Tag: ប្រតិកម្

  • 14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

    14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម(តពីលេខមុន)

    8 . ហាមញ៉ាំអាហារដែលគ្មានប្រយោជន៍

    អាហារគ្មានប្រយោជន៍ដែលថានេះ ក្រៅពីនឹងបំផ្លាញសុខភាពស្រ្តីមានគភ៌ហើយ អាហារខ្លះថែមទាំងបំផ្លាញខួរក្បាលទារកក្នុងគភ៌ទៀតផង។ អាហារទាំងនោះមានដូចជា ស្រា(ជាតិអាល់កុល) កាហ្វេអ៊ីន អាហារដែលមានរសជាតិផ្អែមខ្លាំង ខ្លាញ់ច្រើន ហឹរខ្លាំង ស្ទើរឆៅស្ទើរឆ្អិន អាហារជ្រក់ត្រាំ អាហារកំប៉ុង និងម្សៅប៊ីចេង។

    9 . ហាមធ្វើដំណើរឆ្ងាយពេលជិតដល់ថ្ងៃប្រសូត

    សម្រាប់ស្រ្តីមានគភ៌ក្នុងត្រីមាសចុងក្រោយ ជាពិសេសស្រ្តីដែលមានអាយុគភ៌ 32សប្ដាហ៍ឡើងទៅ គួរតម ឬផ្អាកធ្វើដំណើរផ្លូវឆ្ងាយ ព្រោះក្នុងអំឡុងពេលនេះ មានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ និងអាចប្រសូតមុនកាលកំណត់បានយ៉ាងងាយ។

    10 . ហាមញ៉ាំទឹកដោះច្រើនលើសពី 2កែវក្នុងមួយថ្ងៃ

    ស្រ្តីមានគភ៌ជាច្រើននាក់សម្រុកញ៉ាំទឹកដោះគោដើម្បីបំប៉នគភ៌តាំងពីពេលដឹងថា ខ្លួនមានគភ៌។ តាមគោលការណ៍ភោជនាហារ គួរចាប់ផ្ដើមញ៉ាំទឹកដោះគោបំប៉នគភ៌នៅពេលឈានចូលត្រីមាសទី2 នៃការតាំងគភ៌ព្រោះអំឡុងពេលនោះ ទារកបានទាញយកកាល់ស្យូមពីម្ដាយទៅប្រើច្រើនឡើង អាចធ្វើឱ្យខ្លួនស្រ្តីជាម្ដាយបាត់បង់ជាតិកាល់ស្យូមច្រើនជាងប្រក្រតី តែ…ការញ៉ាំទឹកដោះគោក្នុងមួយថ្ងៃ 1កែវ ឬទឹកសណ្ដែកលឿងមួយថ្ងៃ 2កែវ គឺល្មមគ្រប់គ្រាន់ហើយ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ស្រ្តីមានគភ៌ដែលទឹកដោះគោច្រើនជ្រុលលើសភាពចាំបាច់ នឹងធ្វើឱ្យទារកមានភាពប្រថុយនឹងការកើតប្រតិកម្មចាញ់បានយ៉ាងងាយ ដូចជា ប្រតិកម្មប្រូតេអ៊ីនក្នុងទឹកដោះគោ ជាដើម។

    11 . ហាមស្លៀកសម្លៀកបំពាក់រឹបខ្លួនខ្លាំងជ្រុលពេក

    ស្រ្តីមានគភ៌គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងៗ សប្បាយៗ ខ្យល់អាកាសចេញចូលស្រួល ដោយសារតែក្នុងអំឡុងពេលតាំងគភ៌មានការប្រែប្រួលកម្រិតអ័រម៉ូនក្នុងរាងកាយយ៉ាងខ្លាំង ជាពិសេសអ័រម៉ូនភេទ ធ្វើឱ្យស្រ្តីមានគភ៌មានក្លិនខ្លួន និងក្លិនអវយវៈភេទខ្លាំងជាងមុន។ ការស្លៀកសម្លៀកបំពាក់ដែលរឹតណែន ធ្វើឱ្យកាន់តែកើតមានក្លិនអាប់ខ្លាំងឡើង និងនៅធ្វើឱ្យប្រព័ន្ធឈាមរត់ដំណើរការមិនបានស្រួល ធ្វើឱ្យពិបាកដកដង្ហើម ងងឹតមុខ ឬខ្យល់គរបានទៀតផង។

