Tag: ប៉ារ៉ាសេតាម៉ុល

  • វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីរោគគ្រុនផ្ដាសាយ រោគល្បីល្បាញប្រចាំរដូវភ្លៀង

    វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីរោគគ្រុនផ្ដាសាយ រោគល្បីល្បាញប្រចាំរដូវភ្លៀង

    ពេលនេះចូលដល់រដូវភ្លៀងហើយ ធាតុអាកាសក៏ចាប់ផ្ដើមប្រែប្រួល ធ្វើឱ្យលោកឪពុកអ្នកម្ដាយចាប់ផ្ដើមមានកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់កូនតូច រួមទាំងជំងឺផ្សេងទៀតផង ហើយជំងឺដ៏ល្បីល្បាញប្រចាំរដូវភ្លៀង ក៏ប្រហែលជាគេចមិនផុតពី “ជំងឺគ្រុនផ្ដាសាយ” យ៉ាងពិតប្រាកដ។ លោកឪពុកអ្នកម្ដាយទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានជាកូនក្មេងតូចៗងាយកើតជំងឺគ្រុនផ្ដាសាយម្ល៉េះ? ហើយបើកើតហើយ តើត្រូវធ្វើយ៉ាងណាស្រួល?

    …កុំអាលភ័យបារម្ភអី…មុនអ្វីទាំងអស់ យើងនាំគ្នាមកមើលពីមូលហេតុទាំងអស់គ្នាសិនថា ហេតុអីបានកូនតូចងាយកើតជំងឺគ្រុនផ្ដាសាយក្នុងរដូវភ្លៀងម្ល៉េះ?

    មូលហេតុចម្បងៗដែលធ្វើឱ្យកូនតូចកើតរោគគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង

    ជំងឺគ្រុនផ្ដាសាយ ភាគច្រើនមានមូលហេតុមកពីការឆ្លងមេរោគវីរុស ដែលអាចសាយភាយ និងចម្លងទៅមនុស្សជុំវិញខ្លួនដោយឆ្លងកាត់ប្រព័ន្ធដកដង្ហើម ការកណ្ដាស់ ការក្អក សំបោរ ទឹកមាត់ ការប៉ះពាល់វត្ថុដែលមានមេរោគគ្រុនផ្ដាសាយ។ ច្រើនប្រទះឃើញនៅលើក្មេងដែលមានប្រព័ន្ធប្រឆាំងជំងឺខ្សោយ ជាពិសេសក្មេងអាយុតិចជាង 6ឆ្នាំ ហើយរឹតតែជាទារកផង រឹតតែកើតការឆ្លងបានងាយទៅទៀត ហើយថែមទាំងក្នុងអំឡុងរដូវភ្លៀង អាកាសធាតុប្រែប្រួលញឹកញាប់ បន្តិចក្ដៅ បន្តិចត្រជាក់ផងនោះ រឹតតែធ្វើឱ្យក្មេងៗកើតជំងឺ្រុនផ្ដាសាយបានយ៉ាងងាយទៅតាមហ្នឹងដែរ…តែលោកឪពុកអ្នកម្ដាយកុំអាលទៅកង្វល់ព្រួយធ្វើអ្វី ព្រោះថា យើងអាចការពារជំងឺគ្រុនផ្ដាសាយឱ្យកូនៗបាន តាមចំណុចៗដូចខាងក្រោមនេះ ៈ

    វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង មិនពិបាកឡើយ ចូរធ្វើតាមដូចតទៅនេះ ៈ

