Tag: ប្រទេសចិន

  • សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    បើទោះ​ជា​ជួប​ឧបសគ្គ​ច្រើន​ ប៉ុន្តែផលិតផល​ក្នុង​ស្រុក​សរុប​របស់ប្រទេស​​ចិន​ ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ នៅ​តែ​មាន​កំណើន​ជាង 5% នៅ​ក្នុង​ឆ្នាំ 2023​ ស្រប​នឹង​គោល​ដៅ​ដែល​បាន​កំណត់​។

    តួលេខ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​ជាតិ​ស្ថិតិ​ចិន​ ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃទី 17 មករា​នេះ​។ គោល​ដៅកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2023 ដែល​ប្រទេស​នេះ​បាន​ដាក់​ចេញ​គឺក្នុង​រង្វង់ 5%​។

    កាល​ពី​ថ្ងៃទី 16 មករា 2024 នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang ក៏​បាន​និយាយ​ថា ​សេដ្ឋកិច្ច​ប្រទេស​ចិន​​ក្នុង​ឆ្នាំ​កន្លង​ មាន​កំណើន​ 5.2%​។ កំណើន​នេះ​ស្រប​ទៅ​នឹង​ការ​ព្យាករ​នានា​របស់​ធនាគារ​ធំៗ​​នៅ​លើ​ពិភពលោក ក្នុង​នោះ​មាន​ទាំង​ Goldman Sachs និង Morgan Stanley ផងដែរ​។

    កាល​ពី​ឆ្នាំ 2022 សេដ្ឋកិច្ច​របស់​ចិន​ មាន​កំណើន​តែ​ 3% ដោយ​សារ​តែ​គោលនយោបាយ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​កូវីដ-19​។ ល្បឿន​នៃ​កំណើន​នេះ​មិន​សម្រេច​បាន​គោលដៅ​ 5.5% ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​នោះ៕

  • ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    GWM បាន​អភិវឌ្ឍ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ និង​មាន​ផែនការ​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី​ដែលផលិត​នៅ​ក្នុង​ប្រទេស​នេះ​ ចាប់​ពី​ខែ​នេះ​តទៅ​។

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ Great Wall Motor (GWM) កំពុង​ពង្រីក​សកម្មភាព​ជំនួញផ្នែក​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ការ​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​។ រោង​ចក្រ​ Rayong របស់​ GWM នៅ​ប្រទេស​ថៃ នឹង​ផលិត​រថយន្ត​អគ្គិសនី Ora Good Cat EV 8,000 គ្រឿង​ ដើម្បី​ចូល​រួម​ទទួល​ផល​ប្រយោជន៍​ពី​កញ្ចប់​ជំរុញ​ EV ដំណាក់​កាល​ទីពីរ​របស់​រាជរដ្ឋាភិបាល​ថៃ​។

    តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ នឹង​ទាប​ជាង​ 100,000 បាត បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ដែល​នេះ​នឹង​នាំ​មក​នូវ​​អត្ថប្រយោជន៍​ដល់​ការ​ប្រកួត​ប្រជែង​សម្រាប់​ GWM នៅ​លើ​ទីផ្សារ​។

    បណ្ដាញ​ផលិត​រថយន្ត​អគ្គិសនី GWM Ora Good Cat ថ្មី​នេះ ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃទី 12 មករា 2024 នៅ​ឯ​រោង​ចក្រ​ GWM ក្នុង​តំបន់​សេដ្ឋកិច្ច​ Eastern Seaboard នៅ​ខេត្ត​ Rayong

    GWM បាន​វិនិយោគ​ 22 ពាន់​លាន​បាត​ទៅ​ក្នុង​ទីតាំង​ផលិត​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​។ ក្រុម​ហ៊ុន​នេះ​បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 80,000 គ្រឿង​ក្នុង​មួយ​ឆ្នាំ បូក​រួម​ទាំង​ Ora Good Cat ផងដែរ​។