    12 . ហាមលូកលាងរន្ធស្បូន និងប្រើថ្នាំកម្ចាត់ក្លិន

    ក្នុងអំឡុងពេលមានគភ៌ មានការប្រែប្រួលអ័រម៉ូនច្រើន ហុចផលឱ្យអវយវៈភេទមានក្លិនខ្លាំងឡើង ទើបស្រ្តីមានគភ៌ធ្វើការលូកលាងសម្អាតរន្ធស្បូន និងជ្រើសរើសប្រើផលិតផលកម្ចាត់ក្លិន។ ទង្វើនេះជាការនាំមកនូវមេរោគឱ្យចូលទៅក្នុងរន្ធស្បូនដោយផ្ទាល់ ព្រោះជាធម្មតា នៅបរិវេណនោះនឹងមានមេរោគល្អនៅប្រចាំការចាំស្ទាក់ចាប់មេរោគផ្សេងៗដែលចូលទៅក្នុងរន្ធស្បូន ដូច្នេះហើយទើបមនុស្សប្រក្រតីមិនកើតការឆ្លងមេរោគដោយងាយៗនោះទេ តែបើពេលណាមានការលូកលាងរន្ធស្បូន ឬប្រើទឹកថ្នាំ ឬសាប៊ូដែលមានកម្រិតខ្លាំងៗ នឹងធ្វើឱ្យស្លាប់មេរោគល្អទាំងនោះ ហើយធ្វើឱ្យមេរោគចង្រៃផ្សេងៗហូរចូលទៅក្នុងរន្ធស្បូនបាន ធ្វើឱ្យប្រអប់ស្បូនកើតការឆ្លងមេរោគទាំងម្ដាយ និងកូនយ៉ាងងាយស្រួល។

    13 . ហាមលើករបស់ធ្ងន់ៗ ឬតោងឡើងទីខ្ពស់ៗ

    នៅពេលលើករបស់ធ្ងន់ៗខ្លាំងពេក កម្លាំងប្រឹងនឹងធ្លាក់ទៅនៅត្រង់ស្បូន ព្រោះជាចំណុចកណ្ដាល។ កម្លាំងប្រឹងខណៈពេលខំលើករបស់ធ្ងន់ៗ ប្រថុយប្រថាននឹងការធ្វើឱ្យរលូតបុត្របាន។ ការលើករបស់ធ្ងន់ៗ ឬការតោងឡើងទីខ្ពស់ៗ ប្រថុយនឹងការបាត់បង់លំនឹង ធ្វើឱ្យដួលបោកនឹងដីបានដូចគ្នា។

    14 . ហាមស្វាមីមានក្នុង មានក្រៅ

    ចំណុចនេះត្រូវតែ Tag ឬ Coppy ឱ្យស្វាមីអានឱ្យបាន។ តាមរយៈរបាយការណ៍វេជ្ជសាស្រ្តបានរកឃើញថា ស្វាមីក្បត់ចិត្តភរិយាច្រើនបំផុតក្នុងអំឡុងពេលភរិយាតាំងគភ៌ មានតាំងពីជាមួយស្រ្តីបម្រើសេវាផ្លូវភេទ មានភេទសម្ព័ន្ធជាមួយស្រីផ្សេងជាច្រើននាក់។ ទង្វើនេះអាចហុចផលប៉ះពាល់ដល់ភរិយា និងកូនតូច ព្រោះប្រថុយប្រថាននឹងការឆ្លងរោគពីក្រៅ ដូចជារោគអេដស៍ ស្វាយប្រមេះជាដើម។ គ្រប់រោគដែលរៀបរាប់មកនេះអាចហុចផលធ្វើឱ្យទារកពិការ ឬប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបាន។ ឯការការពារ ៈ ស្រ្តីមានគភ៌កុំព្រងើយកន្តើយក្នុងការផ្ដល់សេចក្ដីសុខជាមួយស្វាមី ព្រោះពេញមួយរយៈ 9ខែ ពេទ្យមិនបានហាម ឬកម្រិតការមានភេទសម្ព័ន្ធឡើយ អ្នកអាចប្រព្រឹត្តបានតាមប្រក្រតីក្នុងឥរិយាបទដែលមិនប្រថុយគ្រោះថ្នាក់ខ្លាំងពេកប៉ុណ្ណោះ។

