Tag: បាញ់រះ

  • អាជ្ញាធរកាណាដា បាញ់សម្លាប់ “ខ្មាន់កាំភ្លើង” ដែលស្លៀកឈុតប៉ូលិសបន្លំខ្លួន-បើកឡានបាញ់រះទូទាំងទីក្រុង សម្លាប់មនុស្ស 16នាក់

    អាជ្ញាធរកាណាដា បាញ់សម្លាប់ “ខ្មាន់កាំភ្លើង” ដែលស្លៀកឈុតប៉ូលិសបន្លំខ្លួន-បើកឡានបាញ់រះទូទាំងទីក្រុង សម្លាប់មនុស្ស 16នាក់

    ថ្ងៃទី20 មេសានេះ សារព័ត៌មាន ដេលី មេល និង ដឹ ហ្គាឌៀន បានរាយការណ៍បន្តអំពីហេតុការណ៍ ជនល្មើសបើករថយន្តដើរបាញ់រះនៅតាមទីកន្លែងជាច្រើននៅភាគខាងជើងទីក្រុងផូតាភីក រដ្ឋណូវ៉ាស្កូសៀ របស់ប្រទេសកាណាដា រយៈពេល 12ម៉ោង ដែលធ្វើឱ្យមានអ្នកស្លាប់យ៉ាងតិច 16នាក់ និងរងរបួសមួយចំនួនទៀត តាំងពីថ្ងៃសៅរ៍ទី18 មេសា កន្លងមក។

    មកដល់ពេលនេះ ក្រុមអាជ្ញាធរប៉ូលិស អាចគ្រប់គ្រងស្ថានការណ៍បានហើយ និងបានអះអាងថា ជនល្មើសដែលបានដឹងឈ្មោះនៅពេលក្រោយមកគឺ ហ្គាប្រៀល វ៉តមែន ជាជាងធ្វើធ្មេញសិប្បនិម្មិត អាយុ 51ឆ្នាំ បានស្លាប់ហើយ នៅក្នុងស្ថានីយប្រេងមួយកន្លែង នៅឆ្ងាយពីចំណុចបង្កហេតុទៅភាគខាងត្បូងប្រមាណ 96គីឡូម៉ែត្រ កាលពីអំឡុងពេលព្រឹក នៃថ្ងៃទី19 មេសា តាមពេលវេលាក្នុងស្រុក។

    ព័ត៌មានបឋម មិនបានបញ្ជាក់ថា តើជនល្មើស វ៉តមែន បានស្លាប់ដោយរបៀបណានោះទេ តែមានរូបភាពពីកាមេរ៉ារបស់ក្រុមអាជ្ញាធរដែលបំពាក់អាវុធ បានសម្រុកចូលទៅប្រកៀករថយន្តជនល្មើស និងប្រញាប់ប្រញាល់នាំយកសាកសពរបស់ វ៉តមែន ចេញពីស្ថានីយប្រេងនោះ ដែលគេប៉ាន់ស្មានថា អាចត្រូវប៉ូលិសបាញ់សម្លាប់ ចំណែកមូលហេតុ និងតើមានរឿងអ្វីដែលបណ្ដាលឱ្យឈានដល់ការបង្កហេតុបាញ់សម្លាប់មនុស្សរបស់ វ៉តមែន នោះ កំពុងស្ថិតក្នុងការស៊ើបសួរនៅឡើយ។

    ទីភ្នាក់ងារព័ត៌មានAP បានបញ្ជាក់ថា សោកនាដកម្មបាញ់រះ សម្លាប់មនុស្សដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសកាណាដានេះ បានកើតឡើងក្នុងអំឡុងពេលព្រលប់ៗនៃថ្ងៃទី18 មេសា បន្ទាប់ពីជនល្មើស វ៉តមែន ដែលបានបន្លំខ្លួនដោយស្លៀកឯកសណ្ឋានប៉ូលិស បើករថយន្តត្រាច់ចរទៅតាមទីកន្លែងជាច្រើននៅក្នុងទីក្រុងផូថាភីក និងប្រើអាវុធដែលជាកាំភ្លើងយន្ត បាញ់រះទៅលើក្រុមមនុស្សចំនួនដ៏ច្រើន ដោយក្នុងរបាយការណ៍ បានបញ្ជាក់ថា ជនល្មើសបានបើកឡានប៉ូលិស តែក្រោយមកអគ្គស្នងការដ្ឋានប៉ូលិសផ្លូវគោក នៃប្រទេសកាណាដា បានថ្លែងអះអាងថា ជារថយន្តច្នៃប្រឌិតធ្វើឱ្យដូចរថយន្តប៉ូលិស។

