Tag: បណ្ណាល័យ

  • ​គ្រាន់តែ​ស្ដាប់​សំឡេង​ក្ដារ​ចុច ក៏ AI ​ដឹង​ខ្លឹមសារ ពិសេស​គឺ​លេខ​សម្ងាត់!

    ​គ្រាន់តែ​ស្ដាប់​សំឡេង​ក្ដារ​ចុច ក៏ AI ​ដឹង​ខ្លឹមសារ ពិសេស​គឺ​លេខ​សម្ងាត់!

    AI (បញ្ញា​សិប្បនិម្មិត) អាច​ដឹងបាន​នូវ​ខ្លឹមសារ​ដែល​ម្ចាស់​កុំព្យូទ័រ​ចុច​លើ​ក្ដារ​ចុច តាមរយៈ​ការ​ស្ដាប់​សំឡេង​ពី​លេប​ថប​ក្នុង​ហាង​កាហ្វេ ហើយ​មាន​សុក្រឹតភាព​ជិត 100%។

    ក្រុម​ស្រាវជ្រាវ​មួយក្រុម​រួមមាន Joshua Harrison មកពី​ក្រុមហ៊ុន Amazon, សាស្ត្រាចារ្យ Ehsan Toreini មកពី​សាកលវិទ្យាល័យ Surrey និង​សាស្ត្រាចារ្យ Maryam Mehrenzhad មកពី​សាកលវិទ្យាល័យ Royal Holloway របស់​អង់គ្លេស ឱ្យដឹងថា កុំព្យូទ័រ​យួរដៃ​កំពុង​ក្លាយជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ការវាយប្រហារ​ដោយ​ការប្រើប្រាស់ AI ព្រោះតែ​លក្ខណៈ​ចល័ត​របស់​ពួកវា។

    «មនុស្ស​ជាច្រើន​ចូលចិត្ត​យក​លេប​ថប​ទៅធ្វើ​ការ​ក្នុង​បណ្ណាល័យ ហាង​កាហ្វេ ជាទី​ដែល​សំឡេង​ចុច​កុំព្យូទ័រ​ងាយស្រួល​ត្រូវគេ​ថត​ដោយ​មិនដឹង​ខ្លួន» របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ​សរសេរ​ដូច្នេះ និង​បន្តថា «សំឡេង​ពី​គ្រាប់​ចុច​កុំព្យូទ័រ​កំពុង​ក្លាយជា​មធ្យោបាយ​សម្រាប់​ការវាយប្រហារ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​វា​មាន​ស្រាប់ ចំណែក​ជនរងគ្រោះ​ក៏​មិនមាន​ការសង្ស័យ ហើយ​បើទោះជា​ដឹង​ក៏​មិនអាច​លាក់បាំង​ (សំឡេង) បាន»។

    ក្រុម​ខាងលើ​បាន​ប្រើ​ប្រាស់​ឧបករណ៍​ច្រើន​ប្រភេទ​ដើម្បី​ថត​សំឡេង​ចុច​កុំព្យូទ័រ ក្នុងនោះ​មាន​ទូរស័ព្ទ​ជាដើម។ សំឡេង​នោះ ក្រោយមក​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កុំព្យូទ័រ​ដែលមាន​កម្មវិធី​សិក្សា​ជ្រៅ (deep learning) ពី​ចម្ងាយ និង​មាន​ភារកិច្ច​ស្វែងយល់​នូវ​ខ្លឹមសារ​ដែល​ត្រូវបាន​គោលដៅ​បញ្ចូល​ទៅក្នុង​កុំព្យូទ័រ​តាមរយៈ​ក្ដារ​ចុច ទៅតាម​ពេលវេលា​ដំណាលគ្នា។

    នៅក្នុង​ការពិសោធ​ស្វែងយល់​ខ្លឹមសារ​ដែល​បញ្ចេញ​សំឡេង​ពី​ក្ដារ​ចុច​កុំព្យូទ័រ MacBook Pro និង​ត្រូវបាន​ថត​ដោយ​ស្មា​ត​ហ្វូ​ន លទ្ធផល​ដែល​ទទួលបាន​គឺ​ត្រូវ​រហូតដល់ 95%។ ចំណែក​ការថត​តាមរយៈ​ការហៅ​ទូរស័ព្ទ​វីដេអូ​ដូច Zoom ជាដើម ភាព​សុក្រឹត​គឺ 93%។

    ក្រុម​ស្រាវជ្រាវ​និយាយថា លទ្ធផល​នៃ​ការពិសោធ​នេះ​បង្ហាញថា វិធី​ខាងលើនេះ​មាន​ប្រសិទ្ធភាព​​ចំពោះ​តែ​ការ​ចុច​កុំព្យូទ័រ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ដូច្នេះ ការវាយប្រហារ​ពី​ចោរ​អ៊ី​ន​ធើ​ណិ​ត ទំនងជា​ប្រើប្រាស់​វិធី​នេះ​ដើម្បី​លួច​​តែ​ទិន្នន័យសំខាន់ៗ និង​មានតម្លៃ​ខ្ពស់ មាន​ជាអាទិ៍ ឈ្មោះ​គណនី លេខ​សម្ងាត់ និង​ព័ត៌មាន​កាត ATM ជា​ដើម​។

    វិធី​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ត្រូវគេ​លួច​ថត​សំឡេង​ចុច​កុំព្យូទ័រ​ គឺ​ការប្រើប្រាស់​លេខ​សម្ងាត់​ស្មុគស្មាញ រួមមាន​អក្សរពិសេសៗ បូក​នឹង​អក្សរ​ធំ អក្សរ​តូច និង​លេខ​ជាដើម ហើយ​ដាក់​លេខ​កូដ​បញ្ជាក់​ច្រើន​ជាន់ ឬ​ប្រើ​វិធី​ស្កេ​ន​ផ្ទៃមុខ ក្រយៅដៃ​ដើម្បី​ការពារ​សុវត្ថិភាព​ទិន្នន័យ៕

  • គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    Kalbod Design ដែលជា​ស្ទូ​ឌី​យោ​មួយ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់ (ប្រទេស​អ៊ីរ៉ង់) បានបង្ហាញ​គម្រោង​កោះ​វេជ្ជសាស្ត្រ​ឌូ​បៃ ដែលមាន​អគារ​កប់​ពពក​ទំហំ​មួយ​លាន​ម៉ែត្រការ៉េ ដ៏​លេចធ្លោ​នៅ​ចំ​កណ្ដាល។

    កោះ​ថ្មី​នេះ​មាន​ឈ្មោះថា ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ (Dubai Healthcare City) ដែលជា​តំបន់​ចម្រុះ​អណ្ដែត​លើ​ផ្ទៃ​ទឹក ផ្ដោត​សំខាន់​លើ​ការផ្ដល់សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ បំពាក់​បច្ចេកវិទ្យា​ទំនើប និង​ប្រកបដោយ​ស្ថិរភាព ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ និង​សង្គម​ដ៏​ពិសេស​របស់​តំបន់។ Design Boom ចុះផ្សាយ​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី 15 ឧសភា។

    ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ មាន​រូបរាង​ដូច​​អឌ្ឍចន្ទ ឬ​ដូច​ចំណិតដូង និង​រួមផ្សំ​ជាមួយនឹង​កត្តា​រចនាបថ​រូបវិទ្យា​ក្នុង​សាសនា​អ៊ីស្លាម។ កោះ​នេះ​ដំណើរការ​ដូច​ទៅនឹង​តំបន់​ចម្រុះ​ក្នុង​អគារ ដោយមាន​ប្រព័ន្ធ​គមនាគមន៍​ក្នុង​ទឹក​ដោយឡែក តំបន់​លំនៅ​ដែលមាន​រុក្ខជាតិ​បៃតង​ត្រជាក់​សម្រាប់​អ្នកជំងឺ បណ្ដា​មជ្ឈមណ្ឌល​អប់រំ និង​អភិវឌ្ឍ។ល។

    ច្រកចូល​កោះ​នេះ​ត្រូវបាន​ស្ថាបនា​ក្រោម​ទឹក ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​នៅលើ​កោះ។ ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ទឹក​រួមមាន ប្រព័ន្ធ​រថភ្លើង​អគ្គិសនី និង​រថយន្ត​អគ្គិសនី។ គ្រប់កន្លែង​នៅលើ​កោះ​នេះ​សុទ្ធ​តែមាន​ស្ថានីយ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ។ ចំណែក​អ្នក​ថ្មើរជើង​វិញ គឺអាច​ដើរ​នៅលើ​កោះ​នេះ​ដោយ​សេរី។

    កោះ​នេះ​មាន​បី​តំបន់សំខាន់ៗ ក្នុងនោះ តំបន់​អប់រំ និង​ស្រាវជ្រាវ​ស្ថិតនៅ​ចំ​កណ្ដាល ខណៈ​តំបន់​វេជ្ជសាស្ត្រ និង​អគារ​ស្នាក់នៅ ស្ថិតនៅ​ជុំវិញ។ បណ្ដា​ផ្លូវ​ស្ថិតនៅ​ទី​ខ្ពស់​ចន្លោះ​តំបន់​នានា​នឹង​នាំមក​នូវ​ខ្យល់​បរិសុទ្ធ និង​មាន​តួនាទី​ជា​លំហ​បៃតង។ អ្នក​ថ្មើរជើង​អាច​ផ្លាស់​ទី​ក្នុង​កម្ពស់ផ្សេងៗគ្នា អាច​គយគន់​ទេសភាព​ដ៏​អស្ចារ្យ​របស់​ឌូ​បៃ និង​ឈូង​សមុទ្រ​ពែ​ក្ស។

    នៅ​កណ្ដាល​កោះ​គឺជា​អគារ​ខ្ពស់កប់ពពក​ទំហំ​រហូតដល់​មួយ​លាន​ម៉ែត្រការ៉េ បែង​ចែកជា​ពីរ​ផ្នែក រួមមាន ផ្នែក​ ​ផ្ទាល់​ដី មាន​ទំហំ 670,000 ម៉ែត្រការ៉េ សម្រាប់​សកម្មភាព​អប់រំ និង​ផ្នែក​ខាងលើ​ដែលមាន​រាង​ដូច​អឌ្ឍចន្ទ​ ទំហំ 330,000 ម៉ែត្រការ៉េ សម្រាប់​ធ្វើជា​សាល​តាំងពិព័រណ៍ បន្ទប់ពិសោធន៍ និង​អភិវឌ្ឍ សួន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា បណ្ណាល័យ និង​ពិព័រណ៍​សមិទ្ធផល​បច្ចេក​វិទ្យា​ឌីជីថល។ ក្រៅពី​អគារ​នៅ​ចំ​កណ្ដាល Dubai Healthcare City នឹងមាន​អគារ​ចំនួន 14 ផ្សេងទៀត​ដែលមាន​មុខងារ​វេជ្ជសាស្ត្រ និង​សណ្ឋាគារ​ចំនួន 24 នៅលើ​ក្បាល​ទាំងពីរ​របស់​កោះ។

    គ្រប់​អគារ​សុទ្ធ​តែមាន​សួនច្បារ​​នៅខាងមុខ និង​ដាំ​រុក្ខជាតិ​ច្រើន​ប្រភេទ ដែល​នាំមក​នូវ​ម្លប់​ត្រជាក់ និង​ខ្យល់​បរិសុទ្ធ​បែប​ធម្មជាតិ រួមចំណែក​លើកកម្ពស់​គុណភាព​បរិយាកាស​របស់​​ឌូ​បៃ៕

  • វិធីបង្ហាត់កុមារឱ្យរៀនយល់ដឹងបានយ៉ាងចម្រើន និងបណ្ដុះគំនឹតយ៉ាងត្រឹមត្រូវដែលអាណាព្យាបាលចាំបាច់ត្រូវតែដឹង…

    វិធីបង្ហាត់កុមារឱ្យរៀនយល់ដឹងបានយ៉ាងចម្រើន និងបណ្ដុះគំនឹតយ៉ាងត្រឹមត្រូវដែលអាណាព្យាបាលចាំបាច់ត្រូវតែដឹង…

    លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Filkenstein និងអ្នកស្រី Lisa filkenstein ជាអ្នកជំនាញការខាងការអប់រំកុមារមកពីសហរដ្ឋអាមេរិក ទាំង 2នាក់សុទ្ធតែជាអ្នកដែលមានបទពិសោធក្នុងការរៀបចំកម្មវិធីសិក្សារៀនសូត្រសម្រាប់កុមារជាង 30ឆ្នាំមកហើយនោះ បាន​ផ្តល់នូវផ្នត់គំនឹតដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលក្នុងរឿងការវិវឌ្ឍរបស់កុមារឆ្លាត ឬកុមារពូកែជាច្រើនចំណុចដូចខាងក្រោម ៖

    អ្នកណាគឺ មនុស្សពូកែ? អ្នកណាគឺ ក្មេងឆ្លាត?