    ការមើលថែទាំសុខភាពគភ៌នេះសំខាន់ណាស់ ព្រោះមិនមែនសម្រាប់តែស្រ្តីមានគភ៌ខ្លួនឯងប៉ុណ្ណោះទេ ទារកដែលនៅក្នុងគភ៌ក៏ត្រូវតែមានសុខភាពល្អបរិបូរណ៍ដែរ ដូច្នេះបើមានហេតុខុសប្រក្រតីណាមួយកើតឡើង ត្រូវទៅជួបគ្រូពេទ្យភ្លាមជាបន្ទាន់៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    ការចិញ្ចឹមកូនអាចជារឿងពិបាកសម្រាប់លោកឪពុកអ្នកម្ដាយថ្មោងថ្មី ព្រោះការមានកូនគឺជាចំណុចចាប់ផ្ដើមនៃការរស់នៅបែបក្រុមគ្រួសារដែលគ្រប់បរិបូរណ៍ ដូច្នេះរឿងដែលលោកឪពុកអ្នកម្ដាយត្រូវប្រតិបត្តិនោះគឺ ការយកចិត្តទុកដាក់ និងតាមដានវិវឌ្ឍនាការរបស់កូនក្នុងគ្រប់អំឡុងវ័យ ដើម្បីជំរុញ និងបង្កើនវិវឌ្ឍនាការគ្រប់ផ្នែកដល់កូនតូច។ ថ្ងៃនេះ យើងនាំគ្នាមកពិនិត្យមើលពីវិវឌ្ឍនាការរបស់កូនតូចអាយុ 13ខែជាមួយ ឡារ៉ែនទាំងអស់គ្នា។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ការដែលកូនចាប់ផ្ដើមធ្វើដោយខ្លួនឯង មិនត្រូវការឱ្យអ្នកណាមកបីពរូបគេទៅកន្លែងផ្សេងៗដូចកាលពីមុននោះ មានន័យថា គេមានភាពត្រៀមខ្លួនរួចរាល់ហើយក្នុងការឈានឆ្ពោះទៅកាន់ពិភពលោកដ៏ធំទូលាយដោយខ្លួនឯងហើយ។ កូននឹងចាប់ផ្ដើមពិនិត្យមើលវត្ថុផ្សេងៗ ចាប់ផ្ដើមចាប់កាន់របស់របរ ក្មេងខ្លះអាចនឹងចាប់ផ្ដើមគូរជារាងខ្សែវែងដោយខ្មៅដៃដែលនៅក្នុងដៃ តែគ្រាន់តែជាការគូសវាសទូទៅប៉ុណ្ណោះ មិនមែនជារូបរាងអ្វីមួយនោះទេ។ ក្មេងខ្លះទៀតអាចនឹងចាប់កាន់ស្លាបព្រាញ៉ាំបាយបាន តែក៏នៅមិនទាន់អាចបញ្ចុកចូលមាត់ខ្លួនឯងបាននៅឡើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកភាសា និងការទំនាក់ទំនង

    ការទំនាក់ទំនងឆ្លើយឆ្លងជាមួយមនុស្សដទៃរបស់ក្មេងវ័យនេះ ក្មេងនឹងចាប់ផ្ដើមមានពាក្យសម្ដីមួយម៉ាត់ៗដែលមានអត្ថន័យ ដូចជា ម៉ាក់ម៉ាក់ ឬប៉ាប៉ា ជាដើមបានហើយ និងទោះជាកូនតូចទើបនឹងចេះនិយាយបានតែប៉ុន្មានម៉ាត់មែន តែក៏នឹងមានវិធីក្នុងការប្រាប់ឱ្យលោកឪពុកអ្នកម្ដាយបានដឹងថា គេត្រូវការអ្វី ដូចជាចង្អុលឱ្យដាក់គេចុះទៅដីនៅពេលត្រូវការចុះដី ឬទាញដៃ ទាញអាវឪពុកម្ដាយនៅពេលគេត្រូវការឱ្យឪពុកម្ដាយងាកមកចាប់អារម្មណ៍រូបគេា និងមើលទៅហាក់ដូចជាគេស្ដាប់យល់ពីអ្វីដែលឪពុកម្ដាយនិយាយបានល្មមសមគួរហើយ ដូចជាពេលលោកអ្នកលេងជាមួយគេ ឬប្រាប់ឱ្យគេធ្វើអ្វីជាដើម។ នៅពេលប្រើពាក្យសម្ដីងាយៗជាមួយគេ ដូចជា “អ៊ើ…ចាំមើលមើល៍ វានឹងយ៉ាងម៉េចវិញ បើ…” កូនតូចនឹងមើលទៅប្រៀបដូចជាអ្នកសាកល្បងតូចមួយ គេកំពុងរៀនយល់ដឹង មើលប្រតិកម្មតបស្នងរបស់វត្ថុផ្សេងៗ ឬមនុស្សជុំវិញខ្លួន មើលថា តើនឹងទៅជាយ៉ាងម៉េចវិញ…បើ…ដូចជាសាកល្បងយកកូនពែងទម្លាក់ទៅលើដី ឬសាកល្បងយកដៃទៅប្រឡូកប៉ូកប៉ាកជាមួយចំណីអាហារដែលនៅក្នុងចានខាងមុខខ្លួន…កូននឹងចាំសង្កេតមើលថា

