Tag: ទីផ្សារ

  • រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    ការ​បាញ់បង្ហោះ​រ៉ុក្កែត​ជាលើក​ដំបូង​របស់​ Space One ដែល​ជា​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​ទទួល​បរាជ័យ​ នៅ​ពេល​រ៉ុក្កែត​ផ្ទុះ​ ខណៈទើប​​ហោះ​ឡើង​ពី​ជើង​ទ្រ​។

    កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា ក្រុម​ហ៊ុន​អវកាស​ជប៉ុន បាន​បាញ់​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​ដែល​មាន​ឈ្មោះ​ថា KAIROS លេខ​ 1 ដើម្បី​នាំ​យក​ផ្កាយ​រណប​សិប្បនិម្មិត​ទៅ​កាន់​គន្លង​គោចរ​។

    បើ​សិន​បាន​ឆ្លង​ផុត​ឧបសគ្គ​នេះ Space One នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​របស់​ជប៉ុន ដែល​បាញ់បង្ហោះ​រ៉ុក្កែត​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ដោយ​ជោគ​ជ័យ​។

    នៅ​ក្នុង​​ដំណាក់​កាល​ត្រៀម​​ ក្រុម​ការ​ងារ​មិន​បាន​រកឃើញ​បញ្ហាណា​មួយ​ឡើយ​។ រ៉ុក្កែត​ដែល​មាន​ 4 ជាន់ ​ប្រវែង 18 ម៉ែត្រ និង​ទម្ងន់ 23 តោន របស់ Space One ក៏​ហោះ​ឡើង​ត្រូវ​ទៅ​តាម​ការ​គ្រោង​ទុក​ នៅ​វេលា​ម៉ោង 11:01 (ម៉ោង​នៅ​ប្រទេស​ជប៉ុន​)។

    ក៏ប៉ុន្តែ រ៉ុក្កែត​បាន​ផ្ទុះ​ បន្ទាប់ពី​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ បំណែក​ខ្លះ​របស់​វា​បាន​ធ្លាក់​ទៅ​លើ​ភ្នំ​នៅ​ក្បែរ​នោះ ចំណែក​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​សមុទ្រ​។

    នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​បរាជ័យ​ដ៏ធំ​មួយ​សម្រាប់​ការ​ប្រឹង​ប្រែង​របស់​ជប៉ុន ដើម្បី​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាញ់​បង្ហោះ​ផ្កាយ​រណប ​ដែល​មាន​សក្តានុពល​ក្នុង​ការ​រក​ផល​ចំណេញ​។

     

  • BYD កំពុង «​រំដោះ​ទីផ្សារ» ​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង

    BYD កំពុង «​រំដោះ​ទីផ្សារ» ​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង

    របាយការណ៍​ថ្មី​មួ​យ​បាន​ប្រកាស​ថា ថ្នាល​បច្ចេកវិទ្យា​ EV ថ្មី​ របស់​ក្រុម​ហ៊ុន​ចិន​ BYD នឹង​កាត់បន្ថយ​ការ​ចំណាយ​បន្ថែម​ទៀត នៅ​ពេល​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្ដើម​ «សង្គ្រាម​រំដោះ» ប្រឆាំង​នឹង​រថយន្ត​ប្រើ​សាំង​។

    ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ Tesla ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​ជាង​គេ​លើ​ពិភពលោក​នៅ​ក្នុង​រយៈ​ពេល​ 3 ខែ​ចុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD ក៏​​ប្រកាស​ថា Tesla មិន​មែនជា​គូប្រជែង​។

    BYD បាន​បង្កើត​សង្គ្រាម​តម្លៃ​ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង (ICE) កាល​ពី​ខែ​កន្លង​ ដោយ​បង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី​ Qin Plus EV និង PHEV ថ្មី​។ ចាប់​ផ្ដើម​ពី​តម្លៃ 15,200 ដុល្លារ​អាម៉េរិក រថយន្ត​អគ្គិសនី​ថ្មី​របស់​ BYD បើក​ទំព័រ​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ជាងរថយន្ត ICE។

    ជាង​នេះ កំណែ​ DM-I (PHEV) ថែម​ទាំង​មាន​តម្លៃ​ទាប​ជាង​ ពោល​គឺ​ចាប់​ពី​ប្រហែល​ 11,000 ដុល្លារ​ ដោយ​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ដែល​អាច​ឱ្យ​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 120 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។

    Qin Plus ដែល​ដំណើរ​ការ​ដោយ​អគ្គិសនីពី​ថ្ម​ 48 kWh ឬ​ 57.6 kWh អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​រហូត​ដល់ 420 គីឡូម៉ែត្រ និង 510 គីឡូម៉ែត្រ​។

    យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់ 36kr ក្រុម​ហ៊ុន​ BYD នឹង​ប្រើប្រាស់​រាល់​ចំណុច​ខ្លាំងផ្នែក​បច្ចេកវិទ្យា​​របស់​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​រថយន្ត​សាំង​ នៅ​ 3 ឆ្នាំ​ខាង​មុខ​។

    ប្រព័ន្ធ DM-I ជំនាន់​បន្ទាប់​របស់ BYD នឹង​អនុញ្ញាត​ឱ្យរថយន្ត​ប្រភេទ​ PHEV ធ្វើដំណើរ​បាន​រយៈ​ចម្ងាយ​ជាង 2,000 គីឡូម៉ែត្រ។ ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​រថយន្ត​សាំង​ពិបាក​ប្រកួត​ប្រជែង​។

    យោង​តាម Electrek គោល​ដៅ​ចម្បង​របស់ BYD គឺ​ការ​ដណ្ដើម​យក​ចំណែក​ទីផ្សារ​ពី​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ ក្នុង​រង្វង់​ 3 ឆ្នាំ​ខាង​មុខ​៕

  • ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

    ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

    ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ  (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង​ វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។

    លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស។ កិច្ចសហប្រតិបត្តិការនេះអាចកើតមានឡើង ដោយសារភាពរឹងមាំរបស់ក្រុមហ៊ុន អ​ អិម អេ  ដែលចាក់ឬសគល់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា អស់រយៈកាលជាង ៣០ឆ្នាំកន្លងមកនេះ។ ជាពិសេសនោះ គឺភាពជឿជាក់របស់ក្រុមហ៊ុន ឡារីតា និងទំនុកចិត្ត មកលើគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងសេវាកម្មរបស់ ហ្វដ ដែលជាកត្តាជំរុញដល់ក្រុមហ៊ុន ឡារីតា សម្រេចចិត្តជ្រើសរើសយករថយន្ត ហ្វដ មកប្រើប្រាស់ជាធ្យោបាយដឹកជញ្ជូនអតិថិជនរបស់ខ្លួន។”

    លោក មឿន សម្បត្តិ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ឡារីតា បានសម្រេចចិត្តយករថយន្ត Ford Transit ដើម្បីធ្វើជាមធ្យោបាយដឹកអ្នកដំណើរ ដោយសាររថយន្តនេះ មានបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ ជាពិសេស ក្រុមហ៊ុន ហ្វដ មានជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ និងអ្នកជំនាញខ្មែរ និងបរទេសដែលមានបទពិសោធន៍យូរឆ្នាំ ដើម្បីធ្វើការថែទាំ និងជួសជុលរថយន្ត។ ដោយសារតែកត្តាចម្បងទាំងអស់នេះ ទើបធ្វើអោយក្រុមហ៊ុន ឡារីតា សម្រេចជ្រើសរើសយកក្រុមហ៊ុន ហ្វដ ធ្វើជាដៃគូសហប្រតិបត្តិការជាយូរអង្វែង។”

    ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ គឺឆ្លុះបញ្ជាំងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលបានទំនាក់ទំនងជាយូរឆ្នាំណាស់មកហើយ រួមទាំងបានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៅខាងដៃគូសហការផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការនេះក៏ចង់បន្តលើស្ទួយនូវវិស័យដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន ឡារីតា អ៊ិចប្រេស អោយកាន់តែល្អប្រសើរ និងបន្តជាមិត្តដៃគូស្អិតល្មួតរវាងគ្នាទៅវិញទៅមក។

