Tag: នេប៉ាល់

  • នេប៉ាល់​ខឹងនឹង​ចិន​ ស្ទើរ​ “ដាច់​ក្បាល​ ដាច់​កន្ទុយ” ព្រោះ​តែ​រឿង​កំពូល​ភ្នំ​អេវ៉ឺរ៉េស

    នេប៉ាល់​ខឹងនឹង​ចិន​ ស្ទើរ​ “ដាច់​ក្បាល​ ដាច់​កន្ទុយ” ព្រោះ​តែ​រឿង​កំពូល​ភ្នំ​អេវ៉ឺរ៉េស

    សំណេរ​នៅ​លើ​ Twitter របស់​បណ្ដាញ​ទូរទស្សន៍​សកល​​ចិន​ CGTN(China Global Television Network) កាល​ពី​សប្ដាហ៍​កន្លង​ទៅ​បាន​ប្រកាស​ថា​ កំពូល​ភ្នំ​អេវ៉ឺរ៉េស​​ (Everest) ទាំង​មូល​គឺជា​របស់​ខ្លួន​ បណ្ដាល​ឱ្យ​ប្រទេស​នេប៉ាល់​ “ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​”។

    អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter នៅ​ប្រទេស​នេប៉ាល់ កំពុង​តែ​ខឹង​យ៉ាង​ខ្លាំង​ និង​បាន​បង្កើត​និន្នា​ការ​ #backoffchina (ចិន​ចេញ​ឱ្យ​ឆ្ងាយ) នៅ​លើ​បណ្ដាញ​សង្គម​ ព្រោះ​យល់​ថា CGTN​ បាន​រំលោភ​យក​កំពូល​ភ្នំ​អេវ៉ឺរ៉េស​​ទាំង​មូល​ទុក​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​។ ពលរដ្ឋ​នេប៉ាល់​ជា​ច្រើន​បាន​ស្នើ​ឱ្យ​ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​នេប៉ាល់​ បក​ស្រាយ​ឱ្យ​បាន​ច្បាស់​អំពី​សារ​របស់ CGTN។

    ប្រតិកម្ម​ខាង​លើ​នេះ​ គឺ​ទាក់​ទិន​នឹង​សារ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Twitter ដោយ​បណ្ដាញ​ទូរទស្សន៍​ CGTN កាល​ពី​សប្ដាហ៍​មុន​។ កាលពី​ថ្ងៃទី​2ឧសភា​ ទូរទស្សន៍​ CGTN របស់​ចិន​ បាន​បង្ហោះ​​​រូប​ភាព​មួយ​​​សន្លឹក ជាមួយ​នឹង​សារ​មួយ​ឃ្លា​នៅ​លើ​ Twittere ដោយ​សរសេរ​ថា “ក្នុង​រូប​ថត​៖ រស្មី​​ដ៏ស្រស់​ស្អាត​ខុ​សពី​ធម្មតា​ ត្រូវ​បានថត​កាល​ពី​ថ្ងៃ​​សុក្រ​នៅ​លើ​កំពូល​ភ្នំ Qomolangma ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​មួយ​ទៀត​ នោះ​គឺ​​​អេវឺរ៉េស​ ជា​កំពូល​ភ្នំ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​ ដែលស្ថិត​ក្នុង​តំបន់​ស្វយ័ត​​ទីបេត៍​របស់​ប្រទេស​ចិន​”។

    អ្នក​ប្រើ​ប្រាស់​ Twitter ម្នាក់​សរសេរ​ថា​ “ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នេប៉ាល់​ជា​ទី​រាប់​អាន​ តើ​លោក​យល់​ថា​ ប្រការ​នេះ វា​យុត្តិ​ធម៌​ដែរ​ ឬទេ? យើង​ខ្ញុំ​ចង់​ធ្វើ​ឱ្យ​បញ្ហា​នេះ​បាន​ច្បាស់​លាស់​។ #BackoffChina”។ ចំណែក​អតីត​និពន្ធ​នាយក​របស់​សារ​ព័ត៌មាន​ Kathmandu Post របស់​ Nepal មាន​ប្រតិកម្មថា “ជា​ការ​ពិត​នោះ​គឺ​ថា យើង​ខ្ញុំ​ត្រូវ​បាន​បង្រៀន​ថា ជួរ​ភ្នំ​អេវឺរ៉េស​ គឺ​ស្ថិត​ក្នុង​ដែន​ដី​របស់​នេប៉ាល់​”។

