Tag: បែបធម្មជាតិ

  • ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។

    ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    1. ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។
    2. កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។
    3. គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។
    4. គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។
    5. ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ ក៏នឹងថយចុះដែរ។
    6. ភ្ជាប់ចំណងសម្ព័ន្ធរវាងម្ដាយ និងកូន ការឱ្យកូនបានបៅទឹកដោះពីទ្រូងម្ដាយ ជាអារម្មណ៍ដែលពិបាកនឹងបរិយាយណាស់ មានតែម្ដាយដែលធ្លាប់ឱ្យកូនបៅទឹកដោះពីទ្រូងខ្លួនឯងប៉ុណ្ណោះទើបអធិប្បាយពីអារម្មណ៍ និងសេចក្ដីសុខក្នុងចិត្តដែលកើតឡើងក្នុងខ្លួនរបស់ម្ដាយម្នាក់នោះបានដោយខ្លួនឯង។ ក្រៅពីនោះ គ្រប់ពេលដែលកូនបៅទឹកដោះម្ដាយ ពីទ្រូងម្ដាយ កូននឹងសម្លឹងមើលមុខម្ដាយរបស់ខ្លួន ដែលអំឡុងពេលបំបៅដោះកូននោះ គឺជាអំឡុងពេលដ៏មានគុណតម្លៃបំផុត ព្រោះម្ដាយ-កូននឹងបានមើលមុខគ្នា បាននិយាយគ្នា បានសម្ដែងសេចក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យកូនតូចអាចដឹងបានថា ម្ដាយរបស់គេស្រឡាញ់គេខ្លាំងប៉នណា។ ក្រៅពីនោះ ការដែលកូនបៅទឹកដោះចេញពីទ្រូងរបស់ម្ដាយញឹកញាប់ នឹងធ្វើឱ្យកូនចងចាំក្លិន សំឡេង មុខមាត់ និងការប៉ះពាល់ផ្សេងៗរបស់ម្ដាយបានលឿនជាងក្មេងដែលបៅទឹកដោះពីដបទឹកដោះ។
    7. រាងកាយរបស់ម្ដាយនឹងឆាប់ស្គមឡើងវិញ ក្រោយពីឆ្លងទន្លេរួច រាងកាយរបស់អ្នកម្ដាយ ទោះជាទម្ងន់ខ្លួនស្រកចុះខ្លះមែន តែប្រព័ន្ធខាងក្នុង រួមទាំងស្បូនផងអាចនឹងមិនទាន់ស្រួលបួលឡើងវិញនៅឡើយ ការចិញ្ចឹមកូនដោយឱ្យកូនបៅទឹកដោះចេញពីទ្រូងម្ដាយ នឹងជួយជំរុញរាងកាយរបស់ម្ដាយឱ្យបញ្ចេញអ័រម៉ូន 1ប្រភេទ(ដែលនឹងចេញមកចំពោះតែពេលដែលឱ្យកូនបៅដោះប៉ុណ្ណោះ)ដោយអ័ម៉ូនប្រភេទនេះ នឹងជួយឱ្យស្បូនបង្រួញខ្លួនស្រួលបួលវិញបានយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ ការដែលរាងកាយអ្នកម្ដាយត្រូវផលិតទឹកដោះ វានឹងជួយដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗនៅតាមក្បាលពោះចេញអស់ផងដែរ ធ្វើឱ្យរូបរាងរបស់អ្នកម្ដាយទើបប្រសូតបុត្ររួច ត្រឡប់មកស្គមស្វែលបានឆាប់រហ័សជាងអ្នកម្ដាយដែលចិញ្ចឹមកូនដោយទឹកដោះគោ។ ជាមធ្យមទៅ ការដែលចិញ្ចឹមកូនដោយខ្លួនឯង ឱ្យកូនបៅទឹកដោះពីទ្រូងម្ដាយ ទម្ងន់ខ្លួនរបស់ម្ដាយនឹងថយចុះជាមធ្យម 1ខែពី 1-2គីឡូក្រាម ដូច្នេះបើយើងឱ្យកូនបៅទឹកដោះម្ដាយពេញមួយរយៈពេល 6ខែដំបូងក្រោយពេលប្រសូត ទម្ងន់ខ្លួន និងរូបរាងរបស់អ្នកម្ដាយ នឹងល្អឡើងវិញ និងសឹងតែជិតដូចប្រក្រតីវិញ។
    8. ជាអាហារដែលងាយស្រួលបំផុតសម្រាប់កូនពេញ 24ម៉ោង ទឹកដោះម្ដាយ ជាប្រភពបង្កើនថាមពលរបស់កូនតូចរបស់យើងដែលអាចឱ្យកូនបៅបានពេញ 24ម៉ោង។ ពេលណាកូនឃ្លាន យើងក៏អាចឱ្យកូនបៅទឹកដោះពីដើមទ្រូងរបស់យើងបានភ្លាមតែម្ដង មិនចាំបាច់ដាក់ដបទឹកដោះគោតាមខ្លួន មិនបាច់មានទឹកក្ដៅ ឬម្សៅទឹកដោះគោ-ល-នាំឱ្យពិបាកឡើយ ងាយស្រួល និងឆាប់រហ័សទាន់ចិត្តកូនជាទីបំផុត។
    9. ជាទឹកដោះក្ដៅឧណ្ហៗ អាចបៅបានភ្លាមជាប់ជានិច្ចពីទ្រូងម្ដាយ គុណសម្បត្តិពិសេសដែលរកទឹកដោះណាផ្សេងទៀតក្នុងពិភពលោកនេះមកធៀបមិនបាននោះគឺ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយហ្នឹងឯង។ ម្ដាយមិនចាំបាច់កង្វល់ថា ទឹកដោះខ្លួនឯងហ្នឹងនឹងក្ដៅខ្លាំងពេក ឬត្រជាក់ជ្រុលពេកសម្រាប់កូនឡើយ ព្រោះទឹកដោះម្ដាយដែលចេញមកពីដើមទ្រូងម្ដាយនេះ នឹងមានសីតុណ្ហភាពដែលល្មមសមរម្យចំពោះកូនរបស់យើងភ្លាមតែម្ដង តែបើចិញ្ចឹមកូនដោយទឹកដោះគោ យើងត្រូវពិនិត្យមើលជាមុនសិនជានិច្ចថា ទឹកដោះដែលលាយហើយនោះ វានឹងក្ដៅ ឬត្រជាក់ជ្រុលពេកទេដឹង?។
    10. មិនចាំបាច់អស់លុយថ្លៃទឹកដោះថ្លៃៗ រួមទាំងឧបករណ៍ផ្សេងៗទៀត តម្លៃទឹកដោះម្សៅប្រភេទផ្សេងៗនោះ បច្ចុប្បន្ន តម្លៃបានហក់ឡើងខ្ពស់ខ្លាំងណាស់ ណាថ្លៃដបទឹកដោះគោ ណាថ្លៃទឹកសាប៊ូលាងដបទឹកដោះគោ ថ្លៃឧបករណ៍ដុសសម្អាតដបទឹកដោះគោ-ល- ថ្លៃចាយវាយទាំងអស់នេះ នឹងមិនកើតមានឡើយ បើយើងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង។

    ទឹកដោះម្ដាយនឹងមានច្រើន ឬតិច នឹងមានប្រព័ន្ធប្រឆាំងជំងឺច្រើន ឬតិច អាស្រ័យលើចំណីអាហារ ការគេងសម្រាក និងអារម្មណ៍របស់ម្ដាយជាចម្បង។ បើអ្នកម្ដាយមើលថែទាំរាងកាយយ៉ាងល្អ ញ៉ាំអាហារដែលមានប្រយោជន៍ គេងលក់បានគ្រប់គ្រាន់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងល្អជាប់ជានិច្ចនោះ ក៏នឹងមានទឹកដោះច្រើនគ្រប់គ្រាន់ឱ្យកូនរបស់យើងបានបៅយ៉ាងពិតប្រាកដ ដែលបច្ចុប្បន្ននេះ ឡារ៉ែនសូមណែនាំឱ្យកូនបានបៅទឹកដោះម្ដាយយ៉ាងតិចបំផុតរយៈពេល 1ឆ្នាំដំបូង៕

  • ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    ពេញមួយរយៈពេល 9ខែដែលកូនអណ្ដែតនៅក្នុងទឹកភ្លោះខាងក្នុងផ្ទៃម្ដាយ កូននឹងត្រឡប់បង្វិលខ្លួនទៅមកតាមដែលកូនត្រូវការ ជួនកាលបែរក្បាលទៅផ្នែកខាង ជួនកាលដាក់ក្បាលទៅខាងលើ។ កូននឹងមានអារម្មណ៍ចូលចិត្តខ្លាំងណាស់ដែលបាននៅក្នុងផ្ទៃម្ដាយ ព្រោះនៅក្នុងផ្ទៃម្ដាយកក់ក្ដៅ បង្វិលខ្លួនលេងជុំវិញ និងថែមទាំងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតផង។ តែនៅពេលជិតប្រសូត ឬក្នុងអំឡុងពេលខែចុងក្រោយមកដល់ កូននឹងលែងសូវរើច្រើនទៀតហើយ ព្រោះខ្លួនកូនធំពេញពោះម្ដាយ និងថែមទាំងស្ថិតក្នុងឥរិយាបថត្រៀមប្រសូតទៀតផង នោះគឺ សំយុងក្បាលចុះក្រោមហ្នឹងឯង។

    ខណៈម្ដាយឈឺពោះរង់ចាំប្រសូត តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី?

    នៅពេលដល់វេលាដែលម្ដាយឈឺពោះប្រុងប្រសូត…តើកូនក្នុងផ្ទៃកំពុងធ្វើអ្វី? ឡារ៉ែនចង់ឱ្យអ្នកម្ដាយគ្រប់រូបគិតថា ខណៈដែលអ្នកម្ដាយកំពុងឈឺពោះជិតប្រសូត កូនក៏កំពុងព្យាយាមក្នុងស្ថានភាពរបស់គេដូចគ្នាដែរ នោះគឺ ព្យាយាមរុញខ្លួនឯងចេញមកតាមផ្លូវប្រសូត ដោយសារតែស្បូនបានច្របាច់ខ្លួនដើម្បីឱ្យកូនបានប្រសូតចេញមកក្រៅហ្នឹងឯង។ ការពិតទៅ កូនក៏មានចំណែកធ្វើឱ្យម្ដាយឈឺពោះប្រសូតផងដែរ ព្រោះក្នុងរយៈពេលជិតប្រសូតនេះ កូននឹងបញ្ចេញអ័រម៉ូនម្យ៉ាង ដើម្បីឱ្យអ្នកម្ដាយឈឺពោះឱ្យខ្លាំងបំផុត។ បើអ្នកម្ដាយមិនឈឺចាប់រហូតសឹងតែទ្រាំមិនបានទេនោះ អ្នកម្ដាយនឹងមានអារម្មណ៍ថា កូនព្យាយាមរំកិលខ្លួនធ្លាក់ចុះទាបឆ្ពោះមកដើម្បីត្រៀមប្រសូត តែអ្នកម្ដាយនឹងមានអារម្មណ៍ដូចកូនរំកិលខ្លួនចេញមកជាដំណាក់ៗយ៉ាងថ្នមៗ។

    នៅពេលអ្នកម្ដាយមានអារម្មណ៍ឈឺពោះខ្លាំងឡើង នោះបញ្ជាក់ថា កូនត្រៀមខ្លួនរួចហើយក្នុងការប្រសូតចេញមក ក្បាលរបស់កូននឹងរំកិលសន្សឹមៗចេញមកដើម្បីពង្រីកមាត់ស្បូនឱ្យបើកធំឡើង ហើយក្នុងចន្លោះពេលនេះ ស្បូនក៏នឹងច្របាច់ខ្លួនខ្លាំងឡើងជាដំណាក់ៗដែរ។ អ្នកម្ដាយមិនចាំបាច់ភ័យខ្លាចថា កូននឹងរងការឈឺចាប់នោះទេ ព្រោះនេះគឺជាយន្តការនៃការប្រសូតបែបធម្មជាតិដែលសាងឡើងដើម្បីអ្នកម្ដាយ និងកូនតូចក្នុងផ្ទៃ។

    ទម្រាំតែកូនតូចចេញមកបាន ត្រូវរង់ចាំឱ្យរន្ធស្បូនបើកធំឡើងម្ដងមួយសង់ទីម៉ែត្រ ដែលចំពោះស្រ្តីមានគភ៌កូនដំបូង មាត់ស្បូននឹងបើកឡើងប្រមាណជា 1ម៉ោង 1សង់ទីម៉ែត្រ ដូច្នេះការដែលកូនរំកិលខ្លួនបន្តិចម្ដងៗចេញមកតាមផ្លូវប្រសូតនោះ កូននឹងបានហ្វឹកហាត់ការដកដង្ហើម និងជំរុញឱ្យសួតធ្វើការបានពេញទំហឹង។ ក្មេងៗដែលប្រសូតតាមបែបធម្មជាតិ សួតនឹងរឹងប៉ឹងល្អជាងក្មេងដែលប្រសូតមុនកំណត់ ឬក្មេងដែលប្រសូតដោយការវះកាត់។

