Tag: តួលេខសរុប

  • COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ “Corona” និង​ “Covid”

    COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ “Corona” និង​ “Covid”

    ឥណ្ឌា៖ ប្ដីប្រពន្ធ​មួយ​គូនៅ​ឯទីក្រុង​ Raipur បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ភ្លោះ​របស់​ខ្លួន​ថា Corona និង​ Covid ដើម្បី​ចង​ចាំ​នូវ​ការ​លំបាកដែល​បង្ក​ឡើង​ដោយ​វីរុស​ COVID-19 ​ដែល​ពួកគេ​បាន​ឆ្លង​កាត់​។

    ពាក្យ​ “Corona” និង “Covid” អាច​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ ប៉ុន្តែ​ចំពោះ​ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ក្នុង​ទី​ក្រុង​ Raipur នៃ​រដ្ឋ​ Chhattisgarh របស់​ប្រទេស​ឥណ្ឌាវិញ បាន​ចាត់​ទុក​ថាជា​ និមិត្តរូប​នៃ​ការ​យក​ឈ្នះ​ទៅ​លើ​ស្ថាន​ភាព​លំបាក ដោយ​សារ​តែ​កូន​ភ្លោះ​របស់ពួក​គេ​បាន​ចាប់​កំណើត​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រជាជន​នៃ​ប្រទេស​ឥណ្ឌា​ទាំង​មូល​កំពុង​​រស់​នៅ​ក្រោម​បម្រាម​គោចរ​​។

    “ខ្ញុំ​បាន​ទទួល​កូន​ទាំង​2​រូប​ ម្នាក់​ស្រី និង​ម្នាក់​ប្រុស កាល​ពី​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃទី​27​មីនា​” Preeti Verma អាយុ​27​ឆ្នាំ ជា​ម្ដាយ​របស់​ទារក​ភ្លោះ​ទើប​កើត​ បាន​និយាយ​បែប​នេះ​។ “ពួកយើង​បាន​ដាក់​ឈ្មោះ​ឱ្យកូនប្រុស​ថា Covid និង​កូនស្រី​ថា Corona។ ខ្ញុំ​បាន​បង្កើត​ពួកគេ​បន្ទាប់​ពី​បាន​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ ដូច្នេះ​ហើយ ខ្ញុំ​ និង​ប្ដីខ្ញុំ​ មាន​បំណង​ចង់​ចង​ចាំ​កាលៈ​ទេសៈ​នេះ​”។

    COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ "Corona" និង​ "Covid"
    ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ “Corona” និង​ “Covid”

    ប្ដី​ប្រពន្ធ​នេះ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​រដ្ឋ Uttar Pradesh និង​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​នៅ​តំបន់ Raipur។ យប់​នៃ​ថ្ងៃទី​26​មីនា នាង​ Verma ឈឺ​ពោះ​យ៉ា​ង​ខ្លាំង​ ធ្វើ​ឱ្យ​ប្ដី​របស់នាង​ត្រូវ​ហៅ​ឡាន​ពេទ្យ​102 Mahtari Express មក​ដឹក​នាង​ទៅ​ពេទ្យ​ជា​បន្ទាន់​។ ប៉ុន្តែ មធ្យោបាយ​ធ្វើដំណើរ​ទាំង​អស់​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​អំឡុង​ពេល​អនុវត្ត​បទ​បញ្ជាបម្រាម​គោចរ​។ ពួកគេ​ត្រូវ​បាន​សមត្ថ​កិច្ច​ជា​ច្រើន​កន្លែងរារាំង​ និង​សួរ​នាំ​។ ញាតិ​របស់​ Verma ក៏មិន​អាច​ទៅ​ថែ​ទាំ​នាង​បាន​ ព្រោះ​តែ​រថយន្ត​ក្រុង​ និង​រថភ្លើង​សុទ្ធ​តែ​ត្រូវ​ផ្អាក​ដំណើរ​ការ​។

    “ពួកគេ​បាន​សម្រេច​ចិត្តឆ្លង​ទន្លេ​ដោយ​ការ​​វះកាត់​ ព្រោះ​នេះ​គឺជា​ករណី​ស្មុគស្មាញ”។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ Shubhra Singh ដែលជា​តំណាង​របស់​មន្ត្រី​ពេទ្យ Dr BR Ambedkar Memorial។ ក្រោយ​រយៈ​ពេល​45​នាទី​ កូន​ភ្លោះ​មួយ​គូបាន​ចាប់​កំណើត​។ ទារក​ទាំង​2នាក់​នេះ មានសុខភាព​ល្អ និង​មាន​ទម្ងន់​2.9 និង​2.7​គីឡូក្រាម​។

