Tag: ប្រាសាទសំបូរព្រៃគុក

  • កន្លែងដែលធ្លាប់តែស្ងាត់ជ្រងំ ឥឡូវស្រាប់តែមនុស្សទៅលេងភ្លូកទឹកភ្លូកដី

    កន្លែងដែលធ្លាប់តែស្ងាត់ជ្រងំ ឥឡូវស្រាប់តែមនុស្សទៅលេងភ្លូកទឹកភ្លូកដី

    ភ្នំពេញ៖ ទីតាំងដែលធ្លាប់តែស្ងាត់ជ្រងំដែលប្រជាពលរដ្ឋខ្មែរខ្លះសឹងតែមិនស្គាល់ និងមិនធ្លាប់ឮឈ្មោះផងនោះ ឥឡូវបែរជាមានមនុស្សទៅលេងច្រើនកុះករភ្លូកទឹកភ្លូកដី ធ្វើឱ្យអ្នករស់នៅក្បែរៗនោះញញឹមរីកមុខរីកមាត់តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ អាហារហូបចុកផ្សេងៗទៅដល់អ្នកទេសចរ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ ដែលជាអ្នកស្រុកស្រែជនបទដាច់ស្រយាលនោះមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

    លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានជម្រាបជូនឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះជួបប្រជាសហគមន៍ និងសិស្សានុសិស្ស ក្នុងកិច្ចប្រជុំបូកសរុបការងារសហគមន៍ទេសចរណ៍នៅតំបន់ប្រាសាទសំបូរព្រៃគុក និងគម្រោងផែនការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់នេះទៅអនាគត កាលពីថ្ងៃទី27 ខែកក្កដា ឆ្នាំ2017នេះបានឱ្យដឹងថា ក្នុងរយៈពេល6ខែដើមឆ្នាំ2017 ខេត្តកំពង់ធំទទួលបានទេសចរជាតិ និងអន្តរជាតិចំនួន12ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលលោកនឹកស្មានមិនដល់នោះគឺ ក្នុងថ្ងៃសង្ក្រាន្ត នៅតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកត្រឹមតែរយៈពេល3ថ្ងៃប៉ុណ្ណោះមានទេសចរមកទស្សនា20ម៉ឺននាក់បន្ថែមទៀត។

    ដោយឡែកចាប់តាំងពីក្រោយពេលដែលតំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះមានការកើនឡើងជារៀងរាល់ថ្ងៃដោយបានបង្កើតការងារជូនប្រជាពលរដ្ឋ និងរកចំណូលបានច្រើនជាងមុនទៀតផង។

    ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ថោង ខុន បានផ្ដាំផ្ញើប្រជាពលរដ្ឋសហគមន៍ថា ក្នុងនាមជាអ្នកម្ចាស់ស្រុកត្រូវចូលរួមអភិរក្សថែរក្សា និងខិតខំអភិវឌ្ឍតំបន់ប្រាសាទសំបូរព្រៃគុកនេះជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធដើម្បីទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកាន់តែច្រើន និងត្រូវរៀបចំផ្ទះស្នាក់នៅ (Home Stay) សេវាមគ្គុទេសក៍ និងសេវាពាក់ព័ន្ធផ្សេងៗទៀតដើម្បីត្រៀមខ្លួនទទួលទេសចរដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។

    ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមទៀតពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើន ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារ និងឱកាសបង្កើនប្រាក់ចំណូលសម្រាប់សហគ្រាសខ្នាតតូច សិប្បកម្មខែ្មរ និងផលិតផលក្នុងស្រុកផ្សេងទៀត ដែលជួយធ្វើឱ្យមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសស្ដ្រី។

    វិស័យទេសចរណ៍ជាវិស័យមួយយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចសង្គមបង្កើតឱកាសការងារ ឱកាសមុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អរវាងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ពិសេសវិស័យវប្បធម៌ បរិស្ថាន កសិកម្មជាដើមដែលអាចនឹងរៀបចំជាប្រភេទកសិ-ទេសចរណ៍ ទេសចរណ៍ជនបទ សហគមន៍ទេសចរណ៍ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើកទឹកចិត្ត និងជំរុញយ៉ាងខ្លាំង។

    បច្ចុប្បន្នសហគមន៍នេះកំពុងដំណើការល្អ និងកំពុងរីករាយត្រៀមទទួលបម្រើទេសចរជាតិ និងអន្តរជាតិដែលកំពុងកើនឡើងក្នុងការមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោកនេះ។

    សូមបញ្ជាក់ថា នៅឆ្នាំ2016កម្ពុជាទទួលបានទេសចរអន្ដរជាតិជាង5លាននាក់ កើនឡើង5% និងទេសចរក្នុងស្រុកជាង10លាននាក់ កើនឡើង10% ដោយនាំមកនូវចំណូលប្រមាណ 3,400លានដុល្លារ រួមចំណែកប្រមាណ13%នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ 60ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។ ក្នុងរយៈពេល5ខែដើមឆ្នាំ2017នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជិត2,3លាននាក់កើនឡើងជិត 12,5%ធៀបរយៈពេលដូចគ្នាឆ្នាំ2016។ នៅឆ្នាំ2020 គេរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ 7លាននាក់ ដោយនឹងនាំមកនូវចំណូលជាតិប្រមាណ5.000លានដុល្លារអាមេរិក ហើយបង្កើតការងារដោយផ្ទាល់ប្រមាណ1លាននាក់ទៀតផង៕

    https://www.youtube.com/watch?v=_OD_QPPP6FA

  • រដ្ឋមន្រ្តីទេសចរណ៍៖ ក្រសួងបង្កើនការផ្សព្វផ្សាយពីប្រាសាទសំបូរព្រៃគុក

    រដ្ឋមន្រ្តីទេសចរណ៍៖ ក្រសួងបង្កើនការផ្សព្វផ្សាយពីប្រាសាទសំបូរព្រៃគុក

    ភ្នំពេញៈ ស្របពេលដែលប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្រសួងទេសចរណ៍បានបង្កើនការផ្សព្វផ្សាយពី​រមណីយដ្ឋាននេះ ទៅកាន់ពិភពលោកកាន់តែច្រើនជាងមុន និងជំរុញឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដាក់ប្រាសាទនេះចូលក្នុងកញ្ចប់ទេសចរណ៍របស់ខ្លួនផង។

    ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងនៅការិយា​ល័យរបស់លោកនាព្រឹកថ្ងៃទី11 កក្កដានេះថា ក្រសួងបាន និងកំពុងរៀបចំ និងបានផ្សព្វផ្សាយរួចមកហើយនូវរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ប៉ុន្តែពេលប្រាសាទនេះត្រូវបានដាក់បញ្ចួលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ក្រសួងនឹងបង្កើនការ​ផ្សព្វផ្សាយបន្ថែមទៀតពីរមណីយដ្ឋាននេះ។ ឯកឧត្តមបន្តថា ការដាក់បញ្ចូលរមណីយដ្ឋាននេះជាសម្បត្តិបេតិកភណ្ឌពិភពលោកនឹងបង្កើតឲ្យមានខ្សែទស្សន​កិច្ចបេតិកភណ្ឌថ្មីមួយទៀតរវាងប្រាសាទសំបូរព្រៃគុកទៅកាន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ព្រមទាំងភ្ជាប់ខ្សែទស្សនកិច្ច​ទៅកាន់ប្រាសាទវត្តភូ ក្នុងប្រទេសឡាវផងដែរ។

    ឯកឧត្តមបន្តថា “ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងចាប់អារម្មណ៍ នឹងមកទស្សនាប្រាសាទនេះច្រើនមិនខាន ព្រោះកន្លងមកក្រសួងក៏បានសហការជាមួយ​សហគមន៍នៅជុំវិញប្រាសាទរៀបចំបង្កើតជាផលិតផលទេសចរណ៍ផងដែរ តាមរយៈការសហការជាមួយអង្គការ ADB ដែលបានជួយជាមូលនិធិ អភិវឌ្ឍន៍សហគមន៍នៅតំបន់នោះ។ ឯកឧត្តមបន្ថែមថា លើសពីនេះក្រសួងនឹងសហការជាមួយអាជ្ញាធរខេត្ត និងគណៈកម្មការគ្រប់គ្រងប្រាសាទសំបូរព្រៃគុក ដើម្បីរៀបចំធ្វើជាផ្ទះស្នាក់នៅ (Home Stay) ភោជនីយដ្ឋាន ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ​ផងដែរ ដោយធ្វើយ៉ាងណាផ្តោតលើទិសស្លោក “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ”។

    ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ជាមួយនឹងផែនការអភិវឌ្ឍន៍តំបន់នេះ ខេត្តកំពង់ធំក៏មានសណ្ឋាគារលំដាប់ផ្កាយ4 សណ្ឋាគារកម្រិតមធ្យម និងផ្ទះសំណាក់ជាច្រើនទៀត ព្រមទាំងមានភោជនីយដ្ឋានដែលអាចទទួលភ្ញៀវទេសចរបាន ព្រោះ​ក្រុងស្ទឹងសែន ខេត្តកំពង់ធំមានចម្ងាយត្រឹមតែ 25គីឡូម៉ែត្រពីប្រាសាទនេះប៉ុណ្ណោះ។

    លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន​ថ្លែងថា ពិតណាស់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកនឹងទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាប្រាសាទនេះកាន់តែច្រើន ពិសេសភ្ញៀវអឺរ៉ុបដែលចូលចិត្តតំបន់រមណីយដ្ឋានបែបនេះ។លោកស្រីបន្តថា កន្លងមកប្រាសាទសំបូរព្រៃគុកមិនសូវទាក់ទាញភ្ញៀវទេសចរអន្តរជាតិប៉ុន្មានទេ តែពេលប្រាសាទនេះដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកហើយ ភ្ញៀវទេ​សចរជាតិ-អន្តរជាតិនឹងមានការចាប់អារម្មណ៍ច្រើនពីប្រាសាទនេះមិនខាន៕

