Tag: ទឹកគ្រឿង

  • ទឹកគ្រឿង​អន្លក់ស្រស់​បែប​ស្រុកស្រែ

    ទឹកគ្រឿង​អន្លក់ស្រស់​បែប​ស្រុកស្រែ

    ស្ទើរតែ​គ្រប់​លេខ​នៃ​ការចេញផ្សាយ​សម្រាប់​ទំព័​រ​មុខម្ហូប​ប្រចាំខែ លោកអ្នក​ធ្លាប់តែ​បាន​ស្វែងយល់​ពី​របៀប​នៃ​ការ​ចម្អិនម្ហូប​បែប​អឺរ៉ុប បែប​ថៃឬ​ចិន​ជាដើម។ ដោយឡែក​សម្រាប់​ខែ​នេះ ឡា​រ៉ែ​ន សូម​ណែនាំ​ប្រិយមិត្ត​អ្នកអាន​នូវ​មុខម្ហូប​បែប​ខ្មែរ ដែល​ទទួលបាន​ការពេញនិយម​ជាខ្លាំងស្ទើរ​គ្រប់​ក្រុមគ្រួសារ នោះ​គឺ ទឹកគ្រឿង​អន្លក់ស្រស់ ដ្បិត​មុខម្ហូប​មួយ​នេះ មាន​ភាពងាយស្រួល​ក្នុង​ការចម្អិន ប៉ុន្តែ​មាន​រសជាតិ​ឆ្ងាញ់ ជាមួយនឹង​បន្លែស្រស់ៗ​ច្រើន​ប្រភេទ​ធ្វើជា​អន្លក់​បន្ថែម​ភាព​ទាក់ទាញ។

    + គ្រឿងផ្សំ

    – ត្រី​ផ្ទក់
    – ប្រហុក
    – សណ្ដែកដី​លីង
    – ទឹកក្រូច​ឆ្មារ
    – ខ្ទឹមស
    – ខ្ទឹមក្រហម
    – ម្ទេស
    – ទឹកត្រី
    – គ្រឿងផ្សំ​រសជាតិ
    – បន្លែស្រស់​គ្រប់មុខ

    + វិធី​ចម្អិន

    យក​ត្រី​ផ្ទក់​ទៅ​ចម្អិន​ដោយ​ការ​ចំ​ហ៊ុយ ហើយ​បេះយក​សាច់ រួច​ទុក​មួយអន្លើ។ យក​គ្រឿងផ្សំ​ដូចជា​ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ទឹកត្រី និង​គ្រឿងផ្សំរសជាតិ បុក​លាយ​បញ្ចូល​គ្នា ដោយ​យក​សាច់​ត្រី​ដែល​បាន​បេះ​រួច​ជ្រុំ​លាយ​ឱ្យចូល​សាច់​តែមួយ។ យក​ប្រហុក​ជ្រុំ​ទឹក​ក្ដៅ​ដាំ​ពុះ ច្រោះ​យក​ទឹក​សម្រាប់​លាយ​យកក្លិន។ ជា​ចុងក្រោយ​យក​សាច់​ត្រី​ដែល​បាន​ច្របល់​ជាមួយ​គ្រឿង ជ្រុំ​លាយ​ជាមួយ​ទឹកប្រហុក ដោយ​បន្ថែម​ទឹកក្រូច​ឆ្មារ សណ្ដែកដី​លីង ហើយ​បើ​ចាកទឹក​ក្ដៅដាំ​ពុះ​ចូល​បន្តិច ល្មម​ទឹក ល្មម​គោក ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត​ជាការ​ស្រេច។ ដោយឡែក​សម្រាប់​បន្លែ ឬ​អន្លក់ស្រស់ លោកអ្នក​អាចមាន​ជម្រើស​ទៅតាម​ចិត្តដែល​ចង់​ទទួលទាន ហើយ​បាន​ផ្កា​ស្តៅ ឬ​ត្រួយ​ស្តៅ​កាន់​តែមាន​រសជាតិ​ទ្វេដង៕