  • Bitcoin ឡើង​ថ្លៃ​រហូត​ដល់​ជាង 71,000 ដុល្លារ​អាម៉េរិក

    Bitcoin ឡើង​ថ្លៃ​រហូត​ដល់​ជាង 71,000 ដុល្លារ​អាម៉េរិក

    Bitcoin បន្ត​ឡើង​ថ្លៃ​ដល់​កម្រិត​កំពូល​ថ្មី​ នៅ​ពេល​កើន​លើស​ពី​ 71,000 ដុល្លារ​អាម៉េរិក​/Bitcoin កាល​ពី​ល្ងាច​ថ្ងៃទី 11 មីនា។

    Bitcoin បាន​ឡើង​ថ្លៃ​ជិត 2.6% ក្នុង​រង្វង់ 24 ម៉ោង និង​លើស​ពី 10% គិត​ចាប់​ពី​ថ្ងៃទី 04 មីនា​។ តម្លៃ​មូលធន​ទីផ្សារ​របស់​ប្រាក់​ឌីជីថល់​គ្រីបស្តូ​ធំ​បំផុត​លើ​ពិភពលោក​មួយ​នេះ បាន​កើន​លើស​ពី 1.4 លាន​លាន​ដុល្លារ​ (1,400,000,000,000.00) បន្ទាប់​ពីតម្លៃ​មួយ​ Bitcoin បាន​ឡើង​ផុត​ពី 71,000 ដុល្លារ​។

    តម្លៃ​របស់​ Bitcoin ត្រូវ​បាន​រុញ​ឡើង​ដោយ​ការ​ទទួល​យក​ និង​ការ​ទទួល​ស្គាល់​របស់​អ្នក​វិនិយោគ​​ និង​ស្ថាប័ន​​នានា ដែល​នាំ​មក​នូវ​រំហូរ​ប្រាក់​ដ៏​សម្បើម​សម្រាប់​ថ្នាល​វិនិយោគ​នេះ​។

    Michael Anderson ស្ថាបនិក​ក្រុម​ហ៊ុន​វិនិយោគ​ប្រាក់​ឌីជីថល់​គ្រីបស្តូ Framework Ventures អះអាង​ថា ការ​ឡើង​ថ្លៃ​លើក​នេះ​របស់ Bitcoin គឺ​ខុស​គ្នា​ឆ្ងាយ​ បើធៀប​នឹង​ឆ្នាំ 2021​។ «នេះ​ទំនង​ជា​វដ្ដ​មួយ​ដែល​នាំ​មុខ​ដោយ​បណ្ដា​ស្ថាប័ន​ហិរញ្ញវត្ថុ​»​ លោក Anderson និយាយ​ដូច្នេះ​។

    សារព័ត៌មាន New York Times ក៏​បាន​អះអាង​ដូច​លោក Anderson ដោយ​ផ្សាយ​ថា ភាព​ខុសគ្នា​​​នៃ​ការ​ឡើង​ថ្លៃ​របស់ Bitcoin បច្ចុប្បន្ន ធៀប​នឹង​ឆ្នាំ 2021 គឺ​នៅ​ត្រង់ថា លើក​នេះ​មាន​ការ​ចូល​រួម​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ ដែល​មាន​ដូច​ជា BlackRock និង Fidelity ជា​ដើម​។

    ក្រៅ​ពី Bitcoin ក៏​នៅ​មាន​រូបិយប័ណ្ណ​ឌីជីថល់​គ្រីបស្តូ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​ឡើង​ថ្លៃ​ដល់​កម្រិត​កំពូល​ថ្មី​ជា​បន្ត​បន្ទាប់​។ ប្រាក់ Ethereum (ETH) ក៏​ឡើង​ថ្លៃ​លើស​ពី 4,000 ដុល្លារ​ ខណៈ​តម្លៃ​របស់​ Solana (SOL) ​ហក់​ឡើង​ជិត​ដល់ 150 ដុល្លារ​អាម៉េរិក​៕

  • ​​ចិន​ ចាក​ផុត​ពីបញ្ហា​បរិត្ត​ផរណា ដែល​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​លើ​សេដ្ឋកិច្ច

    ​​ចិន​ ចាក​ផុត​ពីបញ្ហា​បរិត្ត​ផរណា ដែល​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​លើ​សេដ្ឋកិច្ច

    ជាលើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ តម្លៃ​ទំនំនិញ​ប្រើប្រាស់​នៅ​ប្រទេស​ចិន​ បាន​កើន​ឡើង​ជា​ថ្មី ជួយ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាក​ផុត​ពី​បរិត្តផរណា។

    កាល​ពី​ថ្ងៃទី 09 មីនា វិទ្យាស្ថាន​ជាតិស្ថិតិ​ចិន ប្រកាស​ទិន្នន័យ​ឱ្យ​ដឹង​ថា សន្ទស្សន៍​ថ្លៃ​ទំនិញ (CPI) ប្រទេស​នេះ​ កើន​ 0.7% ក្នុង​ខែ​កុម្ភៈ​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​អំឡុង​ជិត​កន្លះ​ឆ្នាំ​ ដែល​ CPI ចិន​ កើន​ឡើង​។

    មុន​នោះ ប្រទេស​ចិន​បាន​ឃើញ​បរិត្តផរណា​ក្នុង​រយៈ​ពេល​ 4 ខែ​បន្ត​បន្ទាប់​។ ខែ​មករា​ ឆ្នាំ 2024 CPI ចិន​ ធ្លាក់​​ចុះ​ 0.8%​ ដែល​នេះ​គឺជា​ជា​តួលេខ​ធ្លាក់​ចុះ​ជ្រៅ​​​បំផុត​ក្នុង​រង្វង់​ 15 ឆ្នាំ​កន្លង​។

    បរិត្ត​ផរណា (ពាក្យ​អង់គ្លេស​ថា Deflation) គឺជា​ពាក្យ​សំដៅ​ទៅ​លើ​ការ​ធ្លាក់​ថ្លៃ​ជា​រួម​របស់​ទំនិញ និង​សេវាកម្ម​។ បរិត្តផរណា គឺជា​ការដក​ចំនួន​រូបិយវត្ថុ​មួយ​ភាគ ចេញពី​ទីផ្សារ​ដែល​លើស​ចំនួន​ត្រូវការ​ចរាចរណ៍​របស់​សាច់ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​រូបិយវត្ថុ​សមាមាត្រ​នឹង​តម្រូវការ​ចាំបាច់​សម្រាប់​ចរាចរណ៍។ នេះ​មិន​មែន​ជា​ប្រការ​ល្អ​សម្រាប់​សេដ្ឋកិច្ច​ឡើយ ព្រោះ​ថា នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ និង​ក្រុម​ហ៊ុននានា​​ពន្យារ​ពេល​លើ​ការ​ផ្អាក​ការ​​ចំណាយ​ដើម្បី​រង់​ចាំ​ទំនិញ ឬ​សេវាកម្ម​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត​ សកម្មភាព​សេដ្ឋកិច្ច​នឹង​ត្រូវ​រឹត​ត្បិត​។

    ធៀប​នឹង​ខែ​មុន CPI ចិន​ ក្នុង​ខែ​កុម្ភៈបាន​កើន​ 1%​។ ល្បឿន​នេះ​ខ្ពស់ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ចុះ​​ផ្សាយ​ដោយ​ Reuters។

    តួលេខ​ថ្មី​បំផុត​នេះ​បាន​បន្ថយ​សម្ពាធ​មួយ​ផ្នែក​សម្រាប់​សេដ្ឋកិច្ច​ចិន​ នៅ​ក្នុង​ស្ថានភាព​តម្រូវ​ការ​ក្នុង​ស្រុក​ធ្លាក់​ចុះ​ អចលនទ្រព្យ​មិន​ទាន់​ចាក​ផុត​ពី​វិបត្តិ​ និង​​បំណុល​របស់​រដ្ឋ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​៕

  • Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

    Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

    ក្រុម​ហ៊ុន Kia បាន​កែលម្អ​ស្លាក​យីហោ​ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ ដោយ​ប្រើ​ប្រាស់​ឡូហ្គោ​ និង​រចនា​បថ​ថ្មី​។

    ក្រុម​ហ៊ុន​កូរ៉េខាងត្បូងមួយ​នេះ​​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ជោគជ័យ​ជាមួយ​នឹងរថយន្ត​​ម៉ូដែល​ SUV អគ្គិសនី​កៅអីបី​ជួរ​ដំបូង​របស់​ខ្លួន នោះ​គឺ EV9។

    Kia បាន​បង្ហើប​ឱ្យ​ដឹង​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ថ្ងៃ EV» កាល​ពី​ខែ​តុលា​ 2023។ ពួក​គេ​បាន​បញ្ជាក់​ថា SUV EV5 នេះ​ នឹង​ជា​គូ​ប្រជែង​របស់ Volvo EX30 និង​មាន​តម្លៃ​ចាប់​ពី​ 35,000 ដុល្លារ​អាម៉េរិក​។

    ម៉ូដែល​ concept ថ្មី​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គឺ EV3 និង EV4។ EV3 គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់ EV9 និង​មាន​តម្លៃ​ទាប​ជាង​។

    រថយន្ត​អគ្គិសនី​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ Kia ដើម្បី​ធ្វើ​ពិពិធកម្ម​រថយន្ត​អគ្គិសនី​ជាមួយ​នឹង​តម្លៃ​ទាប​ ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​។

    Kia អាច​នាំ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ទីផ្សារ​បរទេស​ មាន​ដូច​ជា ថៃ ជា​ដើម ជា​ទីផ្សារ​ដែល​មាន​គូប្រជែង​ច្រើន​ ក្នុង​នោះ​មាន​ Toyota ផងដែរ​។

    ក្រុម​ប្រឹក្សា​វិនិយោគ​ថៃ (BOI) ឱ្យ​ដឹង​ថា Kia កំពុង​ពិនិត្យ​លើ​ការ​វិនិយោគ​ទៅ​មក​កាន់​ប្រទេស​នេះ​ បន្ទាប់​មាន​ព័ត៌មាន​ថា ក្រុម​ហ៊ុន​នេះ​បាន​ប្ដូរទិសដៅ​ចេញ​ពី​ប្រទេស​ថៃ​។

    ថៃ​គឺជា​ប្រទេស​ផលិត​ និង​នាំ​ចេញ​រថយន្ត​ធំបំផុត​នៅ​អាស៊ី​។ ប្រទេស​នេះ​កំពុងទាក់​ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ និង​មាន​គោល​ដៅ​ធ្វើ​ឱ្យ​រថយន្ត​អគ្គិសនី​គ្របដណ្ដប់ចំណែក​ទី​ផ្សារ​​ 30% នៃ​រថយន្ត​សរុប​ដែល​ផលិត​ក្នុង​ស្រុក​ នៅ​ឆ្នាំ 2030​។

    មន្ត្រី​ថៃ​មួយ​រូប កាល​ពី​ដើម​សប្ដាហ៍​នេះ​ ឱ្យ​ដឹង​ថា Tesla ក៏​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ ​អំពី​រោង​ចក្រ​ថ្មី​ដែល​អាច​ទាក់​ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី និង​ថ្មផ្ទុក​ថាមពល​។

    នៅ​ប្រទេស​ថៃ បើ​ទោះ​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា​ Toyota និង​ Honda ធ្លាប់​បាន​គ្រប់​គ្រង​ទីផ្សារ​នេះ ប៉ុន្តែ​បច្ចុប្បន្ន បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន បាន​សន្យា​ថា នឹង​វិនិយោគ​ជាង 1.44 ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ៕

  • ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

    ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

    យោង​តាម​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម ការ​នាំចេញ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ នៅក្នុង​ខែមករា ឆ្នាំ 2024 សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 18.7% បើធៀប​នឹង​ខែ​ធ្នូ 2023​ និង​កើន 17.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​។

