Tag: តម្លៃប្រេង

  • ប្រទេស​ណា​​ផលិត​ប្រេងឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក?

    ប្រទេស​ណា​​ផលិត​ប្រេងឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក?

    បន្ទាប់​ពី​បាន​យក​ឈ្នះ​រុស្ស៊ី​កាលពី​ឆ្នាំ 2018 មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​នៅ​តែ​ជា​ប្រទេសនាំ​មុខ​គេ​ក្នុង​ការ​ផលិត​ប្រេង​ពី​អណ្ដូង​រ៉ែ​ នៅ​ក្នុង​​ពិភពលោក​ និង​ពង្រីក​គម្លាត​នៅ​ក្នុង​ top 3 ផងដែរ​។

    ទិន្នន័យ​របស់​ស្ថាប័ន​ព័ត៌មាន​ថាមពល​អាម៉េរិក (EIA) ឱ្យ​ដឹង​ថា បរិមាណ​ប្រេង​បាន​ពីរ៉ែដែល​ផលិត​​ក្នុង​ឆ្នាំ 2023 ឡើង​ដល់ 12.9 លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ ច្រើន​ជាង​ អារ៉ាប៊ីសាអូឌីត និង រុស្ស៊ី ហើយ​ក៏​បំបែក​កំណត់​ត្រា​ឆ្នាំ 2022 ដែល​ផលិត​បាន​ត្រឹម​តែ​ 12.3 លាន​ធុង​/ថ្ងៃ​។

    «សហរដ្ឋ​អាម៉េរិក បាន​ផលិត​ប្រេង​ឆៅ​ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់​ នៅ​ក្នុង​ 6 ឆ្នាំ​ជាប់​ៗ​គ្នា​​កន្លង​ទៅ​នេះ​» EIA បញ្ជាក់​ដូច្នេះ​។

    បច្ចុប្បន្ន ដោយ​សារ​តែ​ សហរដ្ឋ​អាម៉េរិក មិន​មែន​ជា​សមាជិក​របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ (OPEC) ប៉ុន្តែ​រួម​ចំណែក​ក្នុង​បរិមាណ​យ៉ាង​ច្រើន​ ទើប OPEC និង OPEC+ ត្រូវ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​ពិភពលោក​ ទៅ​តាម​ចិត្ត​ចង់​​របស់​ខ្លួន​។ ប្រការ​នេះធ្វើ​ឱ្យ OPEC+ ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ដោយ​ខ្លួន​ឯង ដើម្បី​រក្សា​តម្លៃ​ប្រេង​មិន​ឱ្យ​ធ្លាក់​ថ្លៃ​ខ្លាំង។

    Top 3 ស្ដីពី​បណ្ដា​ប្រទេស​ផលិត​ប្រេង​ឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ក្នុង​រយៈ​ពេល​ 10 ឆ្នាំ​កន្លង​
    បរិមាណ​ប្រេង​ឆៅ​របស់​បណ្ដា​ប្រទេស​ ដែល​បាន​ផលិត​ក្នុង​ឆ្នាំ 2023 (លានធុងបារ៉ែល​ក្នុង​មួយ​ថ្ងៃ)
  • តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

    តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

    សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ ​ជា​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង​កាន់​កាប់​តំបន់​ហ្គាហ្សា​ ដែល​បាន​ផ្ទុះ​ឡើង​ កំពុង​តែ​ជា​កត្តា​សំខាន់​​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ និង​មាស​ ព្រោះ​ថា នេះ​ជា​ទ្រព្យ​សុវត្ថិភាព​សម្រាប់​អ្នក​វិនិយោគ​ នៅ​ពេល​តម្លៃ​ភាគ​ហ៊ុន​ មូលបត្រ​បំណុល​​តែង​តែ​ប្រែ​ប្រួល​ជាអវិជ្ជមាន​ដោយ​សារ​ឥទ្ធិពល​នៃ​ភូមិ​សាស្ត្រ​នយោបាយ​។

    នៅ​ទ្វីប​អាស៊ី ក្នុង​ការ​ជួញ​ដូរ​នា​ព្រឹក​ថ្ងៃទី 09 តុលា 2023 តម្លៃ​ប្រេងឆៅ​ Brent បាន​កើន​ 4.7% ឡើងដល់ 86.65 ដុល្លារ​អាម៉េរិក​/ធុង​បារ៉ែល​ គ្រា​ដែល​តម្លៃ​ប្រេងឆៅ WTI ក៏​កើន​ 4.5% ឡើង​ដល់​ 88.39 ដុល្លារ​/ធុង​។

    ក្រុមអ្នក​វិភាគ​របស់​ធនាគារ​ ANZ Bank អះអាង​ថា ហានិភ័យ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​កើន​ឡើង​នៅ​មជ្ឈិម​បូព៌ា​នឹង​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ ដោយ​វា​នឹង​ប្រែ​ប្រួល​ខ្លាំង​ជាង​នេះ​ក្នុង​ពេលដ៏ខ្លី​ខាង​មុខ​។ ចំណែក​ធនាគារ​ CBA របស់​អូស្ត្រាលី​វិញ យល់​ថា កត្តា​នានា​ដែល​បាន​ និង​កំពុង​កើត​ឡើង​នឹង​អាច​រុញ​តម្លៃ​ប្រេងឆៅ Brent អនាគត​​ ឡើង​លើស​ពី 100 ដុល្លារ​/ធុង​ ក្នុង​រយៈ​ពេល​ខ្លី​។

    រីឯ​មាស​វិញ តម្រូវ​ការ​របស់​ពិភព​លោក​បាន​ចាប់​ផ្ដើម​កើន​ឡើង​ ធ្វើ​ឱ្យ​តម្លៃ​របស់​លោហធាតុ​នេះ​កើន 0.8%​ ឡើង​ដល់ 1,848 ដុល្លារ​/អោន​ ដែល​មួយ​អោន​ (ounce) ​ស្មើ​នឹង 8.29426 ជី​។​

    ក្រុម​អ្នក​ជំនាញ​អះអាង​ថា ហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​មាស​កើន​ឡើង​បើទោះ​មូលបត្របំណុល និង​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​ឡើង​ថ្លៃ​ ក៏​ព្រោះ​តែ​សង្គ្រាម​​អ៊ីស្រាអែល – ហាម៉ាស​ (ប៉ាលេស្ទីន) ដែល​បាន​ផ្ទុះ​ឡើង​កាលពីថ្ងៃទី 07 តុលា​កន្លង​ទៅ​។ ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​​នឹង​ជះឥទ្ធិពល​ដល់​​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក ដោយ​សារ​ថា ​ប្រភព​ផ្គត់​ផ្គង់ទំនិញ​​ជា​ច្រើន​​ត្រូវ​អាក់ខាន​៕

  • តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​ចុះ​ បើ​ទោះ​រុស្ស៊ី​ហាម​ឃាត់​ការ​នាំចេញ​ឥន្ធនៈ

    តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​ចុះ​ បើ​ទោះ​រុស្ស៊ី​ហាម​ឃាត់​ការ​នាំចេញ​ឥន្ធនៈ

    ចប់​ការ​ជួញដូរក្នុង​​ថ្ងៃ​ទី 21 កញ្ញា ​ប្រេង​ Brent ប្រគល់​ក្នុង​ខែ​វិច្ឆិកា 2023 បាន​ធ្លាក់​ថ្លៃ​​ 23 សេន​អាម៉េរិក ​មក​នៅ​ត្រឹម​ 93.30 ដុល្លារ​/ធុង​បារ៉ែល ស្រប​ពេល​ដែល​ប្រេង​ឆៅ WTI របស់​អាម៉េរិក ថយ​ចុះ 3 សេន​អាម៉េរិក មក​នៅ​ត្រឹម​ 89.63​ ដុល្លារ​/ធុង​។

    ប្រេងឆៅ​​ពិភពលោក​កាលពី​ថ្ងៃទី 21 កញ្ញា​ ​ត្រូវ​បាន​ជួញដូរ​​ក្នុង​កម្រិត​ទាប​ ក្រោយ​ពី​ឡើង​ថ្លៃ​មួយ​ដុល្លារ​អាម៉េរិក ដោយ​សារ​តែ​បទបញ្ជា​ហាម​នាំ​ចេញ​ឥន្ធនៈ​របស់​រុស្ស៊ី​។ ក៏ប៉ុន្តែ ការ​សម្រេច​ចិត្ត​នានា​ស្ដី​ពី​ការ​ប្រាក់​បាន​ធ្វើ​ឱ្យ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​មួយ​ដុល្លារ​។

    ចប់​ការ​ជួញដូរ​ក្នុង​ថ្ងៃ​ទី 21 កញ្ញា តម្លៃ​ប្រេង​ Brent ប្រគល់​នៅ​ក្នុង​ខែ​វិច្ឆិកា 2023 ថយចុះ​ 23 សេន​អាម៉េរិក មក​នៅ​ត្រឹម 93.30 ដុល្លារ​/ធុង​បារ៉ែល​ ស្រប​ពេល​ដែល​ប្រេង​ឆៅ​​អាម៉េរិក WTI ធ្លាក់​ថ្លៃ​ 3 សេន​ មក​នៅ​ត្រឹម​ 89.63 ដុល្លារ​/ធុង​។ កិច្ច​សន្យា​ជួញដូរ​ប្រេង​ទាំង​ពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​មាន​តម្លៃ​ឡើង​ចុះ​ប្រហែល​មួយ​ដុល្លារ​មុន​នោះ​ ក្នុង​ថ្ងៃទី 21 កញ្ញា​។

    តម្លៃ​ប្រេង​នៅ​តែ​ទទួល​បាន​ការ​ «គាំទ្រ» ពី​ការ​ព្រួយ​បារម្ភ​ទាក់​ទង​នឹង​ប្រភព​ផ្គត់​ផ្គង់​ដែល​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ទូទាំង​សកល​លោក​ នៅ​ពេលឈាន​ចូល​ដល់​ត្រីមាស​ទី​បួន​ ឆ្នាំ 2023​។ បរិមាណ​ប្រេង​ឆៅ​ក្នុង​ឃ្លាំង​នៅ Cushing ដែល​ជា​មជ្ឈមណ្ឌល​ចែក​ចាយ​ប្រេង WTI កំពុង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​រាប់​ចាប់​ពី​ខែ​កក្កដា 2022 នៅ​ពេល​ដែល​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ (OPEC) និង​ដៃគូ​សហការ OPEC+ សម្រេច​ចិត្ត​រក្សា​ការ​កាត់​បន្ថយ​​ការ​ផលិត៕

  • ផ្សារ​ហ៊ុន​អឺរ៉ុប​ – អាម៉េរិក «ក្រឡាប់ចាក់» បន្ទាប់​ពី​មាន​របាយការណ៍​អតិផរណា​នៃ​ខែ​សីហា​របស់​​​អាម៉េរិក

    ផ្សារ​ហ៊ុន​អឺរ៉ុប​ – អាម៉េរិក «ក្រឡាប់ចាក់» បន្ទាប់​ពី​មាន​របាយការណ៍​អតិផរណា​នៃ​ខែ​សីហា​របស់​​​អាម៉េរិក

    ផ្សារមូលបត្រ​អាម៉េរិក​ក្រឡាប់​ចាក់​នៅក្នុង​ការ​ជួញ​ដូរ​នា​ពេល​ព្រឹក​ នៅ​ពេល​អ្នក​វិនិយោគ​ពិនិត្យទិន្នន័យ​ និង​អត្ថន័យ​របស់​វា​ចំពោះ​កិច្ច​ប្រជុំ​នៅ​សប្ដាហ៍​ក្រោយ​របស់​ធនាគារ​កណ្ដាល​អាម៉េរិក​ (Fed)​។

    ផ្សារ​មូលបត្រ​អឺរ៉ុប​ – អាម៉េរិក មាន​ការ​ប្រែ​ប្រួល​ច្រើន​ក្នុង​ការ​ជួញដូរ​កាល​ពី​ថ្ងៃទី 13 កញ្ញា 2023 បន្ទាប់​ពី​មាន​របាយការណ៍​អតិផរណា​ក្នុង​ខែ​សីហារបស់​សហរដ្ឋ​អាម៉េរិក​ និង​នៅ​មុន​ពេល​ធនាគារ​កណ្ដាល​អឺរ៉ុប (ECB) កំណត់​ការប្រាក់​ថ្មី​។

    របាយការណ៍​ថ្មី​បំផុត​ពី​ក្រសួង​ការងារ​អាម៉េរិក​បង្ហាញ​ថា អតិផរណា​របស់​ប្រទេស​នេះ​បាន​កើន​ពី 3.2% កាល​ពី​ខែ​កក្កដា ឡើង​ដល់​ 3.7% ក្នុង​ខែសីហា ដោយភាគ​ច្រើន​បណ្ដាល​មក​ពី​តម្លៃ​ប្រេង​សាំង​កើន​ឡើង​ខ្ពស់ខ្លាំង​។

    ផ្សារមូលបត្រ​អាម៉េរិក​ក្រឡាប់​ចាក់​ក្នុង​ការ​ជួញ​ដូរនៅ​​ពេល​ព្រឹក​ នៅ​ពេល​អ្នក​វិនិយោគ​ពិនិត្យទិន្នន័យ​ និង​អត្ថន័យ​របស់​វា​ចំពោះ​កិច្ច​ប្រជុំ​នៅ​សប្ដាហ៍​ក្រោយ​របស់​ធនាគារ​កណ្ដាល​អាម៉េរិក​ (Fed)​។ ក៏ប៉ុន្តែ​ ការ​ជួញដូរ​ចុង​ក្រោយ​ក្នុង​ថ្ងៃ​ដដែល (13 កញ្ញា) ទាំង​ S&P 500 ទាំង​ Nasdaq សុទ្ធ​តែ​បាន​ងើប​ឡើង​បន្តិច​ គ្រា​ដែល​ Dow Jones ធ្លាក់​ចុះ​បន្តិច​។ ដោយ​ឡែក ផ្សារ​ហ៊ុន​អឺរ៉ុប​វិញ ភាគ​ច្រើន​សុទ្ធ​តែ​ថយ​ចុះ​ ខណៈ​ដែល​មូល​ចំនួន​តូច​មិន​មាន​ការ​ប្រែ​ប្រួល​។

    មុន​នោះ ធនាគារ​កណ្ដាល​អាម៉េរិក បាន​សង្កត់​ធ្ងន់​ថា​ ដំណើរ​ការ​នៃ​ការ​ចេញ​សេចក្ដី​សម្រេច​ស្ដី​ពី​គោលនយោបាយ​ហិរញ្ញវត្ថុ​ នឹង​យោង​ទៅ​លើ​តួលេខ​សេដ្ឋកិច្ច​។ ទិន្នន័យ​ស្ដី​ពី​ទីផ្សារ​ការ​ងារ​ និង​វិស័យ​សេវាកម្ម​ បាន​ធ្វើ​ឱ្យ​មាន​ដំណឹង​ចចាម​អារ៉ាម​ថា Fed អាច​នឹង​ដំឡើង​ការ​ប្រាក់​ជា​ច្រើន​លើក​ទៀត​។ តម្លៃ​ប្រេង​ឆៅ​ដែល​កើន​ខ្ពស់​បំផុត​ក្នុង​ 10 ខែ​ ក៏​កាន់​តែ​ធ្វើ​ឱ្យ​ក្ដី​បារម្ភ​នេះ​កើន​ឡើង​មួយ​កម្រិត​ទៀត​៕

  • IEA ព្យាករ​ថា ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​នឹង​មាន​ការ​ប្រែប្រួល​ច្រើន

    IEA ព្យាករ​ថា ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​នឹង​មាន​ការ​ប្រែប្រួល​ច្រើន

    ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ (IEA) បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​កញ្ញា បរិមាណ​ថយ​ចុះ​នៃ​ផលិត​ផល​ប្រេង​ឆៅ​​​របស់ OPEC និង OPEC+  នឹង​ធ្វើ​ឱ្យ​ប្រភពផ្គត់ផ្គង់ត្រូវ​ខ្វះខាត​ច្រើន​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​ 2023​។

    នៅ​ថ្ងៃទី 13 កញ្ញា​ 2023 IEA ព្រមាន​ថា ការ​ដែល​អារ៉ាប៊ីសាអូឌីត​ និង​រុស្ស៊ី​កាត់បន្ថយ​ការ​ផលិត​ប្រេង​ឆៅ ​នឹង​បង្ក​ឱ្យ​មាន​កង្វះ​ប្រភព​ផ្គត់​ផ្គង់​ប្រេងឆៅ​របស់​ពិភពលោក​នៅចុង​ឆ្នាំ​នេះ​ នាំ​ឱ្យ​ទីផ្សារ​មាន​ហានិភ័យ​ប្រែ​ប្រួល​ច្រើន​ជាង​មុន​។

    ការ​ព្រមាន​របស់ IEA ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​របាយ​ការណ៍​ប្រចាំ​ខែ​ដែល​បាន​ប្រកាស​​មួយ​ថ្ងៃ​បន្ទាប់​ពី​តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង​ខ្ពស់​ខ្លាំង​ គ្រា​ដែល​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​អង្គការ​នៃ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេងឆៅ​​ (OPEC) បង្ហាញ​ថា គម្លាត​រវាង​បរិមាណ​ប្រេង​ដែល​​​ផ្គត់​ផ្គង់ និង​តម្រូវ​ការ​ទូទាំង​ពិភពលោក​​នឹង​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត​គិត​​ចាប់​ពី​ឆ្នាំ 2007​។

    IEA បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​កញ្ញា បរិមាណ​ថយ​ចុះ​នៃ​ផលិត​ផល​ប្រេងឆៅ​​​​របស់ OPEC និង​ដៃគូ​សហការ (OPEC+) នឹង​ធ្វើ​ឱ្យ​ប្រភពផ្គត់ផ្គង់មាន​ការ​​ខ្វះខាត​ច្រើន​ក្នុង​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ​ 2023​។ អង្គការ​នេះ​ក៏​បាន​ឱ្យ​ដឹង​ថា ប្រេង​បម្រុង​នឹង​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ ធ្វើ​ឱ្យ​មាន​ហានិភ័យ​កើត​មាន​រលក​នៃ​ការ​ប្រែ​ប្រួលតម្លៃ​​មួយ​ផ្សេង​ទៀត​ដែល​មិន​មាន​ផល​ប្រយោជន៍​សម្រាប់​អ្នក​ផលិត និង​អ្នក​ប្រើ​ប្រាស់​ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​មាន​ភាពផុយ​ស្រួយ។

  • តម្លៃប្រេងឆៅលើពិភពលោកនឹងឡើងជិតដល់កំពូលនៅប៉ុន្មានខែចុងឆ្នាំនេះ

    តម្លៃប្រេងឆៅលើពិភពលោកនឹងឡើងជិតដល់កំពូលនៅប៉ុន្មានខែចុងឆ្នាំនេះ

    ប្រេង​​ Brent និង WTI នាំ​គ្នា​ឡើង​ថ្លៃ​ នៅពេល​រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត​នាំ​គ្នា​ប្រកាស​បន្ត​អនុវត្ត​វិធានការ​រឹត​បន្តឹង​ប្រភព​ផ្គត់ផ្គង់​រហូត​ដល់​ដាច់​ឆ្នាំ​នេះ​។

    ប្រេង​ឆៅ​អាម៉េរិក WTI នៅ​ព្រឹក​​នេះ​មាន​ពេល​ខ្លះ​ឡើង​ថ្លៃ​ 1.3% ដោយ​​​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​​ 87 ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​​។ តម្លៃ​ប្រេង​ Brent ក៏​កើន​ឡើង​ដល់​ 90.2 ដុល្លារ​ក្នុង​មួយ​ធុង​។​ តម្លៃ​ប្រេង​ឆៅ​ទាំង​ពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​កំពុង​ហក់​ឡើង​ជិត​ដល់​ចំណុច​កំពូល​របស់​ខែ​វិច្ឆិកា 2022​។

    តម្លៃ​កើន​ឡើង​នេះកើត​មាន​បន្ទាប់​ពី​​រុស្ស៊ី និង​អារ៉ាប៊ីសាអូឌីត​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី 05 កញ្ញា​។ អារ៉ាប៊ីសាអូឌីត​ប្រកាស​ថា បន្ត​ការ​​កាត់​បន្ថយ​ការផលិត​មួយ​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈ​ពេល​បី​ខែ​ទៀត​ ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ពិភពលោក​ ដោយប្រទេស​នេះ​នឹង​​ផលិត​តែ​ 9 លាន​ធុង​ក្នុង​មួយ​ថ្ងៃ​។ ចំណែក​រុស្ស៊ី​វិញ ក៏​បាន​ប្រកាស​បន្ត​កាត់​បន្ថយ​ការ​ផលិត​ 3 សែន​ធុង​ក្នុង​មួយ​ថ្ងៃ​ រហូត​ដល់​ដាច់​​ឆ្នាំ​នេះ​។ អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី​គឺជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​អង្គការនៃ​​ប្រទេស​នាំ​ចេញ​​ប្រេង​ និង​សម្ព័ន្ធ​មិត្ត (OPEC+)។

    យុទ្ធសាស្ត្រ​របស់​រាជធានី​រីយ៉ាត់ និង​មូស្គូ នឹង​ធ្វើ​ឱ្យ​ប្រភព​ផ្គត់​ផ្គង់​ប្រេង​ទូទាំង​សកល​លោក​​ត្រូវ​បាន​​រឹត​បន្តឹង​ជា​បន្ត​ទៀត​។ តម្លៃ​ប្រេង​បាន​កើន​ឡើង​ខ្ពស់​ខ្លាំង​ក្នុង​ត្រី​មាស​នេះ​ ក្រោយ​ពី OPEC+ អនុម័ត​គោល​នយោបាយ​កាត់​បន្ថយ​ការ​ផលិត​ក្នុង​ទ្រង់ទ្រាយធំ​ ហើយ​បណ្ដា​សមាជិក​នៃ​អង្គ​ការ​នេះ​ក៏​បាន​​ស្ម័គ្រ​ចិត្ត​កាត់​បន្ថយ​បន្ថែម​ទៀត​។ ប្រការនេះ​កើត​ឡើង​ក្នុង​ពេល​ដែល​​អង្គការ​ថាមពល​អន្តរ​ជាតិ​ (IEA) ព្យាករ​ថា តម្រូវ​ការ​​ប្រើ​ប្រាស់​ប្រេង​ឆៅ​ទូទាំង​ពិភពលោក​នឹង​កើន​ឡើង​ខ្ពស់​ជាង​ពេល​ណា​ៗ​ទាំង​អស់​៕

  • តើអាសន្នរោគនៅចិន បង្កផលវិបាកយ៉ាងណាដល់តម្លៃប្រេងពិភពលោក ខណៈមានបម្រាមគោចរនៅតំបន់មួយចំនួន

    តើអាសន្នរោគនៅចិន បង្កផលវិបាកយ៉ាងណាដល់តម្លៃប្រេងពិភពលោក ខណៈមានបម្រាមគោចរនៅតំបន់មួយចំនួន

    មកដល់ពេលបច្ចុប្បន្ន ប្រទេសចិនបានដាក់បម្រាមគោចរទៅលើរាល់សកម្មភាពចេញ-ចូលតំបន់ Wuhan ជាកន្លែងដែលមេរោគបង្កជំងឺរលាកសួត corona ដែលបានរកឃើញកាលពីខែមុន ហើយដែលក្រោយមកវាបាននិងកំពុងឆ្លងរាលដាលទៅតំបន់ផ្សេងៗក្នុងពិភពលោក។

    ការជួញដូរក្នុងផ្សារមូលបត្រកាលពីថ្ងៃទី23 តម្លៃប្រេងបានធ្លាក់ថ្លៃជាលើកទី3។ តម្លៃមូលបត្រប្រេងនៅអាមេរិកបានធ្លាក់ថ្លៃក្នុងកម្រិតទាបបំផុតរាប់ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ2019 ដោយសារមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងនឹងទទួលរងឥទ្ធិពលអាក្រក់ពីបញ្ហាអាសន្នរោគ Wuhan ឬហៅថា មេរោគរលាកសួត corona ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន។

    ហានិភ័យទាក់ទិននឹងប្រភពផ្គត់ផ្គង់កើនឡើងខ្លាំង បើទោះជាការផលិតប្រេងរបស់លីប៊ី កំពុងអាក់ខានក៏ដោយ។ បញ្ហានេះក៏បានបង្កការបារម្ភកាន់តែច្រើនឡើងចំពោះអ្នកវិនិយោគដែរ។ បិទទ្វារក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃប្រេងឆៅសម្រាប់ខែមិនា ឆ្នាំ2020 បានធ្លាក់ថ្លៃ 1.15ដុល្លារ/បារ៉ែល (ប្រហែល2%) ចុះមកនៅ 55.59ដុល្លារ/បារ៉ែល ជាតម្លៃទាបបំផុត បើគិតចាប់ពីថ្ងៃទី29 វិច្ឆិកា2019។ នេះបើយោងតាមការគណនាលើតារាងសន្ទស្សន៍មូលបត្រ Dow Jones Market Data។

    តម្លៃប្រេង Brent សម្រាប់ខែមិនា ឆ្នាំ2020 ធ្លាក់ថ្លៃ 1.17ដុល្លារ/បារ៉ែល(ប្រហែល1.9%) មកនៅត្រឹម 62.04ដុល្លារ/បារ៉ែល។ នេះជាតម្លៃទាបបំផុត គិតចាប់ពីថ្ងៃទី3 ធ្នូ ឆ្នាំ2019។

    និយាយអំពីបញ្ហាអាសន្នរោគ corona នៅប្រទេសចិនដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងនេះ បច្ចុប្បន្នចិនបានដាក់បម្រាមគោចរ ហាមមិនឱ្យមានសកម្មភាពចេញ-ចូលក្នុងតំបន់ Wuhan ជាកន្លែងដែលមេរោគរលាកសួត corona កំពុងឆ្លងរាលដាលខ្លាំង។ ប្រទេសសិង្ហបុរី កាលពីម្សិលមិញ (23 មករា 2020) ក៏បានបញ្ជាក់ថា ប្រទេសនេះមានករណីឆ្លងរោគ corona ជាលើកដំបូងផងដែរ។

    គិតមកដល់បច្ចុប្បន្ន មេរោគរលាកសួត corona បានសម្លាប់មនុស្សយ៉ាងតិច17នាក់ និងជាង600នាក់ផ្សេងទៀតកំពុងផ្ទុកមេរោគនេះ។ ទីផ្សារហិរញ្ញវត្ថុនៃបណ្ដាប្រទេសធំៗក្នុងលោក កំពុងទទួលរងផលប៉ះពាល់ពីអាសន្នរោគ corona ក្នុងនោះផ្សារមូលបត្រចិន បានដាំក្បាលចុះកាលពីម្សិលមិញ នៅពេលអាសន្នរោគនេះកំពុងគ្រប់គ្រងបរិយាកាសបុណ្យចូលឆ្នាំចិននៅអាស៊ី។

    ប្រធានផ្នែកហិរញ្ញវត្ថុនៃមូលនិធិ Velandera Energy លោក Manish Raj បានវាយតម្លៃថា ៖ “មកទល់នឹងពេលនេះ អាសន្នរោគ corona មិនទាន់ធ្វើឱ្យមានការប្រែប្រួលណាមួយទៅលើតម្រូវការប្រេង។ ប៉ុន្តែ នៅពេលអាជ្ញាធរចិនដាក់បម្រាមគោចរក្នុងក្រុងមួយចំនួន រួមទាំងតំបន់ Wuhan និងទីក្រុងចំនួន 2ផ្សេងទៀតនៅក្បែរនោះ។ សកម្មភាពធ្វើដំណើរ ប្រាកដជាថយចុះ ជើងហោះហើរនានានឹងត្រូវលុបចោលខ្លះ ហើយសកម្មភាពសេដ្ឋកិច្ចនៅចិនក៏នឹងត្រូវរួមតូចដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស