Tag: ចិត្តសាស្ត្រ

  • កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ

    កុំចិញ្ចឹមកូនតាមអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ មិនថាទ្រឹស្តីណា ឬការចិញ្ចឹមកូនបែបណាដែលគេនាំគ្នានិយាយ ឬចែករំលែកតគ្នាថា វាល្អ វាប្រពៃផុតកំពូលក៏ដោយ តែសម្រាប់ Lifestyle របស់លោកឪពុកអ្នកម្ដាយ បើវាត្រឹមត្រូវ ក៏គឺត្រឹមត្រូវ តែបើវាមិនត្រូវនឹងយើង យ៉ាងណាក៏នៅតែមិនត្រូវនឹងយើងដែរ…។

    កូនរបស់អ្នកណា កូនរបស់អ្នកហ្នឹង

    តើអ្នកម្ដាយទាំងឡាយធ្លាប់ទេ ជាពិសេសអ្នកម្ដាយថ្មោងថ្មី ដែលអានអត្ថបទពីគ្រូពេទ្យ ពីគ្រូពេទ្យចិត្តសាស្ត្រ ពីឪពុកម្ដាយដែលសរសេរពីអត្ថបទចិញ្ចឹមកូន ដែលគេថាធ្វើយ៉ាងនេះ វាល្អយ៉ាងនោះ ចិញ្ចឹមបែបនេះ បានកូនឆ្លាត និងទទួលបានជោគជ័យ ឬត្រូវចិញ្ចឹមកូនបែបនេះ ទើបកូនធំឡើងក្លាយជាអ្នកមាន ជាដើម ល និងល។ តែការពិតទៅ ការចិញ្ចឹមកូនបែបនេះ ឬបែបនោះ វាមិនស័ក្តិសមជាមួយក្មេងគ្រប់រូបនោះទេ ព្រោះក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា មានភាពជាខ្លួនឯងមិនដូចគ្នា មិនអាចធ្វើតាមគ្នាបានទេ តឱ្យជាកូនភ្លោះនឹងគ្នា ដែលទោះជាយើងធ្លាប់ឃើញពួកគេស្លៀកខោអាវដូចគ្នាក៏ដោយ តែការពិតទៅ កូនរបស់យើងអាចនឹងមិនចង់ដូចអ្នកណា ក៏អាចថាបានដែរ មែនទេអ្នកម្ដាយទាំងឡាយ?។

    ព្រោះវាគ្មានអ្វីមកធានាបានថា បើយើងបង្ហាត់បង្រៀនកូនរបស់យើង ដោយយកវិធីរបស់អ្នកដទៃមកប្រើ នឹងទទួលបានជោគជ័យដូចគេនោះឡើយ ព្រោះវាមានបច្ច័យជុំវិញខ្លួនផ្សេងៗដែលចូលមកធ្វើជាអ្នកជំរុញ និងប្រាកដណាស់! យ៉ាងហោចណាស់ក៏ចរិតនិស្ស័យរបស់កូនយើង និងកូនគេ មិនបានដូចគ្នាគ្រប់ប្រការដែរ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ត្រូវចិញ្ចឹមកូនយើង ឱ្យក្លាយជាកូនយើង

    ក្មេងៗនឹងធំធាត់ឡើង ក្លាយជាមនុស្សដែលជឿជាក់លើខ្លួនឯង បើឪពុកម្ដាយទទួលស្គាល់លើភាពជាខ្លួនឯងរបស់កូន។ ទិដ្ឋភាពពិតរបស់ក្មេងនឹងបង្ហាញច្បាស់ឡើង នឹងរឹងមាំឡើង គឺនៅពេលដែលឪពុកម្ដាយមានចន្លោះឱកាសឱ្យកូនបានបង្ហាញពីភាពជាខ្លួនឯងរបស់កូនបានយ៉ាងពេញទំហឹង ទោះជារឿងទាំងអស់នោះ អាចនឹងមើលទៅថាដូចជាត្រូវប្រើចិត្តវិញ្ញាណខ្ពស់ក៏ដោយ។ ដូច្នេះបើឪពុកម្ដាយ មិនមែនជាគ្រូពេទ្យចិត្តសាស្ត្រ តើអាចធ្វើបានទេ? ចម្លើយគឺ ប្រាកដណាស់ ពិតជាបាន! តែអាចនឹងពិបាកវេទនាខ្លះ ដោយសារតែឪពុកម្ដាយ ក៏ទើបតែក្លាយជាឪពុកម្ដាយ នៅពេលកូនកើតឡើងហ្នឹងឯង…មិនថាអ៊ីចឹងហ្អេ៎?។

    ការប្រៀបធៀប មិនដែលជារឿងល្អឡើយ

    ជាពិសេសបំផុត ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងឯទៀត ឬការប្រៀបធៀបកូន ជាមួយខ្លួនយើង។ ប្រាកដណាស់ថា ការប្រៀបធៀប វានឹងល្អ ក៏នៅពេលណាដែលយើងប្រៀបធៀបពីតម្លៃនៃរបស់របរមួយៗ តែមិនមែនជាមួយវត្ថុមានជីវិត មានចិត្តគំនិត ដូចជាមនុស្សនោះទេ ជាពិសេសមនុស្សនោះ គឺជាកូនរបស់យើង។ ឪពុកម្ដាយ គឺពិភពលោកទាំងមូលរបស់កូន គឺជាអ្វីៗគ្រប់យ៉ាងរបស់កូន ត្រឹមតែពាក្យសម្ដីដែលឪពុកម្ដាយអាចនឹងគិតមិនទាន់ ក៏អាចនឹងធ្វើឱ្យក្លាយជាចំណុចខ្សោយមួយរបស់កូនរហូតដល់កូនធំ។

    កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ កូនមិនមែនជាខ្លួនយើង យើងមិនមែនជាខ្លួនកូន

    តើធ្លាប់ដែរទេ ដែលគិតថា កូនយើងល្ងង់ ស៊ូក្មេងដទៃមិនបាន ឬកូនយើងច្បាស់ជាមានអ្វីខុសប្រក្រតី? រៀនក៏ដូចអ្នកឯទៀត នាំទៅរៀនកួរពិសេស ក៏ច្រើនជាងក្មេងឯទៀត តែកូនយើងនៅតែមានលទ្ធផលការរៀនទាបជាងមិត្តភក្តិក្នុងថ្នាក់។

    ការប្រៀបធៀបកូនជាមួយក្មេងដទៃ ឪពុកម្ដាយខ្លះមិនបានធ្វើទេ តែធ្វើដោយមិនដឹងខ្លួនជាមួយការប្រៀបធៀបខ្លួនឯងជាមួយកូន។ ធ្វើអារឿងដែលឪពុកម្ដាយយើងធ្លាប់ធ្វើជាមួយយើង គិតអ្វីៗជំនួសកូនទាំងអស់ សង្ឃឹមលទ្ធផលខ្ពស់ដូចដែលយើងធ្លាប់ជួបមក។ សួរថា តើកូនយើង ដូចខ្លួនយើង 100ភាគរយឬយ៉ាងណា? បើមិនដូចទេ ហេតុអីបានគិតថាវិធីនោះនឹងទទួលបានលទ្ធផលល្អ?។

    តើត្រូវចិញ្ចឹមកូនយ៉ាងម៉េច? និងតាមវិធីណាល្អ?

    ដែលរៀបរាប់មកទាំងអស់នោះ មិនមែនឱ្យឪពុកម្ដាយឈប់ធ្វើតាមពាក្យណែនាំរបស់អ្នកដទៃនោះទេ តែវា គឺការស្គាល់កូនខ្លួនឯងឱ្យច្បាស់បំផុត…ត្រូវហើយ! ព្រោះលោកអ្នកគឺ ឪពុកម្ដាយរបស់គេ ដូច្នេះចូរសាកល្បងយកពាក្យណែនាំទាំងនោះមកសាកល្បងធ្វើតាម វិធីណាមិនបានលទ្ធផល ក៏ប្ដូរវិធីថ្មី កុំប្រកាន់ខ្ជាប់តែលើវិធីតែមួយ។ វិធីណាបានផលល្អ ក៏អាចនឹងប្រកាន់យកវិធីនោះធ្វើជាគំរូបែប ហើយកែសម្រួលឱ្យស័ក្តិសមជាមួយកូនរបស់យើង។

    ទ្រឹស្ដីនៅលើពិភពលោកនេះមានច្រើនណាស់ តាមអ្នកចិត្តវិទ្យា តាមឪពុកម្ដាយដែលមានកូនរាប់សិបនាក់ តាមគ្រូអ្នកជំនាញ ឬតាមអ្នកជំនាញការ អាចនឹងទៅរួចដូចគ្នាដែលគ្រប់ទ្រឹស្ដីទាំងនោះមិនទទួលបានលទ្ធផលល្អជាមួយកូនយើងសោះឡើយ ដូច្នេះតើវានឹងលំបាកប៉ុនណាទៅ បើសិនកូនជាមនុស្សដំបូងដែលនឹងសាកល្បងទ្រឹស្ដីថ្មីដែលឪពុកម្ដាយគិតឃើញឡើងដោយខ្លួនឯង?។ វាមិនមានអ្វីខុសឡើយក្នុងការទទួលបានផល ព្រោះកូនយើងមានតែមួយគត់ក្នុងលោកនេះ ដែលមានមុខមាត់អ៊ីចឹង ចរិតនិស្ស័យអ៊ីចឹង រពឹសខ្លាំងបែបហ្នឹង គួរឱ្យស្រឡាញ់បែបហ្នឹង គួរឱ្យចង់ខោកក៏មាន គួរឱ្យរំភើបចិត្តខ្លាំងក៏ច្រើន។ល។

    • ចិញ្ចឹមកូនឱ្យក្លាយជាក្មេងដែលជះពន្លឺចេញពីខាងក្នុងមកខាងក្រៅ
    • ចិញ្ចឹមកូនដោយគោរពក្នុងភាពជាកូនរបស់យើង
    • ចិញ្ចឹមកូនដោយវិធីដែលស័ក្តិសមបំផុតជាមួយរូបគេ
    • កុំទៅខ្វល់សំឡេងអ្នកដទៃ ដរាបណាដែលយើងមិនបានសាងភាពមួម៉ៅក្ដៅក្រហាយចំពោះអ្នកណា
    • ចូរចិញ្ចឹមកូនតាមបែបកូនជាកូនរបស់យើងឱ្យបានខ្លាំងបំផុត៕
  • អ្នកជំនាញចិត្តសាស្ត្របញ្ជាក់ថាអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងបង្រៀនកូនខុស

    អ្នកជំនាញចិត្តសាស្ត្របញ្ជាក់ថាអាណាព្យាបាលជាច្រើនលើពិភពលោកកំពុងបង្រៀនកូនខុស

    ស្ទើរគ្រប់អាណាព្យាបាលទាំងអស់លើពិភពលោក សុទ្ធតែចង់អប់រំកូនឱ្យក្លាយជាមនុស្សល្អ តែអ្វីដែលជាបញ្ហាប្រឈម និងធ្វើឱ្យកូនៗក្លាយជាមនុស្សកាន់តែអាក្រក់ គឺវិធីសាស្ត្របង្រៀនដែលអាណាព្យាបាលភាគច្រើនប្រើចំពោះកូន គឺជាវិធីសាស្រ្តមិនត្រឹមត្រូវ។

