Tag: ប្រទេសចិន

  • ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ជា​ផ្លូវការ​នេះ នឹងត្រូវ​ធ្វើឡើង​នា​វេលា​ម៉ោង 19 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ។

    មកដល់​បច្ចុប្បន្ន ម្ចាស់ផ្ទះ​កម្ពុជា​នៅតែ​មិន​បញ្ចេញ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី និង​ការសំដែង​នានា​នៅក្នុង​ពិធី​​សម្ពោធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ក្រៅតែពី​ពេលវេលា ទីតាំង និង​បណ្ដា​មន្ត្រីជាន់ខ្ពស់​ដែល​អញ្ជើញ​ចូលរួម។ ក្រុម​អ្នកយកព័ត៌មាន​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ការហាត់​សម ព្រោះ​គណៈកម្មការ​ស៊ី​ហ្គេម​ចង់​បង្កើត​កម្មវិធី​ដ៏​ទាក់ទាញ​មួយ​ទៅតាម​ស្ដង់ដា​អូឡាំពិក។

    ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈ​កម្មាធិការ​​ជាតិ CAMSOC កាលពី​ថ្ងៃទី 24 មេសា បានឱ្យដឹងថា កម្ពុជា​ត្រូវតែ​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកប​ដោយ​ការទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ទៅតាម​ស្ដង់ដា​អូឡាំពិក ពុំមែន​លំដាប់​តំបន់​ដូច​​ប្រទេស​ដទៃ។ គ្រប់គ្នា​នឹង​បានឃើញ​ចំណុច​ដ៏​អស្ចារ្យ​របស់​ពិធី​នេះ។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តោ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ពិធី​សម្ពោធ​នេះ​ផងដែរ។ សម្ដេច​មាន​ប្រសា​សន៍​ថា មនុស្ស​ជាង​កន្លះ​លាន​នាក់​ចង់​ចូល​ទស្សនា ប៉ុន្តែ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អាចដាក់​មនុស្ស​បានតែ​ពី 60,000 ទៅ 70,000 នាក់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការដំឡើង​ឆាក​បញ្ចាំង​ស្លាយ​ផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដា​ខេត្ត-ក្រុង​។

    ទីលាន​បាល់ទាត់​មរតក​តេ​ជោ ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​សង្កាត់​ព្រែ​កតាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា 2017 ហើយ​បួន​ឆ្នាំ​ក្រោយមក​ក៏បាន​សម្រេច​ជា​ស្ថាពរ។ ការចំណាយ​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ​គឺ​ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក ជា​ជំនួយ​របស់​ប្រទេស​ចិន។

    យោងតាម​គេហទំព័រ​ស៊ី​ហ្គេម​លើក​ទី 32 ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា មាន​សមាជិក​ចូលរួម​ប្រហែល 12,000 នាក់ មកពី 11 ប្រតិភូ ដោយ​មិនទាន់​រាប់បញ្ចូល​ក្រុម​អាជ្ញាកណ្ដាល។ អ្នកយកព័ត៌មាន​ជាង 2,000 នាក់​ក៏បាន​ទទួល​កាត​ចុះឈ្មោះ​ចូល​យក​ព័ត៌មាន ក្នុងនោះ​មាន 907 នាក់​មកពី​បរទេស។

    ស៊ី​ហ្គេម​លើក​ទី 32 ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​បួន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ដោយមាន​កីឡា 36 ប្រភេទ ចែកជា 584 វិញ្ញាសា។ កាលពី​ថ្ងៃទី 04 ឧសភា គណៈកម្មការ​ស៊ី​ហ្គេម​បានប្រគល់​មេដាយ​ចំនួន 9 គ្រឿង​ដំបូង​ជូន​អត្តពលិក​ ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុជា​នាំមុខគេ​ដោយ​ដណ្ដើមបាន​មេដាយមាស​ប្រាំ​គ្រឿង។ ហ្វ៊ី​លី​ពី​ន​ដណ្ដើមបាន​មេដាយមាស​ពីរ​គ្រឿង ខណៈ​ថៃ និង​ឡាវ​ទទួលបាន​មួយគ្រឿង ពី​ប្រភេទ​កីឡា​គុន ជូ​ជិត​ស៊ូ (Jujutsu) និង​ល្បុក្កតោ។