    នាំមុខ​គេ​នៅ​ក្នុង​ចំណោម​ទំនិញ​នាំ​ចេញ​ក្នុង​ខែ​មករា 2024 គឺ​​កុំព្យូទ័រ ផលិតផល​អេឡេចត្រូនិច និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ 852.9 លាន​ដុល្លារ​ រួម​ចំណែក​ 18.7% នៃ​ទំនិញ​នាំចេញ​សរុប​។ បន្ទាប់​មក​គឺ​ទូរស័ព្ទ​ និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ជាង​ 734 លាន​ដុល្លារ​ រួម​ចំណែក​ 16.1%​ នៃ​ផលិតផល​នាំ​ចេញ​សរុប​។

    ឆ្នាំ​ 2024 វៀតណាម​នៅ​តែ​ចាត់​ទុក​ប្រទេស​ចិន​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​របស់​កសិផល​ ដោយ​សង្ឃឹម​ថា ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​នេះ​នឹង​កើន​ឡើង​ខ្ពស់​។

  • ឆ្នាំ​ 2024 ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត

    ឆ្នាំ​ 2024 ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ឱ្យ​ដឹង​ថា សន្ទុះនៃការលក់រថយន្តថ្មីក្នុងឆ្នាំ 2023 បាន​កើនឡើង ក្នុង​នោះ​កំណើននៃការលក់រថយន្តថ្មីគ្រប់គ្រងចំណែកទីផ្សាររថយន្ត​ប្រមាណ​ 45%។

    ទិន្នន័យនៃការលក់រថយន្តសរុបសម្រាប់ឆ្នាំ 2023 បង្ហាញ​ថា ក្នុង​ឆ្នាំ​កន្លង សន្ទុះ​នៃ​ការ​លក់​រថយន្ត​ថ្មី​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ពោល​គឺ​រួម​ចំណែក​ 45% នៅ​ក្នុង​ទីផ្សារ​រថយន្ត​ ខណៈ​ដែល​រថយន្តជជុះបានបន្តធ្លាក់ចុះ ដោយរក្សាបានត្រឹមតែ 55%។

    CAIF ព្យាករណ៍ថា ក្នុង​ឆ្នាំ​ 2024 នេះ ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត តាមរយៈការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងកំណើននៃរោងចក្រផ្គុំដំឡើងក្នុងស្រុក ស្រប​ពេល​ដែល​រថយន្តជជុះនឹងមានកំណើនតិចតួចប៉ុណ្ណោះ។

    ស្ថាប័ន​នេះ​ពន្យល់​ថា កត្តាមួយចំនួនដែលជំរុញឱ្យ​មាន​ការផ្លាស់ប្តូរខាងលើ​នេះ មានជា​អាទិ៍ កំណើននៃចំណេះដឹងរបស់អ្នកប្រើប្រាស់ ការយល់ដឹងពីអត្ថប្រយោជន៍របស់រថយន្តថ្មី និង​ផល​វិបាក​នៃ​ការ​ប្រើ​ប្រាស់​រថយន្ត​ជជុះ​ ខណៈ​ដែល​តំលៃរថយន្ត​ថ្មី​ក៏ប្រហាក់ប្រហែលនឹងរថយន្តជជុះ ព្រម​ទាំង​មាន​ការ​ធានាពីរោងចក្រ ជាមធ្យម 5 ឆ្នាំផងដែរ​៕

  • ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

    ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

    ក្រុម​ហ៊ុន​ចិន Xiaomi បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress នៅ​ Barcelona គ្រា​ដែល​តាំង​បង្ហាញ​ SU7 ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ SU7 ត្រូវ​បាន​បង្ហាញ​ដោយ​ផ្ទាល់​ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ព័ត៌មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​ កាល​ពីចុងឆ្នាំ​មុន​។

    SU7 គឺជា​ម៉ូដែលសេដាន​កីឡា​ ដែល​មាន​ពណ៌​ខៀវ​ខ្ចី​ដ៏​ទាក់​ទាញ​។ រថយន្ត​នេះ​បើ​ប្រាស់​ម៉ូទ័រ​​អគ្គិសនី​របស់​ Xiaomi និងអាច​បង្កើន​ល្បឿន​ពី 0 ទៅ 100 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើពេល​តែ​ 2.78 វិនាទី​។

    Xiaomi SU7 នឹង​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ 101 kWh ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង 800 គីឡូម៉ែត្រ​ ឆ្ងាយ​ជាង​ច្រើន​បើធៀប​នឹង​បណ្ដា​រថយន្ត​អគ្គិសនី​នា​បច្ចុប្បន្ន​។ រថយន្ត​នេះ​ក៏​មាន​បំពាក់​មុខ​ងារ​បញ្ចូល​ថាមពល​លឿន ដែល​អាច​ធ្វើ​ដំណើរ​បាន 500 គីឡូម៉ែត្រ ក្រោយ​ពី​សាក​ថ្ម​បាន​ 15 នាទី​។

    អំពី​បច្ចេកវិទ្យាវិញ SU7 ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​អង្គញាណ​ដែល​អនុញ្ញាត​ឱ្យ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្ត​ រួម​នឹង​អេក្រង់​កម្សាន្ត​​ 16 អ៊ិញ និង​អេក្រង់​បង្ហាញ​ព័ត៌មាន​សម្រាប់​អ្នក​បើក​បរ​ ក៏ដូច​ជា​ប្រព័ន្ធ​បញ្ជា​ដែល​អាច​បង្វិល​បាន​ផងដែរ​។

    យោង​តាម Absolute Geeks បើ​ទោះ Xiaomi មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​អំពី​តម្លៃ​ ឬ​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវការ ប៉ុន្តែ​ពួក​គេ​កំពុង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​នៅ​ក្នុង​ top 5 របស់​ពិភពលោក​។ ប្រការ​នេះ​មាន​ន័យ​ថា Xiaomi SU7 អាច​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​បរទេស​ បើ​ទោះ​តម្លៃ​របស់​វា​ទំនង​ជា​ខ្ពស់​៕

  • AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

    AirAsia ងាក​ទៅ​រក​រូបមន្ត​ពាណិជ្ជកម្ម​​ថ្មី ត្រៀម​ពង្រីក​មក​ទីផ្សារ​កម្ពុជា​

    ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia កំពុង​រៀប​គម្រោង​ប្ដូរ​មក​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ដែល​ដំណើរ​ការ​ទៅ​តាម​រូបមន្ត​ «កង់រទេះ» ជំនួស​ឱ្យ​ការ​ផ្ដោត​ទៅ​លើ​តែ​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុម​មួយ​​ដូច​បច្ចុប្បន្ន​។

    ក្រុម​ហ៊ុន​សាជីវកម្ម Capital A Bhd ដែល​គ្រប់​គ្រង​ AirAsia ប្រកាស​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​នឹង​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ពហុ​មណ្ឌល​ តាម​រយៈ​វត្តមាន​នៅ​ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន ហើយ​គ្រោង​នឹង​នៅ​កម្ពុជា​ផងដែរ​ ដើម្បី​អនុវត្ត​គម្រោង​ដឹក​ជញ្ជូន​តាមបណ្ដាញ​ដែល​មាន​ការ​ចំណាយ​ទាប​។

    បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​តែង​តែប្រើប្រាស់រូបមន្ត​ «ទីតាំង – ទីតាំង» ដែល​ផ្ដោត​ទៅ​លើ​តែ​ផ្លូវ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ពីរ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ ដោយ​សារ​តែ​មិន​មានការ​ចុះ​​ចត​តាម​ផ្លូវ​ហោះហើរ​។ ចំណែក​រូបមន្ត​ «កង់រទេះ» វិញ គឺ​តែង​តែ​ត្រូវ​បាន​បណ្ដា​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្ដល់​សេវា​គ្រប់​ជ្រុង​ជ្រោយ​ ដូច​ទៅ​នឹង​អ្វីដែល Emirates Airlines កំពុង​អនុវត្ត​។

    ចំណុច​ពិសេស​នៃ​រូបមន្ត​ «កង់​រទេះ» គឺ​ការ​ផ្ដោត​ទៅ​លើ​សកម្មភាព​ហោះ​ហើរ​ជុំវិញ​មជ្ឈមណ្ដល​អាកាសយានដ្ឋាន​ធំមួយ ដែល​ក្នុង​នោះ​មាន​ជើង​ហោះ​ហើរ​ជា​ច្រើន​ដែល​ហោះ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​។