Tag: ផលិតផលកសិកម្ម

  • ប្រទេស​ស្វ៊ីស លុប​ចោល​ពន្ធ​នាំចូល​ទំនិញ​ឧស្សាហកម្មជា​ផ្លូវ​ការ

    ប្រទេស​ស្វ៊ីស លុប​ចោល​ពន្ធ​នាំចូល​ទំនិញ​ឧស្សាហកម្មជា​ផ្លូវ​ការ

    ចាប់​ពី​ថ្ងៃទី 01 មករា 2024 ផលិត​ផល​ឧស្សាហកម្ម​នានា​ត្រូវ​បាន​លើក​លែង​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស​ស្វ៊ីស​ជា​ផ្លូវ​ការ​ បើទោះ​មាន​ប្រភព​មក​ពី​ប្រទេស​ណា​ក៏​ដោយ​។ នេះ​គឺជា​គោល​នយោបាយ​​ពាណិជ្ជកម្ម​សំខាន់​ដែល​ត្រូវ​បាន​ប្រទេស​នេះ​អនុវត្ត​ បន្ទាប់​ពី​បាន​សិក្សា និង​ត្រៀម​ខ្លួន​​អស់ជា​ច្រើន​ឆ្នាំ​។

    នៅ​ប្រទេស​ស្វ៊ីស ​ផលិតផល​ឧស្សាហកម្ម​នានា​ដែល​រួម​មាន ​​បណ្ដា​ផលិត​ផលិត​មិន​ទាន់​សម្រេច​ដែល​ប្រើ​ប្រាស់​សម្រាប់​ការ​ផលិត​ មាន​ដូច​ជា វត្ថុធាតុ​ដើម ផលិតផល​ពាក់​កណ្ដាល​សម្រេច​ គ្រឿង​ម៉ាស៊ីន អំបិល និង​អំបិល​ឧស្សាហកម្ម ក៏ដូចជា​យាន​ជំនិះ​ សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ សម្លៀក​បំពាក់​ជា​ដើម។

    ក៏ប៉ុន្តែ ផលិតផល​កសិកម្ម​ រួម​មាន​ដូចជា សត្វ​ និង​រុក្ខជាតិ​រស់​ អាហារ កសិផល​កែច្នៃ គ្រាប់​ពូជ ចំណី​សត្វ និង​ត្រី​ជា​ដើម មិន​ត្រូវ​បាន​ចាត់​ទុក​ជា​ផលិតផល​ឧស្សាហកម្ម​។ ដូច្នេះ ពន្ធ​នាំចូល​នៅ​តែ​ត្រូវ​បាន​អនុវត្ត​សម្រាប់​ផលិតផល​ទាំង​នេះ​។

    ការ​លើកលែង​ពន្ធ​នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​នេះ មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ក្នុង​ដំណើរ​ការ​ត្រួត​ពិនិត្យ​របស់​គយ​។ អ្នក​នាំ​ចូល​នៅ​តែ​ត្រូវ​បំពេញ​បែប​បទ​ និង​ទូទាត់​ការ​ចំណាយ​នានា និង​ថ្លៃ​សេវា​ដែល​កើត​មាន​នៅ​ពេល​នាំចូល​ រួម​ទាំងអាករ​លើ​តម្លៃ​បន្ថែម​ (VAT) ផងដែរ​។

    ការ​សម្រេច​លើកលែង​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ឧស្សាហកម្ម​ ត្រូវ​បាន​សភា​ប្រទេស​ស្វ៊ីស​លើក​ឡើង​កាល​ពី​ឆ្នាំ 2021 តាម​រយៈ​ការ​ធ្វើវិសោធនកម្ម​ច្បាប់​ស្ដីពី​គយ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​កាលពី​ខែ​កុម្ភៈ 2022 រដ្ឋាភិបាល​ស្វ៊ីស​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​នេះ​ចាប់​ពី​ថ្ងៃទី 01 មករា 2024​។

    បន្ទាប់​ពី​ច្បាប់​នេះ​ចាប់​ផ្ដើម​មាន​សុពលភាព អាជ្ញាធរ​ស្វ៊ីស​នឹង​តាម​ដាន​ផល​ប៉ះពាល់​របស់​គោលនយោបាយ​នេះ​ទៅ​លើ​តម្លៃ​ទំនិញ​ក្នុង​ស្រុក។

    ក្នុង​ដំណាក់​កាល​ត្រៀម​ខ្លួន រដ្ឋាភិបាល​ស្វ៊ីស បាន​ធ្វើ​ការ​សិក្សា​ស្វែង​យល់​អំពីផល​ប៉ះពាល់​នៃ​ការ​លុប​បំបាត់​ពន្ធ​នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​។ យោង​ទៅ​លើ​ទិន្នន័យ​ពាណិជ្ជកម្ម​របស់ឆ្នាំ 2016 ​គោលនយោបាយ​ថ្មី​នេះ​​នឹង​នាំ​មក​នូវ​ផល​ចំណេញ​ប្រហែលមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដល់​សេដ្ឋកិច្ច​ជាតិ​៕

  • រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការស្រោចស្រព អនុញ្ញាតឱ្យ​កសិករ​ដាំ​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​នៅលើ​សមុទ្រ​ខ្សាច់​ទំហំ​មួយ​លាន​ហិកតា។

    សមុទ្រ​ខ្សាច់ Ulan Buh ដែលមាន​ផ្ទៃក្រឡា​មួយ​លាន​ហិកតា គឺជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី 8 នៅ​ប្រទេស​ចិន។ Ulan Buh ធ្លាប់​ល្បី​ឈ្មោះថា​ជា​ប្រភព​នៃ​ព្យុះ​ខ្សាច់​ប្រចាំឆ្នាំ​ដែលតែង​តែ​​វាយលុក​ភាគ​ខាងជើង​ប្រទេស​ចិន។

    បច្ចុប្បន្ន វិធានការ​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ខាងលើ ក្នុងនោះ​មានដូចជា ការរារាំង​ខ្យល់ និង​ការកែលំអ​បរិស្ថាន​ធម្មជាតិ​ជាដើម ហើយ​បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ក៏ដូចជា​សកម្មភាព​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ចំពោះ​ការដាំដុះ ការស្រោចស្រព​តាមបែប​បាញ់​ទឹកជា​រង្វង់​មូល​នេះ​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នៅក្នុង​ការរក្សា​ទឹក។

    ដោយ​ការប្រឹងប្រែង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ធម្មជាតិ ដី​ជាង 30,000 ហិកតា​នៅ​តំបន់​សមុទ្រ​ខ្សាច់ Ulan Buh នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​ដែលមាន​គុណភាព​ខ្ពស់ ដែល​ភាគច្រើន​គឺជា​ស្រូវ​សាលី, ស្មៅ leymus chineensis និង​ស្មៅ alfalfa ជាដើម។ បរិមាណ​នៃ​ដំណាំ​ខាងលើ រកប្រាក់​ចំណូល​ប្រចាំឆ្នាំបាន​​លើសពី 97.7 លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន បណ្ដាញ​ឧស្សាហកម្ម​មួយ​ដែល​រួមមាន​ទាំង​ការដាំដុះ ការបណ្ដុះ​ពូជ ការទិញ និង​លក់​ផលិតផល​កសិកម្ម​នៅ​តំបន់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រេចបាន​គោលដៅ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សមុទ្រ​ខ្សាច់ និង​កសិកម្ម។

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​​ខាងលើ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ Dengkou របស់​ទីក្រុង Bayannur ក្នុង​តំបន់​ស្វយ័តម៉ុងហ្គោលី​ខាង​ក្នុង នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​៕

  • ក្រសួងហាមមន្រ្តីគយព្រំដែនមិនឱ្យយកកម្រៃនាំចេញផលិតផលកសិកម្ម

    ក្រសួងហាមមន្រ្តីគយព្រំដែនមិនឱ្យយកកម្រៃនាំចេញផលិតផលកសិកម្ម

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចេញគោលការណ៍ថ្មីមួយដោយហាមមន្រ្តីកាំក្រុងត្រូល និងមន្រ្តីគយនៅតាមច្រកព្រំដែនយកកម្រៃសេវាពីការនាំចេញកសិផលពោត ដើម្បីជាការសម្រួលកុំឱ្យតម្លៃពោតធ្លាក់ចុះ។

