Tag: ប៉ាគីស្ថាន

  • អង្ករ​ធ្លាក់​ថ្លៃ ឥណ្ឌូណេស៊ី ក៏​ប្រញាប់​​បញ្ជាទិញរាប់​​សែន​តោន​​បន្ថែម​ទៀត​

    អង្ករ​ធ្លាក់​ថ្លៃ ឥណ្ឌូណេស៊ី ក៏​ប្រញាប់​​បញ្ជាទិញរាប់​​សែន​តោន​​បន្ថែម​ទៀត​

    ក្នុងសប្ដាហ៍​កន្លង​ ស្រប​ពេល​ដែល​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ចុះ​បន្តិច​ ឥណ្ឌូណេស៊ី​ក៏​បាន​ប្រកាស​អំពី​ការ​ដេញ​ថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ 543,000 តោន​។

    កាល​ពី​ដើម​ខែ​នេះ តម្លៃ​អង្ករ​នៃ​បណ្ដា​ប្រទេស​នាំចេញ បាន​ថយ​ចុះ​បន្តិច​ ក្នុង​នោះ សមាគមអ្នក​នាំ​ចេញ​​​អង្ករ​ថៃ ​ (TREA) បាន​ឱ្យ​ដឹង​ថា អង្ករ​ប្រភេទ​សម្រាប់​នាំ​ចេញរបស់ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ 9 ដុល្លារ ចុះ​មក​នៅ​ត្រឹម​ 631 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​។ ចំណែក​សមាគម​ស្បៀង​អាហារ​វៀតណាម (VFA) វិញ ក៏​បាន​ប្រកាស​ថា អង្ករ​សម្រូប​ 5% របស់​ប្រទេស​នេះ ធ្លាក់​ថ្លៃ​ 5 ដុល្លារ​/តោន​ ចុះ​មក​នៅ​ត្រឹម​ 658 ដុល្លារ​/តោន​។

    ក្នុង​ពេល​អង្ករ​កំពុង​ធ្លាក់​ថ្លៃ ទំព័រ SSRicenews ឱ្យ​ដឹង​ថា ទីភ្នាក់​ងារ​ភស្តុភារ​ជាតិ​ឥណ្ឌូណេស៊ី (Bulog) ក៏​បាន​ផ្ញើសេចក្ដី​ប្រកាស ​អញ្ជើញ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​​អង្ករ​ មក​ចូល​រួម​ដេញ​ថ្លៃសម្រាប់​ការ​​ផ្គត់ផ្គង់​អង្ករ​ឱ្យ​ប្រទេស​នេះ​រហូត​ដល់ 543,000 តោន​។ ផលិត​ផល​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ការ​គឺ​អង្ករគ្រាប់​វែង​ប្រភេទ​សម្រូប​ 5%​​។ ប្រភព​ផ្គត់​ផ្គង់​អង្ករ​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី​លើក​នេះ រួម​មាន ថៃ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និង​ប៉ាគីស្ថាន​។ ការ​ផ្គត់​ផ្គង់​អង្ករ​ 543,000 តោន​នេះ នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី 30 ខែមករា ឆ្នាំ 2024​។

    យោង​តាម Bulog គិត​មក​ដល់​ថ្ងៃទី 26 វិច្ឆិកា ឥណ្ឌូណេស៊ី បាន​នាំ​ចូល​អង្ករ​សរុប​ 3.3 លាន​តោន នៅ​ក្នុង​ផែន​ការ​នាំចូល​អង្ករ 3.8 លាន​តោន​សម្រាប់​ឆ្នាំ 2023​៕

  • កម្ពុជា​កំពុង​ក្លាយជា​​គោល​ដៅនៃ​ការ​ជ្រើស​រើស​អ្នក​​ផ្គត់ផ្គង់អង្ករ​របស់​ឥណ្ឌូណេស៊ី

    កម្ពុជា​កំពុង​ក្លាយជា​​គោល​ដៅនៃ​ការ​ជ្រើស​រើស​អ្នក​​ផ្គត់ផ្គង់អង្ករ​របស់​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 03 វិច្ឆិកា 2023 ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូនេស៊ី (Bulog) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​ចូល​អង្ករ​មួយ​លាន​តោន​ពី​​ប្រទេស​​មួយ​ចំនួន​នៅ​អាស៊ី នៅក្នុង​គម្រោង​នាំចូល​អង្ករ​បន្ថែម​​ 1.5 លាន​តោន​របស់ប្រទេស​នេះ​។

