Tag: ពាណិជ្ជសញ្ញា

  • ធ្វើ​តាម​ជនជាតិ​ជប៉ុន BYD ក៏​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​រថយន្ត​មួយ​ភាគ​ធំ​នៅ​​អាស៊ី​អាគ្នេយ៍​

    ធ្វើ​តាម​ជនជាតិ​ជប៉ុន BYD ក៏​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​រថយន្ត​មួយ​ភាគ​ធំ​នៅ​​អាស៊ី​អាគ្នេយ៍​

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD (Build Your Dream) កំពុង​តែ​ស្ដែង​ឱ្យ​ឃើញ​ជោគ​ជ័យ​មួយ​កម្រិត​នៅ​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ ដោយ​បានយក​ឈ្នះ​លើ Tesla ដើម្បី​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​​រថយន្ត​អគ្គិសនី​ជាង​ ¼ ដែល​បាន​លក់​ចេញ​នៅក្នុង​តំបន់​នេះ។

    ទន្ទឹម​នឹង​តម្លៃ​ដ៏ទាក់​ទាញ ជោគ​ជ័យ​ដំបូង​ៗ​របស់ BYD ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​ចេញ​ពី​រូបមន្ត​សហការ​ចែក​ចាយ​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុនចិន​មួយ​នេះ​អាច​​ពង្រីក​​ទីផ្សារ​ ដឹង​អំពី​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ និង​ឆ្លង​ផុត​ការ​កំណត់​នានា​របស់​បណ្ដា​រដ្ឋាភិបាល​។ នេះ​បើ​តាម​ដៃគូ​សហការ​ ក៏ដូច​ជា​អ្នក​ចែកចាយ​របស់ BYD។

    រូបមន្ត​ដែល​ BYD អនុវត្ត​គឺ​ដូច​ទៅ​នឹង​វិធី​ដែល​បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​ធ្លាប់​បាន​អនុវត្ត​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កាល​ពី​ច្រើន​ទសវត្សរ៍​កន្លង​។ យុទ្ធ​សាស្ត្រ​ខាងលើ​បាន​ និង​កំពុង​ជួយ​ឱ្យ​ BYD ដណ្ដើម​បាន​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​ ខុស​ពី​រូបមន្ត​ចែកចាយ​ផ្ដាច់​មុខ​របស់​ Tesla ថ្វី​បើ​មាន​ចំណុច​អវិជ្ជមាន​ខ្លះ​។

    «បច្ចុប្បន្ន​ BYD យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ពាណិជ្ជសញ្ញា​ជា​ជាង​អត្រា​ចំណេញ» Soumen Mandal អ្នក​វិភាគ​ជាន់​ខ្ពស់​របស់ Counterpoint Research ឱ្យ​ដឹង​ដូច្នេះ និង​បន្ត​ថា «តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ចំណេញ​ច្រើន​ដល់​តំណាង​ចែក​ចាយ​នៅ​តាម​បណ្ដា​ប្រទេស​ BYD អាច​ចិញ្ចឹម​ទំនុក​ចិត្ត និង​ភាពស្មោះ​ត្រង់​ បើក​ផ្លូវ​សម្រាប់​ការ​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​»។

    យោង​តាម Counterpoint ក្រុម​ហ៊ុន BYD កាន់​កាប់​ចំណែក​ទីផ្សារ​រថយន្ត​ខ្នាត​តូច​ប្រមាណ 26% ប៉ុន្តែ​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅ​អាស៊ី​អាគ្នេយ៍​ ​ក្នុង​ត្រីមាស​ទីពីរ​ ឆ្នាំ 2023​។

    រថយន្ត​អគ្គិសនី​មាន​ 6.4% ក្នុង​ចំណោម​រថយន្ត​ទេសចរណ៍​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ត្រីមាស​ទីពីរ​ កើន​ឡើង​បើ​ធៀប​នឹង​ 3.8% ក្នុង​ត្រីមាស​មុន​នោះ​។ អាស៊ី​អាគ្នេយ៍​អាច​ក្លាយ​ជា​តំបន់​សំខាន់​ចំពោះ​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​ កាល​ពី​សប្ដាហ៍​កន្លង​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ការ​ស៊ើប​អង្កេត​មួយ​ទាក់​ទិន​នឹង​ការ​ឧបត្ថម្ភ​ដល់​រថយន្ត​អគ្គិសនី​របស់ចិន​៕

  • ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

    ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

    ស្បែកជើង sneakers មួយគូ​ដែល​ក្រុមហ៊ុន Apple បញ្ជា​ឱ្យ​ផលិត​សម្រាប់​​​បុគ្គលិក​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 កំពុង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 50,000 ដុល្លារ​អាម៉េរិក។

    ស្បែកជើង​មួយគូ​ដែលមាន​ឈ្មោះថា Omega Sports Apple Computer ត្រូវបាន​ដាក់លក់​លើ​ថ្នាល Sotheby’s មាន​ពណ៌​ស អម​នឹង​ពាណិជ្ជសញ្ញា Apple ពណ៌​ឥន្ទធនូ។ ខ្សែ​ចង​ពណ៌​ស ប៉ុន្តែ​មាន​អម​នឹង​ខ្សែ​បម្រុង​ពណ៌​ក្រហម។

    យោងតាម​ព័ត៌មាន​លើថ្នាល Sotheby’s ស្បែកជើង​មួយគូ​នេះ​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 1990 ដើម្បី​ទុក​ផ្ដល់ជូន​បុគ្គលិក​មួយចំនួន​នៅក្នុង​​ព្រឹត្តិការណ៍​ផ្ទៃក្នុង​មួយ​របស់ Apple។

    គិត​មកដល់​បច្ចុប្បន្ន មាន​ស្បែកជើង​ដូចគ្នានេះ​តែ​ពីរ​គូ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លក់​ដោយ​ការ​​ដេញថ្លៃ ក្នុងនោះ​មាន​មួយគូ​នៅ​ឆ្នាំ 2017 និង​មួយគូ​នៅ​ឆ្នាំ 2020 និង​លក់​ក្នុងតម្លៃ​រាប់ពាន់​ដុល្លារ។ ប៉ុន្តែ ស្បែកជើង​មួយគូ​ដែល​ទើបតែ​ដាក់លក់​នេះ មានតម្លៃ​ខ្ពស់​ជាងគេ គឺរហូត​ដល់​ 50,000 ដុល្លារ​អាម៉េរិក។

    កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ 1980 ក្រុម​ហ៊ុន Apple ធ្លាប់​លក់​សម្លៀកបំពាក់​ក្រោម​ឈ្មោះ The Apple Collection។ ក៏ប៉ុន្តែ​ក្រោយមក មុខ​ជំនួញ​នេះ​មិន​ទទួលបាន​ជោគជ័យ ហើយក៏​ត្រូវ​ឈប់​ដំណើរ​ការផលិត។

  • ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​របស់​អាម៉េរិក​-​ចិន SAIC-GM-Wuling នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​​ម៉ូ​ដែល​ថ្មី​​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

    កាលពី​ថ្ងៃទី 09 ឧសភា Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ SAIC-GM-Wuling បានប្រកាសថា ពួកគេ​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​មួយ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា Baojun Yep នៅ​ថ្ងៃទី 25 ឧសភា​ខាងមុខ។

    Baojun បាន​បង្ហើប​ឱ្យដឹង​អំពី​ពាណិជ្ជសញ្ញា​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃទី 09 ឧសភា ហើយ​ថា Yep នឹង​ជា​ម៉ូ​ដែល​រថយន្ត​ដំបូង​ដែល​ប្រើប្រាស់​ពាណិជ្ជសញ្ញា​ថ្មី​នេះ។

    នៅក្នុង​រូបថត​មួយចំនួន​ដែល Baojun បាន​បញ្ចេញ បង្ហាញថា រថយន្ត​អគ្គិសនី Baojun Yep មាន​រូបរាង​ស្រដៀង​នឹង​រថយន្ត Jimny របស់ Suzuki។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

    Baojun Yep នឹង​ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។

    ក្រៅពី​កំណែ​ធម្មតា Baojun ក៏បាន​បង្ហាញ​រូបថត​ស្ដីពី​កំណែ​ភី​ក​អាប់ (រថយន្ត​ទ្រុង) ដែលមាន​ទ្វារ​ពីរ​របស់ Yep ផងដែរ។

    SAIC-GM-Wuling គឺជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​រដ្ឋ​ចិន SAIC, ក្រុមហ៊ុន​អាម៉េរិក General Motors និង​ក្រុមហ៊ុន​ចិន Wuling Automobile។ SAIC-GM-Wuling មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Liuzhou ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​និរតី​នៃ​ប្រទេស​ចិន។

    នៅក្នុង​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច ក្រៅពី Mini EV ក្រុមហ៊ុន SAIC-GM-Wuling ក៏បាន​បង្ហាញ​វត្តមាន​ Air EV នៅ​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​កន្លង និង Bingo EV កាលពី​ចុងខែ​មីនា​ឆ្នាំនេះ​ផងដែរ។

    SAIC-GM-Wuling ​លក់​រថយន្ត​អគ្គិសនី​បាន​​ចំនួន 77,701 គ្រឿង​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្នុងនោះ​មាន 69,842 គ្រឿង​គឺជា​រថយន្ត​អគ្គិសនី Mini EV។ នេះ​បើ​តាម សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​ចិន (CPCA)៕

  • ការចុះបញ្ជី​ពាណិជ្ជសញ្ញា កើនឡើង​តិច តែ​ជួយ​បាន​ច្រើន​ដល់​ពាណិជ្ជករ

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា កើនឡើង​តិច តែ​ជួយ​បាន​ច្រើន​ដល់​ពាណិជ្ជករ

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា ឬ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក (www.efiling.cambodiaip.gov.kh) ត្រូវបាន​បន្ថែម​វិធី​ទូទាត់​ប្រាក់​ថ្មី​មួយ​ទៀតហើយ គឺ​ពាណិជ្ជករ​អាច​បង់​តាម​ប្រព័ន្ធ​អន​ឡាញ Canadia E-Commerce Payment របស់​ធនាគារ​កាណាឌីយ៉ា ក.អ ដែលជា​ធនាគារ​ទី2 បន្ទាប់ពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ត​ភ្ជាប់​ការបង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយនឹង​ប្រព័ន្ធ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ពាណិជ្ជសញ្ញា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ទូទាត់​លើ​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​របស់​ពាណិជ្ជករ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី14 សីហា ឆ្នាំ2018 កន្លងមក។

    ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ឡា​រ៉ែ​ន​ពាណិជ្ជ​ដឹងថា ក្រសួង​បាន​សហការ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ការចុះបញ្ជី​ពាណិជ្ជសញ្ញា។ ធនាគារកាណាឌីយ៉ា បាន​ក្លាយជា​ធនាគារ​ទី​ពីរ បន្ទាប់ពី​ធនាគារ​អេស៊ីលីដា​ដែល​ក្រសួង​បាន​ចាប់​ដៃគូ​ជាមួយ “ហើយ​នឹងមាន​ធនាគារ​ដៃគូ​ជាច្រើន​ទៀត​ដែល​នឹង​ជួយ​សម្រួល​ដល់​ការទូទាត់​របស់​ក្រុមហ៊ុន ឬ​ពាណិជ្ជករ​ម្ចាស់​ពាណិជ្ជសញ្ញា‟។

    ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​

    យោងតាម​អ្នកជំនាញ ការចុះបញ្ជី​ពាណិជ្ជសញ្ញា​នេះ ពាណិជ្ជករ​ទាំងអស់​ចាំបាច់​ត្រូវដាក់​ឯកសារ​នៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ត្រួតពិនិត្យ ហើយពី​មុន ការបង់ប្រាក់​ក៏ត្រូវ​បង់​នៅ​ក្រសួង​ពាណិជ​កម្ម​ដែរ តែ​ឥឡូវនេះ​ការបង់ប្រាក់ ត្រូវ​បង់​តាមរយៈ​ធនាគារ​ជា​ដៃគូ​ខាងលើ ដែល​ធនាគារ​គេ​នឹង​ផ្ដល់ដំណឹង​មក​ក្រសួងពាណិជ្ជកម្ម​វិញ​ថា ពាណិជ្ជករ​នោះបាន​បង់ប្រាក់​ហើយ ដូច្នេះ​ខាង​ក្រសួងពាណិជ្ជកម្ម​នឹង​អនុម័ត​លើ​ឯកសារ រួច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​សម្រាប់​ទំនិញ​ដែលមាន​ប្រភពដើម CO (CertificatesOrigine) ច្បាស់លាស់​ឱ្យទៅ​ពាណិជ្ជករ។ បច្ចុប្បន្ន ការ​ធ្វើតាម​ប្រព័ន្ធ Online នេះធ្វើឱ្យ​ពាណិជ្ជករ​ចំណេញ​ពេលវេលា ដោយ​មិនចាំបាច់​មក​ក្រសួងពាណិជ្ជកម្ម​ឡើយ។

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បីឱ្យ​ក្រសួងពាណិជ្ជកម្ម​មាន​ភា​ព​ងាយស្រួល​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន ឬ​ពាណិជ្ជករ​ដែល​បាន​ចុះបញ្ជី និង​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​ថ្មី​នេះ​បាន​ជួយ​សន្សំ​ពេលវេលា និង​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន និង​ជួយ​លុបបំបាត់​អំពើពុករលួយ​ទៀតផង។

    ឯកឧត្តម ស៊ា​ង ថៃ បាន​បញ្ជាក់ថា ទោះបីជា​ប្តូរ​មកបង់ប្រាក់​តាម​ធនាគារ​ក៏ដោយ ក៏​ចំនួន​តួលេខ​នៃ​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​ក្នុង​ឆមាស​ទី2 ឆ្នាំនេះ​មានការកើនឡើង​តិចតួច​ប៉ុណ្ណោះ។ “មានការ​កើនឡើង​តិចតួច និង​វា​មិនមាន​ផលប៉ះពាល់​អី​ក្នុង​ការបង់​តាម​អន​ឡាញ​នោះទេ ពោលគឺ វា​មិន​អាស្រ័យទៅលើ​ការបង់​តាម​ប្រព័ន្ធ​ធនាគារ​ទេ ព្រោះ​ការបង់​នៅតែមាន​ជាធម្មតា វា​គ្រាន់តែ​ជាការ​សម្រួល​ជូន​ពាណិជ្ជករ ដោយ​មិនចាំបាច់​មក​បង់​ផ្ទាល់ ព្រោះ​មិនចាំបាច់​មាន​បន្ថែម 10-20ដុល្លារ​អី​ជូន​ដល់​មន្ត្រី​នោះទេ”។

    លោក អប់ រ៉ា​ឌី នាយក​ផ្នែក​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្រសួង​បានអនុម័ត​ពាណិជ្ជសញ្ញា​បាន​ចំនួន 1,871 មុខទំនិញ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 គឺមាន​ការកើនឡើង​តិចតួច​ប្រមាណ 2% និង​ការដាក់​ពាក្យសុំ​ចុះបញ្ជី​បាន​កើនឡើង16%។ ការចុះបញ្ជី​ពាណិជ្ជសញ្ញា​ដែល​បានអនុម័ត​ក្នុង​ឆមាស​ទី1ឆ្នាំនេះ មាន 703ស្លាក​សញ្ញា​ជា​មុខទំនិញ​របស់​អាជីវក​រ​ក្នុងស្រុក និង1,168ទៀត​ជា​របស់​ពាណិជ្ជករ​បរទេស។

    លោក អប់ រ៉ា​ឌី នាយក​ផ្នែក​កម្មសិទ្ធិបញ្ញា​នៃក្រសួងពាណិជ្ជកម្ម​

    ឯកឧត្តម ស៊ា​ង ថៃ បាន​មានប្រសាសន៍ថា “ការចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម គឺជា​កាតព្វកិច្ច​ផ្លូវច្បាប់។ អ្នកធ្វើអាជីវកម្ម និង​ពាណិជ្ជករ​មក​ចុះបញ្ជី​ច្រើន មានន័យថា ប្រទេស​អាច​ប្រមូល​ពន្ធ​បានច្រើន​បន្ថែមទៀត។ ជាការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស ទាក់ទាញ​វិនិយោគិន​បរទេស និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល ហើយ​វា​សំខាន់​ណាស់​ដែលអ្វីៗទាំងអស់​ដំណើរការ​ដោយ​ស្របច្បាប់​ដើម្បី​ជំរុញ​វិស័យសេដ្ឋកិច្ច​របស់​យើង”។

    គួរ​បញ្ជាក់ដែរថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទី5 ហើយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​បង្កើត​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជសញ្ញា​តាម​ប្រព័ន្ធ​អុីន​ធើ​ណិ​តបន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេសឥណ្ឌូនេស៊ី៕