Tag: បាគង

  • ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ 2023 កើនឡើងខ្ពស់

    ក្នុងឆ្នាំ 2023 ប្រតិបត្តិការទូទាត់ដោយ​ប្រើ​ប្រាស់ប្រាក់​រៀល​តាម​ប្រព័ន្ធ​ឌីជីថល់ បានកើនឡើង 44% ធៀបនឹងឆ្នាំ 2022 និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា 3.1%។

    តួលេខ​ខាងលើ​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី «ខួបលើកទី 44 នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2024។

    ក្នុងចំណោមវិធានការនានា​ដែល​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​​ប្រាក់រៀល ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់​តែ​មានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច​។ លើសពីនេះ ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀល អាចទូទាត់តាមប្រព័ន្ធយ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។

    លោកជំទាវ ជា សិរី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន និងឥណ្ឌា ជាដើម។

    ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏​បាន​អំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង។ លោកជំទាវថ្លែងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។

  • តំបន់រុនតាឯក ត្រូវ​បាន​កែ​ប្រែ​ជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ

    តំបន់រុនតាឯក ត្រូវ​បាន​កែ​ប្រែ​ជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ

    យោងតាមអនុក្រឹត្យលេខ 07 អនក្រ.បក ចុះថ្ងៃទី 11 មករា 2024 រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចកែប្រែតំបន់​រុនតាឯក នៅ​ក្នុង​ខេត្ត​សៀមរាប​ ទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ។

    អនុក្រឹត្យ​ខាងលើ​បញ្ជាក់​ថា ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយការ​កាត់​យក​ឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ហើយ​មានសង្កាត់ចំនួនពីរ​ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ខណៈ​ទីតាំងរដ្ឋបាលក៏​ស្ថិតនៅក្នុងសង្កាត់រុនតាឯក។

    កន្លង​មក តំបន់រុនតាឯក ត្រូវបានរាជរដ្ឋាភិបាល គ្រោងបង្កើត​ទៅជាទីក្រុងមួយ ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារនៅនឹងកន្លែង ព្រម​ទាំង​ផ្ដោតសំខាន់​ទៅ​​លើនិរន្តរភាព​នៃ​ការ​លើក​កម្ពស់​ជីវភាព​ប្រជា​ជន​ក្នុង​តំបន់​៕

  • Covid-19 កំពុង​ព​ន្លឿ​ន​ដំណើរ​ការដាក់​ឱ្យប្រើ​ប្រាក់​អេឡិចត្រូនិក​នៅលើ​ពិភពលោក

    Covid-19 កំពុង​ព​ន្លឿ​ន​ដំណើរ​ការដាក់​ឱ្យប្រើ​ប្រាក់​អេឡិចត្រូនិក​នៅលើ​ពិភពលោក

    ធនាគារកណ្ដាល​របស់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក កាន់តែ​គិតគូរ​ដល់​ការ​ព​ន្លឿ​ន​ការអភិវឌ្ឍ​រូបិយប័ណ្ណ​ទម្រង់​ឌីជីថល ឬ​ហៅថា ប្រាក់​អេឡិចត្រូនិក ដើម្បី​ជំនួស​ក្រដាសប្រាក់​ធម្មតា​នាបច្ចុប្បន្ន។

    ក្នុង​រដូវចូលឆ្នាំ​ចិន​កន្លងទៅ Covid-19 បានធ្វើឱ្យ​ជនជាតិ​ចិន ត្រូវ​រស់នៅក្នុង​ស្ថានភាព​តានតឹង ខណៈ​រដ្ឋាភិបាល​​ស្នើ​ឱ្យ​​ពល​រដ្ឋ​​កាត់​បន្ថយ​ការដើរ​ហើរ និង​ជួបជុំ ហើយ​ប្រការនេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​នានា​របស់​ប្រទេស​នេះ។ ក៏ប៉ុន្តែ ពលរដ្ឋ​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រមាណ 50,000 នាក់ បានទទួល​​អាំង​ប៉ាវ​​ជា​ប្រាក់​​​អេឡិច​ត្រូនិក ចំនួន 200 យុន (ប្រហែល 31ដុល្លារ​អាមេរិក) ពី​រដ្ឋាភិបាល ដែល​ពួកគេ​អាច​ចាយវាយ​តាម​អន​ឡាញ ឬ​ចាយ​ផ្ទាល់។

    នៅពេល Covid-19 កំពុង​ព​ន្លឿ​ន​ដំណើរការ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ធនាគារកណ្ដាល​របស់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ក៏​កាន់តែ​គិតគូរ​ដល់​កា​រព​ន្លឿ​ន​ការអភិវឌ្ឍ​រូបិយប័ណ្ណ​ទម្រង់​ឌីជីថល ឬ​ហៅថា ប្រាក់​អេឡិចត្រូនិក ដើម្បី​ជំនួស​ក្រដាសប្រាក់​ធម្មតា​នាបច្ចុប្បន្ន។

    កាលពី​ខែតុលា ឆ្នាំ 2020 កម្ពុជា គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដូចខាងលើ។ ប្រទេស​ជាច្រើន​ផ្សេងទៀត ដូចជា ប្រទេស​ថៃ សិង្ហ​បុរី ឬ ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម ក៏​កំពុងតែ​គិតគូរ​ដល់​ការអភិវឌ្ឍ និង​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ​ប្រាក់​ឌីជីថល​នេះដែរ។

    ការដែល​ប្រទេស​ចិន​បង្កើន​ការអភិវឌ្ឍ​ប្រាក់​យុន​អេឡិចត្រូនិក ទំនងជា​ជះឥទ្ធិពល​ខ្លាំងក្លា​ដល់​សេដ្ឋកិច្ចពិភពលោក នេះ​បើ​គិត​អំពី​មហិច្ឆតា​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​លើ​ប្រាក់​យុន​របស់ខ្លួន។

    ការសាកល្បង​ប្រើប្រាស់​ប្រាក់​ទម្រង់​អេឡិចត្រូនិក​របស់​ទីក្រុង​ប៉េកាំង​កាលពី​រដូវចូលឆ្នាំ​ចិន​កន្លងទៅ បានបញ្ចប់​កាលពី​ថ្ងៃទី 17 កុម្ភៈ។ មុន​នោះ ក៏មាន​ការសាកល្បង​ដូចគ្នានេះ នៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​ចិន​ផងដែរ។ ជា​សរុប ធនាគារជាតិ​របស់​ប្រទេស​ចិន បាន​ចែកចាយ​ប្រាក់​ជា​ទម្រង់​ឌីជីថល ជាង 100 លាន​យុន។ ក្រៅពីនេះ ក៏មាន​កម្មវិធី​ប្រើ​ប្រាស់​​ប្រាក់​​យុន​​អេឡិច​ត្រូនិក​​ជា​ច្រើន​​ផ្សេងទៀត កំពុង​ត្រូវបាន​គិតដល់ ក្នុងនោះ​មាន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉េកាំង​ឆ្នាំ 2022 (Beijing Olympics 2022) ទៀតផង។

    ប្រទេស​ចិន​គឺជា​ទឹកដី​ដែល​មានការ​ជឿនលឿន​ក្នុងការ​ប្រើប្រាស់​ប្រាក់​ឌីជីថល។ អ្នកប្រើប្រាស់​រាប់រយ​លាន​នាក់ កំពុងតែ​ប្រើ​សេវាកម្ម Alipay និង WeChat ដោយ​ការ​ស្កេ​ន​កូដ QR នៅលើ​អេក្រង់​ទូរស័ព្ទ​ឆ្លាត​វៃ ពោលគឺ​មិន​ប្រើប្រាស់​ក្រដាសប្រាក់ ឬ​កាក់​នោះទេ។ រីឯ​ប្រាក់​យុន​អេឡិចត្រូនិក ក៏​ដំណើរការ​ដូច​យន្តការ​នេះដែរ។

    ប៉ុន្តែ ធនាគារ​ទូទាត់​អន្តរជាតិ (BIS/Bank for International Settlements) មិន​បានគិត​ដូច្នេះ​ទេ។ ប្រាក់​អេឡិចត្រូនិក​ដែល​ចេញ​ដោយ​ធនាគារកណ្ដាល ត្រូវបាន​ហៅ​កាត់​ថា CBDC (Central Bank Digital Currency)។ ការស្រាវជ្រាវ​របស់ BIS កាលពី​ខែមករា ឆ្នាំ 2021 បាន​បង្ហាញថា 86% ក្នុងចំណោម 65% នៃ​ធនាគារកណ្ដាល​របស់​ប​ណ្ដា​ប្រទេស​ក្នុង​​ពិភព​លោក​ កំពុង​ប្រើប្រាស់​យន្តការ​ដូច CBDC។ ធនាគារកណ្ដាល​ប្រហែល 60% បានឱ្យដឹងថា ពួកគេ​អាចដាក់​ឱ្យប្រើ​ប្រាស់ CBDC ក្រោយ​រយៈពេល 6 ឆ្នាំ​ទៀត។

    ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន និង​មាន​ប្រព័ន្ធ​ធនាគារ​នៅ​ទន់ខ្សោយ​នៅឡើយ ក៏មាន​គោលដៅ​ដោយឡែក​របស់ខ្លួន​ដើម្បី​តាម​ប្រមាញ់ CBDC ក្នុង​បំណង​ជួយ​ឱ្យ​សកម្មភាព​ទូទាត់​ប្រាក់ ដំណើរ​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយវត្ថុ​របស់​ពួកគេ។

    កម្ពុជា គឺជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ! កាលពី​ខែតុលា ឆ្នាំ 2020 កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ប្រើ​ប្រព័ន្ធ​ទូទាត់​មួយ​ដែលមាន​ឈ្មោះថា «បាគង» (Bakong Payment Service) ដែល​ត្រូវបាន​អភិវឌ្ឍ​រួមជាមួយ​នឹង​ក្រុមហ៊ុន blockchain របស់​ជប៉ុន ដែលមាន​ឈ្មោះថា Soramitsu៕

    ប្រភព៖ Nikkei