Tag: ប៊ូលឌីង ស

  • ការអភិវឌ្ឍអគារប៊ូលឌីង-ស បានចាប់ផ្ដើមចេញដំណើរការហើយដោយមិនរង់ចាំអ្នកបដិសេធទេ

    ការអភិវឌ្ឍអគារប៊ូលឌីង-ស បានចាប់ផ្ដើមចេញដំណើរការហើយដោយមិនរង់ចាំអ្នកបដិសេធទេ

    កាលពីព្រឹកមិញនេះអាជ្ញាធរនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានជួបជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុង”អគារប៊ូលឌីង-ស” ដើម្បីជជែកចរចារកដំណោះស្រាយបញ្ចប់បញ្ហា បន្ទាប់ពីការជួបជជែកគ្នាចរចាលើតម្លៃលក់លើកទី1ពុំបានសម្រេចម្តងរួចមក។

    ប្រជាពលរដ្ឋទាំង 493គ្រួសារដែលរស់នៅលើ «អគារប៊ូលឌីង-ស» បានជួបជាមួយឯកឧត្ដមជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីជជែករកដំណោះស្រាយបញ្ចប់បញ្ហាឈានទៅដល់ការអភិវឌ្ឍអគារប៊ូលឌីង-ស។ ក្រោយពីមានការលើកឡើងនូវហេតុផលជាច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគរួចមក ជាលទ្ធផលត្រូវបានប្រជាជនប្រមាណជាង 90%ទទួលយកការទិញកម្មសិទ្ធិឯកជននៅក្នុងអគារដ៏ចាស់មួយនេះក្នុងតម្លៃ 1400ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េដោយគិតទៅលើចំនួនការ៉េនៅក្នុងមួយយូនីត។ ទោះជាយ៉ាងនេះក្ដី ក៏គេសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនបានអះអាងថា ពួកគេពុំយល់ព្រមលក់កម្មសិទ្ធិឯកជនរបស់ខ្លួនក្នុងតម្លៃនោះឡើយ។

    ទោះជាយ៉ាងណា ដើម្បីឈានទៅដល់ការបញ្ចប់បញ្ហា អាជ្ញាធរបានសម្រេចអោយអ្នកដែលយល់ព្រមលក់កម្មសិទ្ធិឯកជនរបស់ខ្លួនចាប់ផ្ដើមធ្វើកិច្ចសន្យាយល់ព្រមលក់ ដើម្បីទទួលបានប្រាក់នៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017។

    ឯកឧត្ដមជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា លោកមានសេចក្ដីរីករាយដោយសារតែសង្កេតឃើញមានប្រជាជនជាច្រើនសប្បាយចិត្ដជាមួយនឹងដំណោះស្រាយនេះ ដោយពួកគាត់យល់ព្រមទទួលយកនូវការទិញក្នុងតម្លៃ 1400ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ឯកឧត្ដមបន្ដថា បន្ទាប់ពីដំណើរការងារតាមនីតិវិធីនៃការទិញ-លក់អស់ហើយ ក្រុមការងារនឹងចាប់ផ្ដើមធ្វើការងារនេះចាប់ពីថ្ងៃទី06 ខែមិថុនា ដល់ថ្ងៃទី06 ខែកក្កដា ឆ្នាំ2017។
    ក្នុងនោះខាងក្រុមហ៊ុនក៏នឹងជួយសម្រួលតម្លៃដឹកជញ្ជូនឥវ៉ាន់ដល់ប្រជាពលរដ្ឋនៅពេលដែលពួកគាត់រើឥវ៉ាន់ចេញពីអគារនោះចំនួន ១០០ដុល្លារទៀតផង។

    ជាមួយគ្នានេះរដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ «ចំពោះអ្នកដែលមិនទាន់ឯកភាព យើងមិនទាន់ច្បាស់ថាត្រូវធ្វើយ៉ាងណានោះទេ? ប៉ុន្ដែពេលខ្លះគាត់អាចនឹងយល់ព្រមហើយ តែគាត់ចេះតែនិយាយអ៊ីចឹងទៅ និងអ្វីដែលសំខាន់ គឺយើងរង់ចាំមើលតាមស្ថានភាពជាក់ស្ដែង»៕

  • ស្អែកនេះ ប្រជាពលរដ្ឋនឹងចូលទៅដោះស្រាយបញ្ចប់ការអភិវឌ្ឍលើសំណង់អគារ «ប៊ូលឌីង ស»

    ស្អែកនេះ ប្រជាពលរដ្ឋនឹងចូលទៅដោះស្រាយបញ្ចប់ការអភិវឌ្ឍលើសំណង់អគារ «ប៊ូលឌីង ស»

    នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ អាជ្ញាធរនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវជួបជាមួយប្រជាពលរដ្ឋរស់នៅក្នុង «អគារប៊ូលឌីង ស» ដើម្បីជជែកចរចារកដំណោះស្រាយបញ្ចប់បញ្ហា បន្ទាប់ពីការជួបគ្នាលើកទីមួយពុំបានសម្រេចលទ្ធផលល្អ។

