Tag: ទីផ្សារ

  • BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។

    ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​

    BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕

  • ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។

    នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។

    នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។

    យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង បាន​នាំ​ឱ្យ​មាន​រលក​នៃ​ការ​លក់ចោល​​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​នេះ​៕

  • ថៃ​ រៀប​គម្រោង​ផ្ដល់​ទិដ្ឋាការ​ពិសេស​រយៈ​ពេល 90 ថ្ងៃ​ ដល់​​អ្នក​ចង់​រៀន​ក្បាច់​គុន

    ថៃ​ រៀប​គម្រោង​ផ្ដល់​ទិដ្ឋាការ​ពិសេស​រយៈ​ពេល 90 ថ្ងៃ​ ដល់​​អ្នក​ចង់​រៀន​ក្បាច់​គុន

    រាជ​រដ្ឋាភិបាល​ថៃ មាន​ផែនការ​ផ្ដល់​ទិដ្ឋាការ​ពិសេស​ 90 ថ្ងៃ ដល់​ភ្ញៀវ​បរទេស​ដែល​ចង់​រៀន​ក្បាច់​គុន​បុរាណ​មួយ​ថៃ (Muay Thai) នៅ​ប្រទេស​នេះ​។

    ក្នុង​សារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) កាល​ពី​ថ្ងៃទី 14 មករា 2024 នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​ត្រៀម​ខ្លួន​រួច​ហើយ​នៅ​ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​ 90 ថ្ងៃ​ជា​ពិសេស​ ជំនួស​ឱ្យ​ស្ដង់ដា 60 ថ្ងៃ​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​បំណង​រៀនក្បាច់​​គុន​ថៃ​។

    នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​លើក​ឡើងថា ​ទិដ្ឋាការ​ពិសេស​នេះ​ក៏​​នឹង​ផ្ដល់​ជូន​ពលរដ្ឋ​បរទេស​ដែល​ចង់មក​​រៀន​របាំ​បុរាណ តន្ត្រី ឬ​រៀន​ធ្វើ​ម្ហូប​​ថៃ​ ​ជា​វិស័យ​ដែល​​ត្រូវ​បាន​រៀប​រាប់​នៅ​ក្នុង​ចំណោម​ 5F នៃ​ «អំណាចទន់» របស់​ប្រទេស​ថៃ​ ដែល​រួម​មាន អាហារ (Food), ភាព​យន្ត​ (Film), ម៉ូដែល (Fashion), ក្បាច់​គុន (Fight) និង​ពិធីបុណ្យ​ (Festival)​។

    យោង​តាម​ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ តម្លៃ​ទីផ្សារ​របស់​ទេសចរណ៍​ថៃ​ដែល​ទាក់​ទង​នឹង​កីឡា​របស់​ប្រទេស​នេះ​នៅ​ក្នុង​ឆ្នាំ 2018 គឺ​ប្រមាណ​ 120 ពាន់​លាន​បាត (3.4 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ហើយ​កំពុង​កើន​ឡើង​ជា​មធ្យម 5% ជា​រៀង​រាល់​ឆ្នាំ​៕

  • ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    GWM បាន​អភិវឌ្ឍ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ និង​មាន​ផែនការ​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី​ដែលផលិត​នៅ​ក្នុង​ប្រទេស​នេះ​ ចាប់​ពី​ខែ​នេះ​តទៅ​។

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ Great Wall Motor (GWM) កំពុង​ពង្រីក​សកម្មភាព​ជំនួញផ្នែក​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ការ​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​។ រោង​ចក្រ​ Rayong របស់​ GWM នៅ​ប្រទេស​ថៃ នឹង​ផលិត​រថយន្ត​អគ្គិសនី Ora Good Cat EV 8,000 គ្រឿង​ ដើម្បី​ចូល​រួម​ទទួល​ផល​ប្រយោជន៍​ពី​កញ្ចប់​ជំរុញ​ EV ដំណាក់​កាល​ទីពីរ​របស់​រាជរដ្ឋាភិបាល​ថៃ​។

    តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ នឹង​ទាប​ជាង​ 100,000 បាត បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ដែល​នេះ​នឹង​នាំ​មក​នូវ​​អត្ថប្រយោជន៍​ដល់​ការ​ប្រកួត​ប្រជែង​សម្រាប់​ GWM នៅ​លើ​ទីផ្សារ​។

    បណ្ដាញ​ផលិត​រថយន្ត​អគ្គិសនី GWM Ora Good Cat ថ្មី​នេះ ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃទី 12 មករា 2024 នៅ​ឯ​រោង​ចក្រ​ GWM ក្នុង​តំបន់​សេដ្ឋកិច្ច​ Eastern Seaboard នៅ​ខេត្ត​ Rayong

    GWM បាន​វិនិយោគ​ 22 ពាន់​លាន​បាត​ទៅ​ក្នុង​ទីតាំង​ផលិត​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​។ ក្រុម​ហ៊ុន​នេះ​បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 80,000 គ្រឿង​ក្នុង​មួយ​ឆ្នាំ បូក​រួម​ទាំង​ Ora Good Cat ផងដែរ​។

    រាជរដ្ឋាភិបាល​ថៃ បាន​កំណត់​គោលដៅ​ជំរុញ​ទីផ្សារ​រថយន្ត​អគ្គិសនី​ឱ្យ​សម្រេច​បាន​ 30% នៃ​វិស័យ​ផលិត​រថយន្ត​ក្នុង​ស្រុក​នៅ​ឆ្នាំ 2030​។ គោលនយោបាយ​ដែល​គាំទ្រ​ដល់​គោលដៅ​នេះ​ កំពុង​តែ​ទាក់​ទាញ​ក្រុម​អ្នក​ផលិត​រថយន្ត​ចិន ក្នុង​នោះ ក្រៅ​ពី GWM នេះ ក៏​​នៅ​មាន​ SAIC Motor និង​ BYD ជា​ដើមផងដែរ​​៕

  • Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

    Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

    ជា​លើក​ដំបូង​រាប់​ពី​ឆ្នាំ 2021 តម្លៃ​មូលធន​ទីផ្សារ​របស់​ Microsoft បាន​លោត​ឡើង​ខ្ពស់​ជាង​ Apple ហើយ​ក៏​ក្លាយ​ជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក​។

    បញ្ចប់​ការ​ជួញដូរ​កាល​ពី​​ថ្ងៃទី 12 មករា ភាគហ៊ុន​ Apple បាន​កើន​ 0.2% ខណៈ​ដែល Microsoft កើន​ 1%​។ ដូច្នេះ តម្លៃ​មូលធន​ទីផ្សារ​របស់ Microsoft ក៏​ឡើង​ដល់ 2,887 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែលជា​តួលេខ​ខ្ពស់​ជាង​គេ​បង្អស់​នា​បច្ចុប្បន្ន​។ តម្លៃ​មូលធន​ទីផ្សារ​របស់ Apple បច្ចុប្បន្ន​គឺ 2,875 ពាន់​លាន​ដុល្លារ​។

    ​ការ​បារម្ភ​អំពី​តម្រូវ​ការ​ទូរស័ព្ទ​ឆ្លាត​វៃ បាន​អូស​ភាគ​ហ៊ុន​ Apple ឱ្យ​ធ្លាក់​ចុះ​ 0.6% នៅ​ក្នុង​ឆ្នាំនេះ​ បន្ទាប់​ពី​បាន​កើន​ដល់ 48% កាល​ពី​ឆ្នាំ​កន្លង​។ ចំណែក​ភាគ​ហ៊ុន​ Microsoft វិញ បាន​កើន 4% ក្រោយ​ពី​កើន 57% កាល​ពី​ឆ្នាំ​មុន​។ យោង​តាម​ Reuters អ្នក​វិនិយោគ​មាន​ការ​សប្បាយចិត្ត​ខ្លាំង​នៅ​ពេល​ Microsoft វិនិយោគ​ទៅ​លើ OpenAI ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Chat GPT​។

  • ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ កើន​ 31% ក្នុង​ឆ្នាំ 2023

    ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ កើន​ 31% ក្នុង​ឆ្នាំ 2023

    បរិមាណ​រថយន្ត​អគ្គិសនីសុទ្ធ​ និង​រថយន្ត​កូន​កាត់​អគ្គិសនី ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​សកលលោក​​​ក្នុង​ឆ្នាំ​កន្លង សម្រេច​បាន​​ជាង 13.6 លាន​គ្រឿង​ កើន​ 31% បើ​ធៀប​នឹង​ឆ្នាំ 2022​។ នេះ​បើ​តាម​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Rho Motion។

    ក្នុង​ចំណោម​នោះ រថយន្ត​អគ្គិសនី​សុទ្ធមាន​ប្រមាណ 9.5 លាន​គ្រឿង និង​រថយន្ត​កូន​កាត់​អគ្គិសនី​ (hybrid) មាន​ប្រមាណ 4.1 លាន​គ្រឿង​។ ក្រុម​ហ៊ុន Rho Motion ឱ្យ​ដឹង​ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ 2023 រថយន្ត​អគ្គិសនី​ត្រូវ​បាន​លក់​ដាច់​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដោយ​មានប្រមាណ​​ 1.5 លាន​គ្រឿង​ត្រូវ​បាន​ទិញ​។

    ក៏​ប៉ុន្តែ ​កំណើន​នៃ​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ 2023 មាន​ល្បឿន​​យឺត​ជាង​បើ​ធៀប​នឹង 60% របស់​ឆ្នាំ 2022​។

    ទីផ្សារ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​ព្យាករ​ថា នឹង​ជួប​ឧបសគ្គ​មួយ​ចំនួន​ ពិសេស​គឺ​តម្រូវ​ការ​អាច​ទាប​ជាង​មុន​ ដោយ​សារ​តែ​អតិថិជន​ពន្យារ​ពេល​ក្នុង​ការ​សម្រេច​ចិត្ត​ ដើម្បី​រង់​ចាំ​រថយន្ត​ម៉ូដែល​ថ្មី​ ស៊េរី​ថ្មី​ដែល​ល្អ​ជាង​ តូច​ជាង និង​ថោក​ជាង​បច្ចុប្បន្ន ដែល​អាច​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​រង្វង់​ពី​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​៕

  • រថយន្ត​ផលិត​នៅ​កម្ពុជា​ នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​នាពេល​អនាគត

    រថយន្ត​ផលិត​នៅ​កម្ពុជា​ នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​នាពេល​អនាគត

    ក្រុម​ហ៊ុន GTV MOTOR បាន​ឱ្យ​ដឹង​ថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏​ជាម៉ាករថយន្តរបស់កម្ពុជា​ផ្ទាល់ គ្រា​ដែល​ក្រុមហ៊ុននេះ​បានចាប់ផ្តើមផលិតរថយន្ត​នៅ​កម្ពុជា។

    GTV MOTOR គឺជាក្រុម​ហ៊ុន​មួយ​ដែល​បង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា តាម​រយៈ​ការ​ផលិត និង​ដំឡើង​រថយន្តនៅកម្ពុជា។ នេះ​បើ​តាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋ​វិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ លោក​បន្ថែម​ថា

    ក្រុមហ៊ុននេះ​នឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស​កម្លាំងពល​កម្មជំនាញ ដែលចេញពីការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

    ​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏​ដូច​អ្នក​ជំនាញ​ដទៃ​ យល់​ថា ការ​រួម​ចំណែក​របស់ GTV MOTOR នឹង​ធ្វើ​ឱ្យ​ទីផ្សាររថយន្តនៅកម្ពុជា មានភាពល្អប្រសើរ​ជាង​មុន​ ព្រោះ​តែ​ទីផ្សារ​មាន​ជម្រើស​បន្ថែម​។

    ​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

    យោង​តាម​អ្នកឧកញ៉ា លឹម ហេង វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​សារ​មិនត្រឹមតែផ្គត់ផ្គង់តម្រូវ​ការ​ក្នុងស្រុកប៉ុណ្ណោះទេ តែ​អ្នក​ផលិត​រថយន្ត​ក៏​អាចនាំចេញផលិត​ផល​នេះ​តាម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​​​ទាំង​ឡាយ​ដែល​កម្ពុជា​កំពុង​អនុវត្ត​ផង​ដែរ​៕

  • ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ ទំនង​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ​ 2024  

    ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ ទំនង​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ​ 2024  

    ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ថៃ នៅ​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​គេ​ជឿ​ថា នឹង​មាន​ការ​ថយ​ចុះ​ ប្រមាណ 15% ដោយ​សារ​តែ​ល្បឿន​នៃ​ការ​ដណ្ដើម​ទិញ​ស្រូវ​អង្ករ​ដើម្បី​បំពេញ​ឃ្លាំង​​នៅ​លើ​ពិភពលោក បាន​ថម​ថយ​កម្លាំង​។ នេះ​បើ​តាម​ទំព័រ Bloomberg ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    លោក Chookiat Ophaswongse ប្រធាន​កិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​អាច​នឹង​ជួប​ប្រទះ​តម្រូវ​ការ​ទាប​ជាង​មុន​ពី​អ្នក​បញ្ជា​ទិញ​អង្ករ​នៅ​ឥណ្ឌូណេស៊ី​ ដែល​ជា​ដៃគូ​ជំនួញ​ធំ​របស់​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​កន្លង​។ លោក​ Chookiat ថ្លែង​ថា ការ​ប្រែ​ប្រួល​តម្លៃ​របស់​ប្រាក់​បាតអាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ថៃ ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​របស់​ពិភពលោក​។

    យោង​តាម​តំណាង​សមាគម​នាំ​ចេញ​អង្ករ​ថៃ «ឥណ្ឌូណេស៊ី​ អាច​នឹង​កាត់​បន្ថយការ​នាំ​ចូល​អង្ករ​ ក្រោយ​ការ​បោះ​ឆ្នោត​សកល​របស់​ប្រទេស​នេះ​»​ ខណៈ​ដែលតម្លៃ​នៃ​​ប្រាក់​បាតរបស់​ប្រទេស​ថៃ ​ក៏​ប្រែ​ប្រួល ធ្វើ​ឱ្យ​តម្លៃអង្ករ​របស់ប្រទេស​នេះ​ ពិបាក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​។

    ទិន្នន័យ​បឋម​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ បាន​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ។ ក្នុង​ឆ្នាំ 2023 ថៃ​បាន​នាំ​ចេញ​អង្ករ​ប្រមាណ 8.8 លាន​តោន​ ច្រើន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ 656,000 តោន​របស់​កម្ពុជា​​​៕

  • កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។

    ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និង​អង្ករ​ដំណើប 0.20%​៕

  • បរិមាណ​អង្ករ​នាំចេញ​អ​របស់​វៀតណាម ​ខ្ពស់​មិន​ធ្លាប់​មាន​ ​ក្នុង​ឆ្នាំ 2023

    បរិមាណ​អង្ករ​នាំចេញ​អ​របស់​វៀតណាម ​ខ្ពស់​មិន​ធ្លាប់​មាន​ ​ក្នុង​ឆ្នាំ 2023

    ​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម បាន​ឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ 2023 ប្រទេស​នេះ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​បាន​ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​​។

    ក្នុង​ស្ថានភាពលំបាក​​​ដោយ​សារ​តែ​​គ្រោះ​ធម្មជាតិ​ បណ្ដាញ​ផ្គត់​ផ្គង់​ត្រូវ​ដាច់ និង​ហានិភ័យ​កើត​មាន​វិបត្តិ​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក វៀតណាម​នៅ​តែ​បន្ត​នាំ​ចេញ​អង្ករ​បាន​ច្រើន​​​មិន​ធ្លាប់​មាន​សម្រាប់​ឆ្នាំ​កន្លង​។

    យោង​តាម​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម​ ក្នុង​ឆ្នាំ 2023 បរិមាណ​អង្ករ​ដែល​ប្រទេស​នេះ​​បាន​នាំ​ចេញ​គឺ 43.4 លាន​តោន​ កើន​ 1.7% ធៀប​នឹង​ឆ្នាំ 2023​។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​អង្ករ​នេះ​ បាន​ឡើង​ដល់​កំណត់​ត្រា​ថ្មី​ គឺ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​​ 38.4% បើ​ធៀប​នឹង​ឆ្នាំ 2022​៕