    អំឡុងពេលដែលស្រ្តីមានគភ៌ឈឺពោះរង់ចាំប្រសូតនេះ ស្រ្តីមានគភ៌នឹងមានអារម្មណ៍ថា ពេលវេលាហាក់ដូចជាកន្លងទៅយឺត និងការឈឺចាប់ហាក់ដូចជាយូរអង្វែងមែនទែន តែនៅពេលក្បាលរបស់កូនចេញមកផុតផ្លូវប្រសូតហើយ អ្នកម្ដាយនឹងមានអារម្មណ៍ធូរស្បើយ និងនៅពេលកូនប្រសូតចេញមកបានពេញលេញហើយនោះ អ្នកម្ដាយនឹងលែងមានអារម្មណ៍ឈឺចាប់ ហើយនៅពេលអ្នកម្ដាយបានឃើញមុខកូន អ្នកម្ដាយនឹងត្រេកអរ និងភ្លេចក្ដីឈឺចាប់ទាំងនោះអស់តែម្ដង៕

  • នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅក្នុងខែនេះ អាចហៅបានថាជាខែចុងក្រោយនៃការតាំងគភ៌ហើយ វិវឌ្ឍនាការផ្សេងៗរបស់ទារកក្នុងផ្ទៃមានដូចជា ប្រវែងខ្លួននឹងមានប្រមាណជា 20អ៊ិញ ទម្ងន់ខ្លួនប្រមាណជា 3,000 – 3,400ក្រាម អវយវៈគ្រប់ផ្នែក រួមទាំងសួតផងមានភាពពេញលេញល្អត្រៀមជាស្រេចក្នុងការប្រសូតហើយ។ ផ្នែកនាំមុខ ឬក្បាលនឹងរំកិលចុះមករកម្ដុំឆ្អឹងត្រគាក និងទារកក្នុងផ្ទៃមានការកម្រើកតិចជាងមុន។

    ក្នុងខែទី 9 នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងដូចតទៅ…ៈ

    – ទារកលែងសូវរើ។

    – ធ្លាក់សច្រើនឡើង និងរអិលខាប់។ ពេលខ្លះមានឈាមស្លេកៗហូរចេញមកក្រោយការពិនិត្យគភ៌ ឬក្រោយពេលមានភេទសម្ព័ន្ធរួច។

    – ឈឺផ្សាក្នុងក្រពះ អាហារមិនរំលាយ ឆ្អល់ពោះ។

    – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងកើតខ្យល់ញឹកញាប់។

    – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។

    – មានឈាមចេញតាមជើងធ្មេញពេលដុសសម្អាតធ្មេញ។

    – កើតប្រគ្រីវកាច់នៅលើជើង។

    – ហើមកជើង និងខ្នងជើង និងអាចមានហើមលើមុខ និងដៃផងដែរ។

    – រមាស់នៅលើស្បែកក្បាលពោះ។

    – កាន់តែឈឺខ្នងឡើង និងឈឺខ្លាំងឡើងៗ។

    – កើតសភាវសរសៃឈាមត្បៀតនៅលើជើង។

    – កើតឬសដូងបាត។

    – ដកដង្ហើមរាងញាប់ឡើង។

    – គេងមិនលក់ ឬលក់មិនបានយូរ។

    – មានអារម្មណ៍ថា ស្បូនបង្រួញខ្លួនញាប់ឡើង ខ្លាំងឡើង ជួនកាលមានអាការឈឺចាប់ទៀតផង។

    – អ៊ីកអ៊ាក ពិបាកកម្រើកខ្លួន និងប្រថុយប្រថាននឹងការរអិលដួល។

    – មានទឹកដោះពណ៌លឿងស្លេកៗហូរចេញមកពីក្បាលដោះច្រើនឡើង។

    – ឆាប់ហត់ ឬមានអារម្មណ៍ថាមានកម្លាំងថាមពលខ្លាំងឡើង ឬមានទាំង 2យ៉ាងឆ្លាស់គ្នា។

    – ឆាប់ឃ្លាន ឬឃ្លានញឹកញាប់ ញ៉ាំច្រើន ឬធុញទ្រាន់ចំណីអាហារ ញ៉ាំបានតិចៗ(មិនទៀង)។

    – មានអារម្មណ៍ញាប់ញ័រ វិតក្កកង្វល់ ឬភ័យខ្លាចខ្លាំងឡើង។

    – មានអារម្មណ៍ធូរស្រាលខ្លាំងឡើង ព្រោះជិតដល់ពេលប្រសូតហើយ។

    – ឆាប់មួម៉ៅ ឆាប់ទន់ជ្រាយនឹងពាក្យសំដីរបស់អ្នកនៅជិតៗខ្លួន ជាពិសេសរឿងពាក់ព័ន្ធនឹងការប្រសូត។

    – ឆាប់ខឹង និងមានអារម្មណ៍វិលវល់។

    រឿងដែលពេទ្យអ្នកពិនិត្យតាមដានគភ៌របស់អ្នកចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា…ៈ

    1 . ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    2 . ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    3 . ស្ដាប់ចង្វាក់បេះដូងរបស់ទារកក្នុងគភ៌។

    4 . ពិនត្យមើលទំហំ និងរូបឬាងរបស់ស្បូន និងឥរិយាបថរបស់ទារកក្នុងគភ៌។

    5 . កម្ពស់របស់ស្បូន។

    6 . អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    7 . វាយតម្លៃសភាពស្បូនដោយការពិនិត្យផ្ទៃក្នុង។

    8 . ភាពញឹកញាប់ឆ្ងាយពីគ្នា និងភាពខ្លាំងខ្សោយនៃការបង្រួញខ្លួនរបស់ស្បូន។

    9 . អាការខុសប្រក្រតីផ្សេងៗដែលអាចកើតឡើង។

    រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះ

    – ការជ្រើសរើសវិធីប្រសូតបុត្រថា តើត្រូវការប្រសូតតាមបែបធម្មជាតិ ឬការវះកាត់ប្រសូត។

    – សាងទម្លាប់ជាមួយមន្ទីពេទ្យ និងបន្ទប់ប្រសូត ដូចជាអាចនឹងដើរទៅមើលទារកទើបនឹងកើត បន្ទប់សម្រាកក្រោយប្រសូត ឬសុំពេទ្យមើលពីខ្សែវីដេអូពាក់ព័ន្ធនឹងបន្ទប់ប្រសូត ដើម្បីឱ្យមានភាពស៊ាំធ្លាប់ជាមួយវាខ្លាំងឡើង។

    – ទារកហួសកំណត់ប្រសូត គឺតាំងគភ៌យូរលើស 42សប្ដាហ៍។ ការតាំងគភ៌ដែលយូរជាងប្រក្រតី គឺយូរលើស 39សប្ដាហ៍ឡើង គ្រូពេទ្យដែលពិនិត្យតាមដានគភ៌នឹងពិចារណាជាពិសេសថា នឹងត្រូវធ្វើយ៉ាងណាបន្តទៀត។ បើសិនជាគ្រប់ 42សប្ដាហ៍ គ្រូពេទ្យនឹងជំរុញឱ្យកើតការប្រសូតតាមធម្មជាតិ ឬអាចនឹងត្រូវវះកាត់តាមតែករណីនីមួយៗ។

    – ការបែកទឹកភ្លោះ ជាទូទៅច្រើនតែមានការបែកមុនមួយខែ គឺនឹងមានការជ្រាបចេញមកបន្តិចបន្តួច ជាពិសេសពេលក្រោកអង្គុយ ឬខណៈពេលធ្វើចលនា ដូច្នេះទើបមិនចាំបាច់ភ័យព្រួយទេ ព្រោះមានតិចតួចណាស់ដែលបែកចេញមកច្រើន។

    ពេលវេលាស័ក្តិសមដែលគួរទៅមន្ទីពេទ្យដើម្បីប្រសូត អាចពិចារណាបានដូចខាងក្រោម ៈ

    1 . នៅពេលចាប់ផ្ដើមមានការឈឺពោះឆ្លងទន្លេមែនទែន ដោយការឈឺនោះនឹងឈឺជាប់រហូត និងឈឺខ្លាំងឡើងៗជារឿយៗ។