    រាជរដ្ឋាភិបាល​ថៃ បាន​កំណត់​គោលដៅ​ជំរុញ​ទីផ្សារ​រថយន្ត​អគ្គិសនី​ឱ្យ​សម្រេច​បាន​ 30% នៃ​វិស័យ​ផលិត​រថយន្ត​ក្នុង​ស្រុក​នៅ​ឆ្នាំ 2030​។ គោលនយោបាយ​ដែល​គាំទ្រ​ដល់​គោលដៅ​នេះ​ កំពុង​តែ​ទាក់​ទាញ​ក្រុម​អ្នក​ផលិត​រថយន្ត​ចិន ក្នុង​នោះ ក្រៅ​ពី GWM នេះ ក៏​​នៅ​មាន​ SAIC Motor និង​ BYD ជា​ដើមផងដែរ​​៕

  • ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

    ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

    ក្រុម​ហ៊ុន​កសិកម្ម​មួយ​នៅ​ក្នុង​ខេត្ត​ជាំងស៊ី ​ប្រារព្ធ​កម្មវិធី​ផ្ដល់រង្វាន់​​ចុង​ឆ្នាំ​​ជា​ទឹក​ប្រាក់​សរុប 11.69 លាន​យុន (1.64 លាន​ដុល្លារ​អាម៉េរិក) ដល់​កសិករ​ បន្ទាប់​ពីបាន​​ធ្វើ​កសិកម្ម​ពេញ​មួយ​ឆ្នាំ​ដោយ​ជោគ​ជ័យ​។

    ស្ថាប័ន​ដែល​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​កសិករ​ខាងលើ​ គឺ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ក្រុម​ហ៊ុនកសិកម្មបៃតង នៅ​ក្នុង​ខេត្ត​ជាំងស៊ី (Jiangxi) ភាគ​អាគ្នេយ៍​ប្រទេសចិន​។

    នេះ​គឺជា​ឆ្នាំ​ទី 13 ហើយ​ដែល​ក្រុម​ហ៊ុន​ខាងលើ​បាន​ផ្ដល់​ប្រាក់​រង្វាន់​ចុង​ឆ្នាំ​ដល់​កសិករ ​ដែល​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​។ ក្នុង​រយៈ​ពេល 13 ឆ្នាំ​មកនេះ ក្រុម​ហ៊ុន​សកិកម្ម​បៃតង បាន​ផ្ដល់ប្រាក់​រង្វាន់​ដល់​កសិករ​សរុប​ចំនួន 7.6 លាន​ដុល្លារ​អាម៉េរិក​។

  • កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។

    ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និង​អង្ករ​ដំណើប 0.20%​៕

  • គម្រោង​វិនិយោគ​ដែល​មាន​ទុន​សរុប​ជិត 4.9 ពាន់​លាន​ដុល្លារអាម៉េរិក​ ត្រូវ​បាន​កម្ពុជា​អនុម័ត​ក្នុង​ឆ្នាំ 2023

    គម្រោង​វិនិយោគ​ដែល​មាន​ទុន​សរុប​ជិត 4.9 ពាន់​លាន​ដុល្លារអាម៉េរិក​ ត្រូវ​បាន​កម្ពុជា​អនុម័ត​ក្នុង​ឆ្នាំ 2023

    ក្នុង​ឆ្នាំ​ 2023 ក្រុម​ប្រឹក្សា​អភិវឌន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោងវិនិយោគ​សរុប​ចំនួន 268 ក្នុង​នោះ​មាន​គម្រោង​​វិនិយោគ​ថ្មី​ចំនួន 247 និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 21 ដែល​មាន​ទុន​សរុប​ប្រមាណ​ជិត 4.9 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 307,000 កន្លែង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ CDC ចុះ​ផ្សាយ​នា​ថ្ងៃទី 03 មករា 2024​។

