Tag: ឆ្នាំ2019

  • កំពូល​មហាសេដ្ឋី​10​រូប​ ដែល​រក​ប្រាក់​បាន​ច្រើន​បំផុត​ក្នុង​ពិ​ភពលោ​កប្រចាំ​ទសវត្សរ៍​ ៖ Jack​ Ma​ នៅ​ក្រោម​គេ​បង្អស់​

    កំពូល​មហាសេដ្ឋី​10​រូប​ ដែល​រក​ប្រាក់​បាន​ច្រើន​បំផុត​ក្នុង​ពិ​ភពលោ​កប្រចាំ​ទសវត្សរ៍​ ៖ Jack​ Ma​ នៅ​ក្រោម​គេ​បង្អស់​

    ​      យោង​តាម​ទស្សនាវដ្ដី​ Forbes​ បានឱ្យ​ដឹង​ថា​ មហាសេដ្ឋី​10​រូប​ ដែល​រក​ប្រាក់​បាន​ច្រើន​បំផុត​ប្រចាំ​ទសវត្សរ៍​កន្លងទៅ​ គឺ​សុទ្ធតែ​រកបាន​បន្ថែម​យ៉ាងតិច​ 40​ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​2010​។ ទ្រព្យសម្បត្តិ​សរុប​ដែល​មហាសេដ្ឋី​ទាំងនេះ​រកបាន​ មាន​ទំហំ​ទឹកប្រាក់​កើនឡើង​ដល់​ 555​ពាន់​លាន​ដុល្លារ​។

    ​      ក្នុង​បញ្ជី​ខាងក្រោម​នេះ​ មាន​មហាសេដ្ឋី​ដល់ទៅ​ 8រូប​ មាន​ប្រាក់ចំណូល​ប្រមាណ​ 80​% បាន​មក​ពី​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ដែល​ពួកគេ​បង្កើត​ ឬធ្លាប់​ដឹកនាំ​ដោយ​ផ្ទាល់ដៃ​ មាន​ដូចជា​ លោក​ Steve​ Ballmer​, Warren​ Buffett​, Mark​ Zuckerberg​ ជាដើម​។

    ខាងក្រោម​នេះ​គឺជា​មហាសេដ្ឋី​ 10​រូប​ដែល​រក​ប្រាក់​បាន​ច្រើន​បំផុត​ក្នុង​ទសវត្សរ៍​កន្លងទៅ​៖

    10​. Jack​ Ma​ (ចិន​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 40​.8ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 42​ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 1.2ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Alibaba​

    9. Sergey​ Brin​ (អាមេរិក​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 41​.3ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 58​.8ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 17​.5ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Alphabet​ (ក្រុមហ៊ុនមេ​របស់​ Google​)

    8. Steve​ Ballmer​ (អាមេរិក​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 41​.8ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 56​.3ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 14​.5ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Microsoft​

    7. Warren​ Buffett​ (អាមេរិក​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 41​.8ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 88​.8ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 147​ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Berkshire​ Hathaway​

    6. Larry​ Page​ (អាមេរិក​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 43​.5ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 61​ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 17​.5ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Alphabet​

    5. Amancio​ Ortega​ (អេស្ប៉ាញ​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 49​.9ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 74​.9ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 25​ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Inditex​ (ក្រុមហ៊ុនមេ​របស់​ Zara​)

    4. Bill​ Gates​ (អាមេរិក​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 54​.6ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 107​.6ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 53​ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Microsoft​

    3. Mark​ Zuckerberg​ (អាមេរិក​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 68​ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 72​ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 4ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Facebook​

    2. Bernard​ Arnault​ (បារាំង​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 80​.2ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 107​.7ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 27​.5ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ LVMH​ (ក្រុមហ៊ុន​ផលិត​សម្ភារ​ប្រណីត​ពហុជាតិ​សាសន៍​)

    1. Jeff​ Bezos​ (អាមេរិក​)

    -ទ្រព្យ​កើន​បន្ថែម​ក្នុង​អំឡុង​10​ឆ្នាំមុន​៖ 97​.4ពាន់​លាន​ដុល្លារ​អាមេរិក​
    -ទ្រព្យ​សរុប​ក្នុង​ឆ្នាំ​2019​ ៖ 109​.7ពាន់​លាន​ដុល្លារ​
    -ទ្រព្យ​ក្នុង​ឆ្នាំ​2010​ ៖ 12​.3ពាន់​លាន​ដុល្លារ​
    -ប្រភព​ចំណូល​ ៖ Amazon​

