Tag: ប្រភពវីរុស

  • អង់គ្លេស​កំពុង​ពិនិត្យ​លើ​សម្មតិ​កម្ម​ “COVID-19 រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan” និង​ត្រៀម​សំណួរ​ពិបាក​ឆ្លើយ​សម្រាប់​ចិន

    អង់គ្លេស​កំពុង​ពិនិត្យ​លើ​សម្មតិ​កម្ម​ “COVID-19 រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan” និង​ត្រៀម​សំណួរ​ពិបាក​ឆ្លើយ​សម្រាប់​ចិន

    រដ្ឋ​មន្ត្រី​ការ​បរទេស​ Dominic Raab បាន​ឱ្យ​ដឹង​ថា ប្រទេស​អង់គ្លេស​ និង​សម្ព័ន្ធ​មិត្ត​ នឹង​ដាក់​សំណួរ​ទៅ​កាន់​ប្រទេស​ចិន ទាក់​ទិន​នឹង​ប្រភព​វីរុសCOVID-19 រួម​នឹង​វិធី​ដោះស្រាយ​​បញ្ហា​នេះ​។

    “យើង​នឹង​ត្រូវតែ​សួរ​សំណួរ​ដែល​ពិបាក​បំផុត​អំពី​​រោគ​រាត​ត្បាត​នេះ​​ថា តើ​វា​ផ្ទុះ​​ឆ្លង​រាលដាល​តាម​របៀប​ណា ហើយ​ហេតុ​អ្វី​មិន​ត្រូវ​បាន​ទប់​ស្កាត់​ឆាប់​រហ័ស​” រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​ Cominic Raab ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ស្ដីអំពី​ COVID-19 កាល​ពី​ថ្ងៃទី​16​មេសា​ នៅ​ឯការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​ បន្ទាប់​ពី​ត្រូវ​បាន​សួរ​អំពីទំនាក់​ទំនង​នា​ពេល​អនាគត​រវាង​អង់គ្លេស​ជាមួយនឹង​​ប្រទេស​ចិន​។ លោក​ Raab បាន​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ​ជំនួស​នាយក​រដ្ឋ​មន្ត្រី​ Boris Johnson ដែល​កំពុង​សម្រាក​យក​កម្លាំង​ក្រោយ​ពី​បាន​ជា​ពី​ជំងឺ​ COVID-19។

    លោក​ Raab ព្រមាន​ប្រទេស​ចិន​ថា មិន​អាច​ត្រឡប់​មក​ធ្វើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ជា​ធម្មតា​ជាមួយ​អង់គ្លេស​ដូច​មុន​ទៀត​នោះ​ទេ​ ក្រោយ​វិបត្តិ​ COVID-19 ហើយ​សាធារណៈ​មតិ​អន្តរ​ជាតិ​ ចង់​បាន​ចម្លើយ​ពី​ទីក្រុង​ប៉េកាង​ អំពី​វិធី​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​សុខ​ភាព​នេះ​។

    “បច្ចុប្បន្ន យើង​ត្រូវ​ការ​ពិនិត្យ​មើល​គ្រប់​ជ្រុង​ជ្រោយ​នៃ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន និង​អនុវត្ត​វា​ដោយ​យុត្តិ​ធម៌​បំផុត​ ប៉ុន្តែ ប្រាកដ​ណាស់​ថា ប្រទេស​អង់គ្លេស​នឹង​មិន​អាច​រកស៊ី​ធម្មតា​ជាមួយ​ចិន​បាន​ដូច​មុន​នោះ​ទេ ក្រោយ​វិបត្តិ​សុខ​ភាព​នេះ​” រដ្ឋមន្ត្រីការ​បរទេស​អង់គ្លេស​មាន​ប្រសាសន៍​។

    សារ​ព័ត៌មាន​អង់គ្លេស​យល់​ថា យោបល់​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ Raab បាន​បង្ហាញអំពី​​ការ​ខក​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​អង់គ្លេស​ចំពោះ​ការ​ខ្វះ​តម្លា​ភាព​របស់​ប្រទេស​ចិន​ទាក់​ទង់​នឹង​​វិបត្តិ​ COVID-19។

    ការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ Donald Drump បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​តែ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សម្មតិកម្ម​មួយ​ដែល​ថា COVID-19 “រួច​” ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​ Wuhan ដែល​ជា​ទីក្រុង​ធំរបស់​ខេត្ត Hubei ប្រទេស​ចិន​ និង​ជា​កន្លែង​ដែល​មេរោគ​​នេះ​ចាប់​ផ្ដើម​ឆ្លង​ និង​រាត​ត្បាត​កាល​ពី​ចុង​ឆ្នាំ​2019។

    អង់គ្លេស​កំពុង​ពិនិត្យ​លើ​សម្មតិ​កម្ម​ "COVID-19 រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan" និង​ត្រៀម​សំណួរ​ពិបាក​ឆ្លើយ​សម្រាប់​ចិន
    រដ្ឋ​មន្ត្រី​ការ​បរទេស​​អង់គ្លេស​ លោក​ Dominic Raab

    មាន​សម្មតិ​កម្ម​ជា​ច្រើន​យល់​ថា បន្ទប់​ពិសោធន៍​ដែល​មាន​ស្ដង់​ដា​ទាប​នៅ​ទីក្រុង​ Wuhan បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ឆ្លង​វីរុស​ ហើយ​មនុស្ស​ម្នាក់​នេះ​ក៏បាន​ទៅ​កាន់​ផ្សារ​លក់​គ្រឿង​សមុទ្រ​ និង​សត្វ​ព្រៃ​ ជា​កន្លែង​ដែល COVID-19 ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​។ ប៉ុន្តែ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មេរោគ​​ Wuhan បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​​នេះ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​។

    ប្រតិកម្ម​ទៅ​នឹង​មតិ​របស់​លោក​ Trump ក្រសួង​ការ​បរទេស​ចិន បាន​ឱ្យ​ដឹង​​ថា មន្ត្រី​នៃ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO) បាន​និយាយ​ជា​ច្រើន​លើក​ហើយ​ថា មិន​មាន​ភ័ស្ដុតាង​ណា​​មួយ​បញ្ជាក់​ថា វីរុស​COVID-19 ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​បន្ទប់​ពិសោធន៍​​នោះ​ទេ​ ហើយ​អ្នកជំនាញ​ជា​ច្រើន​ក៏បាន​យល់​​ថា​ ការ​ប្រកាស​របស់​មន្ត្រី​សហ​រដ្ឋ​អាមេរិក គឺមិន​ប្រកប​ដោយ​​វិទ្យា​សាស្ត្រ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​យល់​ថា COVID-19 មាន​ប្រភព​ពី​តំបន់​ផ្សារ​ត្រី​សមុទ្រ​នៅ​ទីក្រុង​ Wuhan។ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​របស់​អង់គ្លេស​​កំពុង​តែ​ពិនិត្យ​ទៅ​លើ​លទ្ធ​ភាព​ដែល​ថា​ វីរុស​នេះ​បាន​ “រួច​” ចេញ​ពី​មន្ទីរ​ពិសោធន៍​​​នៅ​ទី​​ក្រុង​ Wuhan។ នេះ​បើ​តាម​សារ​ព័ត៌មាន​អង់គ្លេស​ Daily Mail ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​12​មេសា​។ សមាជិក​ម្នាក់​នៃ​គណៈ​កម្ម​ធិការ​សង្គ្រោះ​បន្ទាន់​របស់​រាជ​រដ្ឋាភិបាល​អង់គ្លេស​ថ្លែង​ថា “វា​ប្រហែល​ជា​មិន​ធម្មតា​នោះ​ទេ​ ដែល​នៅ​សុខៗ​ គេ​បង្កើត​មន្ទីរពិសោធន៍​នៅ​ Wuhan បែបនេះ​”។

    ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​របស់ Financial Times កាល​ពី​ថ្ងៃទី​16​មេសា ប្រធានា​ធិបតី​បារាំង​ លោក​Emmanuel Macron បាន​ថ្លែង​ថា មាន​ “តំបន់​ប្រផេះ​” ជា​ច្រើន​នៅ​ក្នុង​វិធី​ដែ​ល​ចិនប្រើ​ប្រាស់​ក្នុង​​ដោះ​ស្រាយ​បញ្ហា​ COVID-19។ “យើង​មិន​ត្រូវ​ឆោត​ល្ងង់​ដល់​ថ្នាក់​​និយាយ​ថា ការ​ដោះ​ស្រាយ​បញ្ហា​រោគ​រាត​ត្បាត​របស់​ពួក​​គេ​ បាន​ល្អ​នោះ​ទេ​​។ យើង​មិន​ដឹង​សោះ​ឡើយ​។ មាន​រឿង​​ខ្លះ​បាន​កើត​ឡើង​ ហើយ​យើង​មិ​ន​បាន​ដឹង​អំពី​វា​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មន្ត្រី​យោធា​អាមេរិកាំង៖ “មិន​ទាន់មាន​​សេចក្តីសន្និដ្ឋានស្ថាពរថា COVID-19​ មាន​ប្រភព​ពី​បន្ទប់ពិសោធ​ន៍នៅទីក្រុង​ Wuhan

    មន្ត្រី​យោធា​អាមេរិកាំង៖ “មិន​ទាន់មាន​​សេចក្តីសន្និដ្ឋានស្ថាពរថា COVID-19​ មាន​ប្រភព​ពី​បន្ទប់ពិសោធ​ន៍នៅទីក្រុង​ Wuhan

    លោក Mark Alexander Milley ដែលជា​ឧត្តមសេនីយនៃកងទ័ព​សហរដ្ឋអាមេរិក​ និង​ជាប្រធាន​​អគ្គ​សេនាធិការកង​ទ័ព​​ចំរុះ​របស់​ប្រទេស​នេះ ថ្លែង​ថា ភ័ស្តុ​តាង​ដែល​បង្ហាញ​ថា COVID-19 មាន​ប្រភព​មកពី​បន្ទប់​ពិសោធន៍​របស់​ប្រទេស​ចិន​ នៅ​ក្នុង​ទី​ក្រុង​ Wuhan គឺ “មិន​ទាន់​មាន​សេចក្ដី​សន្និដ្ឋាន​ស្ថាពរ​” នៅ​ឡើយ​ បន្ទាប់​ពី​មន្ត្រី​អាមេរិកាំង​ព្រមាន​អំពី​បញ្ហា​សុវត្ថិ​ភាព​នៅ​ទី​នេះ​។

    “យើង​មាន​ទិន្ន​ន័យ​សម្ងាត់​ជា​ច្រើន​​ដើម្បី​ពិនិត្យ​ឱ្យ​បាន​ហ្មត់​​ចត់​បំផុត​លើ​បញ្ហា​នេះ​” នេះ​បើ​តាម​សម្ដី​របស់​អគ្គសេនាធិការចម្រុះរ​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក​(JCS/Joint Chiefs of Staff) លោក Mark Milley ដែល​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​​ពី​ថ្ងៃទី​14​មេសា​កន្លង​ទៅ​។ លោក​បន្ត​ថា “ប្រការ​នេះ​មិន​ទាន់​អាច​សន្និដ្ឋាន​ជា​ចុង​ក្រោយ​បាន​នៅ​ឡើយ​ បើ​ទោះ​ទម្ងន់​នៃ​ភ័ស្ដុ​តាង​នានា​ ហាក់​ដូច​បាន​ឱ្យ​ដឹង​ថា វីរុស​នេះ​មាន​ប្រភព​ពី​ធម្មជាតិ​។ ក៏ប៉ុន្តែ​ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​”។

    យោបល់​ខាង​លើ​ត្រូវ​បាន​លើក​ឡើង​ បន្ទាប់​ពី​ Washington Post បាន​រាយ​ការណ៍​ថា ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក​ មាន​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​សុវត្ថិ​ភាព​នៃ​បន្ទប់​ពិសោធន៍​របស់​ចិន​នៅ​ទីក្រុង​ Wuhan ជា​កន្លែង​ដែល​មាន​ការ​ពិសោធ​ទៅ​លើ​វីរុស​កូរ៉ូណា​ដែល​មាន​ប្រភព​ពី​សត្វ​ប្រចៀវ​។ សារ​ព័ត៌មាន​ខាង​លើ​បាន​ឱ្យ​ដឹង​ថា មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរ​ពិសោធន៍​នេះ​កាល​ពី​ខែ​មករា ឆ្នាំ​2018 បាន​ព្រមាន​អំពី​កត្តា​សុវត្ថិ​ភាព​អន់ខ្សោយ​ និង​ការ​គ្រប់​គ្រង​នៅ​ឯ​បន្ទប់​ពិសោធន៍​នេះ​។ ក្រុម​មន្ត្រី​ខាង​លើ​យល់​ថា​ កិច្ច​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​វីរុស​កូរ៉ូណា​ដែល​មាន​ប្រភព​ពី​ប្រចៀវ​នៅ​ក្នុង​បន្ទប់​ពិសោធន៍​នេះ​ មាន​ហានិភ័យ​នាំ​ឱ្យ​កើត​មាន​រោគ​រាត​ត្បាត​ថ្មី​ដែល​ស្រដៀង​ទៅ​នឹង​ជំងឺ​ SARS។

    ឧត្តម​សេនីយ៍​ត្រី​ Paul Friedrichs ​ក៏ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់​នៃ​​អគ្គសេនាធិការចម្រុះកង​ទ័ព​សហរដ្ឋ​អាមេរិក​(JSC)
    ឧត្តម​សេនីយ៍​ត្រី​ Paul Friedrichs ​ក៏ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់​នៃ​​អគ្គសេនាធិការចម្រុះកង​ទ័ព​សហរដ្ឋ​អាមេរិក​(JSC)

    ការ​វាយ​តម្លៃ​របស់​ឧត្តម​សេនីយ៍​ Milley គឺ​ផ្ទុយ​ទៅ​នឹង​​ឧត្តម​សេនីយ៍​ត្រី​ Paul Friedrichs ដែលធ្លាប់​បាន​បដិសេធ​​យោបល់​ដែល​ថា​វីរុសCOVID-19 ​មាន​ប្រភព​ពី​បន្ទប់​ពិសោធន៍​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិសោធ​ទាក់​ទិន​នឹង​អាវុធ​ជីវសាស្ត្រ។

    លោក​ Friedrichs ដែល​ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់​របស់​ JSC ដែរ​នោះ បាន​និយាយ​កាល​ពី​ថ្ងៃទី​6មេសា​ថា “ខ្ញុំ​គិត​ថា ប្រការដែល​ខ្ញុំ​ត្រូវ​ព្រួយ​បារម្ភ​នៅ​ពេល​នេះ​ នោះ​គឺ​ការ​ព្យាបាល​អ្នកជំងឺ និង​ធ្វើ​បែប​ណា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​រាល​ដាល​នៃ​វីរុស​COVID-19។ ប៉ុន្តែ ខ្ញុំ​មិន​ព្រួយ​បារម្ភ​​ថា នេះ​ជា​អាវុធ​ជីវសាស្ត្រ​នោះ​ទេ​”​។

    អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Lijian
    អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Lijian

    វីរុស​COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាលដាល​នៅ​ប្រទេស​ចិនកាល​ពី​ខែ​ធ្នូ​2019 ហើយ​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​126,720​នាក់​​ក្នុង​ចំណោម​អ្នកជំងឺ​ជិត​2​លាន​នាក់​។ សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ បាន​ផ្លោង​សម្ដី​ដាក់​គ្នា​ជា​ច្រើន​លើក​ទាក់​ទិន​​នឹង​ប្រភព​របស់​វីរុស​នេះ​។ មន្ត្រី​អាមេរិកាំង​សង្ស័យ​ថា វីរុស​នេះ​មាន​ប្រភព​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​Wuhan នៃប្រទេស​ចិន ខណៈ​អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​ លោក​ Zhao Lijian បាន​ចោទ​ថា “កងទ័ព​អាមេរិកាំង​ប្រហែលជា​បាន​នាំ​យក​ COVID-19 ទៅកាន់​ទីក្រុង​ Wuhan”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស