Tag: ពាណិជ្ជករ

  • ពាណិជ្ជករត្រូវតែ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​រក្សា​ជំហរ​ក្នុង​ទីផ្សារអាជីវកម្ម

    ពាណិជ្ជករត្រូវតែ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​រក្សា​ជំហរ​ក្នុង​ទីផ្សារអាជីវកម្ម

    វា​មិនមែនជា​រឿង​ចម្លែក​ពេក​ទេ​ដែល​ការធ្វើ​អាជីវកម្ម​ចាំបាច់​ត្រូវមាន​ភាពបត់បែន​ខ្ពស់​នៅ​ក្នុងសម័យ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ។ ការធ្វើ​អាជីវកម្ម​លើ​គ្រប់ផ្នែក​ទាំងអស់ ទាំង​ការផ្គត់ផ្គង់​ចំណីអាហារ ការដឹកជញ្ជូន ឬ​អាជីវកម្មធំៗជាច្រើន​ផ្សេងទៀត ចាំបាច់​ត្រូវតែ​បត់បែន​ឱ្យបាន​លឿន​បំផុត​ដើម្បី​ឱ្យទាន់​ស្ថានភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​ធ្វើឱ្យ​ការប្រកួតប្រជែង​កើតមាន​កាន់តែខ្លាំង​ក្នុង​ពិភព​ជំនួញ។

    លោក Tom Den Hertog អគ្គនាយក​ក្រុមហ៊ុន Ahold Asia Pacific បាន​លើកឡើងថា វត្តមាន​នៃ​បច្ចេកវិទ្យា​ទំនើប បាន​ផ្លាស់ប្តូរ​ការរស់នៅ​រប​ស់​អតិថិជន​យ៉ាងច្រើន ព្រោះ​ពួកគេ​រស់នៅក្នុង​ពិភព​ព័ត៌មាន​យ៉ាង​សម្បូរបែប ហេតុនេះ​ការធ្វើ​អាជីវកម្ម​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​បង្កើនល្បឿន​នៃ​សេវាកម្ម និង​ការ​ផ្តល់ព័ត៌មាន​ឱ្យបាន​កាន់តែ​លម្អិត​ទៅដល់​អតិថិជន។ លោក​ថា ជាក់ស្តែង​ការធ្វើ​អាជីវកម្ម​លើ​ការផ្គត់ផ្គង់​ចំណីអាហារ ពីមុនមក​យើង​ចាប់ផ្តើម​ពី​ការបង្កើត​ផលិតផល​កសិកម្ម បន្ទាប់មក​រុញ​ចូលទៅក្នុង​រោងចក្រ​កែច្នៃ​វេច​ខ្ចប់ បញ្ជូនទៅ​ផ្នែក​ចែកចាយ ហើយ​បន្ទាប់មកទៀត​ទើប​ដឹក​ទៅដល់​ហាង​លក់រាយ ឬ​ភោជនីយដ្ឋាន​ទើប​ដល់ដៃ​អតិថិជន។ ដំណើរ​នៃ​ការរៀបចំ​ចង្វាក់​ផ្គត់ផ្គង់ (supply chain) បែបនេះ​នៅ​ពេញនិយម​ខ្លះ​នៅឡើយ តែ​វា​នឹងត្រូវ​ផ្លាស់ប្តូរ​ស្ទើរតែ​ទាំងស្រុង​នៅពេលឆាប់ៗខាងមុខនេះ។

