Tag: ពន្ធដារ

  • Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

    Tesla នឹង​ផលិត​រថយន្ត​តម្លៃ​ទាប​ នៅ​ពេល​សហការ​ជាមួយ​ CATL

    Tesla កំពុង​សហការ​ជាមួយ​ CATL ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​ធំបំផុត​នៅ​ប្រទេស​ចិន​ ដើម្បី​អភិវឌ្ឍ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ដែល​ជិត​នឹង​បង្ហាញ​វត្តមាន​។

    ជំនួស​ឱ្យ​ការ​នាំចូល​ថ្ម​ផ្ទុក​អគ្គិសនី​ពី CATL ក្រុម​ហ៊ុន​អាម៉េរិក​ Tesla នឹង​ជួល ក៏​ដូច​ជា​សហការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​នេះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​ថ្មី​។ កិច្ចសហការ​នេះ​នឹង​នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ភាគី​ទាំង​សង​ខាង​។ ក្នុង​នោះ Tesla អាច​ផលិត​ថ្ម​ផ្ទុក​ថាមពល​ទំនើប​ក្នុង​តម្លៃ​ទាប​។ ក្រៅ​ពី​នេះ Tesla ក៏​នឹង​អាច​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ពន្ធដារ​របស់​សហរដ្ឋ​អាម៉េរិក​ផងដែរ​។

    ចំណែក​ផល​ប្រយោជន៍​ដែល​ក្រុម​ហ៊ុន​ចិន CATL នឹងទទួល​បាន​វិញ រួមមាន​៖ ពង្រីក​ទីផ្សារ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប ហើយ​អាច​រក្សា​តំណែង​នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​។

    ទំនាក់​ទំនង​រវាង Tesla និង CATL បាន​នាំ​ឱ្យ Tesla ប្រកាស​ថា​ ខ្លួន​កំពុង​ត្រៀម​ផលិតរថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ 25,000 ដុល្លារ​អាម៉េរិក​។

  • ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​ជាង​គេ​នៅ​តាម​បណ្ដា​ប្រទេស​ជាសមាជិក ​សហភាព​​អឺរ៉ុប​នឹង​​អាច​ប្រមូល​ថវិកា​បាន​ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    គំនិត​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៃ​​ក្រុម​សម្ព័ន្ធ​សេរីភាព​របស់​សភា​អឺរ៉ុប​ដែល​ទើប​តែត្រូវ​បាន​ប្រកាសបន្ទាប់​ពី​​អ្នក​សេដ្ឋកិច្ច និង​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 នៅ​ញូវដែលីប្រទេស​ឥណ្ឌាកាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ​​ បាន​​អំពាវនាវ​ឱ្យ​មាន​ការ​យក​ពន្ធ​លើ​ក្រុម​អ្នក​មាន​កំពូល​ៗ​។

    យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​ បើ​សិន​រដ្ឋយក​ពន្ធលើ​ទ្រព្យ​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហភាព​នេះ​នឹង​ប្រមូល​ប្រាក់​បាន​ជាង 213 ពាន់​លាន​អឺរ៉ូ (ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ជា​រៀង​រាល់​ឆ្នាំ​។ ក្រុម​មនុស្ស​ 0.5% នេះ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ជិត 20% របស់​អឺរ៉ុប​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យ 3.5% របស់​ក្រុម​ពលរដ្ឋប្រហែល​ពាក់​កណ្ដាល​ដែល​​​ក្រីក្រ​បំផុត​។ ជាង​នេះ ទ្រព្យ​របស់​ក្រុម​អ្នក​មាន 0.5% ក៏​បាន​កើន​ 35% ក្នុង​ដប់​ឆ្នាំ​កន្លង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ទទួល​​បាន​​សិទ្ធិ​​ចាត់​ចែង​​ដោយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បណ្ដាញ​យុត្តិធម៌​ពន្ធដារ​។

    ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នឹង​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​គេ​បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​អ្នក​មាន​ ក្នុង​នោះ អាល្លឺម៉ង់​នឹង​ទទួល​បាន​ជាង 65 ពាន់​លាន​អឺរ៉ូ (69.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក​បារាំង​នឹង​ទទួល​បាន​ជាង 46 ពាន់​លាន​អឺរ៉ូ (49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នៅ​អឺរ៉ុប​ខាង​ត្បូង ប្រទេស​អ៊ីតាលី​នឹង​ប្រមូល​ប្រាក់​ពន្ធ​នេះ​បាន​ 27.2 ពាន់​លាន​អឺរ៉ូ (28.9 ពាន់​លាន​ដុល្លារ​អាម៉េរិក) ស្រប​ពេល​ដែល​ព័រទុយហ្កាល់​​នឹង​ប្រមូល​បាន 3.7 ពាន់​លាន​អឺរ៉ូ និង​ក្រិក​​ប្រមូល​បាន​ 1.4 ពាន់​លាន​អឺរ៉ូ (1.49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    រូបមន្ត​នៃ​ការ​យក​ពន្ធ​លើ​អ្នក​មាន​ដែល​ត្រូវ​បាន​ស្នើ​ដោយ​ក្រុម​សម្ព័ន្ធ​សេរីខាងលើ​ មិន​ដូច​ទៅ​នឹង​រូបមន្ត​យក​ពន្ធ​លើ​អ្នក​មាន​នៅ​​អេស្ប៉ាញ​ ឬ​ពន្ធ​អចលនទ្រព្យ​របស់​បារាំង​នោះឡើយ។ សំណើ​ពន្ធ​នេះ​នឹង​អនុវត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ​គ្រប់ប្រភេទ តាំង​ពី​អចលនទ្រព្យ​ ប្រាក់​ផ្ញើនៅ​ធនាគារ ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ រហូត​ដល់​ស្នាដៃ​សិល្បៈ​។

    បើ​សិន​ជា​ត្រូវ​បាន​អនុវត្ត ខ្ទង់ប្រាក់​ដែល​បាន​ពី​ពន្ធ​ទ្រព្យ​អ្នក​មាន​នេះ​នឹង​រួម​ចំណែក​​ 1.35% នៃ​ GDP របស់​សហភាព​អឺរ៉ុប​។ នេះ​មិន​ទាន់​និយាយ​ដល់​ឥទ្ធិពល​បន្ថែម​ដែល​កើត​ឡើង​ក្នុង​ពេល​ដោះ​ស្រាយ​បញ្ហា​គេច​ពន្ធ​របស់​បុគ្គល​អ្នក​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មិនយក​ពន្ធ ឬ​យក​ពន្ធ​តិចតួច​លើ​ទ្រព្យ​សម្បត្តិ​៕

  • ខែមករា ឆ្នាំ2020 ពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជិត 240លានដុល្លារ

    ខែមករា ឆ្នាំ2020 ពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជិត 240លានដុល្លារ

    សម្រាប់ខែមករា ឆ្នាំ2020 អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូល ចំណូលពន្ធអាករគ្រប់ប្រភេទបានមានចំនួន 956,76ប៊ីលានរៀល ឬស្មើនឹងប្រមាណជា 239,19 លានដុល្លារអាមេរិក កើនឡើង 14.74% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2019។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារ។

    ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ2020 ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធ ដារ បានបញ្ជាក់ថា ចំណូលកត់ត្រាតាមប្រភេទអ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ2020នេះ មានការកើន ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ ក្នុងនោះអ្នកជាប់ពន្ធធំកើនឡើង 12.98%, អ្នកជាប់ពន្ធមធ្យមកើន ឡើង 39.12%, និងជាពិសេសអ្នកជាប់ពន្ធតូចកើនឡើង 607.97%។

    ឯកឧត្តម ក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ក្នុងស្មារតីបុរេសកម្ម និងអនុវត្តតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យនៃម៉ាក្រូសេដ្ឋកិច្ចសកល និងក្នុងតំបន់។

    ក្នុងកាលៈទេសៈដែលស្ថានភាពនៃការប្រកួតប្រជែងនៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព៖ 1-ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។ 2-វិធានការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផល និងទាក់ទាញការវិនិយោគ។

