Tag: បញ្ចុះ

  • Neta បង្ហាញ​រថយន្ត​អគ្គិសនី X តម្លៃ​ចាប់​ពី​ 17,340 ដុល្លារអាម៉េរិក

    Neta បង្ហាញ​រថយន្ត​អគ្គិសនី X តម្លៃ​ចាប់​ពី​ 17,340 ដុល្លារអាម៉េរិក

    យីហោរថយន្ត​អគ្គិសនី Neta Auto របស់​ក្រុម​ហ៊ុន​ចិន Hozon Auto បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី ឈ្មោះ Neta X ដែល​មានតម្លៃ​ទាប​ និង​ប្រើប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ​លំដាប់​ខ្ពស់​។

    Neta បាន​បង្ហាញ Neta X ដែល​ជា​កំណែ​ថ្មី​របស់ Neta U-II ដែល​បាន​បង្ហាញ​ខ្លួន​មុន​នោះ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នា​ថ្ងៃ​នេះ​។ នេះ​គឺ​ដូច​ទៅ​នឹង​ការ​បង្ហាញ​ខ្លួន​របស់ Neta Aya ដែល​ជា​កំណែ​បន្ទាប់​របស់ Neta V កាល​ពី​ខែ​សីហា​។

    រថយន្ត​អគ្គិសនី Neta X មាន​បួន​កំណែ​ ដែល​មាន​តម្លៃ​ចាប់​ពី 17,340 ដុល្លារ​អាម៉េរិក​។ អតិថិជន​ដែល​កក់​ 273 ដុល្លារ​ដើម្បី​ទិញ Neta X មុន​ថ្ងៃ​ទី 30 វិច្ឆិកា 2023 នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ 2,460 ដុល្លារ​អាម៉េរិក​។

    Neta X មាន​បណ្ដោយ 4,619 មិល្លីម៉ែត្រ, ទទឹង​ 1,860 មិល្លីម៉ែត្រ និង​កម្ពស់ 1,628 មិល្លីម៉ែត្រ​ ខណៈ​បណ្ដោយ​មូលដ្ឋាន​មាន​ប្រវែង 2,770 មិល្លីម៉ែត្រ​។

    រថយន្ត​នេះ​បំពាក់​ម៉ូទ័រសមកាលកម្មមេដែកអចិន្រ្តៃយ៍ (Permanent Magnet Synchronous Motor – PMSM) ដែល​មាន​កម្លាំង​ 120 សេះ និង​ល្បឿន​ 150 គីឡូម៉ែត្រ​/ម៉ោង​។ រយៈចម្ងាយ​ផ្លូវ​ដែល​ Neta X អាច​ធ្វើ​ដំណើរ​ដល់​គឺ​ 401 និង 501 គីឡូម៉ែត្រ​។

    Neta X ប្រើ​ប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ Qualcomm Snapdragon 8155 ក៏ដូចជា​ឈីប​សម្រាប់​ការ​បើកបរ​ឆ្លាត​វៃ Journey 3 របស់​ក្រុម​ហ៊ុន​ចិន Horizon Robotics។

    ក្រុម​ហ៊ុន Neta បាន​ប្រគល់​រថយន្ត​ដល់​ដៃ​អតិថិជន​ចំនួន 13,211 គ្រឿង​ក្នុង​ខែ​កញ្ញា 2023 កើន​ 9.15% ធៀប​នឹង​ខែ​សីហា ប៉ុន្តែ​ថយ​ចុះ 26.63% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​៕

  • Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

    Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

    រថយន្ត​អគ្គិសនី RS e-tron GT អាច​តាម​ទាន់ Model S Plaid របស់ Tesla។ នេះ​គឺជា​ក្ដីសង្ឃឹម​របស់​ក្រុម​ហ៊ុន​ Audi​។ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Volkswagen Group មួយ​នេះ​កំពុង​បញ្ចុះ​តម្លៃ​រហូត​ដល់ 20,000 ដុល្លារអាម៉េរិក​ សម្រាប់​ម៉ូដែល e-tron GT គ្រា​ដែល​កំពុង​ចូល​រួមប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​។

    ទន្ទឹមនឹង Porsche Taycan Turbo ក្រុម​ហ៊ុន Audi គឺជា​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​ដែល​កំពុង​ប្រជែង​ជាមួយ​នឹង​ Tesla Model S ដោយ​ប្រើប្រាស់​ Audi e-tron GT។

