Tag: តម្លៃ

  • ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

    ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

    ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។

    ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។

    ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។

    កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។

    ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។

    យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ និង​​ត្បូង​មាន​តម្លៃ​ ហើយ​នាំ​ចូល​ឧបករណ៍អេឡេច​ត្រូនិច​ ស្បៀង កៅស៊ូ ជ័រ និង​ឱសថ​ពីប្រទេស​ថៃ​៕

  • តម្លៃ​មូលធន​ទីផ្សារ​​នៃ​ក្រុម​ហ៊ុន​មេ​របស់ Facebook កើន​ជិត 200 ពាន់​លាន​​ដុល្លារ​ក្នុង​មួយ​ថ្ងៃ

    តម្លៃ​មូលធន​ទីផ្សារ​​នៃ​ក្រុម​ហ៊ុន​មេ​របស់ Facebook កើន​ជិត 200 ពាន់​លាន​​ដុល្លារ​ក្នុង​មួយ​ថ្ងៃ

    អត្រា​កំណើន​នៃ​តម្លៃ​​មូល​ធន​ទីផ្សារ​កាល​ពី​ថ្ងៃទី 02 កុម្ភៈ 2024 របស់​ក្រុម​ហ៊ុន​មេ​របស់​បុត្រ​សម្ព័ន្ធ Facebook បង្កើត​បាន​កំណត់ត្រា​ថ្មី​នៅ Wall Street ដោយ​សារ​លទ្ធផល​នៃ​ការ​រកស៊ី​មាន​ភាព​ល្អ​ប្រសើរ និង​ការ​ប្រកាស​អំពី​ការ​ផ្ដល់​ភាគ​លាភ​។

    ទី​បញ្ចប់​នៃ​វគ្គ​ជួញ​ដូរ​ក្នុង​ថ្ងៃទី 02 កុម្ភៈ ភាគ​ហ៊ុន​ Meta Platform កើន​ 20.3%​។ នេះ​គឺជា​កំណើន​​ខ្ពស់​បំផុត​របស់​ភាគ​ហ៊ុន​នេះ​នៅ​ក្នុង​មួយ​ឆ្នាំ​កន្លង​។ គិត​ចាប់​ពី​ដើម​ឆ្នាំ​ ភាគ​ហ៊ុន​ Meta បាន​កើន​ 35%​។

    តម្លៃមូលធន​ទីផ្សារ​របស់​​ក្រុម​ហ៊ុន​នេះ​ក៏​កើន​បន្ថែម​ 196 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែល​ជា​កំណើន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បណ្ដា​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។ អត្រា​នៃ​កំណើន​នេះ​ខ្ពស់​ជាង​កំណត់​ត្រា​ចាស់​ 190 ពាន់​លាន​ដុល្លារ​របស់​ Amazon ដែល​បង្កើត​បាន​កាល​ពី​ខែ​កុម្ភៈ 2022​។ តម្លៃ​មូលធន​ទីផ្សារ​របស់ Meta បច្ចុប្បន្ន​គឺ​ជាង 1,220 ពាន់​លាន​ដុល្លារ​។

    ភាគ​ហ៊ុន Meta កើន​ឡើង​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​ប្រកាស​ទិញ​ភាគ​ហ៊ុន​តម្លៃ 50 ពាន់​លាន​ដុល្លារ​មក​វិញ​ ព្រម​ទាំង​ផ្ដល់​ភាគ​លាភ​ជា​លើក​ដំបូង​ក្នុង​អត្រា 0.5 ដុល្លារ​ក្នុង​មួយ​ហ៊ុន​៕

  • រថយន្ត​អគ្គិសនី Honda Prologue EV 2024 មាន​តម្លៃ​ប្រហែល 50,000 ដុល្លារ​ ធ្វើ​ដំណើរ​បាន​ជាង​ 480 គីឡូម៉ែត្រ​

    រថយន្ត​អគ្គិសនី Honda Prologue EV 2024 មាន​តម្លៃ​ប្រហែល 50,000 ដុល្លារ​ ធ្វើ​ដំណើរ​បាន​ជាង​ 480 គីឡូម៉ែត្រ​

    ម៉ូដែល​ SUV អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន Honda គឺ Prologue នឹង​មាន​វត្តមាន​នៅ​ក្នុង​សាខា​ចែក​ចាយ​នានា​ចាប់​ពី​ដើម​ខែ​មីនា និង​មាន​តម្លៃ​ចាប់​ពី​ 50,000 ដុល្លារ​អាម៉េរិក​។

    រថយន្ត​អគ្គិសនី​ Prologue របស់​​ក្រុម​ហ៊ុន​ជប៉ុន​នេះ អាច​ធ្វើដំណើរ​បាន​ប្រហែល 483 គីឡូម៉ែត្រ បន្ទាប់​ពី​បាន​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ។ រថយន្ត​នេះ​បញ្ចូល​ថាមពល​មួយ​ពេញដោយ​ចំណាយពេល​ 8 ម៉ោង​។

    បណ្ដា​ម៉ូដែល Prologue ដែល​ប្រើប្រាស់​ម៉ូទ័រ​តែ​មួយ​គ្រឿង​ នឹង​បង្កើត​បាន​កម្លាំង​ 212 សេះ​ ខណៈ​ម៉ូដែល​ប្រើ​ម៉ូទ័រ​ពីរ​នឹង​បង្កើត​កម្លាំង​បាន​ 288 សេះ​។ នេះ​បើ​តាម​ទំព័រ Green Car Reports

  • ម្ចាស់ក្រុម​ហ៊ុន LVMH ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លេខ​មួយ​ជា​ថ្មី

    ម្ចាស់ក្រុម​ហ៊ុន LVMH ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លេខ​មួយ​ជា​ថ្មី

    Forbes បាន​ឱ្យ​ដឹង​ថា ម្ចាស់​ LVMH លោក Bernard Arnault កាល​ពី​ថ្ងៃទី 26 មករា 2024 ដណ្ដើម​បាន​តំណែង​មហា​សេដ្ឋី​លំដាប់​លេខ​មួយ​លើ​ពិភពលោក ពី​មហា​សេដ្ឋី Elon Musk

    បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​ទៅ​តាម​ពេល​វេលា​ជាក់​ស្ដែង​របស់ Forbes បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​បារាំង​ Arnault បច្ចុប្បន្ន​គឺ 207.8 ពាន់​លាន​ដុល្លារ​អាម៉េរិក បន្ទាប់​ពី​បាន​កើន​​ជាង 23 ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃទី 26 មករា​។ ក្នុង​គ្រា​នោះ​ដែរ មហា​សេដ្ឋី​អាម៉េរិក លោក Elon Musk មាន​ទ្រព្យ​ត្រឹម​តែ​ 204.5 ពាន់​លាន​ដុល្លារ​។ ប្រការ​នេះ​ជួយ​ឱ្យ​លោក Arnault ឈ្នះ​លោក Musk ដើម្បី​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​។

    នៅ​មុន​រឿង​នេះ​កើត​ឡើង ភាគ​ហ៊ុន​ Tesla របស់​លោក​ Musk បាន​ធ្លាក់ចុះ​រហូត​ដល់ 13% កាល​ពី​ថ្ងៃទី 25 មករា ក្រោយ​ពី​លោក​បាន​ព្រមាន​ថា ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​នេះ​អាច​នឹង​មាន​កំណើន​យឺត​មក​វិញ​នៅ​ក្នុង​ឆ្នាំ 2024​ ព្រោះ​តែ​ក្រុម​ហ៊ុន​ផ្ដោត​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​ជំនាន់​ថ្មី តម្លៃ​ទាប​ជាង​មុនដែល​នឹង​ត្រូវ​បាន​ផលិត​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។ រឿង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ទ្រព្យ​របស់​លោក​ Musk ថយ​ចុះ​រហូត​ដល់ 18 ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

    ផ្ទុយ​ទៅ​វិញ ភាគ​ហ៊ុន LVMH បាន​កើន 12.8% កាល​ពី​ថ្ងៃទី 26 មករា​។ មូលហេតុ​គឺ​ដោយ​សារ​ក្រុម​ហ៊ុន​នេះ​ប្រកាស​ថា ប្រាក់​ចំណូល​ក្នុង​ឆ្នាំ 2023 ខ្ពស់​ជាង​ការ​ព្យាករ​ ពោល​គឺ​ 93.3 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ព្រម​ទាំង​ប្រកាស​ដំឡើង​ភាគ​លាភ​ប្រចាំ​ឆ្នាំ​៕

  • ខ្សែ​រថភ្លើង​ដែល​តភ្ជាប់​រាជធានីរបស់​ថៃ​ និង​រដ្ឋធានី​របស់​​​ឡាវ នឹង​ដំណើរ​ការ​​សាកល្បង​នៅ​ក្នុង​ខែ​កុម្ភៈខាង​មុខ​

    ខ្សែ​រថភ្លើង​ដែល​តភ្ជាប់​រាជធានីរបស់​ថៃ​ និង​រដ្ឋធានី​របស់​​​ឡាវ នឹង​ដំណើរ​ការ​​សាកល្បង​នៅ​ក្នុង​ខែ​កុម្ភៈខាង​មុខ​

    ក្រុម​ហ៊ុន​ផ្លូវ​ដែក​រដ្ឋ​ថៃ (SRT) មាន​គម្រោង​ពង្រីក​ខ្សែ​រថភ្លើង​ Bangkok-Nong Khai ទៅ​កាន់​រដ្ឋ​ធានី​វៀង​ចន្ទន៍​របស់​ប្រទេស​ឡាវ ចាប់​ពី​ខែ​មេសា​ឆ្នាំ​ 2024។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Thaitrainguide​។

    ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ លោក Pichet Kunadhamraks ឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន SRT បាន​ដំណើរ​ការ​ខ្សែ​រថភ្លើង​ពី​ Nong Khai ​នៅ​ភាគ​ពាយព្យ​ប្រទេស​ថៃ ទៅ​កាន់​ស្ថានីយ​ Thanaleng របស់​ឡាវ​។

    ចាប់​ពី​ខែ​កុម្ភៈ​ខាង​មុខ SRT នឹង​ដំណើរ​ការសាកល្បង​​ខ្សែ​រថភ្លើង​ពី​ស្ថានីយ Nong Khai ឆ្លង​កាត់​ Thanaleng ទៅ​កាន់​ស្ថានីយ Khamasavath ថ្មី នៅ​វៀងចន្ទន៍​ ដើម្បី​ត្រៀម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពី​ខែ​មេសា​ ឆ្នាំ 2024​។

    ស្ថានីយ​ Nong Khai មាន​ចម្ងាយ​ពី​ស្ថានីយ Khamsavath ប្រហែល 13 គីឡូម៉ែត្រ​។ សំបុត្រ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ប្រហែល​ 20 នាទី​នេះ នឹង​មាន​តម្លៃ​ប្រហែល​ពី 60 – 70 បាត (1.68 – 1.96 ដុល្លារ​អាម៉េរិក​)​។

    នៅ​ពេល​ដំណើរ​ការ​ជា​ផ្លូវ​ការ​ ខ្សែ​រថភ្លើង​ Bangkok-Nong Khai ដែល​ចេញ​ដំណើរ​ពី​ស្ថានីយ​ Krung Thep Aphiwat (ប្រទេស​ថៃ) នឹង​ត្រូវ​បាន​ប្ដូរ​ឈ្មោះទៅ​ជា​ Bangkok-Vientiane (Khamsavath)៕

  • ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

    កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

    យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។

    ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។

    ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 ដែលនឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់ ដោយឃ្លាំងនេះ នឹងផ្តល់នូវតម្លៃសេវាបន្ថែម ជាពិសេស សេវាស្តុកទំនិញត្រជាក់ ស្របតាមស្តង់ដារអន្តរជាតិ។

    ជាងនេះទៅទៀត ឃ្លាំងនេះនឹងចូលរួមគាំទ្រផែនការអាទិភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកកាន់តែមានភាពប្រកួតប្រជែង និងការផ្តល់សេវាកាន់តែមានភាពឆាប់រហ័ស្ថ តម្លាភាព និងប្រសិទ្ធភាព៕

  • BYD បង្ហាញ​ម៉ូដែល​រថយន្ត​អគ្គិសនី​ប្រភេទ​ SUV ខ្នាត​តូច​ថ្មី Yuan Up

    BYD បង្ហាញ​ម៉ូដែល​រថយន្ត​អគ្គិសនី​ប្រភេទ​ SUV ខ្នាត​តូច​ថ្មី Yuan Up

    BYD (OTCMKTS: BYDDF) កំពុង​ដំណើរ​ការ​គម្រោង​សម្រាប់​ម៉ូដែល​ SUV អគ្គិសនី​ថ្មី មាន​ទំហំ​តូច​ ដែល​នេះ​​បង្ហាញ​ថា តម្លៃ​របស់​វា​ទំនង​ជា​នឹង​ទាប​។

    យោង​តាម BYD ម៉ូដែល​រថយន្ត​នេះ​ត្រូវ​បាន​ហៅ​ថា Yuan Up ហើយ​វា​នឹង​ជា​ការ​បំពេញ​បន្ថែម​ថ្មីបំផុត​សម្រាប់​គ្រួសារ​ Yuan របស់​ Build Your Dream​។

    BYD មិន​ទាន់​ប្រកាស​អំពី​ទំហំ​របស់ Yuan Up ប៉ុន្តែ​ ឯកសារ​កន្លង​មក​បង្ហាញ​ថា ម៉ូដែល​រថយន្ត​អគ្គិសនី​នេះ​មាន​បណ្ដោយប្រវែង 4,310 មម, ទទឹង​ 1,830 មម និង​កម្ពស់ 1,675 មម គ្រា​ដែល​បណ្ដោយ​មូលដ្ឋាន​មាន​ប្រវែង 2,620 មម​។

    នេះ​មាន​ន័យ​ថា Yuan Up នឹង​ធំ​ជាង Dolphin ប៉ុន្តែ​មាន​បណ្ដោយ​មូលដ្ឋាន​ខ្លី​ជាង​បន្តិច​។ តម្លៃ​របស់​ BYD Dolphin គឺ​ចាប់​ពី 16,240 ដល់ 19,560 ដុល្លារ​អាម៉េរិក​។ Yuan Up ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង Dolphin អាច​នឹង​មាន​តម្លៃ​ចាប់​ពី 13,100 ដល់ 20,100 ដុល្លារ​អាម៉េរិក​។

    បច្ចុប្បន្ន គ្រួសារ​ត្រកូល Yuan របស់​ BYD រួម​មាន Yuan Plus និង Yuan Pro។ ក្នុង​នោះ Yuan Plus មាន​តម្លៃ​ចាប់​ពី 19,000 ដុល្លារ​ ខណៈ​ Yuan Pro ​មាន​តម្លៃ​ចាប់​ពី 13,400 ដុល្លារ​អាម៉េរិក​។

  • ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ប្រទេស​ថៃ​បាន​រកឃើញ​រ៉ែ​លីចូម (lithium) ជិត 15 លាន​តោន​ ដែល​អាច​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី 19 មករា 2024 អ្នក​នាំ​ពាក្យ​រង​របស់​រាជរដ្ឋាភិបាល​ថៃ Rudklao Inttawong Suwankiri បានប្រាប់​សារព័ត៌មាន The Nation ​ថា អាជ្ញាធរ​ប្រទេស​នេះ​បាន​រកឃើញ​រ៉ែ​លីចូម​ប្រមាណ​ 14.8 លាន​តោន​ នៅ​ក្នុង​ខេត្ត​ Phang Nga​។

    «… នោះ​គឺជា​ដំណឹង​ល្អ​។ នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​ថៃ​មាន​ម្ចាស់​ការ​ក្នុង​ការ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​» លោក​ស្រី Rudklao ប្រាប់​ The Nation ដូច្នេះ​។

    ការ​រក​ឃើញ​នេះ​នាំ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ដែល​មាន​រ៉ែ​លីចូម​ច្រើន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក បន្ទាប់​ពី​បូលីវី និង​អាហ្សង់ទីន​។​ ក៏ប៉ុន្តែ មិន​ទាន់​ដឹង​ច្បាស់​ថា ថៃ​នឹង​អាច​​ទាញ​យក​រ៉ែ​លីចូម​បាន​ប៉ុន្មាន​លាន​តោន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ​៕

  • BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។

    ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​

    BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕

  • ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។

    នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។

    នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។

    យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង បាន​នាំ​ឱ្យ​មាន​រលក​នៃ​ការ​លក់ចោល​​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​នេះ​៕