    យោង​តាម​ CDC ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​រួម​ចំណែក​រហូត​ដល់ 92% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប​ គ្រា​ដែល​ទុន​វិនិយោគ​បាន​មក​ពី​វិស័យនេះរួម​ចំណែក​ប្រមាណ 46%​​។ ចំណែក​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​វិស័យ​ផ្សេង​ៗ​ទៀត​ ដែល​មាន​តែ 2.6% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប បាន​រួម​ចំណែក​ប្រមាណ 44% នៃ​ទុន​វិនិយោគ​សរុប​។

    ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឱ្យ​ដឹង​ថា ការ​ហូរ​ចូល​នៃ​ទុន​វិនិយោគ​ឯក​ជន​នៅក្នុង​ឆ្នាំ 2023 មាន​ការ​កើន​ឡើង​ក្នុង​រង្វង់​ប្រមាណ 22% បើ​ធៀប​នឹង​ឆ្នាំ 2022​។

    CDC បាន​បញ្ជាក់​ថា រំហូរ​ទុន​វិនិយោគ​ក្នុង​ឆ្នាំ​កន្លង ភាគ​ច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ និង​ក្នុង​ស្រុក​។ ក្នុង​នោះ ប្រភព​ទុន​ពី​ចិន​រួម​មាន​រហូត​ដល់ 66% ខណៈ​ក្នុង​ស្រុក​រួម​ចំណែក 24%​។ គម្រោង​វិនិយោគ​ទាំង​នេះ ភាគ​ច្រើន​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ខណៈ​មួយចំនួន​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នៅ​ជុំវិញ​រាជធានី​​ មាន​ដូច​ជា ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ហើយ​ខ្លះ​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​បណ្ដា​ខេត្ត​ដែល​មាន​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​ព្រះសីហនុ​​៕

  • ថៃ និង​ចិន លើក​លែង​ទិដ្ឋាការ​ជា​រៀង​រហូត​ដល់​ពលរដ្ឋរបស់​គ្នា

    ថៃ និង​ចិន លើក​លែង​ទិដ្ឋាការ​ជា​រៀង​រហូត​ដល់​ពលរដ្ឋរបស់​គ្នា

    នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin នា​ថ្ងៃទី 02 មករា 2024 នេះ បាន​ឱ្យ​ដឹង​ថា ប្រទស​ថៃ និង​ប្រទេស​ចិន​ នឹង​អនុវត្តគោលនយោបាយ​លើកលែង​ទិដ្ឋាការ​ជា​រៀង​រហូត​ដល់​ពលរដ្ឋ​របស់​គ្នា​ ចាប់​ពី​ថ្ងៃទី 01 មីនា 2024​។

    នេះ​គឺជា​ជំហាន​ថ្មី​មួយ បន្ទាប់​ពី​​រាជ​រដ្ឋាភិបាល​ថៃ បាន​ចាប់​ផ្ដើម​​អនុវត្ត​គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​ជា​ឯកតោ​ភាគី​ ដល់​ពលរដ្ឋ​ចិន​ ចាប់​ពី​ថ្ងៃទី 25 កញ្ញា 2023​ និង​បញ្ចប់​ត្រឹម​​ថ្ងៃទី 29 កុម្ភៈ 2024​។

    លទ្ធផល​ខាង​លើ​ស្ថិត​ក្នុង​គោលនយោបាយរបស់​ថៃ​ ក្នុង​បំណង​ពង្រឹង​ «អំណាច» របស់​លិខិត​ឆ្លង​ដែន​ថៃនៅ​លើឆាក​អន្តរជាតិ​។

    ក្រសួង​ទេសចរណ៍និង​កីឡា​ថៃ កាល​ពី​ម្សិលមិញបាន​ប្រកាស​ថា ប្រទេស​នេះ​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ចំនួន 28.04 លាន​នាក់​ នៅ​ក្នុង​ឆ្នាំ 2023​។ ក្នុង​នោះ ប្រទេស​ចិន​ឈរ​លំដាប់​​ទីពីរ​ (3.52 លាន​នាក់) ក្នុង​ចំណោម​ប្រទេស​ និង​ដែន​ដី​ដែល​មាន​ពលរដ្ឋ​មក​លេង​ប្រទេស​នេះ​​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ 2023​។