    លោកវរសេនីយ៍ឯកប៉ូលិស គ្រីស លេធើរ ស្នងការប៉ូលិសកាណាដា បានថ្លែងបញ្ជាក់ ដោយបានជឿថា ហេតុការណ៍នោះ ជាទង្វើរបស់ជនល្មើសតែម្នាក់ឯងគត់ ខណៈដែលលោកឧត្ដមសេនីយ៍ទោប៉ូលិស លី ប៊ើរគើរមែន ជំនួយការអគ្គស្នងការប៉ូលិសជាតិ បានថ្លែងថា មន្ត្រីប៉ូលិសម្នាក់ឈ្មោះ ហេឌិ ស្ទីវេនសុន អាយុ 23ឆ្នាំ ជាជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

    ក្រោយពេលបំពេញតួនាទីដែលបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងព្យាយាមការពារប្រជាជន លោកបានធ្វើដំណើរទៅជួបក្រុមគ្រួសាររបស់មន្ត្រីប៉ូលិស ស្ទីវេនសុន និងគ្មានពាក្យអ្វី ថ្លែងក្នុងការប្រៀបធៀបក្ដីឈឺចាប់របស់ពួកគេបានឡើយ “កូនទាំង 2នាក់ត្រូវបាត់បង់ម្ដាយ ស្វាមីត្រូវបាត់បង់ភរិយា ឪពុកម្ដាយត្រូវបាត់បង់កូនស្រី និងក្ដីបាត់បង់ជាច្រើនទៀតពីមិត្តភក្តិ និងមន្ត្រីមិត្តរួមការងារ”

    ចំណែកលោកនាយករដ្ឋមន្ត្រី ចាស្ទីន ធ្រូដូ មេដឹកនាំកាណាដា បានថ្លែងថ្កោលទោសថា នេះគឺជាហេតុការណ៍ដ៏អាក្រក់បំផុតមួយ។ ចំណែកលោក ថម ធែកហ្គាត សមាជិកសភាតំបន់ក្រុងផូថាភីក បានថ្លែងថា អ្នករស់នៅក្នុងទីក្រុងដែលធ្លាប់តែស្ងប់សុខមួយនេះ កំពុងភ័យរន្ធត់ និងមិនចង់ជឿថា មានហេតុការណ៍ដ៏អាក្រក់កើតឡើងនៅទីនេះឡើយ។


    ប្រភព៖ សារព័ត៌មានបរទេស

  • បាញ់​រះ​ក្នុង​រោង​ចក្រ​ស្រាបៀ​រនៅ​អាមេរិក​ សម្លាប់​មនុស្ស​យ៉ាង​តិច​5នាក់

    បាញ់​រះ​ក្នុង​រោង​ចក្រ​ស្រាបៀ​រនៅ​អាមេរិក​ សម្លាប់​មនុស្ស​យ៉ាង​តិច​5នាក់

    ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ បន្ទាប់​ពី​បាន​បាញ់​រះ​ទៅ​លើ​មិត្ត​​រួម​ការ​ងារ ​នៅ​ក្នុង​រោង​ចក្រ​ស្រា​បៀរ​មួយ​ នៅ​ក្នុង​រដ្ឋ​ Winconsin សហ​រដ្ឋ​អាមេរិក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​ហោច​5នាក់។

    យោង​តាម​សារ​ព័ត៌មាន RT ហេតុ​ការណ៍​នេះ​បាន​កើន​ឡើង​កាល​ពីថ្ងៃទី​26កុម្ភៈ(ម៉ោង​នៅ​អាមេរិក) នៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​​ស្រាបៀរ​ Miller Coors ដែល​ស្ថិត​ក្នុង​តំបន់ Milwaukee នៃ​រដ្ឋ​ Wisconsin។ បុគ្គលិក​ម្នាក់​អាយុ​51​ឆ្នាំ​ ដែល​ទើប​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ បាន​ត្រឡប់​មក​កាន់​ក្រុម​ហ៊ុន​ខាង​លើ និង​បាន​​​បាញ់​រះ​ទៅ​លើ​បុគ្គលិក​ក្រុម​ហ៊ុន​នេះ បណ្ដាល​ឱ្យ​អតីត​មិត្ត​រួម​ការ​ងារ​5នាក់​របស់​ខ្មាន់​កាំភ្លើង បាត់​បង់​ជីវិត​។ បន្ទាប់​ពី​ការ​បាញ់​រះ ខ្មាន់កាំភ្លើង​នេះ​ក៏បាន​បាញ់​សម្លាប់​ខ្លួន​នៅ​នឹង​កន្លែង​កើត​ហេតុ។

    កន្លែង​កើត​ហេតុ​ខាងលើ​ ស្ថិត​នៅ​ឯ​ករិយា​ល័យ​កណ្ដាល​របស់ក្រុម​ហ៊ុន​ Miller Coors ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​​មហា​វិថី West Highland។