    ជាមួយគ្នានេះ ឯកឧត្តម គង់ វិបុល បានក្រើនរំឭក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងបង្ការទប់ស្កាត់ចំពោះជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ហើយសិក្សាអំពីផលប៉ះពាល់ចំពោះសកម្មភាពសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ។

    សម្រាប់ឆ្នាំ2020 នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ចំនួនប្រមាណ 11,543.31ប៊ីលានរៀល (ប្រមាណ 2,885.83លានដុល្លារ អាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវ​គោល​នយោបាយ​កែទម្រង់​ស៊ី​ជម្រៅរបស់រាជរដ្ឋាភិបាល៕

  • ជិតចប់ត្រីមាសទី3 ឆ្នាំ2018នេះ ការប្រមូលពន្ធកើនឡើង12.58%ធៀបនឹងឆ្នាំ2017

    ជិតចប់ត្រីមាសទី3 ឆ្នាំ2018នេះ ការប្រមូលពន្ធកើនឡើង12.58%ធៀបនឹងឆ្នាំ2017

    បើគិតក្នុងរយៈពេលដូចគ្នា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ​2018 អគ្គនាយកដ្ឋាន​ពន្ធដារទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបានប្រមាណ 168លាន​ដុល្លារអាមេរិក ​ស្មើនឹង12.58%។ នេះ​បើ​យោង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា។

    ក្នុង​ខែ​សីហា ឆ្នាំ​2018 លទ្ធផលប្រមូលចំណូលពន្ធដែលអគ្គនាយកដ្ឋាន​ពន្ធដារទទួលបាន(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ(online)របស់អគ្គនាយកពន្ធដារ) មាន​ចំនួន 587.63ប៊ី​លាន​រៀល(​ប្រមាណ​ជា 146.91​លាន​ដុល្លារអាមេរិក) ស្មើ​នឹង 7.64% នៃ​ផែនការ​ច្បាប់​ឆ្នាំ​2018។

    ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ បញ្ជាក់​ថា បើ​ប្រៀបធៀប​នឹង​ចំណូល​កាល​ពី​ខែ​សីហា ឆ្នាំ​2017(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ)ឃើញ​ថា ការ​ប្រមូល​ពន្ធ​-អាករ​គ្រប់ប្រភេទ​​ក្នុង​ខែ​សីហា ឆ្នាំ​2018នេះកើន​ឡើង​ចំនួន 74.27ប៊ី​លាន​រៀល (ប្រមាណ 18.57លាន​​ដុល្លារអាមេរិក) កំណើន ស្មើ​នឹង​14.47%។

    ឯកឧត្តមបានឱ្យដឹងទៀតថា ចំណូល​សរុប​​រយៈពេល 8​ខែ ដើម​ឆ្នាំ​2018 នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបាន​ចំនួន 6013.20ប៊ី​លាន​រៀល (ប្រមាណ​ជា1503.29​លាន​ដុល្លារអាមេរិក) ស្មើ​នឹង 78.15% នៃ​ផែនការច្បាប់​​កំណត់។

    បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2017ឃើញថា ការប្រមូលពន្ធ-អាករគ្រប់ប្រភេទក្នុង      រយៈ​ពេល 8ខែ ឆ្នាំ2018 មានការកើនឡើងចំនួន 671.89ប៊ី​លាន​រៀល(ប្រមាណ 168លាន​ដុល្លារអាមេរិក) កំណើន​ស្មើនឹង12.58%។

    អគ្គនាយកពន្ធដារបានរំពឹងថា ចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ឆ្នាំ2018 អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។ ឯកឧត្តមក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នាធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ។

    ទន្ទឹមនេះអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការមួយចំនួនដូចជា បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុងក្រោយនេះនូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ2014-2018 ការរៀបចំកែសម្រួលយន្តការបង្វិលសងអាករលើតម្លៃបន្ថែមឱ្យបានកាន់តែប្រសើរឡើង។

    លើសពីនេះទៀត វិធានការបន្ទាប់គឺ សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់ពន្ធដារដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ2019-2023 និងការលើកទឹកចិត្តពន្ធចំពោះវិស័យធុរកិច្ចមួយចំនួន៕