Tag: ប្ដីប្រពន្ធ

  • ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    បើសិនអនាគតអ្នកម្ដាយណាម្នាក់ជិតមានបេប៊ី តែមើលឃើញថា លោកប្ដីបែរជាមានអាការនឿយល្វើយទុរន់ទុរា ក្អួតចង្អោរ ចង់ញ៉ាំរបស់ជូរៗ វិលមុខដូចមនុស្សមានផ្ទៃពោះនោះ សាកល្បងអានអត្ថបទនេះលេងៗទៅមើលថា តើមានប្ដីប្រពន្ធណាកើតរឿងបែបហ្នឹងខ្លះ? ហើយអាការហ្នឹងជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    ការដែលលោកប្ដីមានអាការស្រដៀងស្រ្តីមានផ្ទៃពោះកំពុងចាញ់កូន ដូចជាមានអាការ អារម្មណ៍ប្រែប្រួល ក្អួតចង្អោរ វិតក្កកង្វល់ ឃ្លាន និងចង់ញ៉ាំអាហារច្រើនឡើងជាដើមនោះ ខាងវេជ្ជសាស្រ្តហៅថា Couvade Syndrome ដែលប្រែថា ការភ្ញាស់កូន។

    ការពិតទៅ មិនទាន់មានការសិក្សាដែលបង្ហាញច្បាស់លាស់ពាក់ព័ន្ធនឹងអាការចាញ់កូនរបស់អនាគតលោកឪពុកទាំងឡាយនេះនៅឡើយ ទើបមិនអាចប្រាប់បានថា មានចំនួនអ្នកដែលកើតអាការបែបនេះប៉ុន្មាននាក់ តែធ្លាប់មានអ្នកស្រាវជ្រាវបានអះអាងប្រាប់ថា ជាង60%នៃបណ្ដាលោកស្វាមីទាំងឡាយបានសារភាពថា ពួកគេធ្លាប់កើតអាការចាញ់កូនជំនួសភរិយា។ ថាៗទៅ រឿងបែបនេះពិតជាអាចកើតឡើងបាន បើយើងនៅជិតនរណាម្នាក់ និងមើលឃើញទង្វើដែលម្នាក់នោះធ្វើញឹកញាប់ក្នុងអំឡុងពេលនោះ ក៏អាចធ្វើឱ្យធ្លាក់ទឹកចិត្តគិតទៅតាមគ្នាបានដែរ តែក៏ចង់ប្រាប់អនាគតឪពុកគេទុកជាមុនដែរថា បើសិនកើតមានអាការបែបហ្នឹងនោះ អនាគតលោកឪពុកគួរតែងាកមកថែទាំសុខភាពខ្លួនឯងឱ្យបានខ្លាំងឡើង គួរប្រយ័ត្នប្រយែងរឿងទម្ងន់ខ្លួនដែលអាចនឹងកើនឡើងតាមភរិយាដែលកំពុងតាំងគភ៌នោះដែរ។

    ហើយសុខៗ ម៉េចបានប្រុសៗចាញ់កូនទៅកើត?

    ព្រោះបើគិតតាមការពិត វាសឹងតែមិនអាចទៅរួចឡើយដែលមនុស្សខុសគ្នាសោះ តែមកមានអាការអ័រម៉ូនប្រែប្រួលដូចគ្នាក្នុងលក្ខណៈនេះ តែក៏ធ្លាប់មានអ្នកវិទ្យាសាស្រ្តបានអធិប្បាយអំពីរឿងការប្រែប្រួលរបស់អ័រម៉ូនភេទនៅពេលដែលមនុស្សយើងមានការនឹកគិតពីរឿងស្នេហា សេចក្ដីស្រឡាញ់ និងភាពពាក់ព័ន្ធគ្នា អ័រម៉ូនលែកទិកក្នុងរាងកាយក៏នឹងកើនឡើង និងជាហេតុបណ្ដាលឱ្យអ័រម៉ូន ថេសថូស្ទើរ៉ូនថយចុះ តែអ័រម៉ូនខូទិសូលកើនឡើង ទើបមានផលប៉ះពាល់ដល់ទម្ងន់ខ្លួនដែលកើនឡើងដែរ និងគ្រាន់តែលោកប្ដីនឹងគ្មានអាការឈឺពោះខ្លាំងក្លាពេលជិតប្រសូតដូចភរិយាតែប៉ុណ្ណឹងឯង(វាត្រូវហើយ មនុស្សភេទខុសគ្នាតើ!)។

    បើកើតអាការចាញ់កូនជំនួសភរិយា តើស្វាមីត្រូវធ្វើយ៉ាងណា?

