Tag: ចំណង

  • កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

    កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

    កសិដ្ឋាន​នៅក្រោម​ទឹកសមុទ្រ​របស់​អ៊ីតាលី ផលិត​បន្លែ មើម​ស្អាត​នៅក្នុង​ប្រព័ន្ធ​ដែលមាន​រាង​ដូច​ផ្សិតដែល​គេ​ហៅ​ថា​ជីវមណ្ឌល​ ​ត្រូវបាន​បណ្ដែត​ខាងលើ​បាតសមុទ្រ។

    កសិដ្ឋាន Nemo គឺជា​ប្រព័ន្ធ​ដាំ​រុក្ខជាតិ​ខាងក្រោម​ទឹកសមុទ្រ​ដំបូង​គេ​លើ​ពិភពលោក។ ស្ថិតនៅក្រោម​សមុទ្រ Noli ប្រទេស​អ៊ីតាលី ភាគ​និរតី Genoa កសិដ្ឋាន​នេះ​រួមមាន​បណ្ដាញ​ផ្ទះ​កញ្ចក់​រាង​ពាក់កណ្ដាល​មូល​បោះ​យុថ្កា​​អណ្ដែត​ក្នុង​ទឹកសមុទ្រ។

    «ភារកិច្ច​របស់​បច្ចេក​វិទ្យា​នេះ​គឺ​ការផ្លាស់ប្ដូរ​​កសិកម្ម បង្កើន​សមត្ថភាព​ផលិត​ស្បៀងអាហារ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​ផែនដី ទៅតាម​វិធី​ស្ថិរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» សហ​ស្ថាបនិក Luca Gamberini ឱ្យដឹង​ដូច្នេះ។

    Sergio Gamberini ដែលជា​ឪពុក​របស់ Gamberini និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Ocean Reef Group ឱ្យដឹងថា គំនិត​ដែល​នាំឱ្យមាន​កសិដ្ឋាន​នេះ​ឡើង​គឺ​ដើម្បី​បូកផ្សំ​ចំណង់​ចំណូលចិត្ត​ចំនួន​ពីរ​គឺ​ការ​មុជទឹក និង​ការ​​ធ្វើ​ចំការ។ ឆ្នាំ 2012 គម្រោង​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការដាំ​ជីរ​​នាង​ល័​ក្ខ (basil) នៅក្នុង​បា​ឡុង​ខ្យល់​ក្រោម​ទឹក។ ដប់ឆ្នាំ​ក្រោយមក ចំការ Nemo កំពុងតែ​រីកចម្រើន នេះ​បើតាម CNN។

    កសិដ្ឋាន Nemo ប្រើប្រាស់​បច្ចេកទេស​អ៊ី​ដ្រូ​ប៉ូ​និ​ច ដែល​ប្រើ​សារជាតិ​បំប៉ន​ក្នុង​ទឹក​ជំនួស​ដី និង​ប្រើ​ពន្លឺ​ពី​អំពូល​ភ្លើង​ជំនួស​ពន្លឺ​ពី​ព្រះអាទិត្យ​នៅពេល​ចាំបាច់។ គ្រប់យ៉ាង​ត្រូវបាន​តាមដាន​ពី​កន្លែង​គ្រប់គ្រង​នៅលើ​ដី។

    ដល់ពេល​ត្រូវ​ប្រមូល​ផល អ្នក​មុជ​ទឹកនឹង​ហែល​ទៅ​កាត់​បន្លែ ដាក់ចូល​ក្នុង​ថង់ និង​នាំ​ឡើង​មកលើ​គោក។ ដោយសារតែ​ផ្ទះ​កញ្ចក់​ទាំងនេះ​មាន​រូបរាង​តូច​មិនអាច​ដាំ​រុក្ខជាតិធំៗ ប៉ុន្តែ​ក៏​អាច​ដាំ​បន្លែ ជីរពី 70 ទៅ 100 ដើម។ Gamberini និង​សហការី​បាន​ដាំ​សាកល្បង​ប្រភេទ​បន្លែផ្សេងៗតាំងពី​ស្ត្រ​ប៊េ​រី រហូតដល់​ប៉េងប៉ោះ សណ្ដែក និង​ជីរ​នានា។

    ការពិសោធ​ជាច្រើនក៏​​ត្រូវបាន​ធ្វើឡើង​នៅ​ចំការ​ក្រោម​ទឹកសមុទ្រ Nemo ក្នុងនោះ​មាន​ទាំង​ផលិតផល​ឱសថ និង​អាហារ​ផងដែរ។

    ក្រុម​បុគ្គលិក​របស់​កសិដ្ឋាន Nemo កំពុង​រៀប​គម្រោង​សង់​ជីវ​មណ្ឌល​ធំ​ជាង​បច្ចុប្បន្ន​ក្នុង​អនាគត និង​ដំឡើង​កសិដ្ឋាន​បែបនេះ​បន្ថែមទៀត​នៅ​តំបន់​ដទៃ ដូចជា​នៅ​សហរដ្ឋ​អាម៉េរិក​ជាដើម។ Gamberini ជឿថា បច្ចេកវិទ្យា​ខាងលើ​អាច​កែសម្រួល​ទៅតាម​ប្រភេទនីមួយ​ៗ​​នៃ​បរិស្ថាន៕

     

  • ពពោះដំបូងដោយក្តីស្រឡាញ់

    ពពោះដំបូងដោយក្តីស្រឡាញ់

    ខាងក្រោមនេះ ជាកំណត់ហេតុ 1ច្បាប់របស់អ្នកម្ដាយ 1រូបដែលបានសរសេរទុកនៅពេលដែលខ្លួនកំពុងពពោះជាលើកដំបូងក្នុងជីវិត ដែលបានបង្ហាញនូវទឹកចិត្តដ៏ល្អបរិសុទ្ធ និងក្ដីស្រឡាញ់កូនលើសពីជីវិតរបស់ខ្លួន…ពេលនេះឡារ៉ែនសូមធ្វើជាតំណាងក្នុងការបកស្រាយនូវខ្លឹមសារទាំងស្រុងដូចតទៅ៖

