Tag: តាក់ស៊ីហោះ

  • ចិន​អនុញ្ញាត​ឱ្យ​ផលិត​តាក់ស៊ីហោះអគ្គិសនីស្វ័យ​ប្រវត្ត

    ចិន​អនុញ្ញាត​ឱ្យ​ផលិត​តាក់ស៊ីហោះអគ្គិសនីស្វ័យ​ប្រវត្ត

    មន្ត្រី​រដ្ឋាភិបាល​ចិន​ កាល​ពី​ថ្ងៃទី 7 មីនា បាន​ផ្ដល់​វិញ្ញាបនបត្រ​អនុញ្ញាត​​ឱ្យ​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​ EH216-S ដែល​ជា​តាក់ស៊ី​​អគ្គិសនី​ ​​ហោះ​ឡើង​/ចុះ​ចត​បញ្ឈរ​ត្រង់​ (eVTOL) និង​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្ត​។

    លិខិត​អនុញ្ញាត​ដែលប្រគល់​ដោយ​​ស្ថាប័ន​គ្រប់​គ្រង​អាកាសចរណ៍​ស៊ីវិល​ចិន​ (​CAAC) នេះ គឺជា​លិខិត​អនុញ្ញាត​ដំបូង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​វិស័យ eVTOL។ EH216-S ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ចិន EHang ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ CAAC កាល​ពី​ឆ្នាំ​កន្លង​។

    តាក់ស៊ី​​អគ្គិសនី​ដែល​​ហោះ​ឡើង​ និង​ចុះ​ចត​បញ្ឈរ​ត្រង់ EH216-S នេះ មាន​កម្ពស់ 1.93 ម៉ែត្រ និង​ទទឹង 5.73 ម៉ែត្រ ខណៈ​ទម្ងន់​ដែល​អាច​ហោះ​ហើរ​បាន​គឺ 620 គីឡូក្រាម​ និង​អាច​ដឹក​មនុស្ស​បាន​ពីរ​នាក់ រួម​នឹង​អីវ៉ាន់​ផងដែរ​។

    EH216-S អាច​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ មាន​ជា​អាទិ៍ វិស័យ​ដឹក​ជញ្ជូន​ភ្ញៀវ ទេសចរណ៍​លើ​អាកាស ដឹក​ទំនិញ និង​ជួយ​សង្គ្រោះ​បន្ទាន់​ជា​ដើម​។

  • តាក់ស៊ីហោះ​អគ្គិសនីរបស់​ចិន​ បញ្ចប់​ជើង​ហោះ​ហើរ​អន្តរទីក្រុងជា​លើក​ដំបូង​

    តាក់ស៊ីហោះ​អគ្គិសនីរបស់​ចិន​ បញ្ចប់​ជើង​ហោះ​ហើរ​អន្តរទីក្រុងជា​លើក​ដំបូង​

    (ប្រទេស​ចិន) – ជើង​ហោះ​ហើរ​ពី​​ទីក្រុងមួយ​ទៅ​​ទីក្រុង​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​ ដែល​ធ្វើ​ឡើង​ដោយ​តាក់​ស៊ី​ហោះ​អគ្គិសនី​ប្រភេទ​ហោះ​ឡើង​ និង​ចុះ​ចតបញ្ឈរ​​ត្រង់នេះ​ អូស​បន្លាយ​ពេល​ប្រហែល 20 នាទី​ កាល​ពីថ្ងៃទី 27 កុម្ភៈ 2024​។

    AutoFlight ដែល​ជា​អ្នក​អភិវឌ្ឍ​យាន​ជំនិះ​ប្រភេទ​ហោះ​ឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ចិន និង​អាល្លឺម៉ង់ បាន​បញ្ចប់​ជំហាន​ដ៏​សំខាន់​នៅ​ក្នុងវិស័យ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ក្នុង​ក្រុង​ កាល​ពី​ថ្ងៃទី 27 ខែ​កុម្ភៈ ជាមួយ​នឹង​ជើង​ហោះ​ហើរ​អន្តរ​ទីក្រុង​ស្វ័យ​ប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក​។

    ក្នុង​ជើង​ហោះ​ហើរ​នេះ តាក់ស៊ី​ហោះ​ 5 កៅអី Prosperity របស់​ AutoFlight ធ្វើ​ដំណើរ​រវាង​ទីក្រុង​ Shenzhen និង Zhuhai របស់​ប្រទេស​ចិន​ ដោយ​បាន​ឆ្លង​កាត់​គម្លាត​ 50 គីឡូម៉ែត្រ​។ ជើង​ហោះ​ហើរ​នេះ​ចំណាយ​ពេល​ប្រហែល​ 20 នាទី លឿន​ជាង​ឆ្ងាយ​បើធៀប​នឹង​ 3 ម៉ោង​នៃ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​។

    Prosperity អាច​ហោះ​ហើរ​បាន​ចម្ងាយ​ 250 គីឡូម៉ែត្រ និង​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 200 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ជើង​ហោះ​ហើរ​នេះ​បាន​បង្ហាញយ៉ាង​ច្បាស់​អំពី​សក្ដានុពល​​បច្ចេកវិទ្យា​​របស់ AutoFlight ក៏ដូចជា​ការ​គាំទ្រ​របស់​អាជ្ញាធរ​ចិន​ នៅ​ក្នុង​ការ​បំពាក់​ eVTOL៕

  • Hyundai បង្ហាញ​តាក់ស៊ីហោះ 193 គីឡូម៉ែត្រ​/ម៉ោង អាច​ហោះឡើង-ចុះ​ចត​ដូច​ឧទ្ធម្ភាគ​ចក្រ

    Hyundai បង្ហាញ​តាក់ស៊ីហោះ 193 គីឡូម៉ែត្រ​/ម៉ោង អាច​ហោះឡើង-ចុះ​ចត​ដូច​ឧទ្ធម្ភាគ​ចក្រ

    ​តាក់ស៊ីហោះគំរូ​​ថ្មី​របស់​ក្រុម​ហ៊ុន​កូរ៉េខាងត្បូង​ Hyundai ដែល​ហោះឡើង​ និង​ចុះ​ចត​បែប​បញ្ឈរ​ត្រង់ ដំណើរ​ការ​បាន​ស្រួល​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឧទ្ធម្ភាគ​ចក្រ​ និង​​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ពី​ 40 ទៅ 64 គីឡូម៉ែត្រ​ ក្នុង​ល្បឿន​193 គីឡូម៉ែត្រ​/ម៉ោង​។

    តាក់ស៊ី​ហោះ​ឡើង​ ចុះ​ចត​បញ្ឈរ​ត្រង់​ដែល​ប្រើ​ប្រាស់​អគ្គិសនី​​ (eVTOL) មាន​កៅអីចំនួន​បួន​ និង​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន Supernal របស់ Hyundai ឈ្មោះ SA-2 នេះ នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2028​ បន្ទាប់​ពី​បាន​ហោះ​ហើរ​សាកល្បង​នៅ​ចុង​ឆ្នាំ​ 2024​។ នេះ​បើ​តាម​ការ​ផ្សាយកាល​ពី​ថ្ងៃទី 22 មករា របស់​ Live Science ដែល​បាន​ដក​ស្រង់​សម្ដី​​របស់​តំណាង​នៃក្រុម​ហ៊ុន Hyundai ដែល​បាន​ឱ្យដឹង​នៅ​ក្នុង​ពិព័រណ៍​អេឡេចត្រូនិច​ CES 2024​ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

    SA-2 ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​អាច​ហោះ​ធម្មតា​ក្នុង​ល្បឿន​ 193 គីឡូម៉ែត្រ​/ម៉ោង​ នៅ​លើ​កម្ពស់ 457 ម៉ែត្រ និង​បញ្ចប់​ជើង​ហោះ​ហើរ​ពី​ 40 ទៅ 64 គីឡូម៉ែត្រ​។ យោង​តាម​អាជ្ញាធរ​គ្រប់គ្រង​អាកាស​ចរណ៍សហរដ្ឋ​អាម៉េរិក​ (FAA) តាក់ស៊ី​ហោះ​នេះបញ្ចេញ​សំឡេង​រំខាន​តិច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឧទ្ធម្ភាគ​ចក្រ​។

    បច្ចុប្បន្ន Supernal កំពុង​រៀប​គម្រោង​សម្រាប់​ការ​ហោះ​ហើរ​សាកល្បងនៅ​ចុង​ឆ្នាំ​នេះ​។ ក្រុម​ហ៊ុន​ក៏​មាន​គម្រោង​ដាក់​ឯកសារ​ជូន​ FAA ក្នុង​ឆ្នាំ 2024​ មុន​ពេល​ស្នើ​សុំច្បាប់​ហោះ​ហើរ​ពិសេស​នៅ​ឆ្នាំ 2025​ ខណៈ​ការ​ធ្វើ​តេស្ត​លម្អិត​បំផុត​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ 2027​។ Hyundai មាន​គោល​ដៅ​ផលិត​ SA-2 នៅ​ឆ្នាំ 2028 ប៉ុន្តែ​ការ​ទិញ​ដូរ និង​ប្រើប្រាស់​យន្តហោះ​អគ្គិសនី​នេះ​ក៏​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ច្បាប់​​ស្ដី​ពី eVTOL ផងដែរ​៕

  • តាក់ស៊ីហោះ​ស្វ័យ​ប្រវត្ត​របស់​ចិន ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម

    តាក់ស៊ីហោះ​ស្វ័យ​ប្រវត្ត​របស់​ចិន ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម

    (ប្រទេស​ចិន​) – EH216-S ដែល​ជា​តាក់​ស៊ី​ហោះ​អគ្គិសនី​ពីរ​កៅអី ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សុវត្ថិភាព​ ទើប​តែ​​​​សម្រេច​បាន​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត Anhui កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។

    យន្តហោះ​ដ្រូន​ដំបូងគេ​លើ​ពិភពលោក​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ស្ដីពី​យាន​ជំនិះ​អគ្គិសនី​គ្មាន​មនុស្ស​បើក​បរ​ ដែល​ហោះ​ឡើង​-ចុះ​ចត​ត្រង់ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត​ Anhui ភាគ​ខាង​កើត​​ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។

    ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ EHang Holdings ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាកាសចរណ៍​ទីក្រុង​របស់ចិន យន្តហោះ​​គ្មាន​មនុស្ស​បើកបរ (UAV) សម្រាប់​ដឹក​អ្នក​ដំណើរ EH216-S ត្រូវ​បាន​​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ហោះ​ហើរ កាល​ពី​ខែ​តុលា 2023​។

    តាក់ស៊ី​ហោះ​ដែល​មាន​កៅអីចំនួន​ពីរ​ មាន​ស្លាប​កង្ហារ​ចំនួន 16 ​បញ្ចប់​ការ​​ហោះ​ហើរ​បែប​ពាណិជ្ជកម្ម​មួយ​ជើង​ៗ​ចំណាយ​​ពេល​ពី 3 ទៅ 5 នាទី​ និង​ហោះលើ​កម្ពស់​ប្រហែល 50 ម៉ែត្រ ក្នុង​ល្បឿន​ 36 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

    EH216-S ដំណើរ​ការ​ទាំង​ស្រុង​ដោយ​អគ្គិសនី​ និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹងស្ថានីយ​គ្រប់គ្រង​នៅលើដី ក៏​ដូច​ជា​ដំណើរ​ការ​ប្រព័ន្ធ​តាម​រយៈ​បណ្ដាញ​អ៊ីនធើណិត​ល្បឿន​លឿន​ ដូច្នេះ​អាច​ដោះ​ស្រាយ​បញ្ហា​អាក្រក់​បាន​ទាន់​ពេល​។

    តាក់ស៊ីហោះ EH216-S របស់​ក្រុម​ហ៊ុនចិន EHang Holdings មាន​តម្លៃ​ប្រហែល​ 283,500 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​គ្រឿង​។

  • តាក់​ស៊ី​ហោះអគ្គិសនីស្វ័យប្រវត្តិ​ ល្បឿន ១៣០ គូឡូម៉ែត្រ​/​ម៉ោង សាកល្បង​នៅ​ ឌូបៃ

    តាក់​ស៊ី​ហោះអគ្គិសនីស្វ័យប្រវត្តិ​ ល្បឿន ១៣០ គូឡូម៉ែត្រ​/​ម៉ោង សាកល្បង​នៅ​ ឌូបៃ

    ក្រុមហ៊ុន XPeng Inc ធ្វើ​ការ​សាកល្បង​ម៉ូដែល​តាក់​ស៊ី​ហោះ​អគ្គិសនី​ដែល​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ត្រង់​នៅ​ ឌូបៃ កាល​ពី​ថ្ងៃទី ១០ តុលា នៅ​ ទីក្រុង​ឌូបៃ នៃ ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដោយ​រំពឹង​ថា​នឹង​ក្លាយ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​រវាង​ទី​ក្រុង​នា​ពេល​អនាគត។

    តាក់ស៊ី​ហោះអគ្គិសនី XPeng X2 ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន XPeng Inc គឺ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​រាប់​សិប​គម្រោង​ស្ដី​ពី​តាក់ស៊ី​ហោះនៅ​ពាស​ពេញ​ពិភពលោក​។ ក្នុង​ចំណោម​បណ្ដា​គម្រោង​ខាងលើ មាន​តែ​ប៉ុន្មាន​គម្រោង​ប៉ុណ្ណោះ​ដែល​បាន​ជោគ​ជ័យ​ និង​នៅ​ត្រូវ​ការ​ពេល​ច្រើន​ឆ្នាំ​ទៀត ​មុន​ពេល​អាច​ដាក់​ឱ្យ​ដំណើរ​​ការ​​ពាណិជ្ជកម្ម​ជា​ផ្លូវការ​។

    ក្រុម​ហ៊ុន XPeng Inc កាល​ពី​ម្សិលមិញ បាន​ធ្វើ​ការ​សាកល្បង​ចំពោះ​តាក់ស៊ី​ហោះអគ្គិសនី XPeng X2 ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្ត​។ មុន​នោះ XPeng Inc ធ្លាប់​បាន​សាកល្បង​ហោះ​ហើរ​ដោយ​មាន​មនុស្ស​បើក​បរ​កាល​ពី​ខែ​កក្កដា ២០២១​។

    តាក់​ស៊ី​ហោះ XPeng X2 អាច​ដឹក​អ្នក​ដំណើរ​បាន​ ២ នាក់ និង​ដំណើរ​ការ​បាន​ដោយ​ប្រើ​ម៉ូទ័រ​រុញ​ច្រាន​ចំនួន ៨ គ្រឿង​។ XPeng X2 អាច​ហោះ​បាន​ក្នុង​ល្បឿន​អតិបរមា ១៣០​ គីឡូម៉ែត្រ​/ម៉ោង​។

    មិន​ដូច​ទៅ​នឹង​យន្តហោះ​ ឬ​ឧទ្ធម្ភាគចក្រ​ធម្មតា តាក់ស៊ី​ហោះ​អគ្គិសនី​ Xpeng X2 អាច​ហោះ​ឡើង​ និង​ចុះចត​​ត្រង់​ដោយ​ស្វ័យ​ប្រវត្ត​ និង​អាច​ដឹក​អ្នក​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ឆាប់​រហ័ស​។

    នាពេល​អនាគត តាក់​ស៊ី​ហោះ​អគ្គិសនី​ស្វ័យប្រវត្ត​ដូច​ XPeng X2 នឹង​អាច​ដឹក​ភ្ញៀវ​នៅ​ក្នុង​ទីក្រុង​ ដោយ​ការ​ហោះ​ហើរ​ពី​ខាង​លើ​បណ្ដា​ផ្លូវ​ដែលមាន​​ចរាចរណ៍​មមាញឹក​ខ្លាំង​។ ប៉ុន្តែ មធ្យោបាយ​ធ្វើ​ដំណើរ​ទំនើប​នេះ​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ រួម​មាន អាយុ​កាល​របស់​ថ្ម​ផ្ទុក​អគ្គិសនី​ បញ្ហា​សុវត្ថិភាព​​ ការ​គ្រប់​គ្រង​អាកាសចរណ៍​ និង​បញ្ហា​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ដើម​៕