Tag: ប្រឡងបាក់ឌុប

  • ក្រោយប្រឡងបាក់ឌុប ត្រូវធ្វើអ្វីខ្លះ ដើម្បីកុំឱ្យ​លំបាក​ក្រោយឃើញលទ្ធផល?

    ក្រោយប្រឡងបាក់ឌុប ត្រូវធ្វើអ្វីខ្លះ ដើម្បីកុំឱ្យ​លំបាក​ក្រោយឃើញលទ្ធផល?

    ក្រោយប្រឡងមធ្យមសិក្សា​ទុតិយភូមិ​ហើយភ្លាម ជាពេលដែលមានសេចក្តីសុខខ្លាំងបំផុតសម្រាប់​បេក្ខជនប្រឡងទាំងអស់ ព្រោះវាជាពេលវេលា​ដែលបានដកបន្លាចេញពីទ្រូង និងជាពេលត្រូវសម្រាក​សងសម្រាប់​ការនឿយហត់​ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរខែដើម្បីត្រៀមរង់ចាំដល់ថ្ងៃប្រឡង។ តែទោះជាយ៉ាងនេះក្តី សិស្សមិនគួរ​សប្បាយភ្លេចខ្លួននោះទេ ព្រោះ​វាគ្រាន់តែជាដំណាក់កាលចាប់ផ្តើម​តែប៉ុណ្ណោះសម្រាប់ការប្រយុទ្ធ​ក្នុងសមរភូមិអប់រំដើម្បីអនាគត។

    ​លោក ស៊ិន បញ្ញាវុឌ្ឍី សាស្ត្រាចារ្យសេដ្ឋកិច្ច បានលើកឡើងថា យុវជនដែលទើបតែប្រឡងបាក់ឌុបហើយ​ចាំបាច់ត្រូវ​ត្រៀម​ចិត្ត​ត្រៀមកាយឱ្យបានល្អបើទោះបីជាមិនទាន់ដឹងថាធ្លាក់ ឬជាប់ក៏ដោយ។ អ្វីដែលពួកគាត់អាចធ្វើបានគឺព្យាយាម​ស្វែងយល់ពីខ្លួនឯងថា​ តើគាត់ចង់សិក្សាជំនាញអ្វីបន្តទៀតនៅថ្ងៃអនាគត ហើយ​អាជីពរបស់គាត់​ត្រូវនឹងមុខវិជ្ជាវិទ្យាសាស្រ្តពិត ឬវិទ្យាសាស្រ្តសង្គម។ ដំណាក់កាលនេះប្រសិនបើគាត់អាចដឹងពីគោលដៅច្បាស់លាស់ហើយ គាត់អាចចំណាយពេលវេលាដើម្បីស្រាវជ្រាវឱ្យដឹងថា អាជីពដែលគាត់ស្រឡាញ់នោះ​គេធ្វើអ្វីពិតប្រាកដ ហើយត្រូវនឹងចំណង់ចំណូលចិត្តពីកំណើតរបស់គាត់ដែរឬទេ កុំឱ្យ​ក្រោយពីដឹងលទ្ធផល និងចុះឈ្មោះចូលរៀនយោងតាម​របាយការណ៍ ហើយទើបដឹងថាខ្លួនមិនពេញចិត្តជំនាញនោះ។ ម្យ៉ាងវិញទៀតសិស្សម្នាក់ៗត្រូវចាំបាច់សិក្សា ផងដែរពី​មធ្យោបាយដើម្បីសម្រេចក្តីស្រមៃនោះ ទាំងថវិកា និង​ការត្រៀមខ្លួនផ្សេងទៀត។

    លោកសាស្ត្រាចារ្យ ស៊ិន បញ្ញាវុឌ្ឍី បាននិយាយថា៖ “​មធ្យោបាយ​ដែលអាចជំរុញឱ្យយុវជន​សម្រេចក្តីស្រមៃរបស់ខ្លួនបាន គឺទី1 ត្រូវគិតពីមូលដ្ឋានគ្រឹះនៃចំណេះដឹងដែលខ្លួនគាត់មានជាមុនសិន។ ប្រសិនបើគាត់ស្រឡាញ់ពេទ្យ ឬវិស្វករ តើគាត់​មានចំណេះដឹងគ្រឹះអ្វីខ្លះដែលអាចជួយគាត់ឱ្យសិក្សាបានដោយជោគជ័យ និងទទួលបានការងារល្អ។ ចំណុចទី2 គឺមធ្យោបាយជាថវិកា ថាតើ​អាជីពដែលគាត់ចង់រៀននេះគាត់មានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ហើយត្រូវធ្វើអ្វីបន្តទៀតដើម្បី​ដោះស្រាយបញ្ហាទាំងអស់នេះ”។

    អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា សិស្សក៏អាចចំណាយពេលវេលាទំនេរនេះមកសិក្សាពី​ទីផ្សារការងារបច្ចុប្បន្ន និងអនាគតផងដែរ ដើម្បីឱ្យដឹងច្បាស់ថាជំនាញណាខ្លះដែលអាចជួយគាត់ឱ្យ​បំពេញទាំងក្តីស្រឡាញ់ផ្ទាល់ខ្លួន និងមានទីផ្សារទូលាយ ហើយអាចជួយសង្គមបានល្អ។ ហើយជំនាញណាខ្លះដែលអាចធ្វើឱ្យគាត់ខាតបង់ព្រោះមនុស្សម្នាក់ៗមានក្តីស្រឡាញ់ច្រើន ហេតុនេះ​នៅពេលគាត់ដឹងពីអាជីពក្នុងក្តីស្រឡាញ់ហើយ គាត់ចាំបាច់ត្រូវចេះជ្រើសរើសយកអាជីពល្អបំផុតមួយក្នុងចំណោម​អាជីពទាំងអស់នោះ​ដើម្បី​បន្តដំណើរប្រកបដោយការអភិវឌ្ឍខ្ពស់។

    លោក មាំ វិបុល ស្ថាបនិក​កម្មវិធី Millionaire Idea ដែលជាកម្មវិធី​ស្រាវជ្រាវ និងអប់រំ​យុវជន​នៅកម្ពុជា បានលើកឡើងថា ដំណាក់កាលក្រោយ​ប្រឡងមធ្យមសិក្សាទុតិយភូមិនេះ​ យុវជនគួរត្រៀមទាំងអស់ទាំងអ្នកសង្ឃឹមច្រើន និងអ្នកមិនសូវសង្ឃឹមថាខ្លួនឯងជាប់។ សម្រាប់អ្នកសង្ឃឹមច្រើនថា ខ្លួនឯងប្រឡងជាប់ គាត់​អាចសប្បាយចិត្ត តែសូមកុំសប្បាយចិត្តជ្រុល ព្រោះនៅមានរឿងច្រើនណាស់ដែលត្រូវធ្វើប​ន្តបន្ទាប់ទៀត។ ហើយសម្រាប់អ្នកមិនសង្ឃឹមថាជាប់ក៏កុំអស់សង្ឃឹម ព្រោះ​វាជាដំណាក់កាល​បើកទំព័រថ្មីមួយនៃជីវិតដូចគ្នា ហេតុនេះ​កុំបារម្ភខ្លាំងពេក ពេលខ្លះ​អ្នកធ្លាក់ក៏អាចមានលទ្ធផល​ល្អជាងអ្នកជាប់ដែរប្រសិនបើយើងប្រើ​ភាពឈឺចាប់នេះដើម្បីជំរុញខ្លួនឯងឱ្យ​ខិតខំប្រឹងប្រែងខ្លាំងឡើង។

    លោក មាំ វិបុល បាននិយាយថា៖ “​អ្នកជាប់​រៀនចប់ក៏ត្រូវរកការងារធ្វើ ហើយអ្នកធ្លាក់ក៏ត្រូវរកការងារធ្វើដូចគ្នាដែរ។ ហេតុនេះកុំអស់សង្ឃឹម អ្នកធ្លាក់អាចយឺតជាងគេបន្តិច តែក៏អាចល្អដែរប្រសិនបើគាត់ពិតជាខិតខំមិនបោះបង់ ព្រោះអ្នក​ជ្រើសរើសបុគ្គលិកគេមិនរើសអើងថា ​អ្នកធ្លាប់ធ្លាក់បាក់ឌុប​គេមិនយកនោះទេ អ្វីដែលគេមើលពិតប្រាកដ​ គឺសមត្ថភាពធ្វើការងារជាក់ស្តែង ហេតុនេះ​យើងនៅតែអាចប្រកួតប្រជែងបាននៅថ្ងៃក្រោយ”។