    ដូចដែលប្រាប់ពីខាងដើមហើយថា រឿងនេះមិនមែនជារឿងធំដុំអ្វីទេ តែបើកើតមានអាការខ្លាំងក្លាដល់ថ្នាក់ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យដើម្បីទទួលបានថ្នាំសម្រាលអាការទាំងនោះ ដែលមើលទៅវាដូចជាអាការខាងផ្លូវចិត្តខ្លាំងជាង(ព្រោះគ្រូពេទ្យអាចគិតថា វាបណ្ដាលមកពីក្ដីវិតក្កកង្វល់ និងបារម្ភពីភរិយាជ្រុលហួសហេតុពេកក៏អាចថាបាន) ដូច្នេះទើបចង់ណែនាំដល់អនាគតឪពុកគេឱ្យធ្វើចិត្តសប្បាយៗ ទទួលយករឿងល្អៗដែលនឹងកើតឡើងចំពោះក្រុមគ្រួសាររបស់អ្នក បណ្ដោយឱ្យគ្រប់យ៉ាងដំណើរការទៅតាមច្បាប់ធម្មជាតិវាប្រសើរជាង ឬបើមើលឃើញថាភរិយាចាញ់កូនខ្លាំងពេក លោកប្ដីក៏មិនចាំបាច់ទៅពិបាកចិត្តតាមដែរ គ្រាន់តែជួយផ្ដល់ជាកម្លាំងចិត្ត និងរកកិច្ចការងារល្អៗមកធ្វើក្នុងអំឡុងពេលភរិយាតាំងគភ៌ដើម្បីឱ្យមានសម្ព័ន្ធភាពល្អៗចំពោះគ្នា រួមទាំងបានជាការសាងអនុស្សាវរីយ៍ដែលគួរឱ្យពេញចិត្តវិញប្រសើរជាង៕

  • បង្ហាញជីវិតស្ត្រីដែលមានប្ដី 5នាក់ និងវប្បធម៌ដែលមនុស្សជាច្រើនមិនដែលដឹងថា ពិតជាមានមែន…

    បង្ហាញជីវិតស្ត្រីដែលមានប្ដី 5នាក់ និងវប្បធម៌ដែលមនុស្សជាច្រើនមិនដែលដឹងថា ពិតជាមានមែន…

    រ៉ាចូ វើរម៉ា គឺជាភរិយារបស់ស្វាមី 5នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយពួកគេរស់នៅដូចជាក្រុមគ្រួសារដ៏ធំមួយនៅក្នុងតំបន់តូចមួយភាគខាងជើងរបស់ប្រទេសឥណ្ឌា។ ពួកគេចិញ្ចឹមថែទាំកូនប្រុសម្នាក់ដែលមិនដឹងច្បាស់ថា កើតចេញពីឪពុកមួយណា។

    នេះគឺជាគំរូមួយរបស់គ្រួសារបែបមានប្ដីច្រើននាក់ ដែលមិនមែនស្ថិតក្នុងសម័យអតីតកាលច្រើនរយឆ្នាំមុននោះទេ តែក្នុងសម័យបច្ចុប្បន្នកាលដែលកើតឡើងពិតៗ ដែលវប្បធម៌ប្រពៃណីបែបនេះនៅមាននៅឡើយនៅក្នុង ចិន និងឥណ្ឌា…ថ្ងៃនេះឡារ៉ែនសូមបើកបង្ហាញនូវអាថ៌កំបាំងរបស់គ្រួសារបែបមានស្វាមីច្រើននាក់ ដែលមនុស្សជាច្រើនមិនដែលធ្លាប់ដឹងទាល់តែសោះ។

    1-នរណាមានតួនាទីជាមេគ្រួសារ?

    លោកអ្នកអាចនឹងធ្លាប់បានឮរឿងរ៉ាវនៃការមានភរិយាច្រើននាក់ខ្លះៗមកហើយ តែមានធ្លាប់នឹកសង្ស័យដែរទេថា ចុះបើវាបញ្ច្រាស់គ្នាវិញ?។ មានស្ត្រីជាភរិយាម្នាក់ រៀបការជាមួយបុរសច្រើននាក់ និងស្វាមីទាំងអស់ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ស្វាមីដែលមានអាយុច្រើនជាងគេ នឹងក្លាយជាមេគ្រួសារ ដោយខ្លួនគេនឹងធ្វើជាអ្នកជ្រើសរើសប្ដីផ្សេងទៀតឱ្យប្រពន្ធរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណឹងទេ មេគ្រួសារថែមទាំងអាចជ្រើសរើសប្រពន្ធទី2 ឬទី3 ឱ្យខ្លួនឯងបានទៀតផង ហើយរូបគេនឹងបានទទួលឈ្មោះថា ជាឪពុករបស់ក្មេងទាំងអស់ដែលកើតនៅក្នុងគ្រួសារ ចំណែកប្ដីផ្សេងទៀត នឹងត្រូវបានហៅថា “ពូ” ទោះជាម្នាក់ណាជាឪពុកបង្កើតរបស់ក្មេងក៏ដោយ។

    2-អ្នកណាជាអ្នកចាប់ផ្ដើមវប្បធម៌គ្រួសារបែបមានប្ដីច្រើននាក់?