    នៅក្នុង​ថ្ងៃទី 05 ឧសភា​នេះ ស៊ី​ហ្គេម​លើក​ទី 32 នឹងមិនមាន​ការប្រកួត​កីឡា​ណាមួយ​ឡើយ ដោយ​ផ្ដោតទៅលើ​តែ​ពិធី​សម្ពោធ​ជា​ផ្លូវការ។

    បទ​ចម្រៀង​ផ​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​នេះ​គឺ​បទ Cambodian Pride ដែល​បច្ចុប្បន្ន​​ចំនួន​​​អ្នក​ចូល​មើល​​បាន​កើន​ឡើង​ដល់​ជាង 65 លាន​លើក​នៅលើ YouTube ក្រោយពី​បង្ហោះ​បាន​ជាង​បី​សប្ដាហ៍។ រូបតំណាង​ស៊ី​ហ្គេម​លើក​ទី 32 គឺ​កូន​ទន្សាយ​ពីរ​ក្បាល មួយ​ឈ្មោះ រំដួល និង​មួយ​ឈ្មោះ បុរី។

    ចំណែក​ពិធី​បិទ​ស៊ី​ហ្គេម​លើក​ទី 32 វិញ នឹងត្រូវ​ធ្វើឡើង​ក្នុង​​ថ្ងៃទី 17 ឧសភា នៅឯ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ៕

  • ប្រទេស​ចិន​ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង​ជ្រៅ​ជាងគេ​បង្អស់​នៅ​ទ្វីបអាស៊ី

    ប្រទេស​ចិន​ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង​ជ្រៅ​ជាងគេ​បង្អស់​នៅ​ទ្វីបអាស៊ី

    សាជីវកម្ម Sinopec ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង Yuejin 3-3 ជម្រៅ 9,472 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ដែល​ស្ថិតក្នុង​តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន​ កាលពី​ថ្ងៃទី 01 ឧសភា 2023។

    អណ្ដូងប្រេង Yuejin 3-3 នឹង​ជា​ជំហាន​ដ៏​ធំ​មួយ​នៅក្នុង​សកម្មភាព​រុករក​ប្រេង​ឧស្ម័ន​មហា​ជ្រៅ ជួយ​ឱ្យ​ប្រទេស​ចិន​បង្កើន​ការផលិត​ប្រេង​ឆៅ​របស់ខ្លួន។ តាម​ផែនការ សាជីវកម្ម​ចិន Sinopec គ្រោង​នឹង​សម្រេចបាន​ដំណាក់កាល​ខួង​ក្នុង​រយៈពេល 170 ថ្ងៃ។

    អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុង​គម្រោង​ខួង​ដី​មហា​ជ្រៅ Deep Earth ដែល​បច្ចុប្បន្ន​ប​ខួងអណ្ដូង​បាន​ចំនួន 120 កន្លែង​ដែលមាន​ជម្រៅ​ជាង 8,000 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ។ នេះ​គឺជា​តំបន់​បាតខ្ទះ​ដែល​ផ្ទុក​រ៉េ​ប្រេង​ធំជាងគេ​បង្អស់​នៅ​ប្រទេស​ចិន ដោយ​កាន់កាប់​ជាង 60% នៃ​ធនធាន​ប្រេង​ឧស្ម័ន​ក្នុង​ដី​មហា​ជ្រៅ​របស់​ប្រទេស​នេះ។

    ថ្វីបើ​ការ​ខួងអណ្ដូង​ប្រេង​ជ្រៅ​ខ្លាំង​គឺជា​រឿង​លំបាក ប៉ុន្តែ​បន្ទាប់ពី​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ និង​បច្ចេក​ទេស​ទំនើប ប្រទេស​ចិន​ក៏អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រសើរ​ជាង​មុន។ នេះ​បើតាម Wang Long ដែលជា​អ្នកជំនាញ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកទេស​ប្រេង​ឧស្ម័ន Sinopec។

    អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុង​គម្រោង​ខួង​ដី​មហា​ជ្រៅ Deep Earth

    លោក Wang Long ឱ្យដឹងថា «រយៈពេល​នៃ​ការ​ខួង​កាលពី​បី​ឆ្នាំមុន​គឺ 280 ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ថយ​មក​នៅត្រឹម 97 ថ្ងៃ ខណៈដែល​សុក្រឹតភាព​នៅពេល​ខួង​ក៏​កើន​ពី 60% ឡើងដល់​ជាង 90%»៕

  • រកឃើញ​ដី​កម្រ​នៅលើ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​កម្ដៅ​បួន​ពាន់​អង្សា​សេ