    លោក Adam Grant អ្នកជំនាញចិត្តសាស្រ្ត បានលើកឡើងថា អាណាព្យាបាលជាច្រើន គិតថា
    រាល់ពេលកូនធ្វើខុសគឺត្រូវតែទទួលពិន័យដើម្បីអប់រំពួកគេកុំឱ្យដើរជាន់កំហុសដដែល។ មានអ្នកខ្លះអង្គុយចាំមើលតែសកម្មភាពរបស់កូន ឱ្យតែកូនធ្វើខុស ឬមានឥរិយាបថមិនល្អភ្លាម គាត់នឹងស្តីបន្ទោស ដាក់ពិន័យ និងប្រាប់ភ្លាមថា រឿងដែលក្មេងកំពុងធ្វើនោះជារឿងខុស ហើយធ្វើតាមគាត់ទើបជារឿងត្រឹមត្រូវ។ ការធ្វើបែបនេះ ពេលខ្លះអាចធ្វើឱ្យក្មេងក្លាយជាមនុស្សម្នាក់ដែលដើរត្រូវបន្ទាត់របស់មនុស្សទូទៅ តែមិនប្រាកដថាអាចធ្វើឱ្យក្មេងក្លាយជាមនុស្សខ្លាំងបាននោះទេ ព្រោះគ្រាន់ដឹងថាសកម្មភាពបែបណាខុស ហើយសកម្មភាពបែបណាត្រូវមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិតមនុស្សម្នាក់ៗ។

    លោកបានបញ្ជាក់ថា ការអប់រំតាមបែបបុរាណ គឺភាគច្រើនជំរុញឱ្យមនុស្សធ្វើអ្វីដដែលៗនៅលើបន្ទាត់មួយដូចៗគ្នា គឺរស់នៅក្នុងទម្លាប់ដូចៗគ្នា មានសកម្មភាពដូចៗគ្នា និងការគិតដូចៗគ្នា។ គ្រាន់តែក្មេងដើរខុសបន្ទាត់តែបន្តិច បើទោះបីជារឿងនោះល្អ ឬមិនសូវល្អក៏ដោយក៏មនុស្សធំភាគច្រើនតម្រង់មករកភាពដើមវិញ។

    ចំណុចនេះបានបង្កើតឱ្យមានបញ្ហាជាច្រើនសម្រាប់អនាគតរបស់មនុស្សលើពិភពលោក ដែលយើងកំពុងត្រូវការមនុស្សប្រកបដោយសមត្ថភាពខ្លាំងជាងមុន មានថាមពលនៃភាពច្នៃប្រឌិតខ្ពស់ជាងមុន និងមានភាពឆ្លាតវៃមុតស្រួចជាងមុន។

    លោក Adam Grant បាននិយាយថា៖ «ជាធម្មតានៅក្នុងសហគមន៍ នីមួយៗយើងមើលឃើញថា នៅពេលគេឃើញមានមនុស្សណាម្នាក់ចេញពីសហគមន៍នោះ ហើយក្លាយជាមនុស្សជោគជ័យ ឬក្លាយជាមនុស្សដែលមានសមិទ្ធផលជីវិតខ្លាំងមនុស្សគ្រប់គ្នាតែងតែគិតថាគាត់ជាមនុស្សអស្ចារ្យ
    (Hero)។ អ្វីដែលនៅពីក្រោយភាពអស្ចារ្យនេះគឺសិល្បៈក្នុងការអប់រំរបស់អាណាព្យាបាល»។

    អ្នកជំនាញខាងលើបានបញ្ជាក់ថា ជាធម្មតាបើគេមើលលើមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ៗ មានសមត្ថភាពខ្លាំងនៅក្នុងពិភពលោក គេនឹងឃើញថាអ្នកខ្លាំងទាំងអស់នោះទទួលការអប់រំបានល្អទាំងក្នុងសាលា និងក្នុងគ្រួសារ។ ការឆ្លើយតបដោយវិជ្ជមានរបស់អាណាព្យាបាលក្នុងការបណ្តុះផ្នត់គំនិតល្អ ទើបជាចម្លើយយ៉ាងសំខាន់ដែលរុញច្រានឱ្យក្មេងក្លាយជាមនុស្សខ្លាំង មិនមែនដើរតាមទម្លាប់ដដែលៗនោះទេ។ អ្វីដែលអាណាព្យាបាលឆ្លាតវៃទាំងអស់នោះធ្វើ គឺបង្រៀនកូនឱ្យចេះធ្វើអ្វីថ្មីៗ ក្នុងវិធីខុសប្លែកពីទម្លាប់ពិន័យដដែលៗ ហើយពួកគេអភិវឌ្ឍសមត្ថភាពកូនដោយការលើកទឹកចិត្ត។

    ជំនួសឱ្យការពិន័យនៅពេលធ្វើខុសគេ គាត់អាចលួងលោមកូនឱ្យមើលឃើញពីហេតុ និងផលនៃសកម្មភាព បន្ទាប់មកក៏ជំរុញកូនឱ្យធ្វើអ្វីដោយផ្អែកលើភាពខ្លាំងរបស់ខ្លួន។ ពេលខ្លះគាត់អាចខុសគេបន្តិចមែនតែគាត់ខ្លាំងខុសគេ មិនមែនខុសគេដោយភាពផ្តេសផ្តាសនោះទេហេតុនេះប្រសិនបើយើងមើលឃើញពីគុណសម្បត្តិនៃសកម្មភាពរបស់កូនច្បាស់លាស់ហើយ យើងគួរជំរុញ និងចេះផ្តល់រង្វាន់។ កុំបង្រៀនមនុស្សដោយភាពឈឺចាប់ តែត្រូវចេះដាស់ស្មារតីដោយថាមពលនៃភាពរីករាយ ឱ្យកូនចេះរស់ក្នុងសេចក្តីសុខ និងការអភិវឌ្ឍ ជាជាងអំពើហិង្សា។

    អ្នកចិត្តសាស្ត្រខាងលើបានបញ្ជាក់ផងដែរថា ជំនួសឱ្យការកំណត់បន្ទាត់ឱ្យកូនដើរ យើងគួរពង្រឹងសមត្ថភាពនៃការពិចារណាឱ្យបានល្អ បង្រៀនកូនឱ្យមានភាពចាស់ទុំ និងចេះប្រើប្រាស់ហេតុផលដើម្បីដោះស្រាយបញ្ហាក្នុងការរស់នៅជាក់ស្តែង។

    នៅពេលក្មេងមានប្រភពចំណេះដឹងច្បាស់លាស់ក្នុងការវិភាគ ពិចារណាស៊ីជម្រៅ និងមានទម្លាប់រស់នៅល្អហើយ យើងនឹងមិនចាំបាច់ខ្វល់ច្រើនថាគាត់នឹងអាចប្រឈមនឹងបញ្ហា ឬធ្វើអ្វីខុសប្លែកពីទម្លាប់របស់មនុស្សទូទៅនោះទេ ព្រោះយើងដឹងច្បាស់ថាគាត់មានប្រព័ន្ធការពារមួយដ៏ល្អរួចបាត់ទៅហើយ។ ម្យ៉ាងវិញទៀត យើងដឹងច្បាស់ណាស់ថាទោះជាយ៉ាងណាក៏ដោយអាណាព្យាបាលនឹងមិនអាចលែងដៃពីកូនបាននោះទេ បើទោះបីជាដឹងថាគេមានវិធីសាស្ត្រគិតល្អហើយក៏ដោយ។ ហេតុនេះអ្វីដែលអាណាព្យាបាលអាចធ្វើបាន គឺចែករំលែកបទពិសោធ និងជួយប្រឹក្សាជាមួយកូននៅពេលពួកគេត្រូវការជំនួយ ឬសង្ស័យថាគាត់មិនទាន់អាចបែងចែកហេតុផលនៃសកម្មភាពទាំងឡាយណាដែលគ្រោះថ្នាក់ដល់ជីវិតរបស់គាត់៕

