Tag: ផ្លូវជាតិ

  • គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

    គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន 45%។

    ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នារសៀលថ្ងៃទី 14 ខែមីនានេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់​។

    ក្នុង​ឱកាស​នោះ នៅ​ចំពោះ​មុខ​​ក្រុម​មន្ត្រី​ និង​តំណាង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ក៏​ដូច​ជា​ស្ដង់ដា​សំណង់​ឱ្យបានច្បាស់លាស់។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ គិត​មកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពាន​នេះ​ សម្រេចបាន 45% ហើយ​គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ គ្រា​ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន 15%។

    ជារួម វឌ្ឍនភាពគម្រោងទាំងមូលសម្រេចបានប្រមាណជិត 30%។ យោង​តាម​ក្រសួខាង​លើ តួលេខ​នេះ​បង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។

    គម្រោង​ស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ចំនួនជិត 112​លានដុល្លារ​អាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ 7។

    គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុបជាង 33 គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ 7 (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ 60B ក្នុងនោះការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង​ 1,700 ម៉ែត្រ ទទឹងជាង 13 ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិច ត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

    គម្រោង​នេះនឹងចាយ​ពេល​សាងសង់​ប្រមាណ 42 ខែ និង​​អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាព ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន របស់​ចិន​៕

  • តំបន់រុនតាឯក នឹង​ក្លាយ​ជា​ទី​ក្រុង​រណប ដែល​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែងនា​ពេល​ខាងមុខ​

    តំបន់រុនតាឯក នឹង​ក្លាយ​ជា​ទី​ក្រុង​រណប ដែល​បង្កើត​ការ​ងារ​នៅ​នឹង​កន្លែងនា​ពេល​ខាងមុខ​

    រាជរដ្ឋាភិបាល​កម្ពុជា កំពុងរៀបចំកែប្រែតំបន់ រុនតាឯក ឱ្យក្លាយជា ទីក្រុងរណប​រុនតាឯក ដែលបង្កើតការងារជូនពលរដ្ឋនៅនឹង​កន្លែង នៅ​ពេល​តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។

    ព័ត៌មាន​នេះ​ត្រូវ​បាន​ សម្តេចធិបតីហ៊ុន ម៉ាណែត លើក​ឡើង​នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង​ភូមិរុនតាឯក កាល​ពី​ថ្ងៃ​ទី 8 ធ្នូ 2023 នៅខេត្តសៀមរាប។

    ប្រមុខរាជរដ្ឋាភិបាល​ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯក ហើយ​ថា តំបន់​នេះ​នឹង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​។

    តំបន់​អភិវឌ្ឍ​ រុនតាឯក (ភូមិធម្មជាតិរុនតាឯក) ស្ថិត​ក្នុង​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។ តំបន់​នេះមានចម្ងាយប្រហែល 5គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5 គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 67 ហើយ​ពេលទៅដល់ផ្លូវបែកជាបួន បត់ស្តាំតាមផ្លូវលេខ 810 ប្រហែល 9 គីឡូម៉ែត្រ រួច​បត់ស្តាំប្រហែល 3 គីឡូម៉ែត្រ ទើប​បត់ឆ្វេងប្រហែល 300 ម៉ែត្រ រួចបត់ស្តាំប្រហែល 450 ម៉ែត្រ ហើយបត់ឆ្វេងប្រហែល 2គីឡូម៉ែត្រទៀត យើងនឹងទៅដល់ភូមិធម្មជាតិរុនតាឯក៕

  • រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    យោង​តាម គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបាន​ប្រកាស​កាល​ពីថ្ងៃទី 30 វិច្ឆិកា 2023​ ក្រុមហ៊ុនចំនួនប្រាំទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់រោងចក្រថ្មីចំនួនប្រាំ ជាមួយ​នឹង​ទុន​វិនិយោគ 35.3 លានដុល្លារ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កណ្តាល និងភ្នំពេញ។

    ក្រុម​ហ៊ុន​ទាំង​នេះ​រួម​មាន​៖

    ក្រុម​ហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD ៖ គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ 13.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,370 កន្លែង។