    ប្រទេស​ថៃ​ដាក់គោលដៅ​ទទួល​ភ្ញៀវ​អន្តរជាតិឱ្យ​បាន​យ៉ាង​តិច 35 លាន​នាក់​នៅ​ក្នុង​ឆ្នាំ​ 2024 ក្នុងនោះ​ ពលរដ្ឋ​ចិន​ត្រូវ​បាន​រំពឹង​ថា នឹង​រួម​ចំណែក​​ប្រហែល 8 លាននាក់​៕

  • តាក់ស៊ីហោះ​ស្វ័យ​ប្រវត្ត​របស់​ចិន ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម

    តាក់ស៊ីហោះ​ស្វ័យ​ប្រវត្ត​របស់​ចិន ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម

    (ប្រទេស​ចិន​) – EH216-S ដែល​ជា​តាក់​ស៊ី​ហោះ​អគ្គិសនី​ពីរ​កៅអី ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សុវត្ថិភាព​ ទើប​តែ​​​​សម្រេច​បាន​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត Anhui កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។

    យន្តហោះ​ដ្រូន​ដំបូងគេ​លើ​ពិភពលោក​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ស្ដីពី​យាន​ជំនិះ​អគ្គិសនី​គ្មាន​មនុស្ស​បើក​បរ​ ដែល​ហោះ​ឡើង​-ចុះ​ចត​ត្រង់ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត​ Anhui ភាគ​ខាង​កើត​​ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។

    ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ EHang Holdings ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាកាសចរណ៍​ទីក្រុង​របស់ចិន យន្តហោះ​​គ្មាន​មនុស្ស​បើកបរ (UAV) សម្រាប់​ដឹក​អ្នក​ដំណើរ EH216-S ត្រូវ​បាន​​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ហោះ​ហើរ កាល​ពី​ខែ​តុលា 2023​។

    តាក់ស៊ី​ហោះ​ដែល​មាន​កៅអីចំនួន​ពីរ​ មាន​ស្លាប​កង្ហារ​ចំនួន 16 ​បញ្ចប់​ការ​​ហោះ​ហើរ​បែប​ពាណិជ្ជកម្ម​មួយ​ជើង​ៗ​ចំណាយ​​ពេល​ពី 3 ទៅ 5 នាទី​ និង​ហោះលើ​កម្ពស់​ប្រហែល 50 ម៉ែត្រ ក្នុង​ល្បឿន​ 36 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

    EH216-S ដំណើរ​ការ​ទាំង​ស្រុង​ដោយ​អគ្គិសនី​ និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹងស្ថានីយ​គ្រប់គ្រង​នៅលើដី ក៏​ដូច​ជា​ដំណើរ​ការ​ប្រព័ន្ធ​តាម​រយៈ​បណ្ដាញ​អ៊ីនធើណិត​ល្បឿន​លឿន​ ដូច្នេះ​អាច​ដោះ​ស្រាយ​បញ្ហា​អាក្រក់​បាន​ទាន់​ពេល​។

    តាក់ស៊ីហោះ EH216-S របស់​ក្រុម​ហ៊ុនចិន EHang Holdings មាន​តម្លៃ​ប្រហែល​ 283,500 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​គ្រឿង​។

  • យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

    យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

    យោង​តាម​ស្ថិតិ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​សិង្ហបុរី សេវា​ចែក​រំលែក​រថយន្ត និង​រថយន្ត​សម្រាប់​ជួល កំពុង​តែ​ «ផ្ទុះ​» ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ ដោយ​សារ​តែ​មូលហេតុ​ច្រើន​យ៉ាង​។

