Tag: ផ្អែមល្ហែម

  • រឿងងាយៗក្នុងការរៀបចំបន្ទប់គេងសម្រាប់គូស្នេហ៍រក្សាភាពផ្អែមល្ហែម

    រឿងងាយៗក្នុងការរៀបចំបន្ទប់គេងសម្រាប់គូស្នេហ៍រក្សាភាពផ្អែមល្ហែម

    ជារឿងដ៏ល្អមួយសម្រាប់គូស្នេហ៍ទាំងឡាយដែលកំពុងត្រៀមខ្លួនដឹកដៃគ្នាចូលពិធីមង្គលការក៏សាងជីវិតនាពេលអនាគតរួមគ្នា ក៏ដូចជាគូស្នេហ៍ដែលបានរៀបការហើយ ក៏អាចនឹងរកពេលវេលារាត្រីច័ន្ទទឹកឃ្មុំ បន្ថែមភាពផ្អែមល្ហែមឡើងទៀត ជាពិសេសចំពោះគូស្នេហ៍ណាដែលមិនចង់ឱ្យភាពផ្អែមល្ហែមរលាយបាត់ទៅតាមពេលវេលានោះ សូមងាកមកចាប់អារម្មណ៍ជាមួយគំនិតល្អៗក្នុងការរៀបចំតុបតែងលម្អបន្ថែមនៅក្នុងបន្ទប់គេងប្រកបដោយភាពរ៉ូមែនទិក ដែលអាចបណ្តាលឱ្យអារម្មណ៍របស់អ្នក និងគូស្នេហ៍រឹតតែមានភាពកក់ក្ដៅ ជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំងជាងមុនទ្វេដងទៅទៀត ។ វិធីសាស្រ្តរៀបចំ និងតុបតែងលម្អក្នុងបន្ទប់គេងទាំងនោះរួមមាន ៖

    1- គ្រែ ពូក ខ្នើយ និងកំរាលពូក ៖ ជាឧបករណ៍ និងជារឿងសំខាន់ដែលនឹងជួយធ្វើឱ្យរាត្រីនៃការលង់លក់ប្រកបទៅយ៉ាងមានសេចក្តីសុខ ការជ្រើសរើស គ្រែ ពូក ខ្នើយ ក៏ដូចជាកំរាលពូក វាគឺជារឿងមួយដែលលោកអ្នកត្រូវយកចិត្តទុកដាក់ជាពិសេស។ ចាប់ផ្តើមពីការជ្រើសរើសគ្រែ និងពូកតំណេកដែលមានច្រើនបែបច្រើនយ៉ាង ដោយរាប់បញ្ចូលទាំងទំហំ (ចាប់ពី 5 – 6 ហ្វុត ឡើងទៅ) មានគ្រោងសាងរឹងមាំ គ្មានឮសម្លេងង៉ឺតង៉តពេលប្រែខ្លួន (គួរសាកល្បងគេងជាមួយគ្នាទាំងពីរនាក់មុននឹងសំរេចចិត្តទិញ) ។ ចំណែកឯខ្នើយ និងកំរាលពូក គួរជ្រើសរើសយកសាច់ក្រណាត់ដែលធ្វើឡើងពីសំឡីកប្បាស ជាមួយនឹងម៉ូតបែបក្លាស៊ិក មានក្បាច់ក្បូរបែបធម្មតាៗជាជាងយកម៉ូតដែលមានពណ៌ចាំងចែងស្កះច្រាលភ្នែក ព្រោះវាងាយចូលគ្នានឹងឧបករណ៍តុបតែងផ្សេងទៀតនៅក្នុងបន្ទប់គេង។