    ក្តីស្រឡាញ់

    “ម៉ាក់ស្រឡាញ់កូន” ខ្លីៗ តែផ្តល់នូវអារម្មណ៍ល្អខ្លាំងណាស់នៅពេលដែលម៉ាក់បាននិយាយពាក្យនេះចេញមក។ លោកគ្រូពេទ្យបានអះអាងហើយថា ការ​និយាយលេងជាមួយកូននៅក្នុងផ្ទៃញឹកញាប់ គឺជាការបង្កើតទំនាក់ទំនងសម្ព័ន្ធនៃក្តីស្រឡាញ់ ដែលល្អដល់ការវិវឌ្ឍខាងរាងកាយ និងផ្លូវចិត្តរបស់កូន ហើយម៉ាក់ដឹងថា កូនក៏បានដឹងដែរ។ គួរឱ្យអស្ចារ្យខ្លាំងណាស់ចំពោះធម្មជាតិ ដែលបានសាងឡើងឱ្យម៉ាក់បាន​រៀនយល់ដឹងថា គ្មានសេចក្តីស្រឡាញ់គ្រាណាមួយ អស្ចារ្យស្មើនឹងសេចក្តីស្រឡាញ់របស់ម៉ាក់ដែលមានចំពោះកូននាពេលនេះឡើយ។

    សម្ព័ន្ធភាព

    រៀងរាល់ថ្ងៃម៉ាក់តែងយកដៃអង្អែលពោះទៅមក បញ្ជូនក្តីស្រឡាញ់តាមរយៈការប៉ះពាល់ជាមួយកូន យូរថ្ងៃទៅ សម្ព័ន្ធនៃក្តី​​​​ស្រឡាញ់នេះកាន់តែកកើតច្រើនឡើង ក្លាយជាភាពកក់ក្តៅក្នុងចិត្ត និងអារម្មណ៍ល្អៗដែលម៉ាក់អាចដឹងបាន និងជឿជាក់ក្នុងចិត្តទៀត​ផងថា កូនក៏បានដឹងដូចគ្នាដែរ។ កូនដឹងទេ? សម្ព័ន្ធនៃក្តីស្រឡាញ់រវាងយើង 2នាក់បានកើតឡើងតាំងពីវិនាទីដំបូងដែលម៉ាក់ចាប់ផ្តើមមានផ្ទៃពោះម្ល៉េះ។

    ការប្រែប្រួល

    ដោយគ្មានលក្ខខណ្ឌ វា​កើតឡើងដោយអត្តនោម័ត ទាំងរឿងញ៉ាំ រឿងគេង និងទម្លាប់មួយចំនួន ឬធ្វើអ្វីក៏ត្រូវគិតឱ្យច្រើន គិតដល់កូនមុនគេបង្អស់។ អ្វីៗគ្រប់យ៉ាងនៃការប្រែប្រួលសុទ្ធតែកើតចេញពីក្តីស្រឡាញ់ ក្តីតាំងចិត្តដែលចង់តែបញ្ជូនអ្វីល្អៗដល់កូនសម្លាញ់។ មើលចុះ…កូនក៏ធំឡើង ហើយពោះម៉ាក់ក៏ធំឡើងដូចគ្នា។

    ដំបូង

    ទន្ទឹងរង់ចាំយូរបំផុត តាមដែលធ្លាប់ដឹងកន្លងមក គឺជិត 9ខែ ដែលម៉ាក់នឹងបានជួបមុខ បានឃើញមុខម្ចាស់ក្សត្រី ឬម្ចាស់ក្សត្រាតូចមួយរបស់ម៉ាក់។ ជាការទន្ទឹងរង់ចាំយ៉ាងស្ម័គ្រចិត្ត មានសេចក្តីសុខក្នុងចិត្ត។ ជាការទន្ទឹងរង់ចាំដ៏មានតម្លៃ ព្រោះថា “កូនម៉ាក់ស្អាតគួរឱ្យស្រឡាញ់ជាទីបំផុតលើពិភពលោកនេះ! ៉។ រឹតតែពេលកូនញញឹមដាក់ ឬធ្វើហាក់ដូចជាប្រុងសើចឱ្យម៉ាក់ឃើញផងនោះ ម៉ាក់រំភើបចិត្តជាទីបំផុតតែម្តង។

    អ្នកម្តាយថ្មោងថ្មី

    ម៉ាក់អាន និងស្វែងរកព័ត៌មានក៏ច្រើន បទពិសោធន៍ពីអ្នកនៅជុំវិញខ្លួន ក៏ម៉ាក់បានស្តាប់ហើយ លុះមកដល់វគ្គប្រតិបត្តិ រឿងមួយចំនួន​របស់កូន ម៉ាក់ត្រូវអាស្រ័យសញ្ជាតិញ្ញាណការសម្រេចចិត្តរបស់ម៉ាក់ខ្លួនឯង តែអ្វីដែលជួយបាននោះគឺ ភាពស្និទ្ធស្នាល ចំណងសម្ព័ន្ធភាព ហើយនិងការសាកខុសផង សាកត្រូវផង នឹងជួយឱ្យម៉ាក់បានដឹងថា តើម៉ាក់ត្រូវលួងលោមពេលកូនយំឃ្លាន ឬយំពេលងងុយគេងរបៀបណា?។

    ការចំណាយ

    អំឡុងពេលត្រៀមខ្លួនទិញរបស់ប្រើប្រាស់ឱ្យកូន គឺជារឿងដែលម៉ាក់ចូលចិត្តបំផុត ព្រោះរបស់នីមួយៗសុទ្ធតែ​គួរឱ្យ​ស្រឡាញ់ គួរឱ្យចង់ទិញ មានកន្លែងសបភីងសម្រាប់ម្តាយកូនខ្ចីជាច្រើនកន្លែង ដូច្នេះហើយទើបម៉ាក់ត្រូវជ្រើសរើស និងគិតពីភាពចាំបាច់ក្នុងការប្រើប្រាស់ និងតម្លៃថ្លៃថ្នូរដែលល្មមអាចទិញបានជាមុនសិន។ គឺជាទិចនិកការពារភាពប្រថុយប្រថានក្នុងរឿងខ្វះខាតលុយកាក់។

    កក់ក្តៅ ទន់ភ្លន់ពេលដែលម៉ាក់និយាយ សម្លឹងមើលភ្នែក ថើបថ្ពាល់ ឬស្រវាឱបពកូន ម៉ាក់មានអារម្មណ៍ថា ប្រៀបដូចជាថ្នាំវិសេសខាងផ្លូវចិត្តរបស់​ម៉ាក់ ដែលជួយបំពេញបន្ថែមនូវកម្លាំងចិត្តល្អៗបានជានិច្ច និងក៏ជាផលល្អដល់កូនបានយ៉ាងច្រើនអនេកដែរ ព្រោះការប៉ះពាល់ដោយក្តី​ស្រឡាញ់តាមរយៈរង្វង់ដៃឱបរបស់ម៉ាក់ អាចលួងលោមបំពេបានគ្រប់ពេលដែលកូនទួញយំ ជួយឱ្យកូនក្លាយជាក្មេងដែលមានអារម្មណ៍ល្អ មានស្នាមញញឹមនៃសេចក្តីសុខ។

