Tag: ឆៃថាវ

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • អ្នក​ដាំ​ឆៃថាវ ធ្វើ​ឆៃប៉ូវ កំពុងមាន​ទីផ្សារ​ល្អ ទាំង​ក្នុង និង​ក្រៅប្រទេស

    អ្នក​ដាំ​ឆៃថាវ ធ្វើ​ឆៃប៉ូវ កំពុងមាន​ទីផ្សារ​ល្អ ទាំង​ក្នុង និង​ក្រៅប្រទេស

    នៅពេល​និយាយ​ពី​អាហារ​បន្លែ​ដែល​ផលប្រយោជន៍​ចំពោះ​សុខភាព ឆៃថាវ​មានគុណ​ប្រយោជន៍ ច្រើនជាង​អាហារ​បន្លែ​ដទៃទៀត ប៉ុន្តែ​ឆៃថាវ​ប្រហែល​មិនមែនជា​បន្លែ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​នោះទេ។ គេ​អាច​បរិភោគ​វាស្រស់ៗ ឬ​បន្ថែម​វា​ទៅក្នុង​មុខម្ហូប​សម្ល ឬ​ស្ងោរ​ដែល​ធ្វើឱ្យមាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាង និង​ឆៃថាវ ថែមទាំង​ជា​បន្លែ​ដែល​ផ្ទុក​ទៅដោយ​សារធាតុចិញ្ចឹម​ដ៏​ច្រើន​នេះ​មានគុណ​ប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ទៀតផង។

    ឆៃថាវ ឬ​ស្ពៃមើម នៅក្នុង 1ឆ្នាំ គេ​អាច​ដាំ​វា​បាន​ច្រើន​រដូវ។ ឆៃថាវ​ងាយ​ដាំ មាន​រយៈពេល​លូតលាស់​ខ្លី និង​ឆាប់​ផ្តល់​ផល ដី​សម្រាប់​ដាំ​ឆៃថាវ​ល្អ​បំផុត គី​ជា​ដីល្បាប់​ចាស់ ឬ​ល្បាយខ្សាច់​ផុស​មាន​មមោក​ច្រើន ជា​ដីល្បាប់​បង្ហួត​ទឹកបាន​ល្អ។ ឆៃថាវ ជា​បន្លែ​មើម ដែល​ចូលចិត្ត​ឤ​កាស​ធាតុ​ត្រជាក់​បន្តិច មិន​ក្តៅហែង និង​ជា​ដំណាំ​ដែល​ត្រូវការ​ទឹក​ច្រើន។ បើ​បាន​ដី​ធូរ​ល្បាយខ្សាច់​ផង ឆៃថាវ​នឹង​លូតលាស់​ល្អ និង​ឆាប់​ធំ។ នេះ​ជាការ​រៀបរាប់​របស់​អ្នកស្រី ហួត ម៉ិច​ស៊ីវ ជា​ម្ចាស់​សិប្បកម្ម​ធ្វើ​ឆៃប៉ូវ “ម៉ិច​ស៊ីវ999” អំពី​បទពិសោធ​នៃ​ការដាំ​ដំណាំ​បន្លែ​ឆៃថាវ និងការធ្វើឆៃប៉ូវ។

    អ្នកស្រី ហួត ម៉ិច​ស៊ីវ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“ខ្ញុំ​ប្រក​បរបរ​ដាំ​ឆៃថាវ​ធ្វើ​ឆៃប៉ូវ​នេះ​អស់​រយៈពេល​ជាង 10ឆ្នាំ​មកហើយ គឺ​ធ្វើ​បន្ត​ពី​យាយ និង​ម្តាយ​របស់ខ្ញុំ ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ស្នាយ ស្ថិតក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។ ពីមុន​ខ្ញុំ​ក៏​ដាំ​បន្លែ​ឆៃថាវ​នេះដែរ តែ​ក្រោយមក ក៏​ទិញ​ឆៃថាវ​ពី​អ្នកភូមិ និង​ពី​តំបន់​ដទៃ​ក្នុងស្រុក មក​ធ្វើជា​សិប្បកម្ម​ឆៃប៉ូវ​តែម្តង ដោយ​មិនបាច់​ហត់​ក្នុង​ការថែទាំ​ដំណាំ​ទៀត​ទេ គឺ​ផ្តោត​តែ​លើ​ការធ្វើ​ឆៃប៉ូវ​មួយ​មុខ​ប៉ុណ្ណោះ”។