    ប្រភព​៖ សារព័ត៌មាន​បរទេស

  • ឆ្នាំ2019 ធនាគារ​ដែល​ជួយឧបត្ថម្ភ​ធន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​លេច​រូបរាង​ឡើង

    ឆ្នាំ2019 ធនាគារ​ដែល​ជួយឧបត្ថម្ភ​ធន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​លេច​រូបរាង​ឡើង

    ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ឬ​ SME ដែល​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា100លាន​ដុល្លារ​អាមេរិក នឹង​លេចចេញ​រូបរាង​ឡើង​នៅក្នុង​ឆ្នាំ2019ខាងមុខនេះ ដើម្បី​ជួយឧបត្ថម្ភ​ធន និង​ជួយ​ជា​ជំនួយ​បច្ចេកទេសផ្សេងៗដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។ នេះ​បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដែល​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ-នាំចូល​កម្ពុជា​លើក​ទី13 ឆ្នាំ2018 នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖ “គម្រោង​បង្កើត​ធនាគារ SME នេះ​នឹង​លេច​រូបរាង​ឡើង​នៅក្នុង​ឆ្នាំ2019ខាងមុខ ក្នុង​គោលបំណង​ដើម្បី​ជួយឧបត្ថម្ភ​ធន និង​ជួយ​ជា​ជំនួយ​បច្ចេកទេសផ្សេងៗដល់​វិស័យ SME នៅ​កម្ពុជា។ មកដល់​បច្ចុប្បន្ននេះ​កំពុង​រៀបចំ​លើ​ការងារ​ផ្នែក​បច្ចេកទេស ហើយ​ក្នុងពេលថ្មីៗនេះ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា​បានអនុម័ត​ច្បាប់​ស្តីពី​ការ​គ្រប​គ្រង់​ឆ្នាំ2019 ដោយ​នៅក្នុង​ច្បាប់​នោះបាន​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​ចាយ​ថវិកា​ប្រមាណ 100លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​បង្កើត​ធនាគារ​SMEនេះ។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​បន្តថា ក្នុងពេលថ្មីៗនេះ​រាជរដ្ឋាភិបាល​ទើបតែ​បានចេញ​អនុក្រឹត្យ​ស្តីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើត​ការងារ និង​បង្កើន​សមត្ថភាព ផលិតកម្ម​ក្នុងស្រុក​របស់​កម្ពុជា​ទៅលើ​វិស័យ​អាទិភាព​ដូចជា វិស័យ​កសិកម្ម ក​សិ-ឧស្សាហកម្ម ការផលិត និង​ការកែច្នៃ​ម្ហូបអាហារ ផ្នែក​កម្មន្តសាល ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន ក៏ដូចជា​សហគ្រាស​ស្ថិតក្នុង​តំបន់​ប្រមូលផ្តុំ​ ជាដើម។

    ឯកឧត្តម​បន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាល​បានផ្តល់​ការលើកទឹកចិត្ត​លើ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រហូតដល់រ​យៈ​ពេល 5ឆ្នាំ លើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល រួមទាំង​ការលើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន​ផងដែរ។

    ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ធ្លាប់បាន​ថ្លែង​ពី​ការលើកលែង​ពន្ធ​សម្រាប់ SMEនេះ​ថា មាន​សារៈសំខាន់​សម្រាប់​ជំរុញ​ឱ្យ​SMEទាំងអស់​ទៅ​ចុះបញ្ជី។ លោក​ឧកញ៉ា​មានប្រសាសន៍ថា៖ “នៅមាន ​SME ច្រើន​ដែល​មិនទាន់បាន​ចុះបញ្ជី ដោយសារតែ​បញ្ហា​ប្រឈម​ជាច្រើន​នៅតែមាន​សម្រាប់​ពួកគេ​ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ”។ ទោះបី​យ៉ាងនេះ​ក្តី លោក​ឧកញ៉ា តែ តាំង​ប៉រ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ផ្ដល់​ការលើកទឹកចិត្ត​ពន្ធ​ដល់ SME ផ្សេងទៀត ដើម្បី​គាំទ្រ​ផលិតផល​កសិកម្ម ដោយសារតែ​កម្ពុ​ជាមាន​វត្ថុធាតុដើម​ច្រើន ព្រោះ​ការបង្កើត​ធនាគារ​នេះ​ជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​តែងតែ​ប្រឈម​នឹង​កង្វះ​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ហេតុនេះ​ធនាគារ​នេះ​គួរតែ​សម្រួល​និតិ​វិធី​នានា និង​យកការប្រាក់​ទាប ដើម្បី​អ្នក​ផលិត​ក្នុងស្រុក​អាចមាន​ល​ទ្ឋ​ភាព​ប្រើប្រាស់​ឥណទាន យកមក​ពង្រីក​អាជីវកម្ម​របស់​ពួកគេ។

    អាជីវកម្ម​សហគ្រាស​ក​ម្ម​សាល​ធុន​តូច និង​មធ្យម និង​សិប្បកម្ម (SME) ថ្មី​សរុប​ជាង1,000ត្រូវបាន​ចុះបញ្ជី​ក្នុង​រយៈពេល 11ខែ នៅ​ឆ្នាំ2018(គិត​ត្រឹម​ខែវិច្ឆិកា)ដែល​មន្ដ្រី​រំពឹងថា ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ដោយសារតែ​គោលនយោបាយ​លើកទឹកចិត្ត​ពន្ធ​របស់​រដ្ឋាភិបាល។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

    ឯកឧត្តម ឡាំ គីម​ឡេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន SME នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ប្រាប់​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា៖ “គិត​មកដល់​ខែវិច្ឆិកា ឆ្នាំ2018 មាន​ចំនួន 1,049សហគ្រាស និង​មាន​សហគ្រាស​សរុប​ចំនួន 156,789សហគ្រាស​ដែល​បាន​ចុះបញ្ជី តែ​តួលេខ​នេះ គឺ​គិតតែ​សហគ្រាសកម្ម​សាល​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ប៉ុណ្ណោះ។ បើ​គិតដល់ SMEទាំងអស់ គឺមាន​ដល់​ចំនួន​ជាង51ម៉ឺន​សហគ្រាស​ឯណោះ ឯ​ចំនួន​ពលកម្ម​សរុប​មាន​ចំនួន​រហូតដល់​ជាង 3លាន​នាក់”។

    លោក​ថ្លែងថា៖ “យើង​រំពឹងថា ចំនួន​នឹង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំក្រោយ ដោយសារតែ​យើង​មានការ​លើកលែង​ពន្ធ ព្រមទាំង​គោលនយោបាយ​ចុះបញ្ជី​ដោយ​វិមជ្ឈការ”។ លោក​បន្ថែមថា ការចុះបញ្ជី​របស់ SME នឹង​ផ្ដល់​ប្រាក់ចំណេញ​ដល់​ម្ចាស់​សហគ្រាស ដោយ​ទទួលបាន​ការលើកលែង​ពន្ធការបណ្ដុះបណ្ដាល​បច្ចេក​ទេស ព្រមទាំង​ការទទួលបាន​ហិរញ្ញប្បទាន​ផងដែរ។

    សូមបញ្ជាក់ថា អនុក្រឹត្យ​ស្ដីពី​ការលើកលែង​ពន្ធ​សម្រាប់ SME នៅក្នុង​វិស័យ​អាទិភាព ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី2 ខែតុលា ដោយបាន​កំណត់​វិស័យ​អាទិភាព6 ក្នុងនោះ​រួមមាន​ក​សិ-ឧស្សាហកម្មការផលិត ការកែច្នៃ​អាហារ កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិជ្ជា​ព័ត៌មាន នឹង​ទទួលបាន​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល​ពី 3ទៅ5ឆ្នាំចាប់ពី​កាលបរិច្ឆេទ​ចុះបញ្ជី​ពន្ធ សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ការចុះបញ្ជី​ពន្ធ សម្រាប់​សហគ្រាស​ដែល​ចុះបញ្ជី​រួចហើយ។

    ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ បើ​រដ្ឋាភិបាល​ផ្ដល់​ការលើកទឹកចិត្ត​កាន់តែ​ច្រើន​ដល់ SME វា​នឹង​ល្អ​បំផុត​សម្រាប់​វិស័យនេះ។ ឯក-

    ឧត្តម​ថ្លែងថា៖ “ខ្ញុំ​ជឿជាក់ថា SME ជាច្រើន នឹង​ចុះបញ្ជី ដែល​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួកគាត់នៅពេលដែល​ធនាគារ​SMEត្រូវបាន​បង្កើតឡើង​ដោយ​គោលការណ៍​របស់​រដ្ឋាភិបាល វា​នឹង​អាច​ដំណើរការ​ទៅបាន​តាម​ការគ្រោងទុក ព្រោះ​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​បានដាក់ចុះ​មកហើយ”។

    ឯកឧត្តម​បន្តថា៖ “ដោយសារ​SME ដើរតួនាទី​ដ៏​សំខាន់​នៅក្នុង​ការលើកកម្ពស់​កំ​ណើ​ន​សេដ្ឋកិច្ច ដូច្នេះ​ការបង្កើត​វា​ជា​កាលានុវត្តភាព​ថ្មី​មួយទៀត​អាចជួយ​ដល់​វិស័យ​SMEយើង​ដែល​ប្រឈម​នឹង​ការលំបាក​ខាង​ធនធាន​ហិរញ្ញវត្ថុ ដែល​កន្លងមក​គាត់​ជួប​ការខ្វះ​ថវិកា គាត់​ខ្ចី​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ឯកជន ដែល​គាត់​តែង​ជួបប្រទះ​តាំងពី​បែបបទ ទាំង​បញ្ហា​ប្រាក់កម្ចី​មានការ​ប្រាក់​ខ្ពស់”។

    ឯកឧត្តម​បញ្ជាក់ថា ខាង​វិស័យ​ឯកជន​គាត់​មិនមាន​គោលនយោបាយ​លើកទឹកចិត្ត​ទេ តែ​រាជរដ្ឋាភិបាល​ខុសពី​វិស័យ​ឯកជន កាលណា​ដាក់ចេញ​គោលនយោបាយ គឺមាន​គោលនយោបាយ​លើកទឹកចិត្ត ការសម្រួល​បែបបទ​ជា​រឿង​មួយ ឯ​ការសម្រួល​អត្រា​ការប្រាក់​គឺជា​រឿង​មួយទៀត ប៉ុន្តែ​មិនមែន​អនុវត្ត​ជាទូទៅ​ទេ វិស័យ​ណា​ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត ទើប​មាន​គោលការណ៍​អនុគ្រោះ។

    ឯកឧត្តម​មានប្រសាសន៍​ទៀតថា៖ “ដូច​គោលនយោបាយ​SMEនេះ បើ​យើង​មាន​គោលនយោបាយ​អភិវឌ្ឍន៍​SMEត្រឹមត្រូវ យើង​នឹងមាន​ផលចំណេញក្រសួង​ក៏មាន​ការលើកទឹកចិត្ត​ផងដែរ​ចំពោះ​ SME ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន រួមមាន​ការទាក់ទង​ផលិតកម្ម ផលិតកម្ម​កែច្នៃ ផលិតផល​សម្ភារ​ប្រើប្រាស់​ជាដើម ហើយ​ការជួយ ឬ​លើកទឹកចិត្ត គឺ​ជួយ​ទាំង​ទុន និង​បច្ចេកទេស ទាំង​ការប្រាក់​ទាប ឬ​ការ​នាំចូល​មិន​យកពន្ធ​ថែមទៀត ដូចជា​សិប្បកម្ម​ផលិត​អំបិល​ជាដើម គឺ​ជួយ​តាម​វិស័យ​អាស្រ័យ​លើ​ភាព​ប្រឈម​របស់​សិប្បកម្មនីមួយៗ បើ​គាត់​មិនមានប្រឈម​ខ្លាំង យើង​មិនមាន​ការលើកទឹកចិត្ត​ទេ”៕

  • ឆ្នាំ2019 កម្ពុជា​នឹង​ជំរុញ​កំណើន​ផលិតកម្ម​បន្លែ​មាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់

    ឆ្នាំ2019 កម្ពុជា​នឹង​ជំរុញ​កំណើន​ផលិតកម្ម​បន្លែ​មាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់

    នៅ​ឆ្នាំ2019 ប្រទេស​កម្ពុជា​នឹង​ផលិត​បន្លែ​មាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់​ចំនួន 60,000 តោន និង​អង្ករ​ក្រអូប​ចំនួន 15ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​ដូច​មានចែង​ក្នុង​ផែនការ​លើកកម្ពស់​ម្ហូបអាហារ​របស់​រដ្ឋាភិបាល​ឆ្នាំ2017-2019។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​នេសាទ។

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​និយាយថា កម្មវិធី​របស់​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​ទិន្នផល​កសិកម្ម​កំពុងមាន​ដំណើរ​ការល្អ​ក្នុងការ​សម្រេចបាន​គោលដៅ​របស់ខ្លួន ប៉ុន្តែ​ក៏បាន​អំពាវនាវ​ដល់​កសិករ និង​ក្រុមហ៊ុន​ឱ្យ​ជំរុញ​ទំនើបកម្ម និង​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​នៃ​ការអនុវត្ត​កសិកម្ម និង​ផលិតកម្ម​ដើម្បី​ធានា​នូវ​ជោគជ័យ​របស់​កម្មវិធី។

    យោងតាម​ក្រសួងកសិកម្ម​បានឱ្យដឹងថា កម្មវិធី “ជំរុញ​ការ​ព្យាករ​ស្បៀងអាហារ2017-2019”ដែល​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន​ដើម្បី​បង្កើន​ផលិតកម្ម​កសិកម្ម​នៅតាម​ខេត្តសំខាន់ៗចំនួន8 ត្រូវបាន​គេ​រំពឹងថា នឹង​ផលិត​បន្លែ​គ្មាន​ជាតិគីមី​ច្រើនជាង 5,000តោន​ក្នុង​ឆ្នាំ2018។ ពោលគឺ​កើនឡើង 2ដង​ធៀប​នឹង​ទិន្នផល​កាលពី​ឆ្នាំមុន។ កម្មវិធី​នេះ​បានផ្តល់​បន្លែ​គ្មានជាតិគីមី2,500តោន​កាលពី​ឆ្នាំមុន​ដោយបាន​ចុះបញ្ជី​គ្រួសារ​ចំនួន 820នៃ​គ្រួសារ​កសិករ​ក្នុងស្រុក។

    ដោយមាន​ថវិកា​ចំនួន 20លាន​ដុល្លារ​នោះ គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​បង្កើន​ផលិតកម្ម​បន្លែ និង​ស្រូវ​នៅតាម​ខេត្តសំខាន់ៗ ចំនួន8 រួមមាន​ខេត្តកណ្តាល បាត់ដំបង ពោធិ៍សាត់ ព្រៃវែង កំពង់ចាមត្បូងឃ្មុំ កំពង់ធំ និង​សៀមរាប។ ការចាប់ផ្តើម​គម្រោង​នេះ​ដើម្បី​ជំរុញ​ការផលិត​អង្ករ​ក្រអូប និង​បន្លែ​សរីរាង្គ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ក្រៅ​ស្រុក និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​កសិក​រ​ខ្នាតតូច។

    ទោះយ៉ាងណា​ក៏ដោយ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដ៏​មាន​មហិច្ឆតា​របស់​កម្មវិធី​នេះ លោក​រដ្ឋមន្ត្រី​បាន​និយាយថា កសិករ និង​អ្នក​ផលិត​ត្រូវតែ​ធ្វើតាម​គោលការណ៍​ណែនាំ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល។ កសិករ​ត្រូវខិតខំ​គោរព​តាម​គោលការណ៍​អនុវត្តន៍​កសិកម្ម​ល្អ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា។

    ឯកឧត្តម​បាន​បញ្ជាក់ថា៖ “ខ្សែសង្វាក់​ផលិតកម្ម​ទី2 ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង ហើយ​អ្នក​ផលិត​ត្រូវ​ពិចារណា​កែលម្អ​ស្តង់ដារ​វេច​ខ្ចប់ ដើម្បី​បង្កើន​តម្លៃ​ផលិតផល​របស់​យើង និង​ធ្វើឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​នៅ​បរទេស និង​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់​កម្ពុ​ជា​លើ​បន្លែ​ដែល​នាំចូល ជាមួយនឹង​គោលដៅ​នៃ​ផែនការ​នេះ នឹង​ផ្លាស់ប្តូរ​វិស័យ​កសិកម្ម​កម្ពុជា​ទៅជា​ឧស្សាហកម្ម​ប្រកួតប្រជែង​ទំនើប និង​ធន់​នឹង​អាកាសធាតុ”។

    ឯកឧត្តម ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន​ថា កម្មវិធី​ពិព័រណ៍​បង្កើន​គុណភាព​ផលិតផល​កសិកម្ម​ដែល​បាន និង​កំពុង​ធ្វើតាម​បណ្តា​ខេត្ត​មួយចំនួន​នោះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី “គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀងអាហារ​ឆ្នាំ2017-2019”។ កម្មវិធី​នេះ​បាន​បង្ហាញថា អ្នក​ផលិត​ក្នុងស្រុក​កំពុង​ទទួលបាន​ផលប្រយោជន៍​ពី​កម្មវិធី។ “ដោយ​ផ្អែកលើ​បទពិសោធ​របស់ខ្ញុំ​នៅឯ​ពិព័រណ៍​នេះ ខ្ញុំ​អាច​មើលឃើញថា កម្មវិធី​នេះ​កំពុង​ជួយ​បង្កើន​គុណភាព​ផលិតផល​កសិកម្ម​ដែល​អនុញ្ញាតឱ្យ​កសិករ​ទទួលបាន​ទីផ្សា​រ​ថ្មី”។

    ឯកឧត្តម​មានប្រសាសន៍​ពន្យល់ថា កម្មវិធី​នេះ​នឹង​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​របស់​ប្រទេស​កម្ពុជា​ទៅលើ​ការ​នាំចូល​បន្លែ ដោយ​តម្រូវ​ការមិន​ត្រឹមតែ​សម្រាប់​ផលិតផល​សរីរាង្គ​ប៉ុណ្ណោះ​ទេ គឺ​នៅមាន​បន្លែ​សុវត្ថិភាព​នៅក្នុង​ប្រទេស​យើង​ដែល​ឥឡូវនេះ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ។ ឯកឧត្ដម​បន្តថា កសិករ​កាន់តែច្រើន​កំពុង​អនុវត្ត​ការងារ​កសិកម្ម​បានល្អ​ដើម្បី​ការរីកលូតលាស់​ផលិតផល​សរីរាង្គ​មានគុណ-​ភាព ​និង​បន្លែ​មាន​សុវត្ថិភាព។

    ឯកឧត្តម​ក៏បាន​បញ្ជាក់ប្រាប់​កាសែត​ឡា​រ៉ែ​ន​ទៀតថា ទីផ្សារ​សរីរាង្គ​កំពុង​ជួយ​បង្កើន​ការយល់ដឹង​ និង​តម្រូវការ​បន្លែ​គ្មាន​ជាតិគីមី។ ឯកឧត្ដម​បាន​មានប្រសាសន៍ថា៖ “ទីផ្សារ​សរីរាង្គ គឺជា​ភ័ស្តុតាង​បញ្ជាក់ថាបណ្តា​ខេត្ត​របស់​យើង​អាច​ផលិត​បន្លែ​ដែលមាន​សុវត្ថិភាព​បាន​ហើយ ដែល​ទោះជា​យ៉ាងណា វា​ក៏​នឹង​ជួយ​យើង​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​បរទេស​ដែរ”។

    ឯកឧត្តម​បន្ថែមថា បច្ចុប្បន្ន​កសិករ​កម្ពុ​ជា​តាមរយៈ​ពិព័រណ៍​ទីផ្សារ​សរីរាង្គ​នៃ​បណ្តា​ខេត្ត​មួយចំនួន រួមមាន​ខេត្តកំពង់ចាម កណ្តាល និង​ព្រៃវែង ត្រូវបាន​គេ​រំពឹងថា នឹង​ផលិត​បន្លែ​គ្មាន​ជាតិគីមី​បានច្រើនជាង5,000តោន​ក្នុង​ឆ្នាំ2018 ដូច្នេះ​ក្នុង​ឆ្នាំ2019 ខាងមុខ តាមរយៈ“គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀងអាហារ​ឆ្នាំ2017-2019” ក្រសួង​នឹង​ជំរុញ​ការបង្កើន​ផលិតកម្ម​បន្លែ​ដែលមាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់​ឱ្យដល់​ចំនួន 60,000 តោន​ក្នុង​ឆ្នាំ2019។

    ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​បាន​មានប្រសាសន៍ថា៖កម្មវិធី​ព្យាករ​ស្បៀងអាហារ​ឆ្នាំ2017-2019 នឹង​ផ្តល់នូវ​ការបញ្ចូល​ដ៏​សំខាន់​ដែល​នឹងត្រូវ​ប្រើ​សម្រាប់ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ឆ្នាំ2019-2030។ លោក​បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​នាពេលខាងមុខ​នេះ​នឹង​ស្វែងរក​ការធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម និង​បង្កើន​ការប្រកួតប្រជែង ចីរភាព និង​ភាព​ធន់​ទ្រាំ​នឹង​អាកាសធាតុ៕