Tag: ដំណាំ

  • រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការស្រោចស្រព អនុញ្ញាតឱ្យ​កសិករ​ដាំ​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​នៅលើ​សមុទ្រ​ខ្សាច់​ទំហំ​មួយ​លាន​ហិកតា។

    សមុទ្រ​ខ្សាច់ Ulan Buh ដែលមាន​ផ្ទៃក្រឡា​មួយ​លាន​ហិកតា គឺជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី 8 នៅ​ប្រទេស​ចិន។ Ulan Buh ធ្លាប់​ល្បី​ឈ្មោះថា​ជា​ប្រភព​នៃ​ព្យុះ​ខ្សាច់​ប្រចាំឆ្នាំ​ដែលតែង​តែ​​វាយលុក​ភាគ​ខាងជើង​ប្រទេស​ចិន។

    បច្ចុប្បន្ន វិធានការ​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ខាងលើ ក្នុងនោះ​មានដូចជា ការរារាំង​ខ្យល់ និង​ការកែលំអ​បរិស្ថាន​ធម្មជាតិ​ជាដើម ហើយ​បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ក៏ដូចជា​សកម្មភាព​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ចំពោះ​ការដាំដុះ ការស្រោចស្រព​តាមបែប​បាញ់​ទឹកជា​រង្វង់​មូល​នេះ​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នៅក្នុង​ការរក្សា​ទឹក។

    ដោយ​ការប្រឹងប្រែង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ធម្មជាតិ ដី​ជាង 30,000 ហិកតា​នៅ​តំបន់​សមុទ្រ​ខ្សាច់ Ulan Buh នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​ដែលមាន​គុណភាព​ខ្ពស់ ដែល​ភាគច្រើន​គឺជា​ស្រូវ​សាលី, ស្មៅ leymus chineensis និង​ស្មៅ alfalfa ជាដើម។ បរិមាណ​នៃ​ដំណាំ​ខាងលើ រកប្រាក់​ចំណូល​ប្រចាំឆ្នាំបាន​​លើសពី 97.7 លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន បណ្ដាញ​ឧស្សាហកម្ម​មួយ​ដែល​រួមមាន​ទាំង​ការដាំដុះ ការបណ្ដុះ​ពូជ ការទិញ និង​លក់​ផលិតផល​កសិកម្ម​នៅ​តំបន់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រេចបាន​គោលដៅ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សមុទ្រ​ខ្សាច់ និង​កសិកម្ម។

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​​ខាងលើ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ Dengkou របស់​ទីក្រុង Bayannur ក្នុង​តំបន់​ស្វយ័តម៉ុងហ្គោលី​ខាង​ក្នុង នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​៕

  • ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។

    ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។

    ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។

    ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង Elko នៅ​រដូវក្ដៅ​នេះ។

    បើទោះជា​មិន​គំរាមកំហែង​ដល់​មនុស្ស ប៉ុន្តែ​ចង្រិត Mormon មាន​ក្លិន​អាក្រក់ និង​ជា​សត្វល្អិត​ដែល​អាច​ស៊ីសាច់​គ្នាឯង។ នៅពេល​ចង្រិត​ណាមួយ​ត្រូវ​ឡាន​កិន ពួក​ដែល​នៅក្បែរនោះ​តែង​លោត​ចូលមក​ដណ្ដើម​គ្នា​ស៊ី បង្កើតបានជា​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យខ្លាច។

    វត្តមាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចង្រិត​នេះ នាំឱ្យ​ម​ន្ទីរ​ពេទ្យ និង​កន្លែង​អាជីវកម្ម​នានា​ត្រូវបញ្ជូន​មនុស្ស​ទៅ​ចាត់ការ បើ​ទោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ៕

  • អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

    អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

    តាមរយៈ​ការ​បង្កាត់​ពូជ​បែប​ធម្មជាតិ អនុបណ្ឌិត ង្វៀន វ៉ាន់ ហា រួម​នឹង​សហការី បង្កើតបាន​ពូជ​ពោត SSW18 ដែល​អាច​ហូប​បានភ្លាមៗបន្ទាប់ពី​បេះ ដោយ​មិនចាំបាច់​ចម្អិន។

    ចំណុច​ពិសេស​របស់​ពូជ​ពោត​នេះ​គឺមាន​ជាតិ​ទឹក​ច្រើន មាន​ម្សៅ​តិច ហើយ​នៅពេល​ហូប​ឆៅ​នឹងមាន​រសជាតិ​ដូច​ទៅនឹង​ផ្លែឈើ​ទុំ។ បើ​ធៀប​ទៅនឹង​ពោត​ធម្មតា​ដែលមាន​កម្រិត​ជាតិ​ផ្អែម​ប្រហែល​ពី 12-15 Brix ពូច​ពោត​ថ្មី​របស់លោក លោក ង្វៀន វ៉ាន់ ហា មាន​ជាតិ​ផ្អែម​ឡើងដល់ 18 Brix ហើយ​ក្នុងករណី​​ការ​ដាំដុះ​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ វា​អាច​ឡើងដល់ 20 Brix។

    តាម​ការអះអាងពី​ក្រុម​អ្នក​ស្រាវជ្រាវ ពោត​ SSW18 ត្រូវបាន​បង្កាត់​ពូជ​រវាង​ពូជ​ពោត​ក្នុងស្រុក និង​មិនមាន​ការកែប្រែ​ហ្សែ​ន។ គម្រោង​​បង្កើត​ពូជ​ពោត​ថ្មី​នេះ​ត្រូវបានលោក ង្វៀន វ៉ាន់ ហា អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ដំណាំ​លើក​គោក នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដំណាំ របស់​បណ្ឌិត្យសភា​កសិក​ម្ម​វៀតណាម រួម​នឹង​សហការី​​ស្រាវជ្រាវ​តាំងតែ​ពី​ប្រហែល 8 ឆ្នាំមុន​មកម្ល៉េះ។

    បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​កំពុង​ពិសោធ​ដាំ​នៅ​តំបន់ផ្សេងៗគ្នា​ដើម្បី​ជ្រើសរើស​ប្រភេទ​ដី​ដែល​ផ្ដល់​ទិន្នផល គុណភាព និងមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​ទប់​ទល់នឹង​សត្វល្អិត និង​ជម្ងឺ​ផ្សេង​ៗ​ ហើយ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​នាំយក​ពូជ​ពោត​ថ្មី​នេះ​ទៅក្នុង​ទីផ្សារ៕

  • មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    គម្រោង​ស្ពាន​បង្ហូរទឹក​ពី​ទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe ដែលមាន​កម្មករ 20,000 នាក់ សាងសង់​ក្នុង​រយៈពេល 6 ឆ្នាំ នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស និង​ប្រព័ន្ធ​ជីវចម្រុះ។

    «សួស្ដី​គ្រប់គ្នា ខ្ញុំ​ឈ្មោះ Wendy មកពី​ប្រទេស​គុយបា។ ដូចដែល​គ្រប់គ្នា​បានឃើញ មាន​ទន្លេ​មួយ​នៅក្បែរ​ខ្ញុំ ហើយ​នៅក្រោម​ជើង​ខ្ញុំ​ក៏មាន​ទន្លេ​មួយ​ដែរ ដែល​ដូច​ទៅនឹង​ស្ពាន​អាកាស​ឆ្លង​ផ្លូវទឹក» Wendy ដែលជា​និស្សិត​គុយបា នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Hefei (Hefei University of Technology) នៅ​​ប្រទេស​ចិន ណែនាំ​អំពី​មហា​គម្រោង​ស្ពាន​​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន។

    «ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​បង្កើតឡើង​ដោយ​ស្ពាន​នាំ​ទឹក​ដ៏​វែង​មួយ ហើយក៏​ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ។ ស្ពាន​បង្ហូរទឹក​នេះ​មាន​ចន្លោះ​សសរ​វែង​បំផុត ក្នុងចំណោម​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក និង​ដើរតួនាទី​សំខាន់​នៅក្នុង​គម្រោង​បង្ហូរទឹក ដែលមាន​គោលដៅ​ផ្លាស់​ទិស​របស់​លំហូរ​ទឹកទន្លេ Yangtze ទៅកាន់​ទន្លេ Huaihe»។

    «គម្រោង​ប្ដូរ​ទិស​ទឹកទន្លេ​នេះ បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​កាលពី​ចុងឆ្នាំ​កន្លង បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល 6 ឆ្នាំ ដែល​ប្រើប្រាស់​កម្មករ​ជាង 20,000 នាក់»។

    ដោយមាន​ប្រវែង 723 គីឡូម៉ែត្រ គម្រោង​នេះ​ផ្គត់ផ្គង់​ទឹក​ដល់ទី​ក្រុង​ចំនួន 15 នៅក្នុង​ខេត្ត Anhui ភាគ​ខាងកើត​ប្រទេស​ចិន និង​ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស​ចិន នាំមក​នូវ​ផលប្រយោជន៍​ដល់​មនុស្ស​ជាង 50 លាន​នាក់។

    ក្រៅពី​ការផ្គត់ផ្គង់​ទឹក និង​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន គម្រោង​នេះ​ក៏​បម្រើ​ដល់​ការស្រោចស្រព​ដំណាំ និង​ជួយ​ស្ដារ​បរិស្ថាន​របស់​ទន្លេ Huaihe និង​បឹង Chaohu។

    យោងតាម​លោក Zhang Jianjin ដែលជា​វិស្វករ​នៃ​គម្រោង​ខាងលើ ស្ពានដែក​នេះ​គឺជា​ផ្លូវ​ផ្គត់ផ្គង់​ទឹក​សំខាន់​ជាងគេ​សម្រាប់​ទីក្រុង Hefei និង Lu’an ក្នុង​ខេត្ត Anhui។ ស្ពាន​នេះ​មាន​កម្ពស់​ជាង 30 ម៉ែត្រ ធៀប​ទៅនឹង​ព្រែក​របស់​មហា​គម្រោង​បង្ហូរទឹក​នេះ។ ចន្លោះ​រវាង​សសរ​ប្រវែង 110 ម៉ែត្រ​របស់​ស្ពាន​នេះ គឺ​វែង​ជាង 3.8 ម៉ែត្រ ធៀប​នឹង​ចន្លោះ​សសរ​របស់​ស្ពាន​ទឹក Magdeburg (Magdeburg Water Bridge) ទៅទៀត។ ស្ពាន​នេះ​មាន​ចន្លោះ​សសរ​វែង​ជាងគេ​បង្អស់​ធៀប​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រភេទ​នេះ​នៅលើ​ពិភពលោក។

    មហា​គម្រោង​ស្ពាន​បង្ហូរទឹក​ប្រវែង​ជាង 700 គីឡូ​ម៉ែ​ទ្រ​នៅ​ប្រទេស​ចិន

    ស្ពាន​បង្ហូរ​ទឹក​ទន្លេ​ខាងលើ​​មាន​ស្ថានីយ​បូមទឹក​ធំជាងគេ​នៅ​អាស៊ី ដោយ​ធ្វើឱ្យ​ស្ពាន​ទឹក​នេះ​មាន​លំហូរ​សរុប 340 ម៉ែត្រគូប/វិនាទី។ ស្ពាន​នេះ​ក៏​យកចិត្តទុកដាក់​លើ​បរិស្ថាន​ដែល​ពាក់ព័ន្ធ​ផងដែរ៕

  • ស្រូវ​ជា​ដំណាំ​ចម្បង​ដែល​បានរួមចំណែក​ប្រមាណ 15%នៃ​តម្លៃបន្ថែម​ ក្នុង​វិស័យ​កសិកម្ម​កម្ពុជា

    ស្រូវ​ជា​ដំណាំ​ចម្បង​ដែល​បានរួមចំណែក​ប្រមាណ 15%នៃ​តម្លៃបន្ថែម​ ក្នុង​វិស័យ​កសិកម្ម​កម្ពុជា

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់ទុកថា ផលិតកម្ម​ស្រូវ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម ដែល​កន្លងមក ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ការអភិវឌ្ឍ​ដំណាំ​ស្រូវ ឱ្យសម្រេចបាន​ជោគជ័យ​តាម​ផែនការអភិវឌ្ឍន៍​ផលិតកម្ម​ស្រូវ នៅ​កម្ពុជា​ឆ្នាំ2011-2020ផងដែរ។

    ថ្លែង​ក្នុង​ពិធី​បុណ្យដារលាន នា​​ខេត្ដ​តាកែវ កាលពីពេល​ថ្មី​នេះ ឯកឧត្ដម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា វិស័យ​កសិកម្ម បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​គ្រួសារ ធានា​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ គាំទ្រ​ដល់​ការនាំចេញ និង​ជាពិសេស​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ពិពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជ​វូប​នីយកម្ម​កសិកម្ម សំដៅ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម ធានាបាន​ទាំង​បរិមាណ និង​គុណភាព​សមស្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍។

    ជាមួយគ្នា​នោះដែរ ឯកឧត្ដម​បាន​ថ្លែងថា ស្រូវគឺជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​ប្រភេទ ដែល​បានផ្តល់​ប្រយោជន៍​ជាច្រើន ព្រមទាំង​បាន​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ បង្កើត​ការងារ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ជាដើម។ ជាក់ស្តែង ឯកឧត្ដម​មានប្រសាសន៍​ថាស្រូវ ជា​ដំណាំ​ចម្បង​ដែល​បានរួម​ចំណែក​ប្រមាណ15% នៃ​តម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម ជាក់ស្តែង​ផ្ទៃដី​ដាំ​ដុះ​សម្រេចបាន នៅក្នុង​ឆ្នាំ2018 មាន​ជាង 3.3លាន​ហិកតា ជាមួយ​ទិន្នផល 10.8លាន​តោន។

    បន្ថែម​ពីនេះ ឯកឧត្ដម​បានឱ្យដឹង​បន្តថា បើ​យោងតាម​ការប៉ាន់ស្មាន​ជំហាន​ដំបូង​កាលពី​ឆ្នាំ2019 ផល​ស្រូវ​សម្រេចបាន​ប្រមាណ 10.88លាន​តោន ហើយនឹង​អាច​នៅសល់​ស្រូវ​សរុប​ប្រមាណ​ជាង 5លាន​តោន ឬ​អង្ករ​ចំនួន​ជាង 3លាន​តោន​ទៀត។

    នៅ​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​បានឱ្យដឹង​ទៀតថា ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន និង​យោង​លើ​សេចក្តីត្រូវការ​ជា​មូលដ្ឋាន​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព​របស់​ពលរ​ដ្ឋ​កាន់តែ​កើនឡើង​ជា​លំដាប់ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 ក្នុងទិសដៅ​ពិតប្រាកដ​មួយ គឺ​ដើម្បី​ជំរុញ និង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យជាជំហានៗច្បាស់លាស់ សម​ស្របតាម​ពេលវេលា និង​ធនធាន​របស់​ជាតិ ធ្វើយ៉ាងណា​ឈានឆ្ពោះ​ទៅ​សម្រេច​គោលដៅ​នៃ​ឆ្នាំ2030 និង2050។

    យ៉ាងណាក្ដី ឯកឧត្ដម​ក៏បាន​បញ្ជាក់ដែរថា ក្រសួងកសិកម្ម តែង​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​ផលិតកម្ម​ស្រូវ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​មាន​ភាព​ប្រកួតប្រជែង តាមរយៈ​ការដាក់បញ្ចូល​ផែនការអភិវឌ្ឍន៍​ផលិតកម្ម​ស្រូវ ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម2019-2023 យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ2019 -2023 និង​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ស្រូវ​ឆ្ពោះទៅ​ឆ្នាំ2030 ឱ្យបាន​ជោគជ័យ​តាម​គោលដៅ​គ្រោងទុក។

    ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​អះអាង​បន្ថែមទៀតថា ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផលិតកម្ម​ស្រូវ​បន្ថែមទៀតក្រសួង​បាន​ណែ​នាំឱ្យ​អគ្គនាយដ្ឋាន កសិកម្ម មន្ទីរ​កសិកម្ម​ខេត្ត និង​តួអង្គ​ពាក់ព័ន្ធផ្សេងៗទៀត​ត្រូវ​យកចិត្តទុកដាក់​ថែមទៀត​លើ​ការអនុវត្ត​បច្ចេកទេសពង្រឹង និង​ពង្រីក​ការងារ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់លិខិតបទដ្ឋាន​គតិយុត្ត ការងារ​ស្រាវជ្រាវ និង​បណ្តុះបណ្តាល ពង្រឹង​ការងារ​ដឹកនាំ និង​គ្រប់គ្រង​សហគមន៍​កសិកម្ម ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យាជំរុញ និង​លើកទឹកចិត្ត​ការចុះបញ្ជី​កសិដ្ឋាន​គ្រប់​ប្រភេទ លើកកម្ពស់​ប្រសិទ្ធភាព​ចំពោះ​ការផ្តល់​សេវាសាធារណ: បន្ដ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

    គួរបញ្ជាក់​ផងដែរ​ថា យោងតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា នៅ​ខែមករា ឆ្នាំ2020 កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន 50,450តោន ថយចុះ 15.39ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2019។ មូលហេតុ​នៃ​ការថយចុះ​នេះបណ្តាលមកពី​ការយកពន្ធ​អង្ករ​កម្ពុជា នាំចូល​នៅ​សហគមន៍​អឺរ៉ុប​នៅ​ឆ្នាំ​ដំបូង ដោយ​ក្នុង​អង្ករ 1តោន​ចំនួន 175អឺរ៉ូ គិត​ចាប់ពី​ថ្ងៃទី19 ខែមករា ឆ្នាំ2019មក។

    សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹង​បន្តថា ទឹកប្រាក់​សរុប​ពី​បាន​ការនាំ​អង្ករ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ នៅក្នុង​ខែមករា ឆ្នាំ2020 មាន​ប្រមាណ​ជា 39លាន​ដុល្លារ​អាមេរិក។

    ចំណែកឯ​ទីផ្សារ​អាស៊ាន​វិញ ឃើញថា មានការ​ប្រែប្រួល​ខ្លះ អាស្រ័យ​លើ​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ និង​វៀតណាម។ ក្នុងនោះ សហព័ន្ធ​ស្រូវ​អង្ករ បានបញ្ជាក់​បន្ថែមទៀត​ថា ទីផ្សារ​ចម្បង​របស់​កម្ពុជា គឺ​ប្រទេស​ម៉ាឡេស៊ី និង​ប្រ៊ុយណេ ដែល​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ គឺ​នៅ​រក្សាបាន​ស្ថាន​ភាពល្អ មាន​លំនឹង​នៅឡើយ។ រីឯ​ទីផ្សារផ្សេងៗទៀត បាន​កើនឡើង​ប្រមាណ 40% ក្នុងនោះ​ប្រទេស​ហ្គា​បុ​ង នៅតែ​បន្ត​នាំមុខ​ដដែល ស្របពេល​ជាមួយគ្នា​នោះ ប្រ​ទស​អូស្ត្រាលី ក៏បាន​បង្កើនល្បឿន​ក្នុងការ​នាំចូល​អង្ករ​ពី​ប្រទេសកម្ពុជា ដ៏​គួរឱ្យកត់សម្គាល់​ផងដែរ៕

  • ដំណាំ ម្រះ

    ដំណាំ ម្រះ

    Momordica charantia Linn ឬឈ្មោះជាភាសាខ្មែរហៅថា ម្រះ ជារុក្ខជាតិមានដើមជាវល្លិ៍ចូលចិត្តដុះដីធូរ និងមិនមានទឹកដក់។ ម្រះដែលគេនិយមដាំយ៉ាងទូលំទូលាយនោះមាន 2ប្រភេទគឺ ម្រះអាចម៍ចាប ដែលមានលក្ខណៈផ្លែតូចខ្លីមានរសជាតិល្វីងខ្លាំង សាច់ក្រៅគ្រើមធំៗជារាងបន្លា មានសាច់ស្ដើង ងាយស្រួលដាំ និងសម្បូរផ្លែ គេនិយមយកមកស្រុសទទួលទានធ្វើជាអន្លក់ញ៉ាំជាមួយទឹកគ្រឿង ឬប្រហុក។ ឯមួយប្រភេទទៀតគឺ ម្រះចិន ជាពូជដែលនាំចូលមកពីប្រទេសចិន មានផ្លែធំៗ វែងប្រវែង20-30សង់ទីម៉ែត្រ មានពណ៌បៃតងខ្ចី សាច់ក្រាស់មានរសជាតិល្វីងតែបន្តិចបន្តួចប៉ុណ្ណោះ គេនិយមបរិភោគច្រើន ដោយ-សារតែអាចយកមកច្នៃជាម្ហូបបានច្រើនប្រភេទដូចជាស្ងោរ ខ ឆា ញាំ ឬស្រុសជ្រលក់ទឹកគ្រឿងក៏បាន។

    ** ការដាំដុះ
    • ការត្រៀមដី : អាចធ្វើបានដូចគ្នានឹងការត្រៀមដីសម្រាប់ដំណាំវារឡើងទ្រើងឯទៀតៗដែរ។ ដោយសារម្រះជារុក្ខជាតិដែលមានប្រព័ន្ធឫសចាក់ជ្រៅកម្រិតកណ្ដាល ដូច្នេះគួរភ្ជួរដីឱ្យជ្រៅទៅក្រោមប្រមាណជា 25 – 30សង់ទីម៉ែត្រហាលដីសម្លាប់ស្មៅ និងសត្វល្អិតសត្រូវដំណាំចោលប្រមាណ7-10ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុសឱ្យសព្វពេញដី មុននឹងរាស់ជ្រួយដីឱ្យបែកល្អិតម្ដងទៀត រួចទើបលើកជារងតាមលក្ខណៈផ្ទៃដីដាំដុះ ទុកចន្លោះផ្លូវដើរកណ្ដាលរង ដើម្បីងាយស្រួលក្នុងការមើលថែទាំ។

    ** វិធីការដាំដុះ : ការបណ្ដុះគ្រាប់ម្រះជាមុនមុននឹងយកទៅដាក់ដាំ នឹងធ្វើឱ្យទទួលបានទិន្នផលល្អបំផុត។ ការបណ្ដុះគ្រាប់ម្រះអាចធ្វើបានតាម 3វិធីដូចខាងក្រោម ៖
    • វិធីទី 1 ការបណ្ដុះកូននៅលើរង : ការបណ្ដុះកូនដោយវិធីនេះត្រូវជ្រួយដីឱ្យធូរ លាយជាមួយជីលាមកគោ ដើម្បីឱ្យដីកាន់តែធូរខ្លាំងឡើង។ យកគ្រាប់ម្រះមកដាក់ដាំបណ្ដុះជាជួរឆ្ងាយពីគ្នា3សង់ទីម៉ែត្រ រោយលុបដោយដីកម្រាស់ 2 – 3សង់ទីម៉ែត្រ យកចំបើងស្ងួតគ្របពីលើរង រួចស្រោចទឹក 3 – 4ថ្ងៃ។ រង់ចាំរហូតដល់កូនម្រះលាស់ស្លឹក 2សន្លឹក អាយុប្រមាណ 10ថ្ងៃ ទើបអាចដកយកទៅបំបែកដាំលើរងផ្សេងបាន តែមុននឹងដកកូនម្រះ ត្រូវស្រោចទឹកឱ្យជោគដីជាមុនសិន ដើម្បីកុំឱ្យកូនម្រះខូចខាតបាក់ជាំខ្លាំងពេកក្នុងពេលដក។

    • វិធីទី 2 ការបណ្ដុះក្នុងថង់ក្រដាស : ចូរយកដីលាយជីលាមកគោដាក់ចូលក្នុងថង់ក្រដាសទំហំ 7 x 8សង់ទីម៉ែត្រត្រៀមទុកជាស្រេច បន្ទាប់មកចូរយកគ្រាប់ម្រះទៅត្រាំទឹកប្រហែល 1ម៉ោងមុននឹងស្រង់យកមកបណ្ដុះនៅក្នុងថង់ 1ថង់ 1គ្រាប់ ស្រោចទឹកឱ្យសើមជោកល្មម។ នៅពេលកូនម្រះលាស់ស្លឹកឡើង 2សន្លឹក សឹមលើកយកទៅដាក់ដាំនៅលើរង។

    • និងវិធីទី 3 ការបណ្ដុះជារួម : ស្រដៀងនឹងការបណ្ដុះសណ្ដែកបណ្ដុះដែរ ដោយត្រូវយកគ្រាប់ម្រះមកដាក់ត្រាំក្នុងទឹកទុកចោលប្រមាណ 1ម៉ោង មុននឹងស្រង់យកមករុំខ្ចប់ដោយក្រណាត់សើមប្រមាណជា 2 – 3ថ្ងៃ រហូតទាល់តែឫសចាប់ផ្ដើមដុះចេញមកពីគ្រាប់។ ចូរជ្រើសរើសគ្រាប់ណាដែលមានឫសដុះចេញមកល្អយកទៅដាក់ដាំ។

    នៅពេលបានកូនម្រះ និងត្រៀមដីរួចរាល់ហើយ ចូររៀបចំចម្ងាយក្នុងការដាក់ដាំរវាងជួរនីមួយៗប្រមាណ 1ម៉ែត្រ ដោយត្រូវជីកជារណ្ដៅតូចៗជម្រៅប្រមាណ20-30សង់ទីម៉ែត្រដាក់ជីលាមកគោទ្រាប់បាតរណ្ដៅក្នុងមួយរណ្ដៅប្រមាណ200-300ក្រាម។ យកកូនម្រះមកដាក់ដាំក្នុងមួយរណ្ដៅ 2ដើម មុននឹងរោយដីលុប។ ការដាំម្រះចាំបាច់ត្រូវតែធ្វើទ្រើងឱ្យរឹងមាំ ដើម្បីឱ្យដើមម្រះធំធាត់លូតលាស់ឡើង និងហុចផលបានល្អ។

    ** វិធីមើលថែទាំ
    • ការស្រោចទឹក : គួរស្រោចទឹករៀងរាល់ថ្ងៃក្នុងរដូវក្ដៅ និងឈប់ស្រោចខ្លះក្នុងរដូវភ្លៀង។

    •ការដាក់ជី : សម្រាប់ការដាក់ជីចែកចេញជា3ដំណាក់កាល គឺ ដំណាក់កាលត្រៀមដី ឬដាក់ជីទ្រាប់បាតរណ្ដៅ។ ដំណាក់កាលទី 2 ក្នុងអំឡុងពេលដាក់ដាំកូនម្រះហើយបាន 7ថ្ងៃ ឬពេលកូនម្រះចាប់ផ្ដើមរឹងមាំល្អហើយ និងដំណាក់កាលចុងក្រោយ គឺការដាក់ជីនៅពេលដើមម្រះមានអាយុបាន 30ថ្ងៃ។

    • ការការពារ និងកម្ចាត់សត្រូវដំណាំ : នៅពេលដើមម្រះអាយុបាន 40ថ្ងៃ នឹងចាប់ផ្ដើមចេញផ្កា ដែលមានជាប់ក្ដឹបទំហំប៉ុនចុងម្រាមកូនដៃ។ ត្រូវចាប់ផ្ដើមរុំខ្ចប់ក្ដឹបម្រះដោយប្រើក្រដាសកាសែតបត់ធ្វើជាថង់ទំហំ 15 x 20សង់ទីម៉ែត្រ ដើម្បីការពារក្នុងរឿងសត្វល្អិតសត្រូវដំណាំដែលចូលមកបំផ្លាញ និងជួយឱ្យផ្លែម្រះមានពណ៌បៃតងខ្ចីស្រស់គួរឱ្យចង់ទទួលទាន។

    ** វិធីប្រមូលផល
    ម្រះ អាចហៅបានថាជារុក្ខជាតិដែលមានអាយុខ្លី ដោយរាប់ពីថ្ងៃដែលចាប់ផ្ដើមដាំ រហូតដល់ថ្ងៃប្រមូលផលបាន គឺប្រមាណជា 45 – 55ថ្ងៃ អាស្រ័យលើពូជដែលយើងជ្រើសរើសដាំ។ ម្រះនឹងឱ្យទិន្នផលជាជំនាន់ៗ ដោយជំនាន់ដំបូងគេហៅថា ម្រះជាប់ដី ឬម្រះដើមដៃ ផ្លែមានលក្ខណៈធំធាត់ តែខ្លី ផ្លែច្រើនតែស្ថិតនៅនឹងគល់ដើមក្បែរៗដី អាចបេះបានមួយថ្ងៃខានមួយថ្ងៃ។នៅពេលប្រមូលផលបាន 3ដង ក៏នឹងដល់ម្រះជំនាន់តូច ឬគេហៅថា ម្រះចុងដើម ផ្លែនឹងមានខ្នាតតូចជាងមុន។ ក្នុងការប្រមូលផលផ្លែម្រះគួរជ្រើសរើសបេះផ្លែដែលនៅខ្ចី មានពណ៌បៃតង​ និងមានខ្នាតធំតាមដែលត្រូវការបរិភោគ៕