    គេងងាយ សប្បាយពោះ

    ព្រោះម៉ាក់បានពិសោធដឹងហើយថា ទឹកដោះម្តាយ គឺជាអាហារកម្រិតកំពូលដែលឧត្តមសម្បូរទៅដោយសារជាតិអាហារ​គ្រប់គ្រឿង ល្អចំពោះកូនពិតៗ ព្រោះគ្រប់ពេលដែលកូននៅក្នុងរង្វង់ដៃឱបរបស់ម៉ាក់ ក្រៅពីឆ្អែតពោះហើយ កូនគេងលក់បាន​យ៉ាង​ងាយ ហើយ​បន្ទោបង់ក៏ស្រួលទៀតផង។ អេ៎…តើបែបនេះឬ ដែលគេហៅថា ទឹកដោះម្តាយល្អជាងគេបំផុតនោះ!។

    លេងសប្បាយ

    ការពកូនទៅដើរលេងកម្សាន្ត ក្រៅពីកូនបានដឹងថា ពិភពលោកនេះធំធេងតាមរយៈការពិត ដូចជាសំឡេងចាបយំ ឆ្កែព្រុស ឬបានដឹងពីបរិយាកាសមនុស្សម្នា ដើមឈើ តាមវិវឌ្ឍនាការដែលគួរកើតឡើងហើយ ម៉ាក់ក៏ឆ្លៀតឱកាសបានបន្ធូរអារម្មណ៍ បាន​ហាត់ប្រាណតិចៗ បានធូរស្បើយពីការចិញ្ចឹមមើលថែទាំកូនពេញ 1ថ្ងៃ​រួចមកដែរ។

    កូនម៉ាក់ធំឡើងរៀងរាល់ថ្ងៃ មានវិវឌ្ឍនាការប្រែប្រួលជានិច្ច ថ្ងៃនេះម្យ៉ាង ស្អែកឡើងម្យ៉ាង។ ម៉ាក់រៀនយល់ដឹងគ្រប់ពេលវេលាជាមួយរឿងកូន និងស្រឡាញ់កូនដំបូងរបស់ម៉ាក់ ដែលមានទាំងក្តីបារម្ភកង្វល់ និងវិលវល់ខ្លះៗក្នុងរឿងដែលម៉ាក់មិនធ្លាប់ធ្វើ មិនធ្លាប់ដឹង តែគ្រប់ពេលក៏កន្លងផុតមកបានដោយសេចក្តីស្រឡាញ់ សេចក្តីសុខចាប់តាំងពីថ្ងៃដំបូងដែលកើតឡើង រហូតមកដល់ថ្ងៃនេះ និងគ្មានទីបញ្ចប់…៕

  • 5ដំណាក់កាលសំខាន់ ជួយដល់វិវឌ្ឍនាការរបស់កូនតូច

    5ដំណាក់កាលសំខាន់ ជួយដល់វិវឌ្ឍនាការរបស់កូនតូច

    តាំងពីពេលប្រសូតចេញមកភ្លាមរហូតដល់មានវ័យ 1ខួបដំបូង អ្នកម្ដាយគ្រប់រូបប្រហែលជាស្ទើរតែមិនចង់ឱ្យកូនតូចជាទីស្រឡាញ់របស់ខ្លួន របូតផុតពីខ្សែភ្នែកសូម្បីតែ 1វិនាទីណាឡើយ ព្រោះក្នុងអំឡុងពេលនោះ កូននឹងមានការផ្លាស់ប្តូរខាងវិវឌ្ឍនាការយ៉ាងលឿន ដែលយើងនាំគ្នាហៅថា 5ដំណាក់កាលសំខាន់ហ្នឹងឯង។ ចង់ដឹងថា តើកូនតូចមានការផ្លាស់ប្តូរអ្វីខ្លះក្នុងដំណាក់កាលនីមួយៗ  និងតើអ្នកម្ដាយអាចជួយកូនតូចបានយ៉ាងណាខ្លះនោះ សូមតាមដានដូចតទៅ៖

    1.ចេញផុតពីផ្ទៃម្ដាយ

    ជាដំណាក់កាលផ្លាស់ប្តូរដ៏សំខាន់មួយរបស់ទារកដែលនឹងត្រូវចេញពីគភ៌របស់អ្នកម្តាយ មករកបរិស្ថាន និងធាតុអាកាសដែលស្រឡះ និងធំទូលាយ​ ធ្វើឱ្យកូនតូចមានអារម្មណ៍ភិតភ័យ ដូច្នេះហើយទើបពេលនោះ ទារកត្រូវការរង្វង់ដៃឱបដ៏សែនកក់ក្តៅជាខ្លាំង។

    អ្នកម្ដាយអាចជួយបាន ៈ ដោយការបីឱបកូនឱ្យបានលឿនជាទីបំផុតបន្ទាប់ពីប្រសូតរួចហើយភ្លាម ដើម្បីឱ្យកូនបានប៉ះនឹងសាច់ដ៏កក់ក្តៅរបស់ទ្រូងម្តាយ និងការពារឱ្យកូនជាទីស្រឡាញ់មានអារម្មណ៍កក់ក្តៅ។

    2. ស្រែកយំ

    គឺជាដំណាក់កាលដែលកូនតូចកំពុងតែរិះរកចង្វាក់ក្នុងការសម្របខ្លួនឱ្យត្រូវនឹងបរិយាកាសនៃពិភពខាងក្រៅនេះ និងអាចមានមូល​ហេតុច្រើនយ៉ាងទៀត ទើបកូនតូចគិតតែពីយំយ៉ាងខ្លាំងនៅពេលព្រលប់ៗ។

    អ្នកម្ដាយអាចជួយបាន ៈ សូមអ្នកម្ដាយថ្មោងថ្មីកុំភ័យអី ព្រោះគ្រប់ទារកទាំងអស់ ត្រូវតែឆ្លងកាត់វិវឌ្ឍនាការត្រង់ដំណាក់កាលដូចគ្នាទាំងអស់។ អ្នកម្តាយគួរតែធ្វើអា​រម្មណ៍ឱ្យស្ងប់ ទ្រាំ និងតាំងស្មារតី ធ្វើចិត្តឱ្យត្រជាក់។ បីកូននៅក្នុងរង្វង់ដៃព្រមទាំងបំពេរលួងលោមកូន។

    3. រៀនយល់ដឹង

    គឺជាដំណាក់កាលដែលទារកកំពុងសម្របសម្រួលខ្លួនឱ្យត្រូវនឹងពិភពខាងក្រៅឱ្យបាន។ បន្ទាប់ពីអាយុគ្រប់ 3ខែពេញ និងពេល​សម្រប​ខ្លួនបានហើយ កូនតូចនឹងចាប់ផ្តើមយកចិត្តទុកដាក់ចំពោះអ្វីៗដែលនៅជុំវិញខ្លួន ដើម្បីឱ្យខួរក្បាលកើតការរៀនយល់ដឹង​ឱ្យបាន​ច្រើន​បំផុត។