    បន្ទាប់ពីការជួបសំណេះសំណាលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋចំនួន493គ្រួសារដែលរស់នៅក្នុងសហគមន៍ប៊ូលឌីងសលើកទីមួយកាលពីថ្ងៃទី07 ខែមេសា ឆ្នាំ2017 កន្លងទៅ ប្រជាពលរដ្ឋទាំងអស់បានឯកភាពលក់អគារជាចំណែកកម្មសិទ្ធឯកជនទាំងស្រុងរបស់ខ្លួនទៅឱ្យអ្នកវិនិយោគហើយ ប៉ុន្ដែបញ្ហានៅតែអូសបន្លាយរហូតមកដល់ថ្ងៃនេះ នៅពុំទាន់បានដោះស្រាយបានចប់នៅឡើយ។

    បច្ចុប្បន្នអាជ្ញាធរបានចេញលិខិតជាសាធារណៈដើម្បីអញ្ជើញប្រជាពលរដ្ឋរស់នៅលើអគារប៊ូលឌីងសទាំងអស់ឱ្យចូលមកដោះស្រាយបញ្ចប់នូវបញ្ហាទាំងនោះ និងឈានទៅដល់ការអភិវឌ្ឍ។

    កន្លងមកអាជ្ញាធរធ្លាប់បានបញ្ជាក់ថា មូលហេតុក្រសួងមានបំណងចង់ដោះស្រាយទៅលើសំណង់អគារប៊ូលឌីងនេះ ដោយសារតែមើលឃើញពីភាពចំណាស់ និងភាពទ្រុឌទ្រោមនៃអគារនេះ។ ម្យ៉ាងអគារនេះវាបាត់បង់នូវភាពរឹងមាំអស់ទៅហើយ ដូច្នេះទើបអាជ្ញាធរមានការបារម្ភខ្លាចអ្នករស់នៅលើអគារនោះជួបនឹងហានិភ័យដោយសារការបាក់រលំនៃអគារដ៏ទ្រុឌទ្រោមមួយនេះ។

    មូលហេតុដែលធ្វើឱ្យមានការអូសបន្លាយក្នុងការចរចារហូតមកដល់ពេលនេះ គឺដោយសារតែអាជ្ញាធរបានដាក់តម្លៃទិញជាគោលការណ៍រួមនៅក្នុងសំណង់អគារនេះក្នុង1ម៉ែត្រការ៉េ ក្នុងរង្វង់តម្លៃ 1350ដុល្លារអាមេរិក ប៉ុន្ដែប្រជាពលរដ្ឋទាំង 493គ្រួសារបានទាមទារសុំឱ្យដំឡើងថ្លៃដល់តម្លៃ 2200ដុល្លារអារមេរិក ក្នុង1ម៉ែត្រការ៉េ។

    ទោះជាយ៉ាងនេះក្ដី គេរំពឹងថាការជួបចរចាតម្លៃអគារប៊ូលឌីងសជាលើកទីពីរនេះ អាចនឹងត្រូវបញ្ចប់ទៅដោយជោគជ័យ ដើម្បីអនុញ្ញាតឱ្យអ្នកវិនិយោគមានលទ្ធភាពចូលទៅអភិវឌ្ឍនៅតំបន់នោះ និងឈានទៅដល់ការបង្កើនសោភ័ណភាពរបស់រាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

    គួរបញ្ជាក់ដែរថា កាលពីអតីតកាល គម្រោងអគារប៊ូលឌីងសនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមស្ថិតជាប់មាត់ទន្លេបាសាក់ ដែលបានសាងសង់នៅលើដីចាក់បំពេញវាលលិចទឹក តាមបណ្តោយដងទន្លេបាសាក់។ អគារនេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករខ្មែរ លោក លូ បានហាប់ ជាមួយនឹងស្ថាបត្យកររុស្ស៊ី លោក វ្ល់ាឌីមៀរ បូឌៀនស្គី (Vladimir Bodiansky) ហើយត្រូវបានសម្ពោធដាក់អោយប្រើប្រាស់នៅឆ្នាំ 1963។ អគារប៊ូលឌីង មានកម្ពស់ 4ជាន់ មានបន្ទប់ចំនួន 468 ដែលបន្ទប់នីមួយមានទំហំចាប់ពី33ម៉ែត្រការ៉េ ដល់47,5ម៉ែត្រការ៉េ។

    បច្ចុប្បន្នគម្រោងនេះ គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ 70-80លានដុល្លារ រួមមាន ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ 21ជាន់ ដែលក្នុងនោះមានទាំងការត្រៀមធ្វើទីតាំងចំណតរថយន្ត 3ជាន់ កន្លែងលក់ដូរ1ជាន់ និងកន្លែងស្នាក់នៅចំនួន 5ជាន់ ដោយបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន10% ហើយចាប់ពីជាន់ទី 9ឡើងទៅនឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