    ម្ចាស់​សិប្បកម្ម​ធ្វើ​ឆៃប៉ូវ “ម៉ិច​ស៊ីវ​វ999” ក៏បាន​ប្រាប់​ឱ្យដឹងពី​បទពិសោធ​ក្នុង​ការដាំ​បន្លែ​ឆៃថាវ​នេះដែរ​ថា វិធី​ដាំ​គ្មានអ្វី​ស្មុគស្មាញ​ទេ គឺ​យើង​ត្រូវ​ត្រៀម​ដី​ដែល​ត្រូវ​ដាំ ដោយ​ត្រូវ​ភ្ជួរ​វា ហើយ​ហាល​សំដិល​អាចម៍ដី​យ៉ាងហោច​ឱ្យបាន 1សប្ដាហ៍ រួច​រាស់​វា​ឱ្យអស់​បែក ហើយ​រើស​ឫសស្មៅ​ចេញ​ឱ្យ​ស្អាត រួច​លាយ​ជី​លាមក​សត្វ ឬ​ជីកំប៉ុស។ រួចហើយ​ជីករណ្តៅ​ទទឹង ប្រមាណ​មួយ​ចំ​ឤមរាក់ៗ បន្តក់​គ្រាប់ពូជ​ដែល​ឤ​ចរក​ទិញ​បាន​តាម​ទីផ្សារ 1រណ្តៅ 2-3គ្រាប់។

    អ្នកស្រី​បញ្ជាក់ថា អ្នកខ្លះ​គេ​ដាំ​មិនបាច់​ជីករណ្តៅ​ក៏បាន គឺ​ព្រួស​គ្រាប់​យកតែ​ម្តង តែ​ត្រូវយក​ដី លាយ​ជាមួយ​ជី​ឤ​ចម៍​សត្វ​បាច​ពីលើ​ឱ្យ​លុប​ពីលើ​គ្រាប់ពូជ ប្រមាណ​ជា 1ថ្នាំង​ម្រាមដៃ រួច​ស្រោច​ទឹក​ឱ្យ​ជោករួចហើយ​ទើប​យក​ចំបើង ឬ​ស្មៅ​ស្ងួត​ក្រាល​គ្របពីលើស្តើងៗ 1ស្រទាប់ រួច​ស្រោច​ទឹក​ឱ្យ​សើម (ក្នុង​កម្រិត​សំណើម​ពី 75 ដល់80%) ដើម្បីឱ្យ​គ្រាប់​ចេញ​ពន្លក​បានល្អ។

    អ្នកស្រី​បន្តថា កាលណា​កូន​ឆៃថាវ​លាស់​ឡើង 1ដើម 5សន្លឹក​ហើយ ទើប​គេ​ដក​ដើម​ណា​ដែល​មិន​រឹងមាំ​ចោល ទុក​តែ​ដើម​ដែល​រឹងប៉ឹង​ល្អ​ជាងគេ ឱ្យ​ឃ្លាត​គ្នា​ពី 1ដើម​ទៅ 1ដើម ប្រមាណ​ជាង 1ចំ​ឤ​ម ឬ​ប្រមាណ 3តឹក ហើយ​ត្រូវ​ស្រោច​ទឹក និង​បោចស្មៅ​ចេញ​ជាប្រចាំ។ បន្ទាប់ពី​ដាំ​បាន​ពី 45 ទៅ 50ថ្ងៃ គឺ​បងប្អូន​កសិករ​យើង​អាច​ប្រមូល​ផល​ឆៃថាវ​បាន​ហើយ។

    ឆៃថាវ​គេ​ច្រើន​ដាំ​នៅតាម​តំបន់​មាត់ទន្លេ ដូច្នេះហើយ​បានជា​គេ​ឃើញ​មាន​ដាំ​ច្រើន​នៅ​ខេត្តកំពង់ចាម។ វិធី​ទុក​ឆៃថាវ​សម្រាប់​បរិភោគ​ឱ្យបាន​យូរ ទាំង​តាម​ទម្លាប់​របស់​ជនជាតិ​ចិន និង​ជប៉ុន ភាគច្រើន​គេ​ធ្វើ​ជ្រក់​វា ដែល​យើង​ហៅថា ឆៃប៉ូវ។ ឆៃប៉ូវ មាន​ទាំង​ឆៃប៉ូវ​ប្រៃ និង​ឆៃប៉ូវ​ផ្អែម។

    អ្នកស្រី ម៉ិច​ស៊ីវ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា៖“ចំពោះ​ឆៃថាវ​ដែល​ខ្ញុំ​ទិញ​មក​ធ្វើ​ឆៃប៉ូវ គឺមាន​ម៉ូយ​ដឹក​មកឱ្យ​តាំងពី​ស្រុក​សំឡូត ខេត្តបាត់ដំបង ខេត្តកំពង់ចាម តាកែវ និង​ស្រុក​កោះធំ ខេត្តកណ្តាល ត្រាំខ្នារ និង​ខេត្តពោធិ៍សាត់​ជាដើម គឺ​គេ​យកមក​លក់​ឱ្យ​ដល់ផ្ទះ​តែម្ដង។ ការប្រមូលទិញ​ឆៃថាវ គឺ​ខ្ញុំ​ទិញ​ច្រើន​ពី 20-40តោន​ឯណោះ។ ការប្រមូលទិញ​ច្រើន​ដូច្នេះ គឺ​ដើម្បី​ស្តុក​ទុក​ដល់ពេល​រដូវ​ដែ​លក្សត់ មិនមាន​មើម​ឆៃថាវ​លក់ ដូចជា​នៅក្នុង​រដូវវស្សា ជាដើម”។

    អ្នកស្រី​បន្តថា៖“ការធ្វើ​ឆៃប៉ូវ​លក់ គឺ​ត្រូវ​ប្រើ​ដើមទុន​ច្រើន​គួរសម​ដែរ ព្រោះ​មើម​ឆៃថាវ នៅពេលណា​សម្បូរ គឺ​ទិញ​ក្នុងតម្លៃ 1គីឡូ 400រៀល តែបើ​ពេល​មិនសូវ​សម្បូរ​វិញ វា​អាច​ឡើងដល់​ក្នុង 1គីឡូ​តម្លៃ 700រៀល។ ចំពោះ​មើម​ឆៃថាវ 1តោន​យើង​អាចធ្វើ​ឆៃប៉ូវ​បានតែ​ជាង 200គីឡូក្រាម​ទេ”។

    អ្នកស្រី ម៉ិច​ស៊ីវ ក៏បាន​បញ្ជាក់​ពីបទ​ពិសោធ​នៃ​ការធ្វើ​ឆៃប៉ូវ​លក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ដែរ​ថា ឆៃប៉ូវ​ដែល​អ្នកស្រី​បានធ្វើ មាន​រសជាតិ​ឆ្ងាញ់ និង​រក្សាទុក​បានយូរ ហើយ​អ្នកស្រី​លក់ដាច់​ច្រើនជាង​អ្នកភូមិ​ជិតខាង។ អ្នកស្រី​បាន​រៀបរាប់​អំពី​ការធ្វើ​ឆៃប៉ូវ​ដូចខាងក្រោម…៖

    1- របៀប​ធ្វើ​ឆៃប៉ូវ​ផ្អែម​ធម្មតា គឺ​គេ​យក​ឆៃថាវ​មក​លាង​ឱ្យ​ស្អាត​ដី រួច​ពុះ​វា​ជា 2 ហើយ​យក​ឆៃថាវ​ដែល​ពុះ​ហើយ​នោះ​ទៅ​ចាក់​ចូលក្នុង​ពាង រួច​រោយ​អំបិល​គ្រួស​តាមស្រទាប់។ ឆៃថាវ​ប្រមាណ 800គីឡូក្រាម ត្រូវ​រោយ​អំបិល​ប្រហែល 50គីឡូក្រាម ហើយ​ត្រូវ​ផ្អាប់​ទុក 1យប់​កុំឱ្យ​ត្រូវ​ភ្លៀង។ ស្អែក​ឡើង គេ​ជាន់​លាង​ទឹកអំបិល(ជាន់​ឱ្យចូល​ជាតិ)។ បន្ទាប់ពី​ជាន់​ហើយ គេ​ស្រង់​វា​ដាក់​ក្នុង​ពាង​ទី2 ហើយ​រោយ​អំបិល​តាមស្រទាប់ៗមួយ​សា​ទៀត ប៉ុន្តែ​ដំណាក់កាល​នេះ គេ​បន្ថយ​អំបិល​នៅត្រឹមតែ 20-30 គីឡូក្រាម។ ការ​រោយ​អំបិល​នៅលើ​ក​ទី2 នេះ ក៏​គេ​ត្រូវបាន​ផ្អាប់​វា​ទុក 1យប់​ដែរ។ បន្ទាប់មក​គេ​ជាន់​វា​ឱ្យចូល​ជាតិ​ជា​លើក​ទី2 ដើម្បីឱ្យ​ឆៃប៉ូវ​ទន់ និង​ស រួច​ទើប​ស្រង់​ស្រទាប់​លើ ហើយ​បន្ត​ជាន់​ទៀត(ម្ដង 1ស្រទាប់) និង​ស្រង់តាមស្រទាប់ៗមួយសាៗ រហូតដល់​អស់​ឆៃប៉ូវ​ពី​ពាង។ បន្ទា​បើ​មក គេ​យក​ឆៃប៉ូវ​ដែលជា​ន់​ហើយ​នោះ​ទៅ​លាង រួច​ហាលថ្ងៃ​រយៈពេល 1ថ្ងៃ បន្ទាប់​មកចាក់​ចូលក្នុង​ពាង​ម្តង​មួយស្រទាប់ៗ រួច​ចាក់​ស្ករត្នោត​ចូល​ប្រមាណ 30គីឡូក្រាម។ ធ្វើ​របៀបនេះ​ម្តង 1ស្រទាប់ៗរហូតដល់​អស់​ឆៃប៉ូវ (ស្ករត្នោត​ដាក់​អស់​ប្រមាណ 80គីឡូក្រាម)។ បន្ទាប់មក គេ​ផ្អាប់​វា​ទុក 3យប់ ទើប​ស្រង់​ហាលថ្ងៃ រយៈពេល 2-4ថ្ងៃ រហូតដល់​ឆៃប៉ូវ​ស្ងួត ទើប​យកទៅ​ប្រឡាក់​ជាមួយ​ស្ករសតិចៗជាការ​ស្រេច។

    2- របៀប​ធ្វើ​ឆៃប៉ូវ​ផ្អែម​លេខ1 ដើម្បីឱ្យ​ឆៃប៉ូវ​ផ្អែម​លេខ1 គឺ​នៅពេលដែល​ស្រង់​ចេញពី​ពាង​អំបិល​លើក​ទី2 គេ​ត្រូវយក​វា​ទៅ​ហាលថ្ងៃ ត្រូវ​ជ្រើស​រើសយក​ឆៃប៉ូវ​ដែល​មូល​ល្អ និងតូចៗប្រមាណ 200គីឡូក្រាម យកទៅ​ប្រឡាក់​ជាមួយ​ស្ករស​ប្រមាណ 30-35គីឡូក្រាម ហើយ​ជាន់​វា​ឱ្យ​សព្វ រួច​ផ្អាប់​ទុក​រយៈពេល 2-3ថ្ងៃ រួច​ស្រង់​វា​ហាលថ្ងៃ​រយៈពេល 2-3ថ្ងៃ។ បន្ទាប់មក​យក​វា​ទៅ​ជាន់​ប្រឡាក់​ជាមួយ​ស្ករស​ប្រមាណ 10គីឡូក្រាម ហើយ​ផ្អាប់​ទុក​រយៈពេល 2យប់​ទៀត ទើប​ស្រង់​វា​ហាល 1ថ្ងៃ។ក្រោយពី​ហាល​បាន​រយៈពេល 1ថ្ងៃ​មក គេ​ត្រូវយក​ឆៃប៉ូវ​នោះ​ទៅ​ជាន់​ប្រឡាក់​ជាមួយ​ស្ករស​ជា​លើក​ទី3ម្តងទៀត ដោយ​បន្ថយ​ស្ករ​មក​នៅត្រឹម​ប្រមាណ​តែ 6-7គីឡូក្រាម​ប៉ុណ្ណោះ ហើយ​អប់​វា​ទុក​ជាការ​ស្រេច។

    3- របៀប​ធ្វើ​ឆៃប៉ូវ​ប្រៃ ចំពោះ​ឆៃប៉ូវ​ប្រៃ​វិញ ត្រូវយក​ឆៃថាវ​លាង​ទឹក​ឱ្យអស់​ដី រួច​ពុះ​វា​ជា 2 ហើយ​ដាក់​គរ​ទុក 1ពំនូក។ យក​ឆៃថាវ​ដាក់ចូល​ក្នុង​ពាង រួច​ដាក់​អំបិល​ចូល​ប្រមាណ 50គីឡូក្រាម​ជាន់​ឱ្យ​សព្វ បន្ទាប់មក​រៀប​ឆៃថាវ​ដាក់ចូល​ពាង រួច​ដាក់​អំបិល​ចូល​ប្រមាណ 40គីឡូក្រាម​ទៀត ហើយ​បន្ត​ជាន់​ឱ្យ​សព្វ​រហូត​អស់​ឆៃថាវ​ប្រមាណ 1,000គីឡូក្រាម។ បន្ទាប់មកទៀត គេ​ត្រូវយក​អំបិល​ប្រមាណ 10គីឡូក្រាម កូរ​ជាមួយ​ទឹក​ឱ្យ​រលាយ​អស់ រួច​ចាក់​ត្រាំ​ឱ្យ​លិច​ឆៃថាវ ហើយ​ត្រាំ​ទុក​រយៈពេល 3-4យប់។ បន្ទាប់មក​ស្រង់​ហាលថ្ងៃ​រយៈពេល 3-4ថ្ងៃ រហូតដល់​បែក​ផ្កាអំបិល ទើប​អាច​យក​ឆៃប៉ូវ​នោះ​ទៅ​លក់បាន។

    អ្នកស្រី​បានឱ្យដឹង​ទៀតថា៖“ការធ្វើ​ឆៃប៉ូវ​ផ្អែម ឬ​ប្រៃ​នេះ​មិនសូវ​ពិបាក​ទេ តែ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ដែរ ដោយ​សព្វថ្ងៃ​ខ្ញុំ​ប្រើ​កម្លាំង​កម្មករ​ជាង 10នាក់ ក្នុងនោះ​ប្រុស 4-5នាក់។

    ខ្ញុំ​រៀបចំ​ធ្វើ​ឆៃប៉ូវ​ម្តង 2-3តោន​ឆៃថាវ។ ចំពោះ​តម្លៃ​លក់​ឆៃប៉ូវ​ប្រៃ គឺ 4,000រៀល​ក្នុង 1គីឡូក្រាម ផ្អែម​ធម្មតា 4,000រៀល​ដូចគ្នា និង​ឆៃប៉ូវ​ផ្អែម​ពិសេស​លេខ 1 តម្លៃ 8,000រៀល ក្នុង 1គីឡូក្រាម ដោយ​ខ្ញុំ​បាន​បញ្ជូន​លក់​ទៅតាម​ខេត្ត​មួយចំនួន ដូចជា​ខេត្តបាត់ដំបង ខេត្តកំពង់ចាម តាកែវ សៀមរាប ភ្នំពេញ កណ្តាល ប៉ោយប៉ែត។ល។ សូម្បីតែ​អ្នក​នៅ​ភ្នំពេញ ក៏​ទំនាក់ទំនង​ទិញ​ឆៃប៉ូវ​របស់ខ្ញុំ​ដែរ ដោយ​ទូរស័ព្ទ​ឱ្យ ខ្ញុំ​ដឹកយក​ទៅឱ្យ ហើយ​និង​មាន​បងប្អូន​អតិថិជន​ខ្លះ គាត់​បាន​ទិញ​ផ្ញើ​បងប្អូន​នៅ​ប្រទេសក្រៅ​ទៀតផង”។

    អ្នកស្រី ម៉ិច​ស៊ីវ ក៏បាន​បញ្ជាក់ប្រាប់​ឡា​រ៉ែ​ន​ដែរ​ថា៖“ការធ្វើ​ឆៃប៉ូវ​កន្លងមក ពេលខ្លះ​មិនបាន​ផ្គត់ផ្គង់​គ្រប់​តាម​តម្រូវ​វ​ការ​ទីផ្សារ​ទេ។ ដូច្នេះ​ខ្ញុំ​នឹង​បង្កើន​ការផលិត​បន្ថែមទៀត​ឱ្យ​គ្រប់​តាម​តម្រូវការ​ទីផ្សារ ព្រោះ​ផលិតផល​ឆៃប៉ូវ​របស់ខ្ញុំ​ក៏មាន​ការទទួលស្គាល់​ពី​បងប្អូន​នៅក្រៅ​ប្រទេស​ដែល​ធ្លាប់​បានមក​ជាវ​ទិញ​ផលិតផល​ឆៃប៉ូវ​ខ្ញុំ​យកទៅ​ប្រទេសក្រៅ​ផងដែរ ដូចជា​អ្នក​មកពី​កាណាដា សហរដ្ឋអាមេរិក កូរ៉េ និង​ប្រទេស​អូស្ត្រាលី​ជាដើម”៕