    យើងគ្រប់គ្នាជាមនុស្សពូកែ ពូកែគ្រប់រូបបែប អ្នកខ្លះពូកែច្រៀង អ្នកខ្លះពូកែគូររូប ពូកែប្រដាល់ ពូកែទាត់បាល់ ពូកែគឹត ពូកែនិយាយ ពូកែរាំ ជាដើម-ល- អ្នកខ្លះពូកែច្រើនយ៉ាង អ្នកខ្លះពូកែរតែម្យ៉ាងៗ។ កុមារពូកែ ឬ​កុមារឆ្លាត ភាគច្រើនៗតែមានភាពចង់ដឹង ចង់ឃើញ មានការស្រមើស្រមៃ និងមានគំនឹតច្នៃប្រឌឹតខ្ពស់ និងថែមទាំងមានចំណាប់អារម្មណ៍ធំទូលាយ តែសាលារៀនជាច្រើនមិនសូវជួយជំរុញកុមារក្នុងរឿងនេះឡើយ។ អ្នកគ្រូច្រើនតែនិយាយថា “កុំសួរច្រើនណា អង្គុយឱ្យស្ងៀមៗ” កុមារទាំងនោះក៏អង្គុយសម្លឹងស្លឺចេញទៅក្រៅបង្អួច សម្លឹងមើលមេឃ មើលដើមឈើ អណ្តែតអណ្តូង។ ហើយអ្នកគ្រូនឹងនិយាយថា “កុមារបែបនេះមានបញ្ហា មិនតាំងចិត្តរៀន អារម្មណ៍រវើរវាយ មិនស្តាប់គ្រូ​​បង្រៀន”។ នៅពេលគ្រូគិតថា មានបញ្ហា ក៏ធ្វើឱ្យមិនអាចសម្លឹងឃើញពីលក្ខណ:ផ្សេងទៀតច្រើនជាង “បញ្ហា” ឡើយ។ បើគ្រូគឹតថា មានបញ្ហា ក៏គួរតែរិះរកវិធីកែបញ្ហានេះយ៉ាងរីកចម្រើន យ៉ាងបណ្តុះគំនឹត ដែលវាជារឿងមួយពិបាកណាស់ តែក៏ជារឿងមួយដែលគួរឱ្យសាកល្បងដែរ បើគ្រូចង់ជួយកុមារៗទាំងនោះយ៉ាងពិតប្រាកដមែននោះ។

    ធ្វើយ៉ាងណាទើបក្លាយជាការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹត

    ក្នុងការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹតនេះ លោកអ្នកត្រូវបង្ហាត់ខួរក្បាលរបស់លោកអ្នកឱ្យគិត ហើយក្នុងការ​គិតកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹតនោះ ចម្លើយដែលត្រឹមត្រូវ គឺមានច្រើនលើសពី1 ទៅទៀត។ នៅពេលជួបបញ្ហាជំហានដំបូង យើងត្រូវដឹងថា តើបញ្ហានោះគឺជាអ្វីពិតប្រាកដ?។

    ជំហានបន្តទៅទៀតគឺ ការស្វែងរកធាតុពិត។ យើងត្រូវរកមើលថា តើយើងត្រូវស្វែងរកព័ត៌មានដោយវិធី​ណា? ពីនរណា? ចម្លើយដែលអាចទៅរួចគឺ ប្រភពនៃព័ត៌មានផ្សេងៗដែលអាចរកបាន គឺនៅក្នុងបណ្ណាល័យ សារព័ត៌មាន ទូរទស្សន៍ អ្នកជំនាញការ ឬព័ត៌មានពីបរទេស-ល- ដែលវានឹងជួយឱ្យយើងទទួលបាននូវផ្នត់គំនឹតល្អៗជាច្រើន។ ជំហានបន្តទៅ​ទៀតក៏គឺ ការប្រមែប្រមូលព័ត៌មានដែលទទួលបាននោះ…គឺជាការប្រមូលផ្នត់គំនឹតទាំងអស់មកដោយមិនទាន់សម្រេចចិត្ត។

    ជារឿងមួយដែលគួរឱ្យសង្កេតថា នៅក្នុងបន្ទប់រៀន ពេលមានកិច្ចការខ្លះដែលត្រូវឱ្យកូនសិស្សឡើងឆ្លើយ គ្រូមួយចំនួនពេលកូន​សិស្ស​ឆ្លើយហើយ គ្រូប្រាប់ថា ខុស! សិស្សឯទៀតនឹងសើចគឹលឡើងតែម្ដង។ ពេលនោះ ក្មេងម្នាក់នោះនឹងលែងហ៊ាន​ឆ្លើយទៀតជាមិនខាន។ ក្នុងលក្ខណ:បែបនេះមិនមែនជាការបណ្តុះគំនឹតរបស់កុមារបែបចម្រើនឡើយ។

    នៅពេលប្រមូលព័ត៌មានបានមកហើយ និងបានយល់ច្បាស់ពីបញ្ហាហើយ ជំហានបន្ទាប់ទៅទៀត គឺការរិះរកវិធី ឬគំនឹតល្អៗ ចម្រើនៗក្នុងការកែបញ្ហា ដូចជា នៅពេលយើងរួបរួមបញ្ហា ឬចំណុចខ្សោយនៅក្នុងរឿងណាមួយមកបានហើយ តើយើងនឹង

