Tag: ថាំលួង

  • គ្រូ អេក ប្រាប់មូលហេតុពិត ដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលរូងភ្នំថាំលួង

    គ្រូ អេក ប្រាប់មូលហេតុពិត ដែលនាំក្មេងៗក្រុមជ្រូកព្រៃចូលរូងភ្នំថាំលួង

    តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមកីឡាករជ្រូកព្រៃ អាខាដេមី ទាំង 13នាក់ បានបង្ហាញវត្តមាន និងផ្ដល់បទសម្ភាសជាលើកដំបូងបន្ទាប់ពីបានចេញពីរូងភ្នំថាំលួង តាមរយៈកញ្ចក់ទូរទស្សន៍ថៃនាវេលាម៉ោង 6ល្ងាចថ្ងៃម្សិលមិញនេះ ដែលមានការចូលរួមពីសំណាក់ អាណាព្យាបាល អង្គភាពស៊ីល គ្រូពេទ្យមន្ទីរពេទ្យខេត្តឈៀងរ៉ាយ និងអ្នកសារព័ត៌មានថៃ និងអន្ដរជាតិជាច្រើនរូប។

    នៅក្នុងនោះដែរ លោកគ្រូបង្វឹក អេក បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានពីមូលហេតុនៃការធ្វើដំណើរចូលទៅក្នុងរូងភ្នំថាំលួងថា មុនពេលនោះបន្ដិច ពួកយើងបានពិភាក្សាគ្នានៅក្នុងក្រុមរបស់យើងបន្ទាប់ពីបេសកកម្មធាក់កង់នៅបរិវេណជើងភ្នំរួចហើយថា នឹងចូលទៅលេងក្នុងរូងភ្នំថាំលួងជាមួយគ្នាជាលក្ខណៈផ្ទាល់ខ្លួន។ គ្រូបង្វឹកធ្លាប់ចូលទៅរួចមកហើយជាមួយប្អូនៗខ្លះនៅក្នុងក្រុម។ បន្ទាប់ពីបានបញ្ចប់ការប្រកួតបាល់ ពួកយើងក៏នាំគ្នាធ្វើដំណើរចូលទៅក្នុងរូងភ្នំភ្លាមៗតែម្ដង ដោយបានបញ្ជាក់ប្រាប់គ្រប់គ្នាទុកជាមុនថា នឹងត្រូវចេញពីរូងភ្នំមកវិញនៅវេលាម៉ោង 17គត់(5ល្ងាច)។ ដោយសារតែត្រូវជូនប្អូន តៃតាន់ ទៅរៀនកួរឱ្យទាន់ពេលវេលាវិញ។

    គ្រូបង្វឹកបាននិយាយពីអំឡុងពេលជាប់នៅក្នុងរូងភ្នំថា នៅពេលដើរត្រឡប់មកវិញ ក៏ប្រទះឃើញទឹកជន់ចូលមកបិទច្រកចេញ-ចូលយ៉ាងជ្រៅ ពេលនោះគ្រប់គ្នាបានព្យាយាមផ្ដល់កម្លាំងចិត្តគ្នាទៅវិញទៅមក និងព្យាយាមតាំងស្មារតី និងសតិអារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់មកក៏ព្យាយាមកាយខ្សាច់ជាចង្អូរដើម្បីឱ្យទឹកស្រកចេញ ក៏ប៉ុន្ដែទឹកមិនស្រកចុះសោះ ទើបពួកយើងនាំគ្នាស្វែងរកកន្លែងសម្រាក ដោយរំពឹងថា ថ្ងៃស្អែកទឹកនឹងស្រកអស់ទៅវិញ។ សូមបញ្ជាក់ថា គ្រប់គ្នាសុទ្ធតែអាចហែលទឹកបានទាំងអស់គ្នា គ្រាន់តែមានអ្នកខ្លះមិនសូវចំណាប់ប៉ុណ្ណោះ។

    ចំពោះយុទ្ធសាស្ត្ររំលែកសមាជិកក្រុមជ្រូកព្រៃ ដើម្បីជម្លៀសចេញពីរូងភ្នំមកក្រៅនោះ គ្រូបង្វឹកបានប្រាប់ថា លោកបានពិភាក្សាជាមួយអង្គភាពស៊ីល និងលោកគ្រូពេទ្យ ដោយបានសង្កេតមើលថា គ្រប់គ្នាមានសុខភាពរាងកាយ និងផ្លូវចិត្តល្អ ទើបជ្រើសរើសឱ្យអ្នកដែលមានផ្ទះនៅឆ្ងាយ បានចេញមកមុន និងតាមការស្ម័គ្រចិត្តរបស់ប្អូនៗខ្លួនឯងផង។ គួរបញ្ជាក់ដែរថា គ្រូបង្វឹក និងក្មេងៗក្រុមជ្រូកព្រៃ បានសម្ដែងអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះវីរភាពនៃការលះបង់ក្នុងការជួយសង្គ្រោះពួកគេរបស់លោក សាម៉ាន គុណាន់  ឬឈ្មោះហៅក្រៅ ចា សែម ជាអ្នកវាយប្រហារក្រោមផ្ទៃទឹកស្ម័គ្រចិត្ត ជំនាន់ទី 30 មានអាយុ 38 ឆ្នាំផងដែរ។ បន្ទាប់បានចាកចេញពីមន្ទីរពេទ្យ អ្នកទាំង 13នាក់ នឹងទៅគោរពវិញ្ញាណក្ខន្ធលោក សាម៉ាន គុណាន់ ដោយការដឹងគុណ និងអាល័យគ្រាចុងក្រោយ៕

  • នាយករដ្ឋមន្រ្តីថៃ គ្រោងរៀបចំរូងភ្នំ “​ថាំលួង” ជាតំបន់ទេសចរណ៍ល្អឯក

    នាយករដ្ឋមន្រ្តីថៃ គ្រោងរៀបចំរូងភ្នំ “​ថាំលួង” ជាតំបន់ទេសចរណ៍ល្អឯក

    បើតាមរយៈសារព័ត៌មាន Khaosod បានចេញផ្សាយឱ្យដឹងថា រូងភ្នំ “​ថាំលួង” បន្ទាប់ពីបានជួយសង្គ្រោះក្រុមកុមារបាល់ទាត់ “ជ្រូកព្រៃ” និងគ្រូបង្វឹកចេញមកក្រៅបានហើយ លោកនាយករដ្ឋមន្ត្រីថៃអាចនឹងប្រែក្លាយតំបន់នោះទៅជាគោលដៅទេសចរណ៍មួយដ៏សំខាន់។

    ថ្លែងចេញពីការិយាល័យរបស់លោកនៅពេលថ្មីៗកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចាន់អូឆា(ឈ្មោះក្រៅ ប៊ិក ទូ)  បានគូសបញ្ជាក់ដូច្នេះថា «រូងភ្នំដែលស្ថិតនៅក្នុងខេត្តឈៀងរ៉ាយ ភាគខាងជើង​​នៃប្រទេសមួយនេះ ទំនងអាចនឹងក្លាយជាកន្លែងដ៏ល្បីល្បាញទាំងនៅក្នុងស្រុក និងពិភពលោក ហើយវាក៏អាចនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ល្អឯកផងដែរ។ ដូច្នេះយើងត្រូវតែចាត់វិធានការធានាសុវត្ថិភាពឱ្យស្របទៅតាមសកម្មភាពទេសចរណ៍»។  

    ដើម្បីតាមដានស្ថានការណ៍ក្នុងការជួយសង្គ្រោះក្មេងៗទាំង 13នាក់ លោកនាយករដ្ឋមន្រ្តីថៃបានបញ្ជាក់បន្ថែមថា ការងារសំខាន់ដែលពាក់ព័ន្ធនោះត្រូវប្រញាប់រៀបចំផែនការរៀបចំឧទ្យានជុំវិញតំបន់រូងភ្នំ ដើម្បីឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរឡើង ព្រោះយើងមានទំនុកចិត្តថា បន្ទាប់ពីហេតុការណ៍នេះកន្លងផុតទៅ នឹងមានភ្ញៀវទេសចរធ្វើដំណើរមកកាន់ប្រទេសថៃ និងចូលទៅទស្សនារូងភ្នំ “ថាំលួង” នេះកាន់តែច្រើនមិនខាន៕

  • បង្ហើបពីមូលហេតុដែលគ្រូបង្វឹកនាំក្មេងៗ ចូលទៅក្នុងរូងភ្នំ “ថាំលួង”

    បង្ហើបពីមូលហេតុដែលគ្រូបង្វឹកនាំក្មេងៗ ចូលទៅក្នុងរូងភ្នំ “ថាំលួង”

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី4 ខែកក្កដា ឆ្នាំ 2018 នេះ បានឱ្យដឹងថា សម្រាប់ការរកឃើញក្មេងៗនៃក្រុមបាល់ទាត់ “ជ្រូកព្រៃ” ទាំង 13រូបនៅក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ាយ កាលពីពេលពាក់កណ្ដាលអាធ្រាតនៃថ្ងៃទី2 ខែកក្កដានោះ បានសាងក្ដីសប្បាយរីករាយចិត្តយ៉ាងខ្លាំងចំពោះអ្នកដែលទន្ទឹងរង់ចាំស្ដាប់នូវដំណឹងដ៏ល្អនេះ ។

    ហើយនៅទីបំផុត បន្ទាប់ពីបានរកឃើញក្រុមជ្រូកព្រៃនៅក្នុងរូងភ្នំហើយ កីឡាការិនីបាល់ទះនៃក្រុមជម្រើសជាតិថៃ វិឡាវ៉ាន់ អភិតយ៉ាផុង បានចេញមកធ្វើការបកស្រាយនូវការយល់ឃើញរបស់នាងក្នុងនាមជាអ្នកដឹកនាំក្រុមកីឡាការិនីម្នាក់ដែរនោះ  នាងបានពន្យល់ពីមូលហេតុដែលគ្រូបង្វឹកបាននាំក្មេងៗទាំង 12 រូប ចូលទៅក្នុងរូងភ្នំទាំងមានការដាក់ស្លាកសញ្ញាហាមឃាត់ នោះថា «បន្ទាប់ពីបានតាមដានសារព័ត៌មានជាច្រើនថ្ងៃមក យើងសង្កេតឃើញថា មនុស្សជាច្រើនមានមន្ទិលសង្ស័យចំពោះគ្រូបង្វឹកថា ហេតុអ្វីបានជានាំគ្នាចូលទៅក្នុងរូងភ្នំ ទាំងមានការហាមឃាត់ ដោយស្លាកសញ្ញាហាមឃាត់នោះបានប្រាប់ថា ហាមចូលទៅលេងក្នុងរូងភ្នំ នៅអំឡុងខែកក្កដា ដល់វិច្ឆិកា ដោយបានសរសេរយ៉ាងច្បាស់ៗ តែថ្ងៃដែលក្មេងៗចូលទៅនោះ គឺជាចុងខែមិថុនា ដូច្នេះមិនបានស្ថិតក្នុងខែហាមឃាត់នោះទេ»។

    នាងបន្ដថា «យើងត្រូវយល់ថា គ្រូបង្វឹកត្រូវការឱ្យក្មេងៗបានធ្វើការងារជាក្រុម រួមគ្នាជាក្រុមមួយក្នុងការហ្វឹកហាត់ និងសាងសម្ព័ន្ធភាពនៅក្នុងក្រុម ដែលវាជារឿងមួយចាំបាច់ និងសំខាន់បំផុតក្នុងការហ្វឹកហាត់កីឡាប្រភេទលេងជាក្រុមបែបនេះ។ ដូចគ្នាដែរ ក្រុមនាងខ្ញុំក៏បានធ្វើដូចគ្នាអីចឹងដែរ។ តែនៅក្នុងករណីរបស់ប្អូនៗក្រុមជ្រូកព្រៃ អាចសំណាងមិនល្អ ទើបកើតរឿងដែលនឹកស្មានមិនដល់នេះឡើង។ វាហាក់បីដូចជាស្ថិតនៅក្នុងបន្ទុកគ្រប់គ្រងក្រុម តែគ្មានអ្នកណាម្នាក់ចង់ឱ្យក្លាយជារឿងដែលមានបញ្ហាដល់អ្នកណាម្នាក់ឡើយ ហើយបើពិចារណាមកវិញ អ្នកទាំងអស់គ្នាបាននាំគ្នាជួយសង្គ្រោះដោយការស្ម័គ្រចិត្ត មកជួយដោយបេះដូង ព្រមលះបង់គ្រប់យ៉ាងដើម្បីជួយក្រុមក្មេងៗ»។

    ជាចុងក្រោយនាងបានបន្ដបញ្ជាក់ថា «រូងភ្នំមួយនេះ បើទោះបីជាមិនមានទឹកជន់ ក៏ជារូងភ្នំដែលសម្បូរទៅដោយឧបសគ្គវែងឆ្ងាយជាងគេ ព្រោះត្រូវឆ្លងកាត់ទាំងការដើរ លូនវារក្រាប ជ្រមុជ ដែលស័ក្ដិសមចំពោះការហ្វឹកហាត់របស់អ្នកកីឡា ក្នុងការអត់ទ្រាំ ការជួយយកអាសាគ្នា សាមគ្គីភាព ដែលជាហេតុផលមួយនាំឱ្យគ្រូបង្វឹកត្រូវធ្វើដូច្នោះ។ ប្រសិនបើជារូបនាងខ្ញុំវិញ ក៏នាងខ្ញុំត្រូវទៅដូចគ្នា ព្រោះវាជាការហ្វឹកហាត់សាងសមត្ថភាពផ្ទាល់ខ្លួន។ ដូចដែលគេនិយាយថា ទោះឧបសគ្គប៉ុនណាក៏ដោយ បើមានការតាំងចិត្តហើយ គឺអាចជម្នះបានទាំងអស់»៕

  • រឿងដំបូងដែលឪពុកម្ដាយក្រុមក្មេងៗជ្រូកព្រៃចង់ឱ្យធ្វើក្រោយពេលត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពនោះគឺ…

    រឿងដំបូងដែលឪពុកម្ដាយក្រុមក្មេងៗជ្រូកព្រៃចង់ឱ្យធ្វើក្រោយពេលត្រឡប់មកវិញយ៉ាងមានសុវត្ថិភាពនោះគឺ…

    បើតាមការចេញផ្សាយជាបន្ដរបស់សារព័ត៌មាន Teenee នៅពេលមុននេះបន្ដិចបានឱ្យដឹងថា ជាដំណឹងល្អបំផុត ដែលប្រជាជនទូទាំងប្រទេសថៃ និងពិភពលោក បានរីករាយចំពោះការនៅមានជីវិតរបស់ក្រុមក្មេងៗជ្រូកព្រៃទាំង 12 នាក់ និងលោកគ្រូបង្វឹកម្នាក់ ដែលមានចំនួនទាំងអស់ 13 នាក់បានជាប់នៅក្នុងរ៉ូងភ្នំថាំលួង ខេត្ត ឈៀងរ៉ៃ រយៈពេលជាង 10 ថ្ងៃមកនេះ។ លុះដល់យប់ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2018 ក៏ទទួលបានដំណឹងថា អ្នកទាំង 13 រូបនេះ នៅមានជីវិតទាំងអស់ ដែលជាដំណឹងធ្វើឱ្យក្រុមគ្រួសាររបស់គេ សប្បាយចិត្តរកអ្វីមកថ្លែងពុំបានឡើយ។

    នៅទីបំផុតនេះ អាណាព្យាបាលរបស់អ្នកទាំង 13 រូបនេះ បានត្រៀមខ្លួនក្នុងការជួបមុខ និងសំណេះសំណាលជាមួយកូនៗ ជាលើកដំបូងបន្ទាប់ពីបានជួយហេតុការណ៍បាត់ខ្លួននៅក្នុងរ៉ូងភ្នំថាំលួង ដោយក្រុមគ្រួសាររបស់ពួកគេបានផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃថា « ពួកយើងខ្ញុំ ត្រៀមឱ្យកូនចៅបួសជាសង្ឃ នៅរយៈវេលា 9 ថ្ងៃ បន្ទាប់ពីបានចេញពីរ៉ូងភ្នំបានដោយសុវត្ថិភាព ដើម្បីជាសិរីមង្គល និងឧទ្ទិសបុណ្យកុសលជូនព្រះម៉ែ នាងដេក ម្ចាស់ទឹកដីការពាររ៉ូងភ្នំថាំលួង »៕