Tag: នាយ គ្រឿន

  • នាយ គ្រឿន លើកទឹកចិត្តឱ្យអ្នកគាំទ្រស្រឡាញ់ និងកុំវាយតម្លៃបងៗដែលជាសន្ដិសុខ ( អ្នកយាម )

    នាយ គ្រឿន លើកទឹកចិត្តឱ្យអ្នកគាំទ្រស្រឡាញ់ និងកុំវាយតម្លៃបងៗដែលជាសន្ដិសុខ ( អ្នកយាម )

    តារាកំប្លែងដែលមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា នាយ គ្រឿន បានចូលរួមសម្ដែងក្នុងរឿង «ចិញ្ចៀនខ្មោច» ដែលជាវណ្ណកម្មថ្មីរបស់ផលិតកម្ម LD Picture ដែលបានតម្រូវឱ្យលោកសម្ដែងជាតួអង្គសន្ដិសុខ (អ្នកយាមផ្ទះ) មានភាពកំប្លុកកំប្លែង មិនសូវគ្រប់ទឹក ដើម្បីឱ្យមហាជនបានទស្សនារឿងនេះហើយ ផ្ទុះសំណើចតាំងពីដើមរឿង រហូតដល់ចប់តែម្ដង។

    លោកថា ទន្ទឹមនឹងការបានសម្ដែងជាតួអង្គសន្តិសុខបែបនេះ ធ្វើឱ្យលោកបានមើលឃើញពីតថភាពនៃជិវិតរបស់បងៗអ្នកសន្ដិសុខយាមកាម ពីការងាររបស់ពួកគាត់ និងពីការតាំងចិត្តធ្វើការងារយ៉ាងហ្មត់ចត់របស់ពួកគាត់។ ដោយឡែកតាមរយៈសាច់រឿងវិញ គឺមានភាពខុសគ្នាស្រឡះតែម្ដង ព្រោះអ្នកដឹកនាំរឿងបានតម្រូវឱ្យខ្លួនសម្ដែងជាតួអង្គកំប្លែង ដែលខ្លួនគ្មានបំណងបន្តុះបង្អាប់ ឬមើលងាយដល់មុខរបរសន្តិសុខអ្នកយាមកាម និងអ្នកមានមុខរបរជាអ្នកយាមនៅតាមបុរី តាមផ្សារ ឬក្នុងក្រុមហ៊ុននានានោះឡើយ ពោលគឺសកម្មភាពក្នុងរឿងនេះគ្រាន់តែជាការសម្ដែង ដើម្បីឱ្យមហាជនបានចូលរួមសើចសប្បាយរីករាយជាមួយនឹងរូបលោកតែប៉ុណ្ណោះ។

    នាយបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា  «បាទបង! ចំពោះនៅក្នុងខ្សែភាពយន្តនេះ ខ្ញុំសម្ដែងជាតួអង្គសន្តិសុខ ដោយធ្វើកាយវិការឡិកឡក់ និយាយបែបកំប្លែង ដើម្បីឱ្យអ្នកទស្សនាបានសើចក្អាកក្អាយជាមួយនឹងសកម្មភាពរបស់ខ្ញុំតែប៉ុណ្ណោះ ដោយឡែកនៅក្នុងអាជីពមួយនេះ បើឆ្លុះបញ្ចាំងមកទិដ្ឋភាពខាងក្រៅ វាហាក់បីដូចជាប៉ះពាល់ដល់កិត្តិយស របស់ពួកគាត់បន្តិចហើយ។ ប៉ុន្តែតាមពិតមិនមែនអ៊ឹចឹងនោះទេ ខ្ញុំឃើញបងៗសន្តិសុខនៅតាមបុរី គឺមានភាពហ្មត់ចត់ គោរពការងារបានល្អ ហើយយាមដល់យប់ជ្រៅទៀតផង។ ទោះបីជាមុខរបរមួយនេះ មិនសូវមានអ្នកចាប់អារម្មណ៍ក្ដី ប៉ុន្តែបើងាកមកជីវិតនាពេលបច្ចុប្បន្ននេះវិញ សន្តិសុខនៅក្នុងបុរីនីមួយៗ គឺត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ម្ចាស់បុរី»។