    លោក Tom Den Hertog អគ្គនាយក​ក្រុមហ៊ុន Ahold Asia Pacific

    លោក Tom Den Hertog និយាយថា៖ “អ្នករកស៊ី​ផ្នែក​ផ្គត់ផ្គង់​ចំណីអាហារ​នាពេល​បច្ចុប្បន្ន​នេះ​ត្រូវការ​ចាំបាច់​បំផុត​នូវ​ភាព​ច្នៃប្រឌិត។ មាន​ក្រុមហ៊ុន​មួយឈ្មោះថា Hello Fresh គាត់​បាន​បង្កើត​គំនិត​ច្នៃប្រឌិត​យ៉ាងខ្ពស់​ដោយ​ការ​បង្កើតជា​ប្រអប់​សម្រាប់​ដាក់​បន្លែ និង​គ្រឿងផ្សំ​ស្រេច ដោយ​បញ្ចូល​ជាមួយ​វិធីសាស្ត្រ​ធ្វើ​ម្ហូប​នៅក្នុង​ប្រអប់ និង​បង្ហាញ​ច្បាស់​ពី​ប្រភព​លម្អិត​តាំងពី​កន្លែង​ដាំ​រហូត​ដល់ដៃ​អតិថិជន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា”។

    លោក​បានបញ្ជាក់​ផងដែរ​ថា រាល់​ការទិញ​របស់​អតិថិជន​នឹងត្រូវ​ដឹក​ដល់ដៃ មិនចាំបាច់​លំបាក​ស្វែងរក​នៅ​ទីផ្សារ​នោះទេ អតិថិជន​ក៏​អាច​រៀន​ធ្វើ​ម្ហូប និង​ស្វែងរក​វិធីសាស្ត្រ​ប្រកបដោយ​ភាព​រីករាយ​ជាច្រើន​សម្រាប់​ការរស់នៅ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅផ្ទះ ដោយ​ប្រើប្រាស់​តែ​ទូរស័ព្ទ Smart Phone មួយ​ប៉ុណ្ណោះ។ ការធ្វើ​បែបនេះ​នឹងធ្វើ​ឱ្យ​អតិថិជន​កាត់បន្ថយ​ចំណាយ​តិច ចំណេញ​ពេលវេលា​ច្រើន​សម្រាប់​គ្រួសារ និង​មាន​អារម្មណ៍​កក់ក្តៅ​គ្រប់គ្រាន់​ចំពោះម្ហូបអាហារ​ដែល​ដឹកជញ្ជូន​មក​ដល់ដៃ​គាត់​គ្រប់ពេលវេលា​នោះ។ លោក​ថា ការធ្វើ​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន​ចាំបាច់​ត្រូវតែ​បង្កើន​ល្បឿន គិត​ឱ្យបាន​មុនគេ និង​ផ្តល់ព័ត៌មាន​លម្អិត ព្រោះ​ផលិតផល​ដែល​យើង​នឹង​ចេញ គឺ​ត្រូវ​ជួបនឹង​ការប្រកួតប្រជែង​ខ្លាំង។

    លោក Tom Den Hertong បាន​និយាយទៀតថា៖ “ប្រសិនបើ​យើង​នាំ​អាហារ ឬ​ផលិតផល​ទៅកាន់​ប្រទេស​ណាមួយ សូមកុំ​គិតថា យើង​ប្រកួតប្រជែង​តែ​ជាមួយ​ក្រុមហ៊ុន​នៅក្នុង​ស្រុក តែ​ត្រូវ​គិតថា យើង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ទាំងអស់​លើ​ពិភពលោក ព្រោះ​អតិថិជន​បច្ចុប្បន្ននេះ​ដឹង​គ្រប់​ព័ត៌មាន​ទាំងអស់​លើ​ពិភពលោក ហើយ​ពេលខ្លះ​អតិថិជន​អាច​ឆ្លាត​ជាង​អ្នកលក់​ទៀតផង។ ខ្ញុំ​មិនដឹងថា​នៅទីនេះ ប្រជាជន​គិតពី​ប្រភព​នៃ​អាហារ ឬ​អត់​នោះទេតែ​សម្រាប់​ប្រទេស​ខ្ញុំ គឺ​គេ​គិត​ទាំងអស់ ទាំង​កន្លែងកែច្នៃ ការ​វេច​ខ្ចប់ ក្រុមហ៊ុន​ចែកចាយ និង​វិធីសាស្ត្រ​រក្សាទុក​ផលិតផល ជាដើម។ ហេតុនេះ​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យ​ទិញ​បាន លុះត្រាតែ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធានាថា យើង​បាន​បញ្ជូន​ព័ត៌មាន​លម្អិត​គ្រប់បែបយ៉ាង​ទៅកាន់​អតិថិជន​លើ​រាប់រយ​មុខទំនិញ​ដែល​យើង​ផ្គត់ផ្គង់”។

