Tag: ឆ្កែយន្ត

  • ឆ្កែយន្តរបស់សហរដ្ឋអាម៉េរិក ដើរល្បាតមូលដ្ឋានទ័ពអាកាស

    ឆ្កែយន្តរបស់សហរដ្ឋអាម៉េរិក ដើរល្បាតមូលដ្ឋានទ័ពអាកាស

    កងទ័ពសហរដ្ឋអាម៉េរិក ប្រើប្រាស់ឆ្កែយន្ត Vision 60 ដើម្បីល្បាត និងការពារមូលដ្ឋានទ័ពនៅក្នុងការធ្វើសមយុទ្ធប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនាក់ទំនង និងចែករំលែកទិន្នន័យ កាលពីពេលថ្មីៗនេះ។

    កាលពីថ្ងៃទី3កញ្ញា កងកម្លាំងនៃទ័ពអាកាសសហរដ្ឋអាម៉េរិក បានធ្វើលំហាត់សមយុទ្ធលើកទី2 ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធកម្រិតខ្ពស់ (ABMS) ដែលទទួលបន្ទុកក្នុងការប្រមូល ចាត់ចែង និងចែករំលែកទិន្នន័យរវាងកងកម្លាំងរបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត នៅក្នុងពេលតែមួយ។

    ក្រៅពីការសាកល្បងប្រព័ន្ធប្រមូល និងចែករំលែកទិន្នន័យ ទ័ពអាកាសសហរដ្ឋអាម៉េរិកក៏ប្រើប្រាស់ឆ្កែយន្តដើម្បីល្បាតការពារមូលដ្ឋានទ័ពអាកាស Nellis នៅក្នុងរដ្ឋ Nevada ផងដែរ។ ឆ្កែយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Ghost Robotics។

    ឆ្កែយន្តរបស់សហរដ្ឋអាម៉េរិក ដើរល្បាតមូលដ្ឋានទ័ពអាកាសឆ្កែយន្ត ឬយានគ្មានមនុស្សបើកបរ មានជើង4 (Q-UGV) ដែល បានចូលរួមក្នុងសមយុទ្ធ ABMS កាលពីសប្ដាហ៍កន្លងទៅនេះ មានឈ្មោះថា Vision 60។ ឆ្កែយន្តនេះមានតួនាទីក្នុងការត្រួតពិនិត្យកន្លែងកើតហេតុ ប្រមូលទិន្នន័យចារកម្ម តាមដាន ឈ្លបយកការណ៍ បង្កើតផែនទី ចាត់ចែកទិន្នន័យទំនាក់ទំនង និងការពារសន្តិសុខជាប្រចាំ។

    ព័ត៌មានលម្អិតអំពីបច្ចេកវិទ្យានៅលើឆ្កែយន្ត Vision 60 ដែលត្រូវបានប្រើក្នុងលំហាត់សមយុទ្ធខាងលើនេះ មិនត្រូវបានប្រកាសឱ្យដឹងនោះទេ។ ក៏ប៉ុន្តែ រូបភាពនៃលំហាត់នេះបង្ហាញថា Vision 60 ត្រូវបានបំពាក់វិញ្ញាណសិប្បនិម្មិត រួមនឹងឧបករណ៍ទំនាក់ទំនងជាច្រើននៅក្នុងក្បាលរបស់វា។

    ឆ្កែយន្តរបស់សហរដ្ឋអាម៉េរិក ដើរល្បាតមូលដ្ឋានទ័ពអាកាសភាគីខាងក្រុមហ៊ុន Ghost Robotics ឱ្យដឹងថា Vision 60 មិនងាយនឹងត្រូវបានរារាំងនោះឡើយ។ ទន្ទឹមនឹងនេះ ឆ្កែយន្តនេះក៏អាចប្ដូរផ្លាស់រូបរាងបានយ៉ាងច្រើនប្រភេទផងដែរដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ចខុសៗគ្នា ដោយសារតែវាត្រូវបានរចនាតាមទម្រង់ម៉ូដួល (Module) ដែលងាយស្រួលគេដោះ និងដំឡើង។ ឆ្កែរ៉ូបូតនេះត្រូវបានរចនាឡើងជាមួយនឹងភាពរឹងមាំកម្រិតខ្ពស់ ហើយការចំណាយប្រាក់កាសទៅលើការដាក់ពង្រាយ និងថែទាំក៏មានកម្រិតទាបផងដែរ៕

    ប្រភព៖ Drive

     

     

  • “សុនកដែកឃ្វាលចៀមជំនួសសុនកសាច់” ជាគន្លឹះជោគជ័យក្នុងវិស័យកសិកម្ម(វីដេអូ)

    “សុនកដែកឃ្វាលចៀមជំនួសសុនកសាច់” ជាគន្លឹះជោគជ័យក្នុងវិស័យកសិកម្ម(វីដេអូ)

    ពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញមានរ៉ូបូតជាច្រើនប្រភេទត្រូវបានគេប្រើប្រាស់នៅក្នុងអាជីវកម្ម ក៏ដូចជានៅក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះយុគសម័យនៃរ៉ូបូតដំណើរការដោយស្វ័យប្រវត្តជិតមកដល់មែនទែនហើយ។

    ពួកវាបានបង្ហាញវត្តមានកាន់តែច្រើននៅលើវាលដំណាំ ចំការឈើហូបផ្លែ។ល។ រ៉ូបូតស្វ័យប្រវត្តទាំងនេះ មិនត្រឹមតែជាម៉ាស៊ីនជំនួយ ឬម៉ាស៊ីនប្រមូលផលដ៏អស្ចារ្យនោះទេ ប៉ុន្តែពួកវាគឺជាសុនកយន្ត និងយន្តហោះគ្មានមនុស្សបើកជាដើមដែលមានប្រភេទខ្លះមានរូបរាងតូចច្រឡឹង អាចដើរ រត់ ហក់លោតបានដោយស្វ័យប្រវត្ត ក្នុងនោះក៏មានសុនកយន្ត Boston Dynamics ជាឧទាហរណ៍។

    ពួកវាត្រូវបានបំពាក់កម្មវិធីគ្រប់ប្រភេទ ចាប់ពីកាមេរ៉ា កាំរស្មីអ៊ីនហ្វ្រារ៉េដ បច្ចេកវិទ្យាស្កេនរូបភាព3D រហូតដល់ថ្នាក់មានសមត្ថភាពបង្កើតផែនទីទៅតាមពេលវេលាជាក់ស្ដែងទៀតផង។

    បណ្ដារ៉ូបូត ដូចជា Dynamics នេះ កាន់តែមានភាពឆ្លាតវៃ និងរហ័យរហួនជាងមុន និងអាចដើរនៅលើផ្ទៃដែលមានឧបសគ្គច្រើន ព្រមទាំងអាចធ្វើការម្នាក់ឯងបានល្អនៅក្នុងកសិដ្ឋាននានា។

    ពួកវាអាចធ្វើការជំនួសសុនកដែលមានជំនាញខាងឃ្វាលចៀម ដោយមិនបាច់មានការឃ្លាំមើលច្រើនពីមនុស្ស។ សុនកយន្តអាចដេញហ្វូងចៀមទៅកាន់ទីតាំងដែលត្រូវបានកំណត់នៅក្នុងកម្មវិធីកុំព្យូទ័រ ព្រមទាំងអាចគ្រប់គ្រងតួលេខចៀមក្នុងហ្វូន និងបញ្ជូនព័ត៌មានជាបន្តបន្ទាប់ទៅកាន់ម៉ាស៊ីនផ្ទុកទិន្នន័យគ្រប់ពេល និងគ្រប់ទីកន្លែង។

    នេះគឺជាគន្លឹះជោគជ័យមួយរបស់វិស័យកសិកម្ម។ នៅក្នុងអនាគត រដូវកាល ផលិតភាព ឬទិន្នផលនឹងត្រូវព្យាករបានយ៉ាងសុក្រឹត ហើយបញ្ហានៃការប្រើប្រាស់កម្លាំងមនុស្សក៏នឹងត្រូវបានដោះស្រាយ។

    ស្វ័យប្រវត្តភាពកំពុងតែប្ដូរផ្លាស់វិធីដែលកសិករកំពុងធ្វើនាបច្ចុប្បន្ន។ រ៉ូបូតនេះនឹងជួយបង្កើនទិន្នផលកសិកម្ម ក៏ដូចជាផលិតភាពនៃកម្លាំងពលកម្ម។ល។

    ប្រភព៖ សារព័ត៌មានបរទស