    • នាំកូនៗហាត់ប្រាណ ឬកម្រើកដៃជើង ធ្វើចលនារាងកាយឱ្យបានជាប់ជាប្រចាំ ដើម្បីសាងភាពកក់ក្ដៅដល់រាងកាយ ធ្វើឱ្យមានប្រព័ន្ធប្រឆាំងជំងឺដែលរឹតតែល្អឡើង។
    • ទទួលទានអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ដោយសង្កត់ធ្ងន់លើការញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេសផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដើម្បីឱ្យកូនមានប្រព័ន្ធប្រឆាំងជំងឺខ្លាំងក្នុងការតតាំងនឹងជំងឺគ្រុនផ្ដាសាយ។
    • ចំពោះទារក គួរឱ្យបៅទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយមានប្រព័ន្ធប្រឆាំងជំងឺដ៏ល្អ។
    • សម្រាកឱ្យបានគ្រប់គ្រាន់។ លោកឪពុកអ្នកម្ដាយត្រូវនាំកូនចូលគេងឱ្យបានទៀងពេល និងគេងឱ្យបានគ្រប់គ្រាន់តាមអំឡុងវ័យ។
    • អំឡុងពេលដែលអាកាសធាតុប្រែប្រួលញឹកញាប់ មានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ គួរចៀសវាងការនាំកូនចេញទៅក្រៅផ្ទះ ព្រោះបើកូនត្រូវលម្អងទឹកភ្លៀង ក៏អាចធ្វើឱ្យកូនកើតជំងឺគ្រុនផ្ដាសាយបានដូចគ្នាដែរ និងកុំភ្លេចត្រៀមឆត្រ និងអាវភ្លៀងផងបើចាំបាច់ត្រូវនាំកូនចេញទៅក្រៅដោយខានមិនបាន។
    • បើកូនទទឹកទឹកភ្លៀង សម្លៀកបំពាក់ទទឹក ឬសើម ចូរប្រញាប់ផ្លាស់ចេញ និងប្រញាប់នាំទៅងូតទឹក ព្រោះខណៈពេលនៅហាលភ្លៀង រាងកាយនឹងផ្លាស់ប្ដូរសីតុណ្ហភាពយ៉ាងឆាប់រហ័ស ទើបចាំបាច់ត្រូវងូតទឹកដើម្បីសម្រួលសីតុណ្ហភាពដល់រាងកាយ។
    • ចៀសវាងការនាំកូនទៅជិតអ្នកដែលកើតជំងឺគ្រុនផ្ដាសាយ រួមទាំងត្រូវលាងដៃឱ្យកូនគ្រប់ពេលមុនទទួលទានអាហារដើម្បីការពារមេរោគ។

    បើលោកឪពុកអ្នកម្ដាយការពារហើយ ធ្វើគ្រប់យ៉ាងហើយ តែកូននៅតែកើតគ្រុនផ្ដាសាយ ក៏មិនបាច់ទៅកង្វល់អ្វីដែរ ព្រោះទោះជាកូនគ្រុនក្ដៅខ្លួន មានហៀរសំបោរ កណ្ដាស់ញឹកញាប់ ដកដង្ហើមមិនស្រួលក៏ដោយ ក៏លោកឪពុកអ្នកម្ដាយនៅតែអាចមើលថែទាំកូន ជួយសម្រាលអាការទាំងនោះបានដោយការប្រើវត្ថុជំនួយការល្អដូចខាងក្រោមនេះបានដែរ ៈ

    • ឱ្យកូនគេងសម្រាកឱ្យបានច្រើន កុំរំខាន ឬបញ្ចេញសំឡេងខ្លាំងៗខណៈកូនកំពុងគេងសម្រាក។
    • ឱ្យកូនញ៉ាំទឹកដោះគោ ញ៉ាំអាហារទន់ៗ ដូចជាបបរ ឬទឹកស៊ុប ជាដើម ព្រោះអំឡុងពេលហ្នឹង កូនអាចមានអាការឈឺករួមជាមួយផង ទើបធ្វើឱ្យពិបាកក្នុងការលេបអាហាររឹងៗ ក្រៅពីនេះ គួរឱ្យកូនញ៉ាំទឹកឱ្យបានញឹកញាប់ ដើម្បីឱ្យមានស្លេស្ម៍ស្អិត។
    • បើកូនក្ដៅខ្លួន 37.5 – 38អង្សា ចូរសម្រាលអាការនេះដោយការយកក្រណាត់សើមមកជូតខ្លួនកូន តែបើកូនក្ដៅខ្លួនខ្លាំងចាប់ពី 38អង្សាឡើង ចូរឱ្យកូនញ៉ាំថ្នាំបញ្ចុះកម្ដៅ(ប៉ារ៉ាសេតាម៉ុល)រៀងរាល់ 4ម៉ោងម្ដង។
    • បើកូនមានអាការក្អក កណ្ដាស់ តឹងច្រមុះ ចូរឱ្យកូនញ៉ាំថ្នាំបំបាត់សំបោរ និងថ្នាំបំបាត់ក្អកសម្រាប់ក្មេងតូច។