    តើនឹងមានអ្វីកើតឡើងនៅពេលដែលគេធ្វើបែបហ្នឹង និងដោយសារតែការចងចាំរបស់កូនតូចនៅមិនទាន់អភិវឌ្ឍពេញទំហឹង ទើបកូនចូលចិត្តធ្វើរឿងមួយនោះដដែលៗ។

    សម្រាប់ក្មេងវ័យនេះ មានរឿងមួយទៀតដែលអ្នកម្ដាយនឹងត្រូវផ្ដល់ភាពសំខាន់ដែរនោះគឺ រឿងការទទួលយកវ៉ាក់សាំងការពារជំងឺរបស់កូនតូចដែលនឹងមានវ៉ាក់សាំងសំខាន់ៗជាច្រើនមុខដែលនឹងត្រូវចាក់នៅក្នុងអំឡុងពេលនេះ ដូចជា វ៉ាក់សាំងការពារជំងឺគ្រុនរលាកស្រោមខួរ វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង ជាដើម។

    លោកឪពុកអ្នកម្ដាយទាំងឡាយសូមកុំភ្លេចតាមដានវិវឌ្ឍនាការរបស់កូនតូចក្នុងគ្រប់អំឡុងវ័យ ព្រមទាំងបង្កើនវិវឌ្ឍនាការរបស់កូនតូចឱ្យបានជាប់លាប់ផង។ ដោយក្ដីស្រឡាញ់ និងបារម្ភពី ទស្សនាវដ្ដី ឡារ៉ែន៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • អាការ​ប្រតិកម្ម​ចាញ់​ញើស និង​វិធី​ការពារ​ហានិភ័យ​នៃ​ជំងឺ​ស្បែក

    អាការ​ប្រតិកម្ម​ចាញ់​ញើស និង​វិធី​ការពារ​ហានិភ័យ​នៃ​ជំងឺ​ស្បែក

    អាការ​ប្រតិកម្ម​ចាញ់​ញើស​ គឺជា​អាការ​ជំងឺ​នៃ​រោគ​សើស្បែក​ ដែល​បាន​បង្ហាញ​រោគសញ្ញា​ចេញ​មក​ឱ្យ​ឃើញ​នៅក្នុង​សភាព​ដូចជា​ ឡើង​កន្ទួល​ ពងបែក​ រមាស់​ និង​មាន​ផ្ទាំង​កន្ទួល​ក្រហម​ដូច​នៅ​លើ​រាងកាយ​។ វា​កើតឡើង​បាន​ដោយសារ​បញ្ហា​នៃ​ការហាត់ប្រាណ​ ការ​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​ ដែល​បង្ក​ឱ្យ​កើតមាន​បញ្ហា​នៅ​លើ​ស្បែក​នៅពេល​ដែល​រាងកាយ​របស់​អ្នក​បែកញើស​ខ្លាំង​។

