Tag: បាល់ទាត់នារី

  • «យក​ឈ្នះ​កម្ពុជា​មិនមែនជា​រឿង​ងាយ​ឡើយ» នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុមបាល់ទាត់​នារី​​វៀតណាម​

    «យក​ឈ្នះ​កម្ពុជា​មិនមែនជា​រឿង​ងាយ​ឡើយ» នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុមបាល់ទាត់​នារី​​វៀតណាម​

    ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម បាន​និយាយ​ថា ទន្ទឹមនឹង​អំណោយផល​ល្អ​ដោយសារ​ជា​ម្ចាស់ផ្ទះ កម្ពុជា​ក៏បាន​រីកចម្រើន​ច្រើន ដូច្នេះ នៅ​ថ្ងៃស្អែក វៀតណាម​នឹងត្រូវ​ប្រុងប្រយ័ត្ន​ពេល​ប៉ះគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ព្រឹក​ថ្ងៃទី 11 ឧសភា នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ភ្នំពេញ ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម កញ្ញា ហ្វឹ​ន ញ៉ឺ (Huynh Nhu) បាន​និយាយថា «ក្នុងការ​ប៉ះ​កម្ពុជា​កាលពី​ឆ្នាំ 2019 ក្រុម​នារី​វៀតណាម​បានឈ្នះ​យ៉ាង​គគ្រឹក​គ្រ​គ្រេង​។ ប៉ុន្តែ នោះ​គឺជា​រឿង​របស់​ប្រាំ​ឆ្នាំមុន។ ពេលនេះ កម្ពុជា​រីកចម្រើន​ជាង​មុន​ឆ្ងាយ​ណាស់»។

    ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម បាន​រម្លឹក​ដល់​ការប្រកួត​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2019 ដែល​ពេលនោះ នាង និង​មិត្ត​រួម​ក្រុម​បាន​ផ្ដួល​កម្ពុជា 10-0។ ហើយ​ក្រោយមក ក្រុម​នារី​វៀតណាម​ក៏បាន​ឈ្នះ​កម្ពុជា​ពីរ​ប្រកួត​ទៀត​នៅក្នុង​ឆ្នាំ 2022 គឺ​ឈ្នះ 7-0 នៅ​ស៊ី​ហ្គេម​លើក​ទី 31 និង 3-0 នៅ AFF Cup។

    ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ចិន Gao Fulin បច្ចុប្បន្ន​ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​រីកចម្រើន​ខ្លាំង​ដែល​គេ​អាច​មើលឃើញ​នៅក្នុង​ស៊ី​ហ្គេម​លើក​នេះ។ ពួកគេ​បាន​ចាញ់​ថៃ ប៉ុន្តែ​បានឈ្នះ​សិង្ហ​បុរី និង​ឡាវ ហើយក៏​ឈរ​លំដាប់​លេខ​ពីរ​នៅ​ពូ​ល B ដូច្នេះ​ក៏បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ស៊ី​ហ្គេម។

    ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា

    «…កម្ពុជា​ធ្វើបាន​ល្អ​ណាស់​នៅពេល​ប៉ះ​ថៃ និង​គូប្រកួត​នានា​នៅ​ពូ​ល B។ ពេលនេះ ការយក​ឈ្នះ​លើ​កម្ពុជា​គឺជា​រឿង​មិន​ងាយស្រួល។ …វៀតណាម​នឹង​លេង​ដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់បំផុត​ដើម្បី​ដណ្ដើម​ជ័យជម្នះ» ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម អះអាង​ដូច្នេះ។

    បច្ចុប្បន្ន ខ្សែ​ប្រយុទ្ធ​វៀតណាម កញ្ញា ហ្វឹ​ន ញ៉ឺ កំពុង​លេង​នៅ​ពានរង្វាន់​ជើងឯក​បាល់ទាត់​ជាតិ​ព័រទុយហ្កាល់ សម្រាប់​ក្លឹប Lank។ ហ្វឹ​ន ញ៉ឺ និង​ក្រុម​នារី​វៀតណាម ថ្វីបើ​បាន​ចាញ់​ហ្វ៊ី​លី​ពី​ន 1-2 នៅក្នុង​ការប្រកួត​ជើង​ចុងក្រោយ ប៉ុន្តែ​នៅតែ​ឈរ​កំពូល​តារាង A ។ វៀតណាម​មាន 6 ពិន្ទុ​ស្មើនឹង​មី​យ៉ាន់​ម៉ា និង​ហ្វ៊ី​លី​ពី​ន ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ខ្ពស់ជាង។

    ហ្វឹន ញ៉ឺ (Huynh Nhu) គឺជាកីឡាការិនីខ្សែប្រយុទ្ធ និងជាប្រធានក្រុមបាល់ទាត់នារីវៀតណាម

    ប្រធាន​ក្រុម​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​នារី​វៀតណាម លោក ម៉ៃ ឌឺ​ក ជុង (Mai Duc Chung) ក៏​យល់ឃើញ​ដូចទៅ​នឹង​ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម ហ្វឹ​ន ញ៉ឺ ទាក់​ទង​នឹង​សមត្ថភាព​បច្ចុប្បន្ន​របស់​ក្រុម​បាល់​ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​។

    ចំណែក​ភាគី​កម្ពុជា​វិញ គ្រូបង្វឹក Gao Fulin ថ្លែងថា «យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព។ សង្ឃឹមថា ​កីឡាការិនី​​ទាំង​អស់​របស់​យើង​នឹង​ប្រកួត​បានល្អ»៕

  • ហួសចិត្ត! តារាបាល់ទាត់នារីនៅបូស្ន៊ី ដាល់គូប្រកួតខ្លួន និងរងពិន័យព្យួរជើងអស់មួយជីវិត!