    ជម្លោះ​ដណ្ដើម​​ទឹក​ដី​រវាង​នេប៉ាល់​ និង​ចិន​ ទាក់​ទង​នឹង​កំពូល​ភ្នំ​អេវឺវ៉េស​​ បាន​​ចាប់​ផ្ដើម​កើត​មាន​​​ពី​ទសវត្សរ៍​ឆ្នាំ​1960។ នេប៉ាល់​បាន​ប្រកាស​​ថា ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​កាល​ពី​ពេល​នាយក​រដ្ឋ​មន្ត្រី​ Bishweshwar Prasad Koirala​ កំពុង​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រទេស​ចិន​។

    ឯកសារ​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​​ដោយ​​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​1998​ បាន​បង្ហាញ​ថា ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​ស្នើ​ឱ្យ​​បែង​ចែក​កំពូល​ភ្នំ​នេះ​ជា​2​ចំណែក​ ប៉ុន្តែ​​ការ​ដណ្ដើម​គ្នា​នៅ​តែ​មិន​ទាន់​បាន​បញ្ចប់​។ មហាក្សត្រ​ Mahendra របស់​ប្រទេស​នេប៉ាក់​ កាល​ពី​ឆ្នាំ​1961​​បាន​ប្រកាស​ថា កំពូល​ភ្នំ​អេវឺរ៉េស​ទាំង​មូល​គឺជា​របស់​ប្រទេស​នេះ​។

    អេវឺរ៉េស​ ដែល​ជា​កំពូល​ភ្នំ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​ ដោយ​មាន​កម្ពស់​ដល់​ទៅ​8,848​ម៉ែត្រ​ គឺជា​ប្រភព​ចំណូល​ចម្បង​បំផុត​របស់​ប្រទេស​នេប៉ាល់​។ មនុស្ស​2​នាក់​ដែល​បាន​ឈាន​ជើង​ឡើង​ដល់​កំពូល​ភ្នំ​អេវឺរ៉េស​ដំបូង​គេ​ក្នុង​ពិភពលោក គឺ ​Edmund Hillary ជា​ជន​ជាតិ​អាមេរិកាំង​ និង​ Tenzing Norgay Sherpa ​ជា​ពលរដ្ឋ​នេប៉ាល់​។ ផ្លូវ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​នេះ​ មាន​ចំនួន​2 ប៉ុន្តែ ផ្លូវ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ប្រទេស​នេប៉ាល់​ គឺជា​ផ្លូវ​សំខាន់​បំផុត​​ដែល​នាំ​ទៅ​កាន់​កំពូល​ភ្នំ​នេះ​។

    សូម​បញ្ជាក់​ថា CGTN គឺជា​បណ្ដាញ​ទូរទស្ស​អន្តរជាតិ​របស់​ទូរទស្សន៍​ជាតិ​ចិន​ ដែល​គេ​ស្គាល់​ថា CCTV៕

    ប្រភព​៖ សារព័ត៌មាន​បរទេស

    ព័ត៌មាន​ទាក់​ទង​>អ្នក​វិទ្យា​សាស្ត្រ​ចិន​វាស់​វែងកម្ពស់​នៃ​កំពូល​ភ្នំ​អេវឺរ៉េស​ឡើង​វិញ

  • អ្នក​វិទ្យា​សាស្ត្រ​ចិន​វាស់​វែងកម្ពស់​នៃ​កំពូល​ភ្នំ​អេវឺរ៉េស​ឡើង​វិញ

    អ្នក​វិទ្យា​សាស្ត្រ​ចិន​វាស់​វែងកម្ពស់​នៃ​កំពូល​ភ្នំ​អេវឺរ៉េស​ឡើង​វិញ

    ក្រុម​អ្នកវិទ្យា​សាស្ត្រ​ដែល​មាន​សមាជិក​ចំនួន​53​នាក់​នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង​(GPS)​នៃ​ផ្កាយ​រណប់​ Beidou រួម​នឹង​ឧបករណ៍​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​​របស់​ចិន​ សម្រាប់​បេសកកម្ម​វាស់​វែង​កំពូល​ភ្នំ​នេះ​ឡើង​វិញ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​បាន​ទៅ​ដល់​ជើង​ភ្នំ​នៅ​​តំបន់​ស្វយ័ត​ទីបេត៍តាំងពី​ថ្ងៃទី​2មីនា​ដើម្បី​ត្រៀម​សម្រាប់​បេសក​កម្ម​វាស់​វែង​កម្ពស់​របស់​កំពូល​ភ្នំ​ អេវឺរ៉េស(Everest) នេះ​បើ​តាម​សារ​ព័ត៌មាន SCMP ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី​1​ឧសភា​។ កំពូល​ភ្នំ​អេវឺរ៉េស​នៃជួរ​ភ្នំ​ហ៊ីម៉ាឡាយ៉ា ស្ថិត​នៅចន្លោះ​ព្រំ​ដែន​របស់​​ប្រទេស​នេប៉ាល់ និង​ប្រទេស​ចិន​។ ប្រទេស​ទាំង​2​នេះ តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ តែង​តែ​​និយាយ​មិន​ត្រូវ​គ្នា​អំពី​កម្ពស់​នៃ​​កំពូល​ភ្នំ​អេវ៉ឺរ៉េស​នេះ ដែល​ប្រទេស​1​គិត​ទាំង​ស្រទាប់​ទឹក​កកនិង​ព្រិល​ដែល​នៅ​ពី​លើ​កំពូល​ភ្នំ​​ ចំណែក​ប្រទេស​1​ទៀត​គិត​ត្រឹម​តែ​ថ្ម​​ដែល​នៅ​ខ្ពស់​ជាង​គេ​បង្អស់​។

    អ្នក​វិទ្យា​សាស្ត្រ​ចិន​វាស់​វែងកម្ពស់​នៃ​កំពូល​ភ្នំ​អេវឺរ៉េស​ឡើង​វិញកាល​ពី​ឆ្នាំ​2005​ អ្នក​វិទ្យា​សាស្ត្រ​ចិន​1ក្រុម​​បាន​ធ្វើ​ការ​វាស់​វែង​កម្ពស់​​របស់​កំពូល​ភ្នំ​នេះ ទាំង​កម្ពស់​ត្រឹម​ថ្ម និង​កម្ពស់​ត្រឹម​ព្រិល​​នៅ​ពី​ខាង​លើ​។ ប្រទេស​ចិន​បាន​ប្រកាស​ថា​កម្ពស់​របស់​កំពូល​ភ្នំ​អេវឺរ៉េស​​រាប់​ត្រឹម​ថ្ម​​ដែល​មាន​កម្ពស់​8,844.43​ម៉ែត្រ​គឺជា​តួលេខ​ត្រឹមត្រូវ​បំផុត​​ គិត​ត្រឹម​ពេល​នោះ​។

    ចំណែក​ប្រទេស​នេប៉ាល់​វិញ គិត​ថា គួរ​តែ​រាប់​បញ្ចូល​ទាំង​ទឹកកក​នៅ​ពី​ខាង​លើ​ ដែល​នេះ​​មាន​ន័យ​ថា​ វា​មាន​កម្ពស់​8,848​ម៉ែត្រ​។ នេះ​ក៏​ជា​តួលេខ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ​នៅ​ក្នុង​ពិភពលោក​។ ក៏ប៉ុន្តែ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​យល់​ថា​ទឹកកក​ និង​ព្រិល​នៅ​លើ​កំពូល​ភ្នំ​ប្រហែល​ជា​បាន​ថយ​ចុះ​ជា​ច្រើន​សង់​ទីម៉ែត្រ​ ក្រោយ​គ្រោះ​រញ្ជួយ​ដី​កម្លាំង​7.8​​រិចទ័រ​កាល​ពី​ឆ្នាំ​2015​។ បម្រែបម្រួល​នៃ​ល្បឿន​ខ្យល់​ក៏​ប៉ះពាល់​ដល់​កម្ពស់​របស់​កំពូល​ភ្នំ​នេះ​ដែរ​។

    អ្នក​វិទ្យា​សាស្ត្រ​ចិន​វាស់​វែងកម្ពស់​នៃ​កំពូល​ភ្នំ​អេវឺរ៉េស​ឡើង​វិញកាល​ពី​ខែ​តុលា​ឆ្នាំ​មុន នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនភីង​ទៅ​កាន់​ប្រទេស​នេប៉ាល់​ ប្រទេស​ទាំង​2​បាន​យល់​ព្រម​សហការ​គ្នា​លើ​បញ្ហា​មួយ​​ចំនួន​ ក្នុង​នោះ​ក៏មាន​បញ្ហា​ទាក់​ទិន​នឹង​កំពូល​ភ្នំ​អេវឺរ៉េស​ផងដែរ​។ ​ប្រទេស​ទាំង​2​ក៏​​បាន​ចាត់​ទុក​ថា កំពូល​ភ្នំ​នេះ​គឺជា​និមិត្ត​រូប​សម្រាប់​មិត្ត​ភាព​រវាង​ប្រទេស​ចិន​ និង​នេប៉ាល់​ទៀត​ផង។

    លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​សិក្សាអំពី​ធរណីមាត្រ។ ទិន្ន​ន័យ​ស្ដី​អំពី​កម្រាស់​ពិត​ប្រាកដ​របស់​ព្រិល​លើ​កំពូល​ភ្នំ ល្បឿន​ខ្យល់​ និង​ឧតុនិយម​​ដែល​ប្រមូល​បាន​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​លើ​កំពូល​ភ្នំ​អេវឺរ៉េស​នេះ​ក៏​នឹង​ជួយ​ឱ្យ​អ្ន​ក​វិទ្យា​សាស្ត្រ​តាម​ដាន​ទន្លេ​ទឹក​កក​ ព្រម​ទាំង​អាច​ការពារ​បរិស្ថាន​ជីវសាស្ត្រ​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បង្ហាញជីវិតស្ត្រីដែលមានប្ដី 5នាក់ និងវប្បធម៌ដែលមនុស្សជាច្រើនមិនដែលដឹងថា ពិតជាមានមែន…

    បង្ហាញជីវិតស្ត្រីដែលមានប្ដី 5នាក់ និងវប្បធម៌ដែលមនុស្សជាច្រើនមិនដែលដឹងថា ពិតជាមានមែន…

    រ៉ាចូ វើរម៉ា គឺជាភរិយារបស់ស្វាមី 5នាក់ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយពួកគេរស់នៅដូចជាក្រុមគ្រួសារដ៏ធំមួយនៅក្នុងតំបន់តូចមួយភាគខាងជើងរបស់ប្រទេសឥណ្ឌា។ ពួកគេចិញ្ចឹមថែទាំកូនប្រុសម្នាក់ដែលមិនដឹងច្បាស់ថា កើតចេញពីឪពុកមួយណា។

    នេះគឺជាគំរូមួយរបស់គ្រួសារបែបមានប្ដីច្រើននាក់ ដែលមិនមែនស្ថិតក្នុងសម័យអតីតកាលច្រើនរយឆ្នាំមុននោះទេ តែក្នុងសម័យបច្ចុប្បន្នកាលដែលកើតឡើងពិតៗ ដែលវប្បធម៌ប្រពៃណីបែបនេះនៅមាននៅឡើយនៅក្នុង ចិន និងឥណ្ឌា…ថ្ងៃនេះឡារ៉ែនសូមបើកបង្ហាញនូវអាថ៌កំបាំងរបស់គ្រួសារបែបមានស្វាមីច្រើននាក់ ដែលមនុស្សជាច្រើនមិនដែលធ្លាប់ដឹងទាល់តែសោះ។

    1-នរណាមានតួនាទីជាមេគ្រួសារ?

    លោកអ្នកអាចនឹងធ្លាប់បានឮរឿងរ៉ាវនៃការមានភរិយាច្រើននាក់ខ្លះៗមកហើយ តែមានធ្លាប់នឹកសង្ស័យដែរទេថា ចុះបើវាបញ្ច្រាស់គ្នាវិញ?។ មានស្ត្រីជាភរិយាម្នាក់ រៀបការជាមួយបុរសច្រើននាក់ និងស្វាមីទាំងអស់ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ស្វាមីដែលមានអាយុច្រើនជាងគេ នឹងក្លាយជាមេគ្រួសារ ដោយខ្លួនគេនឹងធ្វើជាអ្នកជ្រើសរើសប្ដីផ្សេងទៀតឱ្យប្រពន្ធរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណឹងទេ មេគ្រួសារថែមទាំងអាចជ្រើសរើសប្រពន្ធទី2 ឬទី3 ឱ្យខ្លួនឯងបានទៀតផង ហើយរូបគេនឹងបានទទួលឈ្មោះថា ជាឪពុករបស់ក្មេងទាំងអស់ដែលកើតនៅក្នុងគ្រួសារ ចំណែកប្ដីផ្សេងទៀត នឹងត្រូវបានហៅថា “ពូ” ទោះជាម្នាក់ណាជាឪពុកបង្កើតរបស់ក្មេងក៏ដោយ។

    2-អ្នកណាជាអ្នកចាប់ផ្ដើមវប្បធម៌គ្រួសារបែបមានប្ដីច្រើននាក់?

