Tag: ធ្លាក់យន្តហោះ

  • ថត​បាន​សកម្ម​ភាពយ​ន្ត​ហោះ​ធ្លាក់ និង​ផ្ទុះ​ឆេះ ពេល​កំពុង​ព្យាយាម​ចុះចត​លើផ្លូវ​រថយន្ត

    ថត​បាន​សកម្ម​ភាពយ​ន្ត​ហោះ​ធ្លាក់ និង​ផ្ទុះ​ឆេះ ពេល​កំពុង​ព្យាយាម​ចុះចត​លើផ្លូវ​រថយន្ត

    (សហរដ្ឋ​អាម៉េរិក)-យន្តហោះ​ធុន​តូច ១ គ្រឿង កាលពី​រសៀល​ថ្ងៃទី ០៩ សីហា បាន​ហោះ​ធ្លាក់​មកលើ​ផ្លូវ​ល្បឿន​លឿន​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ California និង​បាន​ផ្ទុះ​ឆេះ ​គួរឱ្យ​រន្ធត់។

    យោងតាម នាយកដ្ឋាន​ជាតិ​គ្រប់គ្រង​អាកាសចរណ៍​របស់ សហរដ្ឋ​អាម៉េរិក យន្តហោះ​ដែល​ដឹក​មនុស្ស ២ នាក់​នេះ បាន​ធ្លាក់​នៅលើ​ផ្លូវ​ល្បឿន​លឿន ៩១ នៅក្នុង​ទីក្រុង Corona ដែល​ស្ថិតក្នុង​ខណ្ឌ Riverside មាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត​របស់ Los Angeles។

    វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ​បង្ហាញថា យន្តហោះ​នេះ​ធ្លាក់​នៅ​កណ្ដាលផ្លូវ​ដែលមាន​រថយន្ត​ជាច្រើន​កំពុង​បរ​​ពេញ​ផ្លូវ និង​បាន​ផ្ទុះ​ឆេះ​នៅពេល​វា​រុល​ក្បាល​ទៅខាង​ស្ដាំដៃ​របស់​វា​ និង​បុក​ទៅនឹង​ជញ្ជាំង​ផ្លូវ។

    អង្គភាព​ពន្លត់​អគ្គិភ័យ Corona បានឱ្យដឹងថា មនុស្ស ២ នាក់​នៅលើ​យន្តហោះ​បាន​រួច​ផុតពី​ការគ្រោះ​ថ្នាក់​នេះ​ ហើយក៏​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​អ្វីដែល បើ​ទោះ​វា​បាន​ប៉ះទង្គិច​នឹង​រថយន្ត​ទ្រុង ១ គ្រឿង។ ក្នុង​ហេតុ​ការណ៍​នេះ​ក៏​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃនោះ​ដែរ។ អគ្គិភ័យ​នៅ​កន្លែងកើតហេតុ​ត្រូវបាន​គ្រប់គ្រង​ទាន់ពេល​វេលា​ក្រោយពី​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ទៅដល់ ប៉ុន្តែ យន្តហោះ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង។

  • មហា​សំណាង ព្រោះតែ​មិនបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ចិន

    មហា​សំណាង ព្រោះតែ​មិនបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ចិន

    (ប្រទេស​ចិន)-Huang អាយុ ២៤ ឆ្នាំ គ្រោង​នឹង​ឡើង​ជើងហោះហើរ MU៥៧៣៥ ពី Kunming ទៅកាន់ Guangzhou ប៉ុន្តែ មិនមាន​វត្តមាន​ក្នុង​ជើងហោះហើរ​នេះ ដោយសារ​ជើង​ដំបូង​ត្រូវបាន​លុបចោល។

    Huang រស់នៅក្នុង​តំបន់ Tengchong នាទី​ក្រុង Baoshan ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង នៅពេល​ចែករំលែក​អំពី​រឿងរ៉ាវ​ប្រកបដោយ​សំណាង​មហា​ល្អ ព្រោះ​មិនបាន​ឡើង​ជិះ​យន្តហោះ​ដែលមាន​លេខ​សម្គាល់ MU៥៧៣៥ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airlines ដែល​បាន​ធ្លាក់​នៅក្នុង​ខេត្ត Quangxi មុន​នោះ។

    Huang ឱ្យដឹងថា គាត់​មាន​គម្រោង​ឡើង​ជិះ​យន្តហោះ​នោះ​ពី Tengchong ទៅកាន់ Kunming របស់​ខេត្ត Yunnan ហើយ​ក្រោយមក​នឹង​ហោះ​ទៅកាន់ Guangzhou ជា​កន្លែងធ្វើការ​របស់​គាត់ ដោយ​ជើងហោះហើរ MU៥៧៣។ ប៉ុន្តែ ​ដោយ​សារ​​អាកាសធាតុ​មិន​អំណោយផល ជើងហោះហើរ​ពី Tengchong របស់ Huang ក៏ត្រូវ​បាន​លុបចោល។

    យន្តហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines

    «ដោយសារតែ​ជើងហោះហើរ​ដំបូង​ត្រូវបាន​លុបចោល ដូច្នេះ ខ្ញុំ​ក៏ត្រូវ​លុបចោល​ជើងហោះហើរ​បន្ទាប់ និង​មិនបាន​ឡើង​ជិះ​យន្តហោះ​នេះ» Huang បាន​ចែករំលែក​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ម្សិលមិញ។

    យន្តហោះ Boeing ៧៣៧-៨០០ របស់ China Eastern ដឹក​អ្នកដំណើរ ១៣២ នាក់ និង​បុគ្គលិក ៩ នាក់ ហោះ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Kunming Changshui នៅវេលា​ម៉ោង ១៣ និង ១៥ នាទី ហើយ​គ្រោង​នឹង​ទៅដល់​ទីក្រុង Guangzhou នៃ​ខេត្ត Guangdong ម៉ោង ១៥ និង ០៧ នាទី។

    យន្តហោះនេះ បាន​ធ្លាក់​ទៅលើ​ខ្នងភ្នំ​មួយ​នៃ​ទីក្រុង Wuzhou ក្នុង​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា។

    Huang រស់នៅក្នុងតំបន់ Tengchong នាទីក្រុង Baoshan ក្នុងខេត្ត Yunnan ប្រទេសចិន

    ទិន្នន័យ​ពី Flighttradar24 បង្ហាញថា យន្តហោះ​នេះ​កំពុង​ហោះ​លើ​កម្ពស់​ជិត ៩,០០០ ម៉ែត្រ នៅវេលា​ម៉ោង​ប្រហែល ១៤ និង ២០ នាទី ថ្ងៃទី ២១ មីនា ក៏​ស្រាប់តែ​ចាប់ផ្ដើម​បន្ទាប​កម្ពស់ភ្លាមៗ ក្រោយ​ការហោះហើរ​បាន​ជាង ១ ម៉ោង។ បន្ទាប់ពី​ហោះ​ងើបឡើង​នៅលើ​កម្ពស់​ជាង ២,០០០ ម៉ែត្រ យន្តហោះ​ក៏​បន្ត​ដាំ​ក្បាល​ចុះ​ក្នុង​ល្បឿន​ជិត ៦០០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រយៈ​ប៉ុន្មាន​វិនាទី​ចុងក្រោយ៕