    និងបើកូននៅតែក្ដៅខ្លួនមិនបាត់ ដាក់ថ្នាំ និងមើលថែទាំហើយនៅតែមិនបានធូរស្រាលនោះ ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ឬទៅមន្ទីរពេទ្យដើម្បីពិនិត្យរកមូលហេតុពិតប្រាកដរបស់ជំងឺ និងសភាវជ្រៀតជ្រែកពីជំងឺផ្សេងទៀត

  • ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ឪពុកម្ដាយគួរស្គាល់ឱ្យច្បាស់ និងប្រើយ៉ាងត្រូវវិធី

    ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ឪពុកម្ដាយគួរស្គាល់ឱ្យច្បាស់ និងប្រើយ៉ាងត្រូវវិធី

    ក្មេងៗនៅពេលឈឺថ្កាត់ ច្រើនតែមានអាការក្ដៅខ្លួន មុខ និងខ្លួនឡើងក្រហម ដោយសារតែសរសៃឈាមតូចៗនៅក្រោមស្បែកពង្រីកខ្លួនឡើងដើម្បីបំភាយកម្ដៅ តែក្មេងខ្លះអាចមានអាការចុងដៃ ចុងជើងត្រជាក់ និងស្លាំង ដែលក្នុងពេលខ្លះ ការដែលឪពុកម្ដាយយកដៃទៅស្ទាបថ្ងាស់កូនក៏មិនអាចដឹងបានដែរថា កូនកំពុងតែគ្រុនក្ដៅខ្លាំង ដូច្នេះការវាស់ជំងឺគ្រុនក្ដៅនៅលើក្មេង គួរប្រើប្រដាស់ស្ទង់កម្ដៅតែមួយគត់។

    វិធីបញ្ចុះកម្ដៅខ្លួនក្មេង

    គោលបំណងសំខាន់ក្នុងការបញ្ចុះកម្ដៅ គឺធ្វើឱ្យកូនតូចមានអារម្មណ៍ត្រជាក់ស្រួលខ្លួនឡើងវិញ អាការឈឺក្បាលធូរស្រាលចុះ ធ្វើឱ្យកូនតូចលែងសូវយំរករឿង និងអាចគេងលក់សម្រាកបាន និងបើសិនមានគ្រុនក្ដៅខ្លួនខ្លាំង ការបញ្ចុះកម្ដៅក៏អាចជួយការពារការប្រកាច់បានមួយផ្លូវដែរ។

    ការជូតខ្លួនបញ្ចុះកម្ដៅដែលត្រូវវិធី

    1. បញ្ចុះកម្ដៅដោយការជូតខ្លួនដោយប្រើក្រណាត់ជ្រលក់ទឹកធម្មតា ហាមប្រើទឹកត្រជាក់ ឬអាល់កុល ព្រោះនឹងធ្វើឱ្យសរសៃឈាមនៅក្រោមស្បែកបង្រួញខ្លួន បំភាយកម្ដៅចេញមកក្រៅមិនបាន។
    2. បើកូនតូចមានអាការរងាញាក់ និងគ្រុនក្ដៅខ្លួនខ្លាំង ពេលជូតខ្លួន ចូរដោះខោអាវចេញឱ្យអស់ ហើយឃ្លុំផ្នែកដែលមិនបានជូតដោយភួយក្រណាត់ស្ដើងៗ។
    3. ជូតខ្លួនបញ្ច្រាស់ទិសលំហូរវិលរបស់ឈាម និងមិនចាំបាច់ជូតខ្លាំងៗឡើយ ព្រោះការជូតខ្លួនខ្លាំងៗនឹងធ្វើឱ្យកូនតូចឈឺ និងក្រហាយស្បែក និងមិនបានជួយបញ្ចុះកម្ដៅខ្លួនកូនឡើយ។
    4. សង្កត់ធ្ងន់លើការជូតលើបំពង់ក ផ្ទៃមុខ ពោះ គន្លាក់ដៃ-ជើង នឹងអាចជួយទាញកម្ដៅចេញពីសរសៃឈាមបានច្រើន។
    5. ការប្រើកន្សែងត្រជាក់ ឬចាហួយបញ្ចុះកម្ដៅ មិនបានជួយឱ្យកម្ដៅខ្លួនថយចុះឡើយ ត្រឹមតែជួយបំភាយកម្ដៅចេញពីរាងកាយប៉ុណ្ណោះ តែមានប្រយោជន៍ក្នុងរឿងសម្រាលអាការឈឺក្បាលបាន។

    យល់ដឹងអំពីថ្នាំបញ្ចុះកម្ដៅខ្លួនកុមារ និងការប្រើយ៉ាងត្រូវវិធី

    ការញ៉ាំថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេង ជារឿងដែលឪពុកម្ដាយគួរយល់ដឹង ដើម្បីប្រើប្រាស់បានយ៉ាងត្រឹមត្រូវ។ ជាប្រក្រតី នៅលើទីផ្សារ ថ្នាំបញ្ចុះកម្ដៅសម្រាប់ក្មេងមានច្រើនម៉ាកយីហោណាស់ តែគ្រាប់ថ្នាំមិនខុសប្លែកគ្នាប៉ុន្មានឡើយ។ ថ្នាំបញ្ចុះកម្ដៅមាន 3ប្រភេទគឺ ៈ

    1. ប៉ារ៉ាសេតាម៉ុល : ខ្នាត 10-20មីល្លីក្រាម ក្នុងទម្ងន់ខ្លួនកុមារ 1គីឡូក្រាម ក្នុង 1ដង រៀងរាល់ 4-6ម៉ោង ៈ គ្មានឥទ្ធិពលបំផ្លាញក្រពះទេ ដូច្នេះហើយទើបអាចញ៉ាំបានខណៈពោះទំនេរ(មិនទាន់ញ៉ាំអាហារ)។ ខ្នាតថ្នាំដែលខ្ពស់ខ្លាំងពេកមានផលប៉ះពាល់ដល់ថ្លើម ដូច្នេះហើយទើបពាក្យដាស់តឿនដែលថា មិនគួរប្រើថ្នាំប្រភេទនេះជាប់ៗគ្នាលើស 5ថ្ងៃ ជាការដាស់តឿនឱ្យអ្នកប្រើថ្នាំ គួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដរបស់អាការគ្រុនក្ដៅ ដើម្បីបានទទួលការព្យាបាលដែលត្រឹមត្រូវជាបន្ត។
    2. អៃប៊ូប្រូហ្វេន : ឬថ្នាំបញ្ចុះកម្ដៅខ្លាំង ប្រើបាននៅលើក្មេងដែលមានអាយុ 6ខែឡើងទៅ។ ខ្នាតថ្នាំ 5-10មីល្លីក្រាម ក្នុងទម្ងន់ខ្លួនក្មេង 1គីឡូក្រាម ក្នុង 1ដង រៀងរាល់ 6ម៉ោង។ បើឱ្យញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលហើយ កម្ដៅមិនថយចុះ អាចបន្ថែមថ្នាំ អៃប៊ូប្រូហ្វេន ប្រភេទនេះបានក្នុងចន្លោះពេលឱ្យញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលក្នុងករណីដែលនៅមិនទាន់គ្រប់ 4ម៉ោងពីការឱ្យថ្នាំប៉ារ៉ាសេតាម៉ុលលើកចុងក្រោយ តែថ្នាំប្រភេទនេះមានឥទ្ធិពលបំផ្លាញក្រពះ ដូច្នេះមិនឱ្យកូនញ៉ាំថ្នាំនេះខណៈពេលពោះទំនេរ មិនទាន់ញ៉ាំអីឡើយ។
    3. អាស្ពីរីន : មានផលប៉ះពាល់ ធ្វើឱ្យងាយចេញឈាមដូចថ្នាំអៃប៊ូប្រូហ្វេនដែរ(ក្នុងករណីមានដំបៅក្រពះ) និងហាមឱ្យក្មេងអាយុក្រោម 12ឆ្នាំដែលកើតជំងឺកញ្រ្ជិល ឬគ្រុនផ្ដាសាយធំញ៉ាំថ្នាំប្រភេទនេះ ព្រោះអាចនឹងធ្វើឱ្យកើតភាពខុសប្រក្រតីជាមួយប្រព័ន្ធប្រសាទកណ្ដាល ដូចជា ហើមខួរក្បាល បាត់បង់ស្មារតី ប្រកាច់ និងកើតភាពខុសប្រក្រតីចំពោះថ្លើម អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។

    នៅពេលដឹងពីវិធីការប្រើថ្នាំទាំង 3ប្រភេទនេះហើយ អាណាព្យាបាលគួរប្រើប្រាស់ឱ្យបានត្រឹមត្រូវដើម្បីសុវត្ថិភាពរបស់កូនតូច។ ទោះជាយ៉ាងណាក្ដី បើកូនមានអាការឈឺថ្កាត់ គ្រុនក្ដៅនោះ វិធីដែលល្អបំផុត គឺមិនគួរទិញថ្នាំមកឱ្យញ៉ាំដោយខ្លួនឯងឡើយ ព្រោះអាចកើតការប្រតិកម្មចាញ់ថ្នាំប្រភេទខ្លះបាន តែគួរនាំកូនទៅមន្ទីពេទ្យ៕

  • ថ្នាំប៉ារ៉ាសេតាម៉ុល លេបប៉ុន្មានគ្រាប់ ទើបមិនមានគ្រោះថ្នាក់ដល់រាងកាយ?

    ថ្នាំប៉ារ៉ាសេតាម៉ុល លេបប៉ុន្មានគ្រាប់ ទើបមិនមានគ្រោះថ្នាក់ដល់រាងកាយ?

    គឺជារឿងសំខាន់ក្បែរខ្លួនមួយដែលយើងគួរតែដឹង ព្រោះពេលឈឺក្បាល ឬមានគ្រុនក្តៅ មិនស្រួលខ្លួនម្តងៗ រឿងដំបូងគេដែលមនុស្សយើងនឹកដល់គឺ ថ្នាំប៉ារ៉ាសេតាម៉ុល ថ្នាំសាមញ្ញធម្មតាៗដែលត្រូវតែមាននៅក្នុងផ្ទះគ្រប់ៗគ្នា តែការទទួលទានថ្នាំគ្រប់ប្រភេទតែងតែមានកម្រិតកំណត់ បើសិនទទួលទានច្រើនជ្រុលពេកក៏នឹងហុចផលមិនល្អដល់រាងកាយដែរ។ ថ្នាំប៉ារ៉ាសេតាម៉ុល ជាថ្នាំបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅដែលល្អបំផុតក្នុងពេលបច្ចុប្បន្ននេះ តែគ្រោះថ្នាក់របស់ការប្រើថ្នាំប៉ារ៉ាសេតាម៉ុល គឺមានផលប៉ះពាល់ចំពោះថ្លើម ( Hepatotoxicity) ប៉ះពាល់តាំងពីការធ្វើការងាររបស់ថ្លើម រហូតទៅដល់សភាវថ្លើមគាំងយ៉ាងទាន់ហន់ ( Acute liver failure ) ដែលនាំឆ្ពោះទៅរកការស្លាប់បាត់បង់ជីវិតបាន។

    ប្រើថ្នាំប៉ារ៉ាសេតាម៉ុល ឱ្យមានសុវត្ថិភាពត្រូវមើលលើកម្រិតខ្នាត វេជ្ជបណ្ឌិតជំនាញបានណែនាំថា គួរទទួលទានតាមទម្ងន់ខ្លួន គុណជាមួយ 10 ឬ 15ដង នឹងទទួលបានកម្រិតថ្នាំជាមីល្លីក្រាមដែលត្រូវលេបសម្រាប់ខ្លួនអ្នក (តែមិនត្រូវលើស1,000 មីល្លីក្រាមក្នុងមួយដងឡើយ) ឧទាហរណ៍ ទម្ងន់ខ្លួន 50គីឡូក្រាម កម្រិតថ្នាំដែលស័ក្តិសមត្រូវលេបគឺ 500 ឬ 750មីល្លីក្រាម ដែលស្មើ 1គ្រាប់ ឬ 1គ្រាប់កន្លះ (បើមានមាឌធំ គុណនឹងទម្ងន់ខ្លួនហើយលើស1,000មីល្លីក្រាម ក៏ត្រូវតែលេបបានមិនលើស2គ្រាប់ដែរ)។

    កម្រិតថ្នាំខ្ពស់បំផុតសម្រាប់មនុស្សធំក្នុងមួយថ្ងៃ
    – កម្រិតស្តង់ដារទូទៅ មិនលើសពី 4,000មីល្លីក្រាម រួមទាំងជាតិថ្នាំដែលមានផ្សំក្នុងប៉ារ៉ាសេតាម៉ុលផង ដូចជា ថ្នាំបន្ធូរសាច់ដុំ និងថ្នាំសម្រាលអាការផ្តាសាយជាដើម។
    – សម្រាប់អ្នកដែលត្រូវលេបបន្តបន្ទាប់ពីក្រៅប្រទេសរយៈពេលវែង ត្រូវស្ថិតនៅក្រោមការមើលថែទាំរបស់គ្រូពេទ្យ និងទទួលទានមិនលើសពី 2,500 – 2,600 មីល្លីក្រាមឡើយ។
    – អ្នកជំងឺថ្លើម ឬទទួលទានស្រាជាប្រចាំ ត្រូវលេបមិនឱ្យលើសពី2,000មីល្លីក្រាមឡើយ។

    កម្រិតថ្នាំខ្ពស់បំផុតក្នុងមួយថ្ងៃសម្រាប់ក្មេងអាយុពី 0-12ឆ្នាំ
    – មិនលើស75មីល្លីក្រាម/មួយគីឡូក្រាម មានន័យថាជាកម្រិតថ្នាំដែលគុណទម្ងន់ខ្លួនរបស់ក្មេងរួចហើយ និងបញ្ចុកថ្នាំមួយថ្ងៃមិនលើស 5ដង និងអានស្លាកណែនាំឱ្យយល់ជាមុនផង។
    – ការលេបថ្នាំប៉ារា៉សេតាម៉ុល លើសកម្រិត នឹងមិនបង្ហាញអាការឱ្យឃើញឆាប់ៗនោះទេ នឹងបង្ហាញចេញមកក៏នៅពេលដែលដល់រយៈគ្រោះថ្នាក់ ជាអាការរលាកថ្លើម រឹងថ្លើម និងបង្កឱ្យកើតជាមហារីកថ្លើមបាត់ទៅហើយ ដូច្នេះគួរប្រើថ្នាំនេះនៅពេលណាដែលចាំបាច់ប៉ុណ្ណោះ និងបន្ថែមការប្រុងប្រយ័ត្នដោយការអានស្លាកព័ត៌មានឱ្យបានលម្អិតផង៕