    លោក Mokhamad Suyamto ប្រធាន​បណ្ដាញ​ផ្គត់ផ្គង់​ និង​សេវា​សាធារណៈ​របស់ Bulog ឱ្យ​ដឹង​ថា ការ​នាំ​ចូល​បន្ថែម​នេះ​​​ធ្វើ​ឡើង​ក្នុង​បំណង​បង្កើន​បរិមាណ​អង្ករ​ក្នុង​ឃ្លាំង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​រហូត​ដល់​ឆ្នាំ 2024​។

    «បច្ចុប្បន្ន យើង​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំៗ រួម​មាន ថៃ វៀតណាម ប៉ាគីស្ថាន និង​មីយ៉ាន់ម៉ា​» លោក Suyamto ឱ្យ​ដឹង​ដូច្នេះ និង​បញ្ជាក់​ថា «យើង​ក៏​នឹង​ពិចារណា​ក្នុង​ការ​នាំចូល​អង្ករ​ពី​ ឥណ្ឌា កម្ពុជា និង​បណ្ដា​ប្រទេស​ដទៃ​ បើ​សិន​ពួក​គេ​អាច​ឆ្លើយ​តប​នឹងលក្ខខណ្ឌ​​តម្រូវ​ការ​»​។

    យោង​តាមលោក Suyamto បើ​ទោះ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​អង្ករ​បន្ថែម​ 1.5 លាន​តោន​​ក៏ដោយ ប៉ុន្តែ​បរិមាណ​អង្ករ​នាំ​ចូល​​នេះ​នឹង​អាច​ត្រូវ​បាន​កែប្រែ​ទៅ​តាម​តម្រូវ​ការ​​ជាក់​ស្ដែង​​របស់​ទីផ្សារ​ក្នុង​ប្រទេស​។

    ក្នុង​ 7 ខែ​ដើម​ឆ្នាំ 2023 អង្ករ​សរុប​ដែល​ត្រូវ​បាន​ឥណ្ឌូណេស៊ី​​នាំ​ចូល​គឺ​​មាន​ 50% មក​ពី​ប្រទេស​ថៃ និង​ 47% មក​ពី​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​៕

  • ម៉ាឡេស៊ី​ខ្វះ​អង្ករ​ផលិត​ក្នុង​ស្រុក គ្រា​ដែល​​អង្ករនាំចូល​​ឡើង​ថ្លៃ​ខ្ពស់

    ម៉ាឡេស៊ី​ខ្វះ​អង្ករ​ផលិត​ក្នុង​ស្រុក គ្រា​ដែល​​អង្ករនាំចូល​​ឡើង​ថ្លៃ​ខ្ពស់

    ​អង្ករ​នាំ​ចូល​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​ជា​សកល​ ធ្វើ​ឱ្យ​ប្រជាជន​ម៉ាឡេស៊ី​នាំ​គ្នា​សម្រុក​ទៅ​ទិញ​អង្ករ​ក្នុង​ស្រុកដែល​ត្រូវ​បាន​កំណត់​តម្លៃ​ពិតាន​ទាប​។

    ផ្សារ​ទំនើប​ និង​ហាង​ទំនិញ​ខ្នាត​តូច​នៅ​ម៉ាឡេស៊ី​កំពុង​ខ្វះ​អង្ករ​លក់ ព្រោះ​អង្ករ​ច្រក​ក្នុង​ការ៉ុង​ 5 និង 10 គីឡូក្រាម​​ត្រូវ​អតិថិជន​ទិញអស់​ភ្លាម​នៅ​ពេល​មាន​ទំនិញ​។ Ameer Ali Mydin អគ្គនាយក​របស់​បណ្ដាញ​ផ្សារ​ទំនើប​ Mydin ឱ្យ​ដឹង​ថា ស្ថានភាព​ខ្វះ​អង្ករ​កើ​ត​ឡើង​ដោយ​សារ​តែ​តម្លៃ​ខុស​គ្នា​ឆ្ងាយ​​រវាង​អង្ករ​ក្នុង​ស្រុក និង​អង្ករ​នាំ​ចូល​​។

    នៅ​ម៉ាឡេស៊ី អង្ករ​សម្រិត​ក្នុង​ស្រុក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ការ​កំណត់​តម្លៃ​ពិតាន​ត្រឹម​ 26 រីងហ្គីត​ (5.54 ដុល្លារ​អាម៉េរិក)​ ក្នុង​ 10 គីឡូក្រាម​។ ក៏ប៉ុន្តែ វិស័យ​ផលិត​អង្ករ​របស់​ប្រទេស​នេះ​អាច​ផ្គត់​ផ្គង់​បាន​ត្រឹម​តែ​ 70% ប៉ុណ្ណោះ​ ធៀប​នឹង​តម្រូវ​ការ​។ ដូច្នេះ​ ប្រទេស​នេះ​ត្រូវ​នាំចូល​អង្ករ​សម្រិត​ពី​បរទេស​ រួម​មាន​ ឥណ្ឌា ប៉ាគីស្ថាន ថៃ កម្ពុជា និង​វៀតណាម​។

    អង្ករ​នាំ​ចូល​មាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​ក្នុង​ស្រុក​ចាប់តាំង​ពី​ពេល​អង្ករ​ពិភព​លោក​ឡើង​ថ្លៃ​នា​ពេល​ថ្មី​ៗ​នេះ​។ តម្លៃអង្ករ​កាន់​តែ​ខុស​គ្នា​បន្ទាប់​ពី​ក្រុម​ហ៊ុន​ Padiberas Nasional សម្រេច​ចិត្ត​ដំឡើង​ថ្លៃ​អង្ករ​នាំ​ចូល​ឡើង​ដល់ 36% ពី​ថ្ងៃទី 01 កញ្ញា​ ដើម្បី​ធ្វើ​ឱ្យ​សម​ស្រប​នឹង​តម្លៃ​សកល​។ បច្ចុប្បន្ន តម្លៃ​អង្ករ​សម្រិត​នាំចូល​​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពី 30 ដល់ 70 រីងហ្គីត​ ដែល​ប្រហែល​ពី 6.37 ដល់ 14.87 ដុល្លារ​អាម៉េរិកសម្រាប់​ 10 គីឡូក្រាម​។

    ទោះជា​យ៉ាង​ណា​ក៏​ដោយ អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​សន្តិសុខ​ស្បៀង​របស់​ម៉ាឡេស៊ី​ កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ព្យាករ​ថា ស្ថានភាព​ខ្វះ​អង្ករ​សម្រិត​ក្នុង​ស្រុក​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​​ នៅ​ពេល​រដូវ​ប្រមូល​ផលស្រូវ​នៅ​ក្នុង​រដ្ឋ Kedah បាន​ចាប់​ផ្ដើម​៕

  • ផែនដី​ធ្លាក់​ក្នុង​យុគ​​ទឹកកក​ពាន់​ឆ្នាំ​​ បើ​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង​?

    ផែនដី​ធ្លាក់​ក្នុង​យុគ​​ទឹកកក​ពាន់​ឆ្នាំ​​ បើ​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង​?

    ការ​គំរាម​កំហែង​ពី​អាវុធ​នុយក្លេអែរ​នៅ​លើ​ផែនដី មិន​ត្រឹម​តែ​មិន​ទាន់​បាត់​អស់​នោះ​ទេ តែថែម​ទាំង​កើន​ឡើង​ច្រើន​ជាង​មុន​។ ក្នុង​ករណី​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង ពិភពលោក​អាច​ធ្លាក់​ទៅ​ក្នុង​យុគសម័យ​ទឹកកក​ក្នុង​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​។

    ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា សង្គ្រាម​នុយក្លេអែរ​ បើ​សិន​កើត​ឡើង​មែន នឹង​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​មនុស្សជាតិ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​លើ​ផែនដី​ បង្កើត​បាន​ជា​ «រដូវ​ត្រជាក់​នុយក្លេអែរ» ដែល​អូស​បន្លាយ​រាប់​ពាន់​ឆ្នាំ យូរ​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មុន​នោះ​ដែល​ថា រាប់​រយ​ឆ្នាំ​។

    ផលប៉ះពាល់​ពី​ករណី​ផ្ទុះ​គ្រាប់​បែក​នុយក្លេអែរ​នឹង​សាហាវ​អស្ចារ្យ​។ សីតុណ្ហភាព​ រលក​កញ្ឆក់​នឹង​បំផ្លាញ​គ្រប់​យ៉ាង​នៅ​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​វា​ បណ្ដាល​ឱ្យ​មនុស្ស​រាប់​ម៉ឺន ឬ​រាប់​លាន​នាក់​ត្រូវ​ស្លាប់​ អាស្រ័យ​ទៅ​លើ​ទំហំ​របស់​គ្រាប់​បែក​។

    វិទ្យុសកម្ម​នុយក្លេអែរ​នឹង​ជ្រៀត​ចូល​ក្នុង​រាង​កាយ​មនុស្ស​ បំផ្លាញ​កោសិកា​ ធ្វើ​ឱ្យ​ហ្សែន​ប្រែ​ប្រួល​ បណ្ដាល​ឱ្យ​ពួក​គេ​ស្លាប់​សន្សឹមៗ​ក្នុង​ការ​ឈឺ​ចាប់​។

    ជាង​នេះ សង្គ្រាម​នុយក្លេអែរ​ក៏​នឹង​បង្កើត​ឱ្យ​មាន​រដូវ​ត្រជាក់​ដែល​អាច​អូស​បន្លាយ​ពេលពី​រាប់​រយ​​រហូត​ដល់​រាប់​​ពាន់​ឆ្នាំ​នៅ​លើ​ផែនដី​។

    កាល​ពី​ឆ្នាំ 1983 ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អាម៉េរិក និង​រុស្ស៊ី បាន​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ និង​សន្និដ្ឋាន​ថា សង្គ្រាម​នុយក្លេអែរ​នឹង​បង្កើត​ឱ្យ​មាន​ «រដូវ​រងា​នុយក្លេអែរ»។

    ប្រការ​នេះ​មាន​ន័យ​ថា ពន្លឺ​ព្រះ​អាទិត្យ​នឹង​ត្រូវ​បាន​រារាំង​ក្នុង​រយៈ​ពេល​យូរ​ ធ្វើ​ឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់​ធ្ងរ​ និង​ប៉ះពាល់​ដល់​បរិស្ថាន​ វិស័យ​កសិកម្ម និង​មនុស្ស​ជាតិ​។ល។

    ថ្វី​បើ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1980 ពិភពលោក​ចាប់​ផ្ដើម​រួច​ផុត​ពីហានិភ័យ​កើត​មាន​សង្គ្រាម​នុយក្លេអែរ ប៉ុន្តែ​ពេល​នេះ​វា​កំពុង​កើត​ឡើង​ជា​ថ្មី​ នៅ​ពេល​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​​បាន​ឈាន​ស្ទើរ​ដល់​ចំណុច​កំពូល​បំផុត​ ក្នុង​នោះ​ក៏​មាន​ការ​ព្រមាន​ពី​រុស្ស៊ី​ ទាក់​ទិន​នឹង​អាវុធ​ប្រល័យ​លោក​ផងដែរ។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ ថ្មី​ៗ​នេះ​បាន​បង្កើត​គំរូ​អាកាសធាតុ​នានា​ក្នុង​ករណី​កើត​សង្គ្រាម​នុយក្លេអែរ​ និង​គំរូ​ដែល​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​។ លទ្ធផល​ដែល​ពួក​គេ​ទទួល​បាន​គឺ​ថា «អាក្រក់​ជាង​អ្វី​ដែល​បាន​រក​ឃើញ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1980» ទៅ​ទៀត​។

    គំរូ​ស្រាវជ្រាវ​ស្ដី​ពី​សង្គ្រាម​នុយក្លេអែរ​ដែល​អាច​កើត​ឡើង​រវាងអាម៉េរិក និង​រុស្ស៊ី​បង្ហាញ​ថា ទឹក​នៅ​មហា​សមុទ្រ​អាច​ចុះ​ត្រជាក់​ខ្លាំង​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ផែនដី​វិល​ទៅ​រក​ «យុគសម័យ​ទឹកកកតូច» ដែល​អូស​បន្លាយ​ពេល​រាប់​ពាន់​ឆ្នាំ​។

    អាម៉េរិក និង​រុស្ស៊ី​កាន់​កាប់​អាវុធ​នុយក្លេអែរ​ជិត 90% ធៀប​នឹង​ពិភពលោក​ទាំង​មូល​ ក្នុង​នោះ​ រុស្ស៊ី​មាន​ប្រហែល 5,889 គ្រាប់​ និង​អាម៉េរិក​មាន​ 5,244 គ្រាប់​។ ក្រៅ​ពី​នេះ​នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​មាន​អាវុធ​ប្រល័យ​លោក រួម​មាន បារាំង ចិន អង់គ្លេស ឥណ្ឌា កូរ៉េខាងជើង ប៉ាគីស្ថាន​ និង​អ៊ីស្រាអែល​៕

  • ប្រជា​ពល​រដ្ឋ​ប៉ាគីស្ថាន ធ្វើ​បាតុកម្មទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ជម្លៀស​និស្សិត​របស់​ប្រទេស​នេះ ចេញ​ពី​ស្រុក​ចិន​

    ប្រជា​ពល​រដ្ឋ​ប៉ាគីស្ថាន ធ្វើ​បាតុកម្មទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ជម្លៀស​និស្សិត​របស់​ប្រទេស​នេះ ចេញ​ពី​ស្រុក​ចិន​

    រដ្ឋា​ភិបាល​ប៉ាគីស្ថាន​ បាន​សម្រេច​ចិត្ត​មិន​ជម្លៀស​និស្សិត​របស់​ខ្លួន​​ជាង​1,000នាក់ ​ចេញ​ពី​តំបន់​ Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ ខណៈ​និស្សិត​ជា​ច្រើន​មាន​បំណង​ត្រឡប់​មក​ស្រុក​វិញ។

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប៉ាគីស្ថាន​ Zafar Mirza បាន​ឱ្យ​ដឹង​នៅ​លើ​ទំព័រ​ Twitter កាល​ពី​ថ្ងៃ​ទី​15កុម្ភៈ​ថា រូប​លោក និង​ក្រុម​រដ្ឋ​មន្ត្រី​ នឹង​បើក​កិច្ច​ប្រជុំ​មួយ​សម្រាប់​អាណា​ព្យា​បាល​សិស្ស និស្សិត​នៅ ទី​ក្រុង​ Islamabad នា​ថ្ងៃ​ពុធ​ ហើយ​រដ្ឋា​ភិបាល​ក៏កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ឯក្រុង​ Wuhan ប្រទេស​ចិន​។

    ក៏ប៉ុន្តែ និស្សិត​ និង​គ្រួសារ​របស់​ពួកគេ​ បាន​សម្ដែង​ការ​ខក​ចិត្តកាន់​តែ​ខ្លាំង ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា ចេះ​តែ​កើន​ឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។

    “ដើម្បី​ផល​ប្រយោជន៍​របស់​យើង​ យើង​ស្នើរ​ឱ្យ​រដ្ឋា​ភិបាល​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កូន​ចៅ​របស់​យើង​ខ្ញុំ សូម​មេត្តា​ស្ដាប់​នូវ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​អ្នក​ម្ដាយ​មួយ​រូប​ដូច​ខ្ញុំ”។ នេះ​គឺជា​សម្ដី​របស់​បាតុ​ករ​ម្នាក់​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន។

    បាតុករ​នាំ​គ្នា​ស្រែក​ខ្លាំង​ៗ​ថា “នាំ​កូន​យើង​ខ្ញុំ​ត្រឡប់​មក​ស្រុក​វិញ” និង​នាំ​គ្នា​លើក​បដា​ដែល​មាន​សរសេរ​ពាក្យ​ដូចគ្នា​នេះ​។

    កាល​ពី​ដើម​សប្ដាហ៍​មុន មនុស្ស​រាប់​​រយ​នាក់​នៅទី​ក្រុង​ Lahore នៃ​ប្រទេស​ប៉ាគីស្ថាន ក៏បាន​ធ្វើ​បាតុ​កម្ម​ដូចគ្នា​នេះ​ដែរ នៅ​ខាង​ក្រៅ​ស្ថានកុង​ស៊ុល​ចិន ដោយ​សារ​តែ​មាន​និស្សិត​ជនជាតិ​ប៉ាគីស្ថាន​ជា​ច្រើន​នាក់ បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ប្រទេ​សចិន​។ អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ឱ្យ​ដឹង​ថា និស្សិត​ប៉ាគីស្ថាន​6នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ កំពុង​ទទួល​ការ​​ព្យា​បាល​ និង​កំពុង​មាន​សុខ​ភាព​ប្រសើរ​ឡើង​វិញ​ខ្លះហើយ​។

    យ៉ាង​នេះ​ក្ដី ក្រុម​និស្សិត​ប៉ាគីស្ថាន​ដែល​កំពុង​ជាប់​គាំង​នៅឯ​ប្រទេស​ចិន បាន​ទាក់ទង​មក​កាន់​ភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters ដោយ​ប្រាប់​ថា ពួកគេ​ចង់​ចាក​ចេញ​ពី​ប្រទេស​ចិន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស