Tag: ទម្លាប់អាក្រក់

  • កែនិស្ស័យកូនចូលចិត្តប្រកែក…

    កែនិស្ស័យកូនចូលចិត្តប្រកែក…

    ខាងក្រោមនេះ គឺជាសំណួររបស់អ្នកម្តាយម្នាក់ដែលកំពុងតែព្រួយបារម្ភអំពីនិស្ស័យមិនល្អរបស់កូនប្រុស ដែលបានសួរទៅអ្នកជំនាញខាងចិត្តវិទ្យាកុមារ ព្រោះតែខ្លាចវាក្លាយទៅជាទម្លាប់អាក្រក់នៅពេលដែលគេធំឡើង នាពេលអនាគត។ សូមប្រីយមិត្តអ្នកអាន ជាពិសេសមាតា-បិតា និងអាណាព្យាបាលដែលមានកូនតូចទាំងឡាយ តាមដាន និងយកធ្វើជាចំណេះដឹងក្នុងការមើលថែទាំ និងអប់រំកូនៗដូចតទៅ ៖

    ខាងក្រោមនេះគឺជាបញ្ហា និងសំណួរដែលអ្នកម្ដាយរបស់កូនប្រុសអាយុ 4ឆ្នាំម្នាក់បានសួរទៅគ្រូពេទ្យជំនាញ…

    «-នាងខ្ញុំសុំការណែនាំអំពីវិធីកែនិស្ស័យកូនដែលចូលចិត្តប្រកែក និងរឹងឌឺ ព្រោះនាងខ្ញុំខ្លាចកូនធ្លាប់ខ្លួន យកនិស្ស័យមិនល្អនេះទៅប្រើនៅឯសាលារៀន។

    សំណួរ : កូនប្រុសនាងខ្ញុំ អាយុ 4ឆ្នាំហើយ ជាក្មេងប៉ឹនសម្ដីណាស់(ពូកែនិយាយ) តែចូលចិត្តលួចរឹង និងឌឺស្ងាត់ៗ។ ពេលប្រាប់គេឱ្យទៅធ្វើអ្វីមួយ គេចូលចិត្តតែប្រកែកជានិច្ច។ នាងខ្ញុំខ្លាចពេលចូលសាលារៀនហើយ ខ្លាចគេទៅប្រកែកជាមួយអ្នកគ្រូ និងមិត្តភ័ក្តិ និងខ្លាចក្រែងគេចូលមិនចុះជាមួយអ្នកឯទៀត។ សួរថា តើនាងខ្ញុំត្រូវកែសម្រួល ឬកែនិស្ស័យនេះយ៉ាងណាស្រួលទៅ?

    ពីអ្នកម្តាយ អូន ប៊យ / នៅភ្នំពេញ»

    ចម្លើយ : ក្មេងប៉ឹនសម្ដី គឺជាមនុស្សដែលមានមន្តស្នេហ៍ មនុស្សចាស់ដែលបាននិយាយលេងជាមួយកុមារបែបនេះ នឹងកើតមានអារម្មណ៍ស្រឡាញ់ និងអាណិត ជាពិសេសសម្រាប់មនុស្សចាស់ បើមានកូនចៅប៉ឹនសម្ដី ចេះនិយាយ​លេងនៅជាមួយផងនោះ នឹងមានសេចក្តីសុខខ្លាំងណាស់។ រឿងប៉ឹនសម្ដីនេះ ភាគច្រើន ជាលក្ខណ:ចរិតរបស់ក្មេងស្រីច្រើនជាងក្មេងប្រុស តែក៏មិនមែនជារឿងប្លែកអ្វីដែរ ដែលក្មេងប្រុសខ្លះមាននិស្ស័យប៉ឹនសម្ដីបែបនោះ ព្រោះមួយចំណែកនៃការក្លាយ​ជាក្មេងប៉ឹនសម្ដីនោះ គឺកើតចេញពីស្ថានភាពជុំវិញខ្លួន និងបុគ្គលដែលនៅជុំវិញខ្លួនកុមារនោះ។

    អាយុ 3-4ឆ្នាំ គឺជាវ័យដែលចាប់ផ្តើមចេះមានការគិត និងមានហេតុផលរបស់ខ្លួនឯងហើយ ក្មេងៗច្រើនតែនិយាយ និងធ្វើផ្ទុយពីអ្វីដែលមនុស្សធំប្រាប់។ ចាប់ផ្តើមដោយពាក្យបដិសេធខាងដើមថា “ទេ” “កូនមិនធ្វើទេ” “កូនអត់ងូតទឹកទេ” ឬ “កូនមិនចង់ញ៉ាំទេ” ជាដើម។ល។ បន្ទាប់ពីពាក្យថា “ទេ” ភាសារបស់កុមារនឹងវិវឌ្ឍ ហើយចាប់ផ្តើមរៀនយល់ដឹងកាន់តែច្រើនឡើង បូកជាមួយនឹងហេតុផលដែលខ្លួនមានច្រើនឡើងផងដែរនោះ ទើបកុមារចេះបញ្ចេញគំនិត តម្រូវការ និងអារម្មណ៍មកជាភាសានិយាយ។ មកដល់ពេលនេះការប៉ឹននិយាយមាន 2រូបបែប គឺការនិយាយបែបមានមន្តស្នេហ៍ និងការនិយាយដែលមនុស្សធំហៅថា “ប្រកែក”។ កូនអ្នកស្រីមិនមែនជាក្មេងរឹងឌឺទេ តែអ្នកជំនាញយល់ថា កូនកំពុងតែមានការចេះគិត មានហេតុផល ដូច្នេះអ្នកម្តាយត្រូវធ្វើចិត្តត្រជាក់ៗ បើកូនប្រកែកពេលអ្នកម្តាយប្រាប់ឱ្យធ្វើអ្វីមួយនោះ ចូរកុំបន្ទោស ឬដាក់ទោសកូនដោយការវាយឱ្យ​សោះ ព្រោះកូននៅមិនទាន់យល់ដឹងថា ការនិយាយតមាត់ ការនិយាយប្រកែកនឹងម្តាយនេះ ហេតុអីបានជាគេមិនអាចធ្វើបាន? ផ្ទុយទៅវិញ បើកូនប្រកែកហើយ អ្នកម្តាយសើច​ ហើយនិយាយប្រកែកទៅវិញនោះ កូនអាចនឹងគិតថា គេអាចធ្វើបែបនេះជាមួយម្តាយបាន ដូច្នេះការកែសម្រួល ឬកែនិស្ស័យបែបនេះ អ្នកជំនាញខាងចិត្តវិទ្យារបស់កុមារសូមណែនាំដូចតទៅ ៖

    -កូនជាក្មេងប៉ឹនសម្ដី អ្នកម្តាយគួរបង្កើន និងរិះរកកិច្ចការណាដែលពាក់ព័ន្ធនឹងការនិយាយឱ្យកូនបានធ្វើញឹកញាប់ ដូចជាឱ្យកូនបាននិយាយរៀបរាប់រឿងរ៉ាវផ្សេងៗ ឬនិយាយរឿងនិទានឱ្យអ្នកដែលនៅជាមួយជិតដិតបានស្តាប់ ដើម្បីឱ្យកូនមានឱកាសបានស្គាល់ពាក្យស័ព្ទថ្មីៗដែលគេចង់ប្រើ ព្រមទាំងឆ្លៀតឱកាសបង្រៀនកូនអំពីសុជីវធម៌ក្នុងការនិយាយ និងប្រាប់ឱ្យកូនបាន​ដឹង​​ថា សម្ដីណាខ្លះដែលមិនគួរប្រើជាមួយមនុស្សចាស់ ការប្រើសំឡេងនិយាយជាមួយអ្នកដទៃយ៉ាងណា ទើបគួរឱ្យចង់ស្តាប់ជាដើម។ល។

    ពេលដែលកូនប្រកែក អ្នកម្តាយគួរឈប់ ដើម្បីស្តាប់សិន ដោយធ្វើទឹកមុខ និងអាកប្បកិរិយាធម្មតា កុំត​មាត់ ទាំងអស់នេះ គឺដើម្បីឱ្យកូនបានដឹងថា ទង្វើដែលគេកំពុងធ្វើនេះមិនសមគួរទេ។ នៅពេលកូនឈប់ប្រកែក សឹមអ្នកម្ដាយប្រាប់ពីវិធីថា កូនគួរតែនិយាយយ៉ាងម៉េចវិញ ទើបជាការប្រសើរជាង។

    នៅពេលណាដែលគំនិតរបស់អ្នកម្តាយ និងកូនមិនត្រូវគ្នា យើងគួរប្រើវិធីនិយាយជជែកពិភាក្សាគ្នា ដើម្បីឱ្យកូនបានបង្ហាញពីអារម្មណ៍ និងគំនិតរបស់គេចេញមកយ៉ាងសេរី ហើយអ្នកម្តាយក៏គួរនិយាយប្រាប់កូនអំពីគំនិត និងអារម្មណ៍របស់ខ្លួនឱ្យកូនបានដឹងដែរ ដើម្បីឱ្យកូនបានរៀនយល់ដឹងពីវិធីកែបញ្ហាដែលត្រឹមត្រូវ៕

  • ប្រយ័ត្ន! ទម្លាប់អាក្រក់មួយចំនួនធ្វើឱ្យនារីៗប្រឈមមុខនឹងជំងឺអាក្រក់

    ប្រយ័ត្ន! ទម្លាប់អាក្រក់មួយចំនួនធ្វើឱ្យនារីៗប្រឈមមុខនឹងជំងឺអាក្រក់

    មិនថា​តែ​នៅក្នុង​អតីតកាល​ ឬបច្ចុប្បន្ន​កាល​ឡើយ​ យើង​នៅតែ​មើលឃើញ​ថា​ នា​រីៗ​នៅ​តែ​មាន​ទម្លាក់​អាក្រក់​មួយចំនួន​ដូចជា​ ទទួល​-ទាន​ស្រា​ ភេ​ស្ជ​ជៈ​ជាតិ​អាល់កុល​ ប្រភេទ​ស្រា​បៀរ​ វ៉ា​ញ ឬសូម្បីតែ​ស្រាថ្នាំ​ ជក់បារី​-ល- នឹង​មាន​សញ្ញា​ថា​ នា​រីៗ​ចាប់ផ្តើម​មាន​កើតជំងឺ​កាច​សាហាវ​ដោយ​មិនបាន​ដឹងខ្លួន​ជាមុន​។ ថ្ងៃ​ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​នូវ​ទម្លាប់​អាក្រក់​មួយចំនួន​ដែល​នា​រីៗ​គួរ​គិតពិចារណា​ឡើងវិញ​ ក្នុង​ការថែទាំ​សុខភាព​របស់​ខ្លួន​។

    ១. បណ្ដោយ​ខ្លួន​ឱ្យ​ធាត់​ពេក​
    ធាត់​ ឬឡើង​គីឡូ​ បន្ទាប់ពី​ឈាន​ចូល​ដល់​វ័យ​អស់​រដូវ​ អាច​ជា​កត្តា​ហានិភ័យ​ចំពោះ​ជំងឺមហារីក​សុដន់​។ មុន​ដល់​វ័យ​អស់​រដូវ​ អ័រម៉ូន​ អឺ​ស្រ្ដូ​ហ្សែន​ របស់​ស្រ្តី​ភាគច្រើន​បាន​ផលិត​នៅក្នុង​ក្រពេញ​អូវែ​ និង​ជាលិកា​ខ្លាញ់​មាន​តិចតួច​បំផុត​។ ប៉ុន្ដែ​បន្ទាប់ពី​ក្រពេញ​អូវែ​ឈប់​ផលិត​អ័រម៉ូន​ អឺ​ស្រ្ដូ​ហ្សែន​ ក្រោយពេល​អ្នក​អស់​រដូវ​ គឺ​មានតែ​ជាលិកា​ខ្លាញ់​ប៉ុណ្ណោះ​ ជា​ប្រភព​ចម្បង​ក្នុង​ការផលិត​អរម៉ូន​ អឺ​ស្រ្ដូ​ហ្សែន​។ ពេល​សម្បូរ​ជាលិកា​ខ្លាញ់​ កម្រិត​អ័រម៉ូន​ អឺ​ស្រ្ដូ​ហ្សែន​ ក៏​កើនឡើង​តាម​ដែរ​ ជាហេតុ​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្លាំង​ចំពោះ​សុខភាព​។ មួយវិញទៀត​ នា​រីៗ​ដែល​ធាត់​ជ្រុល​ តែង​មានកម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លី​នខ្ពស់​នៅក្នុង​ឈាម​ វា​ក៏​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ជំងឺមហារីក​សុដន់​ដូចគ្នា​ដែរ​។

    ២. ខ្ចិល​ហាត់ប្រាណ​
    ភាព​អសកម្ម​រាងកាយ​ (អត់​ធ្វើលំ​ហាត់ប្រាណ​) ជា​កត្តា​ហានិភ័យ​ក្នុង​ការ​កើតមាន​ជំងឺ​កាច​សាហាវ​មួយចំនួន​ ប៉ុន្ដែ​ការ​ធ្វើសកម្មភាព​រាងកាយ​ អាច​ការពារ​អ្នក​ពី​ជំងឺមហារីក​សុដន់​ ក្រោយពេល​អស់​រដូវ​ តាម​រយៈ​ការ​ជះឥទ្ធិពល​ពី​ការ​ដុត​កម្ដៅ​របស់​អ័រម៉ូន​ Steroid​ នៃ​ក្រពេញ​បញ្ចេញ​ខាងក្នុង​ និង​ការ​រលាក​របស់​វា​ ដែល​ធ្វើ​ឱ្យ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅក្នុង​ខ្លួន​បាន​ និង​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ ធ្វើសកម្មភាព​រាងកាយ​ ត្រូវ​បាន​គេ​អះអាង​ថា​អាច​ ជួយ​កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ឱ្យ​ចុះ​មក​នៅ​ត្រឹម25​% ទៅ​ 30​%ប៉ុណ្ណោះ​។ អ្នកជំនាញ​និយាយ​ថា​ ស្ត្រី​ដើ​រយឺត​ៗពី​ 1 ម៉ោង​ ទៅ2ម៉ោង​កន្លះ​ ក្នុង​មួយ​សប្តាហ៍​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​បាន​ដល់ទៅ18​%។ ទំនាក់ទំនង​រវាង​លំហាត់​ប្រាណ​ទៀងទាត់​ និង​ការ​ថយ​ចុះ​ហានិភ័យ​ក្រោយ​ពេល​អស់​រដូវ​ ត្រូវ​បាន​គេ​បញ្ជាក់​យ៉ាង​ច្បាស់​។ មានន័យថា​ អសកម្ម​រាងកាយ​អាច​នាំ​អ្នក​ឈាន​ទៅ​រក​ការ​កើតជំងឺ​មហារីក​សុដន់​។

    ៣. ចូលចិត្ត​ទទួលទាន​ស្រា​
    ក្នុងចំណោម​នា​រីៗ​នៅក្នុង​ប្រទេស​អភិវឌ្ឍ​ជុំវិញ​ពិភពលោក​ កើតមាន​ជំងឺមហារីក​សុដន់​ 4% បណ្តាល​មក​ពី​ពួកគេ​ជា​អ្នកទទួល​ទាន​ស្រា​។ របាយការណ៍​ផ្សេងទៀត​បាន​បង្ហាញថា​ កំណើន​អាច​កើន​ដល់ទៅ10​% បើ​អ្នក​បន្ថែម​ការ​ទទួលទាន​ស្រា​ នោះ​សារធាតុ​អេតាណុល​ 10ក្រាម​ដែល​មាន​ក្នុង​ស្រា​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រាងកាយ​របស់​អ្នក​រាល់ថ្ងៃ​។ ទំនាក់ទំនង​រវាង​គ្រឿងស្រវឹង​ និង​ហានិភ័យ​នៃ​ការ​កើតមាន​ជំងឺមហារីក​សុដន់​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ការ​ទទួលទាន​ស្រា​កាន់តែ​ច្រើន​ ហានិភ័យ​ក្នុង​ការ​កើតមាន​ជំងឺមហារីក​ក៏​មាន​កាន់តែ​ខ្ពស់​ដែរ​។

    ៤. ជក់បារី​ជក់បារី​
    ក៏​ជា​មូលហេតុ​បង្ក​ឱ្យ​កើតមាន​ជំងឺ​កាច​សា​ហាវ​ផ្សេង​ៗ ដែល​ភាគច្រើន​ជា​ជំងឺមហារីក​ ក្នុង​នោះ​ក៏​មាន​មហារីក​សុដន់​ផង​ដែរ​។ ក្លិន​ឈ្ងុយ​នៃ​សារ​ធា​តុ​អុីដ្រូ​កាបូន​ ដែល​មាននៅ​ក្នុង​ថ្នាំជក់​ ជា​មូលហេតុ​បង្ក​កើតមាន​ជា​សារធាតុ​វិទ្យុសកម្ម​ជំរុញ​ឱ្យ​កើត​មហារីក​។ របាយការណ៍​ក្រុម​គ្រូពេទ្យ​ពិភពលោក​បាន​បង្ហាញថា​ នា​រីៗ​ដែល​ធ្លាប់​ជក់បារី​ពីមុន​ អាច​នឹង​កើតមាន​ជំងឺមហារីក​សុដន់​ជាង​នារី​ធម្មតា​ 10​% នៅក្នុង​ឆ្នាំ​កន្លងទៅ​នេះ​។

    ៥. ប្រើ​វិធី​ពន្យារកំណើត​
    វិធី​ពន្យារកំណើត​មាន​ច្រើន​សណ្ឋាន​ ដូចជា​ ថ្នាំលេប​ ថ្នាំចាក់​ ជ័រ​ដាក់​ក្នុង​ស្បូន​ ជ័រ​ដាក់ក្រោម​ស្បែក​ និង​កង​ដាក់​ក្នុង​ស្បូន​ សុទ្ធតែ​អាច​ឈាន​ទៅ​រក​ជំងឺមហារីក​សុដន់​ទាំងអស់​។ អ្នក​វិទ្យា​សា​ស្រ្ដបា​នប​ញ្ជា​ក់​ថា​ នា​រីៗ​ដែល​ប្រើ​វិធី​ពន្យារកំណើត​អាច​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ ជាង​ស្រ្ដី​ដែល​មិន​ប្រើប្រាស់​។ តែបើ​ស្រ្ដី​ដែល​ឈប់​ប្រើ​ (ឈប់​ពន្យារ​កំណើត​) ចន្លោះ​ពី​ 5-10ឆ្នាំ​ ទៅតាម​ទម្រង់​នៃ​ការ​ពន្យារកំណើត​ នឹង​មិន​មាន​ហានិភ័យ​កើតមាន​មហារីក​សុដន់​នោះ​ទេ​៕