Tag: ធ្មប់

  • មាតុចក្រហ្វីលម៍ទម្លាយរឿងថ្មីមកទៀតហើយ « ទារុណកម្មខ្មោច » !!

    មាតុចក្រហ្វីលម៍ទម្លាយរឿងថ្មីមកទៀតហើយ « ទារុណកម្មខ្មោច » !!

    នៅទីបំផុតខាងផលិតកម្ម មាតុចក្រហ្វីលម៍ បានទម្លាយរូបភាព Poster រឿងថ្មីរបស់ខ្លួនបន្ទាប់ពីរឿង « ធ្មប់ » គឺរឿង « ទារុណកម្មខ្មោច » ដែលជាប្រភេទរឿងភ័យរន្ធត់ លួសព្រលឹង ព្រឺព្រួច អន្ទងវិញ្ញាណ ដែលធ្វើឱ្យអ្នកទស្សនានៅក្នុងរោងកុន តក់ស្លុតស្ទើតែដង្ហក់ដង្ហើមតាមសាច់រឿង។

    ពីអ្នកដឹកនាំរឿង ខ្មោចដើមចេកជ្វា និង ធ្មប់ គឺលោក ហ៊ុយ យ៉ាឡេង បានប្រាប់អ្នកគាំទ្រស្នាដៃរបស់លោកទាំងអស់ថា រឿង « ទារុណកម្មខ្មោច » គ្រោងនឹងដាក់បង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះហើយ។ លោករំពឹងទុកយ៉ាងខ្លាំងថា ប្រភេទខ្មោចមួយនេះ នឹងជោគជ័យខ្លាំង ព្រោះថា ភាពយន្តមួយនេះ លោកបានលះបង់សាច់និងឈាម ដាក់កាយក្នុងការផលិតដើម្បីឱ្យកុនខ្មែរ កាន់តែមានវឌ្ឍនភាពទៅកាន់សាកលលោក។ លោកបានទទូចឱ្យប្រិយមិត្តអ្នកគាំទ្រ កុំភ្លេចរង់ចាំ និងទៅទស្សនាភាពយន្ដដ៏ល្អមួយនេះ។

    គួរបញ្ជាក់ផងដែរថា គ្រាន់តែដាក់បង្ហាញ Poster រឿងថ្មីមួយនេះមិនបានប៉ុន្មាននាទីផង សង្កេតឃើញថា មានអ្នកគាំទ្រជាច្រើនបានចូលទៅ Comment សួរនាំលោកពីថ្ងៃបញ្ចាំងយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង។ ដើម្បីឱ្យកាន់តែជាក់ច្បាស់​ សូមទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖

  • រឿង “ធ្មប់” ល្អមើលដល់ថ្នាក់មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី

    រឿង “ធ្មប់” ល្អមើលដល់ថ្នាក់មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី29 ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការដាក់បញ្ចាំងជាផ្លូវការមិនទាន់បានប៉ុន្មានថ្ងៃផង កំពូលខ្សែភាពយន្ដខ្នាតធំរឿង “ធ្មប់” ស្រាប់តែទទួលបានទស្សនិកជនអ្នកគាំទ្រយ៉ាងច្រើនកុះករចូលទៅទស្សនាពេញៗគ្រប់រោងភាពយន្តតែម្ដង និងថែមទាំងគួរឱ្យកត់សម្គាល់ផងដែរថា ទស្សនិកជនដែលបានទស្សនារឿងបុរាណនាសម័យលង្វែកមួយនេះរួចហើយ សុទ្ធតែបានពោលពាក្យសរសើរមិនដាច់ពីមាត់ឡើយថា អត្ថន័យទាំងមូលនៃសាច់រឿង គឺមានការអប់រំ លាយឡំជាមួយភាពភ័យរន្ធត់ មន្ដអាគមអាបធ្មប់ និងកាន់តែពិសេសទៅទៀតនោះគឺ ការអប់រំសង្គមគ្រួសារឱ្យចេះស្រឡាញ់គ្នា ចេះសហការគា្ន និងចេះជួយយកអាសាគ្នាតែម្ដង។

    បើតាមរូបភាពជាច្រើនសន្លឹកដែលបានអណ្ដែតពាសពេញនៅលើបណ្ដាញទំនាក់ទំនងសង្គមខាងលើនេះ គេសង្កេតឃើញថា ភាពយន្ដខ្មែរមួយនេះ មានភាពល្អឯកជាងកាលពីជំនាន់រឿង “វិកលចរិត” ដែលអ្នកដឹកនាំរឿងធ្លាប់បានត្អូញត្អែរ​ដោយសឹងតែបាក់ទឹកចិត្តទៅហើយថា កាលនោះលោកធ្លាក់ខ្លួនរហូតដល់ថ្នាក់សល់តែកង់មួយគ្រឿងជិះ ដោយសារតែគ្មានអ្នកទស្សនារឿង “វិកលចរិត” នោះទៀតផង តែដោយឡែករឿង “ធ្មប់” នេះវិញ បានបង្ហាញពីសកម្មភាពបំបែកឯកទគ្គកម្មទីផ្សារភាពយន្ដខ្មែរពិតប្រាកដមែន ពោលគឺទទួលបានអ្នកគាំទ្រចូលទៅទស្សនាពេញៗរោងតែម្ដង។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

  • អស់ស្ទះ!!!  រឿង “ធ្មប់” គ្រាន់តែដាក់សម្ពោធភ្លាម អន្ទងវិញ្ញាណអ្នកទស្សនាពេញរោងកុន

    អស់ស្ទះ!!!  រឿង “ធ្មប់” គ្រាន់តែដាក់សម្ពោធភ្លាម អន្ទងវិញ្ញាណអ្នកទស្សនាពេញរោងកុន

    កាលពីថ្ងៃទី22 ខែមករា ឆ្នាំ2018 ម្សិលមិញ នៅក្នុងបរិវេណផ្សារទំនើបអ៊ីអនម៉ល នារោងភាពយន្ដ Major Cineplexបានរៀបចំកម្មវិធីដាក់សម្ពោធរឿង “ធ្មប់” ដែលជាវណ្ណកម្មថ្មីមួយទៀតរបស់ផលិតកម្មមាតុចក្រ ដែលបានប្រារព្ធធ្វើឡើងយ៉ាងភ្ញាក់ផ្អើលអស់ទាំងតារាសិល្ប: និងគ្រប់ស្រទាប់មហាជននៅពេលប្រកាសថ្ងៃចាក់បញ្ចាំង និងសម្ពោធជាផ្លូវការនេះ ដោយមានទស្សនិកជនចូលរួមយ៉ាងភ្លូកទឹកភ្លូកដីពេញវេទិកាសម្ពោធ។ ក្នុងពិធីនោះផលិតករ និងតួសម្ដែង មិនត្រឹមតែបង្ហាញឲ្យអ្នកជំនាន់ក្រោយបានស្គាល់ពីអរិយធម៌ក្នុងសម័យលង្វែកប៉ុណ្ណោះទេ តែនៅមានសិល្ប:បុរាណ 2ទៀត គឺល្ខោនស្បែកធំ និងសៀកខ្មែរបុរាណផងដែរ។

    លោក ហ៊ុយ យ៉ាឡេង ផលិតករខ្សែភាពយន្តរឿង «ធ្មប់» បានអះអាងថា ភាពយន្តមួយនេះបានរំលេចឡើងទាំងស្រុងពីអរិយធម៌ក្នុងសម័យលង្វែកទាំងការស្លៀកពាក់ ទំនៀមទម្លាប់ និងម៉ូដសក់ ដោយលោកច្រានចោលចំពោះការលើកឡើងថាភាពយន្តមួយនេះ បានចម្លងការស្លៀកពាក់ និងតុបតែងកាយតាមបែបថៃ។ មុនឈានដល់ការផលិត លោកមានប្រសាសន៍ថា លោកបានធ្វើការសិក្សាច្បាស់លាស់ណាស់ និងមានការឆ្លងយោបល់ពីនាយកដ្ឋានភាពយន្តទៀតផង ទើបលោកបញ្ជាក់ថា ទាំងការដេគ័រ និងការឆ្លុះបញ្ចាំងក្នុងសាច់រឿង គឺសុទ្ធតែរបៀបខ្មែរទាំងអស់។

    គួរបញ្ជាក់ផងដែរថា ផលិតកររូបនេះបានបន្ដថា មានការឆ្លុះបញ្ចាំងពីសិល្ប:ល្ខោនស្បែកធំ និងសៀកខ្មែរក្នុងសម័យបុរាណ ទើបលោកបានបង្ហាញសិល្ប:មួយនេះឡើងក្នុងពិធីសម្ពោធមុនកាត់ខ្សែបូ ដើម្បីឲ្យអ្នកគាំទ្របានដឹងថា ភាពយន្តរឿង «ធ្មប់» នេះ ក្រៅពីបង្ហាញពីជំនឿអាបធ្មប់ក្នុងសម័យបុរាណដែលបង្កប់ដោយឈុតឆាកញាប់ញ័រភ័យរន្ធត់ហើយ ក៏មិនភ្លេចឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ក្នុងសម័យលង្វែករបស់ខ្មែរយើងផងដែរ។ ភាពយន្តនេះត្រូវបានប្រកាសថា នឹងលក់សំបុត្រជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី២៥ មករា តទៅ ដោយរំពឹងថានឹងបានទទួលជោគជ័យ។

    សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង “ធ្មប់” នឹងត្រូវចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី២៥ ខែមករាខាងមុខនេះ នៅគ្រប់រោងភាពយន្តទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

  • លាង​ សុផាឡែន ធ្វើឱ្យទស្សនិកជនអត់ទ្រាំចាំទស្សនារឿង “ធ្មប់” សឹងតែមិនបាន

    លាង​ សុផាឡែន ធ្វើឱ្យទស្សនិកជនអត់ទ្រាំចាំទស្សនារឿង “ធ្មប់” សឹងតែមិនបាន

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក មាតុចក្រ ដែលបានបញ្ចេញបទចម្រៀង “ធ្មប់-Ost Song The Witch 2018” នាអំឡុងពេលថ្មីៗនេះ គេសង្កេតឃើញថា សម្ទុះនៃការគាំទ្រ និងភាពអន្ទះសាចង់ទស្សនាខ្សែភាពយន្តខ្នាតធំប្រចាំឆ្នាំ 2018 មួយនេះកាន់តែកើនឡើង។ ដោយឡែកបទចម្រៀង “ធ្មប់” ដែលបានបកស្រាយដោយតារាចម្រៀងស្រី លាង​ សុផាឡែន ក្រោមស្នាដៃនិពន្ធរបស់លោក ស្វាយ លីម៉េង នាខណៈម៉ោងនេះ ពេលនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកចូលទស្សនាបានរហូតទៅដល់ជាង 5 ម៉ឺនដងហើយ។

    សូមជម្រាបបន្ថែមថា កញ្ញា លាង​ សុផាឡែន មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងមិនសូវមានបទចម្រៀង ឬចេញបទថ្មីនៅក្នុងផលិតកម្ម Pleng Record នោះទេ ជាហេតុធ្វើឱ្យមជ្ឈដ្ឋានមហាជនអ្នកគាំទ្ររូបនាងទន្ទឹងរង់ចាំនូវបទចម្រៀងរបស់នាងអស់រយៈពេលជាយូរមកហើយ។ ស្របពេលដែលតារាស្រីរូបនេះបានចេញបទចម្រៀងនៅក្នុងខ្សែភាពយន្តខ្នាតធំរឿង “ធ្មប់” នេះមក ក៏បានបង្កជាភាពភ្ញាក់ផ្អើលដល់ទស្សនិកជន និងលាន់មាត់សរសើរថា នាងមានបច្ចេកទេសការប្រើប្រាស់សំឡេងច្រៀងបានយ៉ាងប្រសើរបំផុត ព្រោះថា បទនេះភាគច្រើនត្រូវប្រើសំឡេងច្រៀងច្រើនតុង និងច្រើនទំនុក។