    Verma ថ្លែង​ថា បើ​ទោះជា​បង្ក​គ្រោះ​ថ្នាក់​ធំធេង ប៉ុន្តែ វីរុសCOVID-19 បាន​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​អនាម័យ​ជាង​មុន​ និង​ចងចាំ​ទម្លាប់​ល្អ​ផ្សេង​ៗ​ទៀត​។

    COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ "Corona" និង​ "Covid"“នៅ​ពេល​បុគ្គលិក​ពេទ្យ​បាន​ហៅ​ទារក​ទាំង​2ថា Corona និង Covid​ យើង​ក៏សម្រេច​ចិត្ត​ដាក់​ឈ្មោះ​នេះ​ឱ្យ​កូនៗ” Verma និយាយ​បែប​នេះ​។ ប៉ុន្តែ​ ប្ដីប្រពន្ធ​នេះ​បាន​ឱ្យ​ដឹង​ថា ពួកគេ​អាច​នឹង​កែ​ប្រែ​ការ​សម្រេច​ចិត្ត​ និង​ប្ដូរ​​ឈ្មោះ​ឱ្យ​កូនៗ នៅ​ពេល​ក្រោយ​។

    ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​ COVID-19 ជាង​2,500​នាក់ ក្នុង​នោះ​មាន​70​នាក់​បាន​បាត់បង់ជីវិត​។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ដាក់​បម្រាម​គោចរ​ចាប់ពីថ្ងៃទី​25មីនា​ ដោយ​ស្នើ​ឱ្យប្រជាជន​ប្រមាណជា​1.3​ពាន់​លាន​នាក់​ នៅ​តែ​ក្នុង​ផ្ទះ​ ហើយ​មាន​តែ​សេវា​កម្ម​ចាំបាច់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស​

  • COVID-19! ប្រទេស​ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​

    COVID-19! ប្រទេស​ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​

    លោកវេជ្ជ​បណ្ឌិត​ Li Wenliang ដែលជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ព្រមាន​អំពី​វីរុស​ COVID-19 ដំបូង​គេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ចុះ​កិច្ច​សន្យា​ទទួល​កំហុសកន្លង​មក​នោះ​ ពេល​នេះ​ត្រូវ​បាន​តែង​តាំង​ជា​វីរជនពលី​។

    អាជ្ញាធរ​ខេត្ត​ Hubei ប្រទេស​ចិន បាន​សម្រេច​ផ្ដល់​ឋានៈ​ជា​វីរជន​ពលី​ (martyr) ដល់​បុគ្គលិក​ពេទ្យ​ចំនួន​12​រូប​ដែល​បាន​បាត់​បង់​ជីវិត​​ដោយ​សារ​វីរុស​COVID-19 បន្ទាប់​ពី​បាន​​បូជា​ជីវិត​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​ដើម្បី​ការ​ពារ​ជីវិត​ និង​សុខ​ភាព​របស់​ប្រជាជន​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ CCTV កាល​ពី​ថ្ងៃទី​2មេសា​កន្លង​ទៅ​។

    “វីរជនពលី” គឺ​ជាឋានៈ​កិត្តិយស​ខ្ពស់​បំផុត​ត្រូវ​បាន​ប្រទេស​ចិន​តែង​តាំង​ដល់​ពល​រដ្ឋ​ដែល​បាន​ស្លាប់​ក្នុង​ពេល​បំពេញ​បេសក​កម្ម​ដើម្បី​ប្រទេស​ជាតិ​។ ឋានៈ​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​​សព​វេជ្ជបណ្ឌិត​ Li Wenliang បន្ទាប់​ពី​គ្រូពេទ្យ​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ Wuhan ហៅ​ទៅ​ស្ដី​បន្ទោស​ បង្ខំ​ឱ្យ​ចុះកិច្ច​សន្យា​ និង​ទទួល​កំហុស​។

    Li Wenliang គឺជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាង​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ Central Hospital ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubie។ ចុង​ខែ​ធ្នូ ឆ្នាំ2019 វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​ចែក​រំលែក​សារ​​មួយ​ទៅ​កាន់​អ្នក​រួម​អាជីព​ អំពី​ជំងឺ​ថ្មី​មួយ​ដែល​ដូច​ទៅ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុស​SARS។ បន្ទាប់​មក​ មេរោគ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា COVID-19 ដែល​បច្ចុប្បន្ន​ បាន​ធ្វើ​ឱ្យ​មនុស្ស​​ជាង​1098,000​នាក់​​បាន​កើត​ជំងឺ និងជាង​​​59,160​នាក់ បានបាត់​បង់ជីវិត​ នៅទូទាំង​ពិភពលោក​។

    ក្រោយ​ពី​បាន​ចែក​រំលែក​ព័ត៌មាន​ស្ដី​អំពី​វីរុស​ថ្មី វេជ្ជ​បណ្ឌិត​ Li Wenliang ក៏ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​ទៅ​សួរនាំ​ ហើយ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កំហុស​ថា​បាន​ “បញ្ចេញ​ព័ត៌​មាន​ព័ត៌មិន​ពិត​” និង “បញ្ចេញ​មតិ​មិន​ត្រឹម​ត្រូវ​”​។

    លោក​វេជ្ជ​បណ្ឌិត​ Li បន្ទាប់​មក​ក៏​បាន​ឆ្លង​វីរុស​​កូរ៉ូណា​ COVID-19 នៅ​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ​ ហើយ​បាន​បាត់បង់ជីវិត​កាល​ពី​ថ្ងៃទី​27​មីនា នៅ​មន្ទីរពេទ្យ​Central Hospital​។ នៅមុន​ពេល​លោក​ស្លាប់ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ក៏​ធ្លាប់​បាន​សម្ភាស​ជា​មួយ​សារ​ព័ត៌មាន New York Time និង​បាន​ថ្លែង​ថា “បើ​សិន​ជា​ក្រុម​មន្ត្រី​បាន​បញ្ចេញ​ព័ត៌មាន​ស្ដីអំពី​ជំងឺ​នេះ​បាន​ឆាប់​ ខ្ញុំ​គិត​ថា​ស្ថាន​ភាព​នឹង​បាន​ធូរ​ស្រាល​ជាង​នេះ​ច្រើន​។ គេ​ត្រូវ​ការ​ភាព​ស្មោះ​ត្រង់ និង​តម្លាភាព​ជាង​នេះ​”។

    COVID-19! ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​ការ​ស្លាប់​របស់​គ្រូពេទ្យ​ Li បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​ចិន​។ ពួកគេ​អំពាវ​នាវ​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ឱ្យ​អាជ្ញាធរ​សុំ​ទោស​ជា​ដើម​។ល។ ប្រការ​នេះ​បាន​ជះឥទ្ធិពល​ដល់​រដ្ឋា​ភិបាល​ចិន​។ ថ្ងៃទី​19​មីនា NSC(National Supervisory Commission) ដែលជា​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​របស់​ប្រទេស​ចិន​ បាន​ប្រកាស​ថា ទង្វើ​ដែល​អាជ្ញា​ធរ​ទីក្រុង​ Wuhan ពិន័យ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ Li Wenliang គឺ​ជា​រឿង “ខុស​ប្រក្រតី” និង​ “មិន​ត្រឹម​ត្រូវ​”​។

    NSC ថ្លែង​ថា នគរ​បាល​ទីក្រុង​ Wuhan ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ហើយ​ការ​ពិន័យ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ Li ក៏ត្រូវ​តែ​លុប​ចោល​។ អាជ្ញាធរ​ទី​ក្រុង​ Wuhan ក្រោយ​មក​ក៏បាន​ធ្វើ​ការ​សុំ​ទោស​ និង​ដក​ការ​ពិន័យ​​របស់​ខ្លួន​មកវិញ។

    នៅ​ព្រឹក​នេះ ប្រទេស​ចិន​ទាំង​មូល​បាន​ធ្វើ​ការ​គោរព​វិញ្ញាណក្ខន្ធ​3នាទី​ ដើម្បី​លើក​តម្កើង​កិត្តិយស​របស់​វីរជន​ វីរនាី​ទាំងអស់​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​COVID-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​ជិត​59,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    មនុស្ស​ជិត​59,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​បន្ត​ជា​ចំណុច​ក្ដៅ​របស់​ COVID-19 នាំ​ឱ្យ​ករណី​ឆ្លង​មេរោគ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​1.1​លាន​នាក់​ ក្នុងនោះ​អ្នកជំងឺ​ជិត​59,000​នាក់​ បាន​បាត់​បង់ជីវិត​។

    យោង​តាម​ទិន្ន​ន័យរបស់​សាកលវិទ្យា​ John Hopkins ពិភពលោក​ទាំង​មូល​មាន​អ្នក​ឆ្លង​មេរោគ​ COVID-19 ចំនួន​1,094,068​នាក់​ ក្នុង​នោះ​អ្នក​ស្លាប់​មា​ន​ចំនួន​58,787​នាក់។ អ្នក​ឆ្លង​មេរោគ​ថ្មីកើន​ 82,578​ករណី និង​អ្នក​ស្លាប់​ថ្មី​កើន​5,924​ករណី​​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​មក​នេះ​។ ក្នុង​ចំណោម​អ្នកជំងឺ​សរុប មាន​225,796​ករណី​បាន​ជា​សះស្បើយ​ ដែល​ភាគ​ច្រើន​គឺ​នៅ​ប្រទេស​ចិន​។

    សហរដ្ឋ​អាមេរិក៖ មាន​អ្នក​ឆ្លង​មេរោគ​ថ្មី28,667​ករណី និង​អ្នក​ឆ្លង​មេរោគ​សរុប​273,880​ករណី​។ អ្នក​ស្លាប់​ថ្មី​1,094​ករណី និង​អ្នក​ស្លាប់​សរុប​7,094​ករណី​។

    អ៊ីតាលី៖ អ្នក​ឆ្លង​វីរុស​ថ្មី​4,585​ករណី និង​ឆ្លង​​សរុប​119,827​ករណី​។ អ្នក​ស្លាប់​ថ្មី​766​ករណី និង​អ្នក​ស្លាប់​សរុប​14,681​ករណី​។

    អេស្ប៉ាញ៖ អ្នក​ឆ្លង​មេរោគ​ថ្មី​7,134​ករណី និង​អ្នក​ឆ្លង​សរុប​119,199​ករណី​។ អ្នក​ស្លាប់ថ្មី​​850​ករណី និង​ស្លាប់​សរុប​11,198​ករណី​

    អាល្លឺម៉ង់​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​6,365​ករណី និង​អ្នក​ឆ្លង​សរុប​​91,159​ករណី​។ អ្នក​ស្លាប់​ថ្មី​168​ករណី និង​អ្នក​ស្លាប់​សរុប​1,275​ករណី​។

    អង់គ្លេស​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​4,450​ករណី និង​អ្នក​ឆ្លង​​សរុប​38,168​ករណី​​។ អ្នក​ស្លាប់​ថ្មី​684​ករណី និង​ស្លាប់​សរុប​3,560​ករណី​។

    នៅ​ប្រទេស​ចិន តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​​មាន​81,639ករណី និង​អ្នក​ស្លាប់​សរុប​​3,326ករណី​ ខណៈ​កូរ៉េខាង​ត្បូង​ មាន​អ្នក​ឆ្លង​មេរោគ​សរុប​10,156​ករណី និង​ស្លាប់​សរុប​​177​ករណី​។

    ប្រទេស​អ៊ីរ៉ង់​មាន​អ្នក​ឆ្លង​មេរោគ​សរុប​​53,183​ករណី និង​ស្លាប់សរុប​​3,294​ករណី​ បន្ទាប់​ពី​បាន​រកឃើញ​​អ្នក​ជំងឺ​ថ្មី​2,715​ករណី និង​ស្លាប់​ថ្មី​134​ករណី​។

    អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ី​គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ ដោយ​មាន​អ្នក​ជំងឺ​3,333​នាក់​​ និង​ស្លាប់​53​នាក់​។ ចំណែក​ឥណ្ឌូនេស៊ីវិញ​គឺជា​ “វាល​ពិឃាត” ធំបំផុត​​របស់​វីរុស​COVID-19 ក្នុង​តំបន់នេះ​​ ដោយ​មាន​អ្នក​ស្លាប់​181​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​1,986​នាក់។ ហ្វីលីពីន​មាន​អ្នក​ផ្ទុក​មេរោគ​3,018​ករណី ក្នុង​នោះ​មាន​136​ករណី​បាន​បាត់បង់ជីវិត​។ ប្រទេស​ថៃ មាន​អ្នកជំងឺ​សរុប​1,978​នាក់ ក្នុង​នោះ​ករណី​ស្លាប់​មាន​ចំនួន​19​នាក់​៕

    ប្រភព៖ AFP/Worldometers