    ដោយ​មាន​កម្លាំង​​ឡើង​ដល់​ 637 សេះ​ រថយន្ត​អគ្គិសនី​ Audi e-tron GT អាច​បង្កើន​ល្បឿន​ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង ដោយ​ចំណាយ​ពេល​តែ 3.1 វិនាទី​។ ថ្មលីចូម – អ៊ីយ៉ុង (lithium-ion) 93 kWh របស់​វា​ ជួយ​ឱ្យ​ធ្វើដំណើរ​បាន​ 400 គីឡូម៉ែត្រ​ និង​អាច​បញ្ចូល​ថាមពល​រហ័ស​ ចាប់​ផ្ដើម​ពី 5% ឡើងដល់ 80% ដោយ​ប្រើ​ពេល​ 22.5 នាទី​។

    ក្រុម​ហ៊ុន Audi កំពុង​បញ្ចុះ​តម្លៃ​ 20,000 ដុល្លារ​ សម្រាប់ RS e-tron GT 2023។ នេះ​បើតាម​ព័ត៌មាន​ដែល​ត្រូវ​បាន​ Audi ផ្ញើ​ទៅ​កាន់​តំណាង​ចែក​ចាយ​នានា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    Audi RS e-tron GT

    ក្រោយ​ពី​បញ្ចុះ​តម្លៃ 20,000 ដុល្លារ Audi RS e-tron GT នៅ​តែ​មាន​តម្លៃ​ចាប់​ពី 125,395 ដុល្លារ​ ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​ 80,890 ដុល្លារ​របស់ Model S Plaid របស់ Tesla។

    Tesla Model S Plaid បំពាក់​ម៉ូទ័រ​អគ្គិសនី​កម្លាំង 1,020 សេះ​ អាច​បង្កើន​ល្បឿន​ចាប់ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង​ដោយ​ស៊ី​​ពេល 1.99 វិនាទី​ និង​ធ្វើ​ដំណើរ​បាន​រហូត​ដល់ 637 គីឡូម៉ែត្រ​ ក៏ដូចជា​អាច​រត់ក្នុងល្បឿន​ 200 ម៉ាយ​/ម៉ោង ឬជិត 222 គីឡូម៉ែត្រ​/ម៉ោង​។

    Model S Plaid របស់ Tesla

    ក្រៅ​ពី RS e-tron GT ក្រុម​ហ៊ុន Audi ក៏​កំពុង​បញ្ចុះ​តម្លៃ​ 12,500 ដុល្លារ​សម្រាប់ e-tron GT 2023 កំណែ​ស្ដង់ដា, បញ្ចុះតម្លៃ​ 10,000 ដុល្លារ​សម្រាប់ RS e-tron GT 2024 និង​ 5,000 ដុល្លារ​សម្រាប់​ e-tron GT 2024 កំណែ​ធម្មតា​៕

  • រដូវ​កាល​លក់បញ្ចុះ​តម្លៃ​នៅ​លើ​ផ្សារ​អនឡាញ​ទូទាំង​ពិភពលោក​ជិត​ដំណើរ​ការ​

    រដូវ​កាល​លក់បញ្ចុះ​តម្លៃ​នៅ​លើ​ផ្សារ​អនឡាញ​ទូទាំង​ពិភពលោក​ជិត​ដំណើរ​ការ​

    ​ហាង​លក់​រាយ​នានា​បាន​ និង​កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​លក់ទំនិញ​បញ្ចុះ​តម្លៃ​រហូត​ដល់ 35%​ ក្នុង​រដូវ​កាល​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​នោះ ទំនិញ​ប្រភេទ​អេឡិច​ត្រូវនិច ឧបករណ៍​លេង​កម្សាន្ត​ និង​សម្លៀក​បំពាក់​នឹង​ត្រូវ​លក់​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ​។

    យោង​តាម​ការ​ព្យាករ​ដែល​ត្រូវ​បាន​ Adobe Analytics ប្រកាស​កាល​ពី​ថ្ងៃទី 05 តុលា អ្នក​ប្រើ​ប្រាស់​នឹង​អាច​ទិញ​ទំនិញ​​បញ្ចុះ​តម្លៃ​ដល់​កម្រិតទាប​មិន​ធ្លាប់​មាន​ក្នុងរដូវ​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ 2023 ពេល​ក្រុម​អ្នក​លក់​រាយ​​តាម​ផ្សារ​អន​ឡាញ ព្យាយាម​អូស​ទាញ​អតិថិជន​​ដែល​កំពុង​ខ្សត់​ប្រាក់​ដោយ​សារ​តែ​បញ្ហា​អតិផរណា​។

    Adobe Analytics បាន​​ព្យាករ​ថា យុទ្ធ​សាស្ត្រ​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​ ព្រោះ​ថា ការ​លក់​តាម​អនឡាញ​ក្នុង​រដូវ​បុណ្យ​ទាន​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ជិត​ 5% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ការ​រំពឹង​ទុក​ផ្នែក​ជួញដូរ​ក្នុង​រដូវបុណ្យ​ទាន​ Adobe Analytics ឱ្យ​ដឹង​ថា ហាង​លក់​រាយ​នានា​បាន​ និង​កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​លក់ទំនិញ​បញ្ចុះ​តម្លៃ​រហូត​ដល់ 35%​ ក្នុង​រដូវ​កាល​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​នោះ ទំនិញ​ប្រភេទ​អេឡិច​ត្រូវនិច ឧបករណ៍​លេង​កម្សាន្ត​ និង​សម្លៀក​បំពាក់​នឹង​ត្រូវ​លក់​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ​។

    ​ក្រុម​ហ៊ុន​វិភាគ​ទិន្នន័យ​ទីផ្សារ​ខាងលើ សង្ឃឹម​ថា អ្នក​ប្រើ​ប្រាស់​នឹង​ចាប់​យកកម្មវិធី​លក់​បញ្ចុះ​តម្លៃ​នេះ​ ហើយ​ចំណាយ​ច្រើន​សូម្បី​តែ​នៅ​ពេលពួក​គេ​​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​កើន​ឡើង ក៏​ដូច​ជា​ «សុខភាព» របស់​សេដ្ឋកិច្ច​។

    យោង​តាម Adobe Analytics អ្នក​ប្រើប្រាស់ទូទាំង​សកល​លោក​អាច​នឹង​ចំណាយ​ 221.8 ពាន់​លាន​ដុល្លារ​ តាម​រយៈ​ការ​ទិញ​ទំនិញ​ពី​ផ្សារ​អនឡាញ​ ចាប់​ពី​ថ្ងៃទី 01 វិច្ឆិកា រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ​។ ប្រការ​នេះ​នឹង​ជួយឱ្យ​កំណើន​សម្រេច​បាន 4.8% ច្រើន​ជាង​ 1.3% បើ​ធៀប​នឹង 3.5% នៃ​​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​៕

  • អ្នក​វិទ្យាសាស្ត្រ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​ទឹក​នោមផ្អែម

    អ្នក​វិទ្យាសាស្ត្រ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​ទឹក​នោមផ្អែម

    ដោយមាន​ជំនួយ​ពី​បញ្ហាសិប្បនិម្មិត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​បានបង្កើត​ឱសថ​​បញ្ចុះ​ទម្ងន់​ថ្មី​មួយ​ប្រភេទ។ ថ្នាំ​នេះ​ក៏​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​ផងដែរ​។

    យោង​តាម​សារព័ត៌មាន​ SCMP ឱសថ​ថ្មី​ដែល​​ត្រូវ​បាន​ស្រាវជ្រាវ​ អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ឱសថ MindRank ដោយ​មាន​ជំនួយ​ពី​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត​ (AI) នេះ បាន​ឈាន​ដល់​ការ​​ពិសោធន៍​​លើ​មនុស្ស​ដំណាក់​កាល​ទីពីរ​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា ឱសថ​នេះ​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទី​ផ្សារ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ថ្នាំ​ធម្មតា​។

    ត្រូវ​បាន​ដាក់​ឈ្មោះ​ថា MDR-001 ឱសថ​នេះ​ដំណើរ​ការ​តាម​រយៈ​ការ​តភ្ជាប់​ peptide-1 ដូច​ glucaon (GLP-1-R) ដែល​ជួយ​ឱ្យ​វា​ជំរុញ​ការ​បញ្ចេញ​អាំងស៊ុយលីនពី​លំពែង​ ដើម្បី​កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បញ្ចុះទម្ងន់​រាង​កាយ​។