     

    គួរបញ្ជាក់ផងដែរថា បទចម្រៀង “ធ្មប់-Ost Song The Witch 2018” មានអត្ថន័យជ្រាលជ្រៅ ប្រសិនបើប្រិយមិត្តទស្សនិកជនបានទស្សនាឱ្យដល់ទីបញ្ចប់នោះ នឹងបានដឹងពីអត្ថន័យខ្លឹមសារ និងការបកស្រាយនៅនាទីចុងក្រោយ គឺនាទី​ទី 3.44 វិនាទីចុងក្រោយនៃចម្រៀងនោះតែម្ដង។​​ គួររំឭកផងដែរថា ខ្សែភាពយន្ដខ្នាតធំប្រចាំឆ្នាំ 2018 រឿង “ធ្មប់” នេះនឹងធ្វើការដាក់បញ្ចាំងចាប់ពីថ្ងៃទី 25 ខែមករា ឆ្នាំ2018 ខាងមុខនេះតទៅហើយ ក្រោមស្នាដៃដឹកនាំរឿងរបស់អ្នកដឹកនាំរឿងល្បីគឺរឿង “ខ្មោចដើមចេកជ្វា” និងរឿង “វិកលចរិត”។

    សូមរីករាយកម្សាន្ដស្ដាប់បទ ” ធ្មប់ ” បកស្រាយដោយកញ្ញា លាង​ សុផាឡែន ខាងក្រោមនេះ៖

  • Trailer រឿង” ធ្មប់ ” កំពុងអង្រួនដួងចិត្តទស្សនិកជនឱ្យលស់ព្រលឹង

    Trailer រឿង” ធ្មប់ ” កំពុងអង្រួនដួងចិត្តទស្សនិកជនឱ្យលស់ព្រលឹង

    ភាព​យន្ត​ខ្នាត​ធំ​ ប្រភេទរឿងបែបបុរាណខ្មែរដែលបានបង្ហាញអំពីមន្ដអាគម អូមអាម ព្រាយអាបធ្មប់​ ដែលមានការចូលរួមសម្ដែងដោយពិធី​ការិនីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ​ កញ្ញាហ៊ិន ចាន់នីរ័ត្ន និងដឹកនាំការសម្ដែងពីលោក ហ៊ុយ យ៉ាឡេង ​គឺរឿង ធ្មប់ បាន​ចេញ​ Trailer រឿងពេញជាផ្លូវការហើយ​។

    ​ផ្ទៃរឿងទាំងមូលបានស្ដែងឱ្យឃើញពី​ជីវភាព​ និង​ការ​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​ក្នុង​សម័យ​​លង្វែក ជាពិសេសេគឺជំនឿរបស់ខ្មែរយើងនាសម័យកាលនោះ ដែលពួកគេជឿទៅលើមន្ដអាគមគាថា  វិញ្ញាណអាបធ្មប់លាយឡំជាមួយអាថ័នខ្មែរបុរាណ ដែលធ្វើឱ្យផ្ទៃរឿងទាំងមូលមានភាព​ភ័យ​រន្ធត់​ និងលស់ព្រលឹង​។