    អ្នកម្ដាយអាចជួយបាន ៈ បើកឱកាសឱ្យកូនតូចបានសិក្សា រៀនយល់ដឹងពីអ្វីៗផ្សេងៗ បើសិនជាមើលទៅហើយគ្មានឃើញអ្វីដែលបង្កឱ្យមាន​គ្រោះថ្នាក់ទេនោះ ក៏គួរបណ្តោយកូនឱ្យធ្វើ(ឬលេង)ចុះ គ្រាន់តែរៀបចំស្ថានភាពជុំវិញខ្លួននៅក្នុងផ្ទះឱ្យមានសុវត្ថិភាពទៅបានហើយ។

    4.អាហារការហូបចុក

    ជាដំណាក់កាលដែលកូនតូចចាប់ផ្តើមចាប់អារម្មណ៍​រឿងចំណីអាហារការហូបចុកហើយ។ ពេលឈានចូលដល់ចន្លោះវ័យ 8ខែឡើងទៅ កូនតូចនឹងចាប់ផ្តើមធ្វើតម្រាប់តាមទង្វើរបស់អ្នកនៅក្នុងផ្ទះទាំងអស់ ដើម្បីរៀនយល់ដឹង និងស្គាល់ពីចំណីអាហារផ្សេងៗ។

    អ្នកម្ដាយអាចជួយបាន ៈ ចូរកុំសម្លុត ឬស្ដីបន្ទោសកូនពេលកូនប្រឡូកលេងនឹងអាហារ តែអ្នកម្ដាយគួរពាក់ក្រណាត់អៀមការពារប្រឡាក់ឱ្យកូន និងក្រាលតុដោយកម្រាលប្លាស្ទិកដើម្បីងាយស្រួលជូតសម្អាតវិញ ប្រសើរជាងការសម្លុតកូន។

    5. ចេះនិយាយថា ទេ

    គឺជាដំណាក់កាលដែលកូនតូចចាប់ផ្តើមចេះបដិសេធ តាមរយៈការគ្រវីក្បាល ឬនិយាយថា “ទេ” ជាពិសេសការបដិសេធមិនព្រមញ៉ាំអាហារ ហើយបើរឹតតែបង្ខំផងនោះ នឹងរឹតតែមិនញ៉ាំទៅទៀត។

    អ្នកម្ដាយអាចជួយបាន ៈ កុំបង្ខំកូនរឿងញ៉ាំអាហារ។ វិធីដែលល្អគឺ ត្រៀមចំណីអាហារទុកឱ្យកូនជ្រើសរើសញ៉ាំឱ្យបានច្រើនយ៉ាង ដើម្បីកូននឹងបានជ្រើសរើសញ៉ាំបានតាមចំណង់ចំណូលចិត្ត រួចហើយកូននឹងញ៉ាំបានច្រើន និងមិនរករឿងច្រើនទៀតផង៕

  • ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។

    ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

    1. ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។
    2. កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។
    3. គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។
    4. គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។
    5. ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ ក៏នឹងថយចុះដែរ។
    6. ភ្ជាប់ចំណងសម្ព័ន្ធរវាងម្ដាយ និងកូន ការឱ្យកូនបានបៅទឹកដោះពីទ្រូងម្ដាយ ជាអារម្មណ៍ដែលពិបាកនឹងបរិយាយណាស់ មានតែម្ដាយដែលធ្លាប់ឱ្យកូនបៅទឹកដោះពីទ្រូងខ្លួនឯងប៉ុណ្ណោះទើបអធិប្បាយពីអារម្មណ៍ និងសេចក្ដីសុខក្នុងចិត្តដែលកើតឡើងក្នុងខ្លួនរបស់ម្ដាយម្នាក់នោះបានដោយខ្លួនឯង។ ក្រៅពីនោះ គ្រប់ពេលដែលកូនបៅទឹកដោះម្ដាយ ពីទ្រូងម្ដាយ កូននឹងសម្លឹងមើលមុខម្ដាយរបស់ខ្លួន ដែលអំឡុងពេលបំបៅដោះកូននោះ គឺជាអំឡុងពេលដ៏មានគុណតម្លៃបំផុត ព្រោះម្ដាយ-កូននឹងបានមើលមុខគ្នា បាននិយាយគ្នា បានសម្ដែងសេចក្ដីស្រឡាញ់ចំពោះគ្នា ធ្វើឱ្យកូនតូចអាចដឹងបានថា ម្ដាយរបស់គេស្រឡាញ់គេខ្លាំងប៉នណា។ ក្រៅពីនោះ ការដែលកូនបៅទឹកដោះចេញពីទ្រូងរបស់ម្ដាយញឹកញាប់ នឹងធ្វើឱ្យកូនចងចាំក្លិន សំឡេង មុខមាត់ និងការប៉ះពាល់ផ្សេងៗរបស់ម្ដាយបានលឿនជាងក្មេងដែលបៅទឹកដោះពីដបទឹកដោះ។
    7. រាងកាយរបស់ម្ដាយនឹងឆាប់ស្គមឡើងវិញ ក្រោយពីឆ្លងទន្លេរួច រាងកាយរបស់អ្នកម្ដាយ ទោះជាទម្ងន់ខ្លួនស្រកចុះខ្លះមែន តែប្រព័ន្ធខាងក្នុង រួមទាំងស្បូនផងអាចនឹងមិនទាន់ស្រួលបួលឡើងវិញនៅឡើយ ការចិញ្ចឹមកូនដោយឱ្យកូនបៅទឹកដោះចេញពីទ្រូងម្ដាយ នឹងជួយជំរុញរាងកាយរបស់ម្ដាយឱ្យបញ្ចេញអ័រម៉ូន 1ប្រភេទ(ដែលនឹងចេញមកចំពោះតែពេលដែលឱ្យកូនបៅដោះប៉ុណ្ណោះ)ដោយអ័ម៉ូនប្រភេទនេះ នឹងជួយឱ្យស្បូនបង្រួញខ្លួនស្រួលបួលវិញបានយ៉ាងឆាប់រហ័ស។ ក្រៅពីនោះ ការដែលរាងកាយអ្នកម្ដាយត្រូវផលិតទឹកដោះ វានឹងជួយដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗនៅតាមក្បាលពោះចេញអស់ផងដែរ ធ្វើឱ្យរូបរាងរបស់អ្នកម្ដាយទើបប្រសូតបុត្ររួច ត្រឡប់មកស្គមស្វែលបានឆាប់រហ័សជាងអ្នកម្ដាយដែលចិញ្ចឹមកូនដោយទឹកដោះគោ។ ជាមធ្យមទៅ ការដែលចិញ្ចឹមកូនដោយខ្លួនឯង ឱ្យកូនបៅទឹកដោះពីទ្រូងម្ដាយ ទម្ងន់ខ្លួនរបស់ម្ដាយនឹងថយចុះជាមធ្យម 1ខែពី 1-2គីឡូក្រាម ដូច្នេះបើយើងឱ្យកូនបៅទឹកដោះម្ដាយពេញមួយរយៈពេល 6ខែដំបូងក្រោយពេលប្រសូត ទម្ងន់ខ្លួន និងរូបរាងរបស់អ្នកម្ដាយ នឹងល្អឡើងវិញ និងសឹងតែជិតដូចប្រក្រតីវិញ។
    8. ជាអាហារដែលងាយស្រួលបំផុតសម្រាប់កូនពេញ 24ម៉ោង ទឹកដោះម្ដាយ ជាប្រភពបង្កើនថាមពលរបស់កូនតូចរបស់យើងដែលអាចឱ្យកូនបៅបានពេញ 24ម៉ោង។ ពេលណាកូនឃ្លាន យើងក៏អាចឱ្យកូនបៅទឹកដោះពីដើមទ្រូងរបស់យើងបានភ្លាមតែម្ដង មិនចាំបាច់ដាក់ដបទឹកដោះគោតាមខ្លួន មិនបាច់មានទឹកក្ដៅ ឬម្សៅទឹកដោះគោ-ល-នាំឱ្យពិបាកឡើយ ងាយស្រួល និងឆាប់រហ័សទាន់ចិត្តកូនជាទីបំផុត។
    9. ជាទឹកដោះក្ដៅឧណ្ហៗ អាចបៅបានភ្លាមជាប់ជានិច្ចពីទ្រូងម្ដាយ គុណសម្បត្តិពិសេសដែលរកទឹកដោះណាផ្សេងទៀតក្នុងពិភពលោកនេះមកធៀបមិនបាននោះគឺ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយហ្នឹងឯង។ ម្ដាយមិនចាំបាច់កង្វល់ថា ទឹកដោះខ្លួនឯងហ្នឹងនឹងក្ដៅខ្លាំងពេក ឬត្រជាក់ជ្រុលពេកសម្រាប់កូនឡើយ ព្រោះទឹកដោះម្ដាយដែលចេញមកពីដើមទ្រូងម្ដាយនេះ នឹងមានសីតុណ្ហភាពដែលល្មមសមរម្យចំពោះកូនរបស់យើងភ្លាមតែម្ដង តែបើចិញ្ចឹមកូនដោយទឹកដោះគោ យើងត្រូវពិនិត្យមើលជាមុនសិនជានិច្ចថា ទឹកដោះដែលលាយហើយនោះ វានឹងក្ដៅ ឬត្រជាក់ជ្រុលពេកទេដឹង?។
    10. មិនចាំបាច់អស់លុយថ្លៃទឹកដោះថ្លៃៗ រួមទាំងឧបករណ៍ផ្សេងៗទៀត តម្លៃទឹកដោះម្សៅប្រភេទផ្សេងៗនោះ បច្ចុប្បន្ន តម្លៃបានហក់ឡើងខ្ពស់ខ្លាំងណាស់ ណាថ្លៃដបទឹកដោះគោ ណាថ្លៃទឹកសាប៊ូលាងដបទឹកដោះគោ ថ្លៃឧបករណ៍ដុសសម្អាតដបទឹកដោះគោ-ល- ថ្លៃចាយវាយទាំងអស់នេះ នឹងមិនកើតមានឡើយ បើយើងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង។

    ទឹកដោះម្ដាយនឹងមានច្រើន ឬតិច នឹងមានប្រព័ន្ធប្រឆាំងជំងឺច្រើន ឬតិច អាស្រ័យលើចំណីអាហារ ការគេងសម្រាក និងអារម្មណ៍របស់ម្ដាយជាចម្បង។ បើអ្នកម្ដាយមើលថែទាំរាងកាយយ៉ាងល្អ ញ៉ាំអាហារដែលមានប្រយោជន៍ គេងលក់បានគ្រប់គ្រាន់ និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងយ៉ាងល្អជាប់ជានិច្ចនោះ ក៏នឹងមានទឹកដោះច្រើនគ្រប់គ្រាន់ឱ្យកូនរបស់យើងបានបៅយ៉ាងពិតប្រាកដ ដែលបច្ចុប្បន្ននេះ ឡារ៉ែនសូមណែនាំឱ្យកូនបានបៅទឹកដោះម្ដាយយ៉ាងតិចបំផុតរយៈពេល 1ឆ្នាំដំបូង៕

  • និយាយជាមួយកូនពេលកូនបៅទឹកដោះ ធ្វើឱ្យកូនស្រឡាញ់យើងខ្លាំងឡើងមែនឬ?

    និយាយជាមួយកូនពេលកូនបៅទឹកដោះ ធ្វើឱ្យកូនស្រឡាញ់យើងខ្លាំងឡើងមែនឬ?

    ធ្លាប់សង្កេតដែរឬទេថា ពេលកូនរបស់យើងបៅទឹកដោះ មិនថាតែបៅពីដោះម្ដាយ ឬពីដកទឹកដោះគោនោះទេ តែងមានពេលមួយដែលកូនឈប់បៅភ្លាមៗដោយមិនដឹងមូលហេតុជានិច្ច ធ្វើឱ្យអ្នកម្ដាយជាច្រើននឹកកង្វល់ក្នុងចិត្តថា កូនលែងចង់បៅទឹកដោះហើយ ទើបត្រូវមានការអង្រួនខ្លួនកូនថ្នមៗដើម្បីឱ្យកូនបៅទឹកដោះឡើងវិញ។ តើអ្នកម្ដាយដឹងឬទេថា ក្នុងពេលដែលអ្នកម្ដាយកំពុងអង្រួនខ្លួនកូននោះ គឺជាអំឡុងពេលសំខាន់ដែលអ្នក និងកូនកំពុងសាងចំណងសម្ព័ន្ធភាពគ្នាខ្លាំងឡើងបានយ៉ាងឆាប់រហ័ស។

    ចង្វាក់ការបៅទឹកដោះរបស់ទារកយ៉ាងដូចម្ដេច?

    ជាប្រក្រតីតាមធម្មជាតិ ទារកដែលបៅទឹកដោះ(មិនថាពីដោះម្ដាយ ឬពីដបទឹកដោះគោនោះទេ)តែងមានចង្វាក់នៃការបៅ(ក្នុងអំឡុងពេលដំបូង)មានលក្ខណៈដូចខាងក្រោមនេះ ៈ

    បៅ – បៅ – បៅ…បន្ទាប់ពីនោះ ពេលកូនបានបៅទឹកដោះអស់មួយស្របក់មក កូននឹងចាប់ផ្ដើមកែសម្រួលចង្វាក់ការបៅទៅជាលក្ខណៈបែបនេះ ៈ

    បៅ – បៅ – បៅ – ឈប់(ហើយនឹងធ្វើដដែលៗបែបនេះទៅជារឿយៗ)

    ក្នុងអំឡុងចង្វាក់ដែលកូនឈប់បៅនេះឯង អ្នកម្ដាយជាច្រើននាក់នឹងនឹកកង្វល់ថា កូននឹងឈប់បៅតទៀតហើយ(ខ្លាចកូនបៅមិនឆ្អែត) ទើបធ្វើការអង្រួនខ្លួនកូនថ្នមៗ ឬនិយាយព្រមជាមួយការសម្លឹងមើលមុខកូន ហើយអ្វីដែលកើតឡើងនោះក៏គឺ កូននឹងឈប់បៅមួយខណៈពេល ដើម្បីទទួលដឹងនូវអ្វីដែលម្ដាយកំពុងធ្វើចំពោះគេ នោះគឺ ការស្ដាប់នូវអ្វីដែលម្ដាយកំពុងនិយាយ និងសម្លឹងមើលមុខម្ដាយ រួចបន្ទាប់ពីនោះ ទារកក៏នឹងត្រឡប់ទៅរកចង្វាក់ការបៅ 3ដង និងឈប់ 1ដងដូចមុនទៀត។

    ហេតុអីបានកូនបៅ – បៅ – បៅ – ឈប់?

    អាចរាប់បានថា ជារឿងប្លែកខ្លាំងណាស់ ដោយសារតែមានការសាកល្បងខាងវេជ្ជសាស្រ្តរួចមកហើយ និងទទួលបានលទ្ធផលដ៏គួរឱ្យស្ងើចអស្ចារ្យ ដោយក្រុមគ្រូពេទ្យបានសាកល្បងចាប់រយៈពេលរវាងការបំបៅទឹកដោះកូន ដោយបណ្ដោយឱ្យទារកបានបៅទឹកដោះតាមចង្វាក់ប្រក្រតីរបស់គេ ហើយនៅពេលទារកឈប់បៅ ក៏មិនបាច់អង្រួន ឬនិយាយជាមួយទេ និងមួយក្រុមទៀត ពេលទារកឈប់បៅ ក៏ឱ្យម្ដាយអង្រួនខ្លួនកូនថ្នមៗ ព្រមជាមួយការញញឹម សម្លឹងមើលមុខ និងនិយាយដាក់កូន។

    លទ្ធផលការសាកល្បងដែលទទួលបាន អាចសរុបបានដូចតទៅ

    1. តឱ្យយើងមិនអង្រួនខ្លួនកូន(ចង្វាក់ដែលកូនឈប់បៅ)ក៏កូននឹងត្រឡប់មកបៅវិញបានដោយខ្លួនឯងតាមចង្វាក់វេលាដែលទៀងទាត់។
    2. រឹតតែយើងនិយាយរក សម្លឹងមើលមុខ និងអង្រួនខ្លួនកូន កូននឹងពន្យារចង្វាក់ការឈប់បៅនោះកាន់តែយូរទៅ ព្រោះគេកំពុងទទួលដឹង និងព្យយាមទំនាក់ទំនងជាមួយអ្វីដែលគេបានដឹងមក(គឺការនិយាយ ការអង្រួនពីម្ដាយ)។
    3. បរិមាណការបៅទឹកដោះរបស់ទារកទាំង 2ក្រុម ស្មើគ្នា(ចង់អង្រួន ឬមិនអង្រួន ក៏មិនបានបៅទឹកដោះច្រើនជាងគ្នាប៉ុន្មានដែរ)។
    4. ការនិយាយជាមួយកូនខណៈពេលកូនកំពុងបៅទឹកដោះផង(ជាពិសេសបៅដោះម្ដាយ)នឹងធ្វើឱ្យកូនមិនគេងលក់លើទ្រូងម្ដាយច្រើនជាងបណ្ដោយឱ្យបៅទឹកដោះស្ងាត់ៗ។
    5. កូននឹងអាចចងចាំក្លិន និងសំឡេងរបស់ម្ដាយខ្លួនឯងបានក្នុងរយៈពេល 4-7ថ្ងៃ រាប់ចាប់ពីថ្ងៃកើតមកដំបូង។
    6. រឹតតែលោកអ្នកនិយាយជាមួយកូនច្រើនប៉ុនណាពេលកូនកំពុងបៅទឹកដោះ កូននឹងរឹតតែសម្លឹងមើលមុខលោកអ្នកច្រើនឡើង និងយូរឡើង។ កូននឹងទទួលដឹង និងជ្រួតជ្រាបពីសេចក្ដីស្រឡាញ់ ចំណងសម្ព័ន្ធភាពដែលអ្នកមានដល់កូនខ្លាំងឡើង។ ពេលកើតដំបូង ទារកនឹងមើលឃើញតែពណ៌ស ខ្មៅ ប្រផេះ និងអាចសម្រួលហ្វូខាស់បានត្រឹមតែ 25សង់ទីម៉ែត្រប៉ុណ្ណោះ ហ្នឹងហើយទើបធ្វើឱ្យគេចងចាំ និងទទួលដឹងថា គេមានអ្នកដែលនៅចាំមើលថែទាំ និងស្រឡាញ់គេខ្លាំងប៉ុនណា ទើបមិនមែនជារឿងប្លែកឡើយដែលកូននឹងជាប់ចិត្តលើម្ដាយខ្លាំងជាង និងឆាប់ចងចាំមុខឪពុកម្ដាយបានលឿន។

    ក្រៅពីនោះ នៅក្នុងលទ្ធផលនៃការសាកល្បងនោះបានធ្វើឱ្យយើងដឹងទៀតថា ការនិយាយជាមួយកូន ការអង្រួនខ្លួនកូនថ្នមៗខ្លះៗខណៈពេលគេកំពុងបៅទឹកដោះនោះ ឪពុកម្ដាយខ្លួនឯងក៏បានទទួលនូវអារម្មណ៍ឆ្អែតពេញចិត្ត សុខ និងរំភើបចិត្តដែលមិនអាចរកពីទីណាបានទៀតឡើយ ដូច្នេះហើយ ពេលដែលកូនបៅទឹកដោះលើកក្រោយទៀត កុំភ្លេចនិយាយលេងជាមួយកូនឱ្យបានច្រើនៗណា៎…៕

  • គួរឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ)

    គួរឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង(ទៅកូនៗ)

    “ឪពុក-ម្ដាយ” ព្រឹកឡើងត្រូវត្រៀមខ្លួនទៅធ្វើការ និងក្រៅពីត្រូវត្រៀមរឿងរបស់ខ្លួនឯងហើយ មុនអ្វីៗទាំងអស់ គឺត្រូវបែងពេលវេលាមើលថែកូនៗ…ដាស់ឱ្យក្រោកពីគេង ដុសសម្អាតធ្មេញ ងូតទឹក ញ៉ាំអាហារ ត្រៀមខ្លួនទៅសាលារៀន។ រៀងរាល់ព្រឹក ជីវិតនឹងរវល់វីវក់ជាមួយនឹងភារកិច្ចទាំងនេះ។

    នៅពេលកូនចាប់ផ្ដើមធំឡើង ការចិញ្ចឹមមើលថែក៏នឹងត្រូវកែសម្រួលទៅតាមវ័យរបស់កូនផងដែរ។ ពេលមើលត្រឡប់ទៅក្រោយវិញ មនុស្សដែលជាម្ដាយដូចរូបយើង មានអារម្មណ៍ថា អំឡុងពេលដែលល្អបំផុត និងសប្បាយបំផុតគឺ អំឡុងពេលដែលកូននៅតូចក្នុងវ័យតេះតះ ព្រោះកូនត្រូវការត្រឹមតែសេចក្ដីស្រឡាញ់ និងអាហារប៉ុណ្ណោះ…អ្វីដែលសំខាន់គឺ កូននៅមិនទាន់ចេះតបតមកវិញ មិនទាន់មានពាក្យសម្ដី ដូច្នេះយើងគ្រាន់តែនឿយកាយ បានគេងសម្រាកហើយក៏ស្រួលខ្លួនឡើងវិញ និងទោះជានឿយប៉ុនណា ដើម្បីកូន ម្ដាយធ្វើបាន…។

    តើលោកអ្នកធ្លាប់សង្កេតដែរឬទេ? ទោះជាក្មេងស្ថិតនៅក្នុងសភាពបរិស្ថានតែមួយដូចគ្នា ឪពុកម្ដាយផ្ដល់នូវការចិញ្ចឹមមើលថែដូចគ្នា តែហេតុអីលទ្ធផលចេញមកខុសគ្នា? តើអ្វីដែលមានផលដល់ទង្វើរបស់ក្មេង និងមានផលដល់ផ្នត់គំនិតរបស់គេ? ប្រាកដណាស់ថា ធម្មជាតិរបស់ក្មេងម្នាក់ៗមានភាពខុសប្លែកផ្សេងពីគ្នា លក្ខណៈចរិតនិស្ស័យ ចំណង់ចំណូលចិត្ត និងមើលឱ្យជ្រៅទៅដល់រឿងរបស់ចិត្តគំនិតក៏មិនដូចគ្នា…ព្រោះគ្រប់គ្នាមានភាពខុសប្លែកពីគ្នា។

    យើងមិនចាំបាច់ត្រូវធ្វើឱ្យគ្រប់គ្នាដូចគ្នានោះទេ…គិតតែត្រឹមថា តើយើងនឹងរស់នៅរួមគ្នាយ៉ាងណាឱ្យមានសេចក្ដីសុខ?

    ឫសគល់សំខាន់ដែលគួរឱ្យដល់កូនតាំងពីនៅតូច

    “ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង”

    អ្នកគ្រូម្នាក់ដែលនាងខ្ញុំគោរព អ្នកគ្រូបានរៀបរាប់ប្រាប់តាមរយៈការឱ្យរៀនយល់ដឹងដោយការសង្កេតអំពីវិធីការបង្ហាត់បង្រៀនរបស់កសិករដែលធ្វើចម្ការដូង ដែលយកសត្វស្វាមកចិញ្ចឹម និងបង្ហាត់ឱ្យចេះរហូតអាចប្រើឱ្យឡើងបេះផ្លែដូងបាន។ គោលការណ៍ក៏គឺ “ឱ្យសេចក្ដីស្រឡាញ់ មុនឱ្យចំណេះដឹង”” នាងខ្ញុំមានអារម្មណ៍ថា រឿងនេះគឺជារឿងត្រឹមត្រូវណាស់ ព្រោះខ្នាតសត្វស្វាដែលជាសត្វព្រៃម៉េច យើងនៅយកមកបង្ហាត់បង្រៀនបាន ចុះទម្រាំមនុស្ស តើយើងបង្ហាត់បង្រៀនមិនបានឬ? មែនអត់?

    (សូមរង់ចាំអាននៅលេខបន្ត)

  • ចំណងស្នេហ៍ទាំង 5 ដែលអ្នកគួរដឹង

    ចំណងស្នេហ៍ទាំង 5 ដែលអ្នកគួរដឹង

    ក្រោយពីបានរួមរស់នៅជាមួយគ្នាអស់មួយរយៈពេលមក សម្ព័ន្ធភាពស្នេហារវាងអ្នកទាំងពីរដែលជាដៃគូជីវិត អាចនឹងឈានដល់ដំណាក់កាលសោះកក្រោះ ពុំសូវមានភាពរ៉ូមែនទិក ស្រស់ស្រាយដូចកាលពីរៀបការថ្មីៗសោះ រហូតដល់ពេលខ្លះ អ្នក និងគូស្នេហ៍ ហាក់គ្មានអារម្មណ៍ក្នុងរឿងលើគ្រែផងក៏មាន។ បើយ៉ាងដូច្នេះ តើមានវិធីណាអាចជួយស្រោចស្រង់បញ្ហាដ៏សំខាន់សម្រាប់ជីវិតជាប្ដី-ប្រពន្ធបានឬទេ? ចម្លើយឆ្លើយថា កុំទាន់អាល់អស់សង្ឃឹម ត្បិតវាក៏មានវិធីស្រាយចំណងមួយនេះបានខ្លះៗដែរ ហើយលោកអ្នកក៏អាចមានលទ្ធភាពធ្វើបានគ្រប់គ្នា។

