាពេលតូចៗ អាចបបួលកូនឱ្យមានចំណែករួមក្នុងការត្រៀមរៀបចំអាហារ ឱ្យសាកភ្លក្ស និងអង្គុយញ៉ាំដំណាលគ្នាជាមួយប៉ាម៉ាក់យ៉ាងរីករាយ។ នាំកូនទៅហាត់ប្រាណ រត់លេង ព្រោះនៅពេលកូនបានបញ្ចេញកម្លាំងថាមពលហើយ នឹងធ្វើឱ្យកូនឃ្លាន និងញ៉ាំបានច្រើន។ មិនគួរឱ្យកូនញ៉ាំនំ បៀមស្ករគ្រាប់ ឬទឹកដោះគោមុនពេលបាយឡើយ ព្រោះនឹងធ្វើឱ្យកូនឆាប់ឆ្អែត និងញ៉ាំបាយបានតិច។

    ការមើលថែទាំកូនឱ្យគេងលក់សម្រាកឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប់ជានិច្ច ជាផ្នែកសំខាន់ក្នុងការបង្កើនទម្ងន់ខ្លួន និងកម្ពស់ដល់កូនៗដំណាលគ្នានឹងភាពរឹងមាំរបស់រាងកាយ និងដែលសំខាន់គឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់អំពីឪពុកម្ដាយ ជាវិធីដែលនឹងធ្វើឱ្យកូនមានសុខភាពរាងកាយដែលរឹងមាំ និងមានទម្ងន់ខ្លួនតាមស្តង់ដារបានល្អបំផុត៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • ស្ថាប័នពាក់ព័ន្ធដាក់ចេញនូវយុទ្ធសាស្រ្ដធ្វើឱ្យតម្លៃពោតមានស្ថិរភាព

    ស្ថាប័នពាក់ព័ន្ធដាក់ចេញនូវយុទ្ធសាស្រ្ដធ្វើឱ្យតម្លៃពោតមានស្ថិរភាព

    ភ្នំពេញ- ក្រោយពីកើតមានបញ្ហាពាក់ព័ន្ធនៃការធ្លាក់ចុះនូវតម្លៃពោតយ៉ាងគំហុកនៅក្នុងខេត្ដបាត់ដំបងនាពេលកន្លងមក បានធ្វើឱ្យប្រជាកសិករពុំមានការសប្បាយចិត្ដឡើយ។ ថ្មីៗនេះរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានបង្ហាញពីមូលហេតុដែលបណ្ដាលឱ្យតម្លៃកសិផលមួយនេះធ្លាក់ចុះ និងបានដាក់ចេញនូវយុទ្ធសាស្រ្ដមួយចំនួនដើម្បីរក្សាស្ថិរភាពនៃតម្លៃកសិផលមួយនេះឡើងវិញ។

    ឯកឧត្ដម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការធ្លាក់ថ្លៃនៃកសិផលគឺបណ្ដាលមកពីកត្តាជាច្រើនទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចបញ្ហាតម្លៃកសិផលពោតដែលបានធ្លាក់ថ្លៃយ៉ាងគំហុកនៅខេត្ដបាត់ដំបងនាពាក់កណ្ដាលខែកក្កដា ឆ្នាំ2017 កន្លងទៅនេះជាដើម។ ក្រសួងពាណិជ្ជកម្មក៏បានសហការជាមួយមន្ទីរពាណិជ្ជកម្មចុះដោះស្រាយដោយផ្ទាល់ដើម្បីធ្វើឱ្យតម្លៃពោតមានការកើនឡើងវិញ និងបានកោះប្រជុំភ្លាមៗដើម្បីស្រាវជ្រាវរកពីមូលហេតុ និងបានរកឃើញមូលហេតុ5 យ៉ាងសំខាន់ៗដែលបណ្តាលឱ្យតម្លៃពោតមានការធ្លាក់ចុះ។

    រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា មូលហេតុ5សំខាន់ៗនោះមានដូចជា៖
    1.កត្តាអាកាសធាតុនៅក្នុងឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យកសិករជួបការលំបាកក្នុងការហាលសម្ងួតទិន្នផលពោតរបស់ពួកគាត់។
    2.កត្តាប្រាក់កម្ចី កសិករភាគច្រើនបានកាច់ពោតមុនពេលកំណត់ ដើម្បីយកទៅលក់យកប្រាក់ដើម្បីសងត្រឡប់ទៅធនាគារវិញ។
    3.កត្តាហេដ្ឋារចនាសម្ព័ន្ធ មានការកង្វះខាតឡសម្ងួត ដើម្បីធ្វើការសម្ងួតពោត និងខ្វះខាតឃ្លាំងស្តុកទិន្នផលដើម្បីរក្សាទុកឱ្យបានរយៈពេលយូរ។
    4.កត្តាកម្រៃក្រៅផ្លូវការ ម្ចាស់សៃឡូដែលទិញពោតពីកសិករត្រូវបង់ចំណាយលើសេវាមួយចំនួនជូនមន្រ្ដីពាក់ព័ន្ធនៅតាមច្រកព្រំដែន។
    5.កត្តាលើសបរិមាណនៅប្រទេសថៃក្នុងរដូវប្រមូលផល គឺទិន្នផលរបស់គេពេញប្រៀបនៅក្នុងឡសម្ងួតដែរ ជាហេតុធ្វើឱ្យពាណិជ្ជករថៃមិនអាចទទួលទិញទិន្នផលពោតពីខ្មែរបានច្រើនដូចការគ្រោងទុកបានឡើយ។

    ជាមួយគ្នានេះដែរ ឯកឧត្ដម ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា៖ «ក្រសួងពាណិជ្ជកម្មមានអគ្គនាយកដ្ឋានកាំកុងត្រូលជាសេនាធិការបានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធនាគារអភិវឌ្ឍន៍ជនបទបានពិនិត្យ និងធ្វើគោលការណ៍ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីបញ្ឈប់ការយកកម្រៃលើការនាំចេញកសិផលខ្មែរ។
    ជាងនេះក្រសួងពាណិជ្ជកម្មក៏នឹងចងក្រងជារបាយការណ៍រួមដើម្បីស្នើសុំរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធដើម្បីកាត់បន្ថយចំណាយក្រៅផ្លូវការឱ្យបាន100%»។

    ឯកឧត្ដមបន្ដថា ធនាគារអភិវឌ្ឍន៍ជនបទបានត្រៀមខ្លួននឹងដាក់កញ្ចប់ឥណទានពិសេសរង្វង់ទឹកប្រាក់ 27លានដុល្លារជាមួយអត្រាការប្រាក់រង្វង់ 5-7% ក្នុងមួយឆ្នាំសម្រាប់ធ្វើការជាមួយម្ចាស់សៃឡូ ឬកសិករដែលត្រូវការខ្ចីប្រាក់ដើម្បីទិញកសិផលពោត ឬឡសម្ងួតក្នុងការពង្រីកការស្តុកកសិផលទុក។ ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន និងកំពុងធ្វើការសិក្សានូវលទ្ធភាពនៃការបន្ថយពន្ធលើប្រាក់ចំណេញលើកសិផលគ្រប់ប្រភេទ។

    ចំណែកក្រសួងយើងនឹងបន្ដយុទ្ធនាការទិញផលិតផលខ្មែរដើម្បីបំផុសប្រជាពលរដ្ឋឱ្យងាកមករកទិញទំនិញដែលជាកសិផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេសវិញ។

    ឯកឧត្ដមប៉ាន សូរស័ក្ដិ បានបញ្ជាក់នៅចុងបញ្ចប់ថា៖ «ពាក់ព័ន្ធនឹងពោតក្រហមយើងបានជជែកគ្នាជាមួយនឹងក្រុមហ៊ុន CP រួចហើយ ដោយគាត់បានសន្យាថា នឹងធ្វើការប្រមូលទិញពីកសិករនៅក្នុងលក្ខខណ្ឌដែលប្រសើរជាងមុន»៕

  • រាជរដ្ឋាភិបាលបញ្ចេញទុន 50លានដុល្លារដើម្បីដោះស្រាយបញ្ហាកសិផលពោត

    រាជរដ្ឋាភិបាលបញ្ចេញទុន 50លានដុល្លារដើម្បីដោះស្រាយបញ្ហាកសិផលពោត

    ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទបានត្រៀមថវិកាចំនួន50លានដុល្លារអាមេរិកដើម្បីដោះស្រាយបញ្ហាកសិផលដែលកំពុងធ្លាក់ថ្លៃរបស់ប្រជាពលរដ្ឋ ពិសេសគ្រាប់ពោត។

    លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំស្តីពីបញ្ហាកសិផលពោតរវាងប្រធានមន្ទីរពាណិជ្ជកម្មខេត្តចំនួន3 រូមមានខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ជាមួយនឹងអ្នកដាំដុះកសិផល និងអ្នកទិញពោតយកទៅផលិតជាចំណីសត្វនៅព្រឹកថ្ងៃទី18 កក្កដានេះថា បច្ចុប្បន្នថវិកានៅក្នុងដៃមានចំនួន 27លានដុល្លារអាមេរិកដែលអាចប្រើប្រាស់បានទៅលើការផ្តល់កម្ចីសម្រាប់កសិផលពោតដែលនឹងប្រើជាបណ្តោះអាសន្នសិន ហើយក៏នឹងមានបន្ថែមទៀតដែលអាចកើនដល់ប្រមាណជា 50លានដុល្លារអាមេរិក។

    យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កម្ពុជាបាននាំចេញគ្រាប់ពោតប្រមាណ10ម៉ឺនតោនដែលមានតម្លៃទឹកប្រាក់14លានដុល្លារអាមេរិក។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិបានថ្លែងឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំដដែលនេះថា ដើម្បីកុំឲ្យតម្លៃពោតមានការធ្លាក់ថ្លៃ ឬឡើងថ្លៃហួសប្រមាណ អ្នកលក់ និងអ្នកទិញត្រូវមានចុះលក្ខខណ្ឌត្រឹមត្រូវពោលគឺត្រូវមានចុះកុងត្រាគ្នាទៅវិញទៅមក ដោយបង្កើតទំនុកទុកចិត្តរវាងអ្នកលក់ និងអ្នកទិញ៕