    លោក​អគ្គនាយក​រូបនេះ បានបញ្ជាក់​ផងដែរ​ថា ការរកស៊ី​បច្ចុប្បន្ន​ចាំបាច់​ដើរ​ឱ្យបាន​មុនគេ ដើម្បី​ទទួលបាន​ជោគជ័យ។ មានការ​ស្រាវជ្រាវ​មួយ​ពី​ឥរិយាបថ​របស់​មនុស្ស​បាន​រកឃើញថា ប្រសិនបើ​គេ​បើក​ពហុ​កីឡដ្ឋាន​នៅ​ម៉ោង 12:00 ហើយ​បិទ​លែងឱ្យ​ចូល​នៅ​ម៉ោង 12:50នាទី​សម្រាប់​ទស្សនា​កីឡា មនុស្ស​នឹង​សម្រុកចូល​តែ​ពេល​ជិត​ដល់​ម៉ោង​បិទ​ប៉ុណ្ណោះ។ រយៈពេល​ចាប់ពី​ម៉ោង 12:00ដល់​ម៉ោង 12:45នាទី គឺមាន​កៅអី​ទំនេរ​រហូតដល់ 97% ហេតុនេះ​មនុស្ស​នឹង​នាំគ្នា​សម្រុកចូល​នៅ​រយៈពេល​ត្រឹមតែ 5នាទីចុងក្រោយ​ប៉ុណ្ណោះ។ ការរកស៊ី​ក៏​ដូចគ្នា​ដែរ ជាទូទៅ​ក្រុមហ៊ុន​ដែល​ដើរ​មិនទាន់​គេ ហើយ​បិទទ្វារ​ទៅវិញ​ភាគច្រើន​គឺ​ដោយសារតែ​មិន​ព្រម​ចាប់ផ្តើម​ធ្វើការ​ច្នៃប្រឌិត​ឱ្យបាន​មុនគេ ហើយ​រួមគ្នា​ប្រកួត​ខ្លាំង​នៅពេល​ចុងក្រោយ​ជាមួយ​គេឯង នោះ​ពួកគេ​នឹង​ពិបាក​ឈរជើង។

    បន្ថែម​ពីលើ​នេះ លោក Picheat Chansate នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុម​ហុន ThaiSomdej Service ដែលជា​ក្រុមហ៊ុន​ជាប់​ពានរង្វាន់ ​Excellent Logistic Management award 2018 បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក ជា​ក្រុមហ៊ុន​ឡូជីស្ទីក ហេតុនេះ​ការគ្រប់គ្រង​សេវាកម្ម និង​ឯកសារ​មាន​សារៈ​សំខាន់បំផុត ហើយ​អ្វីដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​របស់លោក​អាចឈរជើង​បានល្អ​ក្នុង​ទីផ្សារ និង​ទទួលបាន​ពានរង្វាន់​ដ៏​សំខាន់​នេះ​ក៏មាន​ការរួមចំណែក​ពី​បច្ចេកវិទ្យា​ផងដែរ។ បច្ចេកវិទ្យា​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ពាណិជ្ជកម្ម​នៅពេល​បច្ចុប្បន្ននេះ។ ក្រុមហ៊ុន​របស់លោក​បាន​ចំណាយ​ទុន​យ៉ាងច្រើន​ដើម្បី​អភិវឌ្ឍ​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ខ្លួនឯង​ដែលមាន​ឈ្មោះថា Intelligent Customs Clearance Technology (ICCT) ដើម្បី​សម្រួល​ដល់​សកម្មភាព​ការងារ​ឱ្យបាន​កាន់តែ​ឆាប់រហ័ស និង​ងាយស្រួល។

    លោក Picheat Chansate នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុម​ហុន ThaiSomdej Service

    លោក Picheat Chansate បាន​និយាយថា៖ “ពីមុន​សម្រាប់​អតិថិជន​ម្នាក់​ដែល​ប្រើប្រាស់​សេវា​​របស់​យើង យើង​ប្រើប្រាស់​ពេល​រហូតដល់​ទៅ 4ម៉ោង​ដើម្បី​រៀបចំ​វិក្កយបត្រ និង​បញ្ចូល​ទៅក្នុង​កម្មវិធី Excell តែ​បច្ចុប្បន្ននេះ​យើង​បង្រួញ​ពេល​ឱ្យ​សល់​ត្រឹមតែ​ប្រហែល 5នាទី​ប៉ុណ្ណោះ។ ហើយ​យើង​ក៏​អាចបំពេញ​ទម្រង់​ចេញ ឬ​ចូល​សម្រាប់​ពួកគាត់​ដោយ​ប្រើពេល​ត្រឹមតែ 5នាទី​ដូចគ្នា​លើ​មុខទំនិញ​ជាច្រើន​មុខ​របស់គាត់”។

    លោក Picheat Chansate បានលើកឡើង​ផងដែរ​ថា រាល់​ឯកសារ​ទាំងអស់​របស់​អតិថិជន​នឹងត្រូវ​បាន​ផ្ទុក​ក្នុង​កន្លែង​ផ្ទុក​ទិន្នន័យធំៗចំនួន 2 ដែល​វា​មាន​សមត្ថភាព​រក្សាទុក​រហូតដល់​ទៅ 5ឆ្នាំ ដែល​ធ្វើឱ្យ​អតិថិជន​កាន់តែ​មាន​ទំនុកចិត្ត និង​ងាយស្រួល​ស្វែងរក​ឯកសារផ្សេងៗផងដែរ។ ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ទាំងអស់នេះ​ជា​បេះដូង​របស់​ក្រុមហ៊ុន​លោក ហេតុនេះ​វា​ត្រូវបាន​ការពារ​យ៉ាង​ល្អិតល្អន់។ ក្រោយពេល​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងអស់នេះ ការធ្វើការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ដែល​ផ្តល់ឱកាស​ឱ្យ​ក្រុមហ៊ុន​របស់លោក​ពង្រីក​សេវាកម្ម បាន​កាន់តែច្រើន និង​មាន​គម្រោង​បោះទីតាំង​ទៅកាន់​តំបន់សំខាន់ៗជាច្រើន​ផ្សេងទៀត​ដោយ​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ។

    អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ខាងលើ​បានលើកឡើង​ផងដែរ​ថា បើទោះបី​ជាមាន​វត្តមាន​នៃ​បច្ចេកវិទ្យា​ទំនើប​ក្តី តែ​បុគ្គលិក​របស់លោក​នៅតែ​អាច​រក្សា​លំនឹង​របស់ខ្លួន​ក្នុង​ការធ្វើការងារ​ដដែល តែ​អ្វីដែល​ពួកគេ​ត្រូវធ្វើ​គឺ​បង្កើន​សមត្ថភាព​ក្នុងការ​ប្រើប្រាស់ និង​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់នោះ។ វា​នឹង​ធ្វើឱ្យ​ពួកគេ​មាន​ពេលវេលា​ទំនេរ​ច្រើនជាង​មុន តែ​យើង​នៅតែ​ត្រូវការ​មនុស្ស​ដើម្បី​ផ្ទៀងផ្ទាត់ ព្រោះ​មនុស្ស​មាន​អ្វីដែល​ម៉ាស៊ីន​គ្មាន គឺ​ខួរក្បាល៕

  • ការចុះបញ្ជី​ពាណិជ្ជសញ្ញា កើនឡើង​តិច តែ​ជួយ​បាន​ច្រើន​ដល់​ពាណិជ្ជករ

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា កើនឡើង​តិច តែ​ជួយ​បាន​ច្រើន​ដល់​ពាណិជ្ជករ