    MDR-001 ទទួល​បាន​ជោគ​ជ័យក្នុង​ការ​​ពិសោធ​​លើ​មនុស្ស​ដំណាក់​កាល​ដំបូង​ ហើយ​កាល​ពី​ដើម​ខែ​កញ្ញា 2023 ក្រុម​ស្រាវ​ជ្រាវ​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុងការ​ពិសោធ​ដំណាក់​កាលទីពីរ​។

    MDR-001 គឺជា​ឱសថ​ដំបូងរបស់​ក្រុម​ហ៊ុន​ចិន MindRank ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​មាន​ជំនួយ​ពី​ AI។ ការ​ប្រើប្រាស់ AI កំពុង​តែ​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃការ​អភិវឌ្ឍ កាត់​បន្ថយ​ការ​ចំណាយ​ ប៉ុន្តែ​នៅ​តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​៕

  • ​ថៃ​រំពឹង​លើ​ខ្ទង់​វិនិយោគ​ប្រាំពាន់​លាន​ដុល្លារ​ពី Tesla, Google, Microsoft

    ​ថៃ​រំពឹង​លើ​ខ្ទង់​វិនិយោគ​ប្រាំពាន់​លាន​ដុល្លារ​ពី Tesla, Google, Microsoft

    កាល​ពី​ថ្ងៃទី 24 កញ្ញា Reuters ដក​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin ដែល​បាន​ថ្លែង​នៅ​បុរី​នីវយ៉ក សហរដ្ឋ​អាម៉េរិក ឱ្យ​ដឹង​ថា ប្រទេស​ថៃ​គ្រោង​នឹង​ទទួល​បាន​ខ្ទង់វិនិយោគ​យ៉ាងតិច​ 5 ពាន់​លាន​ដុល្លារ​ពី​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក មានជា​អាទិ៍ Tesla, Google និង Microsoft ជា​ដើម​។

    Reuters ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែល​បាន​លើក​ឡើង​នេះ Tesla នឹង​ពិចារណា​លើ​ការ​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​ ខណៈ​ Microsoft និង Google អាច​នឹង​ដាក់​មជ្ឈមណ្ឌលទិន្នន័យ​របស់​ខ្លួន​​នៅ​ប្រទេស​ថៃ។

    យោង​តាម​នាយករដ្ឋមន្ត្រី​ថៃ​ដដែល ប្រភព​ទុនវិនិយោគ​ថ្មី​ពី​បរទេស​ នឹង​ដើរ​តួនាទី​យ៉ាង​​សំខាន់​​​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ថៃ​ ដែល​កំពុង​ថម​ថយ​ ហើយគ្រោង​នឹង​មាន​កំណើន​ត្រឹម​តែ​ 2.8%​ ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ​។

    រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ កំពុងតែ​បញ្ចេញ​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ដល់​ការ​វិនិយោគ​​ពី​បរទេស​​។ ដើម្បី​រក្សា​តំណែង​ជា​មជ្ឈមណ្ឌល​ដំឡើង​រថយន្ត​ធំជាង​គេ​លំដាប់​ទី​បួន​នៅ​អាស៊ី ថៃ​បាន​លើក​ឡើង​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដើម្បី​ទាក់​ទាញ​​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ និង​ថ្ម​ផ្ទុក​អគ្គិសនី​ ទន្ទឹម​នឹង​ការ​បញ្ចុះ​អត្រា​ពន្ធ​សម្រាប់​អ្នក​ទិញ​រថយន្តអគ្គិសនី​ក្នុង​ប្រទេស​ ក្នុង​បំណង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​។

    ក្នុង​អំឡុងពេល​ស្ថិត​នៅ​សហរដ្ឋ​អាម៉េរិក នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ក៏​បានចូល​​ជួប​​​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Tesla លោក Elon Musk ផងដែរ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​នៅ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​៕

  • បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង ហើយ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា?

    បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង ហើយ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា?

    វិធី​ចាត់ចែង​សាកសព​នៅពេល​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស គឺ​អាស្រ័យ​លើ​គម្លាត​ជាមួយនឹង​ផែនដី រួម​នឹង​កត្តា​ជាច្រើន​ផ្សេងទៀត។

    ចាប់តាំងពី​មនុស្សលោក​បានចាប់ផ្ដើម​ស្រាវជ្រាវ​ទី​អវកាស​កាលពី​ជាង 60 ឆ្នាំមុន មកដល់​បច្ចុប្បន្ន​មាន​មនុស្ស​ចំនួន 20 នាក់​បាន​បាត់​បង់ជីវិត រួមមាន 14 នាក់​នៅក្នុង​គ្រោះថ្នាក់​យាន Space Shuttle របស់​ណា​សា ក្នុង​ឆ្នាំ 1986, 3 នាក់​ក្នុង​បេសកកម្ម Soyuz 11 កាលពី​ឆ្នាំ 1971 និង 3 នាក់​ក្នុង​ហេតុការណ៍​ឆេះ​ប្រព័ន្ធ​បាញ់​បង្ហោះ​រ៉ុក្កែត Apollo 1 ក្នុង​ឆ្នាំ 1967។

    ក្នុង​គ្រា​ដែល​ណា​សា​កំពុងមាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ 2025 និង​ភព​អង្គារ​ក្នុង​ទសវត្សរ៍​ក្រោយ បូករួម​នឹង​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​អវកាស ដែល​អាច​នឹងមាន​មនុស្ស​កាន់តែច្រើន​ធ្វើដំណើរ​ទៅកាន់​ទី​អវកាស ក៏មាន​សំណួរ​មួយ​ត្រូវ​បានលើកឡើង នោះ​គឺថា «បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​សាកសព?»។

    ទាក់ទង​នឹង​សំណួរ​ខាងលើ Emmanuel Urquieta សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​អវកាស និង​វេជ្ជសាស្ត្រ​បន្ទាន់​នៅ​សាកលវិទ្យាល័យ Baylor ជា​អ្នកជំនាញ​ក្នុងការ​សិក្សា​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ថែទាំ​សុខភាព​សម្រាប់​អ្នក​អវកាស បាន​បង្ហើប​ឱ្យដឹង​អំពី​វិធី​ដោះស្រាយ​ករណីបែបនេះ។

    បើសិន​មាន​មនុស្ស​ស្លាប់​ក្នុង​បេសកកម្ម​នៅលើ​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី ​ដូច​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ជាដើម ក្រុម​អវកាស​ចរ​អាចដាក់​សាក​សព​ក្នុង​កាប៊ីន​យានអវកាស និង​នាំ​ត្រលប់​មកកាន់​ផែនដី​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ ករណីបែបនេះ​នឹងមិន​ចោទ​ជា​បញ្ហា​​ធំ​ឡើង​សម្រាប់​សាកសព។

    ស្ថានការណ៍​នឹង​ខុសគ្នា បើសិន​មាន​អវកាស​ចរ​ស្លាប់​ក្នុង​ដំណើរ​ទៅកាន់​ភព​អង្គារ​ដែល​មាន​ចម្ងាយ​ជិត 483 លាន​គីឡូម៉ែត្រ​ពី​ផែនដី​។ ក្នុងករណីនេះ ក្រុម​ហោះហើរ​នឹងមិន​អាច​ត្រលប់​មកកាន់​ផែនដី រួច​ក៏​បន្ត​​ធ្វើដំណើរ​ទៅ​កាន់​ភព​អង្គារ​ទៀត​បាន​ទេ។ ជំនួស​មកវិញ សាកសព​ទំនងជា​នឹងត្រូវ​ត្រលប់​មកកាន់​ផែនដី​ជាមួយនឹង​ក្រុម​ហោះហើរ​នៅ​ចុង​បញ្ចប់​​នៃ​បេសកកម្ម ពោលគឺ​ប្រហែល​ពីរ​ឆ្នាំក្រោយ។ ក្រុម​ហោះហើរ​នឹង​រក្សា​សាកសព​ក្នុង​កាប៊ីន​ដោយឡែក ឬ​ក្នុង​ថង់​សម្រាប់​ដាក់​សាកសព។ តាម​ទ្រឹស្ដី សីតុណ្ហភាព និង​សំណើម​ក្នុង​យាន​អវកាស​ នឹង​ជួយ​រក្សា​សាកសព​មិនឱ្យ​រលួយ។