    គ្មានអ្នកណាដឹងពីប្រវត្តិចាប់ផ្ដើមរបស់វប្បធម៌នេះឡើយ តែអ្នកវិទ្យាសាស្ត្រជឿថា មានហេតុផលក្នុងរឿងនេះ ព្រោះការសាងគ្រួសារតែមួយ នឹងធ្វើឱ្យបងប្អូនមិនចាំបាច់ត្រូវដណ្ដើមកេរមរតក(ដីធ្លី)គ្នា ដែលនេះគឺជារឿងសំខាន់បំផុតសម្រាប់អ្នករស់នៅក្នុងតំបន់ទីបេត៍ និងតំបន់លើភ្នំហិមាល័យ ដោយសារតែដីធ្លីរបស់ពួកគេគឺជាវត្ថុស័ក្តិសិទ្ធិ រួមទាំងជនជាតិឥណ្ឌាដែលកំពុងជួបនឹងបញ្ហាប្រជាជនពេញហៀរប្រទេសរហូតគ្មានកន្លែងស្នាក់នៅផងដែរ។

    3-យើងនឹកឆ្ងល់ថា តើវាខុសច្បាប់ដែរឬទេ?

    ទោះជាសម្ព័ន្ធភាពបែបនេះ នឹងងាយស្រួលសម្រាប់ក្រុមគ្រួសារជាច្រើនមែន តែការរៀបការបែបមានស្វាមីច្រើននាក់ ក៏ជារឿងខុសច្បាប់នៅក្នុងប្រទេសជាច្រើនទៀតដែរ ក៏ប៉ុន្តែពួកគេមិនត្រូវបានរងទោសទណ្ឌអ្វីទាំងអស់ ដោយសារតែភាគច្រើនរស់នៅក្នុងតំបន់ឆ្ងាយដាច់ស្រយាលខ្លាំង។

    4-ប្រពន្ធ1 ប្ដី 5នាក់ ជារឿងដែលទទួលយកបានក្នុងគ្រួសារ1

    វប្បធម៌ស្វាមីច្រើននាក់ មានជាច្រើនសតវត្សរ៍មកហើយ វាមានន័យថា ពួកគេឆ្លងកាត់វិថីជីវិតបែបនេះមកតាំងពីជំនាន់តាទួតយាយទួត រហូតមកដល់ជំនាន់បច្ចុប្បន្ន និងក៏នៅតែបន្តកេរដំណែលនេះរហូតតទៅ ទៀត​។ មនុស្សស្រីតែងតែមានស្វាមី តាំងពី2 រហូតដល់ 5នាក់ និងទាំងអស់ត្រូវតែមានអាយុមិនតិចជាង18ឆ្នាំ។

    បើបងប្អូនក្នុងត្រកូលនោះ អាយុមិនទាន់ដល់ 18ឆ្នាំ នៅពេលដែលពួកគេមានអាយុដល់កំណត់ភ្លាម ពួកគេនឹងបានរៀបការជាមួយប្រពន្ធរបស់បងប្រុសខ្លួនឯងភ្លាមតែម្ដង។ ភាគច្រើន គ្រប់គ្នានៅក្នុងគ្រួសារនឹងរស់​នៅក្នុងបន្ទប់ជាមួយគ្នា ហើយភូមិករជាច្រើននៅក្នុងតំបន់ទីបេត៍ នឹងគ្មានគ្រែសម្រាប់គេងទេ ពួកគេគ្រាន់​តែក្រាលក្រណាត់ និងគេងនៅលើដីប៉ុណ្ណោះ។

    ក្នុងខណៈដែលមនុស្សជាច្រើនអាចនឹងយល់ថា មនុស្សគួរមានគូត្រឹមតែម្នាក់ ដើម្បីការពារមិនឱ្យកើតបញ្ហានោះ នៅក្នុងវប្បធម៌ និងទំនៀមទម្លាប់ខ្លះ ស្វាមី ឬភរិយាដែលមានគូស្នេហ៍ច្រើនជាងម្នាក់ ក៏អាចរួមរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្តប្រក្រតីដែរ។ សរុបទៅ តើអ្នកគិតយ៉ាងណាដែរចំពោះរឿងនេះ?

    ប្រភព៖ សារ​ព័ត៌មាន​បរទេស