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា ឬ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក (www.efiling.cambodiaip.gov.kh) ត្រូវបាន​បន្ថែម​វិធី​ទូទាត់​ប្រាក់​ថ្មី​មួយ​ទៀតហើយ គឺ​ពាណិជ្ជករ​អាច​បង់​តាម​ប្រព័ន្ធ​អន​ឡាញ Canadia E-Commerce Payment របស់​ធនាគារ​កាណាឌីយ៉ា ក.អ ដែលជា​ធនាគារ​ទី2 បន្ទាប់ពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​បាន​ត​ភ្ជាប់​ការបង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយនឹង​ប្រព័ន្ធ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ពាណិជ្ជសញ្ញា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ទូទាត់​លើ​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​របស់​ពាណិជ្ជករ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃទី14 សីហា ឆ្នាំ2018 កន្លងមក។

    ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ឡា​រ៉ែ​ន​ពាណិជ្ជ​ដឹងថា ក្រសួង​បាន​សហការ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ការចុះបញ្ជី​ពាណិជ្ជសញ្ញា។ ធនាគារកាណាឌីយ៉ា បាន​ក្លាយជា​ធនាគារ​ទី​ពីរ បន្ទាប់ពី​ធនាគារ​អេស៊ីលីដា​ដែល​ក្រសួង​បាន​ចាប់​ដៃគូ​ជាមួយ “ហើយ​នឹងមាន​ធនាគារ​ដៃគូ​ជាច្រើន​ទៀត​ដែល​នឹង​ជួយ​សម្រួល​ដល់​ការទូទាត់​របស់​ក្រុមហ៊ុន ឬ​ពាណិជ្ជករ​ម្ចាស់​ពាណិជ្ជសញ្ញា‟។

    ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​

    យោងតាម​អ្នកជំនាញ ការចុះបញ្ជី​ពាណិជ្ជសញ្ញា​នេះ ពាណិជ្ជករ​ទាំងអស់​ចាំបាច់​ត្រូវដាក់​ឯកសារ​នៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ត្រួតពិនិត្យ ហើយពី​មុន ការបង់ប្រាក់​ក៏ត្រូវ​បង់​នៅ​ក្រសួង​ពាណិជ​កម្ម​ដែរ តែ​ឥឡូវនេះ​ការបង់ប្រាក់ ត្រូវ​បង់​តាមរយៈ​ធនាគារ​ជា​ដៃគូ​ខាងលើ ដែល​ធនាគារ​គេ​នឹង​ផ្ដល់ដំណឹង​មក​ក្រសួងពាណិជ្ជកម្ម​វិញ​ថា ពាណិជ្ជករ​នោះបាន​បង់ប្រាក់​ហើយ ដូច្នេះ​ខាង​ក្រសួងពាណិជ្ជកម្ម​នឹង​អនុម័ត​លើ​ឯកសារ រួច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​សម្រាប់​ទំនិញ​ដែលមាន​ប្រភពដើម CO (CertificatesOrigine) ច្បាស់លាស់​ឱ្យទៅ​ពាណិជ្ជករ។ បច្ចុប្បន្ន ការ​ធ្វើតាម​ប្រព័ន្ធ Online នេះធ្វើឱ្យ​ពាណិជ្ជករ​ចំណេញ​ពេលវេលា ដោយ​មិនចាំបាច់​មក​ក្រសួងពាណិជ្ជកម្ម​ឡើយ។

    ការចុះបញ្ជី​ពាណិជ្ជសញ្ញា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បីឱ្យ​ក្រសួងពាណិជ្ជកម្ម​មាន​ភា​ព​ងាយស្រួល​ក្នុង​ការការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន ឬ​ពាណិជ្ជករ​ដែល​បាន​ចុះបញ្ជី និង​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​ថ្មី​នេះ​បាន​ជួយ​សន្សំ​ពេលវេលា និង​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន និង​ជួយ​លុបបំបាត់​អំពើពុករលួយ​ទៀតផង។