    បើ​តាម​គ្រូពេទ្យ​ជំនាញ​បានឱ្យ​ដឹង​ថា​ អាការ​ប្រតិកម្ម​ចាញ់​ញើស​ គឺជា​អាការរោគ​សើស្បែក​មួយ​ប្រភេទ​ ដែល​អាច​កើត​ចេញពី​បញ្ហា​តំណពូជ​ និង​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ ដែល​ហុច​ផល​ឱ្យ​រាងកាយ​មាន​សភាព​ខុសប្រក្រតី​ ដូចជា​ ក្ដៅខ្លួន​ខណៈ​ពេល​ដែល​ញើស​បញ្ចេញ​មក​ច្រើន​ ធ្វើ​ឱ្យ​ក្រពេញ​ញើស​ងាយ​បញ្ចេញ​ញើស​មក​ក្រៅ​ ធ្វើ​ឱ្យ​បរិវេណ​រន្ធញើស​បញ្ចេញ​ញើស​ច្រើន​ និង​កើត​អាការ​រមាស់​ ពងបែក​ និង​ឡើង​កន្ទួល​ ឬមាន​កន្ទួល​ជា​បន្ទះ​ពណ៌ក្រហម​ជាដើម​។ អ្នកជំងឺ​ដែល​កើត​អាការរោគ​ប្រភេទ​នេះ​ អាច​នឹង​មាន​រោគសញ្ញា​គួរ​ឱ្យ​កត់សម្គាល់​មួយចំនួន​ ដែល​កើតឡើង​នៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ឬឆ្លង​ពី​សមាជិក​ក្នុង​គ្រួសារ​ដែល​មាន​រោគសញ្ញា​ពី​ជំងឺ​ដូចជា​ គ្រុនផ្ដាសាយ​ធំ​ គ្រុន​ប្រតិកម្ម​ទឹកភ្លៀង​ ឬលំអង​ទឹកភ្លៀង​ ជំងឺហឺត​ រហូត​ធ្វើ​ឱ្យ​អ្នកជំងឺ​កើតមាន​បញ្ហា​ផ្នែក​បន្ទោបង់​ មាន​ប្រតិកម្ម​ស្បែក​នៅពេល​ហាត់ប្រាណ​ និង​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​។
    គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់​បន្ដ​ទៀត​ថា​ អាការ​ប្រតិកម្ម​ចាញ់​ញើស​ ក៏​មាន​រោគសញ្ញា​ដែល​អាច​កត់សម្គាល់​បាន​យ៉ាង​ងាយ​បំផុត​មួយទៀត​គឺ​ ស្បែក​ឡើង​កន្ទួល​រមាស់​ពេញ​រាងកាយ​។
    ចំពោះ​កុមារ​អាយុ​ពី2ខែ​ ទៅ2ឆ្នាំ​ តែង​កើតមាន​កន្ទួល​រមាស់​លើ​ស្បែក​ផ្នែក​បរិវេណ​ថ្ពាល់​ ស្បែក​មុខ​ ដែល​ជា​បរិវេណ​ស្បែក​មាន​សភាព​ខ្ចី​ ហើយ​ធ្វើ​ឱ្យ​ស្បែក​កុមារ​ឡើងក្រហម​តែម្ដង​។ កុមារ​ ឬទារក​ខ្លះ​ មានស្នាម​ពង​គ្រាប់​ពណ៌ស​ជា​ខ្សែ​ៗ ដាម​នៅ​លើ​ស្បែក​ត្រង់​បរិវេណ​ក្បែរ​ប្រអប់មាត់​ ដែល​ភាគ​ច្រើន​ហៅថា​ “ចាញ់​ទឹកដោះ​ ឬស្រែង​ទឹកដោះ​”​។ចៀសវាង​ការ​ព្យាបាល​ដោយខ្លួនឯង​ ឬប្រើ​វិធីសាស្ត្រ​តាម​ទំនៀម​ទំ​លាប់​នៅផ្ទះ​ ព្រោះ​អាច​កាន់​តែ​ហុច​ផល​អាក្រក់​ដល់​ក្មេង​ថែមទៀត​។ គប្បី​នាំ​កុមារ​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​។