    ក្រៅពីការតាំងចិត្តនេះ លោក​វិបុល បានបញ្ជាក់ផងដែរថា យុវជន​អាច​ស្វែងរករៀមច្បងដែលធ្លាប់មានបទពិសោធច្រើនក្នុងការសិក្សា ទាំងអ្នកជោគជ័យខ្លាំងលើការងារសិក្សា និងអ្នកជោគជ័យខ្លាំងលើការងារតែធ្លាប់ឈឺចាប់ក្នុងការសិក្សា។ នៅពេលដែលយើងជួបជជែកជាមួយពួកគាត់ យើងនឹងអាចទទួលបានបទពិសោធច្រើនក្នុងការដាស់តឿនខ្លួនឯងឱ្យខិតខំប្រឹងប្រែងជម្នះឧបសគ្គជាច្រើនផ្សេងទៀត ក្នុងការសិក្សានៅកម្រិតមហាវិទ្យាល័យ។ ម្យ៉ាងវិញទៀត បទពិសោធជីវិតទាំងអស់នេះក៏អាចជួយយុវជនឱ្យដើរលឿនជាងអ្នកដទៃផ្សេងទៀតដែល​មិនបានត្រៀម ហើយវាក៏ជាចំណុចចាប់ផ្តើមដ៏ល្អក្នុងការពង្រឹងគុណភាពខ្លួនឯងដើម្បី​ប្រកួតប្រជែងក្នុងទីផ្សារការងារផងដែរ៕

  • ក្រសួងអប់រំ ស្នើឱ្យគ្រប់ភាគីសម្រួលការស្នាក់នៅសម្រាប់សិស្សប្រឡងបាក់ឌុបដែលខ្វះលទ្ធភាព

    ក្រសួងអប់រំ ស្នើឱ្យគ្រប់ភាគីសម្រួលការស្នាក់នៅសម្រាប់សិស្សប្រឡងបាក់ឌុបដែលខ្វះលទ្ធភាព

    ការប្រឡងបាក់ឌុបជារឿងសំខាន់បំផុតសម្រាប់ជីវិតសិស្សវិទ្យាល័យ ហើយនៅពេលដែលប្រឡងបាក់ឌុបម្តងៗ សិស្សទាំងអស់ត្រូវចំណាយថវិកាច្រើនដើម្បីរៀបចំខ្លួនប្រឡង ការស្នាក់នៅ ចំណីអាហារ រួមទាំងសម្ភារៈមួយចំនួនទៀតដែលត្រូវការសម្រាប់ការប្រឡង។

    ជាទូទៅ សិស្សដែលមានជីវភាពធូរធាមិនសូវជាមានបញ្ហាប៉ុន្មានទេជាមួយនឹងរឿងចំណាយទាំងអស់នេះ តែសម្រាប់សិស្សក្រីក្រ ហើយផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡងវិញ វាជាបន្ទុកយ៉ាងធ្ងន់មួយសម្រាប់ពួកគាត់ ហេតុនេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតជូនទៅអភិបាលរាជធានី-ខេត្ត នានានៅកម្ពុជាដើម្បីជួយសម្រួលដល់បញ្ហាទាំងអស់នេះ។

    នៅក្នុងលិខិតលេខ 4856 អយក.មចទ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីជាការចូលរួមចំណែកសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារមានជីវភាពលំបាក ព្រមទាំងចូលរួមជួយជ្រោមជ្រែងជាកម្លាំងស្មារតីផង ក្រសួងអប់រំ ស្នើសុំកិច្ចគាំទ្រ និងកិច្ចសហការពីអភិបាលនៃគណៈអភិបាលរាជធានីខេត្តសូមឱ្យសម្របសម្រួលដល់បេក្ខជនក្នុងអំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិលើបញ្ហាមួយចំនួនដែលក្នុងនោះក៏មានការស្នាក់នៅ និងការសម្រួលចរាចរណ៍ផងដែរ។

    សម្រាប់ការស្នាក់នៅ ក្រសួងអប់រំ ស្នើរសុំឱ្យអភិបាលខេត្តនានាជួយធ្វើយ៉ាងណាទប់ស្កាត់សណ្ឋាគារ និងផ្ទះសំណាក់កុំឱ្យដំឡើងថ្លៃ ឬអាចសម្រួលរៀបចំឱ្យសិស្សស្នាក់នៅក្នុងវត្ត និងសាលារៀនដែលនៅជិតមណ្ឌលប្រឡង។ ហើយចំពោះចរាចរណ៍វិញ គឺស្នើរសុំឱ្យធ្វើមានកម្លាំងសម្រួលដែលធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះដើម្បីឱ្យសិស្សបានចូលប្រឡងទាន់ពេលវេលាកំណត់៕

  • ទោះមិនលួចមើលដោយផ្ទាល់ក៏អាច​ធ្លាក់បានដែរ អ្នកប្រឡងបាក់ឌុបសូមប្រយ័ត្ន

    ទោះមិនលួចមើលដោយផ្ទាល់ក៏អាច​ធ្លាក់បានដែរ អ្នកប្រឡងបាក់ឌុបសូមប្រយ័ត្ន

    ក្រោយពេលមានកំណែទម្រង់​ប្រព័ន្ធអប់រំ ការប្រឡងបាក់ឌុប​បានចាប់ផ្តើម​រឹតបន្តឹងយ៉ាងខ្លាំង ​ដោយបេក្ខជន​ដែលធ្វើខុសនឹងវិន័យអាចប្រឈមជាមួយនឹងការធ្លាក់ ពិន័យ ឬ​បានពិន្ទុសូន្យលើវិញ្ញាសាណាមួយប្រសិនបើ​មិនបានដឹង​វិធីសាស្ត្រការពារខ្លួន ឬមិនគោរព​ទៅតាមបទ​បញ្ជាសំខាន់ៗមួយចំនួន។

    ដើម្បី​ចៀសវាង​លើបញ្ហាទាំងអស់នេះ បេក្ខជន​ដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនា​ប៉ុន្មានថ្ងៃទៀត​នេះគួរយកចិត្តទុកដាក់​ចៀសវាង​ចំណុចមួយចំនួន​ដែល​អាចប៉ះពាល់ដល់ការប្រឡងរបស់ខ្លួន។

    នាពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន​ និងកីឡា បាន​ផ្តល់និយមន័យ​ថា ការដែលមា​ន​ឯកសារ សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅ​លើ​តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ ក្នុង​បន្ទប់​ប្រឡង គឺរាប់ថាជាការលួច​ចម្លង​ដែលបេក្ខជនអាចប្រឈមជាមួយនឹង​ការកំណត់ឱ្យធ្លាក់ប្រសិនបើ​បេក្ខជន​ពុំព្រមប្រគលឯកសារ​ទាំងអស់នោះឱ្យទៅមេប្រយោគ។ មួយវិញទៀត ការចម្លងសំណៅកិច្ចការអ្នកដទៃ ឬ​យក​កិច្ចការអ្នកដទៃ​ដាក់នៅកន្លែងរបស់ខ្លួន​អង្គុយ ការអើតមើល​សន្លឹកកិច្ចការ​អ្នកដទៃ ការប្រើប្រាស់​ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកនៅក្នុងបន្ទប់ប្រឡង​ក៏រាប់ថាជាការលួចចម្លងផងដែរ។ ក្រៅពីនេះក្រសួងក៏បានកំណត់ថាជាការលួចចម្លងដូចគ្នាចំពោះការដែលបេក្ខជន​អង្គុយខុស​លេខ​តុរបស់ខ្លួនដោយគ្មាន​ការអនុញ្ញាត​ពីអនុរក្ស​ ឬរំកិលមកអង្គុយ​កៀកអ្នកដទៃ រំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ ការបង្កឱ្យអ្នកដទៃចម្លង និងប្តូរ​សន្លឹក​កិច្ចការគ្នា ឬប្តូរក្រដាស​ព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នា​ជាក់ស្តែងជាដើម។

    ករណីសំខាន់ៗមួយចំនួនខាងលើ​អាចនឹងត្រូវ​ពិន័យឱ្យទទួល​បានពិន្ទុសូន្យ និងបញ្ឈប់​មិនឱ្យប្រ​ឡងបន្តទៅទៀតក្នុងសម័យប្រឡងនេះ។ ហេតុនេះ​បេក្ខជនត្រូវខិតខំប្រឹងប្រែងប្រឡងដោយសមត្ថភាព​ខ្លួនឯងផ្ទាល់ ចៀសវាង​ត្រូវជួបបញ្ហា​ដោយ​នឹកស្មានមិនដល់៕

  • ប្រការប្រុងប្រយ័ត្នសម្រាប់អ្នកប្រឡងបាក់ឌុបគួរយកចិត្តទុកដាក់

    ប្រការប្រុងប្រយ័ត្នសម្រាប់អ្នកប្រឡងបាក់ឌុបគួរយកចិត្តទុកដាក់

    ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការគ្រប់គ្រងភាពមិនប្រក្រតីនានា។ នៅក្នុងដំណើរការនៃការប្រឡងនោះ ក្រសួងអប់រំតែងតែធ្វើការបកស្រាយ និងណែនាំដល់សិស្ស រួមទាំងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានយល់ពីចំណុចដែលគួរចៀសវាង ដើម្បីជាជំនួយស្មារតីដល់សិស្ស កុំឱ្យថ្លោះធ្លោយ ឬធ្វើខុសប្រការទាំងនេះ។

    ខាងក្រោមនេះជាប្រការដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖
    1.មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី2
    2.មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង
    3.មិនត្រូវយកសៀវភៅ និងសំណៅគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង
    4.មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទសៀវភៅសំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាបកាបូបយួរដៃ ថង់សម្ពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស
    5.មិនត្រូវចូលក្នុងបន្ទប់ប្រឡងមុនពេលអនុរក្សហៅឈ្មោះ
    6.មិនត្រូវប្រើពាក្យសំដីអាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡងឬក្នុងបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ
    7.មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវ រើរកសំណៅឯកសារ និងសម្ភារផ្សេងៗដែលត្រូវហាមឃាត់មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង
    8.មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស
    9.មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងឡើយ
    10.មិនត្រូវងើបឈរ ងាកឆ្វេងស្ដាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស។ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
    11.មិនត្រូវប្ដូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួនបង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
    12.មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការដើម្បីធ្វើឱ្យសម្គាល់អាគតដ្ឋានរបស់ខ្លួនដូចជាសរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬលុបនឹងទឹកស ឬសរសេររំលងបន្ទាត់ជាដើម
    13.មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
    14.មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារបង្អួច ធ្វើឱ្យរបើកជញ្ជាំងក្ដារធ្វើឱ្យបាក់បែកតុកៅអី ឬក្ដារខៀនជាដើម
    15.មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត
    16.មិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយាដែលនាំឱ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរយនៃការប្រឡង ឬប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។

    ដើម្បីចៀសវាងកំហុស ឬបញ្ហានានាដែលពាក់ព័ន្ធដល់លទ្ធផលនៃការប្រឡងសូមសិស្សានុសិស្សទាំងអស់ស្វែងយល់ និងបង្កើនការប្រុងប្រយ័ត្ន៕

  • ប្រឡងបាក់ឌុបឆ្នាំនេះក្រសួងត្រៀមចាយលុយជាង 15ពាន់លានរៀល

    ប្រឡងបាក់ឌុបឆ្នាំនេះក្រសួងត្រៀមចាយលុយជាង 15ពាន់លានរៀល

    ពីមួយឆ្នាំទៅមួយឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានព្យាយាមបង្កើនសមត្ថភាព និងលទ្ធភាពរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឱ្យកាន់តែមានលក្ខណៈសុក្រឹតឡើង។

    នៅក្នុងសន្និសីទកាសែតស្តីពីការរៀបចំប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងគ្រោងរៀបចំថវិកាប្រមាណ 15,500លានរៀល ដែលគិតជាដុល្លារគឺប្រមាណ 3.5លានដុល្លារ។

    ក្នុងនោះឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ផងដែរពីការរំពឹងទុករបស់ក្រសួងថា គុណភាពសិស្សឆ្នាំនេះនឹងអាចល្អជាងមុន ហើយពិន្ទុមធ្យមភាគសិស្សក៏អាចប្រសើរជាងមុនផងដែរ ព្រោះក្រសួងបានរៀបចំយន្តការល្អៗ ជាច្រើនដើម្បីជួយបណ្តុះបណ្តាលសមត្ថភាពរបស់សិស្សឱ្យកាន់តែប្រសើរឡើង។ នៅក្នុងកម្មវិធីសិក្សា ក្រសួងបានរៀបចំកែសម្រួលវិធីបង្រៀនលើមុខវិជ្ជាវិទ្យាសាស្រ្តពិត រៀបចំមេរៀនសម្រាប់ការតែងសេចក្តី បង្កើតក្លិបសិក្សា និងបង្កើនចំនួនគ្រូបង្រៀនស្ម័គ្រចិត្តដើម្បីជួយឱ្យសិស្សនៅថ្នាក់វិទ្យាល័យមានឱកាសស្មើគ្នាដើម្បីទទួលបានចំណេះដឹងត្រៀមប្រឡងដែលមានលក្ខណៈច្បាស់លាស់ និងតឹងរ៉ឹង។

    ការបញ្ជាក់ថា នៅឆ្នាំដំបូងនៃការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំមានសិស្សប្រមាណជាង 40% ដែលបានប្រឡងជាប់បាក់ឌុបទាំងលើកទី1 (25%) និងលើកទី2 (17%) ចំណែកឯការប្រឡងនៅឆ្នាំទី2 មានសិស្សជាប់បាក់ឌុបចំនួនជាង 52% និងឆ្នាំទី3 មានសិស្សជាប់បាក់ឌុបប្រមាណជាង 62% ដែលចំនួននេះធ្វើឱ្យក្រសួងអាចរំពឹងទុកថានឹងមានចំនួនសិស្សកាន់តែកើនឡើងដែលបានជាប់បាក់ឌុបដោយការខិតខំ និងប្រើប្រាស់សមត្ថភាពពិតប្រាកដ៕

  • សិស្សពូកែថ្នាក់ជាតិ ចេង បូរិទ្ធ៖ ការប្រឡងបាក់ឌុបគ្មានអ្វីគួរឱ្យខ្លាចទេបើដឹងវិធីសាស្រ្តត្រៀមខ្លួន

    សិស្សពូកែថ្នាក់ជាតិ ចេង បូរិទ្ធ៖ ការប្រឡងបាក់ឌុបគ្មានអ្វីគួរឱ្យខ្លាចទេបើដឹងវិធីសាស្រ្តត្រៀមខ្លួន

    ការប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់នៅក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ហើយអ្វីដែលសិស្សភាគច្រើនមានការបារម្ភខ្លាំងជាងគេនោះគឺពួកគេមិនទាន់មានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ ហើយពិបាកគ្រប់គ្រងលើភាពភ័យខ្លាចរបស់ខ្លួនឯង។

    ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ កាសែតឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយលោក ចេង បូរិទ្ធ ដែលជាអតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាឆ្នាំ 2011 និងអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកគណិតវិទ្យានៅប្រទេសថៃ ដើម្បីចែករំលែកវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងមុនពេលប្រឡង និងត្រៀមខ្លួនឱ្យបានល្អដើម្បីធានាថា នៅថ្ងៃប្រឡងចូលមកដល់បេក្ខជនទាំងអស់គ្នា អាចធ្វើបានល្អ។

    1. តើធ្វើយ៉ាងដូចម្តេចកុំឱ្យមានការភ័យខ្លាចនៅពេលប្រឡង?
    ជាធម្មតា ការភ័យខ្លាចកើតចេញមកពីកង្វះទំនុកចិត្តលើខ្លួនឯង ហើយការខ្វះទំនុកចិត្តនេះកើតចេញមកពី ការមិនបានត្រៀមខ្លួនឱ្យបានល្អរបស់សិស្ស។ នៅពេលដែលខ្ញុំប្រឡង ខ្ញុំមិនដែលមានអារម្មណ៍ថាភ័យទេ ព្រោះខ្ញុំតែងតែត្រៀមមុនយ៉ាងហោចណាស់ 3 ខែសម្រាប់រំឭកមេរៀនចាស់ៗពេញមួយឆ្នាំ ការធ្វើបែបនេះវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមរួចហើយ ហើយការប្រឡងមិនមែនជាថ្ងៃដែលត្រូវភ័យទេ តែវាជាថ្ងៃដែលសប្បាយចិត្តព្រោះវាជាឱកាសដែលខ្ញុំត្រូវបញ្ចេញសមត្ថភាព។
    ម្យ៉ាងវិញទៀត ដើម្បីបំបាត់ភាពភ័យខ្លាច សិស្សទាំងអស់គ្នាគួរមានគំនិតមួយថា ការប្រឡងវាមិនអាក្រក់ដូចអ្វីដែលយើងគិតនោះទេ។ មនុស្សគ្រប់គ្នា តែងតែគិតថា ការប្រឡងគឺពិបាក ហើយលំហាត់ទៀតសោតគឺប្រហែលជាធ្ងន់ៗណាស់ហើយ តែតាមពិតទៅការប្រឡងជាក់ស្តែងគឺងាយជាងការគិតរហូត។

    2. ប្រសិនបើសិស្សមិនបានត្រៀម ហើយនៅសល់មួយសប្តាហ៍ទៀតប្រឡង តើគាត់គួរធ្វើបែបណា?
    ការដែលសំខាន់ ខ្ញុំនៅតែប្រកាន់ខ្ជាប់ពាក្យថាត្រូវមាន «ទំនុកចិត្តលើខ្លួនឯង»។ ពាក្យចាស់តែងតែនិយាយថា អព្ភូតហេតុអាចកើតមានគ្រប់ពេលដែលមានការជឿជាក់ ហេតុនេះនៅពេលដែលសិស្សមានទំនុកចិត្តលើខ្លួនឯង នោះគាត់នឹងអាចធ្វើបានល្អនៅពេលប្រឡង តែចំណុចសំខាន់នោះគឺ ឱ្យគាត់មានទំនុកចិត្តលើខ្លួនឯងយ៉ាងម៉េចបានប្រសិនបើគាត់នៅសល់ពេលតិចដូច្នេះ។

    ចំណុចសំខាន់ដើម្បីទប់ស្កាត់អារម្មណ៍ជ្រួលច្របល់ពេលជិតប្រឡងគឺ ការកំណត់កាលវិភាគរំឭកមេរៀនឱ្យបានច្បាស់លាស់។ សូមពិចារណាមើលពីខ្លួនឯង ហើយសម្លឹងមើលលើសមត្ថភាពផ្ទាល់របស់ខ្លួនឯង ថាតើនៅខ្វះផ្នែកណាច្រើនជាងគេ កំណត់មើលវាមុន ហើយដាក់ម៉ោងឱ្យច្រើន បន្ទាប់មកបន្តចែកពេលឱ្យបានច្បាស់លាស់ដើម្បីមើលវាឱ្យបានល្អ។ ឱ្យតែមានការប្រឹងប្រែង លទ្ធផលល្អនឹងកើតមានគ្រប់ពេល សូមចាប់ផ្តើម ហើយកុំបារម្ភច្រើនពេក។

    3. សល់រយៈពេល 1ថ្ងៃ ឬ2ថ្ងៃ មុនប្រឡងបាក់ឌុប ឬប្រឡងសំខាន់នានា សិស្សភាគច្រើនដេកមិនលក់ តើមានវិធីអ្វីដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ?
    ជាធម្មតាទេ ជិតប្រឡងអ្នកណាក៏ភ័យដែរ តែត្រង់ថាភ័យដល់ថ្នាក់ដេកមិនលក់គឺជ្រុលពេកហើយ។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទី១ យើងត្រូវសង្ខេបមេរៀនដោយគូរ Mind Maps (គំនូសសង្ខេបមេរៀនឱ្យខ្លី) ព្រោះនៅពេលដែលយើងបានឃើញមេរៀនត្រូវបានតភ្ជាប់គ្នា ខួរក្បាលនឹងកាន់តែឆាប់ចាំ ហើយកាន់តែទុកចិត្ត។

    មួយវិញទៀត បន្ទាប់ពីបង្កើត Mind Maps ហើយ យើងនឹងមានអារម្មណ៍ថាយើងអាចគ្រប់គ្រងស្ថានការណ៍បានហើយ តែចំណុចជំរុញឱ្យកាន់តែមានភាពស្វាហាប់ទៅទៀតនោះ គឺការលេងកីឡាណាដែលមិនប៉ះពាល់ខ្លាំងដល់ថាមពល ដូចជាការហែលទឹក ការជិះកង់ ឬធ្វើសមាធិ ដើម្បីឱ្យស្ងប់អារម្មណ៍ បន្ទាប់មកយើងនឹងអាចសម្រាកដោយស្ងប់ចិត្តដើម្បីងើបពីព្រលឹមដោយភាពស្រស់ស្រាយនៅថ្ងៃប្រឡង៕