Tag: ដែកគោល

  • ការ​ស្រង់​សាក​សព​កប៉ាល់ Titanic និង​មូល​ហេតុដែល​គេ​មិនអាចធ្វើបាន​

    ការ​ស្រង់​សាក​សព​កប៉ាល់ Titanic និង​មូល​ហេតុដែល​គេ​មិនអាចធ្វើបាន​

    ការ​ស្រង់​យក​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី 111 ឆ្នាំមុន ពិត​ជា​ពិបាក​នឹង​ធ្វើទៅ​រួច ព្រោះ​ត្រូវ​ការចំណាយ​ប្រាក់​​ច្រើន រួម​នឹងកត្តា​ជា​ច្រើន​ផ្សេង​ទៀត​។

    យោងតាម​ទំព័រ Business Insider មូលហេតុ​ដែល​គេ​មិនអាច​ស្រង់​សាកសព​កប៉ាល់ Titanic ឡើងគោកគឺ​ ដោយសារ​មាន​មូលហេតុធំៗបី រួមមាន ការ​ចំណាយ​ប្រាក់​​ច្រើន, Titanic កំពុង​រលាយ និង​ត្រូវបាន​ចាត់ទុក​ជាទី​បញ្ចុះ​សព។

    1-សាកសព​កប៉ាល់ Titanic គឺជា​កន្លែង​បញ្ចុះសព

    មនុស្ស​ប្រហែល 1,500 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទេសចរណ៍ Titanic កាលពី​ឆ្នាំ 1912។ ក្រោយ​ហេតុការណ៍​នេះ សាកសព​ជាង 300 នាក់​ត្រូវបាន​ស្រង់​ឡើងគោក ខណៈដែល​សាកសព​ដទៃទៀត ខ្លះ​លិច​ទៅតាម​កប៉ាល់ ខ្លះក៏​អណ្ដែត​ចេញ​ឆ្ងាយ​ពី​តំបន់​កើតហេតុ។ រដ្ឋាភិបាល​អាម៉េរិក និង​អង់គ្លេស យល់ព្រម​ចាត់ទុក​សាកសព​កប៉ាល់ Titanic ជាទី​បញ្ចុះសព ជា​កន្លែង​រម្លឹក​ហេតុការណ៍​សោកនាដកម្ម។ ដូច្នេះ តំបន់​នេះ​នឹងត្រូវ​បានការ​ពារ ជំនួស​ឱ្យ​ការ​ស្រង់​ឡើងគោក។

    2- សាកសព​កប៉ាល់ Titanic កំពុង​រលាយ

    កប៉ាល់​នេះ​ត្រូវបាន​សាងសង់​ពី​បន្ទះ​ដែក​កម្រាស់ 2.5 សង់ទីម៉ែត្រ និង​ប្រើប្រាស់​ដែកគោល​ចំនួន​ពីរលាន​គ្រាប់​។ បាក់តេរី Halomonas titanicae កំពុងតែ​នាំគ្នា​ស៊ី​ដែក និង​ស្ពាន់ធ័រ​នៅលើ​សាកសព​កប៉ាល់ Titanic។ ក្នុងពេល​រំលាយ​អាហារ បាក់តេរី​នេះ​បង្កើតបានជា rusticle គ្របដណ្ដប់​ពេញ​សាកសព​កប៉ាល់។

    Rusticle ជា​វត្ថុ​ធាតុ​ម្យ៉ាង​ដែល​ដូច​ទៅនឹង​កំណក​ច្រែះ និង​ងាយ​រលាយ។ ក្រៅពី rusticle ជាតិ​ប្រៃ​របស់​ទឹកសមុទ្រ និង​លំហូរ​ទឹកសមុទ្រ ក៏​ជា​កត្តា​ដែលនាំឱ្យ​សាកសព​កប៉ាល់ Titanic អាច​បាត់​ខ្លួន​នាពេល​ដ៏ខ្លី​ខាង​មុច ពិបាក​ក្នុង​ការ​ស្រង់​ឡើង​គោក។

    3- គេ​នឹងត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន បើសិន​ចង់​ស្រង់​សាកសព Titanic

    ឆ្នាំ 1914 វិ​ស្វាករ Charles Smith ធ្លាប់​រៀប​គម្រោង​ស្រង់​សាកសព​កប៉ាល់ Titanic ឡើងមក​លើគោក។ ពេលនោះ លោក​គណនា​ឃើញថា នឹងត្រូវ​ចំណាយ​ប្រាក់ 1.5 លាន​ដុល្លារ​អាម៉េរិក គឺ​ប្រហែល 45 លាន​ដុល្លារ​បច្ចុប្បន្ន។ ក៏ប៉ុន្តែ កាលពី​ឆ្នាំ 2013 គេ​ត្រូវ​ចំណាយ​ប្រាក់​អស់ 800 លាន​ដុល្លារ​​ក្នុង​ការ​ស្រង់​កប៉ាល់ Costa Concordia ដែល​បាន​ក្រឡាប់។ ដូច្នេះ ការ​ស្រង់​សាកសព​កប៉ាល់ Titanic នឹងត្រូវ​ចំណាយ​អស់ប្រាក់​ច្រើនជាង​នេះ​មិន​ខាន ព្រោះ​វា​មាន​ភាព​ស្មុ​គ​ស្មាញ​ខ្លាំងណាស់៕

  • ស្ត្រីវ័យចំណាស់ញៀនហូបដែកគោល ដើម្បីបន្ថែមជាតិដែកក្នុងខ្លួន

    ស្ត្រីវ័យចំណាស់ញៀនហូបដែកគោល ដើម្បីបន្ថែមជាតិដែកក្នុងខ្លួន

    តាមរយៈសារព័ត៌មាន Daily Mail នៅថ្ងៃទី29 ខែធ្នូ ឆ្នាំ2017នេះ បានឱ្យដឹងថា ស្រ្តីចំណាស់ជនជាតិរុស្ស៊ីម្នាក់ ត្រូវបានគេរកឃើញថា មានគ្រឿងដែកប្រមាណជា152 ដើម ដែលមានទាំងដែកគោលផងដែរនោះនៅក្នុងពោះរបស់គាត់ ដោយហេតុថា លោកយាយរូបនេះបានបរិភោគគ្រឿងដែកទាំងអស់នោះចូលទៅ ព្រោះតែជឿថា នឹងអាចជួយបង្កើនកម្រិតសារធាតុដែកនៅក្នុងខ្លួនបាន។

    លោកយាយខាងលើ ដែលមានវ័យ74ឆ្នាំទៅហើយ និងត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ Nina នេះ កំពុងសម្រាកព្យាបាលនៅឯ​មន្ទីរពេទ្យនៃទីក្រុង Ulan-Ude ស្ថិតនៅចម្ងាយប្រមាណ233គីឡូម៉ែត្រ ភាគខាងជើងពីព្រំប្រទល់ជាមួយប្រទេសម៉ុងហ្គោលី ភាគអាគ្នេយ៍ប្រទេសរុស្ស៊ី។ លោកយាយរូបនេះ បានចូលទៅមន្ទីរពេទ្យ ដោយត្អូញត្អែរអំពីអាការក្តៅខ្លួន ហើយក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ខណៈដែលពួកគេបានរកឃើញពីមូលហេតុពិត នៅពីក្រោយអាការរោគរបស់លោកយាយ តាមរយៈការថតអ៊ិច្សរេយ៍។ ក្រុមគ្រូពេទ្យ​វះ​កាត់បានរកឃើញគ្រឿងដែកប្រមាណជា 152ដើម នៅក្នុងខ្លួនរបស់លោកយាយ រួមមានដែកគោលវែងៗ និងខ្ចៅធំៗ​ជាដើម។ លោកយាយអាយុ74ឆ្នាំរូបនេះបានប្រាប់វេជ្ជបណ្ឌិតថា ខ្លួនគាត់មានភាពស្លេកស្លាំងខ្លាំង​ដោយសារខ្វះជាតិដែក និងជឿថាតាមរយៈការ​បរិ​ភោគ​គ្រឿងដែកទាំងនេះចូលទៅ នឹងជួយឱ្យរាងកាយគាត់កើនសារធាតុដែកឡើងវិញ។

    គួរជម្រាបផងដែរថា បើតាមក្រុមគ្រូពេទ្យ ស្រ្តីចំណាស់ម្នាក់នេះបានចាប់ផ្តើមហូបគ្រឿងដែកទាំងនោះ តាំងតែពីប្រហែលជា14ឆ្នាំមុន​មកម្ល៉េះ ហើយក៏ពុំមាននរណាផ្សេង ក្រៅតែពីរូបលោកយាយផ្ទាល់ដែរ ដែលដឹងថាមានវត្ថុទាំងអស់នោះនៅក្នុងពោះ​។ ជាសំណាងល្អណាស់ ព្រោះក្រុមគ្រូពេទ្យបានអះអាងថា វាពុំបានបង្ករបួស ឬបញ្ហាធ្ងន់ធ្ងរអ្វីដល់ពោះ និងបំពង់អាហាររបស់លោកយាយឡើយ ហើយ​ក៏​មិន​​​មានគ្រោះថ្នាក់ដល់អាយុជីវិតដែរ៕

    https://youtu.be/JmbDbVCRgYE