    មន្ត្រីនគរ​បាល​​ជាន់​ខ្ពស់​នៃ​ទី​ក្រុង​ Milwaukee លោក Afonso Morales បាន​ឱ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​វ័យ51​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រុម​ហ៊ុន​ក្នុង​ថ្ងៃ​កើត​ហេតុ​ មុន​ពេល​មាន​ការ​បាញ់​រះ​នេះ​។ បន្ទាប់​ពី​កើត​ហេតុ​​ភ្លាម​ កម្លាំង​សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ និង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​នេះ​។

    អភិបាល​ក្រុង​ Milwaukee លោក Tom Barrett បាន​ថ្លែង​ថា​ “នេះ​គឺជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​សម្រាប់​បុគ្គលិក​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​”។​

    ប្រធានា​ធិបតី​អាមេរិក លោក Donald Trump មាន​ប្រសាសន៍​ថា ក្រៅ​ពី​អ្នក​ដែល​បាន​បាត់​បង់​ជីវិត ក៏​មាន​អ្នករង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ហេតុ​ការណ៍​បាញ់​រះ​នេះ​។​ លោក​ Trump ថ្លែង​ថា “ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ចំពោះ​អ្នក​រង​គ្រោះ​ និង​គ្រួ​សារ​សព​នៅ​តំបន់ Milwaukee ក្នុង​រដ្ឋ​ Wisconsin។ ឃាត​ករ​ម្នាក់​បាន​បាញ់​រះ​ក្នុងក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​មួយ​ និង​បាន​សម្លាប់​មនុស្ស​ចំនួន​5នាក់​ និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់់ទៀត​រង​របួស​។ បេះ​ដូង​របស់​យើង​បាន​ប្រេះ​បែក​ ព្រោះ​តែ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ និង​ទុក្ខ​ក្រៀម​ក្រំ​របស់​ក្រុម​គ្រួ​សារនៃ​សព​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មន្ត្រី​យោធាថៃ​ បាញ់​រះសម្លាប់​មនុស្ស​21នាក់ និង​របួស​ធ្ងន់ជាង14នាក់ (មានវីដេអូ)

    មន្ត្រី​យោធាថៃ​ បាញ់​រះសម្លាប់​មនុស្ស​21នាក់ និង​របួស​ធ្ងន់ជាង14នាក់ (មានវីដេអូ)

    មន្ត្រី​យោធាថៃម្នាក់​ បានប្រើ​កាំភ្លើង​​បាញ់​រះ​ទៅលើ​​ហ្វូង​មនុស្ស​ដែល​​នៅ​ក្នុង​តំបន់​ពាណិជ្ជ​កម្ម​មួយ​នៅ​ខេត្តនគររាជ​សីមា (Nakhon Ratchasima) ភាគ​ឦសាន​ប្រទេស​ថៃ​ បណ្ដាលឱ្យ​មាន​​​មនុស្ស​ស្លាប់​យ៉ាង​តិច 21​នាក់។

    Krissana Pattanacharoen អ្នក​នាំ​ពាក្យ​នគរ​បាល​ថៃ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី8កុម្ភៈ បាន​ឱ្យ​ដឹង​ថា ការ​បាញ់​រះ​របស់​ខ្មាន់​កាំភ្លើង​ម្នាក់នោះ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច21នាក់ និង​បង្ក​របួសធ្ងន់​​ដល់​មនុស្ស​ជា​ច្រើន​នាក់​​ផ្សេង​ទៀត។

    ភ្លាម​ៗ​បន្ទាប់​ពី​ការ​បាញ់​រះ ក្រុម​សមត្ថ​កិច្ច​ប្រដាប់​អាវុធ​ក៏​បាន​ឡោម​ព័ទ្ធ​តំបន់​កើត​ហេតុ ដើម្បី​ស្វែង​រក​ជន​សង្ស័យ។ ក្រោយការ​ឡោម​ព័ទ្ធទីតាំងផ្សារទំនើបមួយកន្លែងនៅក្រុង Korat នាខេត្តនគររាជសីមា អស់រយៈ​ពេល​ 12ម៉ោង សមត្ថ​កិច្ច​ក៏​បានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះ​។

    ជនសង្ស័យ​ក្នុងករណី​បាញ់រះនេះ

    អ្នក​នាំពាក្យ​យោធាថៃ Thanya Kriatisarn បាន​និយាយ​ថា ខ្មាន់​កាំភ្លើងខាង​លើ គឺជាមន្ត្រី​​យោធា​ថ្នាក់​ព្រឹន្ទបាល​​នៃ​កង​ទ័ព​ថៃ បម្រើ​ការ​នៅ​ក្នុង​មូលដ្ឋាន​ទ័ព Suratham Phithak ក្នុង​តំបន់ Nakhon Ratchasima។

    https://www.youtube.com/watch?v=DPXUtuemU24

    https://www.youtube.com/watch?v=xe5zRmc_Slg

    ប្រភព៖ សារព័ត៌មាន​បរទេស