    ជាចុងក្រោយ លោកបានអំពាវឱ្យបងប្អូនប្រិយមិត្តទាំងអស់ ស្រឡាញ់ និងឱ្យតម្លៃចំពោះអាជីពជាសន្ដិសុខនេះ សូមមេត្តាកុំរើសអើង ឬវាយតម្លៃតាមរយៈកែវភ្នែកអី ព្រោះថា នោះក៏ជាអាជីពសុចរិត និងមានតម្លៃនៅក្នុងជីវិតប្រចាំថ្ងៃផងដែរ។ ម៉្យាងទៀត សូមប្រិយមិត្តទាំងអស់គ្នា កុំភ្លេចទៅទស្សនារឿង «ចិញ្ចៀនខ្មោច» នៅថ្ងៃទី31 នេះ ដែលកំពុងតែដាក់បញ្ចាំងហើយនៅគ្រប់រោងកុនទាំងអស់៕

     

  • ពែកមី ខឹងគេចុះផ្សាយថា នាយ គ្រឿន រងរបួស ព្រោះត្រូវគេដេញកាប់រយះក្បាលដេរ ១០ ថ្នេរ

    ពែកមី ខឹងគេចុះផ្សាយថា នាយ គ្រឿន រងរបួស ព្រោះត្រូវគេដេញកាប់រយះក្បាលដេរ ១០ ថ្នេរ

    ភ្នំពេញៈ ដោយសារមានរូបនាយគ្រឿនមានស្នាមរបួស និងមានព័ត៌មានចេញផ្សាយភ្លាមៗថា នាយ គ្រឿន ត្រូវគេដេញកាប់របួសរយះយ៉ាងធំនៅត្រង់ចិញ្ចើម ដេរ១០ថ្នេរ ហើយបាត់ប្រាក់ក្នុងកាបូបអស់ និងខានថតកុនទៀតនោះ ទើបធ្វើឱ្យក្តៅក្រហាយដល់នាយពែកមី ដែលភ្លាមៗនោះក៏បានបង្ហោះសារប្រាប់ថា៖ «ប្អូនប្រុសខ្ញុំ តែតបាល់បុកក្បាលគ្នាបែកធំណាស់បងប្អូនអើយ ជួបស៊យ» ។

    នាយពែកមីដែលជាបងប្រុសបង្កើតរបស់នាយគ្រឿនតារាកំប្លែងល្បី និងជាពិធីករក្នុងកម្មវិធីល្បែងកម្សាន្ត របស់ទូរទស្សន៍ CTN បានប្រាប់ថា៖ «ទោះបីខ្ញុំបានបញ្ជាក់ថា មានរបួសដោយសារលោតតែតបាល់បុកក្បាលគ្នាប៉ុណ្ណឹងហើយក៏ដោយ ក៏នៅតែមានព័ត៌មានចេញផ្សាយមិនពិតថា នាយគ្រឿនត្រូវគេដេញកាប់រយះក្បាល ដោយអត់មានបានសាកសួរសាមីខ្លួន និងបងប្អូនគេអីបន្តិចសោះ ការពិតនាយគ្រឿនលេងបាល់ទាត់នៅខ្សែប្រយុទ្ធ លោតតែតបាល់បុកក្បាលគ្នាជាមួយខ្សែការពារនៅទីលានក្បែរផ្ទះជិតស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន កាលពីល្ងាចម៉ោង ៥ និងដេរតែ ៨ ថ្នេរ ទេ!»។

    តារាកំប្លែងនាយ ពែកមី បានបន្តថា៖ «ខ្ញុំដឹងថាព័ត៌មានច្បាស់ជាសរសេរចង់ឲ្យគេចាប់អារម្មណ៍ចង់មើលមិនខាន តែសុំកុំឲ្យហួសពីការពិតពេក ខុសពីឧត្តមគតិខ្លួនធ្វើអី! ហើយខ្ញុំក៏សូមជម្រាបបងប្អូនដែរថា ទោះបីជានាយគ្រឿនរងរបួសក៏មិនប៉ះពាល់ទៅដល់ការថតកំប្លែង ឬកម្មវិធីទូរទស្សន៍ និងច្រៀងកាត់សក់ឡើយ គ្រាន់តែអត់អាចថតកុនបានប៉ុណ្ណោះ»៕