Tag: ថវិកាជាតិ

  • ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

    ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

    សភាជាន់​ទាប​ថៃ កាល​ពី​ថ្ងៃទី 05 មករា 2024 បាន​បោះ​ឆ្នោត​អនុម័ត​យល់​ស្រប​នឹង​ការ​អាន​ដំបូង​នូវ​សេចក្ដី​ស្នើ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំសារពើពន្ធ​ 2024​ ដែល​មាន​តម្លៃ​សរុប​ជាង 101 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​មាន​ការ​គាំទ្រចំនួន 311 សំឡេង, ប្រឆាំង 177 សំឡេង និង​អនុបវាទ 4 សំឡេង​។

    សភា​ជាន់​ទាប​ថៃ បាន​បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ 2024 ក្រោយ​ពី​ការ​ជជែក​តឹង​សរសៃ​ក​​រយៈ​ពេល​បី​ថ្ងៃ​ (3-5 មករា) រវាង​សម្ព័ន្ធ​ភាព​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​។

    យោង​តាម​គោលការណ៍ សេចក្ដី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​សភា​ជាន់​ទាប​ថៃ​ពិភាក្សា​ និង​អនុម័ត​ទៅលើ​ការ​អាន​ខ្លឹម​សារ​ជា​លើក​ទីពីរ និង​ទីបី​ នៅ​ក្នុង​ថ្ងៃទី 3 និង​ទី 4 ខែ​មេសា​ខាងមុខ​។ ក្រោយ​មក សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវបញ្ជូន​ឡើង​ទៅកាន់​សភា​ជាន់​ខ្ពស់​ និង​ព្រះ​មហា​ក្សត្រ​ថៃ ដើម្បី​ពិនិត្យ​ អនុម័ត​នៅ​ក្នុង​ខែ​ឧសភា 2024​។

    តាម​ការ​គណនា ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 របស់​រាជរដ្ឋាភិបាល​ថៃ មាន​តម្លៃ​សរុប​ 3.48 លាន​លាន (ទ្រីលាន) ​បាត (ប្រហែល​នឹង 101.46 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ខណៈ​ដែល​ប្រភព​ចំណូល​ក្នុង​ឆ្នាំ​គ្រោង​នឹង​សម្រេច​បាន 2.787 លាន​លាន​បាត (ប្រហែល 81.25 ពាន់​លាន​ដុល្លារ​អាម៉េរិក)​។

    ឆ្នាំ​សារពើពន្ធ​ 2024 របស់​ប្រទេស​ថៃ ជាក់​ស្ដែង​បាន​ចាប់​ផ្ដើម​ពីថ្ងៃទី 01 តុលា 2023​។ ការ​យឺត​យ៉ាវ​នៃ​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 គឺ​ដោយ​សារ​ផល​ប៉ះ​ពាល់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ 2023​ ក៏ដូច​ជា​ដំណើរ​ការ​បង្កើត​សភា​ជាន់​ទាប និង​រាជរដ្ឋាភិបាល​ ក្រោយ​ការ​បោះ​ឆ្នោត​នេះ៕

  • បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

    បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

    លោកតា Natsuo Nakajima អាយុ 87 ឆ្នាំ បាន​ជូន​មាស​ដុំ​ទម្ងន់ 29 គីឡូក្រាម និង​ប្លា​ទីន​ទម្ងន់ 1 គីឡូក្រាម ដល់​អាជ្ញាធរ​ក្រុង Minoh ដើម្បី​ទិញ​រថយន្ត​សង្គ្រោះបន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

    រដ្ឋបាល​ក្រុង Minoh ខេត្ត Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី 20 មិថុនា បានរៀបចំ​ពិធី​ទទួល​ដុំ​មាស និង​ប្លា​ទីន តម្លៃ​សរុប 280 លាន​យេន (ជិត 2 លាន​ដុល្លារ​អាម៉េរិក) ពី​លោកតា Nakajima បន្ទាប់ពី​គាត់​ជូន​កាលពី​ខែឧសភា។

    «ខ្ញុំ​ចង់​ប្រគល់​ទៅវិញ​នូវ​អ្វីដែល​ខ្ញុំ​សន្សំ​បាន​នៅ Minoh ក្នុង​រយៈពេល​ជាង 50 ឆ្នាំ​កន្លងមកនេះ» លោកតា Nakajima មាន​ប្រសាសន៍​​ដូច្នេះ និង​ចង់ឃើញ​រដ្ឋអំណាច​ប្រើប្រាស់​អំណោយ​នេះ​ដើម្បី​ទិញ​រថយន្ត​​សង្គ្រោះ​បន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

    អភិបាលក្រុង Minoh លោក Ueshima ប្រគល់វិញ្ញាបនបត្រថ្លែងអំណរគុណ និងសរសើរ ដល់លោកតា Nakajima

    លោកតា Nakajima គឺជា​ម្ចាស់​ហាង​លក់​សាច់​គោមួយ​ដែល​បើកទ្វារ​តាំងពី​ឆ្នាំ 1960 នៅ​ទីក្រុង Minoh។ បច្ចុប្បន្ន គាត់​បាន​ចូលនិវត្តន៍ និង​បានប្រគល់​មុខរបរ​នេះ​ឱ្យ​កូនចៅ​គ្រប់​គ្រង​បន្ត​។

    អភិបាលក្រុង លោក Ueshima បាន «សម្ដែង​ការគោរព​ដឹងគុណ​ចំពោះ​លោកតា Nakajima ដែល​បាន​បរិច្ចាគ​ទ្រព្យ​ដែលជា​ញើស​ជា​ឈាម​របស់ខ្លួន»។ អាជ្ញាធរ​​ក្រុង​នឹង​ប្ដូរ​មាស និង​ប្លា​ទីន​ទាំងនេះ​ទៅជា​សាច់ប្រាក់​ដើម្បី​ដាក់ចូល​ថវិកាជាតិ​សម្រាប់​ការ​ចាត់​ចែង​នា​ពេល​ខាងមុខ​៕

  • COVID-19! សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​កញ្ចប់​ថវិកាជំនួយ​ 2លាន​លាន​ដុល្លារ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​វីរុស​កូរ៉ូណា​

    COVID-19! សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​កញ្ចប់​ថវិកាជំនួយ​ 2លាន​លាន​ដុល្លារ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​វីរុស​កូរ៉ូណា​

    សភា​ជាន់​ខ្ពស់​អាមេរិកាំង​ ទើប​តែ​បាន​បោះ​ឆ្នោត​អនុម័ត​​​យល់​ព្រម​​ទៅ​លើ​សេចក្ដី​ព្រាង​​ច្បាប់​ដ៏​ធំ​មួយ​ ដើម្បី​ជួយ​ដល់​​ពលករ​ និង​វិស័យ​ឧស្សហ​កម្ម​ទាំង​ឡាយ​ដែល​រង​ផល​ប៉ះពាល់ខ្លាំង​​ពី​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​​COVID-19។

    ក្រោយ​ពី​ការ​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​ក រៀង​ៗ​ខ្លួន សភាជាន់​ខ្ពស់​សហរដ្ឋអាមេរិក ក៏​បាន​បោះ​ឆ្នោត​អនុម័ត​លើសេចក្ដី​ព្រាង​​ច្បាប់​ស្ដី​អំពី​កញ្ចប់​ថវិកា​ជំនួយ​​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​រហូតដល់​ 2លានលាន​ដុល្លារ​អាមេរិក(សារ​ព័ត៌មាន Globalnews ថា 2.2​លាន​លាន​ដុល្លារ​) ដោយ​មាន​96​សំឡេង​យល់​ព្រម​ និង​​0សំឡេង​ជំទាស់។ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភាជាន់​ទាប​អាមេរិកាំង​ ដើម្បី​ពិនិត្យ​ និង​អនុម័ត​នៅ​ថ្ងៃស្អែក​(27​មីនា)។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump ថ្ងៃ​នេះ​បាន​អះអាង​ថា នឹង​ចុះ​ហត្ថលេខា​ភ្លាម បន្ទាប់ពី​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​ បាន​ឆ្លង​កាត់​សភា​ជាន់​ទាប​ និង​បាន​មក​ដល់​សេត​វិមាន។

    កញ្ចប់​ថវិកា​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 2លាន​លាន​ដុល្លារ​នេះ​ នឺង​ក្លាយ​ជា​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋ​កិច្ច​ជាតិ​ដំបូង​គេ​បង្អស់​នៅ​សភា​សហរដ្ឋ​អាមេរិក​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ធំ​ជាង​គេ​មិន​ធ្លាប់​មាន​ពីមុន​មក​។ ក្នុង​នោះ រួម​មាន​500​ពាន់​លាន​ដុល្លារសម្រាប់​វិស័យ​ឧស្សហកម្ម​ដែល​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​វិបត្តិ​សុខ​ភាព​​COVID-19 និង​250​ពាន់​លាន​ដុល្លារ​សម្រាប់​បែង​ចែក​ជូន​ពលរដ្ឋ​​ផ្ទាល់​ ដោយ​ក្នុង​1គ្រួសារ​នឹ​ង​ទទួល​បាន​ប្រាក់​3,000​ដុល្លារ ចំណែក​350​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ផ្ដល់​ជា​ប្រាក់​កម្ចី​ដល់​អាជីវ​កម្ម​ខ្នាត​តូច និង​250​ពាន់​លាន​ដុល្លារ​​សម្រាប់​ជួយ​ដល់​អ្នក​អត់​ការ​ងារ​ធ្វើ​ និង130​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​បណ្ដា​មន្ទីរពេទ្យ​ និង​150​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ជួយ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​ពង្រឹង​យុទ្ធ​នាការ​ប្រឆាំង​នឹង​ COVID-19។

    កាល​ពី​ម្សិលមិញ ក្រោយ​រយៈ​ពេល​5ថ្ងៃ​ដែល​បាន​ជជែក​គ្នា​ ក្រុម​មន្ត្រី​កំពូល​ៗ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​តំណាង​រាស្ត្រ​ទាំង​2​បក្ស​ បាន​​ព្រម​ព្រៀង​គ្នា​ទៅលើ​ការ​បញ្ចេញ​​កញ្ចប់​ថវិកា​ជំនួយ​ដ៏ធំ​មួយ​ខាង​លើ​នេះ​។ ប្រធាន​សភាជាន់​ទាប​អាមេរិកាំង Nancy Pelosi បាន​ឱ្យ​ដឹង​ថា លោក​ស្រី​សង្ឃឹម​ថា ការ​ព្រម​ព្រៀង​គ្នា​នេះ​នឹង​ត្រូវ​បាន​អនុម័ត​យល់​ព្រម​នៅ​ថ្ងៃស្អែក​(27មីនា)​នេះ​។ នេះ​គឺជា​កិច្ច​ការ​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ទម្ងន់​នៃ​វិបត្តិ​នា​បច្ចុប្បន្ន​។

    មុន​នេះ​ សហរដ្ឋ​អាមេរិក​ក៏​បាន​អនុម័ត​យល់​ព្រម​​ទៅ​លើ​ការ​បញ្ចេញ​កញ្ចប់​​​ថវិកា​ចំនួន​2រួច​មកហើយ​នៅ​ក្នុង​ខែ​នេះ​។ ទំហំ​សរុប​នៃ​កញ្ចប់​ថវិកា​ទាំង​3​នេះ ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ការ​ចំណាយសរុប​​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ នេះ​បើតាម​សារ​ព័ត៌មាន​ Reuters។

    កញ្ចប់​ថវិកា​ទី3នេះនឹង​បញ្ចូល​ទឹក​ប្រាក់​ទំហំ​ “​ខ្នាត​យក្ស​” ចូល​ទៅ​ក្នុង​សេដ្ឋ​កិច្ច​​ជាតិ​ ក្នុង​អំឡូង​ប្រទេស​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​COVID-19 ចំនួន​68,489នាក់ ដែល​ក្នុង​នោះ​មាន​1,032​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ក្រសួងហិរញ្ញវត្ថុចិនទម្លាក់ថវិកា 11,200លានយន់តតាំងសង្គ្រាមរោគឆ្លង វីរុសរលាកសួត

    ក្រសួងហិរញ្ញវត្ថុចិនទម្លាក់ថវិកា 11,200លានយន់តតាំងសង្គ្រាមរោគឆ្លង វីរុសរលាកសួត

    ក្រសួងហិរញ្ញវត្ថុចិនបានបញ្ជាក់ថា រហូតមកដល់ម៉ោង 00.00នាទី នៃថ្ងៃទី27 នេះអង្គភាពផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនេះបានគាំទ្រថវិកាបន្ថែមហើយ ដោយចំនួនទឹកប្រាក់ 11,200យន់(ប្រមាណ 1,600លានដុល្លារ)សម្រាប់ការចាត់ការរៀបចំរកគ្រឿងឧបករណ៍ ធនធានមនុស្ស និងវិធានការផ្សេងៗទៀតដើម្បីការពារ និងគ្រប់គ្រងជំងឺរលាកសួតដ៏គួរឱ្យខ្លាចនេះឱ្យបាន។

    1,600លានដុល្លារនេះអាច​ជួយ​ទ្រទ្រង់សម្រាប់ការចាត់ការរៀបចំរកគ្រឿងឧបករណ៍ ធនធានមនុស្ស និងវិធានការផ្សេងៗទៀត

    របាយការណ៍បានបន្ថែមថា បន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺរលាកសួតដែលបណ្ដាលមកពីមេរោគវីរុស កូរ៉ូណាប្រភេទថ្មី អង្គភាពផ្នែកហិរញ្ញវត្ថុនៃក្រសួងហិរញ្ញវត្ថុគ្រប់លំដាប់ថ្នាក់បានដំណើរការតាមបញ្ជារបស់គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន ដើម្បីជំរុញឱ្យទទួលបានការសម្រេចអនុម័តតាមដំណាក់កាលផ្សេងៗរបស់រដ្ឋសភា ក្នុងការធានាលើការរៀបចំថវិកា ដើម្បីមិនឱ្យបញ្ហាខាងផ្នែកហិរញ្ញវត្ថុនេះប៉ះពាល់ដល់ការការពារ និងគ្រប់គ្រងជំងឺឆ្លងមួយនេះ។

    ដោយឡែក ចំនួនអ្នកផ្ទុកមេរោគរលាកសួត វូហាន នៅក្នុងប្រទេសចិនកាលពីវេលាម៉ោង 11.15 ថ្ងៃនេះ(27 មករា)ម៉ោងក្នុងប្រទេសកម្ពុជា ស្ថិតក្នុងចំនួន 2,753នាក់ និងស្លាប់បាត់បង់ជីវិតទាំងអស់ 80នាក់ហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាមេរិកលែងជាមហាអំណាចលេខ1 ផ្នែក​នាវា​ចម្បាំង​ទៀតហើយ តើប្រទេសណាមកជំនួស? ហើយតើហេតុអ្វី?

    អាមេរិកលែងជាមហាអំណាចលេខ1 ផ្នែក​នាវា​ចម្បាំង​ទៀតហើយ តើប្រទេសណាមកជំនួស? ហើយតើហេតុអ្វី?

    ជិត​ 1ខែ​ បន្ទាប់ពី​អាមេរិក​បាន​បញ្ជាក់​ថា​ នឹង​ចំណាយ​ថវិកា​ 738ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារ​ជាតិ​ក្នុង​ឆ្នាំ2020​ តែ​កងទ័ពជើងទឹក​របស់​ប្រទេស​នេះ​ បែរជា​ត្អូញត្អែរ​ថា​ ខ្វះ​លុយ​ធ្វើការ​ទៅវិញ​?។

    យោង​តាម​ព័ត៌មាន​ថ្មី​បំផុត​ដែល​បាន​ចុះផ្សាយ​នៅ​សហរដ្ឋអាមេរិក​ កងទ័ពជើងទឹក​ប្រទេស​នេះ​ បាន​អះអាង​ថា​ ថវិកា​ចំនួន​នេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​ដែល​បាន​គ្រោងទុក​នោះ​ឡើយ​។

    ជាក់ស្ដែង​ ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​របស់​អាមេរិក​ក្នុង​ឆ្នាំ2020​ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ នឹង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ 738ពាន់​លាន​ដុល្លារ​ គឺ​នៅតែ​ជា​ប្រទេស​ដែល​ចំណាយ​ច្រើនជាង​គេ​ក្នុង​វិស័យ​ការពារ​ជាតិ​ ក៏ប៉ុន្តែ​ នៅពេល​គេ​បែងចែក​ទៅ​ឱ្យ​ផ្នែក​ផ្សេង​ៗក្នុង​វិស័យ​ការពារ​ជាតិ​ គេ​ឃើញថា​ កងទ័ពជើងទឹក​ត្រូវ​ខ្វះ​ថវិកា​ ដែល​ការណ៍​នេះ​ វា​នឹង​នាំ​ឱ្យ​ទ័ពជើងទឹក​មិន​អាច​បំពេញភារកិច្ច​ដូចដែល​បាន​ដាក់ចេញ​បាន​។

    កងទ័ពជើងទឹក​អាមេរិក​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​របស់​លោក​ Donald​ Trump​ បាន​ស្នើ​ឱ្យ​កងទ័ពជើងទឹក​ត្រូវ​មាន​នាវាចម្បាំង​យ៉ាងតិច​ 355គ្រឿង​ និង​ត្រូវ​ធ្វើសកម្មភាព​ជាប្រចាំ​ដើម្បី​អាច​ធានា​សន្តិសុខជាតិ​បាន​។

    បើ​ចំណាយ​តាម​ថវិកា​ដែល​ប្រគល់​ឱ្យ​ក្នុង​ឆ្នាំនេះ​ ទ័ពជើងទឹក​អាមេរិក​អាច​ចំណាយ​ត្រឹមតែ​ 209លាន​ដុល្លារ​ប៉ុណ្ណោះ​ សម្រាប់​អភិវឌ្ឍន៍​នាវាចម្បាំង​គ្មាន​មនុស្ស​បើក​ខ្នារ​ធំ​ចំនួន​ 2គ្រឿង​ និង​ 50លាន​ដុល្លារ​ទៀត​សម្រាប់​នាវា​គ្មាន​មនុស្ស​បើក​ខ្នាត​តូច​ដែល​គ្មាន​បំពង់​សម្រាប់​ដាក់​បាញ់​គ្រាប់​រ៉ុក្កែត​។

    គិត​មកដល់​ឆ្នាំ2019​ អាមេរិក​លែង​ជា​ប្រទេស​ដែល​មាន​កង​នាវាចម្បាំង​ខ្លាំង​លំដាប់​ទី1​ ក្នុង​ពិភពលោក​ទៀតហើយ​ ព្រោះថា​ ចិន​បាន​ចូល​មក​ជំនួស​តំណែង​នេះ​។ ថ្វីបើ​អាមេរិក​មាន​នាវាចម្បាំង​ច្រើនជាង​ចិន​ក៏​ពិតមែន​ ប៉ុន្តែ​មានតែ​ 293គ្រឿង​ប៉ុណ្ណោះ​ដែល​អាច​បំពេញបេសកកម្ម​ជាប្រចាំ​បាន​ ចំណែក​នាវាចម្បាំង​ក្រៅពី​នេះ​ គឺ​បាន​ឈាន​ដល់អាយុ​កាល​ត្រូវ​ចូលនិវត្តន៍​ ឬត្រូវ​ជួសជុល​ហើយ​។

    ចំណែក​ប្រទេស​ចិន​វិញ​ ចំនួន​នាវាចម្បាំង​បាន​កើន​ដល់​ 300គ្រឿង​កាលពី​ចុងឆ្នាំ2019​ បន្ទាប់ពី​បាន​ដាក់​ឱ្យ​ប្រើប្រាស់​បន្ថែម​នូវ​នាវា​ចម្បាំង​ថ្មី​ៗមួយចំនួន​ទៀត​។

    ក្នុង​ការ​បកស្រាយ​អំពី​បញ្ហា​ខាងលើ​ កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​ថា​ កាលពី​អំឡុង​ទសវត្សរ៍​ទី80​ នៃ​សតវត្សរ៍​មុន​ កងទ័ពជើងទឹក​អាមេរិក​បាន​ប្រើ​ថវិកាជាតិ​រហូតដល់​ទៅ​ 38​% នៃ​ថវិកា​សរុប​សម្រាប់​វិស័យ​ការពារ​ជាតិ​។ ប៉ុន្តែ​ បច្ចុប្បន្ន​ ភាគរយ​នេះ​បាន​ថយ​មក​នៅ​ត្រឹម​ 34​%ប៉ុណ្ណោះ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​