    ជាមួយគ្នានោះដែរ រឿង ​”ធ្មប់​” ត្រៀម​នឹង​​ដាក់​បញ្ចាំង​នៅ​តាមរោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​​​នៅ​ថ្ងៃទី25 ខែ​មករា ឆ្នាំ2018នេះ​ ហើយទិដ្ឋភាព​​ក្នុង​រឿង​នេះ​ គឺត្រូវបានចំណាយរយៈពេល​ថតអស់ជាងមួយខែ​នៅទឹកដីខេត្ត​កំពង់ធំ​​ទាំង​អស់។  គួររំឭកផងដែរថា លោក យ៉ាឡេង ធ្លាប់បានប្រាប់សារព័ត៌មានឡារ៉ែនកន្លងទៅថា រឿង “ធ្មប់” គឺនិពន្ធដោយរូបលោកផ្ទាល់ជាមួយលោក ស្វាយ លីម៉េង ហើយមានតួអង្គសំខាន់ៗ ដូចជា កញ្ញា ហ៊ិន ចាន់នីរ័ត្ន សម្ដែងជាតួនាង លក្ខ ប្រពន្ធសេដ្ឋី លោក លឹម រដ្ឋា សម្ដែងជាតួអង្គ ទេពពង្ស និងរូបលោកផ្ទាល់សម្ដែងជា រាជ (សេដ្ឋី)។ គួរបញ្ជាក់ផងដែរថា រឿង “ធ្មប់” នេះបានចំណាយទុនអស់ច្រើនជាង 5 ម៉ឺនដុល្លារហើយ ដោយបានសហការជាមួយផលិតករក្នុងស្រុក និងវិនិយោគិនដែលស្រឡាញ់ការផលិតភាពយន្ដដែលបានចូលរួមជាដៃគូផលិតផងដែរ៕

    ទស្សនា​ Trailer រឿង​ “ធ្មប់​” មុន​ថ្ងៃ​ដាក់​បញ្ចាំង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

     

  • រឿង “ធ្មប់” ប្រកាសថ្ងៃដាក់បញ្ជាំងជាផ្លូវការហើយ

    រឿង “ធ្មប់” ប្រកាសថ្ងៃដាក់បញ្ជាំងជាផ្លូវការហើយ

    បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ផលិតកម្ម មាតុចក្រ នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 នេះ​ បានបញ្ចេញនូវរូបភាពមួយចំនួន និងបង្ហាញជូនអំពីសកម្មភាពក្រៅឆាកនៃការផលិតខ្សែភាពយន្ដធំលំដាប់ស្ដង់ដាអន្ដរជាតិ ដែលកាន់តែធ្វើឱ្យទស្សនិកជនអត់ទ្រាំពុំបាន បើមិនបានទស្សនាភាពយន្ដល្បីមួយនេះ។

    ជាមួយគ្នានេះដែល លោកហ៊ុយ យ៉ាឡេង បានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា « ថ្ងៃ១៣កើត ខែមិគសិរ ឆ្នាំរកា ជាដើមខែធ្នូ! ធ្មប់ចេញរូបភាពផ្លូវការ Official Poster និងសកម្មភាពក្រៅឆាកដំបូង B-Roll និងចាក់បញ្ចាំងនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា ខាងមុខនេះ! »។ គួរបញ្ជាក់ផងដែរថា រឿង ” ធ្មប់ ” នឹងដាក់បញ្ជាំងនៅថ្ងៃទី 25 ខែ មករា ឆ្នាំ2018 នេះ គ្រប់រោងកុននៅក្នុងប្រទេសកម្ពុជា ហើយរឿងនេះទៀតសោទ ក៏បានត្រៀមខ្លួនទៅបង្អួតសម្រស់របស់ខ្លួន នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។

    សូមរំឭកផងដែរថា ប្រភេទរឿងមន្ដអាគមអូមអាម ធ្មប់ព្រាយបីសាច ដ៏សែនភ័យខ្លាចញាប់ញ័ររន្ធត់មួយនេះ ត្រូវបានចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដួង ជាពិសេសរួមមាន កញ្ញា ហ៊ិន ច៍ន្ទនីរ័ត្ន និងលោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំរឿងល្បី ” វិកលចរឹត ” ផងដែរ ៕

    សូមទស្សនាសកម្មភាពក្រៅឆាកខាងក្រោមនេះ៖