    1-ក្លិនទាក់ទាញអារម្មណ៍ ក្នុងចំណោមប្រសាទវិញ្ញាណទាំង5 ការទទួលដឹងតាមរយៈក្លិន គឺមានអានុភាព និងអាចដាស់អារម្មណ៍គូស្នេហ៍របស់អ្នកបានល្អបំផុត។ មានក្លិនខ្លះ អាចធ្វើឱ្យយើង នឹកឃើញដល់បទពិសោធន៍ និងអនុស្សាវរីយ៍កាលអតីតកាល ខណៈដែលមានក្លិននោះនឹងនាំឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ កក់ក្តៅរំជួលរកនឹកស្មានមិនដល់។ ចូរសាកល្បងរកសាប៊ូក្រែមងូតទឹក ទឹកអប់ ឬប្រេងថែ ស្បែកមកប្រើ ឬអុជទៀនក្រអូប ដាក់នៅតាមជ្រុងផ្សេងៗក្នុងបន្ទប់ឱ្យភ្លឺព្រាលៗ ដើម្បី ធ្វើអោយបរិយាកាសមានភាពរ៉ូមែនទិក (ប៉ុន្តែ ដើម្បីសុវត្ថិភាព ក្រោយពេលប្រើគួរពន្លត់ផង)។

    2-តន្រ្តី ដាស់អារម្មណ៍ស្នេហ៍ ជាទូទៅមនុស្សគ្រប់គ្នាសុទ្ធតែបានដឹងស្រាប់ហើយថា តន្ត្រីអាចមានឥទ្ធិពលលើអារម្មណ៍ និងប្រព័ន្ធប្រសាទ។ ការស្តាប់តន្ត្រីពីរោះៗ អាចធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ព្រោះវាបានជំរុញឱ្យមានលំហូរអ័រម៉ូនអេនដ័រហ្វ៊ីន (Endorphin) ដែលជួយបន្ថយការឈឺចាប់ និងបន្ធូរភាពតាងតឹង។ ដើម្បីឱ្យបរិយាកាសដែលមានតែរូបអ្នក និងដៃគូកាន់តែមានអារម្មណ៍បែបរ៉ូមែនទិក និងអាចរំញោចអារម្មណ៍មួយកម្រិតទៀតនោះ សូមអ្នកចាក់ចម្រៀងពីរោះរណ្តំនៅក្នុងផ្ទះ ឬក្នុងបន្ទប់គេង ដោយចាក់បទភ្លេង ឬចម្រៀងដែលមានលំនាំបែបសំឡេងធម្មជាតិប្រកបដោយមនោសញ្ចេតនា ជាពិសេសបើមានដូចជាសំឡេងទឹកហូរ សត្វយំ ឬសំឡេងរលកបកបោក រឹតតែប្រសើរ។

    3-បរិយាកាសល្អ ធ្វើឱ្យអារម្មណ៍ស្រើបស្រាល ការរៀបចំបន្ទប់ឱ្យមានសណ្តាប់ធ្នាប់ល្អ មិនត្រឹមតែជួយកាន់តែមានផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនបរិយាកាសសង្វៀនស្នេហ៍អ្នកទាំងពីរឱ្យកាន់តែមានភាពពុះកញ្រ្ជោលថែមទៀត។ ចូរតុបតែងបន្ទប់ឱ្យបានស្អាតមានរបៀបរៀបរយ។ មួយសប្តាហ៍ម្តង ឬពីរដង សាកល្បងបិទភ្លើងក្នុងផ្ទះ ហើយអុជទៀនក្រអូបដាក់នៅតាមជ្រុងផ្សេងៗ ដើម្បីសាងបរិយាកាសល្អ។ ជួនកាលការបើកភ្លើងឲភ្លឺ ខណៈដែលកំពុងមានអីៗនឹងគ្នានោះក៏អាចជួយឱ្យមានអារម្មណ៍ស្រមើស្រមៃ ស្រៀវស្រើប អណ្តែតអណ្តូងមិនតិចនោះទេ ជាមួយនឹងការស្លៀកពាក់ ឈុតគេងស្តើងៗ សិចស៊ី ក៏អាចទាក់ទាញខ្សែភ្នែកគូស្នេហ៍ឱ្យសម្លក់សម្លឹងអ្នកដោយព្រឺព្រួចអារម្មណ៍ដែរ។

    4-ទទួលទានអាហារ បង្កើនចំណង់ស្នេហ៍ អាហារមួយចានៗ មានសមាសភាពគីមីដែលធ្វើឱ្យរាងកាយមានប្រតិកម្មខុសប្លែកៗពីគ្នា ក្នុងនោះរបៀបទទួលទានអាហារខ្លះ ក៏អាចទាក់ទាញអារម្មណ៍អ្នកឱ្យមានចំណង់រោលរាលបានដោយងាយ។ អាហារមានរសជាតិហឹរ ក្តៅ ជួយឱ្យជីពចរលោត ញាប់ និងដើលឿន ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ។ សូកូឡារសជាតិផ្អែមបែបស្រាលៗ ធ្វើឱ្យប្រព័ន្ធប្រសាទគ្រប់ផ្នែកក្នុងរាងកាយរំញោចខ្លួន ពុះកញ្រ្ជោលកាន់តែខ្លាំងឡើង ហើយក្រៅពីនេះ អ្នកក៏ត្រូវលៃលកពេលវេលាសម្រាប់ចូលផ្ទះបាយ ចម្អិនអាហាររួមគ្នា ឬបញ្ចុកអាហារគ្នាម្នាក់ម្តងៗយ៉ាងល្អូកល្អិន ប្រកបដោយការយល់ចិត្តខ្លះផង។

    5-ការប៉ះពាល់ ដាស់អារម្មណ៍ស្នេហ៍ ការម៉ាស្សាគក់ច្របាច់ក៏ជាវិធីមួយដ៏ល្អ ដែលអាចជួយឱ្យមានអារម្មណ៍ធូរស្បើយ លែងតប់ប្រមល់បាន។ ថាមពលនៃការបោសអង្អែល ឬម៉ាស្សាចេញពីបាតដៃ ជាការបង្ហាញនូវការស្រលាញ់ អាណិតចំពោះគ្នា។ ប្រសិនបើមានពេល ក៏គួរតែព្យាយាមម៉ាស្សាឱ្យគេ ដោយផ្តោតជាសំខាន់ត្រង់បរិវេណផ្នែកខាងក្រោមនៃត្រគាក ។ រីឯស្រ្តីភេទវិញ គួរម៉ាស្សាចំណុចសំខាន់ៗ ដូចជា នៅបរិវេណ ក ស្មា ខ្នង ស្លឹកត្រចៀក ជាពិសេស បរិវេណក្រោមចង្កេះតែម្ដង។

    សូមសាកល្បងអនុវត្តដូចដែល «ឡារ៉ែន» បានបង្ហាញជូនខាងលើនេះធានាថា លោកអ្នកអាចកែខែ គាស់រំលើងបានមកវិញនូវចំណងមេត្រីនៃសម្ពន្ធភាពដៃគូជីវិតបានមកវិញជាក់ជាមិនខាននោះឡើយ ៕