Tag: ទេព រិន្ទដារ៉ូ

  • សើចចុកពោះ !! លោក ទេព រិន្ទដារ៉ូ បញ្ចេញទេពកោសល្យថ្មី…

    សើចចុកពោះ !! លោក ទេព រិន្ទដារ៉ូ បញ្ចេញទេពកោសល្យថ្មី…

    នៅរាត្រីថ្ងៃម្សិលមិញនេះ ផលិតកម្ម LD បានដាក់សម្ពោធខ្សែភាពយន្ដខ្នាតធំដ៏ថ្មីសន្លាងមួយទៀតដែលជាវណ្ណកម្មទី4 មានចំណងជើងថា «វិញ្ញាណទីងមោង» ដែលមានលោក ទេព រិន្ទដារ៉ូ ចូលរួមសម្ដែងជាតួអង្គកំប្លុកកំប្លែង និងជាអាចារ្យស្ទាវយ៉ាងប្លែកភ្នែកក្នុងខ្សែភាពយន្តនេះទៀតផង។

    នាយ គ្រឿន ដែលជាផលិតកររបស់ផលិតកម្ម LD និងជាអ្នកដឹកនាំរឿងផងនោះ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មួយរឿងនេះមានរសជាតិច្រើន ដែលអ្នកទស្សនាច្បាស់ជាលាន់មាត់សរសើរតាំងពីដើមដល់ចប់មិនខាន ខណៈដែលវត្តមានតួឯករបស់លោក ទេព រិន្ទដារ៉ូ គឺជាទីផ្សារដែលត្រូវបានរំពឹងខ្លាំង។ លោកបន្ដថា ក្នុងរឿង«វិញ្ញាណទីងមោង» នេះគឺជាស្នាដៃដែលលោកនិពន្ធដោយផ្ទាល់ សាច់រឿងប្លែក និងប្រទាក់ក្រឡាគ្នា សូម្បីតែប្លង់ និងបច្ចេកទេសថតក៏មានទម្រង់បែបប្រកួតប្រជែងដែរ។

    លោក ទេព រិន្ទដារ៉ូ ដែលបានសម្ដែងជាតួឯកនៅក្នុងខ្សែភាពយន្តនេះ ក៏បាននិយាយផងដែរថា «ខ្ញុំគ្រាន់តែបាន​អានសាច់​រឿង​ហ្នឹង​​ភ្លាម ​សើច​ភ្លែត​តែម្ដង គាត់ចេះ​រកនឹក​ពាក្យ​កំប្លែង​ស្ងួតៗ​ធ្វើឱ្យ​យើង​តួអង្គ​សម្ដែង​សើច​រហូត។ ខ្ញុំគិត​ថារឿង​នេះ​បងប្អូន​នឹង​សើច​ដូចខ្ញុំអ៊ី​ចឹង ពិតជា​មិន​ខក​បំណង​ទេ»។ តារាជើងចាស់វ័យ 50ឆ្នាំរូបនេះ បានទទូចឱ្យអ្នកចូលចិត្តទស្សនាភាពយន្តតាមរោងកុនជួយគាំទ្រខ្សែភាពយន្តរឿង«វិញ្ញាណទីងមោង»នេះផង ដើម្បីកុំឱ្យវិស័យភាពយន្តក្នុងស្រុកបន្តធ្លាក់ចុះ។ លោកថា លោកបានដឹងឮច្រើនពីការធ្លាក់ចុះរបស់វិស័យភាពយន្តខ្មែរ ដោយសារតែភាពយន្តបរទេសវាយលុកខ្លាំងពេក។

    ខ្សែភាពយន្តដែលប្រកាសដាក់បញ្ចាំងគ្រប់រោងបន្ទាប់ពីថ្ងៃសម្ពោធនេះបានអះអាងថា បានប្រើទុនអស់ច្រើនម៉ឺនដុល្លារ បើទោះជាមិនទាន់ដឹងថានឹងមានទំហំជោគជ័យក្នុងកម្រិតណាមួយនៅឡើយក្ដី ក៏ប៉ុន្ដែនាយគ្រឿននៅតែរំពឹងថា នឹងកើបចំណូលបានច្រើនដូចរឿងមុនៗដែរ ព្រោះថា នៅមានទំនុកចិត្តពីអ្នកគាំទ្រ និងពីសំណាក់កំពូលតារាសម្ដែងលោក ទេព រិន្ទដារ៉ូ ជារៀមច្បងដែលមានឈ្មោះល្បីល្បាញ។ លោកបន្ថែមថា អ្នកគាំទ្រភាគច្រើននៅតែរង់ចាំគាំទ្រស្នាដៃរបស់លោក ប្រសិនបើភាពយន្តនោះមានគុណភាព និងសាច់រឿងល្អ ខណៈដែលលោកបានសរសើរពីការផលិតរបស់ផលិតកម្មLD ទាំងប្លង់ បច្ចេកទេសថត និងសាច់រឿង ដែលលោកបញ្ជាក់ថា អាចរំពឹងបាន៕

     

    https://youtu.be/_A8Ss_aoYBo

  • ទេព រិន្ទដារ៉ូ ប្រាប់ពីអាថ៌កំបាំងពេលសម្តែងរឿង «ពស់កេងកង»

    ទេព រិន្ទដារ៉ូ ប្រាប់ពីអាថ៌កំបាំងពេលសម្តែងរឿង «ពស់កេងកង»

    កាលពីឆ្នាំ 2000 តារាឯកប្រុស ទេព រិន្ទដារ៉ូធ្លាប់បានសម្ដែងក្នុងរឿង «កូនពស់កេងកង» ដែលជាស្នាដៃដឹកនាំដោយលោក ហ្វៃ សំអាងម្តងហើយ ដែលនៅគ្រានោះ លោក ដារ៉ូ ក៏បានសម្ដែងជាតួអង្គសត្វពស់កេងកងដូចគ្នានឹងវណ្ណកម្មថ្មីរបស់ស្ថានីយទូរទស្សន៍ PNN ដែលទើបសម្ពោធកាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2017 នៅក្នុងបន្ទប់សិក្ខាសាលានៃសណ្ឋាគារភ្នំពេញនេះដែរ ។

    តែ អ្វីដែលប្រិយមិត្តមិនអាចស្មានដឹងនោះគឺ ការសម្ដែងជាតួអង្គពស់នៅក្នុងរឿង «ពស់កេងកង» នេះ លោក ទេព រិន្ទដារ៉ូ សម្ដែងបានយ៉ាងល្អឥតខ្ចោះ ទាំងការលេងទឹកមុខ កាយវិការ ធ្វើដូចជាបុរសម្នាក់មិនចេះខ្លាចសត្វពស់សោះអ៊ីចឹង តែនៅក្រៅឆាកសម្ដែងវិញទើបគេដឹងថា លោកជាបុរសម្នាក់ដែលមហាសែនខ្លាចសត្វពស់ មិនថាកូនពស់ មេពស់ ឬឪពស់នោះទេ គ្រាន់បានឃើញភ្លាមលោកខ្លាចឡើងញ័រដៃញ័រជើងខ្លាំងជាងខ្លាចខ្មោចលងទៅទៀត។ លោកបានប្រាប់ថា នៅពេលដែលលោកចូលសម្ដែង គឺត្រូវយកសត្វពស់ទៅទុកឱ្យឆ្ងាយពីលោក កាន់តែឆ្ងាយកាន់តែល្អ ។

    លោក ទេព រិន្ទដារ៉ូ បានថ្លែងថា «ពេលខ្ញុំដល់វេនសម្តែង ត្រូវយកតួពស់ចេញ ទើបខ្ញុំហ៊ានចូលសម្ដែង ឱ្យតែពស់គឺខ្លាចតែម្តង លើកលែងតែពោះមនុស្សប៉ុណ្ណោះដែលមិនខ្លាច»។ ក្នុងរឿងពស់កេងកង របស់ស្ថានីយ៍ទូរទស្សន៍ PNN នេះគឺលោកត្រូវសម្ដែងជាដៃគូជាមួយកញ្ញា ដួង ម៉ានិច ដែលសម្ដែងជាតួអង្គនាងនី ដែលខុសកាលពីរឿងមុន លោកធ្លាប់សម្ដែងជាមួយអ្នកនាង អម្ពរ ទេវី និងនៅក្នុងរឿងថ្មីនេះផងដែរ ថែមទាំងមានឈុតស្នេហារោលរាលស៊ីជម្រៅរវាងមនុស្ស និងសត្វពស់ និងមានឆាកមនុស្សជាមួយពស់ប្រែកាឡាចុះឡើង ទាំងឈុតនៅក្នុងទឹក ទាំងឈុតនៅលើគ្រែ ធានាថាមិនអាចឱ្យទស្សនិកជនប៉ប្រិចភ្នែកបានឡើយ ។

    ជាចុងក្រោយលោកបានផ្ដាំផ្ញើស្នាដៃសម្ដែងក្នុងរឿងនេះជូនដល់ប្រិយមិត្តទស្សនិកជនដែលនិយមគាំទ្ររឿងភាគក្នុងទូរទស្សន៍ PNN ឱ្យជួយបន្ដគាំទ្ររឿងភាគថ្មីមួយនេះរបស់លោកផង និងរឿងថ្មីមួយទៀតដែលលោកបានចូលរួមសម្ដែងផងដែរនោះគឺ ខ្សែភាពយន្ដខ្នាតធំរឿង «ហ្លួងព្រះស្ដេចកន» ក្រោមស្នាដៃដឹកនាំរឿងរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលនឹង បញ្ជាំងនៅតាមរោងភាពយន្តនានាក្នុងប្រទេសកម្ពុជា នាពេលខាងមុខនេះ៕