    គ្មានអ្នកណាដឹងពីប្រវត្តិចាប់ផ្ដើមរបស់វប្បធម៌នេះឡើយ តែអ្នកវិទ្យាសាស្ត្រជឿថា មានហេតុផលក្នុងរឿងនេះ ព្រោះការសាងគ្រួសារតែមួយ នឹងធ្វើឱ្យបងប្អូនមិនចាំបាច់ត្រូវដណ្ដើមកេរមរតក(ដីធ្លី)គ្នា ដែលនេះគឺជារឿងសំខាន់បំផុតសម្រាប់អ្នករស់នៅក្នុងតំបន់ទីបេត៍ និងតំបន់លើភ្នំហិមាល័យ ដោយសារតែដីធ្លីរបស់ពួកគេគឺជាវត្ថុស័ក្តិសិទ្ធិ រួមទាំងជនជាតិឥណ្ឌាដែលកំពុងជួបនឹងបញ្ហាប្រជាជនពេញហៀរប្រទេសរហូតគ្មានកន្លែងស្នាក់នៅផងដែរ។

    3-យើងនឹកឆ្ងល់ថា តើវាខុសច្បាប់ដែរឬទេ?

    ទោះជាសម្ព័ន្ធភាពបែបនេះ នឹងងាយស្រួលសម្រាប់ក្រុមគ្រួសារជាច្រើនមែន តែការរៀបការបែបមានស្វាមីច្រើននាក់ ក៏ជារឿងខុសច្បាប់នៅក្នុងប្រទេសជាច្រើនទៀតដែរ ក៏ប៉ុន្តែពួកគេមិនត្រូវបានរងទោសទណ្ឌអ្វីទាំងអស់ ដោយសារតែភាគច្រើនរស់នៅក្នុងតំបន់ឆ្ងាយដាច់ស្រយាលខ្លាំង។

    4-ប្រពន្ធ1 ប្ដី 5នាក់ ជារឿងដែលទទួលយកបានក្នុងគ្រួសារ1

    វប្បធម៌ស្វាមីច្រើននាក់ មានជាច្រើនសតវត្សរ៍មកហើយ វាមានន័យថា ពួកគេឆ្លងកាត់វិថីជីវិតបែបនេះមកតាំងពីជំនាន់តាទួតយាយទួត រហូតមកដល់ជំនាន់បច្ចុប្បន្ន និងក៏នៅតែបន្តកេរដំណែលនេះរហូតតទៅ ទៀត​។ មនុស្សស្រីតែងតែមានស្វាមី តាំងពី2 រហូតដល់ 5នាក់ និងទាំងអស់ត្រូវតែមានអាយុមិនតិចជាង18ឆ្នាំ។

    បើបងប្អូនក្នុងត្រកូលនោះ អាយុមិនទាន់ដល់ 18ឆ្នាំ នៅពេលដែលពួកគេមានអាយុដល់កំណត់ភ្លាម ពួកគេនឹងបានរៀបការជាមួយប្រពន្ធរបស់បងប្រុសខ្លួនឯងភ្លាមតែម្ដង។ ភាគច្រើន គ្រប់គ្នានៅក្នុងគ្រួសារនឹងរស់​នៅក្នុងបន្ទប់ជាមួយគ្នា ហើយភូមិករជាច្រើននៅក្នុងតំបន់ទីបេត៍ នឹងគ្មានគ្រែសម្រាប់គេងទេ ពួកគេគ្រាន់​តែក្រាលក្រណាត់ និងគេងនៅលើដីប៉ុណ្ណោះ។

    ក្នុងខណៈដែលមនុស្សជាច្រើនអាចនឹងយល់ថា មនុស្សគួរមានគូត្រឹមតែម្នាក់ ដើម្បីការពារមិនឱ្យកើតបញ្ហានោះ នៅក្នុងវប្បធម៌ និងទំនៀមទម្លាប់ខ្លះ ស្វាមី ឬភរិយាដែលមានគូស្នេហ៍ច្រើនជាងម្នាក់ ក៏អាចរួមរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្តប្រក្រតីដែរ។ សរុបទៅ តើអ្នកគិតយ៉ាងណាដែរចំពោះរឿងនេះ?

    ប្រភព៖ សារ​ព័ត៌មាន​បរទេស