Tag: នៅពេលខ្ញុំតាំងគភ៌ខែទី5

  • នៅពេលខ្ញុំតាំងគភ៌ខែទី5

    នៅពេលខ្ញុំតាំងគភ៌ខែទី5

    នៅពេលស្រ្តីតាំងគភ៌រហូតមកដល់ខែទី5នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា 8-10អីុញ ការកម្រើករបស់ទារកក្នុងគភ៌នឹងខ្លាំងល្មមឱ្យម្ដាយមានអារម្មណ៍ដឹងបានហើយ ដងខ្លួនរបស់ទារកចាប់ផ្ដើមមានរោមខ្ចីៗគ្របដណ្ដប់ ចាប់ផ្ដើមមានសរសៃសក់ និងចិញ្ចើមហើយ។

    ក្នុងខែទី5 នៃការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗ ដែលស្រ្តីមានគភ៌អាចដឹងបានដូចតទៅ៖
    • ទារកក្នុងគភ៌ចាប់ផ្ដើមរើរហូតអ្នកម្ដាយមានអារម្មណ៍ដឹង។
    • មានទឹករំអិលនៅក្នុងប្រអប់ពោះច្រើនឡើង។
    • កើតមានអាការទល់លាមក ឬអាចកើតឫសដូងបាត។
    • ហើមពោះ ឆ្អល់ពោះ អាហារមិនរំលាយ និងមានខ្យល់ច្រើននៅក្នុងពោះ។
    • ឈឺក្បាលខ្លះៗ ជួនកាលអាចមានអាការខ្យល់គ និងឆាប់វិលមុខ។
    • តឹងណែនច្រមុះ ហូរឈាមតាមច្រមុះ និងហ៊ឹងត្រចៀក។
    • ឃ្លានញឹកញាប់។
    • អាចកើតអាការរមួលក្រពើញឹកញាប់ជាងមុន។
    • មានអាការហើមនៅត្រង់ភ្នែកគោល និងប្រអប់ជើង ស្រ្តីខ្លះមុខ និងដៃក៏ហើមដែរ។
    • កើតមានស្នាមជាំនៅលើជើង។
    • ជីពចរដើរញាប់ជាងមុន។
    • ចាប់ផ្ដើមមានអាការឈឺខ្នង។
    • អារម្មណ៍ខាងផ្លូវភេទប្រែប្រួល។
    • ពណ៌ស្បែកនៅត្រង់ក្បាលពោះ និងផ្ទៃមុខឡើងស្រគាំ។
    • អារម្មណ៍ប្រែប្រួល ថយចុះជាងខែមុនៗតែនៅតែទន់ជ្រាយម្ដងម្កាល។

    រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យស្រ្តីមានគភ៌ធ្វើនៅក្នុងអំឡុងខែនេះគឺ ៖
    • ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។
    • ពិនិត្យមើលជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។
    • ស្ដាប់សំឡេងលោតនៃបេះដូងរបស់ទារកក្នុងគភ៌។
    • ពិនិត្យមើលខ្នាត និងរូបរាងរបស់ស្បូនដោយការពិនិត្យក្បាលពោះ។
    • កម្ពស់ចុងកំពូលរបស់ស្បូន។
    • អាការហើមនៅលើដៃ ជើង និងសរសៃឈាមនៅលើជើង។
    • ពិនិត្យរកមើលជំងឺរលាកថ្លើម។
    • អាការខុសប្រក្រតីផ្សេងៗ(បើមាន)។

    រឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងអំឡុងខែនេះគឺ ៖
    1. អាចមានអាការវិលមុខញឹកញាប់ ៈ ដោយសារតែស្បូនរីកធំឡើងរហូតអាចទៅសង្កត់ពីលើសរសៃឈាមក្រហមធំនៅត្រង់កណ្ដាលដងខ្លួន ដូច្នេះពេលក្រោកឈរ ឬប្ដូរឥរិយាបថផ្សេងៗនឹងធ្វើឱ្យលំហូរវិលរបស់លោហិតផ្លាស់ប្ដូរ ធ្វើឱ្យសម្ពាធថយចុះយ៉ាងទាន់ហន់ ធ្វើឱ្យឈាមមិនអាចហូរមកចិញ្ចឹមខួរក្បាលបានទាន់ពេលវេលា ទើបបណ្ដាលឱ្យកើតអាការវិលមុខនេះឡើង។ ស្រ្តីមានគភ៌អាចការពារអាការនេះបានដោយនៅពេលត្រូវផ្លាស់ប្ដូរឥរិយាបថផ្សេងៗមិនថាតែការក្រោកឈរ អង្គុយចុះ គេង ឬដើរនោះទេ គួរធ្វើដោយយឺតៗ វានឹងជួយឱ្យរាងកាយកែសម្រួលលំហូរវិលរបស់ឈាមក្នុងរាងកាយបានទាន់ ហើយវិធីមួយទៀតដែលអាចជួយបានដែរនោះគឺ ទទួលទានប្រូតេអីុនគ្រប់ពេលអាហារទទួលទានឱ្យបានញឹកញាប់ឡើង ឬទទួលទានអាហារផ្សេងៗក្នុងចន្លោះពេលបាយចម្បងៗ ដើម្បីកុំឱ្យកម្រិតជាតិស្ករនៅក្នុងរាងកាយធ្លាក់ចុះទាបខ្លាំងពេក។

    2. ពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ៈ បើរកឃើញថា មានឆ្លងមេរោគ ត្រូវចូលទៅព្យាបាលជាបន្ទាន់។

    3. ការលើករបស់ធ្ងន់ៗ ឬការពកូនច្បង ៈ បើចង់បី ឬពកូន ឬលើករបស់របរដែលមានទម្ងន់ធ្ងន់ជាង10គីឡូក្រាម អាចកើតគ្រោះថ្នាក់ដល់សាច់ដុំខ្នងយ៉ាងខ្លាំង។ បើកូនច្បងចង់ឱ្យព គួរនិយាយជាមួយកូនឱ្យបានយល់ថា ពេលនេះកូនធំហើយ អាចដើរខ្លួនឯងបានហើយ…ល្អជាងការប្រាប់ថា ពេលនេះម៉ាក់មានអូននៅក្នុងពោះ ទើបពកូនមិនបាន ព្រោះនឹងធ្វើឱ្យកូនច្បងកើតអាការច្រណែនប្អូនបាន។

    4. ក្នុងរយៈពេលនេះ នឹងចាប់ផ្ដើមមានអាការហើមជើង ៈ គួរធ្វើលំហាត់ប្រាណណាដែលពាក់ព័ន្ធនឹងជើងខ្លះផង កុំពាក់ស្បែកជើងដែលចង្អៀតខ្លាំងពេក និងកុំពាក់ស្បែកជើងកែងចោតវាអាចនឹងជួយកាត់បន្ថយអាការឈឺ និងហើមជើងបាន៕