    ចំពោះ​កុមារ​អាយុ​ 4ឆ្នាំ​ ទៅ10ឆ្នាំ​ តែង​កើតមាន​ស្នាមរលាក​នៅ​តាម​បរិវេណ​គន្លាក់ដៃ​ជើង​និង​កែងដៃ​ ព្រមទាំង​ជង្គង់​ ដែល​ខ្លះ​មាន​សភាព​ជា​លក្ខណៈ​រោល​រមាស់​ ខ្លះ​ឡើង​បន្ទះ​កន្ទួល​ៗ និង​មាន​ពងបែក​។ អាការ​បែបនេះ​ បាន​ធ្វើ​ឱ្យ​ស្បែក​កុមារ​រមាស់​ខ្លះ​ ហើយ​កាលណា​កាន់តែ​កេះ​ ឬអេះ​វា​ នោះ​វា​កាន់តែ​ធ្វើ​ឱ្យ​ស្បែក​រោល​រលាក​កាន់តែ​ខ្លាំង​ឡើង​។ អ្នក​គួរតែ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សើស្បែក​ ដើម្បី​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​ និង​បាន​ទាន់ពេល​វេលា​។ ចំពោះ​កុមារ​អាយុ12ឆ្នាំ​ឡើង​ទៅ​ ភាគច្រើន​គឺ​មាន​អាការ​ស្បែក​ស្ងួត​ រលាក​ ហើយ​រមាស់​ មាន​កន្ទួល​នៅ​លើ​រន្ធ​រោម​ ឡើង​គ្រាប់​ៗពណ៌ខ្មៅ​លើ​រន្ធ​រោម​ដែល​មិន​រមាស់​ តែ​ក្រហាយ​ស្បែក​ ហើយ​ស្បែក​ភាយ​កម្ដៅ​តិច​ៗ។ អាការ​ទាំងអស់​នេះ​អាច​ព្យាបាល​ជាសះស្បើយ​ និង​មិន​ឆ្លង​ទៅកាន់​មនុស្ស​ធំ​បាន​ឡើយ​ តែ​អាច​ចម្លង​ទៅកាន់​ទារក​ ឬក្មេង​ដូចគ្នា​បាន​។
    បើ​ទោះជាយ៉ាងណា​ក៏ដោយ​ យើង​អាច​ការពារ​ស្បែក​ និង​កាត់បន្ថយ​ភាព​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​បាន​ ដោយ​អនុវត្ត​តាមវិធី​សា​ស្ដ្រមួយ​ចំនួន​ដូច​ខាងក្រោម​នេះ​៖
    1. ចៀសវាង​ពី​អាកាសធាតុ​ ឬបរិយាកាស​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ អ្នក​អាច​កាត់បន្ថយ​កម្តៅ​ និង​ការ​បែកញើស​ដោយ​ងូតទឹក​ ឬនៅ​ក្នុង​បន្ទប់​ ហើយ​បើក​ម៉ាស៊ីន​ត្រជាក់​ឱ្យ​ត្រជាក់​ខ្លាំង​។
    2. មិន​គួរ​គិត​ច្រើន​ ដែល​បណ្ដាល​ឱ្យ​សម្រាក​មិន​គ្រប់គ្រាន់​ ជាហេតុ​ធ្វើ​ឱ្យ​ស្បែក​ងាយ​ប្រតិកម្ម​ខុសប្រក្រតី​។
    3. សម្អាត​កន្លែង​គេ​ និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ដូចជា​ ភួយ​ ខ្នើយ​ កន្ទេល​ ពូក​ ម៉ុង​ ដោយ​ការ​សម្លាប់​មេរោគ​។
    4. ឧស្សាហ៍​ងូតទឹក​សម្អាត​រាងកាយ​ជាប្រចាំ​ ខណៈ​ពេល​ដែល​បែកញើស​ខ្លាំង​ ឬប្រើ​កន្សែង​ស្អាត​ជ្រលក់​ទឹក​ជូត​ខ្លួន​សម្អាត​ញើស​ចេញពី​រាងកាយ​ជាដើម​។
    5. លាបថ្នាំ​ព្យាបាល​អាការ​រមាស់​ តាម​វេជ្ជបញ្ជា​ឱ្យ​បាន​ទៀងពេល​ ឬទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សើស្បែក​។ ប្រសិនបើ​មាន​អាការ​រមាស់​ខ្លាំង​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយខ្លួនឯង​នោះ​ទេ​ ជាពិសេស​ នៅពេល​សម្គាល់​ឃើញថា​ ស្បែក​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ ត្រូវ​ប្រញាប់​សួរ​គ្រូពេទ្យ​ ដើម្បី​ប្ដូរ​ថ្នាំ​ជាបន្ទាន់​៕