  • ប្រាសាទសំបូរព្រៃគុកនឹងទាក់ទាញទេសចរណ៍កាន់តែច្រើន

    ប្រាសាទសំបូរព្រៃគុកនឹងទាក់ទាញទេសចរណ៍កាន់តែច្រើន

    ភ្នំពេញៈ វិស័យឯកជនផ្នែកទេសចរណ៍បានលើកឡើងថា ការចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ប្រាសាទសំបូរព្រៃគុកនឹងធ្វើឲ្យប្រាសាទនេះរឹតតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាប្រាសាទនេះកាន់តែច្រើន។

    លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី10 កក្កដានេះថា ការចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នឹងធ្វើឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសភ្ញៀវទេសចរអឺរ៉ុបនឹងទៅទស្សនាប្រាសាទសំបូរព្រៃគុកកាន់តែច្រើន ហើយនឹងជាការបង្ហាញជូនភ្ញៀវទេសចរថា កម្ពុជាមិនត្រឹមតែមានប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែកម្ពុជានៅមានប្រាសាទជាច្រើនទៀតដែលទាក់ទាញ។

    លោកស្រីបន្តថា ពីមុនមកប្រាសាទសំបូរព្រៃគុកមិនត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ទេសចរណ៍រយៈពេលខ្លីទេ គឺទាល់តែភ្ញៀវមកស្នាក់នៅកម្ពុជាចាប់ពី4យប់ឡើងទៅ ទើបការីទេសចរណ៍ដាក់ប្រាសាទនេះចូលក្នុងខ្សែទស្សនកិច្ចរបស់ខ្លួន ដោយសារតែភ្ញៀវខ្លះមិនយល់ មិនដឹងពីរតនសម្បត្តិរបស់កម្ពុជា ប៉ុន្តែនៅពេលប្រាសាទសំបូរព្រៃគុកបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនោះ នឹងរឹតតែធ្វើឲ្យភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ ចង់ដឹង ចង់ឃើញ ចង់ជ្រួតជ្រាបសិក្សាស្វែងយល់កាន់តែច្រើនឡើងមិនខាន។

    ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកក្រុមហ៊ុនទេសចរណ៍ World Express Tours& Travel លោក ហូ វណ្ឌី បានថ្លែងថា បន្ទាប់ពីរយៈពេល9ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមក កម្ពុជាបានដាក់ប្រាសាទសំបូរព្រៃគុកជាសម្បតិ្តបេតិកភណ្ឌពិភពលោកមួយទៀត ដែលធ្វើឲ្យកម្ពុជាកាន់តែមានភាពល្បីល្បាញលើផ្នែកទេសចរណ៍ប្រាង្គប្រាសាទ ដែលប្រាសាទនេះបានបន្សល់ទុកតាំងពីសតវត្សរ៍ទី7 មកម្ល៉េះ។ ពិតជាវិសេសវិសាលណាស់!។

    លោកបន្តថា “ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងមកទស្សនាប្រាសាទនេះកាន់តែច្រើនបន្ទាប់ពីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប៉ុន្តែការទទួលបានភ្ញៀវច្រើន ឬតិច វាអាស្រ័យលើការីទេសចរណ៍ជាតិ និងអន្តរជាតិមានឆន្ទៈជួយជ្រោមជ្រែងផងដែរ”។ លោកបន្តថា “ពីមុនមកមានភ្ញៀវអឺរ៉ុបចាប់អារម្មណ៍ប្រាសាទនេះច្រើនដែរ ហើយយើងក៏បានដាក់ប្រាសាទនេះចូលក្នុងកញ្ចប់ទស្សនកិច្ចភ្ជាប់ជាមួយប្រាសាទកោះកេរ្តិ៍ មុនបន្តទៅកាន់ក្រុងសៀមរាប”។

    លោកហូ វណ្ឌី បានបន្តថា ពីមុនមកការឈប់សំចតនៅក្រុងស្ទឹងសែនមិនសូវមាននោះទេ ព្រោះខេត្តនេះគ្រាន់តែជាតំបន់ឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែប្រសិនជាអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍រៀបចំខេត្តឲ្យមានភាពទាក់ទាញ មានភាពស្រស់ស្អាត មានអនាម័យ ពិសេសរៀបចំភោជនីយដ្ឋាន និងទូកជិះកម្សាន្តនៅតាមដងស្ទឹងសែននោះ លោកជឿថា ភ្ញៀវទេសចរអាចនឹងសម្រាកលម្ហែនៅក្នុងខេត្តនេះ ហើយវានឹងផ្តល់ផលចំណូលដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តដោយផ្ទាល់ និងប្រយោលផងដែរ៕