    ក្រុម​ហ៊ុន NEW HUICHEN (CAMBODIA) TEXTILE CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ 499 ផ្លូវលេខ126 ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,896 កន្លែង។

    ក្រុម​ហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.6 លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន 238 កន្លែង។

    ក្រុម​ហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន 1,790 កន្លែង។

    ក្រុម​ហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ69 ផ្លូវជាតិលេខ2 ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 467 កន្លែង។

    ជា​សរុប បណ្ដា​គម្រោង​ដែល​មាន​​សរុប​ 35.3 លានដុល្លារ​​អាម៉េរិក​នេះ អាច​បង្កើត​ការ​ងារ​បានជាង​ 8,700 កន្លែង​៕

  • ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

    ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

    នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 ស្ពានបេតុងខ្សែកាបឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍​កោះនរា នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ខាង​លើ​នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំ​ពេញ ក្នុងពេលអញ្ជើញជាអធិបតីភាពសម្ពោធបើកឱ្យ​ដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023។

    ស្ពានកោះពេជ្រ – កោះនរា ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី 20​ ខែតុលា ឆ្នាំ 2023 ដើម្បីបញ្ជៀស​ការកកស្ទះចរាចរណ៍​នៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់។ បច្ចុប្បន្ន ស្ពាន​នេះ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន ពិសេស​គឺពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ផ្សារ​ច្បារ​អំពៅ​នា​ពេល​កន្លង​។ ស្ពាន​នេះ​ក៏​កំពុង​តែ​ក្លាយ​ជា​​ស្ពាន​ដ៏​សំខាន់​ដែល​តភ្ជាប់​ទីក្រុង​រណប​កោះ​នរា ក៏​ដូច​ជា​​ផ្លូវជាតិ​លេខ 1​ ទៅ​នឹង​​ចំណុច​កណ្តាល​នៃ​រាជធានីភ្នំពេញ។

    ស្ពានដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន OCIC និង​មានបណ្ដោយ 824 ម៉ែត្រ និងទទឹង 24.50 ម៉ែត្រនេះ ត្រូវ​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2020 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការ​សាងសង់​ស្ពាន​នេះ​ត្រូវ​ចំណាយថវិកាសរុបចំនួន 38 លានដុល្លារអាម៉េរិក​។

  • គណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តលើសំណើចុះបញ្ជីក្រុមហ៊ុនថ្មី មានទុនសរុប 146 លានដុល្លារអាម៉េរិក

    គណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តលើសំណើចុះបញ្ជីក្រុមហ៊ុនថ្មី មានទុនសរុប 146 លានដុល្លារអាម៉េរិក

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង​វិនិយោគជូនដល់ក្រុមហ៊ុនថ្មី​ចំនួន​ដប់​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន 146.45 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការ​ងារ​ថ្មី​សរុបប្រមាណ​ 14,350 កន្លែង​។

    គម្រោង​វិនិយោគ​ទាំង​ដប់​នេះ​រួម​មាន​៖

    “CAMBODIAN TRANSMISSION II CO., LTD” ៖ គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ 230​ គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ 92.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 464 កន្លែង។

    “HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 8.9 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 3,618 កន្លែង។

    “APOLLO PET PRODUCTS (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុង​ទុន​វិនិយោគប្រមាណ 8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,126 កន្លែង។

    “PRIME STORAGE SOLUTION (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5,8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 150 កន្លែង។

    “INTEGRITY UNION PACKAGING MATERIAL CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5,7 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 537 កន្លែង។

    “NEOCAMBO TEXTILE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 2,759 កន្លែង។

    “FONTERNIG GARMENT CO., LTD” ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 2 ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,686 កន្លែង។

    “XIANGRUIFENG PACKAGING TECHNOLOGY CO., LTD” ៖ គម្រោងវិនិយោគកម្មន្តសាលសម្ភារៈធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 191 កន្លែង។

    “INSPIROR BAG (CAMBODIA) MANUFACTURING CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុង​ទុន​វិនិយោគប្រមាណ 5.03 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,281 កន្លែង។

    “HONGRUI BAG (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.02 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 2,540 កន្លែង។

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • កម្ពុជា-កូរ៉េ ចុះកិច្ចសន្យាសាងសង់ពង្រីកផ្លូវជាតិលេខ2 និងលេខ22

    កម្ពុជា-កូរ៉េ ចុះកិច្ចសន្យាសាងសង់ពង្រីកផ្លូវជាតិលេខ2 និងលេខ22

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ក្រុមហ៊ុន​កូរ៉េ Hanshin Engine ering and Construction Co., Ltd លើ​កិច្ចសន្យា​សាងសង់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ2 និង​ផ្លូវលេខ22 kalBIថ្ងៃទី​25 ខែ​មិថុនា ឆ្នាំ​2019។សូម​ជម្រាប​ថា គម្រោង​នេះ គឺ​ស្ថិតក្រោម​ឥណទាន​ពី​ធនាគរ​នីហរ័ណអាហរ័ណ​កូរ៉េ (Export – Import Bank of Korea) នៃមូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) ដែល​មាន​ចំនួន​ទឹកប្រាក់​សរុប 56,100,000 ដុល្លារ​អាមេរិក (Loan Agreement)។ ដោយ​ឡែក​ពិធីចុះហត្ថ លេខា​ថ្ងៃនេះ គឺមាន​ទំហំទឹកប្រាក់សរុប​ចំនួន 47,750,000​ដុល្លារ​អាមេរិក។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានថ្លែង​​ក្រោយ​ពិធីចុះ​ហត្ថលេខា​នេះ​ដោយរំពឹង​ថា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេ2 និងលេខ22​នេះ នឹង​ធ្វើឡើង​ក្នុងអំឡុងខែ​វិច្ឆិកា ឬខែធ្នូ​ខាងមុខ។

    គម្រោង​នេះ មាន​ប្រវែង​សរុប 72,17គីឡូម៉ែត្រ ដោយឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន3 រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ គិត​ចាប់ពី​រង្វង់មូល​តាខ្មៅ (ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល) ដល់​រង្វង់មូល​អូរចំបក់ (ស្ថិតក្នុងក្រុង​ដូនកែវ ខេត្ត​តាកែវ) និង​ផ្លូវជាតិលេខ​22 ពី​រង្វង់​មូល​អូរចំបក់​ដល់ផ្លូវជាតិលេខ3 ត្រង់​ផ្សារអង្គតាសោម។គម្រោង​នេះ​បែងចែក​ជា3​កំណាត់​ផ្លូវធំៗមាន​ដូចជា៖

    -កំណាត់​ទី1- ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តី​បីកួរស្រូវ ដែលមាន​ប្រវែង 8,7​គ.ម ។ ពង្រីកពី 2គន្លង ទៅ 4គន្លង ដែលនៅ​តំបន់​ទីប្រជុំជន ប្រវែង 4,3គ.ម មាន​ទទឹង​ផ្លូវ 15មនិង​ក្រៅ​តំបន់​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ 20,5ម។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ 12ស.ម។

    -កំណាត់​ទី2- ចាប់ផ្តើម​ពីរង្វង់​មូល​ស្រ្តីបីកួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ 53,81គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន2គន្លង និង​ទទឹង 13ម ក្រាល​បេតុង​កៅស៊ូ (AC) ដែល មាន​កម្រាស់ 10ស.ម។

    -កំណាត់​ទី3- ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម (ផ្លូវជាតិ​លេខ22) ដែលមាន​ប្រវែង 9,6គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប 13ម ក្រាល​បេតុង កៅស៊ូ (AC) ដែលមាន​កម្រាស់ 10ស.ម។

    គម្រោង​ខាងលើ​ធ្វើការ​ពង្រីក​លើ​ផ្លូវចាស់​ដោយ​ក្រាលកៅស៊ូ AC សាងសង់​ស្ពាន​ថ្មីចំនួន11​កន្លែង និង​ស្ថាបនាលូរំដោះទឹកភ្លៀង មាន​លូជ្រុងកាត់​ទទឹងថ្នល់​ 56កន្លែង និងលូ​មូលកាត់​ទទឹងថ្នល់ 17កន្លែង។ ការ​ស្ថាបនានេះ គ្រោងនឹង​ប្រើរយៈពេល 30ខែ (ប្រហែល2ឆ្នាំ​កន្លះ)៕