Tag: ចាន់ សម័យ

  • ចាន់ សម័យ បន្ថែមអាជីពថ្មីមួយទៀត បន្ទាប់ពីវិលចូលសិល្បៈវិញ

    ចាន់ សម័យ បន្ថែមអាជីពថ្មីមួយទៀត បន្ទាប់ពីវិលចូលសិល្បៈវិញ

    មួយរយៈចុងក្រោយនៃការព្យាយាមបិទបាំងជីវិតឯកជន និងរស់នៅក្នុងស្ថានភាពលំបាកអស់រយៈពេលជាង 10ឆ្នាំមក នៅពេលនេះតារាចម្រៀងប្រុស ចាន់ សម័យ ត្រូវបានសិល្បករ-សិល្បការិនីព្យាយាមស្វែងរកជំនួយសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺរបស់លោក និងទទូចឱ្យលោកវិលមកចូលសិល្បៈវិញ ដោយមានការជ្រោមជ្រែងពីសំណាក់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ និងមានការគាំទ្រពីមហាជនផងដែរ។

    ដូចប្រិយមិត្តទាំងអស់ដឹងហើយថា ម្ចាស់បទចម្រៀង «មិនស្រឡាញ់អូនមិនបាន» គឺលោក ចាន់ សម័យ ជាតារាចម្រៀង ដ៏ល្បីល្បាញបំផុតក្នុងអំឡុងឆ្នាំ2000 ហើយបទចម្រៀងដែលធ្វើឱ្យលោកល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យ និងគ្រប់បណ្ដាវ័យមិនថា ចាស់ឬក្មេង និងដែលបទចម្រៀងទាំងនោះនៅតែស្ថិតក្នុងបេះដូងទស្សនិកជនរហូតមកដល់បច្ចុប្បន្ននេះ មានដូចជា បទ (មិនស្រឡាញ់អូនមិនបាន) (មិនអាចគ្មានអូន) (ស្នេហ៍ក្រោមពន្លឺកាំជ្រួច) និងបទចម្រៀងជាច្រើនទៀត ដែលទាំង 3បទនេះ ស្ថិតនៅក្នុងផលិតកម្ម ព្រះវិហារ ដែលបានដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តភាគដ៏ល្បីល្បាញ របស់ចិនតៃវ៉ាន់គឺរឿង (F4) នៅក្នុងឆ្នាំ2001 និង2002។

    ដោយឡែកកាលពីពេលថ្មីៗនេះ លោក ចាន់ សម័យ ក្រៅពីមមាញឹកនឹងការងារសិល្បៈហើយ លោកបានបន្ថែមមុខរបរមួយទៀតដើម្បីបង្កើនចំណូលចិញ្ចឹមគ្រួសារ គឺរបរលក់សម្លៀកបំពាក់កីឡាសម្រាប់បំពេញតម្រូវការរបស់អ្នកដែលស្រឡាញ់ និងចូលចិត្តលេងកីឡានាៗ។ គួរបញ្ជាក់ដែរថា ក្រោយពីបានឃើញការខិតខំប្រឹងប្រែងរបស់លោក មហាជនបានលាន់មាត់សរសើរពីការតស៊ូមិនរាថយរបស់តារាចម្រៀង ចាន់ សម័យ ដើម្បីប្រពន្ធ និងជាពិសេសកូនៗទាំង 5នាក់របស់លោក៕

  • ចាន់ សម័យ វិលចូលសិល្បៈវិញ និងមានការជ្រោមជ្រែងឱ្យចូលផលិតកម្មធំ

    ចាន់ សម័យ វិលចូលសិល្បៈវិញ និងមានការជ្រោមជ្រែងឱ្យចូលផលិតកម្មធំ

    ក្រោយពីព្យាយាមបិទបាំងជីវិតឯកជន និងរស់នៅក្នុងស្ថានភាពលំបាកអស់រយៈពេលជាង 20ឆ្នាំមក ខណៈនេះតារាចម្រៀងប្រុស ចាន់ សម័យ ត្រូវបានសិល្បករ-សិល្បការិនីព្យាយាមស្វែងរកជំនួយសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺរបស់លោក និងទទូចឱ្យលោកវិលមកចូលសិល្បៈវិញ ដោយមានការជ្រោមជ្រែងពីសំណាក់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ និងការគាំទ្រពីមហាជនផងដែរ។

    ជាក់ស្តែង យោងតាមការរៀបរាប់ពីសាច់រឿងជីវិតដ៏កម្សត់ ម្ចាស់បទ «មិនស្រឡាញ់អូន​ មិនបាន» និងភរិយាព្រមទាំងកូនៗ គឺពិតជាជួបប្រទះនឹងបញ្ហាជាច្រើន រកព្រឹកខ្វះល្ងាច រកមួយថ្ងៃ រស់មួយថ្ងៃ ដោយសារតែលោក ចាន់ ​សម័យ ដែលជាមេគ្រួសារត្រូវទំនុកបម្រុងគ្រួសារទាំងមូលនេះបានធ្លាក់ខ្លួនមានជំងឺរបេងឆ្អឹង មិនអាចដើរបានស្រួលបួលដូចគេឯង រហូតត្រូវបង្ខំចិត្តផ្អាកពីការងារសិល្បៈ និងខិតខំស្វែងរកអាហារចិញ្ចឹមជីវិតតាមគ្រប់វិធី ដូចជាស្ទូចត្រីយកមកចិញ្ចឹមគ្រួសារ ជាដើម។

    លោកបានបញ្ជាក់តាមរយៈការសម្ភាសនៅលើបណ្ដាញសង្គមនៅពេលថ្មីៗនេះថា លោកនឹងវិលត្រឡប់ចូលសិល្បៈវិញ បន្ទាប់ពីជំងឺរបេងឆ្អឹងរបស់លោកបានធូរស្រាល តែមិនទាន់បានប៉ុន្មានផងដោយសារតែការលើកទឹកចិត្តដ៏ច្រើនពីអ្នកគាំទ្ររបស់លោក លោកបានសម្រេចចិត្តចូលរួមក្នុងកម្មវិធីសិល្បៈមួយដែលមានឈ្មោះថា «ចម្រៀងគ្រួសារខ្មែរ» ថែមទាំងបានបកស្រាយចម្រៀងចំនួន 2បទដែលស្តាប់ទៅនៅតែពីរោះមិនធម្មតាដដែល។ ក្នុងនោះអ្នកនាង កាតុ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ បានសន្យាថា នឹងជួយរកខាងផលិតកម្មឱ្យលោកបានចូលច្រៀងវិញទៀតផង។

    ជាការលើកទឹកចិត្ត សូមប្រិយមិត្តស្ដាប់ចម្រៀងរបស់លោកចាន់ សម័យទាំងអស់ខាងក្រោមនេះ៖

    https://youtu.be/cQIWsMun_cM

  • ខេមរៈ សិរីមន្ដ ឧបត្ថម្ភប្រាក់ 1ពាន់ដុល្លារ ជូនតារាចម្រៀង ចាន់ សម័យ

    ខេមរៈ សិរីមន្ដ ឧបត្ថម្ភប្រាក់ 1ពាន់ដុល្លារ ជូនតារាចម្រៀង ចាន់ សម័យ

    នៅពេលទទួលបានដំណឹងអំពីស្ថានភាពលំបាកលំបិនរបស់អតីតតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មព្រះវិហារ គឺលោក ចាន់ សម័យរួចមក គេសង្កេតឃើញថា មានតារាសម្ដែង និងតារាចម្រៀងជាច្រើនរូបបានរួបរួមថវិកាគ្នាបានមួយចំនួនជាទឹកចិត្តសប្បុរសធម៌ជួយដល់លោក ចាន់ សម័យ ដែលបច្ចុប្បន្ននេះលោកកំពុងមានជំងឺ រលាកខួរឆ្អឹងខ្នង ដែលជាមូលហេតុបណ្ដាលឱ្យលោកមិនអាចបន្ដអាជីពជាអ្នកចម្រៀងបានតទៅទៀត។

    ជាក់ស្តែងថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា គឺ​លោក ខេមរៈ សេរីមន្ត ក៏មានទឹកចិត្តអាណិតអាសូរ និងបានជួយជាទឹកប្រាក់ដើម្បីលើកទឹកចិត្តដល់បងប្រុស ចាន់ សម័យ ចំនួន1ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ តាមរយៈបងប្រុសរបស់លោក ដោយបានយកទៅប្រគល់ជូនដល់ដៃរបស់អតីតតារាចម្រៀងរូបនោះតែម្តង។ ទឹកចិត្តនេះ ពិតជាធ្វើឱ្យមហាជនជាច្រើនកោតសរសើរពីសណ្តានចិត្តដ៏ល្អរបស់លោក ខេមរៈ សេរីមន្ត  ដែលមិនដែលភ្លេច និងបោះបង់អ្នកសិល្បៈដូចគ្នាដែលជួបការលំបាក ទោះបីជាពេលនេះខ្លួនមានប្រជាប្រិយភាពខ្លាំងប៉ុនណាក៏ដោយ។

    សូមរំឭកផងដែរថា លោក ចាន់ សម័យ ដែលជាតារាចម្រៀងល្បីជំនាន់ទសវត្សរ៍ឆ្នាំ2០០០ ត្រូវបានគេបង្ហោះរូបនៅក្នុងហ្វេសប៊ុកក្នុងសភាពរស់នៅលំបាក ចិញ្ចឹមជីវិតដោយការស្ទួចត្រីចិញ្ចឹមគ្រួសារ។ លោកចាន់ សម័យ បានសម្ងំរស់នៅ ក្នុងផ្ទះជូល ជាមួយប្រពន្ធ និងកូនៗដល់ទៅ 5នាក់(ប្រុស2 ស្រី3) ស្ថិតនៅក្នុងបន្ទុកគ្រួសារ និងកំពុងសិក្សា។ លោក ចាន់ សម័យ បានប្រាប់សប្បុរសជនទាំងអស់ថា លោកនៅតែប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លាថា «យើងលំបាក គេក៏មានទុក្ខលំបាករបស់គេដូចគ្នា តារាជាច្រើនសប្បាយៗតែនៅលើឆាក ឬតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ តាមពិតពួកគេក៏មានទុក្ខដូចគ្នា  គ្រាន់តែគេមិននិយាយ យើងក៏មានទុក្ខ អ៊ីចឹងខ្ញុំមិនចង់ទៅរំខានអ្នកណាទេ»៕

  • ដេននី ក្វាន់ ប្រកាសចង់ជួប និងជួយថវិកាខ្លះដល់លោក ចាន់ សម័យ

    ដេននី ក្វាន់ ប្រកាសចង់ជួប និងជួយថវិកាខ្លះដល់លោក ចាន់ សម័យ

    ស្របពេលដែលមានការចាប់អារម្មណ៍ចំពោះជីវភាពឯកជនរបស់តារាចម្រៀង ចាន់ សម័យ បានធ្លាក់ខ្លួនក្នុងសភាពលំបាកលំបិនធ្វើឱ្យមហាជនក្ដុកក្ដួតក្នុងអារម្មណ៍ រហូតមានការអាណិតអាសូរ និងក្នុងនាមជាអ្នកសិល្បៈដូចគ្នា តារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ ក៏បានប្រកាសនៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីស្វែងរកពីអាស័យដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង ក្នុងន័យចង់ជួយថវិកា ដល់លោក ចាន់ សម័យ។

    តារាសម្ដែងស្រីស្រស់សិចស៊ី ដេននី ក្វាន់ បានលើកឡើងថា «តើមាននរណាមានលេខទូរសព្ទ័គាត់ទេ? ជួយប្រាប់ផង ព្រោះខ្ញុំចង់ជួយលុយគាត់ខ្លះ ព្រោះឃើញហើយអាណិតណាស់ ជាពិសេសខ្ញុំជា Fan របស់គាត់ តាំងពីខ្ញុំនៅក្មេងៗមកម្ល៉េះ»។ តាមរយៈនេះក៏មានមហាជនជាច្រើន បានផ្ញើសារ និងផ្តល់លេខទូរស័ព្ទរបស់លោក ចាន់ សម័យ ឲ្យដល់កញ្ញា ដេននី ក្វាន់ ដែលមានលេខ 017 557 221។

    គួរបញ្ជាក់ថា តារាចម្រៀង ដែលមានភាពល្បីល្បាញខ្លាំង កាលពីអំឡុងឆ្នាំ 2000 លោក ចាន់ សម័យ ក្រោយពីលោក បានបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមក លោកមិនត្រូវបានគេដឹងថា មានជីវភាពរស់នៅ សុខស្រួល ឬក៏លំបាកយ៉ាងណាឡើយ ស្រាប់តែពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញលោក ធ្លាក់ខ្លួនលំបាកខ្លាំង ដល់ថ្នាក់ធ្វើឱ្យលោក ដើរស្ទូចត្រីធ្វើជាម្ហូបអាហារ ដើម្បីចិញ្ចឹមជីវិតគ្រួសារប្រចាំថ្ងៃ ស្ទើរមិនគួរឱ្យជឿ៕