    ការដាក់ចេញគោលការណ៏ថ្មីនេះ គឺជាការឆ្លើយតបនឹងការតវ៉ារបស់ប្រជាពលរដ្ឋជុំវិញការធ្លាក់ចុះតម្លៃពោតក្រហមពី 440រៀលមកត្រឹម 360រៀលក្នុងឆ្នាំ2017 នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។

    ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីរសៀលម្សិលមិញនេះ ដោយបានដាក់ចេញនូវគោលការណ៍មួយចំនួនគឺ៖
    1. ភ្នាក់ងារគយនិងកាំកុងត្រូលត្រូវបញ្ឈប់ការយកកម្រៃលើការនាំចេញកសិផលពោតចាប់ពីថ្ងៃនេះតទៅ។ 2.ក្រសួងពាណិជ្ជកម្មនឹងចងក្រងរបាយការណ៍ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ធ្វើការកាត់បន្ថយការបង់ប្រាក់ចំណាយក្រៅផ្លូវការឱ្យបាន100%។
    3.ធនាគារអភិវឌ្ឍន៍ជនបទនឹងបើកចំហ និងត្រៀមខ្លួនដើម្បីធ្វើការជាមួយម្ចាស់សៃឡូដែលត្រូវការខ្ចីប្រាក់ដើម្បីទិញកសិផលពោត ឬធ្វើឡសម្ងួត និងពង្រីកឃ្លាំងស្តុកកសិផលជាដើម។ បច្ចុប្បន្នធនាគារពិភពលោកមានគោលការណ៍ប្រើប្រាស់ឥណទានរបស់ខ្លួនដែលមានទឹកប្រាក់សរុប27លានដុល្លារអាមេរិកជាមួយអត្រាការប្រាក់ពីចន្លោះ5% ទៅ7%ក្នុងមួយឆ្នាំ សម្រាប់វិស័យឯកជនជាមួយលក្ខណ្ឌការងារ។
    4. ក្រុមហ៊ុនផលិតចំណីសត្វ CP នឹងប្រមូលទិញកសិផលពោតទៅតាមស្តង់ដារឱ្យបានល្អប្រសើរជាងមុន។
    5.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងសិក្សាបន្ថែមលើលទ្ធភាពបន្ធូរបន្ថយពន្ធលើប្រាក់ចំណេញសម្រាប់ទំនិញប្រភេទកសិផល។
    6. អគ្គនាយកពាណិជ្ជកម្មក្រៅប្រទេស វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នាយកដ្ឋានអភិវឌ្ឍន៍ជនបទនៃក្រសួងពាណិជ្ជកម្មនឹងធ្វើការសិក្សាបន្ថែមលើការអនុវត្តយន្តការកិច្ចសន្យាកសិកម្ម (Contract Farming) រវាងក្រុមហ៊ុនផលិតចំណីសត្វ និងកសិករដាំពោត ដើម្បីធានាបានស្ថេរភាពតម្លៃទីផ្សារក្នុងស្រុក និងការផ្គត់ផ្គង់។

    ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បច្ចុប្បន្នយើងមានថវិកាបម្រុងក្នុងដៃប្រមាណជា 27លានដុល្លារអាមេរិកដែលអាចប្រើប្រាស់បានលើការផ្តល់កម្ចីសម្រាប់កសិផលពោតជាបណ្តោះអាសន្នសិន ហើយនឹងមានបន្ថែមទៀតដែលអាចកើនដល់ប្រមាណជា 50លានដុល្លារ។

    សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ2016កន្លងទៅ តម្រូវការនាំចេញពោតពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោកមានប្រមាណ10ម៉ឺនតោន ដែលមានតម្លៃស្មើនឹង 14លានដុល្លារអាមេរិក៕