    ឯកឧត្តម ស៊ា​ង ថៃ បាន​បញ្ជាក់ថា ទោះបីជា​ប្តូរ​មកបង់ប្រាក់​តាម​ធនាគារ​ក៏ដោយ ក៏​ចំនួន​តួលេខ​នៃ​ការចុះបញ្ជី​ពាណិជ្ជសញ្ញា​ក្នុង​ឆមាស​ទី2 ឆ្នាំនេះ​មានការកើនឡើង​តិចតួច​ប៉ុណ្ណោះ។ “មានការ​កើនឡើង​តិចតួច និង​វា​មិនមាន​ផលប៉ះពាល់​អី​ក្នុង​ការបង់​តាម​អន​ឡាញ​នោះទេ ពោលគឺ វា​មិន​អាស្រ័យទៅលើ​ការបង់​តាម​ប្រព័ន្ធ​ធនាគារ​ទេ ព្រោះ​ការបង់​នៅតែមាន​ជាធម្មតា វា​គ្រាន់តែ​ជាការ​សម្រួល​ជូន​ពាណិជ្ជករ ដោយ​មិនចាំបាច់​មក​បង់​ផ្ទាល់ ព្រោះ​មិនចាំបាច់​មាន​បន្ថែម 10-20ដុល្លារ​អី​ជូន​ដល់​មន្ត្រី​នោះទេ”។

    លោក អប់ រ៉ា​ឌី នាយក​ផ្នែក​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្រសួង​បានអនុម័ត​ពាណិជ្ជសញ្ញា​បាន​ចំនួន 1,871 មុខទំនិញ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 គឺមាន​ការកើនឡើង​តិចតួច​ប្រមាណ 2% និង​ការដាក់​ពាក្យសុំ​ចុះបញ្ជី​បាន​កើនឡើង16%។ ការចុះបញ្ជី​ពាណិជ្ជសញ្ញា​ដែល​បានអនុម័ត​ក្នុង​ឆមាស​ទី1ឆ្នាំនេះ មាន 703ស្លាក​សញ្ញា​ជា​មុខទំនិញ​របស់​អាជីវក​រ​ក្នុងស្រុក និង1,168ទៀត​ជា​របស់​ពាណិជ្ជករ​បរទេស។

    លោក អប់ រ៉ា​ឌី នាយក​ផ្នែក​កម្មសិទ្ធិបញ្ញា​នៃក្រសួងពាណិជ្ជកម្ម​

    ឯកឧត្តម ស៊ា​ង ថៃ បាន​មានប្រសាសន៍ថា “ការចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម គឺជា​កាតព្វកិច្ច​ផ្លូវច្បាប់។ អ្នកធ្វើអាជីវកម្ម និង​ពាណិជ្ជករ​មក​ចុះបញ្ជី​ច្រើន មានន័យថា ប្រទេស​អាច​ប្រមូល​ពន្ធ​បានច្រើន​បន្ថែមទៀត។ ជាការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស ទាក់ទាញ​វិនិយោគិន​បរទេស និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូល ហើយ​វា​សំខាន់​ណាស់​ដែលអ្វីៗទាំងអស់​ដំណើរការ​ដោយ​ស្របច្បាប់​ដើម្បី​ជំរុញ​វិស័យសេដ្ឋកិច្ច​របស់​យើង”។

    គួរ​បញ្ជាក់ដែរថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទី5 ហើយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​បង្កើត​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជសញ្ញា​តាម​ប្រព័ន្ធ​អុីន​ធើ​ណិ​តបន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេសឥណ្ឌូនេស៊ី៕

  • វគ្គបណ្តុះបណ្តាល បណ្តាញពាណិជ្ជករអន្តរជាតិ

    វគ្គបណ្តុះបណ្តាល បណ្តាញពាណិជ្ជករអន្តរជាតិ

    វគ្គបណ្តុះបណ្តាលនេះធ្វើនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2017
    ចាប់ពីម៉ោង 5:00ល្ងាច ដល់ 9:00យប់
    ទីតាំង: CKCC
    ទំនាក់ទំនងទូរស័ព្ទលេខ: 093 772 887 / 092 444 880

  • ពាណិជ្ជករ ផលិតករភាពយន្ត កម្ពុជា-ថៃ ជួបជជែកគ្នា

    ពាណិជ្ជករ ផលិតករភាពយន្ត កម្ពុជា-ថៃ ជួបជជែកគ្នា

    ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការរវាងពាណិជ្ជករថៃ និងកម្ពុជាក្នុងការបង្កើនគុណភាពភាពយន្ដ ក៏ដូចជាចែករំលែកបទពិសោធទៅវិញទៅមកកាលពីព្រឹកមិញនេះ សិក្ខាសាលាមួយស្ដីពីឧស្សាហកម្មភាពយន្ដត្រូវបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។ សិក្ខាសាលានេះមានការចូលរួមពីពាណិជ្ជករ ផលិតករក្នុងវិស័យភាពយន្ដនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។

    លោក ជីរ៉ាវុឍ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ បានលើកឡើងថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបើកឱកាសដល់ក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មភាពយន្ដរបស់ប្រទេសថៃ និងកម្ពុជា ឱ្យមានការជួបជជែកពិភាក្សាគ្នាលើកិច្ចការនេះបង្កើនកិច្ចសហការក្នុងវិស័យភាពយន្ដធ្វើយ៉ាងណាឱ្យមានភាពរីកចម្រើនបន្ថែមទៀត។

    ក្នុងកម្មវិធីសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនមកពីប្រទេសថៃដែលពាក់ព័ន្ធលើវិស័យភាពយន្ដចំនួនជាង20ក្រុមហ៊ុនមានដូចជាក្រុមហ៊ុនផលិតភាពយន្ដ ក្រុមហ៊ុនលក់ភាពយន្ដ ក្រុមហ៊ុនផ្ដល់ឧបករណ៍ជួលសម្រាប់ការផលិតភាពយន្ដ និងមហាវិទ្យាល័យបង្រៀនផ្នែកភាពយន្ដ។

    ក្នុងនោះតំណាងប្រទេសកម្ពុជាក៏មានការចូលរួមយ៉ាងច្រើនពីសំណាក់ពាណិជ្ជករ ផលិតករ ដែលមានដូចជាលោកហ្វៃ សំអាង អ្នកស្រីពាន់ ភួងបុប្ផា អ្នកស្រីថុង ស៊ីវទៀង លោកអ៊ិន សុភិន និងលោកចាន់ណា រ៉ូណាន់ ព្រមទាំងតំណាងមកពីក្រសួងវប្បធម៌ វិចិត្រសិល្បៈផងដែរ។

    លោក ចាន់ណា រ៉ូណាន់ ជាផលិតករ និងជាអ្នកដឹកនាំរឿងដែលទទួលបានភាពជោគជ័យក្នុងឆ្នំា 2016 លើរឿង”កំណត់ហេតុនាងនាថ” អាចរកប្រាក់ចំណូលបានរង្វង់ 30 ម៉ឺនដុល្លារអាមេរិកបានបញ្ជាក់ថា ការបង្កើតឱ្យមានសិក្ខាសាលាភាពយន្ដ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងជាផលិតករ ព្រោះបើយើងសង្កេតទៅលើការផលិតភាពយន្ដនៅក្នុងប្រទេសកម្ពុជាគឺនៅមានចំណុចខ្វះខាតច្រើនដែលយើងត្រូវសិក្សាបន្ថែម។

    ដូច្នេះវេទិកានេះអាចឱ្យយើងទទួលបាននូវបទពិសោធជាច្រើនក្នុងការផលិត ក៏ដូចជាអាចបង្កើតឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្ដិការចាប់ដៃគូ ស្វែងរកទីផ្សារឱ្យភាពយន្ដរបស់យើងផងដែរ៕