Tag: ដំណើប

  • កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    កម្ពុជា​ រកចំណូលបានជាង 466 លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​អង្ករ​​ក្នុងឆ្នាំ 2023

    ក្នុង​រយៈ​ពេល​ 12 ខែ​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ សម្រេច​បាន​ជាង 656 ពាន់​តោន ស្មើ​នឹង​ តម្លៃ​ 466 លាន​ដុល្លារ​អាម៉េរិក​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ 2023 មាន​កំណើន​លើ​បរិមាណ 3% និង​ចំនួន​ទឹក​ប្រាក់​មាន​កំណើន 13% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    CRF ឱ្យ​ដឹង​ថា ទីផ្សារ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា រួម​មាន 61 គោលដៅ​ ក្នុង​នោះ​មាន​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ (138 លាន​​ដុល្លារ​អាម៉េរិក), 26 ប្រទេស​នៅ​ទ្វីប​អឺរ៉ុប (191 លាន​ដុល្លារ​អាម៉េរិក)​, 7 ប្រទេស​ជា​សមាជិក​អាស៊ាន​ (62 លាន​ដុល្លារ​)​, 26 ប្រទេស​នៅ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា (76 លាន​ដុល្លារ​អាម៉េរិក​)​។

    ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ស្មើ​នឹងជាង 82%, អង្ករ​គ្រាប់​វែងជិត 13%, អង្ករ​សគ្រាប់​ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និង​អង្ករ​ដំណើប 0.20%​៕

  • វិធី​ធ្វើ ត្រប៉ែដំណើបខ្មៅ​អប់​ដូងខ្ចី​

    វិធី​ធ្វើ ត្រប៉ែដំណើបខ្មៅ​អប់​ដូងខ្ចី​

    “ត្រប៉ែ” គឺជា​ឈ្មោះ​បង្អែម​មួយ​ប្រភេទ ដែល​ត្រូវបាន​គេ​ធ្វើឡើង​ពី​បាយដំណើប​ស ឬ​បាយ​ដំណើបខ្មៅ ដោយ​ពូត​ជាដុំៗ ឬ​រាយប៉ាយ​នៅក្នុង​ចាន ឬ​ឆ្នាំង ដោយ​ផ្អាប់​ជាមួយ​មេ​ត្រប៉ែ ដើម្បី​ទទួលបាន​ក្លិនក្រអូប ឈ្ងុយ និង​ឡើង​មេ ហើយក៏​ជា​ប្រភេទ​បង្អែម​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីជនបទ ឬ​បណ្តា​ខេត្ត​នានា ពេញនិយម​ធ្វើ​លក់​នៅក្នុង​តំបន់ ឬ​សម្រាប់​ទទួលទាន​នៅក្នុង​ក្រុមគ្រួសារ​ផងដែរ ខណៈដែល​ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​កម្រ​មាន​អ្នកចេះ​ធ្វើ​ណាស់។ ចង់ដឹងថា តើ​ត្រប៉ែដំណើបខ្មៅ​ត្រូវបាន​ធ្វើឡើង​ដោយ​របៀប​ណា​នោះ​សូម​តាមដាន​ទាំងអស់គ្នា។

    + គ្រឿងផ្សំ៖

    *អង្ករ​ដំណើបខ្មៅ 500ក្រាម
    *មេ​ត្រប៉ែ 1.5គ្រាប់
    *សាច់ដូង​ខ្ចី​ល្មម (មិនទាន់​ត្រូវការ​ភ្លាម​នោះទេ រង់ចាំ​ដល់ពេល​ត្រប៉ែ​អាច​ទទួលទាន​បាន​ទើប​ត្រូវការ)

    + វិធី​ធ្វើ៖
    ជាដំបូង លោកអ្នក​ត្រូវយក​អង្ករដំណើប​ខ្មៅ​លាង​សម្អាត ហើយ​ត្រាំ​ទឹក​ទុក​រយៈពេល​ប្រមាណ30នាទី។ បន្ទាប់មក​យក​អង្ករ​ស្រិត​ទឹក​ចេញ ហើយ​យកទៅដាក់​ចំហុយ។ ក្រោយពេល​ឆ្អិន​ត្រូវយក​បាយដំណើប​ខ្មៅ​ទុកឱ្យ​ត្រជាក់ ទើប​យក​មេ​ត្រប៉ែ​ដែល​បាន​ត្រៀម​ទុក​នោះ មក​លាយ​ឱ្យ​សព្វ​ក្លាយជា​ល្បាយ​តែមួយ ហើយ​បន្ត​នាំយកទៅ​ផ្អាប់​ទុក​ដោយ​ការ​សង្កត់ឱ្យ​ណែន និង​រុំ​ដោយ​ក្រណាត់​ស្អាត​ឱ្យ​ជិត​ល្អ ផ្ងំ​ក្នុង​ធុង​បិត​ជិត ទុក​រយៈពេល3ថ្ងៃ ទើប​យកចេញ។ ជា​ចុងក្រោយ លោក​អ្នកនឹង​ទទួលបាន​ត្រប៉ែដំណើបខ្មៅ​ដ៏​ឈ្ងុយ​នៅ​នឹង​មុខ ហើយ​បន្ថែម​សាច់ដូង​ខ្ចី​ល្មម​ពីលើ​សម្រាប់ទទួលទាន​ជាការ​ស្រេច៕