    2- កំរាល ជញ្ជាំង និងពណ៌ ៖ កំរាលបន្ទប់គេង គួរធ្វើពីវត្ថុដែលផ្តល់នូវអារម្មណ៍ស្រទន់ កក់ក្តៅ ដូចជា កំរាលធ្វើពីឈើ ដែលជាឈើមែនទែន ឬឈើឡាមិនេតក៏បាន ព្រោះវាជួយបង្កើនបរិយាកាសធូរស្រាលបានកាន់តែល្អឡើង ចំណែកឯជញ្ជាំងបន្ទប់គេង បើបិទលម្អដោយក្រដាស វ៉លផេភើរ៏ គួរជ្រើសរើសប្រើប្រភេទដែលមិនមានក្បាច់ក្បូរច្រើន លើកលែងតែកន្លែងដែលចង់ឌីហ្សាញជាពិសេស ដូចជា ជញ្ជាំងក្បាលតំណេកជាដើម អាចប្រើវត្ថុផ្សេងក៏បាន ដូចជា ស្បែក ឬឈើ បើប្រើស្បែក គួរជ្រើសរើសយកពណ៌ណាដែលមើលទៅត្រជាក់ភ្នែក ដូចជា ពណ៌ឃ្រីម ពណ៌ផ្សែងបារី ឬពណ៌ស្ករស្តើង ។

    3- ពន្លឺ អំពូលភ្លើង និងចង្កៀងគោម ៖ វត្ថុសំខាន់ដែលនឹងជួយបង្កើនភាពរ៉ូមែនទិកក្នុងបន្ទប់គេងបានច្រើនយ៉ាងនោះ គឺពន្លឺភ្លើងនៅក្នុងបន្ទប់គេងហ្នឹងឯង។ ពណ៌របស់ពន្លឺភ្លើងក្នុងបន្ទប់ គួរជ្រើសយកពណ៌លឿងខ្ចី អំពូលភ្លើងដែលប្រើក្នុងបន្ទប់គេង គួរតែជាអំពូលបែប Compact Fluorescent ដែលបញ្ចេញកំដៅតិច ចំណែកចង្កៀងគោមលើតុ ឬជិតក្បាលតំណេក គួរជ្រើសរើសយកប្រភេទដែលងាយសម្អាត និងមានម៉ូត ឬស្តាយល៍តាមចណង់ចំណូលរបស់មនុស្សម្នាក់ៗ ។

    4- ឧបករណ៍ផ្សេងៗ ដូចជា វាំងនន និងវត្ថុលម្អ ៖ វត្ថុទាំងអស់នេះ គឺជាវត្ថុដែលអ្នក និងគូស្នេហ៍អាចជួយគ្នាបញ្ចេញគំនិតរបស់ខ្លួនថា ស្រឡាញ់ចូលចិត្តស្តាយល៍ណា ឧបករណ៍ផ្សេងៗនៅក្នុងបន្ទប់គេងមិនគួរមានច្រើនពេកទេ គួរមានតែរបស់ណាដែលចាំបាច់ប្រើការជាប្រចាំ ដូចជា កៅអីសូហ្វាបេដ(កៅអីសាឡុងលារបត់ចេញជាគ្រែគេងបាន) ឬតុគ្រឿងម៉្សៅរបស់នារីជាដើម។ ចំណែកឯការជ្រើសរើសវាំងននវិញ គួរប្រើវាំងននដែលធ្វើពីក្រណាត់លាយជាតិនីឡុង ព្រោះងាយដោះបោកសម្អាត ចំណែកគូស្នេហ៍ណាដែលមានវត្ថុតុបតែងលម្អផ្សេងៗនោះ សុំណែនាំឱ្យដាក់លម្អនៅក្នុងទូកញ្ចក់តូចមួយក្បែរក្បាលតំណេក ។

    5- មាត់បង្អួច កង្ហារ និងម៉ាស៊ីនត្រជាក់ ៖ បន្ទប់គេងដែលមានភាពរ៉ូមែនទិក ក៏តម្រូវឱ្យអ្នករស់នៅមានសុខភាពល្អផងដែរ ដូច្នេះប្រព័ន្ធចេញចូលរបស់ខ្យល់អាកាសក្នុងបន្ទប់គេងគឺជារឿងសំខាន់ មាត់បង្អួចគួរមានផ្ទាំងបង្អួចដែលអាចបើកបិទបានធំល្មម ដើម្បីឱ្យពន្លឺធម្មជាតិចាំងចូលមកបាន ចំណែកម៉ាស៊ីនត្រជាក់ គួរជ្រើសយកប្រភេទដែលធ្វើការស្ងាត់ល្អ និងមានប្រព័ន្ធសម្អាតខ្យល់់អាកាសផង ដើម្បីសុខភាពដ៏ល្អ ក្រៅពីនេះបើមានកង្ហារនៅក្នុងបន្ទប់ គួរឧស្សាហ៍ដោះស្លាបកង្ហារលាងសម្អាតឱ្យបានញឹកញាប់ ដើម្បីការពារធូលីដីតោងជាប់ច្រើន។