    កែបញ្ហានេះរបៀបយ៉ាងម៉េច?។ គ្រូអាចបែងចែកកូនសិស្សជាក្រុមឱ្យធ្ចើការរួមគ្នា ដោយប្រមូលផ្តុំគំនឹតក្នុងការកែបញ្ហា។ បន្ទាប់ពី​នោះ គឺជាការដំណើរការកែបញ្ហា និងសិក្សាពីលទ្ធផល រហូតដល់កែសម្រួលបាន។

    រូបបែបនៃការរៀនយល់ដឹង

    ជាទូទៅ មនុស្សយើងមានវិធីរៀនយល់ដឹងច្រើនបែប។ ការដែលយើងត្រូវរៀនយ៉ាងដូចម្តេចនោះ វាកើតចេញពី​ការដែលយើងយល់ដឹងបែបណា ។ លោកវេជ្ជបណ្ឌិត David Kolb បានធ្វើការសិក្សាពីការរៀនយល់ដឹងរបស់ខ្លួន ដោយវាយតម្លៃពីមេរៀនគ្រឹះដែលបានមកពីទ្រឹស្តីរបស់ John Dewey , Kurt lewin និង​ Jean Piaget ហើយសរុបបានរូបបែបរបស់​អ្នករៀន​(សិស្ស) ចេញជា 4បែបគឺ ៖

    1 . អ្នកដែលប្រើប្រាស់អារម្មណ៍ (Feeler) បុគ្គលប្រភេទនេះនឹងទទួលយល់ដឹងតាមរយ:បទពិសោធ​ដោយត្រង់ ដោយប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានមកពីការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អជាទី​បំផុត នៅពេលមានការបញ្ចេញមតិ ការតវ៉ា ការបានស្តាប់ បានឮ និងការផ្លាស់ប្តូរគំនឹតយោបល់គ្នា។

    2 . អ្នកគិតវិភាគ (Thinker)​ ជាអ្នករៀនយល់ដឹងតាមរយ:ការប្រើគំនឹត ត្រិះរិះពិចារណា រួចបង្កើតគំនឹតរួមបែប

    ទ្រឹស្តី និងតាមរយ:ការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អបំផុតតាមរយ:ការស្តាប់ការបរិយាយ និងការសាក​ល្បងព័ត៌មានដោយខ្លួនឯង។

    3 . អ្នកសម្រេចចិត្ត (Dicider) ជាអ្នកទទួលយល់ដឹងដោយអាស្រ័យការគឹត និងការសាកល្បងធ្វើអ្វីមួយ។ កុមារប្រភេទនេះ នឹងរៀនសូត្របានល្អ នៅពេលណាដែលមានការប្រត្តិបត្តិ(អនុវត្ត)។

    4 . អ្នកគិតស្រាវជ្រាវ ច្នៃប្រឌិត (Imagination)​ ជាអ្នកដែលទទួលយល់ដឹងតាមរយ:បទពិសោធពិតដោយ​ប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានទទួលពីការសាកល្បងយ៉ាងពិតប្រាកដ ហើយនិងការបានធ្វើដោយផ្ទាល់។ កុមារប្រភេទ​នេះនឹងរៀនយល់ដឹងបានល្អតាមរយ:វិធីបង្រៀនបែបសិក្សាដោយខ្លួនឯង។

    យ៉ាងណាក៏ដោយ វាជាការណ៍មួយដែលលំបាកនឹងបែងចែកឱ្យច្បាស់យ៉ាងដាច់ខាតណាស់ថា តើអ្នកណាបែប​ណា​​? ។ កុមារក្នុងបែបទី1 និងទី4 មានលក្ខណ:ស្រដៀងគ្នា។ ដូចគ្នានឹងកុមារប្រភេទទី2 និងទី3 ដែរ ដូច្នេះទើបគ្រូៗ​ចាំបាច់ត្រូវតែបង្រៀនកុមារដោយប្រើវិធីការបង្រៀនក្នុងរូបបែបផ្សេងៗយ៉ាងស្មើភាគគ្នា ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់គ្នា​បានរៀនយល់​ដឹង និងបញ្ចេញសមត្ថភាពទៅតាមអ្វីដែលគេថ្នឹក លើកលែងតែគ្រូបានដឹងថា “ក្មេង” ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាក្មេងបែបណា ទើបត្រូវបង្រៀនឱ្យត្រូវនឹងលក្ខណៈការទទួលយល់ដឹងរបស់ក្មេងនោះឱ្យបានច្រើនបំផុត៕

  • ហេតុអ្វី​គួរ​បង្កើត​បណ្ណាល័យ​នៅក្នុង​ផ្ទះ​?

    ហេតុអ្វី​គួរ​បង្កើត​បណ្ណាល័យ​នៅក្នុង​ផ្ទះ​?

    ការ​អាន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​វិធីសាស្ត្រ​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​មនុស្ស​លើ​ពិភពលោក​ ព្រោះ​មិនថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ឬអភិវឌ្ឍន៍​ហើយ​នោះ​ទេ​ បច្ចុប្បន្ន​នេះ​គេ​តែងតែ​ជំរុញ​គ្រប់​លទ្ធភាព​ដើម្បី​ឱ្យ​មនុស្ស​ស្រឡាញ់​ការ​អាន​ឱ្យ​បាន​ច្រើន​។ នៅក្នុង​ប្រទេស​មួយចំនួន​ ជាពិសេស​បស្ចិមប្រទេស​ គេ​និយម​ដាក់​បណ្ណាល័យ​នៅក្នុង​បន្ទប់​ទទួលភ្ញៀវ​ ឬយ៉ាងហោចណាស់​ក៏​មាន​បណ្ណាល័យ​តូច​មួយ​នៅក្នុង​ផ្ទះ​ដើម្បី​ប្រើប្រាស់​ក្នុង​គ្រួសារ​ដែរ​ ខណៈ​នៅ​ប្រទេស​កម្ពុជា​ និង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ មិន​ទាន់​សម្បូ​អ្នកបង្កើត​បណ្ណាល័យ​នៅក្នុង​ផ្ទះនៅ​ឡើយ​។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ លោក​ ប៊ួយ​ សុធន​ ស្ថាបនិក​ហាង​លក់​សៀវភៅ​ My​ Book​ Shop​ បាន​លើកឡើង​ថា​ មនុស្ស​គ្រប់រូប​សុទ្ធតែ​ដឹង​ហើយ​ថា​ ពិភពលោក​ទាំងមូល​មានការ​ផ្លាស់​ប្តូរ​ និង​រីកចម្រើន​លឿន​ខ្លាំង​ណាស់​ រួម​ទាំង​សង្គម​កម្ពុជា​ផង​ដែរ​។ បច្ចុប្បន្ន​នេះ​ យើង​កំពុង​ឈានជើង​ចូល​ជា​បណ្តើរ​ៗទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដូច្នេះ​ទាមទារ​ឱ្យ​យើង​ព្យាយាម​រិះរក​មធ្យោបាយ​នានា​ ជាពិសេស​ការ​សិក្សា​រៀនសូត្រ​ដើម្បី​ទៅ​ឱ្យ​ឆ្ងាយ​ ឱ្យ​ផុត​ពី​អ្វី​ដែល​មនុស្សយន្ត​ ឬបច្ចេកវិទ្យា​អាច​ធ្វើ​ជំនួស​មនុស្ស​បាន​ នោះ​គឺ​ការប្រើ​ប្រាស់​បញ្ញា​ គំនិត​ ស្មារតី​ និង​ការស្រមើស្រមៃ​ដែល​គ្មាន​ដែន​កំណត់​របស់​យើង​។

    ចំណុច​នេះ​ អ្នកជំនាញ​អភិវឌ្ឍន៍​សង្គម​លើ​ពិភពលោក​បាន​ឯក​ភាព​ដូច​ៗគ្នា​។ ការងារ​ដែល​ដំណើរ​ការ​ដដែល​ៗ វិលចុះវិលឡើង​ នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា​។ ហេតុនេះ​ ការបង្កើត​ទម្លាប់​អាន​សៀវភៅ​ គឺជា​រឿង​ចាំបាច់​ ហើយ​ប្រសិនបើ​អាច​មានការ​រៀបចំ​បណ្ណាល័យ​តូច​ ឬធ្នើរ​ទូ​ដាក់សៀវភៅ​សមរម្យ​មួយ​នៅក្នុង​ផ្ទះ​ផង​នោះ​ គឺជា​រឿង​ប្រពៃ​ណាស់​សម្រាប់​អនាគត​វែងឆ្ងាយ​របស់​គ្រួសារ​យើង​ ហើយ​ការ​បណ្តុះ​ទម្លាប់​និស្ស័យ​អាន​ពីក្មេង​មក​ គឺជា​កត្តា​ចាំបាច់​បំផុត​មួយ​។

    លោក​ ប៊ួយ​ សុធន​ បាន​និយាយ​ថា​៖ «ប្រសិន​បើ​មាន​បណ្ណាល័យ​ និង​មានទម្លាប់​ល្អ​ក្នុង​ការ​អាន​ក្នុង​ផ្ទះ​ ក្មេង​ៗនឹង​មាន​សមត្ថភាព​លើ​ការរៀនសូត្រ​ពេញ​មួយ​ជីវិត​ ព្រមទាំង​មិន​ខ្វះ​ការងារ​ធ្វើ​នោះ​ទេ​នៅពេល​ពួកគេ​ធំ​ពេញវ័យ​ឡើង​»។

    លោក​សុធន​ បាន​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ថ្វី​ដ្បិតតែ​បច្ចេកវិទ្យា​អាច​ធ្វើ​ឱ្យ​យើង​អាន​បែប​ ebook​ ឬ free​ pdf​ ក៏ដោយ​ ក៏ប៉ុន្តែ​វា​នៅតែ​មានគុណ​សម្បត្តិ​ និង​គុណវិបត្តិ​របស់​វា​ ដែល​នៅតែ​ទាមទារ​ឱ្យ​យើង​គួរ​មានកូន​បណ្ណាល័យ​តូច​មួយ​នៅក្នុង​ផ្ទះ​។ នៅ​កម្ពុជា​ ការប្រើ​ប្រាស់​ ebook​ នៅ​មិនទាន់​សម្បូរ​បែប​ និង​មាន​ចំនួន​អ្នកចេះ​ប្រើ​តិច​នៅឡើយ​ ហើយ​ការ​អាន​តាម​អ៊ី​នធើ​ណិ​ត ឬ Ebook​ ច្រើនតែ​ជា​ចំណេះដឹង​ ឬព័ត៌មាន​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ ដែល​ទាមទារ​ឱ្យ​អ្នកអាន​ជាច្រើន​ងាក​មក​អាន​សៀវភៅ​ដែល​បោះពុម្ព​ផ្សាយ​វិញ​។ ម្យ៉ាងវិញទៀត​សម្រាប់​ក្មេង​ៗ វា​មិនមែន​ជា​រឿង​ល្អ​ពេក​នោះ​ទេ​ ដែល​បច្ចុប្បន្ន​នេះ​យើង​កំពុង​ព្យាយាម​ឱ្យ​គាត់​នៅ​ឆ្ងាយ​ពី​បច្ចេកវិទ្យា​ ដែល​ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី​របស់​គាត់​ ហើយ​ឱ្យ​គាត់​មើលសៀវភៅ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះ​។ ហេតុនេះ​ សៀវភៅ​បោះពុម្ព​អាច​ជា​ជម្រើស​ល្អ​បំផុត​ដែល​អាច​ធ្វើ​ឱ្យ​គាត់​បង្កើត​ទម្លាប់​ល្អ​ប្រចាំថ្ងៃ​ផង​ និង​វា​ជា​គ្រឿងលម្អ​ផ្ទះ​ផង​ ប្រសិនបើ​យើង​ចេះ​រៀបចំ​វា​ឱ្យ​មាន​របៀបរៀបរយ​ស្អាតបាត​នៅក្នុង​ផ្ទះ​។

    បន្ថែម​ពីលើ​នេះ​ ម្ចាស់​ស្ថាប័ន​ចែកចាយ​សៀវភៅ​ខាងលើ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​ទម្លាប់​អាន​សៀវភៅ​ ឬរៀបចំ​សៀវភៅ​នៅក្នុង​ផ្ទះ​ បាន​ចាប់ផ្តើម​កើតមាន​ច្រើន​ហើយ​ តែ​ភាគច្រើន​គ្រួសារ​ដែល​រៀបចំ​បែបនេះ​ ជាគ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​ ឬមានការ​អប់រំ​ខ្ពស់​សមរម្យ​ឡើង​ប៉ុណ្ណោះ​ដែល​ពួកគាត់​ចាប់ផ្តើម​យល់ដឹង​ពី​គុណ​តម្លៃ​របស់​សៀវភៅ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ក៏​យើង​សង្កេត​ឃើញ​ផង​ដែរ​ថា​ គ្រួសារ​ធូរធារ​មិនទាំង​អស់​ទេ​ដែល​យល់ដឹង​ពី​សៀវភៅ​ ហើយក៏​មិនមែន​គ្រប់​គ្រួសារ​ធម្ម​តាៗ​នោះ​ដែរ​ ដែល​មិនសូវ​ផ្តល់​តម្លៃ​ទៅលើ​សៀវភៅ​ គ្រាន់តែ​គ្រួសារ​កម្រិតមធ្យម​ ឬក្រោម​មធ្យម​ ភាគច្រើន​គាត់​មិនសូវ​ផ្តោត​ខ្លាំង​លើ​ការ​អាន​តែប៉ុណ្ណោះ​។

    សម្រាប់​មនុស្ស​មួយចំនួន​ នៅពេល​និយាយ​ពី​ការទិញ​សៀវភៅ​ គាត់​តែងតែ​លើកឡើង​ថា​ជីវភាព​របស់​គាត់​មិនទាន់​ដល់ពេល​ត្រូវ​ចំណាយ​លើ​ការទិញ​សៀវភៅ​ទេ​ តែ​ស្ថានភាព​ជាក់ស្តែង​គាត់​បាន​ចំណាយ​ច្រើន​លើ​រឿង​ផ្សេង​ៗដែល​មិនសូវ​មាន​ប្រយោជន៍​។ មាន​អ្នកខ្លះ​ គាត់​ចំណាយ​ថវិកា​ជាច្រើន​លើ​ការកម្សាន្ត​ ឬប្រើប្រាស់​ជីវិត​ដោយ​មិន​ផ្តល់​តម្លៃ​លើ​ចំណេះដឹង​។ តាមពិត​ទៅ​ ការទិញ​សៀវភៅ​មិន​មែន​ត្រូវ​ចំណាយ​លុយរាប់​ពាន់​ រាប់​ម៉ឺន​ដុល្លារ​ភ្លាម​ៗដើម្បី​ទិញ​នោះ​ទេ​។ ប្រសិនបើ​មានការ​ចាប់ផ្តើម​ល្អ​ គាត់​អាច​សន្សំ​ម្តង​បន្តិច​ៗ ដែល​ក្រោយពេល​គាត់​អាន​ច្រើន​ គាត់​នឹង​មានគំនិត​អភិវឌ្ឍន៍​ជីវភាព​បាន​កាន់តែ​ប្រសើរ​ឡើង​ទៅវិញ​ទេ​។

    ចំពោះ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ប្រជាជន​ខ្មែរ​ឱ្យ​ងាក​ចំណាប់​អារម្មណ៍​ពី​ការ​និយម​តែ​គ្រឿងស្រវឹង​ និង​សម្ភារ​មានតម្លៃ​ មក​ជា​ការអប់រំ​ ឬតាំង​លម្អ​សៀវភៅ​ក្នុង​គ្រួសារ​វិញ​នោះ​ លោក​ សុធន​ បាន​បញ្ជាក់​ថា​ យើង​ទាំងអស់គ្នា​គួរ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ជាពិសេស​បណ្តាញ​ផ្សព្វផ្សាយ​ ដែល​ជា​អ្នកដើរតួ​នាទី​សំខាន់​ក្នុង​ការអប់រំ​ប្រជាជន​តាម​គ្រប់​លទ្ធភាព​។ ម្យ៉ាងវិញទៀត​ ការ​ផ្តល់​ភាពជា​គំរូ​ក៏​សំខាន់​ផង​ដែរ​ សម្រាប់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ដូចជា​អាណាព្យាបាល​ គ្រួ​បង្រៀន​ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ បុគ្គល​សាធារណៈ​ និង​សិល្បករ​ជាដើម​ គួរ​ចាប់ផ្តើម​បង្ហាញ​គំរូ​ល្អ​ ក្នុង​ការ​បំផុស​ពី​ការ​អាន​ដើម្បី​ឱ្យ​សាធារណជន​បានឃើញ​។ អ្នក​ទាំងអស់​នោះ​ ភាគច្រើន​ជា​អ្នកមាន​ឥទ្ធិពល​ចំពោះ​សង្គម​ ហេតុនេះ​ប្រសិនបើ​យើង​ឃើញថា​ ពួកគាត់​ចាប់ផ្តើម​អាន​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ហើយ​នោះ​ នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើង​ៗចាប់ផ្តើម​ងាក​មករ​កសៀវភៅ​ ច្រើនជាង​សម្ភារ​និយម​ ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​ ឬហ៊ឺហា​ជាដើម​។ ចំណែក​ឯវិធីសាស្ត្រ​សំខាន់​មួយផ្សេងទៀត​នោះ​ គឺ​គួរ​មាន​ការ​លើកទឹកចិត្ត​តាម​គ្រប់រូប​ភាព​ចំពោះ​អ្នកអាន​សៀវភៅ​ដោយ​ការ​ផ្តល់​តម្លៃ​ និង​គោរព​ចំពោះ​អ្នក​ផ្តល់​រង្វាន់​ ឬកាដូ​ ជា​សៀវភៅ​ ឬអាន​សៀវភៅ​នៅ​ទី​សាធារណៈ​ជាដើម​៕

  • យុវជន​មួយក្រុម​រួមគ្នា​ធ្វើ​ការងារ​បណ្ណាល័យ​ដើម្បី​ចូលរួម​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG)

    យុវជន​មួយក្រុម​រួមគ្នា​ធ្វើ​ការងារ​បណ្ណាល័យ​ដើម្បី​ចូលរួម​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG)

    គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) 2030 ជា​ចំណុច​ដ៏​សំខាន់​ដែល​ពិភពលោក​កំពុង​ចាប់អារម្មណ៍ ព្រោះ​គោលដៅ​នេះ​អាច​នឹង​ធ្វើឱ្យ​ពិភពលោកកាន់តែ​ប្រសើរឡើង​ទាំង​ការរស់នៅ​របស់​ប្រជាជន ការកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​ការបង្កើត​ជីវភាព​រស់នៅ​សមរម្យ​របស់​មនុស្ស​ក្នុងសង្គម។

    ក្នុងចំណោម​ផ្នែក​ទាំង​អស់នៃ​គោលដៅ (SDG) បណ្ណាល័យ​ជា​គោលដៅ​ស្នូល​យ៉ាងសំខាន់​មួយ​ដែល​គ្រប់​ប្រទេស​ទាំងអស់​កំពុង​យកចិត្តទុកដាក់ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍។ នៅ​កម្ពុជា យុវជន​ខ្មែរ​មួយក្រុម​ដែល​ស្រឡាញ់ និង​មើលឃើញ​ពី​វិស័យបណ្ណាល័យ​នេះ​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះថា “បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ” ដើម្បី​ចូលរួមចំណែក​ជំរុញ​កម្ពុជា​ឱ្យ​ដើរ​ស្របទៅនឹង​អ្វីដែល​ជាការ​រំពឹងទុក​ជា​វិជ្ជមាន​ជាស​កល​នៃ​គោលដៅ​អភិវឌ្ឍន៍ ​ប្រកបដោយ​ចីរភាព​ឆ្នាំ 2030។ នៅថ្ងៃនេះ អ្នកសារព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ បាន​ជួប​សម្ភាសជាមួយ​កញ្ញា សាន សុ​ខហ៊ី​វ សហ​ស្ថាបនិក​នៃ​គម្រោង​បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ ដើម្បី​បង្ហាញ​ពី​សកម្មភាព និង​ហេតុផលសំខាន់ៗសម្រាប់​សាធារណជន​អាច​យល់ដឹង និង​ទាញយក​ប្រយោជន៍​ពី​ការងារ​បណ្ណាល័យ​នេះ។

    1. ហេតុអ្វី​បានជា​ក្រុមការងារ​របស់​កញ្ញា​ប​ង្កើ​ត​គម្រោង​បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ​នេះ​ឡើង?
    មូលហេតុ​ដំបូង​ដែល​ខ្ញុំ និង​ក្រុមការងារ​បង្កើត​គម្រោង​បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ​នេះ ព្រោះ​ពួកយើង​ចង់​លើក​ស្ទូ​យ​វិស័យ​បណ្ណាល័យ​នៅ​កម្ពុជា ព្រោះ​វិស័យនេះ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ចាប់អារម្មណ៍ តែ​វា​មានគុណ​ប្រយោជន៍​ខ្លាំង​សម្រាប់​កម្ពុជា។ កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ និង​ត្រូវការធនធានមនុស្ស​ជាច្រើន​សម្រាប់​បម្រើ​ការងា​រលើ​គ្រប់​វិស័យ ហេតុនេះ​ការស្រាវជ្រាវ និង​ការបង្កើតប្រភព​ឯកសារ​ជា​ចំណុច​ចាំបាច់​បំផុត​សម្រាប់​យុវជន​ខ្មែរ ដែល​កំពុង​ត្រូវការ​ចំណេះដឹងសំខាន់ៗសម្រាប់ធ្វើ​ការងារ​តាម​វិស័យរៀងៗខ្លួន។ ក្រៅពីនេះ បណ្ណាល័យ​មិនមែន​មាន​ត្រឹមតែ​ឯកសារ​សម្រាប់​អាន​នោះទេ វា​ជា​មជ្ឈមណ្ឌល​ជំនួយ​សម្រាប់​ការស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​របស់​អ្នកជំនាញ។ នៅពេល​អ្នកជំនាញ​ត្រូវការ​ឯកសារ បណ្ណាល័យ​អាច​ផ្តល់​សេវាកម្ម​សង្ខេប ឬ​ផ្តល់នូវ​ប្រភព​ឯកសារ​ដែលមាន​លើ​ពិភពលោក​សម្រាប់​ពួកគេ​ថែម​ទៀតផង។

    លើសពីនេះទៅទៀត យើង​ឃើញថា​វិស័យ​នៃ​ការអាន​នៅ​កម្ពុជា​នៅមានកម្រិត ហេតុនេះ​គម្រោង​របស់​យើង​ក៏មាន​កម្មវិធី​ជំរុញ​ការអាន​ដល់​យុវជន​ឱ្យកាន់​តែមាន​ចំនួន​ច្រើនឡើង​ផងដែរ។

    2. តើ​គម្រោង​នេះ​មានកម្ម​វិធីសំខាន់ៗអ្វីខ្លះ​នៅក្នុង​នោះ? ហើយ​កម្មវិធីនីមួយៗផ្តល់​សារៈសំខាន់​អ្វីខ្លះ​ដល់​ប្រជាជន​ខ្មែរ?
    ដើម្បីឱ្យ​គម្រោង​បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ​នេះ​ជោគជ័យ និង​ផ្តល់​ផលប្រយោជន៍​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​កាន់តែច្រើន យើង​មាន​បង្កើត​កម្មវិធីសំខាន់ៗចំនួន 5 ដូចជា កម្មវិធី​អភិវឌ្ឍ​ន៍យុវជន កម្មវិធី​ផ្លាស់ប្តូរ​សៀវភៅ កម្មវិធី​ប្រកួត​តែង​កំណាព្យ ការធ្វើ​ទស្សនកិច្ច​នៅ​បណ្ណាល័យ និង​ការពង្រឹង​សេវា​បណ្ណាល័យ។

    កម្មវិធី​អភិវឌ្ឍន៍​យុវជន ត្រូវធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​ដែល​ស្រឡាញ់​ការអាន និង​មិនទាន់​យល់​ពី​ការអាន រួមគ្នា​ជួយ​ការងារ​សង្គម និង​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទាក់ទាញ​សំដៅ​ធ្វើឱ្យ​ពួកគេ​មាន​ភាព​សកម្ម​កាន់តែខ្លាំង​ដែល​ឈានទៅក្លាយជា​អ្នកអាន និង​ប្រើប្រាស់​សេវា​បណ្ណាល័យ​យ៉ាងសកម្ម​នៅ​ថ្ងៃ​អនាគត។

    ចំណែកឯ​កម្មវិធី​ផ្លាស់ប្តូរ​សៀវភៅ​ពួកយើង​មាន​គោលបំណង​ចង់ឱ្យ​មហាជន​ឱ្យ​តម្លៃ​កាន់តែខ្លាំង​លើ​ការអាន និង​ការបណ្តុះ​វប្បធម៌​ការអាន។ នៅពេល​មនុស្ស​ចាប់ផ្តើម​ចេះ​ជូន​សៀវភៅ​គ្នា មានន័យថា ​ការចែករំលែក​ចំណេះ​ដឹងបាន​ក្លាយជា​រឿង​ពេញនិយម ដែល​រុញ​សង្គម​ឱ្យ​កាន់តែ​មាន​ភាព​វិជ្ជមាន។ ងាក​មក​ការប្រកួត​កំណាព្យ​វិញ ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ផងដែរ​ដែល​គម្រោង​រប​ស់​យើង​យកចិត្តទុកដាក់។ យើង​គ្រប់គ្នា​ឃើញ​ហើយ​ថា បញ្ហា​នៃ​ការអាន​នៅ​កម្ពុជា​មិនទាន់​ស្ថិតក្នុង​ស្ថានភាព​ប្រសើរ​ខ្លាំង​នៅឡើយ​ទេ ក្នុងដំណាក់កាល​នេះ​កំណាព្យ​ស្ទើរតែ​ត្រូវបាន​គេ​បំភ្លេចហេតុនេះ​ការ​គាស់​រំឭក និង​បង្កើតឱ្យមាន​កម្មវិធី​ប្រកួត​កំណាព្យ អាចជួយ​ឱ្យ​សាធារណជន​មើលឃើញ​ពី​ភាពល្អ​ឯក និង​ច្នៃប្រឌិត​របស់​កំណាព្យ​ខ្មែរ ដែល​អាច​ផ្តល់​ទាំង​ការកម្សាន្ត និង​ចំណេះដឹង។

    ក្រៅពីនេះ​យើង​ក៏មាន​រៀបចំ​កម្មវិធី​ឱ្យ​យុវជននិង​សាធារណជន​ស្គាល់​បណ្ណាល័យ​ឱ្យបាន​កាន់តែច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ។ តាមពិត​យើង​មាន​បណ្ណាល័យ​ច្រើនណាស់ តែ​អ្វីដែល​យើង​ជា​កត្តា​ប្រឈម​នាពេល​បច្ចុប្បន្ន​គឺ​មនុស្ស​មិនសូវ​ស្គាល់​បណ្ណាល័យ​ទាំងអស់នោះ។ បន្ទាប់ពី​យើង​នាំ​ប្រជាជន​ឱ្យ​ស្គាល់​បណ្ណាល័យ យើង​នឹង​ឈាន​មួយ​ជំហាន​ទៀ​តទៅ​លើក​ពង្រឹងគុណភាព​បណ្ណាល័យ​តាមរយៈ​ការផ្តល់​ឱកាស​ឱ្យ​សាធារណជន ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​នានា​ចូលរួមចំណែក​បរិច្ចាគ​ធនធានសៀវភៅ សម្ភារ បច្ចេកវិទ្យា និង​សកម្មភាពផ្សេងៗទៀត​ដល់​បណ្ណាល័យ​ដែល​នៅ​ខ្វះខាត។

    3. តើ​គម្រោងនីមួយៗជួយ​អ្វីខ្លះ​ដល់​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ន៍ដោយ​ចីរភាព (SDG) 2030?
    តាមពិតទៅ​គម្រោង​ទាំងអស់​សុទ្ធតែ​អាចជួយ​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ 2030ទាំងអស់។ ជាក់ស្តែង​ដូច​យើង​បាន​មើលឃើញ​ហើយ​ថា​ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដែលមាន​សក្តានុពល ហេតុនេះ​កម្មវិធី​របស់​យើង​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍធនធានមនុស្ស។ ម្យ៉ាងវិញទៀត វិស័យ​បណ្ណាល័យ​នេះ គឺ​មានចែង​យ៉ាងច្បាស់​នៅក្នុង​គោលដៅ​អភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព​នេះ។ បណ្ណាល័យ​ជា​ច្រក​យ៉ាងសំខាន់ ក្នុងការ​ជំរុញឱ្យមាន​ការចែករំលែក​ចំណេះ​ដឹងបាន​យ៉ាង​ទូលំទូលាយ និង​កាត់បន្ថយ​វិសមភាព​សង្គម ព្រោះ​អ្នកណា​ក៏​អាច​ចេះដឹង​បានដែរ​ប្រសិនបើ​គាត់​ទៅ​បណ្ណាល័យ​នៅក្នុង​តំបន់​របស់គាត់។

    4. តើ​ការរៀបចំ​គម្រោង​នេះ​មាន​កត្តា​ប្រឈម នឺង​ផល​លំបាក​អ្វីខ្លះ? ហើយ​ក្រុមការងារ​ដោះស្រាយ​បែបណាខ្លះ?
    កត្តា​ប្រឈម​សម្រាប់​គម្រោង​គឺ បញ្ហា​ការចូលរួម​របស់​យុវជន​នៅមានកម្រិត​នៅឡើយ ហើយ​ការផ្សព្វផ្សាយ​ក៏​មិនទាន់​ត្រូវបាន​ធ្វើឱ្យបាន​ទូលំទូលាយ។ ជាធម្មតា កម្មវិធី ឬ​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​ការអប់រំ ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ និង​ពន្យល់​យូរអង្វែង​ទើប​ទទួលបាន​ជោគជ័យ។ ទោះជា​យ៉ាងនេះ​ក្តី ការវិនិយោគ​ជាមួយ​វិស័យ​អប់រំ ត្រូវការ​ពេលវេលា​យូរ តែ​ក៏បាន​ផ្លែផ្កា​យូរអង្វែង​ផងដែរ​សម្រាប់​សង្គម៕