    រកឃើញ​ដី​កម្រ​នៅលើ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​កម្ដៅ​បួន​ពាន់​អង្សា​សេ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សារធាតុ terbium ជា​លើកដំបូង​នៅក្នុង​បរិយាកាស​របស់ KELT-9b ដែលជា​ភព​មួយ​ក្នុងចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ក្ដៅ​បំផុត​ធ្លាប់​ត្រូវបាន​កត់ត្រា​នាពេល​កន្លង​។

    KELT-9b មាន​សីតុណ្ហភាព​ជា​មធ្យម 4,000 អង្សា​សេ វិល​ជុំវិញ​ផ្កាយ​មេ KELT-9 ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 670 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ ភព​នេះ​តែងតែ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​តារាសាស្ត្រ​ចាប់តាំងពី​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 2016។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ដែល​បានប្រកាស​លើ​ទស្សនាវដ្ដី Astronomy and Astrophysics បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​លោហធាតុ terbium ដែលជា​ដី​កម្រ នៅក្នុង​បរិយាកាស​របស់ KELT-9b។

    Terbium ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត Carl Gustaf Mosander រកឃើញ​ជា​លើក​ដំបូង​ក្នុង​អណ្ដូងរ៉ែ Ytterby នៅ​ប្រជុំ​កោះ Stockholm កាលពី​ឆ្នាំ 1843។ សារធាតុ terbium គឺជា​ដី​ដ៏​កម្រ ក្នុងនោះ​ 99% នៃ​ការផលិត terbium របស់​ពិភពលោក គឺ​ធ្វើឡើង​នៅ Bayan Obo ដែលជា​តំបន់​ទាញយក​រ៉ែ​ក្នុង​ដែនដី​ម៉ុង​ហ្កោ​លី​ខាងក្នុង​របស់​ប្រទេស​ចិន។

    ភព KELT-9b វិលជុំវិញផ្កាយមេ KELT-9

    ការរកឃើញ​ខាងលើនេះ​ពិត​ជាមាន​សារសំខាន់​ក្នុងការ​ស្វែងយល់​អំពី​បណ្ដា​ភព​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។ «កាន់តែ​យល់ច្បាស់​អំពី​លក្ខណៈ​សម្បត្តិ​របស់​បណ្ដា​ភព យើង​ក៏​កាន់តែ​មានឱកាស​ច្រើន​ក្នុងការ​ស្វែង​រកឃើញ​ផែនដី 2.0 ក្នុង​អនាគត» Nicholas Borsato មកពី​សាកលវិទ្យាល័យ Lund ដែលជា​សមាជិក​របស់​ក្រុម​ស្រាវ​ជ្រាវ​អំពី​​ភព​ KELT-9b បញ្ជាក់​ដូច្នេះ៕

  • គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។

    គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។

    កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។

    ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

  • One Championship ប្រកាសផ្លាស់ប្តូរទីកន្លែងប្រកួតពីចិនទៅឥណ្ឌូនេស៊ីវិញ

    One Championship ប្រកាសផ្លាស់ប្តូរទីកន្លែងប្រកួតពីចិនទៅឥណ្ឌូនេស៊ីវិញ

    ការប្រកួតប្រដាល់ក្បាច់គុនចម្រុះ One Championship បានប្រកាសលើកការប្រកួតដោយធ្វើការផ្លាស់ប្តូរទឹកដីប្រកួតឱ្យឆ្ងាយពីប្រទេសចិន ព្រោះតែវីរុសកំណាចកូរ៉ូណា។

    ព្រឹត្តិការណ៍ ONE Championship ដែលគ្រោងរៀបចំនៅក្រុង Chongqing ប្រទេសចិននាថ្ងៃទី11 ខែមេសា ឆ្នាំ2020 ត្រូវប្ដូរមកថ្ងៃទី10 ខែមេសា ឆ្នាំ2020 នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី វិញ។

    គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី11 មេសាខាងមុខ ក្រៅពីកម្មវិធីប្រកួតនៅឯទីក្រុង ឆុងជីង ប្រទេសចិនសម្រាប់ឆ្នាំ2020 របស់ One Championship នេះហើយ ក៏មាននៅទីក្រុង2 ទៀតរបស់ប្រទេសចិន ក៏មានកម្មវិធីប្រកួតផងដែរ គឺស៊ាងហៃ នៅថ្ងៃសៅរ៍ ទី20 មិថុនា និងប៉េកាំង នៅថ្ងៃសៅរ៍ ទី31 តុលា៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស