Tag: ណាក់ ស្រីណា

  • អ៊ិន សុភិន ត្រដាងមូលហេតុ មិនឱ្យលុយ ណាក់ ស្រីណា ក្រោយសម្ដែងចប់

    អ៊ិន សុភិន ត្រដាងមូលហេតុ មិនឱ្យលុយ ណាក់ ស្រីណា ក្រោយសម្ដែងចប់

    មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពិធីការិនី និងជាតារាសម្ដែងកញ្ញា ណាក់ ស្រីណា បានបង្ហោះជាសាធារណៈថា ផលិតកម្មមហាហង្សបានជំពាក់លុយថ្លៃសម្ដែងរបស់នាងរហូតដល់ 2ពាន់ដុល្លារប្រមាណជា 1ឆ្នាំមកហើយ ពោលគឺតាំងពីភាពយន្តដែលនាងសម្ដែងឱ្យត្រូវបានបញ្ចប់មក។ យ៉ាងណាក៏ដោយជាមួយនឹងព័ត៌មានដ៏រសើបនេះ ផលិតកម្មមហាហង្សបានទម្លាយឱ្យដឹងជាផ្លូវការដោយបានប្រកាសថា មិនចង់បកស្រាយក្រោយពីនាងបកអាក្រាត។

    លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានអះអាងថា ហេតុផលដែលតារាសម្ដែងកញ្ញា ណាក់ ស្រីណា មិនទទួលបានតម្លៃថតដែលនៅសល់ចំនួន 2ពាន់ដុល្លារក្រោយពេលថតចប់នោះ មិនមែនជាកំហុសរបស់ផលិតកម្មរបស់លោកទេ ប៉ុន្តែគឺកំហុសរបស់អតិថិជនរបស់លោកដែលជាអ្នកស្នើឱ្យលោកផលិតរឿង «មរតកចុកឈាម» ហើយតម្រូវឱ្យលោកជ្រើសយកនាងឱ្យធ្វើជាតួឯក។ លោកបញ្ជាក់ថា ក្នុងពេលកុងត្រាតម្រូវឱ្យលោកផលិតរឿង «មរតកចុកឈាម» នេះ អតិថិជនរបស់លោកបានកំណត់ឱ្យលោកត្រូវតែយកតារាសម្ដែង ណាក់ ស្រីណា ធ្វើជាតួឯក និងក្រោយពេលផលិតចប់ អតិថិជនរបស់លោកមិនបានប្រគល់លុយឱ្យលោកតាមការកំណត់ ទើបលោកត្រូវតែបង្កកតម្លៃខ្លួននៅសល់របស់នាងដូចគ្នា។

    លោកនិយាយថា «ខ្ញុំមិនអត់ 2ពាន់ឱ្យគាត់(ណាក់ ស្រីណា)ទេ ប៉ុន្តែតើឱ្យខ្ញុំយ៉ាងម៉េច បើអ្នកដែលតម្រូវឱ្យខ្ញុំយកគាត់សម្ដែង មិនទាន់មានលុយឱ្យខ្ញុំគ្រប់ផងហ្នឹង អ៊ីចឹងខ្ញុំមានលុយឯណាបើកឱ្យគាត់?»។ លោកថាភាពយន្តរឿង «មរតកចុកឈាម» ត្រូវកំណត់ដាក់បញ្ចាំងនៅក្នុងទូរទស្សន៍មួយតាំងពីប៉ុន្មានខែមុនម្ល៉េះ ប៉ុន្តែដោយសារតែអ្នកទិញអត់មានលុយឱ្យលោកតាមការកំណត់ ទើបមានការពន្យារពេលចាក់ផ្សាយរហូតមកទល់ពេលនេះ។ លោកថា លោកមិនខឹងចំពោះការទម្លាយរបស់តារាសម្ដែង ណាក់ ស្រីណា នោះទេ ដោយលោកយល់ថាអ្វីដែលនាងប្រតិកម្ម គឺជាសារលាតត្រដាងឱ្យអតិថិជនដែលជួលលោកផលិតរឿងនោះបានដឹងពីផលវិបាករបស់លោក និងរួសរាន់ប្រគល់ថវិកាឱ្យលោកតាមអ្វីដែលមាននៅក្នុងកុងត្រានោះផង។ លោកបង្ហើបថា អ្នកទិញភាពយន្តរបស់លោកមួយនេះ នៅខ្វះប្រមាណជិត 2ម៉ឺនដុល្លារទៀត ទើបមានសិទ្ធិបញ្ចាំងរឿងហ្នឹង ដូច្នេះទើបលោកត្រូវតែបង្កកប្រាក់ឈ្នួលរបស់កញ្ញា ណាក់ ស្រីណា ដែលជាតារាជម្រើសដោយអតិជននោះជាការសងត្រឡប់វិញ។

    ក្នុងនោះលោកក៏បានទម្លាយថា មិនមែនមានតែកញ្ញាម្នាក់នោះទេដែលផលិតកម្មមហាហង្សជំពាក់លុយ មិនទាន់បើកថ្លៃសម្ដែងឱ្យ គឺនៅមានតារាមួយចំនួនផ្សេងទៀតផងដែរ ដោយសារតែតារាទាំងនោះក្នុងពេលចុះកុងត្រា គឺឱ្យមួយអាទិត្យ 3ថ្ងៃ ឬ2ថ្ងៃ តាមអ្វីដែលបានព្រមព្រៀង ប៉ុន្តែដល់ពេលចេញថត គឺសុំថ្ងៃណាក៏រវល់ដកឃ្លាមិនបាន ហើយនៅពេលចុះថតទៀតសោត គឺណាត់ម៉ោង7 មកម៉ោង10 ហើយទារទៅមុនរហូត ធ្វើឱ្យការផលិតរបស់លោកយឺតយ៉ាវ និងមានបញ្ហាជាមួយប៉ុស្តិ៍ទូរទស្សន៍ឥតឈប់ឈរ ដល់ថ្នាក់ទូរទស្សន៍ខ្លះមិនបើកលុយឱ្យលោកក៏មាន។

    គួរបញ្ជាក់ដែរថា កញ្ញា ណាក់ ស្រីណា បានអះអាងថា នេះជាមេរៀនទី1 ក្នុងជីវិតជាអ្នកសម្ដែងរបស់នាង ហើយនាងបញ្ជាក់ថានេះគឺជាបំបាក់ទឹកចិត្តសិល្បករដ៏ធំមួយ ដោយនាងបញ្ជាក់ថា ការព្រមព្រៀង គឺថតចប់ប្រគល់លុយអស់ ដោយមិនមែនមួយឆ្នាំមកហើយនៅតែស្ងាត់ ហើយមិនអើពើក្នុងការដោះស្រាយនោះទេ។ យ៉ាងណាមិញ នាងហាក់នៅតែរក្សាភាពស្ងាត់ស្ងៀម ក្រោយការបង្ហោះសាររបស់ខ្លួនក្លាយជារឿងរសើបក្ដៅៗនេះ៕

  • ណាក់ ស្រីណា ជោគជ័យលើការសម្ដែងមិនមែនផ្អែកលើសម្រស់តែមុខទេ

    ណាក់ ស្រីណា ជោគជ័យលើការសម្ដែងមិនមែនផ្អែកលើសម្រស់តែមុខទេ

    បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងអាជីពពិធីការិនីនៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍រួចមកកញ្ញាណាក់ ស្រីណា បានងាកមកចាប់អាជីពសម្ដែងបន្ថែមទៀត និងអ្វីដែលគួរឱ្យកោតសរសើរនោះ គឺចាប់តាំងពីនាងចាប់​យកការសម្ដែងភាពយន្ដមក នាងទទួលបានតំណែងតួឯកជាប់រហូត។

    កញ្ញាណាក់ ស្រីណា បានចូលប្រឡូកក្នុងការងារសិល្បៈតាំងពីឆ្នាំ2010ក្នុងនាមជាពិធីការិនីតែអ្វីដែលជាមោទនភាពសម្រាប់នាងគឺក្រោយពីការសម្រេចចិត្ដចាប់យកការសម្ដែងនាងទទួលបានតំណែងតួឯកចំនួន5រឿងជាប់ៗគ្នា។ បច្ចុប្បន្នរឿងដែលនាងសម្ដែងកំពុងទទួលបានការគាំទ្រខ្លាំងគឺរឿង «នំប៉័ងបញ្ចាំស្នេហ៍» ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន។

    កញ្ញា ណាក់ ស្រីណា បញ្ជាក់ថា«ខ្ញុំមិននឹកស្មានថាការសម្រេចចិត្ដចាប់យកការសម្ដែងអាចទទួលបានផ្កែផ្កាដូច្នេះសោះព្រោះដំបូងឡើយខ្ញុំស្រឡាញ់តែអាជីពពិធីការិនីប៉ុណ្ណោះ មិនដែលនឹកដល់ការសម្ដែងឡើយដោយខ្ញុំគិតថាសមត្ថភាពមិនអាចទៅរួចតែប្រហែលជាខ្ញុំមានឈាមជ័រជាអ្នកសិល្បៈហើយទើបបានជាខ្ញុំឆាប់យល់នូវការងារទាំងនេះ»។

    ពិធីការិនីរូបនេះបញ្ជាក់ថា អ្វីដែលធ្វើឱ្យនាងទទួលបានតំណែងតួឯកមួយរឿងហើយ មួយរឿងទៀតនោះ គឺកើតឡើងដោយសារតែការតស៊ូជម្នះនូវឧបសគ្គជាច្រើនទាំងការលំបាក និងការបែងចែកពេលវេលាការងារ។ ពិសេសនោះនាងមានចំណុចល្អពីធម្មជាតិដោយសារទម្រង់មុខរបស់នាងសមជានារីខ្មែរស៊ីជាមួយនឹងសាច់រឿងដែលគេចង់បាន។

    កញ្ញាណាក់ ស្រីណា បន្ថែមទៀតថា ដើម្បីទទួលបានតំណែងតួឯកស្រី ការមានរូបសម្រស់ស្រស់ស្អាតឬមានទេពកោសល្យខ្ពស់ សមត្ថភាពខ្លាំងក្នុងការសម្ដែងនៅមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងមានចរិតល្អផងដែរពោលគឺនៅពេលយើងទទួលយកការងារណាមួយ ត្រូវចេះគោរពពេលវេលា ចេះផ្ដល់តម្លៃឱ្យអ្នកនៅជុំវិញខ្លួន។

    ពិសេសត្រូវមានទំនាក់ទំនងល្អជាមួយក្រុមការងារដែលយើងធ្វើការជាមួយទើបយើងអាចទទួលបានជោគជ័យក្នុងអាជីព។ ពាក់ព័ន្ធការសម្ដែងនេះដែរនាងបញ្ជាក់ថា បច្ចុប្បន្ននាងមានបទពិសោធច្រើនទៅលើការសម្ដែងពោលគឺសម្ដែងជាតួអង្គអ្វីក៏បាន លើកលែងតែឈុតឆាកសិចស៊ី បើទោះជាឱ្យតម្លៃខ្លួនច្រើនជាងតម្លៃធម្មតា និងអាចល្បីល្បាញប៉ុនណាក៏នាងត្រូវតែបដិសេធដែរ៕