    ក៏ប៉ុន្តែ វិធីសាស្ត្រ​ខាងលើ​អនុវត្ត​បាន​សម្រាប់តែ​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​បរិស្ថាន​ដែលមាន​សម្ពាធ​បរិយាកាស​ល្អ​ដូច​នៅក្នុង​ស្ថានីយ​អវកាស​​​ប៉ុណ្ណោះ។ បើសិន​មាន​មនុស្ស​ស្លាប់​លើដី​ភព​អង្គារ ការបូជា​សព​ដោយ​ការដុត​គឺជា​រឿង​ពិបាក ដោយសារ​ក្រុម​ហោះហើរ​ត្រូវការ​ថាមពល​ដើម្បី​ធ្វើ​កិច្ចការ​ចាំបាច់​ដទៃ។ ចំណែក​ការ​បញ្ចុះសព​វិញ​ក៏​មិនមែនជា​គំនិតល្អ ព្រោះ​ថា ​បាក់តេរី និង​មេរោគ​ជាច្រើន​ក្នុង​រាងកាយ​សាកសព អាច​បំពុលបរិស្ថាន​របស់​ដី​នៅ​ភព​អង្គារ។ ជំនួស​មកវិញ ក្រុម​អវកាស​ចរប្រហែល​ជា​ត្រូវ​រក្សា​សាកសព​ក្នុង​ថង់ មុននឹង​នាំយក​មកកាន់​ផែនដី៕

  • រថយន្តអគ្គិសនី​​របស់ Ford ចាប់​ផ្ដើម​ផលិត​ឡើងវិញ​ និង​​ច្រើន​ជាង​មុន​បី​ដង​

    រថយន្តអគ្គិសនី​​របស់ Ford ចាប់​ផ្ដើម​ផលិត​ឡើងវិញ​ និង​​ច្រើន​ជាង​មុន​បី​ដង​

    ថ្មី​ៗ​នេះ Ford បាន​បញ្ចុះ​តម្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង F-150 Lightning ខណៈ​ដែល​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​នេះ​ជា​ថ្មី​ និង​ក្នុង​បរិមាណ​ច្រើន​ជាង​មុន​បី​ដង​ នៅ​ឯ​មជ្ឈមណ្ឌល​រថយន្ត​អគ្គិសនី Rouge ដែលមុន​នោះ​បាន​ផ្អាក​ដំណើរ​ការ​ 6 សប្ដាហ៍​ ដើម្បី​ពង្រីក​រោង​ចក្រ​។

    នៅ​ថ្ងៃនេះ រោង​ចក្រ​ Ford Rouge Complex នៅ​ Michigan សហរដ្ឋ​អាម៉េរិក បាន​បើក​ទ្វារ​​ឡើង​វិញ​។ ដូច្នេះ​ ការ​ផលិត​រថយន្ត​អគ្គិសនី F-150 Lightning ក៏​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​ថ្មី​ ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផលិត​រថយន្ត​អគ្គិសនី​ F-150 Lightning ច្រើន​ជាង​មុន​បី​ដង​ ដោយ​ឡើង​ដល់​ 150,000 គ្រឿង​/​ឆ្នាំ​ នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ​។

    ទន្ទឹម​នឹង​ទំហំ​រោង​ចក្រ​ Ford Rouge Complex ត្រូវ​បាន​ពង្រីក​ បុគ្គលិក កម្មករ​ថ្មី​​ប្រមាណ 1,200 នាក់​នៅ​ទី​នេះ​ក៏​កំពុង​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ការ​ងារ​។

    បុគ្គលិក​របស់ Ford នៅ​​ឯ​រោងចក្រ Ford Rouge Complex

    យោង​តាម​ Ford ការ​​បញ្ចុះ​តម្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង F-150 Lightning នា​ពេល​ថ្មី​ៗ​នេះ​ ក៏​បាន​ជួយ​ឱ្យ​​ Ford ​ទទួល​បាន​​​ការ​បញ្ជា​ទិញ​​​ច្រើន​ជាង​មុន​ 6 ដង​ផងដែរ​។

  • ព្រះ​ចន្ទ​អាច​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ 2035?

    ព្រះ​ចន្ទ​អាច​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ 2035?

    បាល់ទាត់​គឺជា​កីឡា​ដែល​ទទួលបាន​ការនិយម​ចូលចិត្ត​បំផុត​នៅលើ​ពិភពលោក ដូច្នេះ​តើ​វា​អាច​ត្រូវ​បានរៀបចំ​ការប្រកួត​នៅលើ​ភព ឬ​ទីឋាន​​ដទៃ​ក្រៅ​​ពី​ផែនដី ឬ​អត់?

    នេះ​គឺជា​អ្វីដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​គិតដល់។ ពួកគេ​ជឿថា បាល់ទាត់​អាច​លេង​នៅលើ​ឋាន​ព្រះ​ចន្ទ​យ៉ាង​ឆាប់​នៅ​ឆ្នាំ 2035។

    ក្រុម​អ្នកជំនាញ​មកពី​វិទ្យាស្ថាន​បច្ចេកទេស និង​បច្ចេកវិទ្យា (IET) ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​អង់គ្លេស បាន​រៀប​គម្រោង​ពិ​សេសមួយ​ស្ដីពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​នៅលើ​ឋាន​ព្រះ​ចន្ទ។ ពួកគេ​ថា ការប្រកួត​នេះ​នឹងមាន​ថេរវេលា 90 នាទី ប៉ុន្តែ​មិន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ធម្មតា​ដូច​នៅលើ​ផែនដី។

    ការប្រកួត​នៅ​ខាងក្រៅ​ភពផែនដី​នឹង​ត្រូវបាន​ចែកចេញជា​បួន​តង់ ហើយ​ក្នុង​មួយតង់​មាន 10 នាទី និង​សម្រាក 20 នាទី​នៅ​ចន្លោះ​តង់នីមួយៗ។ ក្រុមបាល់ទាត់នីមួយៗនឹងមាន​កីឡាករ 5 នាក់។

    សម្លៀកបំពាក់​កីឡា​ដូច​នៅលើ​ផែនដី​នឹង​ត្រូវបាន​ជំនួស​ដោយ​ឈុត​អ្នក​អវកាស ដែល​បំពាក់​មុខងារទំនើបៗជាច្រើន ក្នុងនោះ​មាន​ទាំង​ឧបករណ៍​បញ្ចុះ​កម្ដៅ​ផងដែរ។

    ចំណែក​អាជ្ញាកណ្ដាល​វិញ នឹងមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​បច្ចេកវិទ្យា VAR។ ព្រោះថា ពួកគេ​នឹង​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​ក្នុង​ទម្រង់​ជា​រូបភាព 3D។

    យោងតាម IET ការប្រកួត​បាល់ទាត់​លើ​ឋាន​ព្រះ​ចន្ទ​នឹង​ធ្វើឡើង​នៅពេល​ថ្ងៃត្រង់ ដើម្បី​ងាយស្រួល​មើល គ្រា​ដែល​ទំហំ​របស់​ទីលាន​ក៏​នឹង​ត្រូវបាន​បន្ថយ​មក​នៅ​ត្រឹម 1/8 នៃ​ទីលាន​នៅលើ​ផែនដី។

    ខ្សែបន្ទាត់​ជុំវិញ​ទីលាន​អាច​ត្រូវបាន​គូសសញ្ញា​ដោយ​ធាតុ polymer ពណ៌​ខ្មៅ-ស។ ទីលាន​បាល់ទាត់​ក៏​នឹង​ត្រូវការ​បាំង​ដោយ​សំណាញ់ និង​ប្រក់​ដំបូល ដើម្បី​ជៀសវាង​បាល់​ខ្ទា​ត់​ចេញទៅ​បាត់។ រីឯ​គ្រាប់​បាល់​វិញ នឹង​ត្រូវមាន​ទំហំ​ធំ​ជាង​ជិត​ទ្វេដង ធៀប​នឹង​បាល់​ធម្មតា ដើម្បី​ងាយស្រួល​មើល។

    ដើម្បី​គាំទ្រ​ដល់​គម្រោង​ខាងលើ IET កំពុងតែ​អំពាវនាវ​សូម​ឱ្យ​​​ក្មេង​នៅ​ប្រទេស​អង់គ្លេស​ដែលមាន​អាយុ​ពី 4 ទៅ 13 ឆ្នាំ ចូលរួម​ការ​រចនា​ឈុត​សម្លៀកបំពាក់​ផ្លូវការ​ដំបូង​គេ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​នៅលើ​ឋាន​ព្រះ​ចន្ទ៕

  • Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

    Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

    កាលពី​ថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់​កំណែ​ស្ដង់ដា) ព្រោះតែ​ចង់​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន នៅក្នុង​ទីផ្សារ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ Tesla។

    Ford បាន​ដំឡើងថ្លៃ Lightning កាលពីដើម​ឆ្នាំនេះ ហើយ​ក្រោយមក ក្រុមហ៊ុន​នេះ​ក៏​ឱ្យដឹងថា ពួកគេ​អាច​បញ្ចុះតម្លៃ​បន្ទាប់ពី​ការកែលំអ​នានា​សម្រាប់​រថយន្ត​នេះ។ ក្នុង​ត្រីមាស​ទី​ពីរ ចំនួន​រថយន្ត​អគ្គិសនី Ford ដែល​បាន​លក់​ចេញ បាន​ថយចុះ 2.8%។

    ការ​បញ្ចុះ​តម្លៃ​របស់​ Ford ​កើតឡើង​ក្នុង​គ្រា​ដែល​ការប្រកួត​ប្រ​ជែក​តម្លៃ​ដែល​បានចាប់ផ្ដើម​ដោយ Tesla កាលពី​ប៉ុន្មាន​ខែ​មុន ធ្វើឱ្យ​រថយន្ត​អគ្គិសនី​របស់​បណ្ដា​ក្រុមហ៊ុនចាស់ៗត្រូវ​គរ​លើ​គ្នា​នៅតាម​ទីតាំង​ចែកចាយ ដោយសារតែ​ល្បឿន​នៃ​ការលក់​ចេញ​បាន​ថមថយ។

    បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃ​ចាប់ពី 49,995 ដុល្លារ​អាម៉េរិក ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​តម្លៃ 59,974 ដុល្លារ​ដែល​បាន​លក់​មុន​នោះ។ ចំណែក​កំណែ Platinum លំដាប់​ប្រណិត​ជាង​នឹងមាន​តម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុន​របស់ Ford ក៏បាន​ធ្លាក់​ថ្លៃ​នៅសល់ 14.09 ដុល្លារ/ហ៊ុន នៅពេល​បញ្ចប់​ការ​ជួញដូរ​​​កាលពី​ម្សិលមិញ៕

  • Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

    Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

    (ព័រទុយហ្កាល់) – Cristiano Ronaldo អះអាងថា មិន​ចូលចិត្ត​ប្រកួត​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក MLS ជាទី​ដែល Lionel Messi ទើបតែ​បាន​ក្លាយជា​សមាជិក។

    «Saudi Pro League ល្អ​ជាង MLS» ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ លោក Ronaldo ឆ្លើយ​ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​ទៅ​ទាត់​នៅ​សហរដ្ឋ​អាម៉េរិក​ដូច Messi ដែល​ធ្លាប់​ជា​គូប្រជែង​មួយ​រយៈពេល​របស់គាត់​នៅ​ទ្វីបអឺរ៉ុប។

    Ronaldo ក៏​និយាយថា មាន​មោទកភាព​នៅពេល​បាន​ក្លាយជា​អ្នកបើក​ផ្លូវ​សម្រាប់​ការ​មក​ទាត់​នៅ Saudi Pro League។ «ពេលនេះ កីឡាករ​នាំគ្នា​សម្រុក​មកកាន់​ទីនេះ» អតីត​កីឡាករ​របស់ Real និង Man Utd បន្ថែម​ដូច្នេះ។

    Ronaldo បាន​ចូលមក​កាន់​ក្លឹប Al Nassr កាលពី​ខែមករា​ឆ្នាំ 2023 បន្ទាប់ពី​ដើរចេញ​ពី Man Utd ព្រោះ​តែមាន​បញ្ហា​ជាមួយ​គ្រូបង្វឹក។ កីឡាករ​ដែល​ដើរ​តាម​គន្លង​របស់ CR7 រួមមាន Karim Benzema, Marcelo Brozovic, N’Golo Kante និង Roberto Firmino ជាដើម ទន្ទឹមនឹង​វត្តមាន​របស់​គ្រូបង្វឹក​ល្បីឈ្មោះ​ជាច្រើនរូប​ផងដែរ។ សកម្មភាព​ទាំងនេះ​បាន និង​កំពុង​ជួយ​លើកកម្ពស់​លំដាប់​របស់​ពានរង្វាន់ Saudi Pro League នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។

    ក៏ប៉ុន្តែ ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត (Al Hilal) មិនអាច​បញ្ចុះបញ្ចូល Messi ឱ្យមក​កាន់​ប្រទេស​នេះ​បាន ក្រោយពី M10 ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លឹប PSG នៅ​ប្រទេស​បារាំង។ កំពូល​តារាបាល់ទាត់រ​បស់​អា​ហ្ស​ង់​ទីន បានសម្រេច​ចិត្ត​ជ្រើស​យក​ក្លឹប Inter Miami និង​ត្រូវបាន​បង្ហាញខ្លួន​ជា​ផ្លូវការ​កាលពី​ម្សិលមិញ៕