    ហួសចិត្ត! តារាបាល់ទាត់នារីនៅបូស្ន៊ី ដាល់គូប្រកួតខ្លួន និងរងពិន័យព្យួរជើងអស់មួយជីវិត!

    តារាកីឡាបាល់ទាត់នារីដ៏ឆ្នើមម្នាក់ បានរងការពិន័យព្យួរជើងអស់មួយជីវិត ក្រោយពីបានដាល់ទៅលើគូប្រកួតរបស់ខ្លួនចំក្បាលយ៉ាងខ្លាំងក្លា។ កីឡាការិនី Silvija Sekacic មិនអាចលេងកីឡាបាល់ទាត់បានទៀតឡើយនៅក្នុងប្រទេសបូស្ន៊ីរបស់នាង ក្រោយពីបានវាយទៅលើកីឡាការិនីដែលជាគូប្រកួតរបស់ខ្លួនគឺ កីឡាការិនី Adnu Ljubanovic រហូតដល់ដួលទៅលើទីលានប្រកួត។


    នាង Sekacic បានវាយកីឡាការិនីដែលជាគូប្រកួតរបស់ខ្លួនយ៉ាងសន្ធាប់ មុនពេលឡើងអង្គុយសង្កត់ពីលើដើម្បីដាល់ទៅលើក្បាលរបស់កីឡាការិនីម្នាក់នោះ រហូតទាល់តែពួកគេទាំងពីរត្រូវបានបំបែកចេញដោយកីឡាការិនីផ្សេងទៀត និងមន្ត្រីប្រចាំការប្រកួត។

    សកម្មភាពនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងអំឡុងការប្រកួតរវាងក្រុម Zeljeznicar និង Mladost ក្នុងក្របខ័ណ្ឌលីកផ្នែកនារីរបស់ប្រទេសបូស្ន៊ី។

    បើទោះបីស្ថានភាពផ្សេងៗមានភាពធូរស្រាល ហើយនាង Sekacic របស់ក្លិប Zelkenznicar បានរងពិន័យកាតក្រហមហើយក៏ដោយ ប៉ុន្តែកីឡាការិនីរូបនេះមិនបានបង្ហាញពីការសោកស្តាយណាមួយឡើយ ដោយនាងបាននិយាយថា៖ «ការរងពិន័យកាតក្រហមមិនមែនជាបញ្ហាអ្វីឡើយ ព្រោះយ៉ាងហោចណាស់ក៏ខ្ញុំបានវាយទៅលើរូបនាងនោះដែរ»។

    ក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីហេតុការណ៍នោះ ក្លិប Mladost បានឲ្យដឹងថា៖ «វាគ្មានពាក្យអ្វីត្រូវថ្លែងទៅលើបញ្ហានេះឡើយ។ វាអាចនិយាយបានថា ឥរិយាបថបែបនេះមិនមែនជាការប្រព្រឹត្តដោយមានការពិចារណាឡើយ។ មនុស្សដូចជា Silvija មិនស័ក្តិសមក្នុងការលេងបាល់ទាត់ឡើយ ហើយនាងពិតជាស័ក្តិសមហើយចំពោះការរងពិន័យព្យួរជើងអស់មួយជីវិតនោះ»៕
    ប្រភពពី៖ The Sun

  • ក្រុមបាល់ទាត់នារីរបស់កម្ពុជាឈ្នះ សិង្ហបុរី ២-១ ខណៈល្ងាចនេះ បន្តប៉ះហ្វីលីពីន

    ក្រុមបាល់ទាត់នារីរបស់កម្ពុជាឈ្នះ សិង្ហបុរី ២-១ ខណៈល្ងាចនេះ បន្តប៉ះហ្វីលីពីន

    ក្រុមបាល់ទាត់នារីអាយុក្រោម១៥ឆ្នាំកម្ពុជា(U-15)បានប្រកួតឈ្នះក្រុមបាល់ទាត់នារីរបស់សិង្ហបុរី កាលពីសប្ដាហ៍មុនលើទឹកដីប្រទេសឡាវក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017 នោះ នឹងបន្តប្រកួតដណ្ដើមយកពិន្ទុនាល្ងាចនេះបន្តទៀត។


    នេះគឺជាការប្រកួតទី២ក្នុងពូលB របស់ក្រុមU-15នារីកម្ពុជា និងក្រុមU-15នារីហ្វីលីពីន បន្ទាប់ពីក្រុមទាំងពីររកបាន៣ពិន្ទុរៀងៗខ្លួនកាលពីការប្រកួតទី១នាដើមសប្ដាហ៍កន្លងទៅ ក្នុងនោះក្រុមU-15នារីកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់នារីសិង្ហបុរី ២-១ និងក្រុមU-15នារីហ្វីលីពីនបានលត់ក្រុមU-15នារីឥណ្ឌូនេស៊ី ២-០ ។

    តាមរយៈលទ្ធផលខាងលើ ក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួនសម្រាប់ការប្រកួតទី២ល្ងាចនេះ ដើម្បីបង្កើនឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U15 Girls’ Championship 2017 ។ ហើយក្រៅពីជំនួបរវាងក្រុមទាំងពីនេះ ក្រុមU-15នារីឥណ្ឌូនេស៊ី និងសិង្ហបុរីក៏ត្រូវជួបគ្នានាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះផងដែរ ៕