    ទំព័រ​ Straits Times ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​សម្រាប់​ជួល​នៅ​ប្រទេស​សិង្ហបុរី បាន​កើន​ 11.3% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំកន្លង​ ដោយ​កើន​ជិត​ដល់ 73,000 គ្រឿង​។

    តំណាង​របស់​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល GetGo ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​កំពុងបន្ត​ការ​ពង្រីង​សេវាកម្ម​របស់​ខ្លួន​។ កាល​ពី​ខែ​កុម្ភៈ GetGo ប្រមូល​ទុន​បាន​ 20 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​ក្រុម​រថយន្ត​ឈ្នួល​របស់​ខ្លួន​ ហើយ​បច្ចុប្បន្ន មាន​ជាង 2,100 គ្រឿង​។ ក្រុម​ហ៊ុន​នេះ​បាន​កំណត់គោល​ដៅ​ មាន​រថយន្តអគ្គិសនី​ 10,000 គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ 2030​។

    ចំណែក​តំណាង​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល​រយៈ​ពេល​យូរ​ Kinto Singapore វិញ បាន​ឱ្យ​ដឹង​ថា សេវា​រថយន្ត​ឈ្នួល​របស់​ពួក​គេកំពុង​កើន​ 20% ជា​រៀង​រាល់​ខែ​ ចាប់​ពី​ឆ្នាំ 2022​។ បច្ចុប្បន្ន តម្លៃ​ជួល​រថយន្ត​ទាប​បំផុត​គឺ​ចាប់​ពី​ 1,600 ដុល្លារ​អាម៉េរិក​ ក្នុង​មួយ​ខែ​។

    យោង​តាម PGS Walter Theseira របស់​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សង្គម​សិង្ហបុរី ចំនួន​រថយន្ត​ឈ្នួល​ កន្លង​មក​ធ្លាប់​បាន​ធ្លាក់​ចុះ​នៅក្នុង​អំឡុង​វិបត្តិ​សុខ​ភាព​សាកល ប៉ុន្តែ​ក្រោយ​មក​ក៏​ងើប​ឡើង​វិញយ៉ាង​លឿន​ ដោយ​សារ​កត្តា​ជា​ច្រើន​។

    មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​បាន​ជួយ​ជំរុញ​កំណើន​នៃ​រថយន្ត​ឈ្នួល​ឱ្យ​ងើប​ឡើង​វិញ រួម​មាន ការ​ងើប​ឡើងវិញ​នៃ​វ័យ​ទេសចរណ៍​ ក្រោយ​សម័យ​កូវីដ-19​ ពិសេស​គឺភ្ញៀវ​មក​ពី​ប្រទេស​ចិន​។ មូលហេតុ​ទីពីរ​នោះ​គឺ លិខិត​អនុញ្ញាត​សម្រាប់​ការ​​ក្លាយ​ជា​ម្ចាស់រថយន្ត​នៅ​ប្រទេស​សិង្ហបុរី មាន​តម្លៃ​ខ្ពស់​ខ្លាំង​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​មិន​ពេញ​ចិត្ត ប៉ុន្តែ​ក៏​មាន​មនុស្ស​ជា​ច្រើន​យល់​ថា នេះ​ជា​វិធី​ល្អ​ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​កក​ស្ទះ​ចរាចរណ៍​។

    យោង​តាម​ក្រុម​ហ៊ុន GetGo «ការ​ផ្លាស់​ប្ដូរ​គំនិតស្ដី​ពី​ការក្លាយជា​ម្ចាស់​រថយន្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថិរភាព» របស់​យុវវ័យ​ ​ក៏​រួម​ចំណែក​ជួយ​ឱ្យ​សេវា​កម្ម​ជួល​រថយន្តមាន​ការ​កើន​ឡើង​ខ្ពស់​។

    និន្នាការ​ខាងលើ​នេះ​មិន​មែន​កើត​មាន​តែ​នៅក្នុង​ប្រទេស​​សិង្ហបុរីឡើយ។ យោង​តាមសារព័ត៌មាន Washington Post នៅ​សហរដ្ឋអាម៉េរិក យុវវ័យ​ក៏​​កំពុង​មាន​និន្នាការ​ដូច​នៅ​សិង្ហបុរី​។ ក្រៅ​ពី​នេះ​ ក៏​អាច​នៅមាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​កំពុង​ «ចូលចិត្តជួលរថយន្ត​ជាង​ទិញ​រថយន្ត»៕

  • ចិន​បាញ់បង្ហោះ​ «យាន​អវកាស​មហា​សម្ងាត់» ឡើង​ទៅ​កាន់​គន្លង​តារាវិថី

    ចិន​បាញ់បង្ហោះ​ «យាន​អវកាស​មហា​សម្ងាត់» ឡើង​ទៅ​កាន់​គន្លង​តារាវិថី

    រ៉ុក្កែត​ Long March 2F ដឹក​យន្តហោះ​អវកាសសម្រាប់​ការ​​ពិសោធរបស់​ប្រទេស​ចិន​ ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Jiuquan កាល​ពី​ថ្ងៃទី 14 ធ្នូ ដើម្បី​ធ្វើ​ការ​ពិសោធ​វិទ្យាសាស្ត្រ​។

    យោង​តាម SpaceNews ក្រៅពី​បេសកកម្ម​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ យន្តហោះ​អវកាស​ថ្មី​របស់​ចិន​ ក៏ផ្ដល់​ការ​គាំទ្រ​​ផ្នែក​បច្ចេកទេស​ដើម្បី​ប្រើ​ប្រាស់​លម្ហ​ក្នុង​យាន​ សម្រាប់​គោលដៅ​សន្តិភាព​ផងដែរ​។

    មក​ដល់​ពេល​នេះ ព័ត៌មាន​ដែល​ទាក់​ទង​នឹង​យន្តហោះ​អវកាស​អាច​ប្រើ​ប្រាស់​ឡើង​វិញ​របស់​ចិន ដែល​មាន​រហ័សនាម​ថា នាគ​ទេព ត្រូវ​បាន​គេ​ផ្សាយ​យ៉ាង​តិច​តួច​បំផុត​។ យាន​អវកាស​នេះ​ទំនង​ជា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​សាកល្បង​ឧបករណ៍​ថ្មី និង​ដំណើរ​ការ​នៅ​លើ​គន្លង​តារា​វិថី​។ យាន​នេះ​ត្រូវ​បាន​បាញ់​ឡើង​ទៅ​តាម​រ៉ុក្កែត​ ហើយ​ចុះ​ចត​ដូច​យន្តហោះ​ធម្មតា បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Harvard យាន​នេះ​មាន​ទម្ងន់​ប្រហែល​ពី 5 ដល់ 8 តោន​ និង​ប្រវែង 10 ម៉ែត្រ​។

    ជើងហោះ​ហើរ​ដំបូង​របស់​យាន​អវកាស​នាគ​ទេពរបស់ចិន អូស​បន្លាយ​ពេល​ពីរ​ថ្ងៃ​។ ​ជើង​ហោះ​ហើរ​ទីពីររបស់​វា​នឹង​​អូស​បន្លាយ​ពេល​ប្រហែល 9 ខែ​ ក្នុងនោះ វា​នឹង​បញ្ចេញ​ឧបករណ៍​មួយ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ​ទៅ​ក្នុង​គន្លង​គោចរ​។ ឧបករណ៍​នេះ​អាច​ជា​ផ្កាយរណប​ខ្នាត​តូច​ដែល​ត្រូវ​បាន​ផលិត​​ឡើងដើម្បី​តាម​ដាន​នាគទេព​ ឬ​ម៉ូឌុល​សេវាកម្ម​ដែលលែង​មាន​ភាពចាំបាច់​៕