    2 . ការឈឺពោះប្រសូតមិនអាចជ្រើសពេលវេលា ឬដឹងមុនបានឡើយ ដូច្នេះ មិនថានៅទីណា ឬកំពុងធ្វើអ្វីនោះឡើយ គួរប្រញាប់ទៅមន្ទីពេទ្យ មិនចាំបាច់រង់ចាំឱ្យដល់ពេលម៉ោងពេទ្យធ្វើការនោះទេ។

    3 . បើមានឈឺពោះតិចៗ គួរសម្រាកនៅផ្ទះ 4 – 8ម៉ោង ដើម្បីឱ្យប្រាកដក្នុងចិត្តថា ពិតជាឈឺពោះឆ្លងទន្លេមែនហើយ ឬអាចនឹងទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យ ឬឆ្មបបាន៕

  • ក្លៀកខ្មៅ ប្រែជាសបានក្នុងរយៈពេល 1 ខែតាមវិធីបែបធម្មជាតិ

    ក្លៀកខ្មៅ ប្រែជាសបានក្នុងរយៈពេល 1 ខែតាមវិធីបែបធម្មជាតិ

    ក្លៀកខ្មៅ ជាបញ្ហាដ៏ធំណាស់សម្រាប់សុភាពនារីយើង និងជាមូលហេតុមួយធ្វើឱ្យនារីៗមិនហ៊ានពាក់អាវវាលក្លៀក ឬមិនចង់បង្ហាញបរិវេណវង្វង់ក្លៀកឡើយ ព្រោះខ្មាសគេខ្លាំងណាស់ ព្រមទាំងជាបញ្ហាដ៏គួរឱ្យរំខានចិត្តទៀតផង។ តែពេលនេះ នារីៗដែលមានបញ្ហាក្លៀកខ្មៅនេះនឹងអស់កង្វល់តទៅទៀតហើយ ព្រោះគេហទំព័រ ឡារ៉ែន នឹងជម្រាបប្រាប់អំពីវិធីកែបញ្ហានេះ ដើម្បីឱ្យសុភាពនារីទាំងឡាយមានទំនុកចិត្តមកលើខ្លួនឯងជាថ្មីឡើងវិញ ដោយការកែប្រែក្លៀកខ្មៅ ឱ្យទៅជាសស្អាត ហើយតឹងណែន គ្មានស្លាកស្នាម ក្នុងរយៈពេល 1 ខែ តាមរូបមន្ដធម្មជាតិ។

    វត្ថុត្រៀមសម្រាប់ធ្វើម៉ាស្សាសម្អាតស្បែកក្លៀក៖

    1.ទឹកត្រសក់ច្របាច់ 1 ស្លាបព្រាកាហ្វេ
    2.ទឹកក្រូចឆ្មារ 1 ស្លាបព្រាកាហ្វេ
    3.ម្សៅមើមរមៀត កន្លះស្លាបព្រាកាហ្វេ
    4.ប្រេងដូង 1 ស្លាបព្រាបាយ

    វិធីធ្វើ៖ គ្រាន់តែយកវត្ថុធាតុផ្សំដែលបានតៀមខាងលើ មកលាយឱ្យក្លាយជាល្បាយស្មើសាច់មួយ តែមិនចាំបាច់លាយជាមួយប្រេងដូងនៅក្នុងចានតែមួយទេ (ទុកប្រេងដូងនៅដោយឡែក)។

    វីធីម៉ាស្សា ៖ បន្ទាប់ពីងូតទឹករួច ជូតខ្លួនឱ្យស្ងួត រួចយកសំឡីជ្រលក់ជាមួយប្រេងដូង យកមកលាប និងធ្វើម៉ាស្សាថ្មមៗនៅបរិវេណរង្វង់ក្លៀក ។ ក្រោយមកទៀតក៏យកសំឡីជ្រលក់ជាមួយល្បាយវត្ថុធាតុដែលបានលាយរួចនោះ មកលាបថ្នមៗពីលើបរិវេណក្លៀកបន្ថែម ទុកចោលរយៈពេល 20 នាទី ទើបទៅលាងទឹកឱ្យស្អាត ជាការស្រេច។

    បន្ថែម៖ សម្រាប់អ្នកដែលមានបញ្ហាក្លៀកខ្មៅខ្លាំង យកល្អ គួរតែអនុវត្តវិធីនេះ យ៉ាងហោចណាស់ឱ្យបាន 2-3 ដងក្នុងមួយសបា្ដហ៍៕