    យ៉ាងម៉េចដែរ នៅពេលដែលទទួលបានគំនិតល្អៗពី «ឡារ៉ែន» ក៏ដូចជាវិធីងាយក្នុងការតុបតែងក្នុងបន្ទប់គេង បែបរ៉ូមែនទិក ដែលអាចជួយបង្កើនអារម្មណ៍ស្រស់ស្រាយខាងលើនេះ តើមានចំណុចណាមួយដែលលោកអ្នកខ្វះខាត់។ បើនៅមានចំណុចណាមិនទាន់ សូមរួសរាន់អនុវត្តភ្លាមទៅ ដើម្បីរក្សា និងបង្កើនភាពផ្អែមល្ហែមនៃជីវិតជាគូរបស់លោកអ្នក ៕

  • ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល ផ្អែមល្ហែម និងស្ថិតស្ថេរដោយសារពាក្យ 5 ម៉ាត់

    ជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល ផ្អែមល្ហែម និងស្ថិតស្ថេរដោយសារពាក្យ 5 ម៉ាត់

    មានច្រើនដងណាស់ដែលគេសង្កេតឃើញថា រឿងតូចតាចច្រើនតែក្លាយជារឿងដែលសំខាន់សម្រាប់ជីវិតជានិច្ច ជាពិសេស នៅពេលឈានចូលទៅរកសម្ព័ន្ធភាពបែបគូស្នេហ៍ដែលធ្លាប់ប្រមូលសន្សំអារម្មណ៍ល្អៗជាបណ្តើរៗ បន្តិចម្តងៗរហូត ក្លាយជាសម្ព័ន្ធស្នេហ៍ដ៏ធំធេង ដែលទំរាំនឹងឈានមកដល់ពេលបច្ចុប្បន្ន វាមិនមែនជារឿងងាយៗឡើយ ហើយម្នាក់ៗក៏ប្រហែលជាគិតដូចៗគ្នាថា ប្រហែលជាល្អមិនស្ទើរទេ បើសិនជាបានរស់នៅជាគូគ្រងនឹងគ្នារហូតដល់នាទីចុងក្រោយនៃជីវិតនោះ ដូច្នេះយើងនាំគ្នាមកមើលថា តើពាក្យសំខាន់ៗ ៥ ម៉ាត់សម្រាប់ស្នេហានោះមានអ្វីខ្លះ ដើម្បីពន្យឺតអាយុស្នេហា និងសុភមង្គលឲ្យកាន់យូរអង្វែងឡើង ។

    ១. ពាក្យថា «អរគុណ»
    ជាទង្វើតូចមួយដែលមនុស្សជាច្រើនគិតថា មិនចាំបាច់និយាយក៏បានដែរ ព្រោះអីពេលនេះអ្នកទាំងពីរក៏ស្និទ្ធស្នាល
    នឹងគ្នាហើយនោះ តែការពិតវិញ ការពោលពាក្យអរគុណចំពោះគូស្នេហ៍ គឺជាទង្វើមួយដែលសំខាន់ចំពោះសម្ព័ន្ធភាពស្នេហ៍
    របស់អ្នកខ្លាំងណាស់ ដោយសារតែការនិយាយពាក្យថា អរគុណនេះ វាសម្តែងឲ្យឃើញថា ទង្វើគ្រប់យ៉ាងដែលអ្នកទាំង២
    ផ្តល់ឲ្យគ្នាទៅវិញទៅមកនោះមានភាពសំខាន់ខ្លាំងណាស់ ហើយអ្នកក៏មានអារម្មណ៍រីករាយណាស់ដែរដែលបានទទួលវានោះ និងថែមទាំងអាចជួយឲ្យចំណងស្នេហ៍របស់អ្នកកាន់តែរឹងមាំ និងស្ថិតស្ថេរទៀតផង ។

    ២. ពាក្យថា «សុំទោស»
    ក្រៅពីគួរនិយាយពាក្យថាអរគុណដល់គូស្នេហ៍រហូតក្លាយជាទម្លាប់ហើយនោះ ការនិយាយពាក្យថា “សុំទោស” ក៏
    មានភាពសំខាន់សម្រាប់ចំណងស្នេហ៍មិនអន់ជាងគ្នាប៉ុន្មានដែរ ព្រោះគ្រប់ពេលដែលពោលពាក្យថា សុំទោសនោះ វាមានន័យ
    ថា អ្នកយល់ព្រមទទួលកំហុសដែលអ្នកជាអ្នកធ្វើ និងត្រូវការបន្តដំណើរជាមួយគ្នាតទៅទៀត តែអ្វីដែលសំខាន់នោះគឺ ការ
    និយាយពាក្យថា សុំទោសនោះគួរតែចេញមកពីក្នុងបេះដូងរបស់អ្នកយ៉ាងពិតៗ មិនមែនសុំទោសបែបឲ្យតែរួចៗពីមាត់ដើម្បីឲ្យចប់រឿង ឬសុំទោសដើម្បីចង់បញ្ជួសបន្សោកនោះទេ។

    ៣. ពាក្យថា «ស្រឡាញ់»
    គូស្នេហ៍ជាច្រើនដែលស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាមកយូរហើយនោះ ពួកគេមិនសូវនិយាយពាក្យថា ស្រឡាញ់គ្នាដូចកាលពីគ្រាដំបូងៗឡើយ ទើបអាចធ្វើឲ្យសេចក្តីស្នហាមើលទៅដូចជាសាបទៅៗប្រៀបដូចជាមនុស្សលែងស្រឡាញ់គ្នាហើយអញ្ចឹង ដូច្នេះហើយម្នាក់ៗគួរតែនិយាយពាក្យថា ស្រឡាញ់គ្នាខ្លះផង ដើម្បីជាការបញ្ជាក់ប្រាប់ពីសេចក្តីស្នេហារបស់អ្នក ហើយខណ:ពេលជាមួយគ្នា ការនិយាយពាក្យថា ស្រឡាញ់ក៏ជាការធ្វើឲ្យស្នេហារបស់អ្នកស្ថិតស្ថេរគង់វង្ស និងមានសុភមង្គលជាងមុនទៀតផង។

    ៤. ពាក្យសម្តែងពីក្តីកង្វល់បារម្ភ
    បើសិនជាអ្នកមានអារម្មណ៍អៀនខ្មាស់ មិនអាចនឹងដើរចូលទៅប្រាប់គូស្នេហ៍ដោយពាក្យថា “បារម្ភ” ពីគេ ឬពាក្យផ្សេងៗដែលបង្ហាញពីក្តីបារម្ភទេនោះ អ្នកអាចប្តូរមកជាការបង្ហាញក្តីកង្វល់បារម្ភតាមរយ:ការ យកអាវធំមកពាក់ឲ្យគូស្នេហ៍មុនពេលគេចេញទៅធ្វើការ ត្រៀម និងរៀបចំរបស់របរទុកឱ្យពេលគេត្រូវចេញទៅធ្វើការនៅទីឆ្ងាយ ឬធ្វើម្ហូបអាហារដែលគេចូលចិត្តញ៉ាំទុកសម្រាប់ស្វាគមន៍ពេលគេត្រឡប់មកផ្ទះវិញជាដើម ។

    ៥. កុំភ្លេចពាក្យថា «នឹក»
    សេចក្តីស្នហារបស់អ្នកនឹងកាន់តែផ្អែមល្ហែមខ្លាំងឡើង បើសិនជាអ្នកមានឱកាសបានប្រាប់គ្នាទៅវិញទៅមកនូវពាក្យថា នឹកឲ្យបានញឹកញាប់ឡើង នៅពេលណាដែលគេទៅធ្វើការនៅទីឆ្ងាយម្តងម្កាលនោះ៕