  • ចិត្តសាស្ត្រទំនាក់ទំនង បង្កើនគុណភាពជីវិតរបស់ប្រជាជនខ្មែរ

    ចិត្តសាស្ត្រទំនាក់ទំនង បង្កើនគុណភាពជីវិតរបស់ប្រជាជនខ្មែរ

    គ្មានមនុស្សណាម្នាក់អាចរស់នៅតែម្នាក់ឯងបានទេនៅលើលោកយើងនេះ ហេតុនេះមនុស្សកើតមកជាមួយនឹងទំនាក់ទំនង តាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ ទំនាក់ទំនងមានសារៈសំខាន់ណាស់ ព្រោះប្រសិនបើ​មនុស្សបង្កើតទំនាក់ទំនងល្អ វានឹងផ្តល់ផលវិជ្ជមាន​មកដល់ខ្លួនយើងយ៉ាងច្រើន ដូចជាសុភមង្គលក្នុងគ្រួសារ ភាពជោគជ័យក្នុងការងារ អាជីវកម្ម និងក្នុងសង្គម តែប្រសិនបើ​យើងមិនមានការប្រុងប្រយ័ត្ន ហើយបណ្តោយឱ្យគ្រប់ទំនាក់ទំនងកើតឡើងដោយភាពមិនល្អវិញ វានឹងអាចបំផ្លាញជីវិតរបស់យើងឱ្យជួបវិបត្តិម្តងហើយម្តងទៀតជាក់ជាមិនខាន។

    ដោយមើលឃើញពីគុណសម្បត្តិនៃការ​ទំនាក់ទំនងនេះហើយ ទើប​ក្រុមយុវជនមួយដែលមានឈ្មោះថា Daily Plus បានបង្កើត​កម្មវិធីបណ្តុះបណ្តាលមួយដែលមានឈ្មោះថា «ចិត្តសាស្រ្តទំនាក់ទំនង» ដើម្បី​ជាទុននៃការពិចារណា ក៏ដូចជាចំណេះដឹង​សម្រាប់ប្រជាជនកម្ពុជាឱ្យ​បង្កើតទំនាក់ទំនងកាន់តែល្អឡើង។

    លោក ពេជ្រ វិសាល ស្ថាបនិករបស់ Daily Plus បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ចិត្តសាស្ត្រទំនាក់ទំនង» ត្រូវបានបង្កើតឡើង​ក្នុងគោលបំណង​ផ្តល់ឱកាសឱ្យយុវជន អាចអភិវឌ្ឍ​ខ្លួនឯង​លើផ្នែកទំនាក់ទំនង​ដើម្បីឈានទៅដល់ភាពជាបុគ្គលដែលពោរពេញទៅដោយសមត្ថភាពសម្រាប់ចូលរួមចំណែកជួយដល់សង្គមរបស់យើងទាំងអស់គ្នា។

    លោក វិសាល បានលើកឡើងថា៖ «តាមរយៈសិក្ខាសាលានេះ យុវជន​នឹងមានសមត្ថភាពក្នុងការទំនាក់ទំនងតាមរយៈការទទួលយកចំណេះដឹង គន្លឹះសំខាន់ៗ និងបទពិសោធ​តាមរយៈ​គ្រូបង្វឹក​ដែលមានជំនាញ និងជោគជ័យ​ក្នុងអាជីវកម្ម»។​

    វាគ្មិនដែលបានចូលរួមក្នុងវេទិកាយ៉ាងមានសារៈសំខាន់នេះ មានដូចជាលោកឧកញ៉ា ជា ដែន អគ្គនាយក​ក្រុមហ៊ុនសម្ព័ន្ធ វ៉ា​ន់ សុភី គ្រុប លោកឧកញ៉ា តាំង ណាំស្រ៊ុន អគ្គនាយក​ក្រុមហ៊ុន ហង្សនាគ និងលោក កែវ ឡង់ឌី នាយក​អភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន Baby Outlet Cambodia៕